ការប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ា
«ព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត»។—និក្ខមនំ ៣៤:១៤
១. តើគុណសម្បត្ដិដែលលេចឡើងជាងគេរបស់ព្រះយេហូវ៉ាជាអ្វី ហើយតើនេះជាប់ទាក់ទងនឹងការប្រចណ្ឌយ៉ាងណា?
ព្រះយេហូវ៉ារៀបរាប់អង្គទ្រង់ជា«ព្រះមានព្រះហឫទ័យប្រចណ្ឌ»។ អ្នកប្រហែលជាឆ្ងល់ហើយ ពីព្រោះពាក្យ«ប្រចណ្ឌ»មានន័យដូចជាមិនល្អសោះ។ ប្រាកដហើយ គុណសម្បត្ដិដែលលេចឡើងជាងគេរបស់ព្រះនោះ គឺជាសេចក្ដីស្រឡាញ់។ (យ៉ូហានទី១ ៤:៨) ដូច្នេះ ការមានព្រះហឫទ័យប្រចណ្ឌរបស់ទ្រង់ណាមួយ ច្បាស់ជាសំរាប់ប្រយោជន៍ដល់មនុស្សយើងហើយ។ តាមការពិត យើងនឹងឃើញថា ការប្រចណ្ឌរបស់ព្រះគឺជាសារៈសំខាន់ដើម្បីឲ្យមានសន្ដិភាពនិងសុខដុមក្នុងសកលលោក។
២. តើមានវិធីណាខ្លះក្នុងការឲ្យអត្ថន័យនៃពាក្យភាសាហេព្រើរដែលថា«ការប្រចណ្ឌ»នោះ?
២ ពាក្យហេព្រើរដែលទាក់ទងចំពោះការប្រចណ្ឌគឺមានជាង៨០ដងនៅក្នុងបទគម្ពីរភាសាហេព្រើរ។ ស្ទើរតែជិតពាក់កណ្ដាលនៃពាក្យនេះគឺសំដៅទៅព្រះយេហូវ៉ា។ លោក លីវិងស្ទិនពន្យល់ថា៖ «នៅពេលដែលប្រើចំពោះព្រះ គំនិតនៃការប្រចណ្ឌ មិនមានន័យអំពីទឹកចិត្តដែលខូចនោះឡើយ ប៉ុន្តែគឺអំពីការចង់បានឲ្យថ្វាយបង្គំព្រះយេហូវ៉ាតែមួយគត់»។ (សៀវភៅប្រាំដំបូងនៃបរិយាការវប្បធម៌) ដូច្នេះ សេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី ជួនកាលឲ្យអត្ថន័យសព្ទនាមភាសាហេព្រើរជា‹ការចង់បានភក្ដីភាពដាច់មុខ›។ (អេសេគាល ៥:១៣) ការឲ្យអត្ថន័យដ៏សមហេតុផលទៀត គឺ«សេចក្ដីឧស្សាហ៍»។—ទំនុកដំកើង ៧៩:៥; អេសាយ ៩:៧
៣. ក្នុងរបៀបណាដែលការប្រចណ្ឌជួនកាលអាចទៅជាសំរាប់គោលបំណងល្អនោះ?
៣ មនុស្សយើងត្រូវបានបង្កើតមកដោយមានសមត្ថភាពឲ្យចេះប្រចណ្ឌ ប៉ុន្តែដោយសារតែមនុស្សយើងបានធ្លាក់ចូលទៅក្នុងអំពើបាបនោះ ជាលទ្ធផលក៏មានការប្រចណ្ឌខុសពីភាពដើមទៅ។ យ៉ាងណាក្ដី សេចក្ដីប្រចណ្ឌរបស់មនុស្សក៏អាចជាសំរាប់គោលបំណងល្អបានដែរ។ នេះអាចបណ្ដាលឲ្យមនុស្សម្នាក់ការពារបុគ្គលដែលគេស្រឡាញ់ណាម្នាក់ពីឥទ្ធិពលដ៏អាក្រក់។ ម្យ៉ាងវិញទៀត មនុស្សយើងអាចបង្ហាញការប្រចណ្ឌដ៏ត្រឹមត្រូវចំពោះព្រះយេហូវ៉ានិងការថ្វាយបង្គំរបស់ទ្រង់។ (ពង្សាវតារក្សត្រទី១ ១៩:១០) ក្នុងការបង្ហាញឲ្យយល់ត្រឹមត្រូវនៃពាក្យប្រចណ្ឌបែបនេះចំពោះព្រះយេហូវ៉ា សព្ទនាមនៃភាសាហេព្រើរប្រហែលជាអាចបកប្រែថាជា«សេចក្ដីឧស្សាហ៍»ចំពោះទ្រង់។—ពង្សាវតារក្សត្រទី២ ១០:១៦
កូនគោមាស
៤. តើបញ្ជាណាដែលទាក់ទងនឹងការប្រចណ្ឌដ៏សុចរិត ដែលជាក្រិត្យវិន័យដ៏សំខាន់របស់ព្រះចំពោះសាសន៍អ៊ីស្រាអែល?
៤ ឧទាហរណ៍នៃការប្រចណ្ឌដ៏សុចរិតមួយ គឺបានសម្ដែងមកឲ្យឃើញនូវអ្វីដែលបានកើតឡើងក្រោយពីពួកជនជាតិអ៊ីស្រាអែលបានទទួលក្រិត្យវិន័យនៅឯភ្នំស៊ីណាយ។ ម្ដងហើយម្ដងទៀត ព្រះបានព្រមានប្រាប់ពួកគេមិនឲ្យថ្វាយបង្គំព្រះណាដែលមនុស្សបានធ្វើ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ពួកគេថា៖ «អញជាយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ជាព្រះដែលតម្រូវសេចក្ដីគោរពប្រតិបត្ដិ [ឬ «ជាព្រះនៃឯង អញមានសេចក្ដីប្រចណ្ឌ (យតិភាព); សេចក្ដីឧស្សាហ៍»]»។ (និក្ខមនំ ២០:៥, ព.ថ.; ប្រៀបធៀបនិក្ខមនំ ២០:២២, ២៣; ២២:២០; ២៣:១៣, ២៤, ៣២, ៣៣) ព្រះយេហូវ៉ាបានបង្កើតកិច្ចព្រមព្រៀងជាមួយពួកជនជាតិអ៊ីស្រាអែល ហើយបានសន្យាថានឹងប្រទានពរដល់ពួកគេ ហើយនាំពួកគេចូលទៅក្នុងស្រុកដែលបានសន្យាមក។ (និក្ខមនំ ២៣:២២, ៣១) ហើយពួកបណ្ដាជនបានមានប្រសាសន៍ថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមក»។—និក្ខមនំ ២៤:៧
៥, ៦. (ក) តើពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរយ៉ាងណា កាលដែលបានបោះជុំរុំនៅឯភ្នំស៊ីណាយ? (ខ) តើព្រះយេហូវ៉ានិងពួកបំរើស្មោះត្រង់របស់ទ្រង់បង្ហាញការប្រចណ្ឌដ៏សុចរិតនៅឯភ្នំស៊ីណាយយ៉ាងណា?
៥ យ៉ាងណាក៏ដោយ មិនយូរប៉ុន្មានក្រោយមកពួកអ៊ីស្រាអែលក៏បានប្រព្រឹត្តអំពើបាបនឹងព្រះ។ ពួកគេកំពុងតែនៅឯជុំរុំនៃជើងភ្នំស៊ីណាយនៅឡើយ។ ម៉ូសេបាននៅលើភ្នំជាយូរថ្ងៃមកហើយ ដើម្បីនឹងទទួលអនុទ្ទេសពីព្រះថែមទៀត។ ពួកបណ្ដាលជនទាំងឡាយបានបង្ខិតបង្ខំបងប្រុសរបស់ម៉ូសេ ឈ្មោះអើរ៉ុនឲ្យធ្វើព្រះមួយសំរាប់ពួកគេ។ អើរ៉ុនក៏បានធ្វើតាមបង្គាប់របស់គេ ហើយធ្វើកូនគោចេញពីមាសដែលពួកបណ្ដាជនបានយកមកឲ្យគាត់នោះ។ ពួកគេអះអាងថា រូបសំណាកនេះគឺជាតំណាងព្រះយេហូវ៉ា។ (ទំនុកដំកើង ១០៦:២០) ថ្ងៃស្អែកឡើងពួកគេបានថ្វាយយញ្ញបូជា ហើយបន្ត«ក្រាបថ្វាយបង្គំដល់រូបនោះ»។ រួចមកពួកគេបានមាន‹ការសប្បាយរីករាយណាស់›។—និក្ខមនំ ៣២:១, ៤, ៦, ៨, ១៧-១៩
៦ កាលដែលពួកអ៊ីស្រាអែលកំពុងតែធ្វើពិធីបុណ្យនោះ ម៉ូសេបានចុះពីភ្នំមកវិញ។ នៅពេលដែលគាត់បានឃើញចរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់គេ គាត់ក៏បានស្រែកឡើងថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា»? (និក្ខមនំ ៣២:២៥, ២៦) ពួកកូនចៅនៃពួកលេវីបានមកជួបលោកម៉ូសេ ហើយគាត់បានប្រាប់ពួកគេឲ្យយកដាវទៅប្រហារជីវិតនៃពួកសប្បាយអ៊ូអែដែលកំពុងតែថ្វាយបង្គំរូបព្រះនោះ។ ក្នុងការសម្ដែងការប្រចណ្ឌរបស់គេចំពោះការថ្វាយបង្គំបរិសុទ្ធរបស់ព្រះ ពួកកូនចៅលេវីបានសម្លាប់ពួកមានទោសប្រមាណ៣.០០០នាក់។ ព្រះយេហូវ៉ាបានគាំទ្រការប្រព្រឹត្តនេះ ដោយបញ្ជូនសេចក្ដីវេទនាមកលើពួកអ្នកដែលរួចរស់ជីវិត។ (និក្ខមនំ ៣២:២៨, ៣៥) រួចមកព្រះបានបញ្ជាម្ដងទៀតថា៖ «ដ្បិតមិនត្រូវឲ្យឯងរាល់គ្នាក្រាបថ្វាយបង្គំព្រះឯណាទៀតឡើយ ពីព្រោះព្រះយេហូវ៉ា ដែលព្រះនាមជាព្រះប្រចណ្ឌ ទ្រង់មានព្រះហឫទ័យប្រចណ្ឌពិត»។—និក្ខមនំ ៣៤:១៤
ព្រះបាល-ពេអរ
៧, ៨. (ក) តើពួកអ៊ីស្រាអែលជាច្រើននាក់បានធ្លាក់ចូលទៅថ្វាយបង្គំរូបព្រះនៃព្រះបាល-ពេអរយ៉ាងណា? (ខ) តើសេចក្ដីវេទនាមកពីព្រះយេហូវ៉ាបានមានទីបញ្ចប់យ៉ាងណា?
៧ សែសិបឆ្នាំក្រោយមក នៅពេលដែលសាសន៍អ៊ីស្រាអែលរៀបនឹងចូលស្រុកដែលបានសន្យាមកនោះ ពួកស្ត្រីដ៏ស្អាតៗនៃសាសន៍ម៉ូអាប់និងសាសន៍ម៉ាឌាន បានល្បួងពួកអ៊ីស្រាអែលជាច្រើនឲ្យមកចូលកំសាន្តជាមួយពួកគេ។ ពួកបុរសទាំងនេះគួរតែបដិសេធចោលនឹងការសេពគប់ដ៏ស្និទ្ធស្នាលជាមួយពួកថ្វាយបង្គំព្រះមិនពិតទាំងនេះ។ (និក្ខមនំ ៣៤:១២, ១៥) តែពួកគេបានរត់ចូលដូចជាពួកសត្វចៀមទៅឯអ្នកកាប់សម្លាប់របស់គេអញ្ចឹង ដោយប្រព្រឹត្តការសហាយស្មន់ជាមួយនឹងពួកស្ត្រី ហើយចូលរួមជាមួយពួកគេក្នុងការក្រាបថ្វាយបង្គំទៅព្រះបាល-ពេអរ។—ជនគណនា ២៥:១-៣; សុភាសិត ៧:២១, ២២
៨ ព្រះយេហូវ៉ាបានបញ្ជូនទុក្ខទោសដើម្បីនឹងប្រហារជីវិតដល់អស់អ្នកដែលជាប់ទាក់ទងថ្វាយបង្គំការរួមសង្វាសដ៏ថោកទាបនេះ។ ព្រះក៏បានបញ្ជាឲ្យពួកអ៊ីស្រាអែលដែលគ្មានទោសឲ្យសម្លាប់បងប្អូនរបស់គេដែរ។ ក្នុងការរឹងទទឹងដ៏ឥតគោរព មេដឹកនាំនៃអ៊ីស្រាអែលឈ្មោះស៊ីមរីបាននាំរាជបុត្រីសាសន៍ម៉ាឌានម្នាក់មករួមសង្វាសជាមួយនឹងនាង។ ដោយឃើញការនេះ ភីនេហាសដែលជាសង្ឃដោយកោតខ្លាចព្រះ ក៏បានប្រហារជីវិតគូប្រុសស្រីដ៏អសីលធម៌នេះចោលទៅ។ រួចមកការទុក្ខទោសក៏បានឈប់ ហើយព្រះបានប្រកាសថា៖ «ភីនេហាស . . . បានបំបែរសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ»។ (ជនគណនា ២៥:១១) ថ្វីបើសាសន៍នោះត្រូវបានសង្គ្រោះពីការហិនវិនាសក្ដី យ៉ាងហោចណាស់ក៏មានពួកអ៊ីស្រាអែលចំនួន២៣.០០០នាក់ត្រូវបានស្លាប់ដែរ។ (កូរិនថូសទី១ ១០:៨) ពួកគេបានបាត់បង់នូវសេចក្ដីសង្ឃឹមដ៏ជាទីស្រឡាញ់របស់គេ នៃការចូលទៅក្នុងស្រុកដែលបានសន្យាមកនោះ។
មេរៀនដែលប្រាប់ឲ្យដឹងជាមុន
៩. តើអ្វីដែលបានកើតមានដល់ពួកអ៊ីស្រាអែលនិងពួកយូដា ដោយសារតែពួកគេមិនមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ានោះ?
៩ គួរឲ្យស្ដាយណាស់ ពីព្រោះមិនយូរប៉ុន្មានក្រោយមកពួកអ៊ីស្រាអែលបានភ្លេចមេរៀនទាំងនេះ។ ពួកគេមិនបានមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ាទេ។ «ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្ដាលឲ្យទ្រង់ប្រចណ្ឌដោយរូបឆ្លាក់របស់គេផង»។ (ទំនុកដំកើង ៧៨:៥៨) ជាលទ្ធផល ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកសាសន៍អាសស៊ើរចាប់យកកុលសម្ព័ន្ធដប់នៃសាសន៍អ៊ីស្រាអែលទៅជាឈ្លើយក្នុងឆ្នាំ៧៤០ ម.ស.យ.។ រាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធពីរបានរងទុក្ខទណ្ឌកម្មស្រដៀងគ្នាដែរ នៅពេលដែលក្រុងយេរូសាឡិមដែលជារាជធានីរបស់គេ ត្រូវបានកំទេចចោលក្នុងឆ្នាំ៦០៧ ម.ស.យ.។ មនុស្សជាច្រើនត្រូវបានបាត់បង់ជីវិត ហើយពួកអ្នករួចរស់ជីវិតត្រូវបានចាប់យកជាឈ្លើយទៅស្រុកបាប៊ីឡូន។ នេះជាមេរៀនដែលប្រាប់ឲ្យដឹងទុកជាមុនសំរាប់ជនគ្រីស្ទាននៅសព្វថ្ងៃនេះ!—កូរិនថូសទី១ ១០:៦, ១១
១០. តើនឹងមានអ្វីកើតឡើងទៅដល់ពួកថ្វាយរូបព្រះដែលមិនកែប្រែចិត្តនោះ?
១០ មួយភាគបីក្នុងចំនួនមនុស្សនៅលើផែនដី—ប្រមាណ១.៩០០លាននាក់—ឥឡូវនេះអះអាងថាគេជាជនគ្រីស្ទាន។ (សៀវភៅប៊្រីធែណនីកាប្រចាំឆ្នាំ១៩៩៤) ពួកទាំងនេះជាច្រើនគឺជារបស់ផងសាសនាផ្សេងៗដែលប្រើបដិមា រូបចម្លាក់ និងឈើឆ្កាងក្នុងការថ្វាយបង្គំរបស់ពួកគេ។ ព្រះយេហូវ៉ាមិនបានប្រណីដល់ប្រជារាស្ត្ររបស់ទ្រង់ដែលបណ្ដាលឲ្យទ្រង់មានព្រះហឫទ័យប្រចណ្ឌតាមរយៈសរណវត្ថុបូជានោះឡើយ។ ហើយទ្រង់ក៏នឹងមិនប្រណីពួកជនគ្រីស្ទានដែលអះអាងថាថ្វាយបង្គំទ្រង់ តាមរយៈរបស់ទាំងនេះដែរ។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «ឯព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ (យ៉ូហាន ៤:២៤) ម្យ៉ាងវិញទៀត ព្រះគម្ពីរបានព្រមានគ្រីស្ទានឲ្យចៀសវាងពីសរណវត្ថុបូជា។ (យ៉ូហានទី១ ៥:២១) ពួកអ្នកថ្វាយរូបព្រះដែលមិនព្រមប្រែចិត្ត គឺនឹងនៅក្នុងចំណោមពួកអ្នកដែលនឹងមិនទទួលព្រះរាជាណាចក្រជាមរតក។—កាឡាទី ៥:២០, ២១
១១. តើជនគ្រីស្ទានម្នាក់អាចមានកំហុសនៃការថ្វាយបង្គំរូបព្រះដោយមិនក្រាបថ្វាយបង្គំទៅរូបចម្លាក់យ៉ាងណា ហើយតើអ្វីដែលនឹងជួយបុគ្គលនោះឲ្យចៀសវាងពីការថ្វាយបង្គំរូបព្រះបែបនេះ? (អេភេសូរ ៥:៥)
១១ ថ្វីបើជនគ្រីស្ទានពិតម្នាក់ច្បាស់ជាមិនក្រាបថ្វាយនឹងរូបព្រះក្ដី គាត់ត្រូវតែចៀសវាងពីអ្វីៗដែលព្រះចាត់ទុកថាជារូបសំណាក មិនស្អាត និងដែលមានបាប។ ជាឧទាហរណ៍ ព្រះគម្ពីរព្រមានថា៖ «ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស»។ (កូល៉ុស ៣:៥, ៦) ការស្ដាប់បង្គាប់នឹងពាក្យទាំងនេះតម្រូវឲ្យយើងបដិសេធចោលមារយាទដ៏អសីលធម៌។ នេះគឺតម្រូវឲ្យចៀសវាងពីគ្រឿងកំសាន្តដែលធ្វើឲ្យមានការស្រើបស្រាលដល់ការរួមសង្វាសដែលមិនស្អាតបាត។ ជាជាងស្កប់ចិត្តនឹងការឃ្លានបែបនេះ ជនគ្រីស្ទានពិតមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធរបស់ព្រះវិញ។
គំរូនៃការមានចិត្តប្រចណ្ឌចំពោះព្រះនៅពេលក្រោយមក
១២, ១៣. តើព្រះយេស៊ូបានទុកគំរូដ៏អស្ចារ្យយ៉ាងណា ក្នុងការបង្ហាញការប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនោះ?
១២ ឧទាហរណ៍ដ៏ប្រសើរនៃបុរសដែលបានបង្ហាញចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធរបស់ព្រះនោះ គឺព្រះយេស៊ូគ្រីស្ទ។ ក្នុងឆ្នាំដំបូងនៃកិច្ចបំរើរបស់ទ្រង់ ទ្រង់បានទតឃើញពួកឈ្មួញដ៏ល្មោភបានលក់ដូរនៅក្នុងទីធ្លានៃព្រះវិហារ។ ពួកយូដាដែលមិនរស់នៅក្នុងទីក្រុងយេរូសាឡិម ប្រហែលជាត្រូវការដូរប្រាក់ដើម្បីនឹងដូររូបិយវត្ថុបរទេសរបស់គេ សំរាប់ប្រាក់ដែលគេអាចទទួលស្គាល់ជាពន្ធបង់ខាងព្រះវិហារ។ ពួកគេក៏ត្រូវការទិញសត្វនិងសត្វស្លាបដើម្បីនឹងថ្វាយយញ្ញបូជា ដែលជាក្រិត្យវិន័យរបស់ព្រះតម្រូវឲ្យពួកគេធ្វើនោះ។ ការលក់ដូរបែបនេះគួរតែធ្វើឡើងនៅខាងក្រៅទីធ្លានៃព្រះវិហារ។ អ្វីដែលអាក្រក់ទៀតនោះ គឺពួកឈ្មួញបានស៊ីលើបងប្អូនរបស់គេចំពោះសេចក្ដីត្រូវការខាងសាសនា ដោយលក់យ៉ាងថ្លៃក្រៃលែង។ ដោយមានព្រះទ័យប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធរបស់ព្រះ ព្រះយេស៊ូបានប្រើរំពាត់ដើម្បីនឹងដេញចៀមនិងសត្វគោចេញ។ ទ្រង់ក៏បានធ្វើឲ្យតុរបស់ពួកដូរលុយនោះបានក្រឡាប់ ដោយមានបន្ទូលថា៖ «កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ»។ (យ៉ូហាន ២:១៤-១៦) ដូច្នេះហើយ ព្រះយេស៊ូបានបំពេញពាក្យនៅទំនុកដំកើង ៦៩:៩៖ «ដ្បិតសេចក្ដីឧស្សាហ៍[ឬ«សេចក្ដីប្រចណ្ឌ»] ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»។
១៣ បីឆ្នាំក្រោយមក ព្រះយេស៊ូបានឃើញពួកឈ្មួញដ៏ល្មោភកំពុងតែធ្វើជំនួញនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាម្ដងទៀត។ តើទ្រង់នឹងបោសសំអាតព្រះវិហារជាលើកទីពីរទេ? ការប្រចណ្ឌរបស់ទ្រង់ចំពោះការថ្វាយបង្គំបរិសុទ្ធសំរាប់ព្រះគឺមានមាំមួននៅពេលនេះ ដូចនៅពេលដែលទ្រង់បានចាប់ផ្ដើមបំរើព្រះដែរ។ ទ្រង់បានបណ្ដេញចេញទាំងពួកលក់ដូរនិងពួកទិញដែរ។ ហើយទ្រង់ព្រមទាំងឲ្យមូលហេតុដ៏ខ្លាំងចំពោះការប្រព្រឹត្តរបស់ទ្រង់ ដោយមានបន្ទូលថា៖ «តើគ្មានសេចក្ដីចែងទុកមកទេឬអីថា ‹ដំណាក់អញត្រូវហៅជាទីអធិស្ឋាន សំរាប់គ្រប់អស់ទាំងសាសន៍›? ប៉ុន្តែ អ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ»។ (ម៉ាកុស ១១:១៧) នេះជាគំរូដ៏ល្អអស្ចារ្យមែននៃការបង្ហាញនូវសេចក្ដីប្រចណ្ឌដោយកោតខ្លាចព្រះ!
១៤. តើការប្រចណ្ឌរបស់ព្រះយេស៊ូចំពោះការថ្វាយបង្គំព្រះ មានឥទ្ធិពលមកលើយើងយ៉ាងណា?
១៤ បុគ្គលិកលក្ខណរបស់ព្រះយេស៊ូគ្រីស្ទដែលមានសេចក្ដីរុងរឿងនៅឥឡូវនេះ គឺមិនបានផ្លាស់ប្ដូរទេ។ (ហេព្រើរ ១៣:៨) នៅក្នុងសតវត្សទី២០នេះ ទ្រង់ក៏នៅតែមានព្រះទ័យប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធសំរាប់ព្រះវរបិតារបស់ទ្រង់ ដូចជាកាលទ្រង់នៅលើផែនដីដែរ។ នេះអាចឃើញឡើងនៅក្នុងសាររបស់ព្រះយេស៊ូជូនទៅក្រុមជំនុំទាំងប្រាំពីរដែលបានកត់ទុកនៅក្នុងសៀវភៅវិវរណៈ។ ទាំងនេះមានការសម្រេចយ៉ាងធំនៅឥឡូវនេះ ក្នុង«ថ្ងៃរបស់ព្រះអម្ចាស់»។ (វិវរណៈ ១:១០; ២:១–៣:២២) ក្នុងចក្ខុនិមិត្ត សាវ័កយ៉ូហានបានឃើញព្រះយេស៊ូគ្រីស្ទក្នុងសេចក្ដីរុងរឿង ដែលមាន«ព្រះនេត្រទ្រង់ដូចជាអណ្ដាតភ្លើង»។ (វិវរណៈ ១:១៤) នេះបញ្ជាក់ថាគ្មានអ្វីដែលទ្រង់ទតមិនឃើញនោះឡើយ កាលដែលទ្រង់ពិនិត្យក្រុមជំនុំទាំងឡាយ ដើម្បីនឹងឲ្យពួកគេរក្សាការស្អាតបាត ឲ្យបានត្រឹមត្រូវក្នុងការបំរើព្រះយេហូវ៉ានោះ។ ជនគ្រីស្ទាននៅសព្វថ្ងៃនេះ ត្រូវតែចងចាំពីការព្រមានរបស់ព្រះយេស៊ូ ពីការខំបំរើចៅហ្វាយពីរនាក់—ព្រះនិងទ្រព្យសម្បត្ដិ។ (ម៉ាថាយ ៦:២៤) ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសមាជិកដែលខំរកតែទ្រព្យសម្បត្ដិនៅក្នុងក្រុមជំនុំឡៅឌីសេថា៖ «ដោយព្រោះឯងគ្រាន់តែស្ទើរៗប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្ដៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ . . . ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ»។ (វិវរណៈ ៣:១៤-១៩) តាមពាក្យសំដីហើយនិងគំរូ ពួកអ្នកចាស់ទុំដែលបានតែងតាំងឡើងតាមក្រុមជំនុំនោះ ត្រូវតែជួយពួកមានជំនឿគ្នីគ្នាឲ្យគេចៀសវាងពីអន្ទាក់នៃវត្ថុនិយម។ ពួកចាស់ទុំក៏ត្រូវតែការពារហ្វូងចៀមពីការខូចនៃសីលធម៌ពីលោកីយ៍ដែលគិតតែអំពីការរួមសង្វាស។ ម្យ៉ាងវិញទៀត ប្រជារាស្ត្ររបស់ព្រះមិនគួរត្រាប្រណីឥទ្ធិពលដូចយ៉េសេបិលនៅក្នុងក្រុមជំនុំនោះឡើយ។—ហេព្រើរ ១២:១៤, ១៥; វិវរណៈ ២:២០
១៥. តើសាវ័កប៉ុលបានធ្វើតាមព្រះយេស៊ូក្នុងការបង្ហាញការប្រចណ្ឌនៃការថ្វាយបង្គំព្រះយេហូវ៉ាដោយយ៉ាងណា?
១៥ សាវ័កប៉ុលជាអ្នកត្រាប់តាមព្រះគ្រីស្ទ។ ដើម្បីនឹងការពារជនគ្រីស្ទានថ្មីដែលទើបតែបានជ្រមុជទឹក ពីឥទ្ធិពលដែលមិនត្រឹមត្រូវខាងវិញ្ញាណនោះ គាត់បានមានប្រសាសន៍ថា៖ «ខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ»។ (កូរិនថូសទី២ ១១:២) មុននឹងនេះ ការប្រចណ្ឌរបស់ប៉ុលចំពោះការថ្វាយបង្គំបរិសុទ្ធ បានបណ្ដាលឲ្យគាត់បង្គាប់ក្រុមជំនុំនេះ ឲ្យបណ្ដាច់មិត្តភាពចំពោះអ្នកសហាយស្មន់ណាដែលមិនបានប្រែចិត្ត ដែលធ្វើឲ្យមានឥទ្ធិពលដ៏អាក្រក់នោះ។ ការបង្រៀនដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែងនេះដែរ បានផ្ដល់នៅពេលនោះ ក៏ជាជំនួយដ៏ល្អចំពោះពួកចាស់ទុំនៅសព្វថ្ងៃនេះ កាលដែលពួកគេខំប្រឹងរក្សា៧៥.៥០០ក្រុមជំនុំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យបានស្អាតបាត។—កូរិនថូសទី១ ៥:១, ៩-១៣
ការប្រចណ្ឌរបស់ព្រះមានប្រយោជន៍ដល់ប្រជារាស្ត្ររបស់ទ្រង់
១៦, ១៧. (ក) នៅពេលដែលព្រះបានដាក់ទណ្ឌកម្មដល់សាសន៍យូដាពីបុរាណ តើពួកបណ្ដាជនបានមានអាកប្បកិរិយាយ៉ាងណា? (ខ) ក្រោយពីបានជាប់ឃុំឃាំង៧០ឆ្នាំ តើព្រះយេហូវ៉ាបានបង្ហាញការប្រចណ្ឌរបស់ទ្រង់ចំពោះក្រុងយេរូសាឡិមយ៉ាងណា?
១៦ នៅពេលដែលព្រះដាក់ទណ្ឌកម្មដល់ពួកបណ្ដាជននៃសាសន៍យូដា ដោយអនុញ្ញាតឲ្យពួកបាប៊ីឡូនចាប់យកទៅជាឈ្លើយ ពួកនោះត្រូវបានគេសើចចំអកដាក់។ (ទំនុកដំកើង ១៣៧:៣) ក្នុងការប្រចណ្ឌដ៏ស្អប់ ពួកសាសន៍អេដំមក៏បានជួយពួកបាប៊ីឡូននាំឲ្យមានការហិនវិនាសទៅលើប្រជារាស្ត្ររបស់ព្រះដែរ ហើយព្រះយេហូវ៉ាក៏បានចងចាំអំពីរឿងនេះ។ (អេសេគាល ៣៥:១១; ៣៦:១៥) នៅក្នុងសេវកភាព ពួកអ្នកដែលរួចរស់ជីវិតបានប្រែចិត្តរបស់គេ ហើយក្រោយពី៧០ឆ្នាំមក ព្រះយេហូវ៉ាបាននាំគេឲ្យមកស្រុករបស់គេវិញ។
១៧ នៅដើមដំបូង ពួកបណ្ដាជននៃសាសន៍យូដាគឺបាននៅក្នុងស្ថានការណ៍ដ៏អាក្រក់។ ទីក្រុងយេរូសាឡិមនិងព្រះវិហារត្រូវបានគេកំទេចចោល។ ប៉ុន្តែ ពួកសាសន៍ដែលនៅជុំវិញនោះ បានប្រឆាំងការខំខ្នះខ្នែងនៃការសង់ព្រះវិហារ។ (អែសរ៉ា ៤:៤, ២៣, ២៤) តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាដែរចំពោះរឿងនេះ? ព្រះគម្ពីរចែងថា៖ «ព្រះយេហូវ៉ានៃពួកពលបរវារទ្រង់មានបន្ទូលដូច្នេះ៖ ‹អញមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិមនិងភ្នំស៊ីយ៉ូន ក៏មានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់រំងាប់ដែរ ដ្បិតពីដើមអញបានសេចក្ដីអាក់អន់តែបន្ដិចទេ តែគេបានបង្កើនការអាក្រក់នោះជាច្រើនឡើង›។ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹អញបានវិលមកឯក្រុងយេរូសាឡិមទាំងមានសេចក្ដីអាណិតមេត្ដា វិហាររបស់អញនឹងបានសង់ឡើងវិញនៅទីនេះ។ . . . នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ (សាការី ១:១៤-១៦) ដោយចាំនឹងសេចក្ដីសន្យានេះ ព្រះវិហារនិងទីក្រុងយេរូសាឡិមត្រូវបានសង់ឡើងវិញយ៉ាងជោគជ័យមែន។
១៨. តើពួកជនគ្រីស្ទានពិតបានពិសោធន៍អ្វីក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ?
១៨ ក្រុមជំនុំជនគ្រីស្ទានពិតក៏មានការពិសោធស្រដៀងគ្នានេះដែរនៅក្នុងសតវត្សទី២០នេះ។ ក្នុងកំឡុងសង្គ្រាមលោកលើកទីមួយ ព្រះយេហូវ៉ាបានទូន្មានប្រជារាស្ត្ររបស់ទ្រង់ ពីព្រោះពួកគេមិនបានរក្សាអព្យាក្រឹតដោយពេញលេញនៅក្នុងសង្គ្រាមនោះ។ (យ៉ូហាន ១៧:១៦) ព្រះបានអនុញ្ញាតឲ្យអំណាចមេដឹកនាំខាងនយោបាយគ្របសង្កត់លើពួកគេ ហើយពួកបព្វជិតខាងពិភពគ្រីស្ទសាសនាបានអរសប្បាយទៅលើវិបត្ដិភ័យនេះ។ តាមការពិត ពួកបព្វជិតគឺជាអ្នកនាំមុខក្នុងការប្រាប់ពួកនយោបាយឲ្យបម្រាមកិច្ចការរបស់ពួកសិស្សព្រះគម្ពីរ ដែលស្មរបន្ទាល់ព្រះយេហូវ៉ានៅពេលនោះត្រូវមានឈ្មោះនោះ។—វិវរណៈ ១១:៧, ១០
១៩. តើព្រះយេហូវ៉ាបានបង្ហាញការប្រចណ្ឌទៅលើការថ្វាយបង្គំរបស់ទ្រង់តាំងពីឆ្នាំ១៩១៩ដោយយ៉ាងណា?
១៩ ប៉ុន្តែ ព្រះយេហូវ៉ាបានបង្ហាញការប្រចណ្ឌទៅលើការថ្វាយបង្គំរបស់ទ្រង់ ហើយបានទទួលយកពួកដែលបានប្រែចិត្តក្រោយពីសង្គ្រាមនៅឆ្នាំ១៩១៩។ (វិវរណៈ ១១:១១, ១២) ជាលទ្ធផល ចំនួនអ្នកសរសើរព្រះយេហូវ៉ាបានបង្កើនពី៤.០០០នាក់នៅក្នុងឆ្នាំ១៩១៨ ឡើងទៅប្រមាណ៥លាននាក់នៅសព្វថ្ងៃនេះ។ (អេសាយ ៦០:២២) បន្ដិចទៀត ការប្រចណ្ឌរបស់ព្រះយេហូវ៉ាចំពោះការថ្វាយបង្គំបរិសុទ្ធរបស់ទ្រង់នឹងឃើញឡើងតាមភាពដ៏អស្ចារ្យ។
ការប្រព្រឹត្តនៅអនាគតនៃការប្រចណ្ឌរបស់ព្រះ
២០. តើបន្ដិចទៀតព្រះនឹងធ្វើអ្វី ដើម្បីនឹងបង្ហាញការប្រចណ្ឌរបស់ទ្រង់ចំពោះការថ្វាយបង្គំបរិសុទ្ធ?
២០ រាប់រយសតវត្សមកហើយដែលពួកសាសនានៃពិភពគ្រីស្ទសាសនាបានធ្វើតាមដំណើរនៃពួកយូដា ដែលបានបះបោរជំនឿ ហើយបណ្ដាលឲ្យព្រះយេហូវ៉ាមានព្រះទ័យប្រចណ្ឌ។ (អេសេគាល ៨:៣, ១៧, ១៨) បន្ដិចទៀត ព្រះយេហូវ៉ានឹងចាត់វិធានការ ដោយដាក់គំនិតទៅលើចិត្តនៃពួកសមាជិកនៃអង្គការសហប្រជាជាតិ។ នេះនឹងជំរុញពួកមហាអំណាចខាងនយោបាយទាំងនេះឲ្យកំទេចចោលពួកពិភពគ្រីស្ទសាសនានិងសាសនាមិនពិតទាំងឡាយ។ (វិវរណៈ ១៧:១៦, ១៧) ពួកអ្នកថ្វាយបង្គំពិតនឹងត្រូវរួចរស់ជីវិតពីការជំនុំជំរះរបស់ព្រះដ៏គួរឲ្យខ្លាចនេះ។ ពួកគេនឹងតបឆ្លើយតាមពាក្យនៃពួកសត្តនិករខាងស្ថានសួគ៌ដែលមានប្រសាសន៍ថា៖ «ហាលេលូយ៉ា សេចក្ដីសង្គ្រោះ សិរីល្អ នឹងព្រះចេស្ដា! . . . ដ្បិតសេចក្ដីជំនុំជំរះរបស់ទ្រង់សុទ្ធតែពិតត្រង់ ហើយសុចរិតទាំងអស់ ពីព្រោះទ្រង់បានកាត់ទោសស្រីសំផឹងដ៏ធំនោះ ដែលបង្ខូចផែនដី ដោយការកំផិតរបស់វា ទ្រង់ក៏សងសឹក ដោយព្រោះឈាមពួកបាវបំរើរបស់ទ្រង់ ដែលវាបានកំចាយ»។—វិវរណៈ ១៩:១, ២
២១. (ក) តើសាតាំងនិងប្រព័ន្ធរបស់វានឹងធ្វើយ៉ាងណា ក្រោយពីសាសនាមិនពិតត្រូវបានកំទេចចោលអស់ទៅនោះ? (ខ) តើព្រះនឹងតបឆ្លើយយ៉ាងណា?
២១ តើមានអ្វីនឹងកើតឡើង ក្រោយពីការហិនវិនាសនៃចក្រភពទូទៅនៃសាសនាមិនពិតនោះ? សាតាំងនឹងបណ្ដាលឲ្យពួកអំណាចខាងនយោបាយរៀបចំការប្រយុទ្ធពេញពិភពលោកទៅលើប្រជារាស្ត្ររបស់ព្រះយេហូវ៉ា។ តើព្រះដ៏ពិតនឹងប្រតិកម្មយ៉ាងណាទៅលើការប៉ុនប៉ងរបស់សាតាំង ក្នុងការកំទេចចោលការថ្វាយបង្គំពិតឲ្យអស់ចេញពីផែនដីនោះ? អេសេគាល ៣៨:១៩-២៣ ចែងប្រាប់យើងថា៖ «ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ នឹងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញ[ព្រះយេហូវ៉ា]បានថា។ . . . អញនឹងសម្រេចទោសដល់វា[សាតាំង] ដោយអាសន្នរោគ នឹងឈាម។ អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រឹលយ៉ាងធំនឹងភ្លើង ហើយស្ពាន់ធ័រមកលើវា នឹងពួកកកកុញរបស់វា ហើយលើបណ្ដាសាសន៍ជាច្រើន ដែលមកជាមួយផង។ អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើន ស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។—សូមមើលសេផានា ១:១៨; ៣:៨
២២. តើយើងអាចបង្ហាញថា យើងមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ាដោយយ៉ាងណា?
២២ ជាការគួរឲ្យសម្រាលចិត្តណាស់ ដោយដឹងថា ព្រះមហាក្សត្រនៃសកលលោកមានព្រះទ័យប្រចណ្ឌចំពោះអ្នកថ្វាយបង្គំពិតរបស់ទ្រង់នោះ! ដោយមានការអបអរដ៏ជ្រាលជ្រៅចំពោះព្រះគុណដែលគ្មានសិទ្ធិទទួលនោះ សូមឲ្យយើងមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ា។ ដោយមានចិត្តឧស្សាហ៍ ចូរឲ្យយើងបន្តការផ្សាយដំណឹងល្អនិងរង់ចាំដោយទុកចិត្តនៅថ្ងៃដ៏ធំអស្ចារ្យ នៅពេលដែលព្រះយេហូវ៉ាតំកើងនិងធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ។—ម៉ាថាយ ២៤:១៤
ចំណុចសំរាប់ការរំពឹងគិត
◻ តើការប្រចណ្ឌចំពោះព្រះយេហូវ៉ាមានន័យដូចម្ដេច?
◻ តើយើងអាចរៀនអ្វីខ្លះពីឧទាហរណ៍ដែលពួកអ៊ីស្រាអែលបុរាណបានទុកមកនោះ?
◻ តើយើងអាចចៀសវាងកុំបណ្ដាលឲ្យព្រះយេហូវ៉ាប្រចណ្ឌនឹងយើងយ៉ាងដូចម្ដេច?
◻ តើព្រះនិងព្រះគ្រីស្ទបានបង្ហាញការប្រចណ្ឌយ៉ាងណា ចំពោះការថ្វាយបង្គំបរិសុទ្ធ?
[ប្រអប់នៅទំព័រ២៣]
សេចក្ដីស្រឡាញ់គឺមិនច្រណែនទេ
ចំពោះការច្រណែន អ្នកប្រាជ្ញខាងព្រះគម្ពីរម្នាក់នៅសតវត្សទី១៩ ឈ្មោះអាលប៊ឺត បាន្ស បានសរសេរថា៖ «ការច្រណែនជាការបញ្ចេញឲ្យឃើញនៃភាពអាក្រក់ជួជាតិដែលមានទូទៅ ហើយនេះបង្ហាញយ៉ាងច្បាស់នូវការប្រព្រឹត្តដ៏អាក្រក់របស់មនុស្ស»។ គាត់និយាយបន្ថែមថា៖ «អ្នកណាដែលអាចតាមដានក្នុងគ្រប់សង្គ្រាម ក្នុងការប្រកួតប្រជែងគ្នា និងគម្រោងការណ៍ខាងពិភពលោកពីកំណើតដើមនោះ—គឺពីគម្រោងការណ៍និងគោលបំណងទាំងអស់នៃពួកអះអាងថាជាជនគ្រីស្ទាន ដែលជាការបង្ខូចដល់សាសនារបស់គេ ហើយធ្វើឲ្យគេគិតតែអំពីប្រយោជន៍ខាងលោកីយ៍។ បើសិនជាគាត់អាចតាមដានរហូតដល់ប្រភពដើមនោះ—គាត់ប្រហែលជានឹងភ្ញាក់ផ្អើលក្នុងការរកឃើញថា ការទាំងអស់នេះគឺបានកើតឡើងដោយសារការច្រណែន។ យើងឈឺចិត្តណាស់ ដែលអ្នកដទៃសម្បូណ៌ច្រើនជាងយើង។ យើងចង់បាននូវអ្វីដែលមនុស្សដទៃមាន ថ្វីបើយើងគ្មានសិទ្ធិនឹងទទួលក្ដី។ ហើយនេះក៏បណ្ដាលឲ្យមានការស្វែងរកតាមរបៀបខុស ដើម្បីនឹងបន្ថយការកំសាន្តរបស់គេ ឬក៏ដើម្បីនឹងទទួលយកខ្លួនយើង ឬដើម្បីនឹងបង្ហាញថា ពួកគេពុំមានច្រើនដូចពួកគេត្រូវមាននោះទេ។ . . . ដូច្នេះហើយបានជាគំនិតនៃចិត្តច្រណែននៅក្នុងដើមទ្រូងរបស់យើង នឹងត្រូវបានចំអែត»។—រ៉ូម ១:២៩; យ៉ាកុប ៤:៥
ផ្ទុយទៅវិញ លោកបាន្សបានថ្លែងយ៉ាងគួរឲ្យចាប់អារម្មណ៍ ចំពោះសេចក្ដីស្រឡាញ់ ដែល‹មិនឈ្នានីស›។ (កូរិនថូសទី១ ១៣:៤) គាត់បានសរសេរថា៖ «សេចក្ដីស្រឡាញ់មិនឈ្នានីសនឹងសុភមង្គលដែលអ្នកដទៃមាននោះទេ តែសប្បាយរីករាយនឹងសុខុមាលភាពរបស់គេ ហើយកាលដែលសុភមង្គលរបស់គេបានកើនឡើង . . . ពួកអ្នកដែលមានសេចក្ដីស្រឡាញ់គឺ . . . នឹងមិនបន្ថយសុភមង្គលរបស់អ្នកនោះ ហើយនឹងមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនល្អ ដោយសារទ្រព្យសម្បត្ដិរបស់គេឡើយ។ ពួកគេនឹងមិនបង្អាក់សុភមង្គលនោះឡើយ។ ពួកគេនឹងមិនត្អូញត្អែរឬនិយាយពីការតូចចិត្ត ដោយចាត់ថាខ្លួនគេមិនមានសិទ្ធិដ៏ខ្ពង់ខ្ពស់ដូចនោះ។ . . . បើសិនជាយើងស្រឡាញ់អ្នកដទៃ—បើយើងអបអរជាមួយនឹងសុភមង្គលរបស់គេ យើងនឹងមិនត្រូវច្រណែននឹងពួកគេឡើយ»។
[រូបភាពនៅទំព័រ២១]
ភីនេហាសមានចិត្តប្រចណ្ឌចំពោះការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ា