បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១១ ទំ. ៨-១២
  • ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្ដី​ពិត
  • ព្រះ​យេហូវ៉ា​កាន់​សច្ចៈ​ជា​និច្ច
  • ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​សេចក្ដី​ពិត
  • ចូរ​កាន់​ជាប់​នូវ​សេចក្ដី​ពិត
  • ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន«ជំនឿ​ឥត​ពុត​ត្បុត»
  • ការយកតម្រាប់តាមព្រះនៃសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើសេចក្ដីពិតនៅតែសំខាន់ទេ?
    ប្រធានបទឯទៀត
  • ចូរនិយាយការពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • និយាយសេចក្ដីពិតទៅអ្នកជិតខាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១១ ទំ. ៨-១២

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត

«ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​ពិត​អើយ! ទ្រង់​បាន​លោះ​ទូល​បង្គំ​ទុក»។—ទំនុក​ដំកើង ៣១:៥

១. តើ​មាន​ស្ថានភាព​អ្វី​នៅ​ស្ថាន​សួគ៌​ហើយ​លើ​ផែនដី ពេល​ដែល​អត់​ទាន់​មាន​សេចក្ដី​មិន​ពិត​នៅ​ឡើយ?

កាល​ដើម​ដំបូង​មាន​គ្រា​មួយ​ដែល​អត់​ធ្លាប់​មាន​សេចក្ដី​មិន​ពិត​ណា​ទាល់​តែ​សោះ។ នៅ​ឯ​ស្ថាន​សួគ៌​មាន​សត្តនិករ​វិញ្ញាណ​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍​កំពុង​តែ​បំរើ​ព្រះ​ដែល​ជា​អ្នក​បង្កើត​ពួក​គេ ហើយ​ទ្រង់​ក៏​ជា«ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុក​ដំកើង ៣១:៥) គ្រា​នោះ​អត់​មាន​ពាក្យ​មិន​ពិត ឬ​ពាក្យ​បញ្ឆោត​ណា​ឡើយ។ ព្រះ​យេហូវ៉ា​បាន​កាន់​បន្ទូល​សច្ចៈ​ចំពោះ​រាជបុត្រា​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ជា​បុគ្គល​វិញ្ញាណ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ពីព្រោះ​ទ្រង់​ស្រឡាញ់​ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​ពួក​គេ។ នៅ​លើ​ផែនដី​ក៏​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ប្រុស​និង​ស្រី​ដំបូង ហើយ​តាម​ខ្សែ​រយៈ​ដែល​ទ្រង់​បាន​រៀបចំ​នោះ ទ្រង់​បាន​មាន​បន្ទូល​ត្រង់​ៗ យ៉ាង​ច្បាស់ ហើយ​មាន​សច្ចភាព​ជា​និច្ច។ ស្ថានភាព​នោះ​ប្រាកដ​ជា​ល្អ​អស្ចារ្យ​មែន!

២. តើ​អ្នក​ណា​បាន​ពោល​ពាក្យ​មិន​ពិត​មុន​បង្អស់? ហើយ​ហេតុ​អ្វី?

២ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​បុត្រា​វិញ្ញាណ​មួយ​រូប​របស់​ព្រះ​យេហូវ៉ា​បាន​ប្រឆាំង​នឹង​ទ្រង់​ដោយ​ឥត​កោត​ក្រែង វា​បាន​រក​ផ្លូវ​លើក​ខ្លួន​ជា​ព្រះ​មួយ​រូប​ប្រជែង​ជា​មួយ​ទ្រង់។ បុគ្គល​វិញ្ញាណ​មួយ​រូប​នោះ​ប្រាថ្នា​ចង់​ឲ្យ​បុគ្គល​ឯ​ទៀត​ថ្វាយ​បង្គំ​វា ហើយ​ក្រោយ​ៗ​មក​វា​បាន​ត្រូវ​គេ​ស្គាល់​តាម​ឈ្មោះ​អារក្ស​សាតាំង។ ដើម្បី​សម្រេច​គោល​ដៅ វា​បាន​បញ្ចេញ​នូវ​សេចក្ដី​មិន​ពិត​ជា​មធ្យោបាយ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ធ្លាក់​ចុះ​ក្រោម​អំណាច​វា។ ដោយ​ធ្វើ​ដូច្នេះ វា​បាន​ក្លាយ​ជា«អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។—យ៉ូហាន ៨:៤៤

៣. តើ​អ័ដាម​និង​អេវ៉ា​បាន​ធ្វើ​អ្វី ពេល​ឮ​ពាក្យ​កុហក​របស់​សាតាំង? ហើយ​តើ​មាន​លទ្ធផល​អ្វី?

៣ តាម​រយៈ​សត្វ​ពស់​មួយ សាតាំង​បាន​ប្រាប់​ស្ត្រី​ទី​មួយ​ឈ្មោះ​អេវ៉ា​ថា បើ​នាង​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ដោយ​បរិភោគ​ផ្លែ​ដែល​ព្រះ​បាន​ហាម​ឃាត់​នោះ នាង​នឹង​មិន​ស្លាប់​ទេ។ នេះ​ជា​ពាក្យ​កុហក។ វា​បាន​ប្រាប់​នាង​ទៀត​ថា បើ​នាង​បរិភោគ​ផ្លែ​នោះ នាង​អាច​មាន​ភាព​ដូច​ព្រះ​ដែរ ពោល​គឺ ដឹង​ខុស​ដឹង​ត្រូវ។ ពាក្យ​នេះ​ក៏​ជា​ពាក្យ​កុហក​ដែរ។ ទោះ​បី​ជា​នាង​មិន​ធ្លាប់​ឮ​ពាក្យ​កុហក​ពី​មុន​ក៏​ដោយ នាង​ច្បាស់​ជា​យល់​ភ្លាម​ថា សំដី​របស់​សត្វ​ពស់​នោះ​ជា​ពាក្យ​មិន​ស្រប​តាម​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល​ទៅ​កាន់​ស្វាមី​របស់​នាង​ឈ្មោះ​អ័ដាម។ យ៉ាង​ណា​ក៏​ដោយ នាង​បាន​សម្រេច​ចិត្ត​ជឿ​តាម​សាតាំង ជា​ជាង​ជឿ​ព្រះ​យេហូវ៉ា។ នាង​បាន​ចាញ់​បោក​វា ហើយ​បាន​បេះ​ផ្លែ​ព្រម​ទាំង​បរិភោគ​មែន។ ក្រោយ​មក អ័ដាម​ក៏​បាន​បរិភោគ​ផង​ដែរ។ (លោកុប្បត្តិ ៣:១​-​៦) ដូច​នាង​អេវ៉ា​នោះ អ័ដាម​ក៏​មិន​ធ្លាប់​ឮ​ពាក្យ​កុហក​ពី​មុន​មក​ដែរ ហើយ​គាត់​ក៏​មិន​ដែល​ចាញ់​បោក​អ្នក​ណា​សោះ។ (ធីម៉ូថេ​ទី​១ ២:១៤) ការ​ប្រព្រឹត្ត​របស់​អ័ដាម​បាន​បង្ហាញ​ថា គាត់​បដិសេធ​មិន​ព្រម​ធ្វើ​តាម​អ្នក​បង្កើត​របស់​គាត់​ទេ។ ជា​លទ្ធផល មនុស្ស​លោក​បាន​រង​ទុក្ខ​ទោស​ដ៏​អាណោច​អាធ័ម​មែន។ ដោយ​សារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ័ដាម នោះ​បាប​និង​សេចក្ដី​ស្លាប់ ព្រម​ទាំង​សេចក្ដី​ពុក​រលួយ​និង​ទុក្ខ​វេទនា​យ៉ាង​ច្រើន​បាន​ឆ្លង​រាល​ដាល​ដល់​កូន​ចៅ​ទាំង​ឡាយ​របស់​គាត់។—រ៉ូម ៥:១២

៤. (ក) តើ​មាន​ពាក្យ​កុហក​ណា​ខ្លះ​ពោល​ឡើង​ក្នុង​សួន​ច្បារ​អេដែន​នោះ? (ខ) តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី​កុំ​ឲ្យ​សាតាំង​នាំ​យើង​ឲ្យ​វង្វេង​ដែរ​នោះ?

៤ ពាក្យ​មិន​ពិត​ក៏​បាន​រីក​ដុះ​ដាល​ផង​ដែរ។ យើង​ត្រូវ​ទទួល​ស្គាល់​ថា​ពាក្យ​កុហក​ទាំង​ប៉ុន្មាន​ក្នុង​សួន​ច្បារ​អេដែន​សុទ្ធ​តែ​ជា​ការ​ប្រឆាំង​ដៀមដាម​ចំពោះ​សច្ចភាព​របស់​ព្រះ​យេហូវ៉ា។ សាតាំង​បាន​អះអាង​ថា ព្រះ​បាន​បំភ័ន្ត​គូ​ស្វាមី​ភរិយា​ដំបូង​នោះ កុំ​ឲ្យ​គេ​ទទួល​អ្វី​ដ៏​ល្អ​ៗ។ តែ​អំណះអំណាង​នោះ​មិន​ជា​ការ​ពិត​ទេ។ អ័ដាម​និង​អេវ៉ា​មិន​បាន​ទទួល​ប្រយោជន៍​ពី​ការ​មិន​ស្ដាប់​បង្គាប់​ឡើយ។ ពួក​គេ​បាន​ស្លាប់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាតាំង​នៅ​តែ​បន្ត​ការ​ប្រឆាំង​របស់​វា​ដោយ​និយាយ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា រហូត​ដល់​រាប់​សតវត្ស​ក្រោយ​មក​ទៀត​សាវ័ក​យ៉ូហាន​បាន​ត្រូវ​វិញ្ញាណ​របស់​ព្រះ​បណ្ដាល​ឲ្យ​គាត់​សរសេរ​ថា សាតាំង​កំពុង​តែ«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ (វិវរណៈ ១២:៩) បើ​យើង​ចង់​ជៀស​វាង​កុំ​ឲ្យ​អារក្ស​សាតាំង​នាំ​យើង​ឲ្យ​វង្វេង​ដែរ នោះ​យើង​ត្រូវ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សច្ចភាព​នៃ​ព្រះ​យេហូវ៉ា​និង​ព្រះ​បន្ទូល​របស់​ទ្រង់។ តើ​អ្នក​អាច​បណ្ដុះ​បណ្ដាល​ព្រម​ទាំង​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​បាន​យ៉ាង​ដូច​ម្ដេច? តើ​អ្នក​អាច​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ចាញ់​បោក​ពាក្យ​កុហក​នៃ​សត្រូវ​របស់​ព្រះ​បាន​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្ដី​ពិត

៥, ៦. (ក) តើ​ព្រះ​ដំរិះ​របស់​ព្រះ​យេហូវ៉ា​មាន​ប៉ុន​ណា? (ខ) តើ​ចំណេះ​របស់​មនុស្ស​និង​ព្រះ​ដំរិះ​របស់​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា?

៥ ជា​ទៀង​ទាត់​នោះ ព្រះ​គម្ពីរ​សម្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន«បង្កើត​របស់​សព្វ​សារពើ»។ (អេភេសូរ ៣:៩) ទ្រង់​ជា«ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង»។ (កិច្ច​ការ ៤:២៤) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​នោះ ទ្រង់​ក៏​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​ផង​ដែរ។ សូម​គិត​ពី​ឧទាហរណ៍​មួយ៖ មាន​បុរស​ម្នាក់​ដែល​គូរ​ប្លង់​ផ្ទះ​របស់​គាត់​ដោយ​ខ្លួន​ឯង ហើយ​ក្រោយ​មក​សង់​ផ្ទះ​នោះ​ដោយ​ផ្ទាល់​ដៃ ទាំង​រៀប​ដាក់​ឈើ​មួយ​បន្ទះ​ម្ដង​ៗ​និង​វាយ​ដែក​គោល​និមួយ​ៗ​ដោយ​ខ្លួន​ឯង។ គាត់​ច្បាស់​ជា​ដឹង​អ្វី​ៗ​ទាំង​អស់​នៅ​ខាង​ក្នុង​ហើយ​នៅ​ខាង​ក្រៅ​ផ្ទះ​នោះ​មែន ទាំង​យល់​លំអិត​អំពី​ផ្ទះ​ខ្លួន​ជា​ជាង​អ្នក​ឯ​ទៀត​ដែល​គ្រាន់​តែ​សម្លឹង​មើល​ប៉ុណ្ណោះ។ ជា​ធម្មតា​មនុស្ស​តែង​តែ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​គេ​គ្រោង​ទុក​និង​បង្កើត​ផ្ទាល់​ខ្លួន។ ស្រដៀង​គ្នា​ដែរ ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​សព្វ​សារពើ​ទ្រង់​ជ្រាប​នូវ​អ្វី​ៗ​ទាំង​អស់ ស្តី​អំពី​អ្វី​ដែល​ទ្រង់​បាន​បង្កើត​មក។

៦ ព្យាការី​អេសាយ​បាន​រៀប​រាប់​យ៉ាង​ពីរោះ​អំពី​ទំហំ​នៃ​ព្រះ​ដំរិះ​របស់​ព្រះ​យេហូវ៉ា។ យើង​អាន​ថា៖ «តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង នឹង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ត្រាជូ? តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា ឬ​បាន​បង្រៀន​ទ្រង់​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា? តើ​ទ្រង់​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ទ្រង់ ឬ​បង្រៀន​ទ្រង់​ក្នុង​ផ្លូវ​យុត្ដិធម៌ ឬ​ឲ្យ​ទ្រង់​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ទ្រង់»។ (អេសាយ ៤០:១២​-​១៤) ព្រះ​យេហូវ៉ា​ពិត​ជា«ព្រះ​ដែល​ជ្រាប​ទាំង​អស់» ហើយ«មាន​ដំរិះ​សព្វ​គ្រប់»។ (សាំយូអែល​ទី​១ ២:៣; យ៉ូប ៣៦:៤; ៣៧:១៦) បើ​ប្រៀប​ចំណេះ​របស់​យើង​ជា​មួយ​នឹង​ព្រះ​ដំរិះ​របស់​ព្រះ នោះ​យើង​មិន​ដឹង​អ្វី​សោះ​ឡើយ! ទោះ​បើ​មនុស្សជាតិ​កំពុង​តែ​មាន​ចំណេះ​រីក​កាន់​តែ​ច្រើន​ឡើង​ៗ​អស្ចារ្យ​យ៉ាង​ណា​ក៏​ដោយ ការ​យល់​ឆ្លុះ​របស់​យើង​ស្តី​អំពី​ធម្មជាតិ គឺ​ជា​ការ​យល់​អំពី«កិច្ច​ខាង​ក្រៅ[ឬ«កិច្ច​ការ​បន្ទាប់​បន្សំ», ព.ថ.]របស់​ទ្រង់»ប៉ុណ្ណោះ។ អ្វី​ដែល​យើង​យល់​អំពី​ព្រះ គឺ​ហាក់​ដូច​ជា​យើង​ឮ​នូវ«សំឡេង​ខ្សាវ​ៗ» ជា​ជាង​ឮ«សំឡេង​លាន់»វិញ។—យ៉ូប ២៦:១៤

៧. តើ​ស្តេច​ដាវីឌ​ទទួល​ស្គាល់​អ្វី​អំពី​ព្រះ​ដំរិះ​របស់​ព្រះ​យេហូវ៉ា? ហើយ​តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​ដែរ?

៧ បើ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង យើង​ក៏​អាច​សន្និដ្ឋាន​ថា ទ្រង់​ស្គាល់​យើង​ច្បាស់​ផង​ដែរ។ ស្តេច​ដាវីឌ​បាន​ទទួល​ស្គាល់​ហេតុ​ការណ៍​ពិត​នេះ ហើយ​ទ្រង់​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូល​បង្គំ​ផង។ ទ្រង់​ជ្រាប​ការ​ដែល​ទូល​បង្គំ​អង្គុយ​ចុះ នឹង​ការ​ដែល​ទូល​បង្គំ​ក្រោក​ឡើង​ផង។ ទ្រង់​ក៏​យល់​គំនិត​របស់​ទូល​បង្គំ​ពី​ចំ​ងាយ​ដែរ។ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូល​បង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល​បង្គំ​ដែរ។ ដ្បិត ឱ​ព្រះ​យេហូវ៉ា​អើយ! ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្ដាត​ទូល​បង្គំ​នៅ​ឡើយ នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ»។ (ទំនុក​ដំកើង ១៣៩:១​-​៤) ដាវីឌ​ក៏​បាន​ទទួល​ស្គាល់​ថា មនុស្សជាតិ​មាន​ចិត្ត​សេរី ដែល​ព្រះ​ទ្រង់​បាន​ប្រគល់ដល់​យើង​ឲ្យ​មាន​សមត្ថភាព​ចេះ​សម្រេច​ចិត្ត​ថា តើ​យើង​ចង់​ស្ដាប់​តាម​បង្គាប់​ទ្រង់​ឬ​ក៏​មិន​ចង់។ (ចោទិយកថា ៣០:១៩, ២០; យ៉ូស្វេ ២៤:១៥) យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​ឯង​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទទួល​ប្រយោជន៍ ហើយ​ទ្រង់​ក៏​មាន​លទ្ធភាព​ណែនាំ​ផ្លូវ​ដែល​យើង​គួរ​ដើរ​បាន។ (យេរេមា ១០:២៣) ពិត​មែន​ហើយ គ្មាន​គ្រូ​បង្រៀន​ណា អ្នក​ជំនាញ​ណា ឬ​អ្នក​ជូន​ឱវាទ​ណា​ដែល​មាន​សមត្ថភាព​ច្រើន​ជាង​ព្រះ​ទេ ក្នុង​ការ​បង្រៀន​យើង​នូវ​សេចក្ដី​ពិត ហើយ​ក្នុង​ការ​ផ្ដល់​ឲ្យ​យើង​នូវ​ប្រាជ្ញា​និង​សុភមង្គល​នោះ។

ព្រះ​យេហូវ៉ា​កាន់​សច្ចៈ​ជា​និច្ច

៨. តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​បាន ថា​ព្រះ​យេហូវ៉ា​ទ្រង់​កាន់​សច្ចៈ?

៨ ការ​ស្គាល់​នូវ​សេចក្ដី​ពិត​គឺ​សំខាន់ តែ​ការ​និយាយ​ពិត​ជា​និច្ច ឬ​ការ​កាន់​សច្ចៈ​នោះ​ពិបាក​ជាង។ ជា​ឧទាហរណ៍ អារក្ស​បាន​សម្រេច​ចិត្ត«មិន[ចង់]នៅ​ជាប់​ក្នុង​សេចក្ដី​ពិត»ទេ។ (យ៉ូហាន ៨:៤៤) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ទ្រង់​បង្ហាញ«សេចក្ដី​ទៀង​ត្រង់[ឬ«សេចក្ដី​ពិត», ព.ថ.] ជា​បរិបូរ»។ (និក្ខមនំ ៣៤:៦) បទ​គម្ពីរ​ផ្សេង​ៗ​តែង​តែ​បញ្ជាក់​អំពី​សច្ចភាព​របស់​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា «ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ» ហើយ​ថា​ព្រះ​ទ្រង់ «មិន​ចេះ​ភូត»ឡើយ។ (ហេព្រើរ ៦:១៨; ទីតុស ១:២) សច្ចភាព​ជា​លក្ខណៈ​ដ៏​សំខាន់​មួយ​នៃ​គុណ​សម្បត្ដិ​របស់​ព្រះ។ យើង​អាច​ទុក​ចិត្ត​ហើយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​បាន ពីព្រោះ​ទ្រង់​តែង​កាន់​សច្ចៈ ក៏​មិន​ដែល​បោក​ប្រាស​ពួក​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ទ្រង់​ឡើយ។

៩. តើ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​នឹង​សេចក្ដី​ពិត​បាន​យ៉ាង​ណា?

៩ សូម្បី​តែ​ព្រះ​នាម​ផ្ទាល់​របស់​ព្រះ​យេហូវ៉ា ក៏​ស​បញ្ជាក់​ពី​សច្ចភាព​របស់​ទ្រង់​ដែរ។ ព្រះ​នាម​នៃ​ព្រះ​មាន​ន័យ​ថា «ទ្រង់​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»។ អត្ថន័យ​នេះ​ជួយ​សម្គាល់​ព្រះ​យេហូវ៉ា​ជា​បុគ្គល​មួយ​អង្គ​ដែល​ជា​អ្នក​សម្រេច​ជា​បណ្ដើរ​ៗ​នូវ​សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ទ្រង់។ គ្មាន​បុគ្គល​ណា​ទៀត​ដែល​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​ទេ។ ដោយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​អាទិទេព​នោះ គឺ​គ្មាន​អ្វី​ដែល​អាច​រា​រាំង​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​សោះ​ឡើយ។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​កាន់​សច្ចៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​តេជានុភាព​និង​ប្រាជ្ញា​ដើម្បី​ធ្វើ​ឲ្យ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់​សម្រេច​យ៉ាង​ពិត​បាន​ដែរ។

១០. (ក) តើ​យ៉ូស្វេ​បាន​ឃើញ​អ្វី ដែល​បង្ហាញ​ពី​សច្ចភាព​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​អ្នក​បាន​ឃើញ​សេចក្ដី​សន្យា​ណា​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​នោះ?

១០ លោក​យ៉ូស្វេ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ដែល​បាន​ឃើញ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ស្តី​អំពី​សច្ចភាព​របស់​ព្រះ​យេហូវ៉ា។ យ៉ូស្វេ​បាន​រស់​នៅ​ស្រុក​អេស៊ីប​ពេល​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​សាសន៍​នោះ​រង​នូវ​សេចក្ដី​វេទនា​ទាំង​ដប់​ប្រការ ដោយ​ទ្រង់​ទាយ​ប្រាប់​ពី​ព្រឹត្ដិការណ៍​និមួយ​ៗ​នោះ​ជា​មុន​ផង។ យ៉ូស្វេ​បាន​ឃើញ​នូវ​ការ​សម្រេច​នៃ​ទំនាយ​ជា​ច្រើន រួម​ទាំង​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា ទ្រង់​នឹង​រំដោះ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ពី​អេស៊ីប ហើយ​នឹង​នាំ​ផ្លូវ​គេ​ទៅ​កាន់​ស្រុក​សន្យា ទាំង​បង្ក្រាប​កង​ទ័ព​សាសន៍​កាណាន​ដែល​បាន​ត​ទល់​នឹង​ពួក​អ៊ីស្រាអែល​ផង។ ពេល​ដែល​នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យ៉ូស្វេ គាត់​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា៖ «នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ។ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក។ ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ (យ៉ូស្វេ ២៣:១៤) ទោះ​បើ​អ្នក​ផ្ទាល់​មិន​មែន​ជា​សាក្សី​ដែល​បាន​ឃើញ​អព្ភូតហេតុ​ដូច​យ៉ូស្វេ​ឃើញ​នោះ​ក៏​ដោយ តើ​អ្នក​បាន​ពិសោធ​នូវ​សច្ចភាព​នៃ​សម្បថ​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ?

ព្រះ​យេហូវ៉ា​បើក​សម្ដែង​នូវ​សេចក្ដី​ពិត

១១. តើ​មាន​ភស្តុ​តាង​អ្វី ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ប្រស្រ័យ​ទាក់​ទង​នឹង​មនុស្ស ដោយ​ប្រាប់​ពួក​គេ​នូវ​សេចក្ដី​ពិត​នោះ?

១១ សូម​ស្រមៃ​គិត​អំពី​មាតា​ឬ​បិតា​ម្នាក់​ដែល​មាន​ចំណេះ​ច្រើន តែ​គាត់​កម្រ​និយាយ​ជា​មួយ​កូន​ពី​ចំណេះ​របស់​គាត់​ណាស់។ តើ​អ្នក​មាន​កតញ្ញូ​ធម៌​ទេ ដែល​ព្រះ​យេហូវ៉ា​មិន​ធ្វើ​ដូច្នេះ? ព្រះ​យេហូវ៉ា​ទ្រង់​ប្រស្រ័យ​ទាក់​ទង​ដោយ​សេចក្ដី​ស្រឡាញ់​ជា​មួយ​មនុស្សជាតិ ហើយ​ទ្រង់​ក៏​ធ្វើ​ដូច្នេះ​ដោយ​ព្រះ​ទ័យ​សទ្ធា​ផង​ដែរ។ បទ​គម្ពីរ​ហៅ​ទ្រង់​ជា«អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម»។ (អេសាយ ៣០:២០, ព.ថ.) ដោយ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​នោះ ព្រះ​យេហូវ៉ា​ក៏​នៅ​តែ​ខំ​ទាក់​ទង​នឹង​មនុស្ស​ដែល​មិន​មាន​ចិត្ត​ចង់​ស្ដាប់​ទ្រង់​ដែរ។ ឧទាហរណ៍ លោក​អេសេគាល​បាន​ត្រូវ​ទទួល​បញ្ជា​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ជ្រាប​ជា​មុន​ថា ពួក​គេ​នឹង​មិន​ព្រម​ស្ដាប់​សោះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ទៅ ចូរ​ទៅ​ឯ​ពូជ​ពង្ស​អ៊ីស្រាអែល ហើយ​ប្រាប់​គេ​តាម​ពាក្យ​របស់​អញ​ចុះ!»។ រួច​មក ព្រះ​យេហូវ៉ា​បាន​ព្រមាន​ថា៖ «តែ​ពូជ​ពង្ស​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​តាម​ឯង​ទេ ពីព្រោះ​គេ​មិន​ព្រម​ស្ដាប់​តាម​អញ​ហើយ ដ្បិត​ពូជ​ពង្ស​អ៊ីស្រាអែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស»។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ពិបាក​មែន ប៉ុន្តែ​អេសេគាល​បាន​ធ្វើ​ការ​នោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ហើយ​ដោយ​ធ្វើ​ដូច្នេះ​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព្រះ​ទ័យ​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា។ បើ​អ្នក​កំពុង​តែ​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​កិច្ច​ការ​ផ្សាយ​របស់​អ្នក ហើយ​អ្នក​ក៏​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ នោះ​អ្នក​នឹង​អាច​មាន​ទំនុក​ចិត្ត​ថា ទ្រង់​នឹង​ពង្រឹង​កម្លាំង​របស់​អ្នក​ដូច​ទ្រង់​បាន​ជួយ​ព្យាការី​អេសេគាល​ដែរ។—អេសេគាល ៣:៤, ៧​-​៩

១២, ១៣. តើ​ព្រះ​មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស តាម​របៀប​ណា​ខ្លះ?

១២ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ «មនុស្ស​ទាំង​អស់[ឬ«គ្រប់​ប្រភេទ», ព.ថ.]បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ២:៤) ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តាម​រយៈ​ពួក​ព្យាការី ពួក​ទេវតា ហើយ​តាម​រយៈ​រាជបុត្រ​ស្ងួន​ភ្ងា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ (ហេព្រើរ ១:១, ២; ២:២) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពីឡាត់​ថា៖ «ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្ដី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ»។ លោក​ពីឡាត់​មាន​ឱកាស​ពិសេស ដើម្បី​រៀន​នូវ​សេចក្ដី​ពិត​ពី​រាជបុត្រ​នៃ​ព្រះ​ផ្ទាល់ អំពី​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា​សំរាប់​សេចក្ដី​សង្គ្រោះ។ ប៉ុន្តែ ពីឡាត់​មិន​ចង់​កាន់​សច្ចៈ​ទេ ក៏​មិន​ចង់​រៀន​ពី​ព្រះ​យេស៊ូ​ដែរ។ ផ្ទុយ​ទៅ​វិញ ពីឡាត់​បាន​តប​ឆ្លើយ​ដោយ​មាន​ឫក​មើល​ងាយ​ថា៖ «តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ?»។ (យ៉ូហាន ១៨:៣៧, ៣៨) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់! នូវ​អាកប្បកិរិយា​របស់​គាត់។ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​បាន​យល់​ព្រម​ស្ដាប់​នូវ​សេចក្ដី​ពិត​ដែល​ព្រះ​យេស៊ូ​ប្រកាស​ប្រាប់​នោះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ!»។—ម៉ាថាយ ១៣:១៦, ខ.ស.

១៣ ព្រះ​យេហូវ៉ា​បាន​រក្សា​ទុក​នូវ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​មាន​សមត្ថភាព​ទទួល​សេចក្ដី​ពិត​នោះ​បាន។ ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ហេតុ​ការណ៍​ដែល​មាន​ពិត​ប្រាកដ។ ព្រះ​គម្ពីរ​ពន្យល់​អំពី​គុណ​សម្បត្ដិ​ចំបង​របស់​ព្រះ ហើយ​អំពី​បំណង​ព្រះ​ហឫទ័យ​និង​បទ​បញ្ជា​របស់​ទ្រង់ ព្រម​ទាំង​រៀប​រាប់​អំពី​សភាព​ការណ៍​ពិត​ក្នុង​លោកីយ៍​នេះ​ផង​ដែរ។ ព្រះ​យេស៊ូ​បាន​អធិស្ឋាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ថា៖ «សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។ (យ៉ូហាន ១៧:១៧) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ជា​សៀវភៅ​មួយ​ដ៏​ល្អ​ឯក​នោះ។ មាន​តែ​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​ពី​ព្រះ​ដែល​ជ្រាប​អ្វី​ៗ​ទាំង​អស់។ (ធីម៉ូថេ​ទី​២ ៣:១៦) ព្រះ​គម្ពីរ​ជា​អំណោយ​មួយ​ដ៏​ពិសេស​ជូន​ចំពោះ​មនុស្សជាតិ ហើយ​ក៏​ជា​អំណោយ​មួយ​ដែល​រាស្ត្រ​របស់​ព្រះ​ចាត់​ទុក​ជា​រតនៈ​សម្បត្ដិ។ ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ជា​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា។

ចូរ​កាន់​ជាប់​នូវ​សេចក្ដី​ពិត

១៤. តើ​ព្រះ​យេហូវ៉ា​សន្យា​នឹង​ធ្វើ​អ្វី​ខ្លះ? ហើយ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​ជឿ​ទ្រង់​បាន?

១៤ គួរ​គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​ស្រេច​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​ផ្ទាល់ នោះ​ទ្រង់​ពិត​ជា​ដូច្នេះ​មែន ហើយ​បន្ទូល​អំពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​ខាង​មុខ​ទៀត នោះ​ក៏​នឹង​កើត​ឡើង​ជា​ពិត​ផង​ដែរ។ យើង​មាន​មូលហេតុ​ទុក​ចិត្ត​ជឿ​ទៅ​លើ​ព្រះ​មែន។ យើង​អាច​ជឿ​ជាក់​បាន ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង«សង​សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។ (ថែស្សាឡូនីច​ទី​២ ១:៨) យើង​ក៏​អាច​ទុក​ចិត្ត​ជឿ​ព្រះ​យេហូវ៉ា​បាន​ដែរ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា ទ្រង់​ស្រឡាញ់​អស់​អ្នក​ដែល​ដេញ​រក​សេចក្ដី​សុចរិត ហើយ​ថា​ទ្រង់​នឹង​ប្រទាន​ជីវិត​ជា​រៀង​រហូត​ដល់​ពួក​អ្នក​ដែល​អនុវត្ត​ជំនឿ ព្រម​ទាំង​មាន​បន្ទូល​ថា ទ្រង់​នឹង​ដក​ការ​ឈឺ​ចាប់ និង​សេចក្ដី​យំ​ទួញ​ចេញ រហូត​ដល់​គ្មាន​សេចក្ដី​ស្លាប់​ទៀត​ផង។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ខ្លាំង ថា​យើង​អាច​ទុក​ចិត្ត​ជឿ​លើ​សេចក្ដី​សន្យា​ចុង​ក្រោយ​នោះ​បាន ដោយ​ទ្រង់​បង្គាប់​សាវ័ក​យ៉ូហាន​ដូច​ត​ទៅ​ថា៖ «ចូរ​សរសេរ​ទុក​ចុះ! ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ​ហើយ​គួរ​ជឿ»។—វិវរណៈ ២១:៤, ៥; សុភាសិត ១៥:៩; យ៉ូហាន ៣:៣៦

១៥. តើ​សាតាំង​បញ្ចេញ​ពាក្យ​ភូត​កុហក​ណា​ខ្លះ?

១៥ សាតាំង​គឺ​ផ្ទុយ​ស្រឡះ​ពី​ព្រះ​យេហូវ៉ា​វិញ។ ជា​ជាង​ជួយ​បំភ្លឺ​ដល់​មនុស្សជាតិ វា​បោក​បញ្ឆោត​គេ។ ដើម្បី​បំពេញ​គោល​ដៅ​របស់​វា​ក្នុង​ការ​បំបែរ​មនុស្ស​ចេញ​ពី​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នោះ សាតាំង​តែង​បញ្ចេញ​នូវ​ពាក្យ​ភូត​កុហក​គ្រប់​បែប​យ៉ាង។ ជា​ឧទាហរណ៍ សាតាំង​ចង់​ឲ្យ​យើង​ជឿ​ថា ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​ចូល​មក​ឲ្យ​ជិត​ស្និទ្ធ​នឹង​យើង​ទេ ទាំង​ចោទ​ថា ព្រះ​ក៏​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​មនុស្សជាតិ​នៅ​លើ​ផែនដី​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក​នោះ​ដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​បង្កើត​មក ហើយ​ថា ទ្រង់​ស្អប់​នូវ​អំពើ​អាក្រក់​និង​ទុក្ខ​លំបាក​ដែល​មនុស្ស​រង​គ្រោះ។ (កិច្ច​ការ ១៧:២៤​-​៣០) សាតាំង​ក៏​ចង់​ឲ្យ​មនុស្ស​ជឿ​ថា ការ​បំពេញ​គោល​ដៅ​ខាង​វិញ្ញាណ​មិន​មាន​ប្រយោជន៍​សោះ។ ផ្ទុយ​ទៅ​វិញ បទ​គម្ពីរ​ផ្សេង​ៗ​ធានា​ថា «ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិល​គុណ ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់»។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា «ទ្រង់​ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។—ហេព្រើរ ៦:១០; ១១:៦

១៦. ហេតុ​អ្វី​បាន​ជា​ពួក​គ្រីស្ទាន​ពិត​ត្រូវ​តែ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច ហើយ​កាន់​ជាប់​នូវ​សេចក្ដី​ពិត?

១៦ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​សាតាំង​ថា៖ «ព្រះ​របស់​លោកីយ​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ»។ (កូរិនថូស​ទី​២ ៤:៤) មនុស្ស​ខ្លះ​ចាញ់​បោក​អារក្ស​សាតាំង ដូច​នាង​អេវ៉ា​បាន​ចាញ់​បោក​វា​ដែរ។ មនុស្ស​ឯ​ទៀត​ប្រព្រឹត្ត​ដូច​អ័ដាម​ដែរ គឺ​គេ​មិន​បាន​ទទួល​ការ​ចាញ់​បោក​ទេ ក៏​ប៉ុន្តែ​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​មិន​ស្ដាប់​បង្គាប់​វិញ។ (យូដាស ៥, ១១) អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​ចាំ​បាច់​ឲ្យ​ពួក​គ្រីស្ទាន​ពិត​នៅ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច ហើយ​កាន់​ជាប់​នូវ​សេចក្ដី​ពិត។

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន«ជំនឿ​ឥត​ពុត​ត្បុត»

១៧. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ព្រះ​គុណ​ពី​ព្រះ​យេហូវ៉ា?

១៧ ព្រះ​យេហូវ៉ា​តែង​តែ​កាន់​សច្ចៈ​ក្នុង​គ្រប់​ទាំង​ការ​ប្រព្រឹត្ត​របស់​ទ្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​តម្រូវ​ឲ្យ​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​កាន់​សច្ចៈ​ផង​ដែរ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​អ្នក​ណា​នឹង​នៅ​ក្នុង​រោង​ឧបោសថ[ឬ​ត្រសាល]របស់​ទ្រង់? តើ​អ្នក​ណា​នឹង​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់​បាន? គឺ​ជា​អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ ហើយ​ប្រព្រឹត្ត​សេចក្ដី​សុចរិត ព្រម​ទាំង​ពោល​សេចក្ដី​ពិត​ពី​ក្នុង​ចិត្ត​ផង»។ (ទំនុក​ដំកើង ១៥:១, ២) ពេល​ដែល​ពួក​សាសន៍​យូដា​ច្រៀង​ពាក្យ​ទាំង​នោះ ការ​ច្រៀង​អំពី​ភ្នំ​ដ៏​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា​មុខ​ជា​បាន​នាំ​ឲ្យ​ពួក​គេ​នឹក​គិត​ពី​ភ្នំ​ស៊ីយ៉ូន ជា​ទី​កន្លែង​ដែល​ស្តេច​ដាវីឌ​បាន​នាំ​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​មក​ដាក់​ក្នុង​ត្រសាល​មួយ​ដែល​ទ្រង់​បាន​ដំឡើង​នៅ​ទី​នោះ។ (សាំយូអែល​ទី​២ ៦:១២, ១៧) ទី​ភ្នំ​និង​ត្រសាល​ក្នុង​ចំរៀង​នោះ​ច្បាស់​ជា​បាន​ញ៉ាំង​ឲ្យ​ពួក​គេ​គិត​ពី​ទី​កន្លែង​ជា​អត្ថបដិរូប​ដែល​ព្រះ​យេហូវ៉ា​គង់​នៅ។ គឺ​នៅ​ទី​នោះ​ឯង​ដែល​ប្រជារាស្ត្រ​អាច​ចូល​ទៅ​ជិត​ព្រះ​ដើម្បី​អង្វរ​សុំ​ព្រះ​គុណ​ពី​ទ្រង់​បាន។

១៨. (ក) បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី? (ខ) តើ​អត្ថបទ​ជា​បន្ត​បន្ទាប់​នឹង​ពិគ្រោះ​ចំណុច​អ្វី?

១៨ មនុស្ស​ណា​ដែល​ប្រាថ្នា​ចង់​បាន​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា នោះ​គាត់​ត្រូវ​ពោល​ពាក្យ​ពិត«ពី​ក្នុង​ចិត្ត» មិន​ត្រឹម​តែ​ចេញ​ពី​មាត់​ប៉ុណ្ណោះ​ទេ។ មិត្ត​សំឡាញ់​ពិត​របស់​ព្រះ​ត្រូវ​តែ​មាន​ចិត្ត​ស្មោះ​ទៀង​ត្រង់ ក៏​ត្រូវ​តែ​បង្ហាញ​ទី​សំអាង​ថា មាន«ជំនឿ​ឥត​ពុត​ត្បុត» ដ្បិត​ការ​កាន់​សច្ចៈ​តែង​ចេញ​ពី​ចិត្ត​មក។ (ធីម៉ូថេ​ទី​១ ១:៥, ខ.ស.; ម៉ាថាយ ១២:៣៤, ៣៥) មិត្ត​សំឡាញ់​របស់​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​វៀច​វេរ​ឬ​ដោយ​បោក​ប្រាស​ឡើយ ពីព្រោះ«ព្រះ​យេហូវ៉ា ទ្រង់​ខ្ពើម​ឆ្អើម ចំពោះ​មនុស្ស​ដែល . . . បោក​ប្រាស​គេ»។ (ទំនុក​ដំកើង ៥:៦) ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ផែនដី​ខំ​ប្រឹង​បង្ហាញ​សច្ចភាព​ក្នុង​ការ​យក​តម្រាប់​តាម​ព្រះ​របស់​ខ្លួន។ អត្ថបទ​ជា​បន្ត​បន្ទាប់​នឹង​ពិនិត្យ​មើល​ចំណុច​នេះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ជ្រាប​នូវ​សេចក្ដី​ពិត អំពី​អ្វី​ៗ​ទាំង​អស់?

• តើ​មាន​ភស្តុ​តាង​អ្វី ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា ទ្រង់​កាន់​សច្ចៈ?

• តើ​ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​នូវ​សេចក្ដី​ពិត តាម​របៀប​ណា​ខ្លះ?

• ស្តី​អំពី​សេចក្ដី​ពិត​នោះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

[រូប​ភាព​នៅ​ទំព័រ​៩]

ព្រះ​នៃ​សេចក្ដី​ពិត ទ្រង់​ជ្រាប​ទាំង​អស់​ស្តី​អំពី​អ្វី​ៗ​ដែល​ទ្រង់​បាន​បង្កើត​មក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក