សេចក្ដីស្រឡាញ់មានជ័យជំនះលើការច្រណែនមិនត្រឹមត្រូវ
«សេចក្ដីស្រឡាញ់មិនចេះឈ្នានីស»។—កូរិនថូសទី១ ១៣:៤
១, ២. (ក) តើព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់យ៉ាងណា អំពីសេចក្ដីស្រឡាញ់? (ខ) តើអាចមានសេចក្ដីស្រឡាញ់និងការច្រណែនផងបានទេ ហើយហេតុអ្វីក៏អ្នកឆ្លើយដូច្នេះ?
សេចក្ដីស្រឡាញ់ជាសញ្ញាសម្គាល់នៃសាសនាគ្រីស្ទានពិត។ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) សាវ័កប៉ុលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យពន្យល់អំពីរបៀបដែលសេចក្ដីស្រឡាញ់មានឥទ្ធិពលលើទំនាក់ទំនងនៃជនគ្រីស្ទាន។ ក្នុងចំណោមអ្វីៗទៀត គាត់បានសរសេរថា៖ «សេចក្ដីស្រឡាញ់មិនចេះឈ្នានីស»។—កូរិនថូសទី១ ១៣:៤
២ នៅពេលដែលប៉ុលបានសរសេរពាក្យទាំងអស់នោះ គាត់បានសំដៅចំពោះការប្រចណ្ឌមិនត្រឹមត្រូវ។ ដោយប្រើអត្ថន័យត្រឹមត្រូវនៃពាក្យក្រិកដដែលនេះ ក្រោយមកគាត់ប្រាប់ក្រុមជំនុំដដែលនេះថា៖ «ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ»។ (កូរិនថូសទី២ ១១:២) «សេចក្ដីប្រចណ្ឌនៃព្រះ»របស់គាត់ត្រូវបានមានឡើង ពីព្រោះមានពួកមនុស្សដែលមានឥទ្ធិពលដ៏អាក្រក់នៅក្នុងក្រុមជំនុំ។ នេះបានបណ្ដាលឲ្យប៉ុលសរសេរសំបុត្រលើកទីពីរទៅពួកជនគ្រីស្ទាននៅទីក្រុងកូរិនថូស ដែលមានឱវាទដ៏ជាទីស្រឡាញ់ជាច្រើន។—កូរិនថូសទី២ ១១:៣-៥
ការច្រណែនក្នុងចំណោមពួកជនគ្រីស្ទាន
៣. តើបញ្ហាដែលទាក់ទងនឹងការច្រណែនបានលូតលាស់ឡើងក្នុងចំណោមពួកជនគ្រីស្ទានកូរិនថូសយ៉ាងណា?
៣ ក្នុងសំបុត្រលើកទីមួយរបស់គាត់ទៅពួកកូរិនថូស ប៉ុលបានដោះស្រាយបញ្ហាមួយដែលបានបង្ការពួកជនគ្រីស្ទានថ្មីទាំងនោះពីការចុះចូលនឹងគ្នា។ ពួកគេបានដំកើងបុរសខ្លះៗដែល«មានសេចក្ដីអំនួត អួតពីអ្នក១ទាស់នឹងអ្នក១»។ នេះបានបណ្ដាលឲ្យមានការបែកខ្ញែកគ្នានៅក្នុងក្រុមជំនុំ ដែលមានមនុស្សម្នាក់ៗនិយាយថា៖ ‹ខ្ញុំជាសិស្សរបស់ប៉ុល› ‹ប៉ុន្តែខ្ញុំជារបស់អ័ប៉ុឡូស› ‹ប៉ុន្តែខ្ញុំជារបស់កេផាស›។ (កូរិនថូសទី១ ១:១២; ៤:៦) នៅក្រោមការណែនាំដោយវិញ្ញាណបរិសុទ្ធ សាវ័កប៉ុលអាចបានដោះស្រាយពីឫសនៃបញ្ហានោះតែម្ដង។ ពួកកូរិនថូសបានប្រព្រឹត្តដូចជាពួកមនុស្សដែលគិតតែខាងសាច់ឈាម មិនមែនដូចនឹង«មនុស្សខាងឯវិញ្ញាណ»នោះទេ។ ដូច្នេះ ប៉ុលបានសរសេរថា៖ «អ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី»?—កូរិនថូសទី១ ៣:១-៣
៤. តើរឿងប្រៀបប្រដូចអ្វីដែលប៉ុលបានប្រើ ដើម្បីនឹងជួយបងប្អូនរបស់គាត់ឲ្យមានទស្សនៈត្រឹមត្រូវនឹងគ្នីគ្នា ហើយតើយើងអាចរៀនអ្វីពីមេរៀននេះ?
៤ ប៉ុលបានជួយពួកកូរិនថូសឲ្យអបអរដ៏ត្រឹមត្រូវនៃការប៉ិនប្រសប់និងសមត្ថភាពនៃបុគ្គលម្នាក់ៗនៅក្នុងក្រុមជំនុំ។ គាត់បានសួរថា៖ «តើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល? ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ»? (កូរិនថូសទី១ ៤:៧) នៅកូរិនថូសទី១ ជំពូក១២ ប៉ុលបានពន្យល់ថា ពួកអ្នកដែលមានផ្នែកក្នុងក្រុមជំនុំគឺដូចជាអវយវៈផ្សេងៗនៃរូបរាងកាយមនុស្ស ដូចជាដៃ ភ្នែកនិងត្រចៀក។ គាត់បានបញ្ជាក់ថាព្រះបានបង្កើតអវយវៈនៃរូបរាងកាយ ដែលធ្វើឲ្យអវយវៈនិមួយៗថែរក្សាគ្នាទៅវិញទៅមក។ ប៉ុលបានសរសេរថា៖ «បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ»។ (កូរិនថូសទី១ ១២:២៦) ពួកអ្នកបំរើរបស់ព្រះទាំងអស់នៅសព្វថ្ងៃនេះត្រូវតែអនុវត្តតាមគោលការណ៍នេះ ក្នុងការទាក់ទងជាមួយគ្នា។ ជាជាងមានចិត្តច្រណែននឹងគ្នាដោយសារតែកិច្ចការឬការសម្រេចរបស់គាត់ក្នុងការបំរើព្រះនោះ យើងគួរតែមានចិត្តរីករាយជាមួយនឹងបុគ្គលនោះទៅ។
៥. តើយ៉ាកុប ៤:៥សម្ដែងអំពីអ្វី ហើយតើព្រះគម្ពីរបញ្ជាក់អំពីសេចក្ដីពិតនៃពាក្យទាំងនេះយ៉ាងដូចម្ដេច?
៥ ពិតហើយ ការនិយាយគឺស្រួលជាងការធ្វើណាស់។ យ៉ាកុបជាអ្នកសរសេរព្រះគម្ពីរបានរំឭកយើងថា‹ការទទូចរកឈ្នានីស›គឺមាននៅក្នុងមនុស្សមានបាបទាំងឡាយ។ (យ៉ាកុប ៤:៥) សេចក្ដីស្លាប់របស់មនុស្សទីមួយបានមានឡើង ដោយសារកាអ៊ីនបានបន្ទន់ទៅតាមការច្រណែនដ៏មិនត្រូវរបស់គាត់។ ពួកភីលីស្ទីនបានធ្វើទុកបុកម្នេញនឹងអ៊ីសាក ពីព្រោះពួកគេបានច្រណែននឹងភាពចំរើនរបស់គាត់។ រ៉ាជែលបានមានចិត្តច្រណែននឹងបងស្រីរបស់នាង ដោយសារគាត់អាចបង្កើតកូនបាន។ ពួកកូនរបស់លោកយ៉ាកុបបានច្រណែននឹងប្អូនរបស់គេឈ្មោះ យ៉ូសែបដោយសារតែយ៉ាកុបស្រឡាញ់គាត់ជាងគេ។ ម៉ារាមបានមានចិត្តច្រណែននឹងបងថ្លៃរបស់នាង ដែលមិនមែនជាសាសន៍អ៊ីស្រាអែល។ ដោយមានចិត្តច្រណែន កូរេ ដាថាន និងអ័ប៊ីរ៉ាមបានរួមគំនិតគ្នាចង់ធ្វើអំពើទុច្ចរិតដល់លោកម៉ូសេនិងអើរ៉ុន។ ស្តេចសូលបានក្លាយទៅជាច្រណែននឹងដាវីឌ ដោយសារតែគាត់មានជ័យជំនះខាងយោធា។ យ៉ាងច្បាស់ណាស់ ការច្រណែនក៏ជាកត្ដាដែលបានធ្វើឲ្យពួកសិស្សរបស់ព្រះយេស៊ូ ឈ្លោះប្រកែកគ្នាម្ដងហើយម្ដងទៀតអំពីអ្នកណាដែលធំជាងគេក្នុងចំណោមពួកគេ។ ហេតុពិតគឺថា គ្មានមនុស្សមិនល្អឥតខ្ចោះណា ដែលចៀសផុតទាំងស្រុងពីបាបនៃ‹ការទទូចរកឈ្នានីស›នោះទេ។—លោកុប្បត្តិ ៤:៤-៨; ២៦:១៤; ៣០:១; ៣៧:១១; ជនគណនា ១២:១, ២; ១៦:១-៣; ទំនុកដំកើង ១០៦:១៦; សាំយូអែលទី១ ១៨:៧-៩; ម៉ាថាយ ២០:២១, ២៤; ម៉ាកុស ៩:៣៣, ៣៤; លូកា ២២:២៤
នៅក្នុងក្រុមជំនុំ
៦. តើពួកចាស់ទុំអាចទប់ទល់នឹងការទទូចរកឈ្នានីសយ៉ាងណាបាន?
៦ ជនគ្រីស្ទានទាំងអស់ត្រូវតែការពារពីការឈ្នានីសនិងការច្រណែនមិនត្រឹមត្រូវ។ នេះគឺរួមបញ្ចូលគណៈនៃពួកអ្នកចាស់ទុំ ដែលបានតែងតាំងឡើងដើម្បីឲ្យមើលថែរក្សាក្រុមជំនុំរបស់ប្រជារាស្ត្ររបស់ព្រះ។ បើសិនជាអ្នកចាស់ទុំម្នាក់មានចិត្តរាបទាប គាត់នឹងមិនប្រាថ្នាដ៏លើសលុបដើម្បីនឹងធ្វើឲ្យល្អជាងគេនោះទេ។ តែបើសិនជាអ្នកចាស់ទុំណាម្នាក់មានសមត្ថភាពដ៏ល្អ ជាអ្នករៀបចំឬក៏ជាអ្នកថ្លែងសុន្ទរកថា ពួកអ្នកដទៃទៀតនឹងមានចិត្តរីករាយទៅលើរឿងនេះ ដោយចាត់ទុកថាជាប្រសិទ្ធិពរដល់ក្នុងក្រុមជំនុំ។ (រ៉ូម ១២:១៥, ១៦) បងប្រុសម្នាក់ប្រហែលជាមានការលូតលាស់យ៉ាងល្អ ដោយផ្ដល់នូវទីសំអាងនៃការផលិតផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះនៅក្នុងជីវិតរបស់គាត់។ ក្នុងការពិចារណាគុណវុឌ្ឍិរបស់គាត់ ពួកចាស់ទុំត្រូវប្រយ័ត្នក្នុងការពង្រីកកំហុសដ៏តូចណាមួយ ជាការដោះសារ មិនអនុសាសគាត់ឲ្យធ្វើជាអ្នកងារជំនួយឬក៏ជាអ្នកចាស់ទុំម្នាក់នោះ។ នេះគឺគ្មានសេចក្ដីស្រឡាញ់និងគ្មានការសមហេតុផលនោះឡើយ។
៧. តើមានបញ្ហាអ្វីខ្លះដែលអាចកើតមានឡើង នៅពេលដែលជនគ្រីស្ទានម្នាក់ទទួលកិច្ចការខាងព្រះនោះ?
៧ បើសិនជាអ្នកណាម្នាក់ទទួលកិច្ចការខាងព្រះ ឬក៏ទទួលប្រសិទ្ធិពរខាងវិញ្ញាណនោះ ពួកអ្នកដទៃដែលនៅក្នុងក្រុមជំនុំត្រូវតែចៀសវាងពីការមានចិត្តច្រណែន។ ជាឧទាហរណ៍ បងស្រីដែលមានសមត្ថភាពល្អម្នាក់ ប្រហែលជាត្រូវបានប្រើយ៉ាងញឹកញាប់ក្នុងការសម្ដែងនិទស្សន៍នៅឯកិច្ចប្រជុំគ្រីស្ទាន។ នេះអាចធ្វើឲ្យបងប្អូនស្រីខ្លះៗមានចិត្តច្រណែន។ បញ្ហាស្រដៀងនេះក៏ប្រហែលជាបានកើតឡើងរវាងនាងអ៊ើរ៉ូឌានិងនាងស៊ុនទីចនៅក្នុងក្រុមជំនុំភីលីពដែរ។ ស្ត្រីបែបនេះនៅសម័យយើង ប្រហែលជាត្រូវការការលើកទឹកចិត្តដ៏សប្បុរសពីពួកចាស់ទុំ ដើម្បីឲ្យមានចិត្តរាបទាបនិងឲ្យ«មូលគំនិតតែ១ក្នុងព្រះអម្ចាស់»។—ភីលីព ២:២, ៣; ៤:២, ៣
៨. តើការច្រណែនអាចនាំឲ្យប្រព្រឹត្តអំពើបាបយ៉ាងណា?
៨ ជនគ្រីស្ទានម្នាក់ប្រហែលជាដឹងនូវអតីតកំហុសនៃបុគ្គលណាម្នាក់ ដែលឥឡូវនេះបានទទួលប្រសិទ្ធិពរនៅក្នុងក្រុមជំនុំ។ (យ៉ាកុប ៣:២) ដោយមានចិត្តច្រណែន គាត់ប្រហែលជាអាចមានការប៉ុនប៉ង ក្នុងការនិយាយទៅអ្នកដទៃអំពីរឿងនេះ ហើយព្រមទាំងសង្ស័យពីកិច្ចការរបស់បុគ្គលនោះនៅក្នុងក្រុមជំនុំ។ នេះគឺផ្ទុយនឹងសេចក្ដីស្រឡាញ់ហើយ ពីព្រោះសេចក្ដីស្រឡាញ់«គ្របបាំងអំពើបាបជាអនេកអនន្ត»។ (ពេត្រុសទី១ ៤:៨) ការនិយាយដ៏ច្រណែនអាចបង្អាក់សន្ដិសុខនៅក្នុងក្រុមជំនុំ។ យ៉ាកុបបានព្រមានថា៖ «បើមានសេចក្ដីច្រណែនដ៏ជូរល្វីង នឹងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួន ឬកុហកទទឹងនឹងសេចក្ដីពិតឡើយ ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយខាងសាច់ឈាម នឹងខាងអារក្សវិញទេតើ»។—យ៉ាកុប ៣:១៤, ១៥
នៅក្នុងក្រុមគ្រួសារ
៩. តើប្ដីប្រពន្ធអាចទប់ទល់នឹងអារម្មណ៍នៃការប្រចណ្ឌយ៉ាងណាបាន?
៩ អាពាហ៍ពិពាហ៍ជាច្រើនបានបាក់បែក ដោយសារតែមានការប្រចណ្ឌមិនត្រឹមត្រូវ។ ការគ្មានទុកចិត្តទៅលើគូរបស់ខ្លួន គឺមិនមែនជាសេចក្ដីស្រឡាញ់ទេ។ (កូរិនថូសទី១ ១៣:៧) ម្យ៉ាងវិញទៀត បុគ្គលម្នាក់ប្រហែលជាមិនឆាប់ដឹងនូវអារម្មណ៍ប្រចណ្ឌពីគូរបស់ខ្លួន។ ជាឧទាហរណ៍ ប្រពន្ធម្នាក់ប្រហែលជាប្រចណ្ឌ ពីព្រោះប្ដីបានយកចិត្តទុកដាក់ទៅលើភេទស្រីណាមួយ។ ឬប្ដីម្នាក់ប្រហែលទៅជាប្រចណ្ឌ ដោយសារប្រពន្ធរបស់ខ្លួនចំណាយពេលច្រើនពេកក្នុងការថែរក្សាបងប្អូនក្រខ្សត់របស់គេ។ ដោយអាម៉ាស់មុខនឹងការមានអារម្មណ៍បែបនេះ ប្ដីប្រពន្ធតែងតែនៅស្ងៀម ហើយបង្ហាញការអន្ទះអន្ទែងរបស់គេ តាមរបៀបដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញឡើងថែមទៀត។ ផ្ទុយទៅវិញ គូដែលប្រចណ្ឌនោះត្រូវតែនិយាយដោយទៀងត្រង់អំពីអារម្មណ៍របស់ខ្លួន។ ក្រោយមក គូម្នាក់ទៀតត្រូវបង្ហាញសេចក្ដីយោគយល់ ហើយធ្វើឲ្យប្រពន្ធឬប្ដីទុកចិត្តនឹងខ្លួន។ (អេភេសូរ ៥:២៨, ២៩) ទាំងពីរនាក់ប្រហែលជាត្រូវការសម្រាលអារម្មណ៍ប្រចណ្ឌនេះ ដោយចៀសវាងពីស្ថានការណ៍ណាដែលអាចធ្វើឲ្យមានចិត្តប្រចណ្ឌនោះ។ ជួនកាល អ្នកត្រួតពិនិត្យជនគ្រីស្ទានម្នាក់ប្រហែលជាត្រូវជួយប្រពន្ធរបស់គាត់ឲ្យយល់ថា គាត់ផ្ដល់ការយកចិត្តទុកដាក់ដល់ភេទស្រីដោយមានព្រំដែននិងដោយត្រឹមត្រូវ ដើម្បីនឹងបំពេញភារកិច្ចរបស់គាត់ជាអ្នកគង្វាលនៃហ្វូងចៀមរបស់ព្រះ។ (អេសាយ ៣២:២) ពិតហើយ ចាស់ទុំម្នាក់ត្រូវតែប្រយ័ត្ន មិនត្រូវឲ្យមានការសមនឹងឲ្យប្រចណ្ឌនោះឡើយ។ នេះគឺត្រូវការការថ្លឹងថ្លែង ដោយធ្វើឲ្យប្រាកដថា គាត់ចំណាយពេលវេលាក្នុងការពង្រឹងទំនាក់ទំនងក្នុងអាពាហ៍ពិពាហ៍របស់គាត់។—ធីម៉ូថេទី១ ៣:៥; ៥:១, ២
១០. តើឪពុកម្ដាយអាចជួយកូនចៅរបស់គេឲ្យដោះស្រាយនឹងអារម្មណ៍ច្រណែនយ៉ាងណា?
១០ ឪពុកម្ដាយក៏ត្រូវជួយកូនចៅរបស់គេឲ្យយល់អំពីគំនិតនៃការច្រណែនមិនត្រឹមត្រូវដែរ។ កូនក្មេងតែងតែមានការប្រកែកគ្នា ដែលជួនកាលក្លាយទៅជាការឈ្លោះគ្នា។ ជាញឹកញាប់ ការច្រណែនគឺជាដើមហេតុ។ ពីព្រោះតែសេចក្ដីត្រូវការរបស់កូនគឺខុសៗគ្នា យើងមិនអាចប្រព្រឹត្តចំពោះកូនចៅដូចគ្នាបានឡើយ។ ម្យ៉ាងវិញទៀត កូនចៅត្រូវតែយល់ថា គេម្នាក់ៗមានកម្លាំងនិងភាពទន់ខ្សោយខុសៗពីគ្នា។ បើសិនជាកូនម្នាក់ត្រូវបានដាស់តឿនឲ្យធ្វើល្អដូចម្នាក់ទៀត នេះប្រហែលជាធ្វើឲ្យមានការច្រណែនក្នុងកូនមួយ ហើយមានចិត្តមានះក្នុងកូនមួយទៀតហើយ។ ដូច្នេះឪពុកម្ដាយត្រូវបង្ហាត់កូនចៅរបស់គេ ឲ្យវាស់ការលូតលាស់របស់គេ ដោយពិចារណាមើលគំរូនៅក្នុងបន្ទូលរបស់ព្រះ មិនមែនដោយប្រកួតគ្នានោះទេ។ ព្រះគម្ពីរចែងថា៖ «កុំឲ្យយើងរាល់គ្នារកកេរ្ដិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ តែ«ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ»។ (កាឡាទី ៥:២៦; ៦:៤) អ្វីដែលសំខាន់ជាងគេនោះ គឺឪពុកម្ដាយគ្រីស្ទានត្រូវតែជួយកូនចៅរបស់គេ តាមរយៈការសិក្សាព្រះគម្ពីរដោយទៀងទាត់ ដោយបញ្ជាក់នូវគំរូដ៏ល្អនិងអាក្រក់ដែលមាននៅក្នុងបន្ទូលរបស់ព្រះ។—ធីម៉ូថេទី២ ៣:១៥
គំរូនៃការមានជ័យជំនះលើការច្រណែន
១១. តើម៉ូសេជាអ្នកទុកគំរូដ៏ល្អយ៉ាងណា ក្នុងការដោះស្រាយនឹងការច្រណែននោះ?
១១ មិនដូចមេដឹកនាំដែលឃ្លានតែអំណាចក្នុងពិភពលោកនេះ «ម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) នៅពេលដែលធ្វើជាមេដឹកនាំទៅលើពួកអ៊ីស្រាអែល បានក្លាយទៅជាបន្ទុកក្នុងការឲ្យម៉ូសេលីតែម្នាក់ឯងនោះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យវិញ្ញាណរបស់ទ្រង់ ទៅប្រព្រឹត្តទៅលើពួក៧០នាក់នៃជនអ៊ីស្រាអែល ឲ្យគេមានអំណាចដើម្បីនឹងជួយលោកម៉ូសេ។ នៅពេលដែលបុគ្គលពីរនាក់ក្នុងចំណោមពួកបុរសទាំងនោះបានចាប់ផ្ដើមប្រព្រឹត្តដូចជាពួកព្យាការី យ៉ូស្វេមានអារម្មណ៍ថា ការធ្វើដ៏មិនត្រឹមត្រូវនេះ អាចបណ្ដាលឲ្យភាពជាមេដឹកនាំរបស់ម៉ូសេទៅជាទន់ខ្សោយ។ យ៉ូស្វេចង់ទប់ទល់បង្អាក់នឹងពួកបុរស ប៉ុន្តែម៉ូសេបានវែកញែកយ៉ាងរាបទាបថា៖ «តើឯងច្រណែនជំនួសអញឬអី? អញសុខចិត្តឲ្យបណ្ដាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ»។ (ជនគណនា ១១:២៩) ត្រូវហើយ ម៉ូសេមានចិត្តរីករាយនៅពេលដែលអ្នកដទៃបានទទួលប្រសិទ្ធិពរនៃការបំរើដែរ។ គាត់មិនច្រណែនចង់បានតែសេចក្ដីរុងរឿងតែម្នាក់ឯងនោះឡើយ។
១២. តើអ្វីដែលជួយយ៉ូណាថានឲ្យចៀសវាងពីអារម្មណ៍ច្រណែននោះ?
១២ យ៉ូណាថាន ជាបុត្រានៃស្តេចសូលបានផ្ដល់គំរូដ៏ល្អមួយ នូវរបៀបដែលសេចក្ដីស្រឡាញ់មានជ័យជំនះលើការមានអារម្មណ៍ច្រណែនមិនត្រឹមត្រូវ។ យ៉ូណាថានជាបុគ្គលដែលនឹងទទួលបល្ល័ង្កពីបិតារបស់ខ្លួនជាមរតកជាបន្ទាប់។ ប៉ុន្តែព្រះយេហូវ៉ាបានរើសតាំងដាវីឌ ជាកូនរបស់អ៊ីសាយឲ្យធ្វើជាស្តេចវិញ។ មនុស្សជាច្រើន បើសិនជានៅក្នុងស្ថានការណ៍របស់យ៉ូណាថាន ច្បាស់ជាច្រណែននឹងដាវីឌជាមិនខាន ហើយចាត់ទុកគាត់ជាសត្រូវផង។ ប៉ុន្តែសេចក្ដីស្រឡាញ់របស់យ៉ូណាថានចំពោះដាវីឌបានបង្ការនូវអារម្មណ៍បែបនេះ។ នៅពេលជ្រាបដឹងនូវមរណភាពរបស់យ៉ូណាថាន ដាវីឌបានមានប្រសាសន៍ថា៖ «ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្ដីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្ដីស្រឡាញ់របស់ស្រីៗផង»។—សាំយូអែលទី២ ១:២៦
គំរូដ៏អស្ចារ្យជាងគេបំផុត
១៣. តើអ្នកណាជាគំរូដ៏ល្អជាងគេក្នុងរឿងប្រចណ្ឌ ហើយហេតុអ្វី?
១៣ ព្រះយេហូវ៉ាជាបុគ្គលដែលបានទុកគំរូដ៏អស្ចារ្យជាងគេបំផុត ដោយមានជ័យជំនះលើការប្រចណ្ឌមិនត្រឹមត្រូវ។ ទ្រង់បានទប់ទល់អារម្មណ៍បែបនោះយ៉ាងល្អ។ ការសម្ដែងនៃការប្រចណ្ឌណាមួយពីព្រះ គឺតែងតែសមស្របនឹងសេចក្ដីស្រឡាញ់ យុត្ដិធម៌ និងប្រាជ្ញារបស់ទ្រង់ជានិច្ច។—អេសាយ ៤២:១៣, ១៤
១៤. តើព្រះយេស៊ូបានទុកគំរូយ៉ាងណា ដែលផ្ទុយនឹងសាតាំងនោះ?
១៤ គំរូដ៏អស្ចារ្យទីពីរនៃការបង្ហាញឲ្យមានជ័យជំនះលើការច្រណែន គឺជារាជបុត្រារបស់ព្រះ យេស៊ូគ្រីស្ទ។ ព្រះយេស៊ូ«ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្ដីដែលស្មើនឹងព្រះនោះ ទុកជាសេចក្ដីដែលគួរកាន់ខ្ជាប់ឡើយ»។ (ភីលីព ២:៦) នេះជាការផ្ទុយគ្នាស្រឡះនឹងដំណើរដែលទេវតាម្នាក់បានប្រព្រឹត្តដ៏អំនួត ដែលបានក្លាយទៅជាអារក្សសាតាំង! ដូច«ស្តេចក្រុងបាប៊ីឡូន» ដោយមានចិត្តច្រណែន សាតាំងបានចង់ធ្វើឲ្យដូច«ជាព្រះដ៏ខ្ពស់បំផុត» ដោយលើកដំកើងខ្លួនជាគូប្រជែងនឹងព្រះយេហូវ៉ា។ (អេសាយ ១៤:៤, ១៤; កូរិនថូសទី២ ៤:៤) សាតាំងថែមទាំងបានខំប្រឹងធ្វើឲ្យព្រះយេស៊ូ«ក្រាបថ្វាយបង្គំ»ដល់វាផង។ (ម៉ាថាយ ៤:៩) ប៉ុន្តែគ្មានអ្វីដែលអាចបំបែរព្រះយេស៊ូពីដំណើរដ៏រាបទាបរបស់ទ្រង់នៃការចុះចូលនឹងអធិបតេយ្យភាពនៃព្រះយេហូវ៉ាបានឡើយ។ ផ្ទុយនឹងសាតាំង ព្រះយេស៊ូ«ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង»។ ព្រះយេស៊ូបានលើកដំកើងការគ្រប់គ្រងដ៏ពេញសិទ្ធិនៃព្រះវរបិតារបស់ទ្រង់ ដោយបដិសេធចោលទាំងស្រុងនៃដំណើរដ៏មានះនិងការច្រណែនរបស់អារក្ស។ ដោយព្រះយេស៊ូមានសេចក្ដីស្មោះត្រង់ «ព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា»។—ភីលីព ២:៧-១១
ការមានជ័យជំនះលើការច្រណែនរបស់អ្នក
១៥. ហេតុអ្វីក៏យើងត្រូវតែប្រយ័ត្នក្នុងការទប់ទល់នឹងអារម្មណ៍ច្រណែនរបស់យើង?
១៥ មិនដូចព្រះនិងព្រះគ្រីស្ទ ពួកជនគ្រីស្ទានគឺជាមនុស្សមិនល្អឥតខ្ចោះ។ ដោយមានបាប ជួនកាលពួកគេបានប្រព្រឹត្តឡើងដោយមានចិត្តច្រណែន។ ជាជាងឲ្យការច្រណែន ជំរុញយើងឲ្យរិះគុណអ្នកជឿដូចគ្នាអំពីកំហុសបន្ដិចបន្តួច ឬអ្វីដែលខ្លួនគិតខុសនោះ ជាការសំខាន់ណាស់ ដែលយើងត្រូវរំពឹងគិតទៅលើពាក្យរបស់ព្រះ៖ «ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី»?—សាស្ដា ៧:១៦
១៦. តើឱវាទដ៏ល្អណាអំពីការច្រណែនដែលបានផ្ដល់មកនៅលេខទស្សនាវដ្ដីពីមុន?
១៦ ចំពោះការច្រណែន ទស្សនាវដ្ដីប៉មយាម នៃខែមីនា ថ្ងៃទី១៥ ១៩១១ បានព្រមានថា៖ «ថ្វីបើយើងត្រូវតែមានចិត្តឧស្សាហ៍ ក្នុងកិច្ចការរបស់ព្រះអម្ចាស់ក្ដី ប៉ុន្តែយើងត្រូវតែដឹងឲ្យបានប្រាកដថា ការទន់ខ្សោយនៃជនគ្រីស្ទានណាមួយ គឺមិនមែនជារឿងផ្ទាល់ខ្លួនដែលយើងត្រូវឡូកឡំនោះ។ ហើយយើងត្រូវពិចារណាថាតើយើងជាមនុស្សដែល‹ឡូកឡំនឹងរឿងរ៉ាវ›របស់គេឬក៏មិនមែន។ ហើយរួចមកយើងត្រូវពិចារណាថាតើជាអ្វីមួយដ៏ត្រឹមត្រូវចំពោះពួកចាស់ទុំ ដើម្បីនឹងប្រព្រឹត្តចំពោះ ឬក៏ថាតើជាភារកិច្ចរបស់យើងដើម្បីនឹងទៅប្រាប់ពួកចាស់ទុំវិញ។ យើងត្រូវមានចិត្តប្រចណ្ឌចំពោះគោលបំណងព្រះអម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយឲ្យប្រយ័ត្នថានេះមិនជាការប្រចណ្ឌដ៏ជូរចត់ឡើយ . . . ក្នុងពាក្យម្យ៉ាងទៀត យើងត្រូវធ្វើឲ្យបានប្រាកដប្រជាថា នេះមិនជាការប្រចណ្ឌនឹងគ្នាទេ ប៉ុន្តែជាការប្រចណ្ឌចំពោះ គឺចំពោះប្រយោជន៍និងសុខុមាលភាពដ៏ល្អសំរាប់អ្នកដទៃ»។—ពេត្រុសទី១ ៤:១៥
១៧. តើយើងអាចចៀសវាងពីការប្រព្រឹត្តអំពើបាបនៃការច្រណែនយ៉ាងណាបាន?
១៧ តើយើងជាជនគ្រីស្ទានអាចចៀសវាងពីអំនួត ការប្រចណ្ឌ និងការឈ្នានីសយ៉ាងណាបាន? យើងអាចចៀសវាងបាន ដោយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះហូរបានយ៉ាងស្រួលមកក្នុងជីវិតរបស់យើង។ ជាឧទាហរណ៍ យើងត្រូវតែអធិស្ឋានឲ្យវិញ្ញាណបរិសុទ្ធរបស់ព្រះឲ្យជួយយើងក្នុងការសម្ដែងផលផ្លែល្អ។ (លូកា ១១:១៣) យើងត្រូវតែទៅឯកិច្ចប្រជុំគ្រីស្ទាន ដែលចាប់ផ្ដើមឡើងដោយការអធិស្ឋានសុំឲ្យវិញ្ញាណរបស់ព្រះនិងប្រសិទ្ធិពរទៅលើពួកគេ។ ម្យ៉ាងវិញទៀត យើងត្រូវតែសិក្សាព្រះគម្ពីរ ដែលព្រះបានបណ្ដាលឲ្យតែងមកនោះ។ (ធីម៉ូថេទី២ ៣:១៦) ហើយយើងត្រូវតែចូលរួមក្នុងការផ្សាយអំពីព្រះរាជាណាចក្រ ដែលកំពុងតែធ្វើឡើងដោយអំណាចព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា។ (កិច្ចការ ១:៨) ការជួយជនគ្រីស្ទានគ្នីគ្នាដែលមានការពិសោធដ៏អាក្រក់ ជាផ្លូវមួយទៀតនៃការបន្ទន់ទៅតាមឥទ្ធិពលដ៏ល្អនៃវិញ្ញាណរបស់ព្រះ។ (អេសាយ ៥៧:១៥; យ៉ូហានទី១ ៣:១៥-១៧) ការបំពេញកាតព្វកិច្ចទាំងនេះដោយខ្នះខ្នែង នឹងជួយការពារយើងពីការប្រព្រឹត្តអំពើបាបដោយសារការច្រណែន ដ្បិតបន្ទូលរបស់ព្រះចែងថា៖ «ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ»។—កាឡាទី ៥:១៦
១៨. ហេតុអ្វីក៏យើងនឹងមិនតែងតែមានការពិបាកនឹងអារម្មណ៍នៃការច្រណែនដ៏មិនត្រឹមត្រូវនោះ?
១៨ សេចក្ដីស្រឡាញ់បានរៀបរាប់មុនគេបង្អស់ក្នុងចំណោមផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ។ (កាឡាទី ៥:២២, ២៣) ការអនុវត្តសេចក្ដីស្រឡាញ់នឹងជួយយើងឲ្យទប់ទល់ពីការចង់ធ្វើអំពើបាបនៅឥឡូវនេះ។ ប៉ុន្តែចុះអំពីអនាគតវិញយ៉ាងណាដែរ? ពួកអ្នកបំរើរបស់ព្រះយេហូវ៉ារាប់លាននាក់មានសេចក្ដីសង្ឃឹមនៃជីវិតនៅក្នុងផែនដីមនោរម្យនៅខាងមុខនេះ ដែលគេនឹងរង់ចាំឲ្យបានទៅជាមនុស្សល្អឥតខ្ចោះ។ នៅក្នុងពិភពលោកថ្មីនោះ សេចក្ដីស្រឡាញ់នឹងមានឡើង ហើយគ្មានអ្នកណាម្នាក់នឹងចុះចូលនឹងការមានអារម្មណ៍ច្រណែនដ៏មិនត្រឹមត្រូវនោះឡើយ ពីព្រោះ«ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។—រ៉ូម ៨:២១
ចំណុចសំរាប់រំពឹងគិត
◻ តើរឿងប្រៀបប្រដូចអ្វីដែលប៉ុលបានប្រើដើម្បីនឹងជួយទប់ទល់ពីការច្រណែន?
◻ តើការច្រណែនអាចបង្អាក់សន្ដិសុខក្នុងក្រុមជំនុំយ៉ាងណា?
◻ តើឪពុកម្ដាយអាចបង្ហាត់កូនចៅរបស់គេឲ្យដោះស្រាយនឹងការច្រណែនយ៉ាងណាបាន?
◻ តើយើងអាចចៀសវាងពីការប្រព្រឹត្តអំពើបាបនៃការច្រណែនយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៧]
ចូរកុំឲ្យការច្រណែនបង្អាក់សន្ដិសុខនៅក្នុងក្រុមជំនុំបានឡើយ
[រូបភាពនៅទំព័រ២៨]
ឪពុកម្ដាយអាចបង្ហាត់កូនចៅរបស់គេឲ្យដោះស្រាយនឹងអារម្មណ៍ច្រណែនបាន