ពួកស្ត្រីគ្រីស្ទានសមទទួលកិត្ដិយសនិងសេចក្ដីគោរព
«រីឯពួកប្ដីក៏ដូច្នេះដែរ ត្រូវបន្តរស់នៅជាមួយប្រពន្ធដោយប្រាជ្ញា ផ្ដល់ឲ្យនាងនូវកិត្ដិយសនិងសេចក្ដីគោរពប្រៀបដូចជាគ្រឿងភាជនៈដ៏ទន់ខ្សោយ គឺជាមនុស្សស្រី»។—ពេត្រុសទី១ ៣:៧, ព.ថ.
១, ២. (ក) ការសន្ទនារបស់ព្រះយេស៊ូជាមួយស្ត្រីសាសន៍សាម៉ារីនៅក្បែរអណ្ដូងបានធ្វើឲ្យមានការខ្វល់ខ្វាយអ្វី ហើយហេតុអ្វី? (សូមមើលន័យលក្ខណៈដែរ)។ (ខ) ដោយបានផ្សាយទៅស្ត្រីសាសន៍សាម៉ារី តើព្រះយេស៊ូបានសម្ដែងយ៉ាងណា?
នៅឯអណ្ដូងពីបុរាណក្បែរក្រុងស៊ូខារ នៅវេលាថ្ងៃត្រង់ នៅចុងឆ្នាំ៣០ ស.យ. ព្រះយេស៊ូបានសម្ដែងអារម្មណ៍របស់ទ្រង់អំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះស្ត្រី។ នៅវេលាព្រឹកនោះ ទ្រង់បានធ្វើដំណើរយាងកាត់តាមភ្នំក្នុងប្រទេសសាម៉ារី ហើយទ្រង់ក៏បានមកដល់អណ្ដូងមួយ ទាំងអស់កម្លាំងផងនិងស្រេកឃ្លានផង។ កាលដែលទ្រង់បានគង់នៅក្បែរមាត់អណ្ដូងនោះ ស្ត្រីសាសន៍សាម៉ារីម្នាក់បានមកដងទឹក។ ព្រះយេស៊ូបានមានបន្ទូលទៅនាងថា៖ «សូមឲ្យខ្ញុំផឹកផង»។ ស្ត្រីនោះច្បាស់ជាបានសម្លឹងមើលទ្រង់ដោយមានចិត្តអស្ចារ្យ។ នាងបានទូលសួរថា៖ «លោកជាសាសន៍យូដា ម្ដេចឡើយក៏លោកសូមទឹកខ្ញុំពិសា ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ»? ក្រោយមក នៅពេលដែលពួកសិស្សរបស់ទ្រង់បានត្រឡប់មកពីទិញម្ហូបអាហារវិញ ពួកគេមានការភ្ញាក់ផ្អើលណាស់ ទាំងងឿងឆ្ងល់នូវហេតុអ្វីបានជាព្រះយេស៊ូ«មានបន្ទូលនឹងស្ត្រីនេះ»។—យ៉ូហាន ៤:៤-៩, ២៧
២ តើអ្វីដែលបានបណ្ដាលឲ្យស្ត្រីសួរសំនួរនេះ ហើយឲ្យពួកសិស្សមានការខ្វល់ខ្វាយនោះ? នាងជាស្ត្រីសាសន៍សាម៉ារី ហើយពួកយូដាគ្មានការទាក់ទងជាមួយនឹងពួកសាសន៍សាម៉ារីទេ។ (យ៉ូហាន ៨:៤៨) ប៉ុន្តែ ច្បាស់ជាមានមូលហេតុផ្សេងទៀតហើយចំពោះការខ្វល់ខ្វាយរបស់គេ។ នៅសម័យនោះ ទំនៀមទម្លាប់នៃពួកអាចារ្យមិនបានលើកទឹកចិត្តពួកបុរសឲ្យនិយាយជាមួយពួកស្ត្រីនៅសាធារណៈទេ។a ប៉ុន្តែ ព្រះយេស៊ូបានបង្រៀនដោយឥតលាក់លាមទៅស្ត្រីដ៏ស្មោះនេះ ហើយថែមទាំងបង្ហាញប្រាប់នាងថា ទ្រង់ជាព្រះមេស្ស៊ីផង។ (យ៉ូហាន ៤:២៥, ២៦) ដោយធ្វើយ៉ាងនេះ ព្រះយេស៊ូបានបង្ហាញថា ទ្រង់មិនបានជាប់ដោយទំនៀមទម្លាប់ដែលល្មើសនឹងព្រះគម្ពីរ រួមទាំងទំនៀមទម្លាប់ដែលបន្ថោកទាបដល់ស្ត្រីនោះទេ។ (ម៉ាកុស ៧:៩-១៣) តែផ្ទុយទៅវិញ តាមរយៈអ្វីៗដែលទ្រង់បានធ្វើនិងបង្រៀន ព្រះយេស៊ូបានបង្ហាញថា ពួកស្ត្រីគួរតែទទួលកិត្ដិយសនិងសេចក្ដីគោរព។
របៀបដែលព្រះយេស៊ូបានប្រព្រឹត្តចំពោះស្ត្រី
៣, ៤. (ក) តើព្រះយេស៊ូបានតបឆ្លើយយ៉ាងណាចំពោះស្ត្រីដែលបានប៉ះសំលៀកបំពាក់របស់ទ្រង់? (ខ) តើព្រះយេស៊ូបានធ្វើជាគំរូដ៏ល្អយ៉ាងណាចំពោះបុរសគ្រីស្ទាន ជាពិសេសចំពោះពួកអ្នកត្រួតពិនិត្យ?
៣ សេចក្ដីអាណិតអាសូររបស់ព្រះយេស៊ូចំពោះមនុស្ស ត្រូវបានបង្ហាញឲ្យឃើញតាមរបៀបដែលទ្រង់បានប្រព្រឹត្តចំពោះស្ត្រី។ នៅគ្រាមួយ ស្ត្រីម្នាក់ដែលបានរងទុក្ខនឹងជម្ងឺធ្លាក់ឈាមអស់រយៈ១២ឆ្នាំ បានស្វែងរកព្រះយេស៊ូនៅក្នុងហ្វូងមនុស្ស។ យោងទៅតាមទំនៀមទម្លាប់ ស្ថានភាពរបស់នាងធ្វើឲ្យនាងមិនស្អាត ដូច្នេះនាងមិនត្រូវនៅទីនោះទេ។ (លេវីវិន័យ ១៥:២៥-២៧) ប៉ុន្តែនាងត្រូវការជួបទ្រង់ជាខ្លាំង បានជានាងបញ្ជ្រៀតចូលទៅខាងក្រោយព្រះយេស៊ូ។ កាលដែលនាងបានប៉ះសំលៀកបំពាក់របស់ទ្រង់ នាងក៏បានជាមួយរំពេចនោះទៅ! ថ្វីបើទ្រង់កំពុងតែធ្វើដំណើរទៅផ្ទះរបស់លោកយ៉ៃរ៉ុស ដែលកូនស្រីរបស់គាត់មានជម្ងឺយ៉ាងធ្ងន់នោះ ព្រះយេស៊ូក៏បានឈប់។ ដោយជ្រាបដឹងថាឥទ្ធិពលបានចេញពីទ្រង់ទៅ ទ្រង់ក៏បានមើលជុំវិញរកបុគ្គលដែលបានប៉ះទ្រង់។ នៅទីបំផុត ស្ត្រីនោះក៏បានបញ្ចេញខ្លួនមក ហើយបង្ក្រាបខ្លួននៅពីមុខទ្រង់ទាំងញ័ររន្ធត់។ តើព្រះយេស៊ូបានស្តីបន្ទោសដល់នាងទេ ដែលនាងបាននៅក្នុងហ្វូងមនុស្ស ឬដែលបានប៉ះសំលៀកបំពាក់របស់ទ្រង់ដោយគ្មានការសុំជាមុននោះ? ជាការផ្ទុយទៅវិញ នាងបានឃើញថា ទ្រង់មានព្រះទ័យកក់ក្ដៅនិងសប្បុរសណាស់។ ទ្រង់បានមានបន្ទូលថា៖ «កូន[ស្រី, ព.ថ.]អើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ»។ នេះជាកន្លែងតែមួយគត់ដែលព្រះយេស៊ូបានហៅស្ត្រីជា«កូនស្រី»។ ពាក្យនេះច្បាស់ជាធ្វើឲ្យនាងមានការធូរចិត្តណាស់!—ម៉ាថាយ ៩:១៨-២២; ម៉ាកុស ៥:២១-៣៤
៤ ព្រះយេស៊ូទ្រង់បានទតមើលឃើញវែងឆ្ងាយជាងភាពតឹងរឹងនៃក្រិត្យវិន័យ។ ទ្រង់បានឃើញនូវន័យពិតប្រាកដ ហើយក៏បានឃើញនូវសេចក្ដីត្រូវការនៃសេចក្ដីអាណិតអាសូរនិងសេចក្ដីមេត្ដាករុណា។ (ប្រៀបធៀប ម៉ាថាយ ២៣:២៣) ព្រះយេស៊ូបានសម្គាល់ឃើញនូវកាលៈទេសៈដ៏អស់សង្ឃឹមរបស់ស្ត្រីនោះ ហើយបានយោគយល់ថានាងធ្វើឡើងដោយសារមានជំនឿ។ ដោយធ្វើយ៉ាងនេះ ទ្រង់បានធ្វើជាគំរូដ៏ល្អសំរាប់ពួកបុរសគ្រីស្ទាន ជាពិសេសសំរាប់ពួកអ្នកត្រួតពិនិត្យ។ បើសិនជាបងប្អូនស្រីគ្រីស្ទានម្នាក់កំពុងតែជួបប្រទះនឹងបញ្ហាផ្ទាល់ខ្លួន ឬជាពិសេសមានស្ថានការណ៍ដ៏ពិបាកណាមួយ ពួកអ្នកចាស់ទុំគួរតែព្យាយាមពិនិត្យមើលឲ្យវែងឆ្ងាយជាងពាក្យសំដីឬសកម្មភាពនោះ ហើយត្រូវចេះយោគយល់ដល់កាលៈទេសៈនិងហេតុដែរ។ ការចេះវែកញែកបែបនេះអាចបង្ហាញឲ្យឃើញថា សេចក្ដីអត់ធ្មត់ ការយោគយល់ និងសេចក្ដីអាណិតអាសូរ ជាសេចក្ដីដែលត្រូវការទៅវិញ ជាជាងការទូន្មាននិងការប្រដៅ។—សុភាសិត ១០:១៩; ១៦:២៣; ១៩:១១
៥. (ក) តើទំនៀមទម្លាប់នៃពួកអាចារ្យបានដាក់កំរិតដល់ស្ត្រីតាមរបៀបណាខ្លះ? (សូមមើលន័យលក្ខណៈ) (ខ) តើអ្នកណាដែលបានឃើញព្រះយេស៊ូមុនគេ ហើយបានធ្វើបន្ទាល់អំពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញនោះ?
៥ ដោយសារតែទំនៀមទម្លាប់នៃពួកអាចារ្យ ពួកស្ត្រីដែលរស់នៅក្នុងសម័យដែលព្រះយេស៊ូបានគង់នៅលើផែនដី ត្រូវបានបង្ខាំងមិនឲ្យធ្វើជាសាក្សីក្នុងតុលាការទេ។b សូមពិចារណាមើលអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងមិនយូរប៉ុន្មាន ក្រោយពីព្រះយេស៊ូត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ នៅវេលាព្រឹក ថ្ងៃទី១៦ ខែចេត្រ ឆ្នាំ ៣៣ ស.យ.។ តើអ្នកណាបានឃើញព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយបានធ្វើជាសាក្សីប្រាប់ដល់ពួកសិស្សឯទៀតថា ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយនោះ? នេះគឺជាពួកស្ត្រីដែលបានឈរនៅជិតទីធ្វើគត់ រហូតដល់ពេលទ្រង់បានអស់ព្រះជន្មទៅ។—ម៉ាថាយ ២៧:៥៥, ៥៦, ៦១
៦, ៧. (ក) តើព្រះយេស៊ូបានមានបន្ទូលប្រាប់អ្វីដល់ពួកស្ត្រីដែលបានមកឯផ្នូរ? (ខ) តើពួកសិស្សប្រុសៗរបស់ព្រះយេស៊ូបានប្រព្រឹត្តយ៉ាងណា ចំពោះការធ្វើបន្ទាល់របស់ស្ត្រី ហើយតើមានមេរៀនអ្វីអំពីរឿងនេះ?
៦ ព្រលឹមស្រាងឡើងនៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងស្ត្រីឯទៀតក៏នាំគ្នាទៅឯផ្នូរ ទាំងយកគ្រឿងក្រអូបសំរាប់ដាក់លើសពព្រះយេស៊ូជាមួយផង។ ពេលដែលបានឃើញផ្នូរនៅទទេ នាងម៉ារាក៏រត់ទៅប្រាប់ពេត្រុសនិងយ៉ូហាន។ ពួកស្ត្រីឯទៀតបានរង់ចាំនៅទីនោះ។ មិនយូរប៉ុន្មាន ទេវតាម្នាក់ក៏បានលេចចេញឡើង ហើយមានប្រសាសន៍ប្រាប់ពួកគេថា ព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញហើយ។ ទេវតានោះបានបង្គាប់ពួកគេថា៖ «រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់»។ កាលដែលពួកស្ត្រីទាំងនេះកំពុងតែប្រញាប់ប្រញាល់ទៅប្រាប់ដំណឹងនេះ ព្រះយេស៊ូក៏បានលេចចេញឡើងដល់ពួកគេ។ ទ្រង់បានមានបន្ទូលថា៖ «ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង»។ (ម៉ាថាយ ២៨:១-១០; ម៉ាកុស ១៦:១, ២; យ៉ូហាន ២០:១, ២) ដោយពុំបានដឹងអំពីការលេចឡើងនៃទេវតា ហើយដោយមានការភ័យព្រួយ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាក៏បានត្រឡប់ទៅឯផ្នូរដែលនៅទទេនោះវិញ។ ព្រះយេស៊ូបានលេចចេញឡើងដល់នាងនៅទីនោះ ហើយបន្ទាប់ពីនាងបានមើលស្គាល់ទ្រង់ហើយ ទ្រង់ក៏បានមានបន្ទូលប្រាប់ថា៖ «ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ‹ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ›»។—យ៉ូហាន ២០:១១-១៨; ប្រៀបធៀបម៉ាថាយ ២៨:៩, ១០
៧ ព្រះយេស៊ូអាចបង្ហាញអង្គទ្រង់ដល់ពេត្រុស យ៉ូហាន ឬសិស្សប្រុសណាម្នាក់ជាមុនគេក៏បាន។ ប៉ុន្តែ ទ្រង់មានព្រះទ័យចង់ឲ្យកិត្ដិយសដល់ពួកស្ត្រីទាំងនេះ ដោយឲ្យពួកគេធ្វើជាសាក្សីផ្ទាល់ភ្នែកមុនគេ អំពីដំណើរមានព្រះជន្មរស់ឡើងរបស់ទ្រង់ ហើយដោយបានបង្គាប់ពួកគេឲ្យធ្វើបន្ទាល់អំពីការនេះដល់ពួកសិស្សប្រុសៗរបស់ទ្រង់។ តើពួកបុរសទាំងនោះបានប្រព្រឹត្តយ៉ាងណាជាមុនដំបូង? ព្រះគម្ពីរបានចែងថា៖ «ពួកសាវ័កមិនបានជឿទេ ដ្បិតពាក្យសំដីរបស់ស្រីៗនោះ មើលទៅដូចជារឿងលេងសុទ្ធ»។ (លូកា ២៤:១១) ហេតុដែលពួកគេពិបាកនឹងជឿនោះ តើនេះដោយសារតែជាពាក្យសំដីរបស់ស្ត្រីឬ? បើដូច្នោះមែន នៅពេលក្រោយមក ពួកគេបានទទួលទីសំអាងជាច្រើនដែលថា ព្រះយេស៊ូត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ។ (លូកា ២៤:១៣-៤៦; កូរិនថូសទី១ ១៥:៣-៨) នៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ ពួកបុរសគ្រីស្ទានបានប្រព្រឹត្តដ៏មានប្រាជ្ញា នៅពេលដែលពួកគេយកទស្សនៈនិងយោបល់របស់ពួកស្ត្រីគ្រីស្ទានមកពិនិត្យពិច័យនោះ។—ប្រៀបធៀប លោកុប្បត្តិ ២១:១២
៨. តាមរបៀបដែលទ្រង់បានប្រព្រឹត្តចំពោះស្ត្រី តើព្រះយេស៊ូបានសម្ដែងឲ្យឃើញអ្វី?
៨ នេះពិតជាការគួរឲ្យកក់ក្ដៅចិត្តណាស់ ក្នុងការសង្កេតមើលនូវរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តចំពោះពួកស្ត្រី។ ទ្រង់មិនដែលលើកដំកើង ឬមើលងាយដល់ពួកស្ត្រីឡើយ គឺមានតែសេចក្ដីអាណិតអាសូរ និងការថ្លឹងថ្លែងក្នុងការប្រព្រឹត្តជាមួយពួកគេ។ (យ៉ូហាន ២:៣-៥) ទ្រង់បានបដិសេធចោលទំនៀមទម្លាប់នៃពួកអាចារ្យ ដែលបំបាត់ភាពថ្លៃថ្នូររបស់ពួកស្ត្រី ហើយដែលបានធ្វើឲ្យពាក្យបន្ទូលរបស់ព្រះទៅជាអាសារឥតការ។ (ប្រៀបធៀប ម៉ាថាយ ១៥:៣-៩) ដោយបានប្រព្រឹត្តចំពោះស្ត្រីដោយកិត្ដិយសនិងសេចក្ដីគោរព ព្រះយេស៊ូបានសម្ដែងឲ្យឃើញផ្ទាល់អំពីព្រះហឫទ័យរបស់ព្រះយេហូវ៉ាចំពោះរបៀបដែលត្រូវប្រព្រឹត្តចំពោះស្ត្រី។ (យ៉ូហាន ៥:១៩) ព្រះយេស៊ូក៏បានធ្វើជាគំរូដ៏អស្ចារ្យសំរាប់ឲ្យពួកបុរសគ្រីស្ទានយកត្រាប់តាម។—ពេត្រុសទី១ ២:២១
សេចក្ដីបង្រៀនរបស់ព្រះយេស៊ូអំពីស្ត្រី
៩, ១០. តើតាមរបៀបណាដែលព្រះយេស៊ូបានបដិសេធចោលទំនៀមទម្លាប់នៃពួកអាចារ្យដែលស្តីអំពីស្ត្រី ហើយតើទ្រង់បានមានបន្ទូលយ៉ាងណាក្រោយពីពួកផារីស៊ីបានសួរចោទទ្រង់អំពីការលែងលះគ្នានោះ?
៩ ព្រះយេស៊ូបានបដិសេធចោលទំនៀមទម្លាប់នៃពួកអាចារ្យ ហើយបានផ្ដល់ភាពថ្លៃថ្នូរឲ្យពួកស្ត្រី មិនត្រឹមតែដោយសកម្មភាពរបស់ទ្រង់ប៉ុណ្ណោះទេ តែដោយសេចក្ដីបង្រៀនរបស់ទ្រង់ដែរ។ ឧទាហរណ៍ សូមពិចារណាមើលនូវអ្វីដែលទ្រង់បានបង្រៀនអំពីការលែងលះគ្នានិងការផិតគ្នា។
១០ ចំពោះការលែងលះគ្នា ព្រះយេស៊ូត្រូវបានគេសួរនឹងសំនួរនេះថា៖ «តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ»? យោងទៅតាមដំណើររឿងរបស់ម៉ាកុស ព្រះយេស៊ូបានបន្ទូលថា៖ «អ្នកណាដែលនឹងលែងប្រពន្ធ[លើកលែងតែទៅលើមូលដ្ឋាននៃការសហាយស្មន់] ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ»។ (ម៉ាកុស ១០:១០-១២; ម៉ាថាយ ១៩:៣, ៩) ពាក្យដែលបានចែងមកយ៉ាងងាយស្រួលនេះបានបង្ហាញការគោរពចំពោះភាពថ្លៃថ្នូររបស់ស្ត្រី។ តើតាមរបៀបណាទៅ?
១១. ពាក្យបន្ទូលរបស់ព្រះយេស៊ូដែលថា‹លើកលែងទៅលើមូលដ្ឋាននៃការសហាយស្មន់› បង្ហាញយ៉ាងណាអំពីចំណងអាពាហ៍ពិពាហ៍?
១១ ទីមួយ ដោយពាក្យដែលថា‹លើកលែងទៅលើមូលដ្ឋាននៃការសហាយស្មន់› (នៅក្នុងគម្ពីរដំណឹងល្អរបស់ម៉ាថាយ, ព.ថ.) ព្រះយេស៊ូបានបង្ហាញថា ចំណងអាពាហ៍ពិពាហ៍មិនត្រូវចាត់ទុកជាមិនសំខាន់ ឬបំបាក់បំបែកដោយស្រួលឡើយ។ សេចក្ដីបង្រៀនទូទៅរបស់ពួកអាចារ្យអនុញ្ញាតឲ្យមានការលែងលះគ្នាទៅលើមូលដ្ឋានតូចតាចដូចជា ប្រពន្ធធ្វើខូចម្ហូបមួយចាន ឬនិយាយទៅកាន់បុរសចំឡែកណាម្នាក់។ សូម្បីតែកាលដែលប្ដីឃើញស្ត្រីណាម្នាក់មានរូបរាងស្អាតឆោមឆាយចំពោះគាត់ ក៏មានការអនុញ្ញាតឲ្យលែងលះគ្នាដែរ! វិជ្ជាករខាងព្រះគម្ពីរម្នាក់បានសង្កេតឃើញថា៖ «នៅពេលដែលព្រះយេស៊ូបានមានបន្ទូលដូចជាទ្រង់បានមានបន្ទូលមកនោះ . . . នេះជាការជួយគាំទ្រដល់ពួកស្ត្រី ដោយព្យាយាមផ្សះផ្សាអាពាហ៍ពិពាហ៍ឲ្យបានឋានៈដែលគួរតែមាន»។ ពិតមែនហើយ អាពាហ៍ពិពាហ៍គួរតែជាការរួបរួមគ្នាជាអចិន្ត្រៃយ៍ ដែលស្ត្រីអាចមានអារម្មណ៍ដ៏ទុកចិត្តបាន។—ម៉ាកុស ១០:៦-៩
១២. ដោយពាក្យដែលថា«ផិតប្រពន្ធ» តើព្រះយេស៊ូបានបង្កើតទស្សនៈអ្វី?
១២ ទីពីរ ដោយមានបន្ទូលថា«ផិតប្រពន្ធ» ព្រះយេស៊ូបាននាំឲ្យដឹងអំពីទស្សនៈមួយដែលក្រុមពួកអាចារ្យមិនបានទទួលស្គាល់—គឺជាទស្សនៈនៃប្ដីផិតប្រឆាំងនឹងប្រពន្ធខ្លួន។ អត្ថាធិប្បាយពីព្រះគម្ពីរនៃអ្នកពិពណ៌នាបានពន្យល់ថា៖ «នៅក្នុងសេចក្ដីបង្រៀននៃពួកអាចារ្យយូដា ស្ត្រីដែលអស្វាមីភក្ដិអាចផិតប្រឆាំងនឹងប្ដីនាង ហើយបុរសដែលរួមដំណេកជាមួយប្រពន្ធរបស់បុរសណាម្នាក់ទៀត អាចផិតប្រឆាំងនឹងខ្លួនគាត់។ ប៉ុន្តែបុរសមិនអាចផិតប្រឆាំងនឹងប្រពន្ធរបស់ខ្លួនបានឡើយ សូម្បីតែគាត់ធ្វើអ្វីក៏ដោយ។ ដោយព្រះយេស៊ូបានដាក់ប្ដីឲ្យនៅក្រោមកាតព្វកិច្ចខាងសីលធម៌ស្មើគ្នានឹងប្រពន្ធ ឋានៈនិងភាពថ្លៃថ្នូររបស់ស្ត្រីក៏ត្រូវបានលើកដំកើងឡើង»។
១៣. ចំពោះការលែងលះគ្នា តើព្រះយេស៊ូបានបង្ហាញយ៉ាងណាថានៅក្រោមប្រព័ន្ធរបស់គ្រីស្ទាន មានបមាណីយដូចគ្នាចំពោះបុរសនិងស្ត្រីនោះ?
១៣ ទីបី ដោយថ្លែងថា «បើស្ត្រីណាលែងប្ដី» ព្រះយេស៊ូបានទទួលស្គាល់នូវសិទ្ធិរបស់ស្ត្រីក្នុងការលែងលះប្ដីដែលមិនស្មោះត្រង់—តាមមើលទៅ នេះជាការប្រព្រឹត្តដែលគេដឹងឮ តែមិននិយមទេនៅក្រោមច្បាប់យូដានៅសម័យនោះ។c គេនិយាយថា «បុរសអាចលែងលះប្រពន្ធបាន ទោះជានាងយល់ព្រម ឬមិនយល់ព្រមក្ដី ប៉ុន្តែស្ត្រីអាចលែងលះប្ដីបាន នៅពេលណាដែលប្ដីយល់ព្រម»។ ប៉ុន្តែ យោងទៅតាមព្រះយេស៊ូ នៅក្រោមប្រព័ន្ធរបស់គ្រីស្ទានគឺមានបមាណីយដូចគ្នាចំពោះបុរសនិងស្ត្រី។
១៤. តាមរយៈសេចក្ដីបង្រៀនរបស់ទ្រង់ តើព្រះយេស៊ូបានបង្ហាញឲ្យឃើញអ្វី?
១៤ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវ ការខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់ពួកស្ត្រី។ ដូច្នេះហើយ បានជាមិនសូវពិបាកយល់ពីមូលហេតុដែលស្ត្រីខ្លះមានសេចក្ដីស្រឡាញ់បែបនេះជាខ្លាំងចំពោះព្រះយេស៊ូ ដែលគេបំពេញសេចក្ដីត្រូវការរបស់ទ្រង់ពីអ្វីៗដែលគេមាន។ (លូកា ៨:១-៣) ព្រះយេស៊ូទ្រង់បានមានបន្ទូលថា៖ «សេចក្ដីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ»។ (យ៉ូហាន ៧:១៦) តាមរយៈអ្វីៗដែលទ្រង់បានបង្រៀន ព្រះយេស៊ូបានបង្ហាញឲ្យឃើញនូវសេចក្ដីយោគយល់ដ៏ថ្នាក់ថ្នមរបស់ព្រះយេហូវ៉ាចំពោះស្ត្រី។
«ផ្ដល់ឲ្យនាងនូវកិត្ដិយស»
១៥. តើសាវ័កពេត្រុសបានសរសេរអ្វីខ្លះ អំពីរបៀបដែលប្ដីគួរតែប្រព្រឹត្តចំពោះប្រពន្ធរបស់គេនោះ ហើយយើងអាចរៀនអ្វីពីរឿងនេះ?
១៥ សាវ័កពេត្រុសបានសង្កេតឃើញផ្ទាល់ខ្លួននូវរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តចំពោះពួកស្ត្រី។ ប្រមាណ៣០ឆ្នាំក្រោយមក ប្រកបដោយសេចក្ដីស្រឡាញ់ ពេត្រុសបានឲ្យសេចក្ដីទូន្មានដល់ប្រពន្ធទាំងឡាយ រួចមកសរសេរថា៖ «រីឯពួកប្ដីក៏ដូច្នេះដែរ ត្រូវបន្តរស់នៅជាមួយប្រពន្ធដោយប្រាជ្ញា ផ្ដល់ឲ្យនាងនូវកិត្ដិយសប្រៀបដូចជាគ្រឿងភាជនៈដ៏ទន់ខ្សោយ គឺជាមនុស្សស្រី ដ្បិតអ្នកក៏ជាអ្នកទទួលមរតកដូចនាងដែរ គឺទទួលព្រះគុណនៃជីវិតដែលមិនសមនឹងទទួល ដើម្បីកុំឲ្យមានការបង្អាក់ដល់ការអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។ (ពេត្រុសទី១ ៣:៧, ព.ថ.) តើពេត្រុសចង់មានន័យយ៉ាងណា ពេលចែងថា«ផ្ដល់ឲ្យនាងនូវកិត្ដិយស»នោះ?
១៦. (ក) តើសព្ទនាមក្រិកដែលប្រែថា«កិត្ដិយស»មានន័យយ៉ាងណា? (ខ) តើព្រះយេហូវ៉ាបានផ្ដល់ឲ្យកិត្ដិយសដល់ព្រះយេស៊ូយ៉ាងណា នៅកំឡុងផ្លាស់ប្ដូររូបសណ្ឋាននោះ?
១៦ យោងទៅតាមអ្នករៀបសទ្ទានុក្រមម្នាក់ សព្ទនាមក្រិកដែលបានប្រែថា «កិត្ដិយស» (ti·meʹ) មានន័យថា «តម្លៃ កិត្ដិយស សេចក្ដីគោរព»។ សណ្ឋានផ្សេងៗនៃពាក្យក្រិកនេះត្រូវបានប្រែជា«អំណោយ»ហើយ«ដែលមានតម្លៃ»។ (កិច្ចការ ២៨:១០; ពេត្រុសទី១ ២:៧) យើងអាចយល់យ៉ាងច្បាស់អំពីអត្ថន័យនៃការផ្ដល់កិត្ដិយសដល់អ្នកណាម្នាក់ បើយើងពិនិត្យមើលពីរបៀបដែលពេត្រុសប្រើសណ្ឋាននៃពាក្យដដែលនេះនៅ ពេត្រុសទី២ ១:១៧។ នៅទីនោះ គាត់បានមានប្រសាសន៍អំពីការផ្លាស់ប្ដូររូបសណ្ឋានរបស់ព្រះយេស៊ូថា៖ «ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសម្លេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា ‹នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់›»។ នៅទីផ្លាស់ប្ដូររូបសណ្ឋានរបស់ព្រះយេស៊ូ ព្រះយេហូវ៉ាបានផ្ដល់កិត្ដិយសដល់បុត្រារបស់ទ្រង់ ដោយសម្ដែងប្រាប់ពីការគាប់ព្រះទ័យរបស់ទ្រង់ចំពោះព្រះយេស៊ូ ហើយព្រះបានធ្វើយ៉ាងនេះដោយមានអ្នកដទៃអាចឮបាន។ (ម៉ាថាយ ១៧:១-៥) ដូច្នេះ បុរសណាដែលផ្ដល់កិត្ដិយសដល់ប្រពន្ធរបស់គាត់ បុរសនោះមិនធ្វើឲ្យនាងអាម៉ាស់មុខ ឬវាយបន្ថោកនាងឡើយ។ ផ្ទុយទៅវិញ គាត់សម្ដែងឲ្យឃើញតាមរយៈពាក្យសំដីនិងសកម្មភាពរបស់គាត់—មិនថានៅជាមួយគ្នានិងនៅសាធារណៈ—ថាគាត់លើកដំកើងនាងមែន។—សុភាសិត ៣១:២៨-៣០
១៧. (ក) ហេតុអ្វីក៏ស្ត្រីគ្រីស្ទានសមទទួលកិត្ដិយស? (ខ) ហេតុអ្វីក៏បុរសមិនត្រូវមានអារម្មណ៍ថាខ្លួនមានតម្លៃជាងស្ត្រីនៅចំពោះព្រះនេត្ររបស់ព្រះ?
១៧ ពេត្រុសបានមានប្រសាសន៍ថា ពួកប្ដីគ្រីស្ទានត្រូវតែ‹ផ្ដល់ឲ្យ›កិត្ដិយសនេះដល់ប្រពន្ធរបស់គេ។ ការនេះត្រូវតែធ្វើឡើង មិនមែនជាការតបស្នងសងគុណទេ តែជារឿងដែលប្រពន្ធរបស់គេសមទទួលយ៉ាងត្រឹមត្រូវ។ ហេតុអ្វីក៏ពួកប្រពន្ធសមទទួលកិត្ដិយសបែបនេះ? ពេត្រុសពន្យល់ថា៖ «ដ្បិតអ្នកក៏ជាអ្នកទទួលមរតកដូចនាងដែរ គឺទទួលព្រះគុណនៃជីវិតដែលមិនសមនឹងទទួល»។ នៅសតវត្សទីមួយ ស.យ. ពួកបុរសនិងស្ត្រីដែលបានទទួលសំបុត្ររបស់ពេត្រុស គឺជាពួកអ្នកដែលត្រូវបានអញ្ជើញឲ្យធ្វើជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទ។ (រ៉ូម ៨:១៦, ១៧; កាឡាទី ៣:២៨) ពួកគេមិនមានភារកិច្ចដូចគ្នានៅក្នុងក្រុមជំនុំទេ ប៉ុន្តែ នៅទីបំផុត ពួកគេនឹងរួមគ្នាគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ (វិវរណៈ ២០:៦) នៅសព្វថ្ងៃនេះក៏ដូច្នេះដែរ កាលដែលប្រជារាស្ត្ររបស់ព្រះភាគច្រើនមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី ជាកំហុសដ៏ធ្ងន់ធ្ងរមួយ បើបុរសគ្រីស្ទានណាម្នាក់យល់ឃើញថា ដោយសារតែឯកសិទ្ធិដែលគាត់មាននៅក្នុងក្រុមជំនុំ គាត់មានតម្លៃច្រើនជាងស្ត្រីនៅចំពោះព្រះនេត្ររបស់ព្រះ។ (ប្រៀបធៀប លូកា ១៧:១០) បុរសនិងស្ត្រីមានឋានៈខាងវិញ្ញាណស្មើគ្នានៅចំពោះព្រះ ពីព្រោះសេចក្ដីស្លាប់ជាយញ្ញបូជារបស់ព្រះយេស៊ូ បានបើកឲ្យទាំងប្រុសទាំងស្រីមានឱកាសដូចគ្នា—គឺឱកាសរួចផុតពីការផ្ដន្ទាទោសនៃអំពើបាបនិងសេចក្ដីស្លាប់ ដោយមានសេចក្ដីសង្ឃឹមនឹងជីវិតអស់កល្បជានិច្ច។—រ៉ូម ៦:២៣
១៨. តើពេត្រុសបានឲ្យមូលហេតុដ៏រំភើបចិត្តអ្វី សំរាប់ប្ដីឲ្យផ្ដល់កិត្ដិយសដល់ប្រពន្ធរបស់គាត់?
១៨ ពេត្រុសបានឲ្យមូលហេតុដ៏រំភើបចិត្តមួយទៀត ដែលប្ដីគួរតែផ្ដល់កិត្ដិយសដល់ប្រពន្ធរបស់គាត់ «ដើម្បីកុំឲ្យមានការបង្អាក់ដល់ការអធិស្ឋានរបស់[គាត់]ឡើយ»។ ឃ្លាដែលថា«មានការបង្អាក់ដល់» ចេញមកពីកិរិយាសព្ទក្រិក (en·koʹpto) គឺមានន័យចំៗថា «បង្ខាំង»។ យោងទៅតាមវចនានុក្រមពិពណ៌នាអំពីពាក្យសញ្ញាថ្មីនៃលោកវ៉ាញ ពាក្យនេះ«ត្រូវបានប្រើចំពោះមនុស្សដែលបង្ខាំងផ្លូវ ដោយបំផ្លាញផ្លូវ ឬដោយដាក់ឧបសគ្គដ៏ស្រួចនៅលើផ្លូវ»។ ម្ល៉ោះហើយ ប្ដីណាដែលមិនបានផ្ដល់កិត្ដិយសឲ្យប្រពន្ធរបស់គាត់ អាចមានការបង្ខាំងផ្លូវនៅរវាងការអធិស្ឋានរបស់គាត់និងការស្ដាប់ឮរបស់ព្រះ។ បុរសនោះអាចមានអារម្មណ៍ថាខ្លួនមិនសមគួរទៅជិតព្រះ ឬប្រហែលជាព្រះយេហូវ៉ាមិនចង់ស្ដាប់។ ជាការច្បាស់ណាស់ ព្រះយេហូវ៉ាខ្វល់ខ្វាយជាខ្លាំងចំពោះរបៀបដែលបុរសប្រព្រឹត្តចំពោះស្ត្រី។—ប្រៀបធៀប បរិទេវ ៣:៤៤
១៩. តើតាមរបៀបណាដែលបុរសនិងស្ត្រីនៅក្នុងក្រុមជំនុំ អាចបំរើព្រះជាមួយគ្នាដោយគោរពគ្នាទៅវិញទៅមក?
១៩ កាតព្វកិច្ចក្នុងការសម្ដែងកិត្ដិយស មិនមែនស្រេចទៅលើតែប្ដីប៉ុណ្ណោះទេ។ ដោយហេតុថាប្ដីគួរតែផ្ដល់កិត្ដិយសឲ្យប្រពន្ធរបស់គាត់ ដោយប្រព្រឹត្តចំពោះនាងយ៉ាងថ្នាក់ថ្នមនិងដោយភាពថ្លៃថ្នូរ ប្រពន្ធក៏គួរតែផ្ដល់កិត្ដិយសឲ្យប្ដីរបស់នាងវិញ ដោយចុះចូលនឹងគាត់ហើយសម្ដែងសេចក្ដីគោរពដ៏ជ្រាលជ្រៅដែរ។ (ពេត្រុសទី១ ៣:១-៦) ម្យ៉ាងវិញទៀត ប៉ុលបានដាស់តឿនជនគ្រីស្ទានឲ្យ‹សម្ដែងកិត្ដិយសដល់គ្នាទៅវិញទៅមក›។ (រ៉ូម ១២:១០) នេះជាការដាស់តឿនបុរសនិងស្ត្រីទាំងឡាយនៅក្នុងក្រុមជំនុំឲ្យបំរើព្រះដោយមានការចេះគោរពគ្នាទៅវិញទៅមក។ កាលណាមានអាកប្បកិរិយាបែបនេះ ស្ត្រីគ្រីស្ទាននឹងមិននិយាយប្រឆាំងនឹងអំណាចរបស់អ្នកនាំមុខឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងជួយគាំទ្រពួកចាស់ទុំ ហើយនឹងធ្វើតាមបង្គាប់របស់គេ។ (កូរិនថូសទី១ ១៤:៣៤, ៣៥; ហេព្រើរ ១៣:១៧) ចំពោះមុខនាទីរបស់គេ ពួកអ្នកត្រួតពិនិត្យគ្រីស្ទាននឹងប្រព្រឹត្តចំពោះ«ស្ត្រីចាស់ៗទុកដូចជាម្ដាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្ដីបរិសុទ្ធសព្វគ្រប់»។ (ធីម៉ូថេទី១ ៥:១, ២) ជាការប្រកបដោយប្រាជ្ញា ដែលពួកអ្នកចាស់ទុំនឹងពិនិត្យពិច័យដល់ពាក្យសំដីរបស់បងប្អូនស្រីគ្រីស្ទានរបស់គេ។ ដូច្នេះ នៅពេលដែលបងប្អូនស្រីម្នាក់បង្ហាញការគោរពចំពោះប្រមុខភាពព្រះធិបតេយ្យ ហើយបានសួរដោយគោរព ឬបង្ហាញអ្វីមួយដែលត្រូវតែយកចិត្តទុកដាក់នោះ ពួកចាស់ទុំនឹងយកចិត្តទុកដាក់យ៉ាងរីករាយដល់សំនួររបស់នាងឬបញ្ហាណាមួយ។
២០. យោងទៅតាមព្រះគម្ពីរ តើគួរតែប្រព្រឹត្តយ៉ាងណាចំពោះស្ត្រី?
២០ តាំងតែពីបាបបានចូលមកក្នុងសួនអេដែន ពួកស្ត្រីនៅក្នុងប្រទេសជាច្រើនត្រូវបានទម្លាក់ដល់ឋានៈអកិត្ដិយស។ ប៉ុន្តែនេះមិនមែនជារបៀបប្រព្រឹត្តដែលព្រះយេហូវ៉ាបានគ្រោងទុកពីដើមនោះទេ។ ទោះបីជាវប្បធម៌ផ្សេងៗមានទស្សនៈយ៉ាងណាចំពោះស្ត្រីក្ដី ព្រះគម្ពីរភាសាហេព្រើរនិងក្រិកទាំងពីរបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ស្ត្រីដែលកោតខ្លាចព្រះត្រូវតែប្រព្រឹត្តចំពោះដោយកិត្ដិយសនិងសេចក្ដីគោរព។ នេះជាការសមទទួលដែលព្រះបានប្រទានឲ្យពួកគេ។
[កំណត់សម្គាល់]
a សព្វវចនាធិប្បាយព្រះគម្ពីរនៃបមាណីយអន្តរជាតិពន្យល់ថា៖ «ស្ត្រីមិនត្រូវបរិភោគអាហារជាមួយភ្ញៀវប្រុសឡើយ ហើយពួកប្រុសៗត្រូវបានលើកទឹកចិត្តកុំឲ្យនិយាយជាមួយស្ត្រី។ . . . ការធ្វើសន្ទនាជាមួយស្ត្រីនៅទីសាធារណៈជាការអាស្រូវជាខ្លាំង»។ សៀវភៅយូដាឈ្មោះម៉ីសណាដែលជាសេចក្ដីបង្រៀននៃពួកអាចារ្យ បានទូន្មានថា៖ «កុំឲ្យនិយាយច្រើនជាមួយពួកស្ត្រីឡើយ។ . . . អ្នកណាដែលនិយាយច្រើនជាមួយពួកស្ត្រី អ្នកនោះនឹងនាំមកលើខ្លួនគាត់នូវសេចក្ដីអាក្រក់ ហើយធ្វេសប្រហែសនឹងការសិក្សាក្រិត្យវិន័យ ហើយនៅទីបំផុត អ្នកនោះនឹងទទួលហ្គេហេណាជាមរដក»។—Aboth ១:៥
b សៀវភៅឈ្មោះប៉ាឡេស្ទីននៅក្នុងសម័យព្រះគ្រីស្ទ បានចែងថា៖ «នៅក្នុងករណីខ្លះ ស្ត្រីត្រូវបានដាក់ឲ្យមានឋានៈស្មើនឹងបាវបំរើ។ ឧទាហរណ៍ នាងមិនអាចធ្វើជាសាក្សីនៅក្នុងតុលាការបានទេ លើកលែងតែប្រាប់អំពីសេចក្ដីស្លាប់របស់ប្ដីនាង»។ ក្នុងការសំដៅទៅលេវីវិន័យ ៥:១ សៀវភៅម៉ីសណាពន្យល់ថា៖ «[ច្បាប់ស្តីអំពី] ‹ពាក្យស្បថនៃការធ្វើសាក្សី› គឺសំរាប់តែបុរស មិនមែនសំរាប់ស្ត្រីទេ»។—Shebuoth ៤:១
c ចូស៊ីហ្វឹស ជាអ្នកប្រវត្ដិសាស្ត្រម្នាក់នៅសតវត្សទីមួយ បានរាយការណ៍ថា សាឡូមេជាប្អូនស្រីរបស់ស្តេចហេរ៉ូឌបានផ្ញើទៅប្ដីរបស់នាង«សំបុត្រលែងគ្នាមួយ ដែលមិនសមស្របទៅតាមច្បាប់យូដា។ ដ្បិតយើងអនុញ្ញាត(តែ)បុរសឲ្យធ្វើយ៉ាងនេះបាន»។—វត្ថុបុរាណរបស់យូដា, ១៥, ២៥៩ [៧, ១០]
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើឧទាហរណ៍ណាខ្លះដែលបង្ហាញថា ព្រះយេស៊ូបានប្រព្រឹត្តទៅលើពួកស្ត្រីដោយថ្លៃថ្នូរនិងដោយសេចក្ដីគោរពនោះ?
◻ តើតាមរបៀបណាដែលសេចក្ដីបង្រៀនរបស់ព្រះយេស៊ូបានបង្ហាញការគោរពចំពោះភាពថ្លៃថ្នូរនៃពួកស្ត្រី?
◻ ហេតុអ្វីក៏ប្ដីត្រូវតែផ្ដល់ឲ្យសេចក្ដីគោរពដល់ប្រពន្ធគ្រីស្ទានរបស់គាត់?
◻ តើអ្វីជាកាតព្វកិច្ចនៃការបង្ហាញសេចក្ដីគោរពដែលជនគ្រីស្ទានទាំងអស់ត្រូវមាន?
[រូបភាពនៅទំព័រ២៩]
ពួកស្ត្រីដែលកោតខ្លាចព្រះមានសេចក្ដីរីករាយណាស់ ដែលពួកគេបានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយទ្រង់បានចាត់ឲ្យគេធ្វើបន្ទាល់ទៅពួកបងប្អូនរបស់ទ្រង់