ផ្លូវធំទូលាយដែលមានសេរីភាពដ៏តិចតួច
ក្រុមគ្រួសារដែលមានមនុស្សបីនាក់គឺ—ឪពុក ម្ដាយនិងកូនស្រីតូចមួយ ពីទីក្រុងស៊ីដនីយនៃប្រទេសអូស្ដ្រាលី—បាននៅក្នុងផ្ទះ នៅពេលដែលភ្លើងបានឆេះផ្ទះរបស់គេ។ ពួកគេបានខំព្យាយាមលោតចេញតាមបង្អួច ប៉ុន្តែបង្អួចទាំងនោះមានចម្រឹងដែកទាំងអស់។ ដោយសារតែចម្រឹងដែកការពារនោះ ពួកអ្នកលត់ភ្លើងមិនអាចជួយសង្គ្រោះជីវិតពួកគេបានទេ។ ឪពុកនិងម្ដាយត្រូវបានស្លាប់ទៅក្នុងផ្សែងភ្លើង។ ចំណែកកូនស្រីវិញ នាងបានស្លាប់ក្រោយមកនៅក្នុងមន្ទីរពេទ្យ។
ជាការគួរឲ្យស្ដាយណាស់ ដែលគ្រួសារនេះត្រូវបានស្លាប់ដោយសារតែការដាក់ចម្រឹងដែក ដែលត្រូវការពារជីវិតរបស់គេនោះ! នេះជាការគួរឲ្យកត់សម្គាល់ទៅលើសម័យយើង ដែលថា មិនមែនមានតែគ្រួសារនេះទេ ដែលការពារផ្ទះរបស់ខ្លួនដោយដាក់ចម្រឹងដែកនិងគន្លឹះបង្ការគ្រោះថ្នាក់នោះ។ អ្នកជិតខាងជាច្រើនទៀតក៏មានផ្ទះ ទ្រព្យសម្បត្ដិ ដូចជាបន្ទាយអញ្ចឹង។ ហេតុអ្វី? ពីព្រោះពួកគេខំស្វែងរកសន្ដិសុខ និងសេចក្ដីស្ងប់ស្ងៀម។ នេះជាការគួរឲ្យស្ដាយណាស់ ចំពោះសង្គម«សេរី» នៅពេលដែលមនុស្សអាចមានសន្ដិសុខ លុះត្រាតែពួកគេនៅក្នុងទ្រុង ដូចជាមនុស្សជាប់គុកនៅក្នុងផ្ទះរបស់គេ! នៅក្នុងតំបន់ជាច្រើន កូនក្មេងពុំអាចលេងដោយសន្ដិសុខនៅក្នុងសួនជិតៗ ឬដើរទៅសាលារៀនដោយគ្មានឪពុកម្ដាយ ឬមនុស្សធំនាំទៅជាមួយបានទេ។
ទំនងនៃជីវិតត្រូវបានផ្លាស់ប្ដូរ
នៅសម័យជីដូនជីតារបស់យើងមិនដូចនឹងសម័យយើងនេះទេ។ នៅសម័យនោះ ក្មេងអាចលេងបាននៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាចពីអ្វីឡើយ។ ពួកគេមានសេរីភាព គឺសេរីភាពខ្លះមែន។ ប៉ុន្តែ ជីដូនជីតារបស់យើងបានឃើញអស់ហើយ នូវការផ្លាស់ប្ដូរចិត្តគំនិតនៃសង្គមក្នុងជីវិតរបស់ពួកគេ។ សង្គមនេះបានក្លាយទៅជាសង្គមដែលគ្មានសេចក្ដីមេត្ដា ហើយកាន់តែប្រកបដោយអត្តទត្ថភាព។ ហើយមានកន្លែងជាច្រើនដែលសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងប្រែទៅជាសេចក្ដីខ្លាចទៅវិញ ដែលប្រកបទៅដោយព្រឹត្ដិការណ៍មិនល្អជាច្រើនកើតមានឡើង ដូចជាបានថ្លែងមកនៅខាងលើ។ ជាមួយនឹងការខ្វះខាតខាងសេរីភាព នេះបានធ្វើឲ្យបមាណីយខាងសីលធម៌មានការចុះអប់ឱនជាលំដាប់។ សង្គមបានឈ្លក់នឹង«សីលធម៌ថ្មី» ប៉ុន្តែតាមការពិត ស្ថានការណ៍បានមកដល់កំរិតដែលជាការពិបាកណាស់ ក្នុងការមើលឃើញសីលធម៌។
អតីតគ្រូបង្រៀនម្នាក់នៅសកលវិទ្យាល័យនៃរដ្ឋឃ្វិនស្លែន គឺវេជ្ជបណ្ឌិតឈ្មោះ រូភើត ហ្គុតម៉ែន សរសេរថា៖ «ក្មេងនៅឥឡូវនេះកំពុងតែឃើញនូវអ្វី ដែលខុសប្លែកពីមុន ដូចជាតម្រេកនិយម . . . រស់នៅតាមជីវភាពដែលទុក‹ខ្លួនឯង›ជាមុន ចូលចិត្តផ្ដេកផ្ដួលទៅតាមចិត្តខ្លួន គិតតែចំពោះខ្លួន បំពេញតាមតែចិត្តខ្លួន យកចិត្តទុកដាក់តែចំពោះខ្លួន»។ លោកមានប្រសាសន៍ទៀតថា៖ «បមាណីយនៃចរិយាដូចជា ការចេះទប់ចិត្តខ្លួន ការលះបង់ខ្លួន ការសំច័យ ការគោរពចំពោះអាជ្ញាធរ ការស្រឡាញ់និងគោរពមាតាបិតា . . . មនុស្សភាគច្រើនគឺមិនស្គាល់ទេ»។
នេះជាផ្លូវធំទូលាយពិតមែន
ចំពោះអស់អ្នកដែលបានដឹងទំនាយនៃព្រះគម្ពីរ នោះគ្មានការឲ្យភ្ញាក់ផ្អើលទេ នៅពេលដែលគេឃើញមនុស្សដែលគិតតែប្រយោជន៍ខ្លួនឯងមានជាច្រើនឡើងដូច្នេះ ពីព្រោះព្រះយេស៊ូគ្រីស្ទបានព្រមានអ្នកស្ដាប់ទ្រង់ថា៖ «ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) ផ្លូវទីមួយ គឺ«ធំ»ទូលាយដែលមានមនុស្សដើរជាច្រើន ពីព្រោះផ្លូវនេះពុំបានដាក់ព្រំដែនពីព្រះគម្ពីរក្នុងការណែនាំខាងសីលធម៌ និងជីវភាពប្រចាំថ្ងៃទេ។ ផ្លូវនេះទាក់ទាញចិត្តអស់អ្នកណាដែលសប្បាយក្នុងការសម្រេចចិត្តដោយខ្លួនឯង និងរស់នៅតាមចិត្តរបស់គេ ដោយគ្មានច្បាប់ឬកិច្ចសន្យាចំពោះអ្វីឡើយ។
មែនហើយ មនុស្សជាច្រើនដែលរើសយកផ្លូវធំទូលាយនេះ គេប្រហែលជាអះអាងថា គេសប្បាយណាស់ក្នុងការមានសេរីភាពរបស់គេ។ ប៉ុន្តែ ជាភាគច្រើន ពួកគេមានអាកប្បកិរិយាដែលជំរុញដោយវិញ្ញាណអាត្មានិយម។ ព្រះគម្ពីរចែងថា ពួកគេមានការណែនាំដោយ«វិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស»។ វិញ្ញាណនេះដឹកនាំពួកគេឲ្យរស់នៅ«តាមសេចក្ដីប៉ងប្រាថ្នា . . . របស់សាច់ឈាម ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម» មិនថាអំពើអសីលធម៌ ប្រើគ្រឿងញៀន ឬការស្វែងរកទ្រព្យដោយគ្មានមេត្ដា កិត្យានុភាព ឬក៏អំណាចក្ដី។—អេភេសូរ ២:២, ៣
ផ្លូវធំទូលាយនាំទៅឯសេចក្ដីហិនវិនាស
សូមកត់សម្គាល់ថា អស់អ្នកដែលដើរតាមផ្លូវធំទូលាយ នោះត្រូវបានជំរុញឲ្យប្រព្រឹត្ត«តាមសេចក្ដីដែលសាច់ឈាម»។ ការនេះបង្ហាញឲ្យឃើញថា ពួកគេគ្មានសេរីភាពទេ—ពួកគេមានចៅហ្វាយ។ ពួកគេជាអ្នកបំរើខាងសាច់ឈាម។ ការបំរើចៅហ្វាយនេះអាចនាំទៅឲ្យមានបញ្ហាជាច្រើន—ការឆ្លងរោគដោយរួមដំណេក ការបែកបាក់ក្រុមគ្រួសារ ការឈឺចាប់ដល់រូបរាងកាយនិងសតិ ដែលបានមកពីការប្រើគ្រឿងញៀន និងស្រាជ្រុល ហើយនេះគ្រាន់តែរៀបរាប់បញ្ហាខ្លះប៉ុណ្ណោះ។ សូម្បីតែការប្រព្រឹត្តឃោរឃៅ ការលបចូលលួច និងការចាប់រំលោភ ទាំងនេះគឺមកពីការគិតតែខ្លួនឯង ដែលបណ្ដាលកើតមានឡើងនៅតាមផ្លូវធំទូលាយនេះ។ ហើយកាលដែល«ផ្លូវធំទូលាយដែលនាំទៅឯសេចក្ដីហិនវិនាស»នៅមានបន្តទៅទៀត នោះផលផ្លែរបស់វានឹងមានការឈឺចាប់រឹតតែច្រើនឡើង។—សុភាសិត ១:២២, ២៣; កាឡាទី ៥:១៩-២១; ៦:៧
ចូរឲ្យយើងពិចារណានៅឧទាហរណ៍ពីរដែលមកពីប្រទេសអូស្ដ្រាលី។ នាងម៉ារាបានចុះចូលទៅតាមការប៉ុនប៉ងចិត្តរបស់នាង ដោយប្រើគ្រឿងញៀនជ្រុល ព្រមទាំងប្រព្រឹត្តអំពើអសីលធម៌ផង។a ប៉ុន្តែ សុភមង្គលដែលនាងស្វែងរកនោះ បែរជាគេចពីនាងទៅវិញ។ សូម្បីតែក្រោយពីនាងមានកូនពីរហើយក្ដី ក៏នាងនៅតែមានអារម្មណ៍ថាជីវិតរបស់នាងគ្មានអ្វីសោះ។ នាងបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងថា ខ្លួននាងមានរោគអេដស៍។
ថុមបានឈឺចាប់ក្នុងភាពផ្សេងពីនេះ។ គាត់បានសរសេរថា៖ «ខ្ញុំបានមានវ័យធំឡើងដោយការចិញ្ចឹមរបស់ព្រះវិហារនៅទិសខាងជើងនៃរដ្ឋឃ្វិនស្លែន។ នៅពេលខ្ញុំមានអាយុ១៦ឆ្នាំ ខ្ញុំបានចាប់ធ្លាក់ខ្លួនផឹកស្រាយ៉ាងច្រើន។ ឪពុកខ្ញុំ ឪពុកមា និងមិត្តសំឡាញ់ទាំងប៉ុន្មានសុទ្ធតែជាអ្នកផឹកស្រាច្រើន ដូច្នេះ ការផឹកស្រា ជាការធម្មតាទេចំពោះខ្ញុំ។ ខ្ញុំបានធ្លាក់ទៅដល់ដំណាក់ ដែលរបស់អ្វីក៏ខ្ញុំផឹកដែរ ពីប៊ីយ៉ែររហូតដល់ផឹកវត្ថុលាងដែលមានជាតិសុរា។ ខ្ញុំក៏បានចាប់ផ្ដើមលេងល្បែងភ្នាល់សេះ ហើយពេលខ្លះខ្ញុំចាញ់អស់ប្រាក់ដែលបានមកពីខំធ្វើការ។ ប្រាក់ដែលបាត់បង់ទៅនោះ មិនតិចទេ ព្រោះខ្ញុំធ្វើការកាត់ដើមអំពៅ បានប្រាក់ខែច្រើនណាស់។
«ក្រោយមកខ្ញុំក៏បានរៀបការ ហើយមានកូនដែរ។ ផ្ទុយពីការទទួលភារៈមើលការខុសត្រូវ ខ្ញុំបានប្រព្រឹត្តទៅតាមមិត្តរបស់ខ្ញុំ—គឺស៊ីផឹក លេងល្បែង និងការវាយតប់គ្នា។ ខ្ញុំបានជាប់គុកជាញឹកញាប់។ ប៉ុន្តែ រឿងទាំងអស់នេះគ្មានឥទ្ធិពលទៅលើខ្ញុំទេ។ ជីវិតរបស់ខ្ញុំបានធ្លាក់ចុះយ៉ាងដុនដាប ហើយមានរឿងស្មុគស្មាញជាច្រើន»។
ពិតណាស់ ដោយប្រព្រឹត្តតាមសេចក្ដីប្រាថ្នាខាងផ្លូវខុស ដូចជាថុម និងនាងម៉ារា មិនមែនគ្រាន់តែធ្វើឲ្យមានការឈឺចាប់ដល់ខ្លួនគេទេ ប៉ុន្តែ បង្កើតឲ្យមានការឈឺចាប់ដល់ក្រុមគ្រួសាររបស់គេទៀត។ គួរឲ្យស្ដាយណាស់ ដែលពួកក្មេងជាច្រើនទោរទន់ទៅរកការល្បួងនៃសេរីភាព ដែលបានផ្ដល់មកនៅលើផ្លូវធំទូលាយ។ បើសិនជាពួកក្មេងអាចមើលធ្លុះអាការក្រៅនៃសេរីភាពនេះ នោះល្អណាស់។ បើសិនជាគេអាចមើលឃើញភាពពិតនៃផ្លូវធំទូលាយ—ផលវិបាកយ៉ាងអាក្រក់ដែលអស់អ្នកដើរលើផ្លូវនេះត្រូវទទួលនៅពេលចុងក្រោយនោះ។ ពិតណាស់ ផ្លូវនេះវាធំទូលាយ ហើយវាស្រួលដើរមែន។ ប៉ុន្តែ ភាពទូលាយរបស់ផ្លូវនេះ គឺជាសេចក្ដីទុក្ខវេទនាទៅវិញ។ ដំណើរដោយមានប្រាជ្ញា គឺយើងត្រូវជឿជាក់ក្នុងចិត្តនូវហេតុការណ៍ពិតដែលមិនអាចបដិសេធបាន ដែលថា៖ «អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង»។—កាឡាទី ៦:៨
ប៉ុន្តែ នៅមានជម្រើសល្អមួយទៀត។ នេះជាផ្លូវតូចចង្អៀត។ ប៉ុន្តែ តើផ្លូវនេះបានដាក់ព្រំដែន និងតូចហើយចង្អៀតយ៉ាងណាទៅ? តើផ្លូវនេះនាំទៅទីណា?
[កំណត់សម្គាល់]
a ឈ្មោះត្រូវបានផ្លាស់។