ផ្លូវចង្អៀតដែលនាំទៅសេរីភាព
មានអ្នកប្រាជ្ញតិចណាស់ដែលជំទាស់ថា សកលលោកគឺកាន់កាប់ទៅដោយច្បាប់ធម្មជាតិនោះ។ ច្បាប់ទាំងនេះគឺមានទៅលើរបស់ទាំងអស់ ពីបរមាណូដ៏តូច ទៅដល់តារាវលីដ៏ធំអស្ចារ្យទាំងឡាយ ដែលមានតារារាប់ពាន់លាន។ បើសិនជាឥតមានច្បាប់ធម្មជាតិនោះទេ ច្បាស់ជាគ្មានគម្រោងការ ហើយក៏គ្មានការយល់ដឹងដែរ។ សូម្បីតែជីវិតរស់នៅរបស់យើងក៏ពុំមានដែរ។ ដោយយល់ដឹងអំពីច្បាប់ធម្មជាតិ ហើយធ្វើសហប្រតិបត្ដិការនោះ មនុស្សមានសមត្ថភាពសម្រេចស្នាដៃដ៏អស្ចារ្យ ដូចជាដើរលើស្ថានព្រះចន្ទ ហើយអាចបញ្ជូនរូបភាពមានពណ៌មកពីទីណាក៏បាននៅលើផែនដី ឬក៏ពីក្រៅបរិយាកាសផែនដី ទៅដល់ទូរទស្សន៍តាមផ្ទះរបស់យើង។
ប៉ុន្តែចំពោះច្បាប់សីលធម៌វិញ តើយ៉ាងណាដែរ? តើការប្រព្រឹត្តតាមច្បាប់បែបនេះ នឹងមានផលប្រយោជន៍ល្អឬទេ? មនុស្សជាច្រើនដូចជាគិតថា គឺឥតមានច្បាប់សីលធម៌ណាទេ ហើយក៏ជ្រើសរើសយកទស្សនវិជ្ជាដែលទូលំទូលាយ ឬក៏សាសនាណាដែលសមស្របនឹងចំណង់របស់គេ។
ថ្វីបើយ៉ាងណាក្ដី មានមនុស្សខ្លះបានជ្រើសយកផ្លូវផ្សេងទៀត គឺ‹ផ្លូវចង្អៀតដែលនាំទៅជីវិត› ដែលបានចែងមកនៅក្នុងព្រះគម្ពីរ។ យើងមិនគួរមានការភ្ញាក់ផ្អើលទេដែលថា មានតែមនុស្សភាគតិចជ្រើសរើសយកផ្លូវនេះ ដ្បិតព្រះយេស៊ូបានមានបន្ទូលអំពីផ្លូវចង្អៀតនេះថា៖ «មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៤) ហេតុអ្វីក៏មានមនុស្សតិចយ៉ាងដូច្នេះ?
ពីព្រោះផ្លូវចង្អៀតត្រូវបានដាក់ព្រំដែនដោយក្រិត្យវិន័យនិងគោលការណ៍របស់ព្រះ។ មានតែអ្នកណាដែលចង់អនុលោមជីវិតរបស់ខ្លួនដ៏ស្មោះចំពោះបមាណីយរបស់ព្រះទេ ដែលនឹងមានការចូលចិត្តនឹងផ្លូវនេះ។ ជាការផ្ទុយស្រឡះនឹងផ្លូវធំទូលាយ ដែលផ្ដល់នូវសេរីភាពភាន់ច្រឡំ ដែលតាមការពិតនៅក្រោមអំណាចនោះទៅវិញ។ តែចំពោះផ្លូវចង្អៀតដែលដូចជាមានព្រំដែននោះ អាចធ្វើឲ្យបុគ្គលម្នាក់មានសេរីភាពក្នុងរឿងសំខាន់ទាំងអស់។ ព្រំដែនរបស់ផ្លូវនេះ គឺស្ថាបនាឡើងដោយ«ក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព»។—យ៉ាកុប ១:២៥
របៀបដែលផ្លូវចង្អៀតនាំទៅសេរីភាព
ពិតមែនហើយ មិនមែនតែងតែស្រួលទេ ក្នុងការនៅតាមផ្លូវចង្អៀតនោះ។ មនុស្សគ្រប់ៗគ្នាជាមនុស្សមានខ្ចោះ ហើយមានការទទូចពីកំណើតចង់ធ្វើអាក្រក់ជានិច្ច។ ដូច្នេះហើយ បុគ្គលម្នាក់ៗតែងតែប្រហែលជាចង់ឃ្លាតចេញពីផ្លូវនេះបន្ដិច។ យ៉ាងណាក៏ដោយ ផលប្រយោជន៍ពីការប្រកាន់ខ្ជាប់នឹង‹ផ្លូវចង្អៀតនេះ› គឺសមនឹងត្រូវអប់រំខ្លួន ឬក៏ការកែសម្រួល ដ្បិត‹ព្រះបង្រៀនឲ្យឯងបានទទួលប្រយោជន៍›។—អេសាយ ៤៨:១៧; រ៉ូម ៣:២៣
ជាឧទាហរណ៍៖ ឪពុកម្ដាយដែលមានប្រាជ្ញាបានរៀបចំឲ្យកូនតមអាហារអ្វីមួយ។ នេះមានន័យថា ជួនកាលត្រូវតែឲ្យមានការរឹងប៊ឹងនៅពេលបរិភោគអាហារ។ ប៉ុន្តែនៅពេលក្មេងបានធំឡើង ពួកគេនឹងមានអំណរគុណដល់ការប្រៀនប្រដៅនៃឪពុកម្ដាយរបស់គេ។ ជាមនុស្សពេញវ័យ គេបានលូតលាស់នូវចំណង់ចំពោះអាហារដែលបណ្ដាលឲ្យមានសុខភាពល្អ។ ហើយដោយសារមានម្ហូបអាហារជាច្រើនដែលអាចធ្វើឲ្យរូបកាយធំធាត់នោះ ពួកគេពុំដែលមានអារម្មណ៍ថា មានព្រំដែនជាច្រើននោះទេ។
តាមផ្លូវខាងវិញ្ញាណ ព្រះក៏ធ្វើបែបនេះដែរចំពោះពួកអ្នកដែលនៅតាមផ្លូវចង្អៀតដែលនាំទៅឯជីវិតនោះ។ ទ្រង់ថែទាំអ្នកដែលសុភាពឲ្យមានចំណង់ដែលនាំទៅឯសុភមង្គល និងសេរីភាពដ៏ពិត។ ទ្រង់ធ្វើបែបនេះដោយផ្ដល់នូវបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ ម្យ៉ាងវិញទៀត ទ្រង់អញ្ជើញយើងឲ្យអធិស្ថានសុំព្រះវិញ្ញាណពីទ្រង់ដើម្បីឲ្យជួយយើង ហើយទ្រង់បញ្ជាឲ្យយើងចូលរួមជាមួយជនគ្រីស្ទានគ្នីគ្នា ដែលអាចជួយលើកទឹកចិត្តយើងឲ្យខំព្យាយាមបន្តទៅទៀតតាមផ្លូវចង្អៀតនេះ។ (ហេព្រើរ ១០:២៤, ២៥) ត្រូវហើយ ព្រះជាសេចក្ដីស្រឡាញ់ ហើយគុណសម្បត្ដិដ៏ខ្ពង់ខ្ពស់នេះគាំទ្រគោលដៅនិងវិធីរបស់ទ្រង់ទាំងអស់។—យ៉ូហានទី១ ៤:៨
នៅពេលសេចក្ដីស្រឡាញ់ មេត្រីភាព ចិត្តសន្ដោសមេត្ដា ការដឹងខ្នាត ហើយនិងផលផ្លែនៃព្រះវិញ្ញាណដទៃទៀតក៏មានដែរ ហើយផ្លូវចង្អៀតនេះ នឹងដូចជាមិនសូវមានដាក់ព្រំដែនច្រើនប៉ុន្មានទេ។ ដូចជាព្រះគម្ពីរបានចែងមកថា៖ «គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ»។ (កាឡាទី ៥:២២, ២៣) «កន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ»។ (កូរិនថូសទី២ ៣:១៧) សូម្បីតែឥឡូវនេះ ជនគ្រីស្ទានពិតក៏កំពុងតែមានសេរីភាពនេះដែរ។ ពួកគេបានមានសេរីភាពចេញពីការខ្លាចដែលមនុស្សច្រើនមាននៅសព្វថ្ងៃនេះ ដូចជាការខ្លាចពីអនាគត និងជំនឿឆ្វេងនៃសេចក្ដីស្លាប់។ នេះជាការគួរឲ្យរំភើបចិត្តណាស់ក្នុងការគិតពីអនាគត នៅពេលដែល«គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»! (អេសាយ ១១:៩) នៅពេលនោះ សូម្បីតែការខ្លាចពីឧក្រិដ្ឋកម្មក៏នឹងលែងមានទៀតហើយ។ ការចាក់សោនិងការដាក់ចម្រឹងដែកនឹងលែងមានជារហូត។ មនុស្សគ្រប់ៗគ្នានឹងមានសេរីភាព និងលែងមានគ្រោះថ្នាក់ រាល់ថ្ងៃ រាល់យប់ នៅខាងក្នុងផ្ទះ ហើយនឹងនៅខាងក្រៅ។ នេះហើយជាសេរីភាពដ៏ពិត!
យើងត្រូវបានធានារ៉ាប់រងពីជំនួយរបស់ព្រះ
ពិតមែនហើយ ការរស់នៅតាមបមាណីយរបស់ព្រះនឹងត្រូវមានការខំខ្នះខ្នែង តែ«ឯបញ្ញត្តទ្រង់នោះ មិនមែនជាបន្ទុកដ៏ធ្ងន់ទេ» សូម្បីតែចំពោះមនុស្សមានខ្ចោះក្ដី។ (យ៉ូហានទី១ ៥:៣) នៅពេលដែលយើងសម្រួលខ្លួនទៅនឹងផ្លូវចង្អៀត ហើយដឹងពីប្រយោជន៍នៃការដើរតាមផ្លូវនោះ យើងនឹងលែងមានការចូលចិត្តចំពោះផ្លូវធំទូលាយ និងគំនិតដែលសម្គាល់ពួកអ្នកនៅតាមផ្លូវនោះ។ (ទំនុកដំកើង ៩៧:១០) ការស្ដាប់បង្គាប់តាមក្រិត្យវិន័យរបស់ព្រះ គឺទាក់ទាញដល់នឹងមនសិការដែលព្រះបានប្រទានមក។ នេះជាការផ្ទុយស្រឡះពី«មានចិត្តព្រួយ» និង«មានវិញ្ញាណគ្រាំគ្រា» ដែលជាលក្ខណៈនៃមនុស្សជាច្រើន។ ព្រះបានសន្យាថា៖ «មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ»។ ត្រូវហើយ ចិត្តណាដែលព្រះយេហូវ៉ាបង្វឹកបង្វឺន គឺអរសប្បាយ ហើយនិងមានសេរីភាព។—អេសាយ ៦៥:១៤
ព្រះយេស៊ូបានទទួលមរណភាព ដើម្បីឲ្យមានសេរីភាពពិតសំរាប់យើង។ ព្រះគម្ពីរចែងថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ឥឡូវនេះ ព្រះយេស៊ូដែលជាស្តេចនៃព្រះរាជាណាចក្រសួគ៌ារបស់ព្រះ ទ្រង់គឺកំពុងតែធ្វើឲ្យមានប្រយោជន៍មកពីយញ្ញបូជានោះ។ មិនយូរប៉ុន្មានក្រោយពី‹សេចក្ដីវេទនាជាខ្លាំង›មកនោះ នៅពេលដែលផ្លូវធំទូលាយ ហើយនិងពួកអ្នកដែលដើរនៅតាមផ្លូវនោះត្រូវបានកំទេចចោល ទ្រង់នឹងចាប់ផ្ដើមដឹកនាំពួកមនុស្សលោកដែលស្ដាប់បង្គាប់ តាមផ្លូវចង្អៀតដែលនៅសល់ទាំងប៉ុន្មានរហូតដល់ចុងបញ្ចប់៖ គឺភាពល្អឥតខ្ចោះនៃមនុស្ស។ (វិវរណៈ ៧:១៤-១៧; ម៉ាថាយ ២៤:២១, ២៩-៣១) ជាទីបញ្ចប់ យើងនឹងជួបប្រទះពីសេចក្ដីសន្យាដ៏អស្ចារ្យដែលបានចែងមកថា៖ «ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ សេរីភាពដែលបានប្រទានមកពីព្រះនោះ នឹងពុំមានអ្វីល្អលើសលុបជាងឡើយ។ សូម្បីតែសេចក្ដីស្លាប់ក៏នឹងត្រូវធ្វើឲ្យបាត់សាបសូន្យទៅដែរ។—រ៉ូម ៨:២១; វិវរណៈ ២១:៣, ៤
ដោយឃើញ ហើយយល់ឲ្យបានច្បាស់លាស់អំពីទីដែលផ្លូវចង្អៀតនេះនាំទៅនោះ បុគ្គលម្នាក់អាចមានសមត្ថភាពក្នុងការជ្រើសយកផ្លូវមួយណា ហើយនិងខំបន្តដើរទៅនោះ។ ជាពិសេសពួកក្មេងៗ ត្រូវបានជួយកុំឲ្យមើលឃើញតែជិតៗ ហើយកុំឲ្យក្ដៅក្រហាយពីអ្វីដែលគេស្មានថា ជាព្រំដែនដែលបានដាក់មកដោយបមាណីយរបស់ព្រះ។ ពួកគេត្រូវរៀនឲ្យដឹងថា ទាំងនេះជាភស្តុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះ ហើយជាសេចក្ដីការពារប្រឆាំងនឹងអំពើអាក្រក់នៃផ្លូវធំទូលាយ។ (ហេព្រើរ ១២:៥, ៦) ប្រាកដណាស់ បុគ្គលម្នាក់ត្រូវតែមានការអត់ធ្មត់ ដោយចាំថា នឹងត្រូវការពេលវេលាដើម្បីនឹងបណ្ដុះឲ្យមានគុណសម្បត្ដិល្អ និងចំណង់ ដូចជាដើមឈើត្រូវការពេលវេលាដើម្បីនឹងបង្កើតឲ្យមានផលផ្លែល្អដែរ។ ប៉ុន្តែដើមឈើនឹងមានផលផ្លែល្អ បើសិនជាបានជ្រោយដីនិងបានស្រោចទឹក។
ដូច្នេះ ចូរសិក្សាបន្ទូលរបស់ព្រះ និងចូលរួមជាមួយជនគ្រីស្ទានដទៃទៀត ហើយ«ចូរអធិស្ឋានឥតឈប់ឈរ»សុំព្រះវិញ្ញាណបរិសុទ្ធ។ (ថែស្សាឡូនីចទី១ ៥:១៧) សូមទុកចិត្តទៅលើព្រះឲ្យជួយ«ដំរង់អស់ទាំងផ្លូវច្រករបស់»អ្នកចុះ។ (សុភាសិត ៣:៥, ៦) ប៉ុន្តែ តើការធ្វើទាំងនេះមានផលប្រយោជន៍ទេ? តើពិតជាអាចមានលទ្ធផលមែនឬ? ត្រូវហើយ នេះជាការជាក់ស្តែងចំពោះថុម និងនាងម៉ារា ដែលបានរៀបរាប់មកក្នុងអត្ថបទមុននោះ។
ពួកគេបានឈប់ដើរនៅលើផ្លូវធំទូលាយ
ថុមបានសរសេរថា៖ «នៅក្នុងពាក់កណ្ដាលទសវត្សនៃឆ្នាំ១៩៧០ យើងបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា នៅពេលដែលពួកគេម្នាក់បានមកផ្ទះរបស់យើង។ ការជជែកគ្នានោះ បាននាំទៅឲ្យមានការសិក្សាព្រះគម្ពីរ។ បន្ដិចម្ដងៗ ខ្ញុំបានចាប់ផ្ដើមកែប្រែជីវិតរបស់ខ្ញុំ។ ខ្ញុំបានធ្វើបុណ្យជ្រមុជទឹកក្នុងឆ្នាំ១៩៨២ហើយឥឡូវនេះ ខ្ញុំកំពុងតែបំរើនៅក្នុងក្រុមជំនុំ។ ឥឡូវនេះ កូនប្រុសរបស់យើងក៏ត្រូវបានធ្វើបុណ្យជ្រមុជទឹកដែរ។ ខ្ញុំសូមអរគុណដល់ប្រពន្ធរបស់ខ្ញុំ ចំពោះអស់ទាំងឆ្នាំទាំងនោះ មុនដែលខ្ញុំបានសិក្សាសេចក្ដីពិត។ អ្វីដែលសំខាន់ជាងគេបំផុតនោះ គឺខ្ញុំសូមថ្លែងអំណរគុណដល់ព្រះយេហូវ៉ា និងរាជបុត្រារបស់ទ្រង់ ចំពោះអ្វីៗដែលទ្រង់ទាំងពីរបានប្រទានមកយើង ហើយពីសេចក្ដីសង្ឃឹមដែលយើងឥឡូវនេះមានចំពោះអនាគត»។
ចុះយ៉ាងណាវិញដែរចំពោះនាងម៉ារា? នាងបានគិតយល់ថា ព្រះនឹងមិនអាចអត់ទោសឲ្យនាងបានទេ ប៉ុន្តែនាងបានចង់សិក្សាអំពីទ្រង់សំរាប់ឲ្យកូនចៅរបស់នាង។ នៅពេលដែលនាងបានដឹងឮថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែបង្រៀនអ្នកជិតខាងរបស់នាង នាងក៏បានសុំរកជំនួយពីគេដែរ។ យ៉ាងណាក៏ដោយ ទំលាប់អាក្រក់របស់នាង បានធ្វើឲ្យនាងពិបាកនឹងបានជឿនលឿនទៅមុខ។ ការសិក្សាបានមានការជឿនលឿន ហើយក៏មានការថយក្រោយដែរ។ ថ្វីបើអញ្ចឹងក្ដី ក៏កូនស្រីរបស់នាង ដែលមានអាយុប្រាំពីរឆ្នាំ បានដាស់តឿនឲ្យនាងបន្តទៅទៀតក្ដី។ កូនតែងតែនិយាយថា៖ «សូមម៉ែបន្តទៀតទៅ ម៉ែអាចធ្វើទៅកើត»! បន្ទាប់មក នាងម៉ារានឹងខំប្រឹងខ្លាំងឡើង។
នៅពេលបុរសដែលរស់នៅជាមួយដោយមិនរៀបការ ដែលជាអ្នកប្រើថ្នាំញៀន បានត្រឡប់មកផ្ទះវិញ នោះគាត់ក៏បានចូលរួមសិក្សាព្រះគម្ពីរដែរ។ ជាយថាហេតុ អ្នកទាំងពីរក៏បានមានជ័យជំនះទៅលើទំលាប់អាក្រក់របស់គេ។ ក្រោយមក បន្ទាប់ពីគេបានធ្វើឲ្យអាពាហ៍ពិពាហ៍របស់គេឲ្យពេញច្បាប់ហើយ ក៏បានចូលរួមក្នុងការធ្វើបុណ្យជ្រមុជទឹក។ ពួកគេបានមានការពិសោធដ៏សប្បាយរីករាយ ហើយមានចិត្តដូចជាពួកគេរស់នៅជាក្រុមគ្រួសារជាលើកទីមួយ។ តែជាការគួរឲ្យក្រៀមក្រំណាស់ ដែលនាងម៉ារាបានស្លាប់ទៅដោយជម្ងឺរោគអេដស៍។ ប៉ុន្តែនាងបានស្លាប់ទៅ ដោយមានចិត្តភ្ជាប់នឹងកិច្ចសន្យារបស់ព្រះគម្ពីរ នៃដំណើររស់ឡើងវិញ និងជីវិតនៅផែនដីមនោរម្យ ដែលសំអាតចេញពីអ្វីៗទាំងអស់ដែលទាក់ទង់នឹងផ្លូវធំទូលាយដ៏អាក្រក់នេះ។
ត្រូវហើយ ការដកខ្លួនចេញពីផ្លូវធំទូលាយដែលនាំទៅសេចក្ដីហិនវិនាស អាចធ្វើឡើងទៅបាន។ ព្រះយេស៊ូបានមានបន្ទូលថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) អញ្ចឹង ហេតុអ្វីក៏អ្នកមិនប្ដេជ្ញាចិត្ត ឈានជើងជាន់ទៅលើផ្លូវចង្អៀតដែលនាំទៅឯជីវិតនោះទៅ? ដោយយល់ និងធ្វើតាមអ្វីដែលអ្នករៀនពីបន្ទូលរបស់ព្រះ អ្នកប្រហែលជាអាចពិសោធដោយផ្ទាល់ខ្លួនដែរ ពីសេចក្ដីសន្យាព្រះគម្ពីរដ៏កក់ក្ដៅដែលថា៖ «អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣២