បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/៥ ទំ. ២៨-៣២
  • ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផ្លូវនៃសេចក្ដីស្រឡាញ់នឹងមិនដែលផុតឡើយ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឈ្នះ​លើ​ចិត្ត​អំនួត
  • សេចក្ដី​ស្រឡាញ់​ក៏​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត
  • សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ
  • សេចក្ដី​ស្រឡាញ់—«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង»
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ចូរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/៥ ទំ. ២៨-៣២

ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់​នឹង​មិន​ដែល​ផុត​ឡើយ

«ចូរ​សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត»។—កូរិនថូស​ទី​១ ១២:៣១

១​-​៣. (ក) តើ​ការ​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់ គឺ​ដូច​គ្នា​នឹង​ការ​រៀន​ភាសា​ថ្មី​មួយ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ការ​រៀន​សម្ដែង​សេចក្ដី​ស្រឡាញ់​ជា​អ្វី​ដ៏​ពិបាក​មួយ?

តើ​អ្នក​ដែល​បាន​ប៉ុន​ប៉ង​រៀន​ភាសា​ថ្មី​មួយ​ទេ? នេះ​គឺ​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ! ប្រាកដ​ហើយ កូន​ក្មេង​ម្នាក់​អាច​រៀន​ភាសា​ថ្មី​បាន ដោយ​គ្រាន់​តែ​ឮ​ភាសា​មួយ​នោះ។ ខួរ​ក្បាល​របស់​វា​អាច​ស្រូប​យក​យ៉ាង​ស្រួល​នូវ​សម្លេង និង​អត្ថន័យ​នៃ​ពាក្យ ហើយ​មិន​យូរ​ប៉ុន្មាន ក្មេង​តូច​នេះ​គឺ​អាច​និយាយ​យ៉ាង​ថ្នឹក ប្រហែល​ជា​និយាយ​ដោយ​ឥត​ឈប់​ឈរ​ផង។ ចំពោះ​មនុស្ស​ពេញ​វ័យ​វិញ គឺ​មិន​ដូច្នេះ​ទេ។ យើង​ប្រហែល​ជា​ស្វែង​រក​ក្នុង​វចនានុក្រម​ភាសា​បរទេស​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​គ្រាន់​តែ​ចេះ​ថ្នឹក​នឹង​ឃ្លា​ដ៏​ស្រួល​ៗ​ក្នុង​ភាសា​នេះ។ ប៉ុន្តែ ក្រោយ​មក ដោយ​មាន​ការ​ពិសោធន៍​ច្រើន​ជា​មួយ​នឹង​ភាសា​ថ្មី​នេះ នោះ​យើង​ចាប់​ផ្ដើម​គិត​ក្នុង​ភាសា​ថ្មី​នេះ ហើយ​ការ​និយាយ​ភាសា​នេះ ក៏​ក្លាយ​ទៅ​ជា​ស្រួល​ដែរ។

២ ការ​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់ ក៏​ដូច​គ្នា​នឹង​ការ​រៀន​ភាសា​ថ្មី​មួយ​ដែរ។ ពិត​មែន គុណសម្បត្ដិ​នេះ​របស់​ព្រះ គឺ​មាន​មួយ​កំរិត​នៅ​ក្នុង​មនុស្ស។ (លោកុប្បត្តិ ១:២៧; ប្រៀប​មើល យ៉ូហាន​ទី​១ ៤:៨) ប៉ុន្តែ ការ​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់ គឺ​តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ណាស់ ជា​ពិសេស​ក្នុង​គ្រា​សព្វ​ថ្ងៃ​នេះ នៅ​គ្រា​ដែល​មិន​សូវ​មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មតា។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ហើយ​នៅ​ពេល​ខ្លះ​ក៏​មាន​អញ្ចឹង នៅ​ក្នុង​ក្រុម​គ្រួសារ​គេ​ដែរ។ ត្រូវ​ហើយ មនុស្ស​ជា​ច្រើន​បាន​ធំ​ឡើង​ក្នុង​បរិយាការ ដែល​ពុំ​សូវ​មាន​ការ​ថ្លែង​ពាក្យ​ស្រឡាញ់ ហើយ​ជួន​កាល​ឥត​មាន​តែ​ម្ដង។ (អេភេសូរ ៤:២៩​-​៣១; ៦:៤) ដូច្នេះ តើ​យើង​អាច​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច​ទៅ សូម្បី​តែ​យើង​កម្រ​ពិសោធន៍​សេចក្ដី​ស្រឡាញ់​នោះ?

៣ ព្រះ​គម្ពីរ​អាច​ជួយ​បាន។ នៅ​ក្នុង​កូរិនថូស​ទី​១ ១៣:៤​-​៨ ប៉ុល​មិន​ដែល​បក​ស្រាយ​ពី​សេចក្ដី​ស្រឡាញ់​ដោយ​គ្មាន​អារម្មណ៍​នោះ​ទេ តែ​បាន​ពណ៌នា​យ៉ាង​ច្បាស់​នូវ​ការ​ប្រតិបត្ដិ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្ពស់​បំផុត​បែប​នេះ។ ការ​ពិចារណា​មើល​ខ​ទាំង​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​នូវ​លក្ខណៈ​នៃ​គុណសម្បត្ដិ​នេះ​របស់​ព្រះ ហើយ​ប្រដាប់​យើង​បាន​ប្រសើរ​ជាង​ដើម្បី​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់។ ចូរ​ឲ្យ​យើង​ពិនិត្យ​មើល​លក្ខណៈ​ខ្លះ​ៗ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ពណ៌នា​ដោយ​ប៉ុល។ លក្ខណៈ​នេះ​យើង​នឹង​ដាក់​ជា​ក្រុម​ទូលំ​ទូលាយ យោង​ទៅ​តាម​ផ្នែក​បី​យ៉ាង៖ ចរិយា​ទូទៅ​របស់​យើង រួច​មក​តាម​ន័យ​ត្រង់​ៗ គឺ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​អ្នក​ឯ​ទៀត និង​ក្រោយ​បំផុត ខាង​ឯ​ការ​ស៊ូ​ទ្រាំ​របស់​យើង។

សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឈ្នះ​លើ​ចិត្ត​អំនួត

៤. តើ​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​ការ​យល់​ធ្លុះ​យ៉ាង​ណា​ចំពោះ​សេចក្ដី​ច្រណែន?

៤ ក្រោយ​ពី​ពាក្យ​ផ្ដើម​អំពី​សេចក្ដី​ស្រឡាញ់ នោះ​ប៉ុល​បាន​សរសេរ​ជូន​ពួក​កូរិនថូស​ថា៖ «សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស»។ (កូរិនថូស​ទី​១ ១៣:៤) សេចក្ដី​ច្រណែន​ក៏​អាច​សម្ដែង​ដោយ​ចិត្ត​មិន​សប្បាយ ដែល​ឈ្នានីស​នឹង​ការ​រីក​ចំរើន ឬ​ក៏​ការ​សម្រេច​នៃ​អ្នក​ឯ​ទៀត។ សេចក្ដី​ច្រណែន​បែប​នេះ​គឺ​បំផ្លិច​បំផ្លាញ ខាង​រូប​កាយ ចិត្ត និង​ខាង​វិញ្ញាណ។—សុភាសិត ១៤:៣០; រ៉ូម ១៣:១៣; យ៉ាកុប ៣:១៤​-​១៦

៥. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្រឡាញ់​ជួយ​យើង ឲ្យ​ឈ្នះ​លើ​ការ​ច្រណែន នៅ​ពេល​ដែល​យើង​មើល​ទៅ​ដូច​ជា បាន​ត្រូវ​គេ​មិន​រាប់​ចូល​ក្នុង​ឯកសិទ្ធិ​ខាង​ព្រះ​ធិបតេយ្យ​ណា​មួយ​នោះ?

៥ ដោយ​ដឹង​អំពី​រឿង​នេះ សូម​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ទៅ​ជា​មាន​ចិត្ត​ច្រណែន នៅ​ពេល​ដែល​គេ​មិន​បាន​រាប់​ខ្ញុំ​ចូល​ក្នុង​ឯកសិទ្ធិ​ខាង​ព្រះ​ធិបតេយ្យ​ណា​មួយ​ឬ›? បើ​ឆ្លើយ​ថា​មែន សូម​កុំ​ឲ្យ​អស់​សង្ឃឹម​ឡើយ។ យ៉ាកុប​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​រំឭក​យើង​ថា «ការ​ទទូច​ចង់​ឈ្នានីស» គឺ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ទាំង​អស់។ (យ៉ាកុប ៤:៥, ព.ថ.) ការ​ស្រឡាញ់​បង​ប្អូន​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​តុល្យភាព​របស់​អ្នក។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​រីករាយ​ជា​មួយ​នឹង​អស់​អ្នក​ដែល​រីករាយ ហើយ​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​អាក់​អន់​ចិត្ត​ផ្ទាល់​ខ្លួន នៅ​ពេល​បុគ្គល​ណា​ម្នាក់​ទទួល​ពរ​ឬ​ទទួល​ពាក្យ​សរសើរ​នោះ។—ប្រៀប​មើល សាំយូអែល​ទី​១ ១៨:៧​-​៩

៦. តើ​ស្ថានការណ៍​ដ៏​ធ្ងន់​ធ្ងរ​អ្វី​ដែល​បាន​កើត​ឡើង នៅ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​នៅ​សតវត្ស​ទី​មួយ?

៦ ប៉ុល​និយាយ​ថែម​ថា សេចក្ដី​ស្រឡាញ់«មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង»។ (កូរិនថូស​ទី​១ ១៣:៤) ប្រសិន​បើ​យើង​មាន​ការ​ប៉ិន​ប្រសប់​ឬ​ក៏​សមត្ថភាព​ណា​ខ្លះ គឺ​មិន​ចាំ​បាច់​អួតអាង​នោះ​ទេ។ តាម​ប្រមើល​ទៅ នេះ​បាន​ជា​បញ្ហា​មួយ របស់​ពួក​បុរស​ខ្លះ​ដែល​មាន​មហិច្ឆតា ដែល​បាន​ត្រូវ​ចូល​ក្រុម​ជំនុំ​របស់​ពួក​កូរិនថូស​នោះ។ គឺ​ប្រហែល​ជា​ពួក​គេ​មាន​សមត្ថភាព​ខ្លាំង​ជាង ក្នុង​ការ​បញ្ចេញ​មតិ ឬ​ក៏​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ ការ​អួតអាង​ខ្លួន​គេ ប្រហែល​ជា​បាន​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់ កើត​មាន​បក្ស​ពួក​នៅ​ក្នុង​ក្រុម​ជំនុំ។ (កូរិនថូស​ទី​១ ៣:៣, ៤; កូរិនថូស​ទី​២ ១២:២០) ស្ថានការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ធ្ងន់​ធ្ងរ​ដល់​ម្ល៉េះ ដែល​ក្រោយ​មក​ប៉ុល​បាន​ស្តី​ប្រដៅ​ពួក​កូរិនថូស ដោយ​ព្រោះ​គេ​បាន«ទ្រាំ​ទ្រ​នឹង​មនុស្ស​ល្ងង់​ខ្លៅ» ដែល​ប៉ុល​បាន​ពណ៌នា​ដោយ​រិះ​គន់​ថា ជា«ពួក​សាវ័ក​យ៉ាង​ធំ»។—កូរិនថូស​ទី​២ ១១:៥, ១៩, ២០

៧, ៨. សូម​បង្ហាញ​ពី​ព្រះ​គម្ពីរ​នូវ​របៀប​ដែល​យើង​អាច​ប្រើ ការ​ប៉ិន​ប្រសប់​ណា​ដែល​យើង​មាន​ពី​កំណើត ដើម្បី​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សាមគ្គីភាព។

៧ ស្ថានការណ៍​ស្រដៀង​នេះ​ក៏​អាច​កើត​ឡើង​សព្វ​ថ្ងៃ​នេះ​ដែរ។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ប្រហែល​មាន​ការ​ទោរ​ទន់​ក្នុង​ការ​អួត​អំពី​សេចក្ដី​សម្រេច​របស់​គេ នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ ឬ​អំពី​ឯកសិទ្ធិ​របស់​គេ​នៅ​ក្នុង​អង្គការ​របស់​ព្រះ។ ទោះ​ជា​យើង​មាន​ជំនាញ​ឬ​សមត្ថភាព​ពិសេស​ណា​មួយ ដែល​អ្នក​ឯ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​ឥត​មាន​នោះ តើ​នេះ​គួរ​ឲ្យ​យើង​មាន​មូលហេតុ​ទៅ​ជា​មាន​ចិត្ត​ធំ​ឬ? យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ប្រើ​ការ​ប៉ិន​ប្រសប់​ណា​មួយ​ដែល​យើង​មាន​ពី​កំណើត ដើម្បី​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សាមគ្គីភាព មិន​មែន​ដើម្បី​អួតអាង​អំពី​ខ្លួន​យើង​នោះ​ទេ។—ម៉ាថាយ ២៣:១២; ពេត្រុស​ទី​១ ៥:៦

៨ ប៉ុល​បាន​សរសេរ​ថា ទោះ​ជា​ក្រុម​ជំនុំ​មាន​អវយវៈ​ជា​ច្រើន​ក៏​ដោយ តែ«ព្រះ​ទ្រង់​បាន​ផ្សំ​រូប​កាយ»។ (កូរិនថូស​ទី​១ ១២:១៩​-​២៦) ពាក្យ​ភាសា​ក្រិក​ដែល​បាន​បក​ប្រែ«ផ្សំ» បង្ហាញ​នូវ​ការ​បញ្ចូល​ដែល​ស្រុះ​ស្រួល​គ្នា ដូច​ជា​ការ​លាយ​ពណ៌​អីចឹង។ ដូច្នេះ គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​មាន​ចិត្ត​ធំ​អំពី​សមត្ថភាព​របស់​គាត់ ហើយ​ខំ​ប្រឹង​ជិះ​ជាន់​លើ​អ្នក​ឯ​ទៀត​នោះ​ឡើយ។ ចិត្ត​ធំ​និង​មហិច្ឆតា គឺ​ឥត​មាន​ចំណែក​នៅ​ក្នុង​អង្គការ​របស់​ព្រះ​ទេ។—សុភាសិត ១៦:១៩; កូរិនថូស​ទី​១ ១៤:១២; ពេត្រុស​ទី​១ ៥:២, ៣

៩. តើ​គំរូ​ដ៏​ព្រមាន​អ្វី​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​អំពី​បុគ្គល ដែល​ស្វែង​រក​តែ​ប្រយោជន៍​របស់​ខ្លួន​គេ​នោះ?

៩ សេចក្ដី​ស្រឡាញ់«មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន»។ (កូរិនថូស​ទី​១ ១៣:៥) មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ស្រឡាញ់ នោះ​មិន​ប្រើ​អ្នក​ឯ​ទៀត​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​គាត់​ឡើយ។ ព្រះ​គម្ពីរ​មាន​គំរូ​ព្រមាន​ក្នុង​រឿង​នេះ។ ដើម្បី​ពន្យល់៖ យើង​អាន​អំពី​នាង​ដេលីឡា នាង​យេសិបិល និង​នាង​អ័ថាលា ជា​ពួក​ស្ត្រី​ដែល​បាន​ប្រើ​អ្នក​ឯ​ទៀត​សំរាប់​គោល​បំណង​ដ៏​កំណាញ់​របស់​គេ។ (ពួក​ចៅហ្វាយ ១៦:១៦; ពង្សាវតារ​ក្សត្រ​ទី​១ ២១:២៥; របាក្សត្រ​ទី​២ ២២:១០​-​១២) ហើយ​អាប់សាឡំម​ដែល​ជា​បុត្រ​របស់​ស្តេច​ដាវីឌ ក៏​ជា​បុគ្គល​ម្នាក់​ដូច​នេះ​ដែរ។ គាត់​តែង​ទៅ​ជិត​អស់​អ្នក​ដែល​បាន​មក​ទី​ក្រុង​យេរូសាឡិម​សំរាប់​ការ​ជំនុំ​ជំរះ ហើយ​និង​ពោល​បញ្ឆិត​បញ្ឆៀង​យ៉ាង​លាក់​ពុត​ថា តុលាការ​របស់​ស្តេច ឥត​មាន​ការ​ចាប់​អារម្មណ៍​នឹង​បញ្ហា​របស់​គេ​ទេ។ រួច​មក គាត់​នឹង​ពោល​ថា អ្វី​ដែល​តុលាការ​ត្រូវ​ការ​នោះ គឺ​បុរស​ដែល​មាន​ចិត្ត​កក់​ក្ដៅ​ដូច​គាត់! (សាំយូអែល​ទី​២ ១៥:២​-​៤) ប្រាកដ​ហើយ អាប់សាឡំម​មិន​បាន​យក​ចិត្ត​ទុក​ដាក់ នឹង​ពួក​ដែល​បាន​ត្រូវ​សង្កត់​សង្កិន​នោះ​ទេ ក៏​ប៉ុន្តែ​យក​ចិត្ត​ទុក​ដាក់​តែ​នឹង​ខ្លួន​គាត់​ប៉ុណ្ណោះ។ ជា​ស្តេច​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​ខ្លួន​ឯង នោះ​គាត់​មាន​ឥទ្ធិពល​លើ​ចិត្ត​មនុស្ស​ជា​ច្រើន​នាក់។ ប៉ុន្តែ​នៅ​ក្រោយ​មក អាប់សាឡំម​បាន​ទទួល​បរាជ័យ​យ៉ាង​ហិនហោច។ ពេល​ស្លាប់​ទៅ​នោះ គាត់​មិន​ទាំង​បាន​ទទួល​បុណ្យ​បញ្ចុះ​សព​ដ៏​សម​រម្យ​នោះ​ផង។—សាំយូអែល​ទី​២ ១៨:៦​-​១៧

១០. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ ថា​យើង​ស្វែង​រក​ប្រយោជន៍​សំរាប់​អ្នក​ឯ​ទៀត?

១០ នេះ​ជា​ការ​ព្រមាន​មួយ​ដល់​ពួក​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ។ មិន​ថា​ប្រុស​ឬ​ស្រី តែ​ដោយ​ចរិត​ពី​កំណើត នោះ​យើង​ប្រហែល​មាន​អំណាច​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​ជឿ​តាម។ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ជា​ការ​ស្រួល​សំរាប់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​គេ​យល់​ព្រម​តាម​ចិត្ត​របស់​យើង ដោយ​និយាយ​ច្រើន​តែ​ឯង ឬ​ក៏​ដោយ​ផ្ចាញ់​ផ្ចាល​នឹង​អស់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង​ពី​យើង។ ប៉ុន្តែ ប្រសិន​បើ​យើង​ពិត​ជា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នោះ​យើង​នឹង​ស្វែង​រក​ប្រយោជន៍​ចំពោះ​អ្នក​ដទៃ​វិញ។ (ភីលីព ២:២​-​៤) យើង​នឹង​មិន​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​ដទៃ ឬ​ផ្សាយ​គំនិត​ដែល​គួរ​ឲ្យ​សង្ស័យ ហាក់​ដូច​ជា​មាន​តែ​ទស្សនៈ​របស់​យើង​ទេ​ដែល​សារៈ​សំខាន់ គ្រាន់​តែ​ដោយ​ព្រោះ​យើង​មាន​ការ​ពិសោធន៍ ឬ​ក៏​មាន​ជំហរ​ក្នុង​អង្គការ​របស់​ព្រះ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​នឹក​ចាំ​នូវ​សុភាសិត​ព្រះ​គម្ពីរ ដែល​ថា៖ «សេចក្ដី​ឆ្មើង​ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ»។—សុភាសិត ១៦:១៨

សេចក្ដី​ស្រឡាញ់​ក៏​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​សុខ​សាន្ត

១១. (ក) តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បុរស​និង​ដែល​សម​គួរ​នោះ? (ខ) តើ​យើង​អាច​បង្ហាញ​ថា​យើង​មិន​សប្បាយ​នឹង​សេចក្ដី​ទុច្ចរិត​យ៉ាង​ដូច​ម្ដេច?

១១ ប៉ុល​ក៏​បាន​សរសេរ​ថា សេចក្ដី​ស្រឡាញ់​គឺ«សប្បុរស» ហើយ​ថា​សេចក្ដី​ស្រឡាញ់«មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម»។ (កូរិនថូស​ទី​១ ១៣:៤, ៥) ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ទ្រ​គោះ និយាយ​ដោយ​ថោក​ទាប​បាត​ផ្សា ឬ​ក៏​តាម​របៀប​ដ៏​ឥត​ចេះ​គោរព​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​គិត​ដល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ជៀស​វាង​ធ្វើ​អ្វី ដែល​ធ្វើ​ឲ្យ​ទាស់​ទែង​ដល់​មនសិការ​របស់​អ្នក​ឯ​ទៀត។ (ប្រៀប​មើល កូរិនថូស​ទី​១ ៨:១៣) សេចក្ដី​ស្រឡាញ់«មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ​ត្រង់​វិញ»។ (កូរិនថូស​ទី​១ ១៣:៦) ប្រសិន​បើ​យើង​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មិន​បិទ​ភ្នែក​ដល់​អំពើ​ឥត​សីលធម៌ ឬ​ក៏​បាន​ត្រូវ​កំសាន្ត​ដោយ​អ្វី​ដែល​ព្រះ​ស្អប់​នោះ​ឡើយ។ (ទំនុកដំកើង ១១៩:៩៧) សេចក្ដី​ស្រឡាញ់​នឹង​ជួយ​យើង​ស្វែង​រក​អំណរ ក្នុង​អ្វី​ដែល​ស្អាង​ចិត្ត ជា​ជាង​ក្នុង​អ្វី​ដែល​បំផ្លាញ​នោះ។—រ៉ូម ១៥:២; កូរិនថូស​ទី​១ ១០:២៣, ២៤; ១៤:២៦

១២, ១៣. (ក) តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា នៅ​ពេល​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត​នោះ? (ខ) សូម​ពណ៌នា​គំរូ​ពី​ព្រះ​គម្ពីរ ដើម្បី​បង្ហាញ​ថា សូម្បី​តែ​កំហឹង​ដែល​សម​ត្រឹម​ត្រូវ នោះ​អាច​បណ្ដាល​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ​បាន។

១២ ប៉ុល​សរសេរ​ថា​សេចក្ដី​ស្រឡាញ់ «មិន​រហ័ស​ខឹង» («មិន​ចិត្ត​ស្រាល» សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​របស់​ភីលីព)។ (កូរិនថូស​ទី​១ ១៣:៥) ពិត​ហើយ គឺ​គ្រាន់​តែ​ជា​ការ​ធម្មតា​ទេ ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍ ដែល​យើង​ក្លាយ​ទៅ​ជា​ជ្រួល​ច្រាល​ក្នុង​ចិត្ត ឬ​ក៏​មាន​កំហឹង​ខ្លាំង​មួយ​កំរិត នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត​នោះ។ ប៉ុន្តែ គឺ​នឹង​ត្រូវ​ជា​ការ​ខុស​វិញ បើ​យើង​រក្សា​ទុក​ក្នុង​ចិត្ត​យ៉ាង​យូរ​នូវ​កំហុស​គេ ឬ​ក៏​បន្ត​ទុក​កំហឹង​នោះ។ (ទំនុកដំកើង ៤:៤; អេភេសូរ ៤:២៦) បើ​មិន​ទប់​ចិត្ត​ទេ នោះ​សូម្បី​តែ​កំហឹង​ដែល​សម​មាន ប្រហែល​បណ្ដាល​ឲ្យ​យើង​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ហើយ​ព្រះ​យេហូវ៉ា​ក៏​ចាត់​ទុក​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ដែរ។—លោកុប្បត្តិ ៣៤:១​-​៣១; ៤៩:៥​-​៧; ជន​គណនា ១២:៣; ២០:១០​-​១២; ទំនុកដំកើង ១០៦:៣២, ៣៣

១៣ មនុស្ស​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ភាព​ឥត​គ្រប់ល័ក្ខណ៍​នៃ​អ្នក​ឯ​ទៀត ឲ្យ​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​ចិត្ត​របស់​គេ ថា​នឹង​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន ឬ​ក៏​ចូល​រួម​នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ។ នៅ​ពេល​មុន​ៗ ពួក​អ្នក​ទាំង​នេះ​ជា​ច្រើន​បាន​ខំ​ត​យុទ្ធ​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ ដោយ​ប្រហែល​ជា​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ក្នុង​គ្រួសារ និង​ការ​ចំអក​មើល​ងាយ​ពី​ពួក​ធ្វើ​ការ​ជា​មួយ​ជា​ដើម។ ពួក​គេ​បាន​ស៊ូ​ទ្រាំ​ឧបសគ្គ​បែប​នេះ ពី​ព្រោះ​គេ​បាន​ចាត់​ទុក​រឿង​ទាំង​នេះ ជា​ការ​ល្បង​ល​នូវ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ ហើយ​នេះ​គឺ​ត្រឹម​ត្រូវ​មែន។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង នៅ​ពេល​ដែល​បុគ្គល​គ្រីស្ទាន​គ្នី​គ្នា​ម្នាក់​និយាយ ឬ​ក៏​ធ្វើ​អ្វី​មួយ​ដែល​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ? តើ​នេះ​មិន​មែន​ជា​ការ​ល្បង​ល​នូវ​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​ដែរ​ទេ​ឬ? ប្រាកដ​ហើយ ព្រោះ​បើ​យើង​នៅ​មាន​ចិត្ត​ខឹង នោះ​យើង​អាច«ឲ្យ​អារក្ស​មាន​ឱកាស»។—អេភេសូរ ៤:២៧

១៤, ១៥. (ក) តើ​ការ«ប្រកាន់​ទោស»មាន​ន័យ​យ៉ាង​ណា? (ខ) តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​ការ​អត់​ឱន​ទោស​យ៉ាង​ដូច​ម្ដេច?

១៤ ដោយ​មាន​មូលហេតុ​ល្អ ប៉ុល​និយាយ​បន្ថែម​ថា សេចក្ដី​ស្រឡាញ់«មិន​ប្រកាន់​ទោស»។ (កូរិនថូស​ទី​១ ១៣:៥) នៅ​ទី​នេះ គាត់​ប្រើ​ពាក្យ​ខាង​គណនេយ្យ តាម​មើល​ទៅ ហាក់​ដូច​ជា​សរសេរ​ទុក​នូវ​កំហុស​នៅ​ក្នុង​សៀវភៅ​បញ្ជី ដើម្បី​កុំ​ឲ្យ​ភ្លេច។ តើ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ ដោយ​កត់​ទុក​ក្នុង​គំនិត​ជា​អចិន្ត្រៃយ៍​នូវ​ពាក្យ​ឈឺ​ចាប់​ឬ​អំពើ ដូច​ជា​យើង​នឹង​ត្រូវ​ពិនិត្យ​មើល​នៅ​អនាគត​នោះ? យើង​មាន​ចិត្ត​រីករាយ​ណាស់ ដែល​ព្រះ​យេហូវ៉ា​មិន​ពិនិត្យ​ពិច័យ​យើង តាម​របៀប​ដ៏​គ្មាន​មេត្ដា​នេះ! (ទំនុកដំកើង ១៣០:៣) ត្រូវ​ហើយ នៅ​ពេល​ដែល​យើង​ប្រែ​ចិត្ត នោះ​ទ្រង់​លុប​ចេញ​កំហុស​របស់​យើង។—កិច្ច​ការ ៣:១៩

១៥ យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ។ យើង​មិន​ត្រូវ​ឆាប់​អន់​ចិត្ត​ហួស​ហេតុ​ពេក នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់ មើល​ទៅ​ហាក់​ដូច​ជា​មើល​ងាយ​យើង​នោះ។ បើ​យើង​ឆាប់​ខឹង​នោះ យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​ខ្លួន​យើង​ឈឺ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង ជាង​បុគ្គល​ដែល​បាន​ធ្វើ​ឲ្យ​យើង​អន់​ចិត្ត​នោះ​អាច​ធ្វើ​ទៅ​ទៀត។ (សាស្ដា ៧:៩, ២២) ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ចាំ​ថា សេចក្ដី​ស្រឡាញ់«ជឿ​ទាំង​អស់»។ (កូរិនថូស​ទី​១ ១៣:៧) ប្រាកដ​ហើយ គ្មាន​យើង​ណា​ម្នាក់​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​បញ្ឆោត​នោះ​ទេ។ ប៉ុន្តែ យើង​មិន​ត្រូវ​មាន​ចិត្ត​សង្ស័យ​ហួស​ហេតុ​នឹង​បំណង​ចិត្ត​របស់​បង​ប្អូន​របស់​យើង​ដែរ។ កន្លែង​ណា​ដែល​ធ្វើ​ទៅ​បាន ចូរ​ឲ្យ​យើង​ស​ន្ម​ត់​ថា បុគ្គល​ឯ​ទៀត​ឥត​មាន​បំណង​ចិត្ត​អាក្រក់​នោះ​ទេ។—កូល៉ុស ៣:១៣

សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ

១៦. តើ​ក្នុង​កាលៈទេសៈ​ណា ដែល​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់?

១៦ ប៉ុល​ប្រាប់​យើង​ថា «សេចក្ដី​ស្រឡាញ់​តែង​តែ​អត់​ធ្មត់»។ (កូរិនថូស​ទី​១ ១៣:៤) សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានការណ៍​ដ៏​ពិបាក ប្រហែល​ជា​មាន​នៅ​ក្នុង​រយៈ​ពេល​យូរ​អង្វែង។ ជា​ឧទាហរណ៍ ពួក​គ្រីស្ទាន​ជា​ច្រើន​នាក់ បាន​រស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ក្រុម​គ្រួសារ ដែល​មិន​ត្រូវ​គ្នា​ខាង​សាសនា។ អ្នក​ឯ​ទៀត​គឺ​នៅ​លីវ មិន​មែន​ដោយ​ចិត្ត​ចង់​នោះ​ទេ ប៉ុន្តែ​ពី​ព្រោះ​គេ​ពុំ​អាច​រក​បាន​គូ​ស្រករ​ដែល​សម​រម្យ«ក្នុង​ព្រះ​អម្ចាស់»។ (កូរិនថូស​ទី​១ ៧:៣៩; កូរិនថូស​ទី​២ ៦:១៤) រួច​មក គឺ​មាន​ពួក​ដែល​ត​ស៊ូ​នឹង​បញ្ហា​ខាង​សុខភាព​ដែល​ធ្វើ​ឲ្យ​ខ្សោយ។ (កាឡាទី ៤:១៣, ១៤; ភីលីព ២:២៥​-​៣០) ពិត​ហើយ នៅ​ក្នុង​របប​ដ៏​ឥត​គ្រប់ល័ក្ខណ៍​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​មាន​ស្ថានការណ៍​ក្នុង​ជីវិត ដែល​ឥត​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ​បែប​ណា​មួយ​នោះ​ឡើយ។—ម៉ាថាយ ១០:២២; យ៉ាកុប ១:១២

១៧. តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ទាំង​អស់?

១៧ ប៉ុល​ធានា​រ៉ាប់​រង​យើង​ថា សេចក្ដី​ស្រឡាញ់«ក៏​គ្រប​បាំង​ទាំង​អស់ . . . សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់»។ (កូរិនថូស​ទី​១ ១៣:៧) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រង​ទុក្ខ​ស្ថានការណ៍​ណា​មួយ ប្រយោជន៍​ឲ្យ​សេចក្ដី​សុចរិត។ (ម៉ាថាយ ១៦:២៤; កូរិនថូស​ទី​១ ១០:១៣) យើង​មិន​ស្វែង​រក​ទុក្ករកម្ម​ទេ។ ផ្ទុយ​ទៅ​វិញ គោល​ដៅ​របស់​យើង​គឺ​ដើម្បី​រស់​នៅ​ឲ្យ​បាន​សុខ គឺ​ជីវិត​ដែល​ស្ងៀម​ស្ងាត់។ (រ៉ូម ១២:១៨; ថែស្សាឡូនីច​ទី​១ ៤:១១, ១២) យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​មាន​ការ​ល្បង​ល​នៃ​សេចក្ដី​ជំនឿ នោះ​យើង​សុខ​ចិត្ត​ស៊ូ​ទ្រាំ​របស់​ទាំង​នេះ ជា​ផ្នែក​នៃ​ការ​ធ្វើ​ជា​សិស្ស​គ្រីស្ទាន។ (លូកា ១៤:២៨​-​៣៣) កាល​ដែល​យើង​ស៊ូ​ទ្រាំ យើង​ខំ​រក្សា​ទស្សនៈ​ដ៏​វិជ្ជមាន ដោយ​សង្ឃឹម​រក​ផល​ល្អ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​នោះ។

១៨. តើ​តាម​របៀប​ណា​ដែល​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ សូម្បី​នៅ​ពេល​ល្អ​នោះ?

១៨ សេចក្ដី​វេទនា​មិន​មែន​ជា​កាលៈទេសៈ​តែ​មួយ ដែល​តម្រូវ​ឲ្យមាន​ការ​ស៊ូ​ទ្រាំ​នោះ​ទេ។ នៅ​ពេល​ខ្លះ ដើម្បី​ស៊ូ​ទ្រាំ​មាន​ន័យ​ថា​ឲ្យ​នៅ​ស្ថិត​ស្ថេរ ដើម្បី​បន្ត​នៅ​តាម​ផ្លូវ​ត្រឹម​ត្រូវ មិន​ថា​យើង​មាន​ស្ថានការណ៍​ដ៏​ពិបាក​នៅ​បច្ចុប្បន្នកាល​នេះ​ឬ​ក៏​យ៉ាង​ណា។ ការ​ស៊ូ​ទ្រាំ​រួម​បញ្ចូល​ការ​រក្សា​កាល​វិភាគ​ដ៏​ល្អ​ខាង​វិញ្ញាណ។ ជា​ឧទាហរណ៍ តើ​មាន​ការ​ចូល​រួម​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​កិច្ច​ផ្សាយ ដែល​ស្រប​តាម​នឹង​កាលៈទេសៈ​របស់​អ្នក​ឬ​ទេ? តើ​អ្នក​កំពុង​អាន​និង​រំពឹង​គិត​លើ​បន្ទូល​របស់​ព្រះ និង​ទូល​ជា​មួយ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​តាម​រយៈ​ការ​អធិស្ឋាន​ឬ​ទេ? តើ​អ្នក​ទៅ​ប្រជុំ​ក្រុម​ជំនុំ​ជា​រឿយ​ៗ​ឬ​ទេ ហើយ​តើ​អ្នក​ទទួល​ប្រយោជន៍​ពី​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​ឬ​ទេ? បើ​អីចឹង មិន​ថា​យើង​មាន​គ្រា​ល្អ​ឥឡូវ​នេះ​ឬ​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​ក៏​ដោយ នោះ​អ្នក​កំពុង​តែ​ស៊ូ​ទ្រាំ​ហើយ។ ចូរ​កុំ​នឿយ​ណាយ​ឡើយ «ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—កាឡាទី ៦:៩

សេចក្ដី​ស្រឡាញ់—«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង»

១៩. តើ​សេចក្ដី​ស្រឡាញ់​ជា«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង»យ៉ាង​ដូច​ម្ដេច?

១៩ ប៉ុល​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​នៃ​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់ ដោយ​ហៅ​គុណសម្បត្ដិ​នេះ​របស់​ព្រះ ជា«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង»។ (កូរិនថូស​ទី​១ ១២:៣១) តើ«ប្រសើរ​លើស​លែង»ក្នុង​ន័យ​យ៉ាង​ណា? ប៉ុល​ទើប​តែ​បាន​រៀប​រាប់​អំពី​អំណោយ​នៃ​វិញ្ញាណ ដែល​មាន​ទូទៅ​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ។ អ្នក​ខ្លះ​អាច​ទាយ​ទំនាយ អ្នក​ឯ​ទៀត​បាន​ត្រូវ​មាន​អំណាច​ប្រោស​ជម្ងឺ​ឲ្យ​ជា អ្នក​ឯ​ទៀត​បាន​ត្រូវ​ទទួល​សមត្ថភាព ក្នុង​ការ​ចេះ​និយាយ​ភាសា​ផ្សេង​ៗ។ ប្រាកដ​ហើយ ជា​អំណោយ​ដ៏​អស្ចារ្យ​មែន! ប៉ុន្តែ ប៉ុល​បាន​ប្រាប់​ពួក​កូរិនថូស​ថា៖ «ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្សជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌​កំបាំង នឹង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ»។ (កូរិនថូស​ទី​១ ១៣:១, ២) ត្រូវ​ហើយ សូម្បី​តែ​ការ​ប្រព្រឹត្ត​ដែល​អាច​ទៅ​ជា​មាន​តម្លៃ ក៏​ក្លាយ​ទៅ​ជា«ការ​ស្លាប់» ប្រសិន​បើ​បំណង​ចិត្ត​ចំពោះ​ការ​ធ្វើ​នេះ មិន​បាន​ធ្វើ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ជិត​ខាង​នោះ។—ហេព្រើរ ៦:១

២០. ហេតុ​អ្វី​ក៏​ត្រូវ​ការ​ខំ​ប្រឹង​ជា​និច្ច បើ​យើង​ចង់​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ?

២០ ព្រះ​យេស៊ូ​ប្រទាន​ឲ្យ​មូលហេតុ​មួយ​ទៀត ដែល​យើង​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គុណសម្បត្ដិ​នៃ​ព្រះ​នេះ ជា​សេចក្ដី​ស្រឡាញ់។ គាត់​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក មនុស្ស​ទាំង​អស់​មុខ​ជា​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន»។ (យ៉ូហាន ១៣:៣៥; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ) ពាក្យ​ថា«បើ» គឺ​ទុក​ឲ្យ​គ្រីស្ទាន​ម្នាក់​ៗ​ថា​តើ​គាត់​នឹង​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ ដែល​គ្រាន់​តែ​រស់​នៅ​ក្នុង​ប្រទេស​បរទេស ក៏​នឹង​មិន​ជំរុញ​យើង​ឲ្យ​រៀន​និយាយ​ភាសា​ថ្មី​របស់​គេ​នោះ​ឡើយ។ យ៉ាង​ដូច្នេះ​ដែរ ដែល​គ្រាន់​តែ​ទៅ​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ ឬ​សេព​គប់​ជា​មួយ​គ្រីស្ទាន​គ្នី​គ្នា ក៏​នឹង​មិន​បង្រៀន​យើង​ឲ្យ​សម្ដែង​សេចក្ដី​ស្រឡាញ់​ដោយ​ស្វ័យប្រវត្ដិ​នោះ​ឡើយ។ ការ​រៀន«ភាសា»នេះ ត្រូវ​ការ​ការ​ខំ​ប្រឹង​ជា​និច្ច។

២១, ២២. (ក) តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា បើ​យើង​មិន​បំពេញ​ពេញ​លេញ​នឹង​លក្ខណៈ​ខ្លះ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ត្រូវ​ពិគ្រោះ​ដោយ​ប៉ុល​នោះ? (ខ) តើ​តាម​របៀប​ណា ដែល​អាច​បាន​ត្រូវ​និយាយ​ថា «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»?

២១ នៅ​ពេល​ខ្លះ អ្នក​នឹង​មិន​បាន​បំពេញ​ពេញ​លេញ​តាម​លក្ខណៈ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​បាន​ត្រូវ​ពិគ្រោះ​ដោយ​ប៉ុល។ ប៉ុន្តែ ចូរ​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​អ្នក​ដោយ​ចិត្ត​អត់​ធ្មត់​ចុះ។ ចូរ​បន្ត​មើល​ព្រះ​គម្ពីរ និង​អនុវត្ត​តាម​គោល​ការណ៍​នោះ​ចុះ ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត។ ចូរ​កុំ​ភ្លេច​នូវ​គំរូ​ដែល​ព្រះ​យេហូវ៉ា​បាន​ទុក​សំរាប់​យើង​នោះ។ ប៉ុល​បាន​ដាស់​តឿន​ពួក​អេភេសូរ​ថា៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។—អេភេសូរ ៤:៣២

២២ ដូច​ជា​ការ​រៀន​និយាយ​ភាសា​ថ្មី ជា​យថាហេតុ​នឹង​នាំ​ឲ្យ​និយាយ​បាន​ស្រួល នោះ​នៅ​ក្រោយ​មក អ្នក​ក៏​នឹង​ឃើញ​ថា ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​ក៏​នឹង​បាន​ស្រួល​ដែរ។ ប៉ុល​ធានា​រ៉ាប់​រង​យើង​ថា «សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ»។ (កូរិនថូស​ទី​១ ១៣:៨) មិន​ដូច​អំណោយ​ដ៏​អព្ភូតហេតុ​នៃ​វិញ្ញាណ នោះ​សេចក្ដី​ស្រឡាញ់​នឹង​មិន​ដែល​ឈប់​មាន​ឡើយ។ ដូច្នេះ ចូរ​បន្ត​រៀន​ដើម្បី​សម្ដែង​គុណសម្បត្ដិ​នេះ​របស់​ព្រះ​ចុះ។ ដូច​ជា​ប៉ុល​ហៅ​នោះ សេចក្ដី​ស្រឡាញ់​គឺ​ជា«ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង»។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​លើ​ចិត្ត​អំនួត​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្រឡាញ់ ជួយ​យើង​ឲ្យ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ការ​សុខ​សាន្ត​នៅ​ក្នុង​ក្រុម​ជំនុំ?

◻ តើ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​សេចក្ដី​ស្រឡាញ់​ជា«ផ្លូវ​តែ​១​ដ៏​ប្រសើរ​លើស​លែង»នោះ?

[រូប​ភាព​នៅ​ទំព័រ​២៩]

សេចក្ដី​ស្រឡាញ់​នឹង​ជួយ​យើង​ឲ្យ​បំភ្លេច​នូវ​កំហុស​របស់​អ្នក​ជឿ​គ្នី​គ្នា​របស់​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក