ហេតុអ្វីក៏ត្រូវកោតខ្លាចព្រះពិតនៅឥឡូវនេះ?
«ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
១, ២. ហេតុអ្វីបានជាការកោតខ្លាចព្រះដ៏ត្រឹមត្រូវជាការល្អនោះ?
ការកោតខ្លាចព្រះដ៏ត្រឹមត្រូវនិងការកោតស្ញែងជាសេចក្ដីល្អចំពោះមនុស្ស។ មែនហើយ ថ្វីបើការខ្លាចជាច្រើនរបស់មនុស្សធ្វើឲ្យខ្វល់ខាងផ្លូវចិត្ត ដែលថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខុមាលភាពរបស់យើងក្ដី តែជាការល្អណាស់ចំពោះយើងក្នុងការកោតខ្លាចព្រះយេហូវ៉ា។—ទំនុកដំកើង ១១២:១; សាស្ដា ៨:១២
២ ព្រះជាអ្នកបង្កើតជ្រាបដឹងអំពីរឿងនេះ។ ដោយមានសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលទ្រង់បានបង្កើតមក ទ្រង់បានបង្គាប់ឲ្យមនុស្សគ្រប់ៗគ្នាកោតខ្លាចដល់ទ្រង់ ហើយឲ្យថ្វាយបង្គំទ្រង់។ យើងអានថា៖ «ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសម្លេងយ៉ាងខ្លាំងថា ‹ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី . . . ចុះ› »។—វិវរណៈ ១៤:៦, ៧
៣. តើព្រះជាអ្នកបង្កើតបានធ្វើអ្វីចំពោះឪពុកម្ដាយទីមួយរបស់យើង?
៣ យើងមិនគួរធ្វើព្រងើយនឹងអ្នកបង្កើតនៃរបស់សព្វសារពើ ជាប្រភពនៃជីវិតនោះឡើយ ដ្បិតទ្រង់ជាម្ចាស់ជីវិតនិងផែនដីរបស់យើង។ (ទំនុកដំកើង ២៤:១) ក្នុងការសម្ដែងសេចក្ដីស្រឡាញ់ដ៏ឧត្តមរបស់ទ្រង់ ព្រះយេហូវ៉ាបានផ្ដល់ជីវិតដល់មនុស្សលោកដែលជាកូនចៅរបស់ទ្រង់នៅលើផែនដី ហើយបានប្រគល់ឲ្យកន្លែងគេរស់នៅដ៏ល្អមួយ—គឺជាសួនមនោរម្យដ៏ស្អាត។ ប៉ុន្តែ រង្វាន់ដ៏ល្អនេះ មិនបានផ្ដល់មកដោយគ្មានលក្ខខ័ណ្ឌនោះទេ។ ជាសារៈសំខាន់ រង្វាន់នោះបានផ្ដល់មកដោយមានការទុកចិត្ត។ ឪពុកម្ដាយទីមួយរបស់យើងត្រូវបានតម្រូវឲ្យមើលថែរក្សាទីលំនៅរបស់គេ ហើយឲ្យពង្រីកទីលំនៅរបស់គេនោះ រហូតទាល់តែគេបានបង្កើតកូនឲ្យមានពេញពាស និងគ្រប់គ្រងលើផែនដី។ ពួកគេបានមានឯកសិទ្ធិ និងការទទួលខុសត្រូវទៅលើអស់ទាំងសត្វនៅលើដី សត្វស្លាប និងត្រី—សត្តនិករទាំងអស់ដែលនឹងរស់នៅលើផែនដីជាមួយពួកគេ ថែមទាំងកូនចៅរបស់គេផង។ ចំពោះការផ្ញើទុកចិត្តនេះ មនុស្សលោកក៏ត្រូវតែមានការទទួលខុសត្រូវចំពោះព្រះដែរ។
៤. តើមនុស្សលោកបានប្រព្រឹត្តអ្វីដល់ការបង្កើតរបស់ព្រះ?
៤ ទោះបីមានការចាប់ផ្ដើមដ៏ល្អនេះក្ដី សូមមើលទៅអ្វីៗដែលមនុស្សបានប្រព្រឹត្តដល់ផែនដីដ៏ស្អាតនេះ! ដោយមើលងាយដល់ព្រះដែលជាម្ចាស់នៃរបស់ដ៏មានតម្លៃនេះ មនុស្សលោកបានធ្វើឲ្យផែនដីនេះក្រខ្វក់។ គឺមានការក្រខ្វក់រហូតដល់កំរិតដែលអាចមានគ្រោះថ្នាក់ដល់ជីវិតនៃពូជសត្វ សត្វស្លាប និងត្រីកាន់តែច្រើនឡើងៗ។ ព្រះដែលមានយុត្ដិធម៌និងដ៏ជាទីស្រឡាញ់របស់យើង ទ្រង់នឹងមិនត្រាប្រណីអំពីរឿងនេះជារៀងរហូតនោះទេ។ ការបំផ្លិចបំផ្លាញផែនដីក៏ត្រូវតែបញ្ចាប់ឲ្យទទួលខុសត្រូវ ដែលជាអ្វីមួយដែលមនុស្សជាច្រើនមានមូលហេតុក្នុងការភ័យខ្លាច។ ម្យ៉ាងវិញទៀត ចំពោះអ្នកណាដែលទុកចិត្តទៅលើព្រះ នេះជាការគួរឲ្យសម្រាលចិត្តណាស់ ក្នុងការដឹងថាមានអ្វីនឹងត្រូវកើតឡើង។ ព្រះយេហូវ៉ានឹងយកពួកគេមកជំនុំជំរះ ហើយផែនដីនឹងត្រូវធ្វើឲ្យស្អាតឡើងវិញ។ នេះគឺពិតជាដំណឹងដ៏ល្អមែន ចំពោះបុគ្គលណាដែលមានចិត្តត្រឹមត្រូវនៅលើផែនដីនេះ។
៥, ៦. តើតាមរបៀបណាដែលព្រះយេហូវ៉ានឹងតបឆ្លើយដល់អ្វីៗ ដែលមនុស្សបានប្រព្រឹត្តដល់ការបង្កើតរបស់ទ្រង់នោះ?
៥ តើតាមរបៀបណាទៅ ដែលព្រះនឹងចាត់វិធានការក្នុងការជំនុំជំរះនោះ? គឺតាមរយៈព្រះយេស៊ូគ្រីស្ទ ដែលឥឡូវនេះជាស្តេចនៃព្រះរាជាណាចក្រសួគ៌ា។ តាមរយ:រាជបុត្រាសួគ៌ានេះ ព្រះយេហូវ៉ានឹងកំទេចចោលប្រព័ន្ធដ៏អាក្រក់ដែលបះបោរនៅសព្វថ្ងៃនេះ។ (ថែស្សាឡូនីចទី២ ១:៦-៩; វិវរណៈ ១៩:១១) តាមរបៀបនេះ ទ្រង់នឹងនាំមកនូវការធូរស្បើយ ចំពោះអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនៅពេលដំណាលគ្នានេះ គឺដើម្បីនឹងរក្សាផែនដីរបស់យើង។
៦ តើតាមរបៀបណាទៅដែលរឿងនេះនឹងត្រូវកើតមានឡើង? ព្រះគម្ពីរចែងប្រាប់អំពីសេចក្ដីវេទនាជាខ្លាំងដែលនឹងកើតឡើង រហូតទៅដល់សង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ៧:១៤; ១៦:១៦) នេះជាការជំនុំជំរះរបស់ព្រះប្រឆាំងនឹងប្រព័ន្ធនៃលោកីយ៍ដ៏កខ្វក់នេះ និងពួកអ្នកដែលធ្វើឲ្យកខ្វក់នោះ។ តើនឹងមានមនុស្សនៅរស់ទេ? ប្រាកដជាមាន! នេះគឺជាពួកអ្នកដែលមានការកោតខ្លាចព្រះដ៏ត្រឹមត្រូវ ហើយដោយគោរព មិនមែនជាការខ្លាចដោយរន្ធត់នោះទេ។ ពួកគេនឹងត្រូវបានសង្គ្រោះ។—សុភាសិត ២:២១, ២២
ការសម្ដែងកម្លាំងដ៏អស្ចារ្យ
៧. ហេតុអ្វីក៏ព្រះធ្វើអន្តរាគមន៍ឲ្យពួកសាសន៍អ៊ីស្រាអែលក្នុងសម័យរបស់លោកម៉ូសេ?
៧ ការប្រព្រឹត្តដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ត្រូវបានប្រផ្នូលដោយសកម្មភាពដ៏ខ្លាំងក្លាមួយ ដែលទ្រង់បានប្រព្រឹត្តដើម្បីជាប្រយោជន៍សំរាប់ពួកអ្នកថ្វាយបង្គំរបស់ទ្រង់ប្រមាណ១.៥០០ឆ្នាំមុនសករាជយើងនេះ។ អំណាចយោធាដ៏ខ្លាំងក្លារបស់ប្រទេសអេស៊ីបបានចាប់ពួកជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាពួកកម្មករធ្វើការ ថែមទាំងចង់ធ្វើការប្រល័យពូជសាសន៍ផង នៅពេលដែលស្តេចផារ៉ោន ជាអ្នកគ្រប់គ្រងក្នុងប្រទេសនោះ បានបញ្ជាឲ្យសម្លាប់កូនប្រុសៗទាំងអស់របស់សាសន៍អ៊ីស្រាអែលដែលទើបតែនឹងកើតមក។ ការមានជ័យជំនះរបស់ព្រះ គឺដើម្បីនឹងរំដោះពួកអ៊ីស្រាអែលឲ្យចេញពីការជិះជាន់នៃរបបនយោបាយនោះ។ ត្រូវហើយ គឺសេរីភាពពីសាសន៍ដែលបានកខ្វក់ដោយការថ្វាយបង្គំព្រះជាច្រើន។
៨, ៩. តើតាមរបៀបណាដែលម៉ូសេនិងពួកអ៊ីស្រាអែលតបឆ្លើយដល់ការធ្វើអន្តរាគមន៍របស់ព្រះនោះ?
៨ និក្ខមនំ ជំពូក១៥បានកត់ពីការតបឆ្លើយរបស់ពួកអ៊ីស្រាអែលចំពោះការរំដោះចេញពីប្រទេសអេស៊ីប។ ដោយពិនិត្យមើលពីរឿងនេះ នឹងជួយយើងឲ្យមានការអបអរពីរបៀបដែលជនគ្រីស្ទាន អាចដោះលែងឲ្យរួចពីរបបលោកីយ៍ដ៏កខ្វក់ខាងសាច់ឈាមនិងខាងវិញ្ញាណនៅសព្វថ្ងៃនេះ។ ដូច្នេះសូមឲ្យយើងពិនិត្យមើលសៀវភៅនិក្ខមនំ ជំពូក១៥ ដោយយកចិត្តទុកដាក់នឹងខដែលបានរើសខ្លះៗមក ដើម្បីនឹងរៀនឲ្យដឹងថា ហេតុអ្វីបានជាយើងគួរតែកោតខ្លាចព្រះយេហូវ៉ា ដែលជាព្រះពិត។ យើងនឹងចាប់ផ្ដើមអានពីខ១និង២៖
៩ «រួចពីនោះមក ម៉ូសេ នឹងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ ‹ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្ដួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។ ព្រះយេហូវ៉ាទ្រង់ជាកំឡាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងដំកើងទ្រង់› »។
១០. តើអ្វីដែលបណ្ដាលឲ្យព្រះកំទេចចោលពួកកងទ័ពនៃប្រទេសអេស៊ីប?
១០ មនុស្សនៅជុំវិញពិភពលោកបានដឹងឮអំពីរឿង ដែលព្រះយេហូវ៉ាបានរំដោះពួកអ៊ីស្រាអែលឲ្យចេញពីប្រទេសអេស៊ីប។ ទ្រង់បានធ្វើឲ្យមានសេចក្ដីទុក្ខវេទនាមកលើប្រទេសមហាអំណាចនេះ រហូតទាល់តែនៅទីបំផុត ស្តេចផារ៉ោនបានអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចាកចេញទៅ។ ប៉ុន្តែ រួចមកកងទ័ពរបស់ស្តេចផារ៉ោនបានដេញតាមប្រជាជន ដែលឥតមានអ្វីនឹងការពារខ្លួន ហើយមើលទៅ នេះដូចជាគេទាល់ច្រកជាប់នឹងឆ្នេរសមុទ្រក្រហម។ ហើយថ្វីបើពួកកូនចៅអ៊ីស្រាអែលហាក់បីដូចជាបាត់បង់នូវសេរីភាពថ្មីរបស់គេនោះ តែព្រះយេហូវ៉ាមានផែនការផ្សេងទៀត។ ដោយអព្ភូតហេតុ ទ្រង់បានបើកផ្លូវក្នុងសមុទ្រ ហើយបាននាំប្រជារាស្ត្ររបស់ទ្រង់ឲ្យចេញមកដោយឥតមានគ្រោះថ្នាក់។ នៅពេលដែលពួកអេស៊ីបបានដេញតាម ទ្រង់បានបិទសមុទ្រក្រហមធ្វើឲ្យទឹកត្រឡប់មកគ្របលើពួកគេវិញ ដែលធ្វើឲ្យស្តេចផារ៉ោននិងកងទ័ពទាំងប៉ុន្មានលង់ទឹកស្លាប់អស់ទៅ។—និក្ខមនំ ១៤:១-៣១
១១. តើការប្រព្រឹត្តរបស់ព្រះប្រឆាំងនឹងប្រទេសអេស៊ីប មានលទ្ធផលយ៉ាងណាដែរ?
១១ សេចក្ដីហិនវិនាសនៃកងទ័ពអេស៊ីបដោយព្រះយេហូវ៉ា បានដំកើងទ្រង់នៅចំពោះភ្នែករបស់ពួកអ្នកថ្វាយបង្គំទ្រង់ ហើយបានធ្វើឲ្យព្រះនាមរបស់ទ្រង់ល្បីល្បាញ។ (យ៉ូស្វេ ២:៩, ១០; ៤:២៣, ២៤) ត្រូវហើយ ព្រះនាមទ្រង់ត្រូវបានលើកដំកើងខ្ពស់ជាងព្រះមិនពិតឯទៀតរបស់ពួកអេស៊ីប ដែលគ្មានអនុភាពអ្វីសោះ ក្នុងការជួយសង្គ្រោះពួកថ្វាយបង្គំរបស់គេ។ ការទុកចិត្តទៅលើពួកព្រះនិងពួកមនុស្សដែលអាចស្លាប់ ហើយទៅលើអំណាចខាងទាហាន បាននាំគេឲ្យមានការខកចិត្តយ៉ាងខ្លាំង។ (ទំនុកដំកើង ១៤៦:៣) អញ្ចឹងហើយបានជាពួកអ៊ីស្រាអែលបានមានចិត្តច្រៀងទំនុកសរសើរ ដែលបង្ហាញពីការកោតខ្លាចដ៏ត្រឹមត្រូវដល់ព្រះដែលមានព្រះជន្មរស់ ដែលមានព្រះចេស្ដាក្នុងការរំដោះប្រជារាស្ត្ររបស់ទ្រង់នោះ!
១២, ១៣. តើយើងត្រូវរៀនអ្វីពីការមានជោគជ័យរបស់ព្រះ នៅឯសមុទ្រក្រហមនោះ?
១២ ស្រដៀងគ្នានេះដែរ យើងគួរតែទទួលស្គាល់ថា គ្មានព្រះមិនពិតមួយណានៅសម័យយើងនេះ ឬប្រទេសមហាអំណាចណា សូម្បីតែមានគ្រឿងអាវុធបរមាណូក្ដី អាចប្រៀបផ្ទឹមស្មើនឹងព្រះយេហូវ៉ាបានឡើយ។ ទ្រង់អាចហើយសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់។ «ទ្រង់ធ្វើតាមតែ ព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្ដាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ‹ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ› »? (ដានីយ៉ែល ៤:៣៥) នៅពេលណាដែលយើងយល់ពាក្យទាំងនេះយ៉ាងពេញលេញ យើងក៏មានចិត្តចង់ច្រៀងចំរៀងសរសើរដល់ទ្រង់យ៉ាងរីករាយដែរ។
១៣ ចំរៀងនៃជ័យជំនះនៅឯសមុទ្រក្រហមបន្តដូចនេះថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកចំបាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា»។ ដូច្នេះ អ្នកចំបាំងដ៏អបរាជ័យនេះ មិនមែនជាការប្រឌិតពីមនោគតិរបស់មនុស្សទេ។ ទ្រង់មានព្រះនាម! ទ្រង់ជា‹បុគ្គលដែលបណ្ដាលអ្វីឲ្យមានមក› ជាអ្នកបង្កើតដ៏ខ្ពស់ថ្កើង ជាបុគ្គលដែលមាន«ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (និក្ខមនំ ៣:១៤; ១៥:៣-៥; ទំនុកដំកើង ៨៣:១៨) តើអ្នកមិនយល់ស្របទេឬ ថាជាការដ៏មានប្រាជ្ញាណាស់ បើសិនជាពួកសាសន៍អេស៊ីបពីបុរាណបានមានការកោតខ្លាចដ៏ត្រឹមត្រូវ ដល់ព្រះដ៏មានព្រះចេស្ដាបំផុត ជាជាងប្រឆាំងនឹងទ្រង់នោះ?
១៤. តើតម្លៃនៃការកោតខ្លាចព្រះបានបង្ហាញឲ្យឃើញយ៉ាងណា នៅឯសមុទ្រក្រហម?
១៤ ជាអ្នកគូប្លង់នៃផែនដី ព្រះជាអ្នកបង្កើតសមុទ្រមានការទប់ទល់ដ៏ពេញលេញទៅលើទឹក។ (និក្ខមនំ ១៥:៨) ដោយប្រើកម្លាំងរបស់ទ្រង់ទៅលើខ្យល់អាកាស ទ្រង់បានសម្រេចនូវអ្វីដែលដូចជាមិនអាចធ្វើទៅបាន។ ទ្រង់បានធ្វើឲ្យទឹកញែកចេញពីគ្នានៅកន្លែងណាមួយ ហើយបានរុញទឹកបញ្ច្រាសដើម្បីនឹងធ្វើឲ្យមានជាកំផែងទឹកនៅសងខាង សំរាប់ឲ្យប្រជារាស្ត្ររបស់ទ្រង់អាចដើរកាត់បាន។ សូមពិចារណាមើលអំពីរឿងនេះចុះ៖ ទឹកសមុទ្ររាប់រយលានតោនបានពូនឡើងដូចជាកំផែងដ៏ខ្ពស់នៅសងខាង បើកជាផ្លូវមួយដែលបណ្ដាលឲ្យពួកអ៊ីស្រាអែលរត់គេចតាមបាន។ ត្រូវហើយ ចំពោះអ្នកណាដែលសម្ដែងនូវការកោតខ្លាចព្រះដ៏ត្រឹមត្រូវ នោះត្រូវបានការពារ។ បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យទឹកហូរធ្លាក់មកវិញ ទៅជាទឹកជំនន់ដ៏ធំមួយ ដែលគ្របលើកងទ័ពរបស់ស្តេចផារ៉ោន និងប្រដាប់ប្រដារបស់គេទាំងអស់។ នេះជាការសម្ដែងនៃព្រះចេស្ដារបស់ព្រះអាទិទេពទៅលើពួកព្រះដែលគ្មានប្រយោជន៍ និងកម្លាំងកងទ័ពរបស់មនុស្ស! យ៉ាងប្រាកដណាស់ ព្រះយេហូវ៉ាគឺពិតជាបុគ្គលដែលយើងត្រូវតែកោតខ្លាច មែនទេ?—និក្ខមនំ ១៤:២១, ២២, ២៨; ១៥:៨
ការសម្ដែងនូវការកោតខ្លាចរបស់យើងដល់ព្រះ
១៥. តើយើងគួរតែមានការតបឆ្លើយយ៉ាងណាចំពោះការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះ?
១៥ បើសិនជាយើងបានឈរដោយឥតមានគ្រោះថ្នាក់នៅជាមួយលោកម៉ូសេនោះ យើងច្បាស់ជាបានជំរុញឲ្យច្រៀងថា៖ «ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់? តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់? ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង»។ (និក្ខមនំ ១៥:១១) តាំងពីនោះមក មនោសញ្ចេតនាបែបនេះបានមានឡើងជាច្រើនសតវត្សមកហើយ។ នៅក្នុងសៀវភៅចុងក្រោយបង្អស់ក្នុងព្រះគម្ពីរ សាវ័កយ៉ូហានបានរៀបរាប់ពីក្រុមនៃអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះថា៖ «គេច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ នឹងទំនុករបស់កូនចៀម»។ តើអ្វីទៅជាទំនុកដ៏ធំនេះ? «ឱ[ព្រះយេហូវ៉ា] ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱ[ព្រះយេហូវ៉ា]អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ ដ្បិតមានតែទ្រង់១ដែលបរិសុទ្ធ»។—វិវរណៈ ១៥:២-៤
១៦, ១៧. តើមានការលូតលាស់ដ៏អស្ចារ្យយ៉ាងណា ដែលយើងឃើញនៅសព្វថ្ងៃនេះ?
១៦ នៅសព្វថ្ងៃនេះ យ៉ាងដូច្នេះដែរ ក៏មានពួកអ្នកថ្វាយបង្គំទ្រង់ដែលមានសេរីភាព ដែលមិនត្រឹមតែអបអរនឹងអ្វីដែលទ្រង់បានបង្កើតមក តែថែមទាំងអបអរនឹងច្បាប់របស់ទ្រង់ផង។ មនុស្សពីគ្រប់សាសន៍ត្រូវបានដោះលែងឲ្យមានសេរីភាពខាងវិញ្ញាណ ដែលបានញែកចេញពីលោកីយ៍ដ៏កខ្វក់នេះ ពីព្រោះពួកគេទទួលស្គាល់ និងអនុវត្តតាមច្បាប់ដ៏សុចរិតរបស់ព្រះ។ ជារៀងរាល់ឆ្នាំ មនុស្សរាប់រយពាន់នាក់បានរត់ចេញពីលោកីយ៍ដ៏ពុករលួយនេះ ហើយមកស្នាក់នៅជាមួយអង្គការដ៏ស្អាត និងត្រឹមត្រូវរបស់អ្នកថ្វាយបង្គំព្រះយេហូវ៉ា។ មិនយូរប៉ុន្មានក្រោយពីការជំនុំជំរះដ៏ធំសម្បើមរបស់ព្រះចំពោះសាសនាមិនពិត ហើយនិងប្រព័ន្ធដ៏អាក្រក់ជួជាតិនេះបានសម្រេចហើយ ពួកគេនឹងរស់នៅជានិរន្តរ៍ក្នុងពិភពលោកថ្មីដ៏សុចរិត។
១៧ យោងទៅតាមវិវរណៈ ១៤:៦, ៧ មនុស្សលោកឥឡូវនេះកំពុងតែឮពីការព្រមាននៃការជំនុំជំរះ ដែលបានប្រកាសដោយពួកស្មរបន្ទាល់ព្រះយេហូវ៉ា នៅក្រោមការដឹកនាំនៃពួកទេវតា។ ក្នុងជាង២៣០ប្រទេសនៅឆ្នាំមុននេះ ពួកស្មរបន្ទាល់ប្រមាណប្រាំលាននាក់បានប្រកាសអំពីដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ និងអំពីពេលវេលានៃការជំនុំជំរះរបស់ទ្រង់។ ក្នុងការបង្ហាត់បង្រៀនមនុស្សគ្នីគ្នាដើម្បីឲ្យរួចរស់ជីវិត ពួកស្មរបន្ទាល់បានត្រឡប់ទៅផ្ទះរបស់មនុស្សជារឿយៗ ដើម្បីនឹងបង្រៀនគេអំពីព្រះគម្ពីរដោយឥតគិតថ្លៃ។ ដូច្នេះជារៀងរាល់ឆ្នាំ រាប់រយពាន់នាក់ត្រូវបានបង្រៀនឲ្យដឹងត្រឹមត្រូវ ក្នុងការកោតខ្លាចព្រះដោយប្រាជ្ញា ដោយឧទ្ទិសថ្វាយខ្លួនគេដល់ទ្រង់ ហើយរួចមកបានធ្វើបុណ្យជ្រមុជទឹក។ នេះជាការគួរឲ្យសប្បាយណាស់ ដែលបុគ្គលទាំងនេះបានមកកោតខ្លាចដល់ព្រះពិត!—លូកា ១:៤៩-៥១; កិច្ចការ ៩:៣១; ប្រៀបធៀប ហេព្រើរ ១១:៧
១៨. តើអ្វីដែលបង្ហាញថា ពួកទេវតាមានការទាក់ទងជាមួយនឹងការផ្សាយរបស់យើង?
១៨ តើជាការពិតឬ ដែលថាពួកទេវតាមានការទាក់ទងជាមួយនឹងការផ្សាយនោះ? នេះដូចជាការច្បាស់លាស់ដែរ ដែលមានការដឹកនាំពីពួកទេវតា ដែលតែងតែនាំស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យទៅឯផ្ទះ ដែលមានអ្នកពិបាកចិត្តយ៉ាងខ្លាំង ដែលថែមទាំងអធិស្ឋានសុំពីការជំនួយខាងវិញ្ញាណផង! ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាពីរនាក់និងកូនក្មេងតូចមួយ បានដើរផ្សាយដំណឹងនៅឯកោះការីប។ ដល់ពេលថ្ងៃត្រង់ អ្នកផ្សាយទាំងពីរបានសម្រេចចិត្ត ថានឹងឈប់ផ្សាយចំពោះថ្ងៃនោះហើយ។ ប៉ុន្តែ កូនក្មេងតូចនោះដូចជាមានចំណង់យ៉ាងចម្លែក ដើម្បីនឹងទៅផ្សាយឯផ្ទះបន្ទាប់មួយទៀត។ នៅពេលដែលគាត់បានឃើញមនុស្សពេញចំណាស់ទាំងពីរ ដូចជាមិនចង់ទៅឯផ្ទះនោះ ក្មេងតូចនេះក៏ទៅដោយខ្លួនឯង ហើយគោះទ្វារទៅ។ មានក្មេងស្រីម្នាក់បានបើកទ្វារ។ នៅពេលដែលអ្នកផ្សាយទាំងពីរបានឃើញដូច្នេះ គេក៏ទៅនិយាយជាមួយនឹងស្ត្រីនោះ។ នាងក៏បានអញ្ជើញពួកគេឲ្យចូលផ្ទះ។ នាងបានពន្យល់គេថា មុននឹងនាងបានឮទ្វារគោះនោះ នាងបានអធិស្ឋានសុំឲ្យព្រះបញ្ជូនពួកស្មរបន្ទាល់មកនាង ដើម្បីមកបង្រៀននាងអំពីព្រះគម្ពីរ។ ការរៀបចំសំរាប់ការសិក្សាព្រះគម្ពីរក៏បានរៀបចំឡើងទៅ។
១៩. តើមានអ្វីដែលយើងអាចចង្អុលទៅ ដែលជាប្រយោជន៍មកពីការកោតខ្លាចព្រះ?
១៩ កាលដែលយើងផ្សាយអំពីសារនៃការជំនុំជំរះរបស់ព្រះដោយស្មោះនោះ យើងក៏បង្រៀនគេអំពីច្បាប់ដ៏សុចរិតរបស់ទ្រង់ដែរ។ ហើយនៅពេលណាដែលច្បាប់ទាំងនេះត្រូវបានអនុវត្តន៍តាមក្នុងជីវិតរបស់មនុស្សនោះ ប្រសិទ្ធិពរខាងវិញ្ញាណនិងខាងរូបកាយនឹងត្រូវបានជាលទ្ធផល។ ជាឧទាហរណ៍ ព្រះគម្ពីរគឺច្បាស់ណាស់ ក្នុងការផ្ដន្ទាទោសចំពោះអំពើអសីលធម៌ខាងកាម។ (រ៉ូម ១:២៦, ២៧, ៣២) នៅសព្វថ្ងៃនេះជាទូទៅ លោកីយ៍ទាំងមូលគឺមិនអើពើនឹងបមាណីយរបស់ព្រះទេ។ តើមានលទ្ធផលយ៉ាងណា? គឺមានការបែកបាក់គ្នាក្នុងអាពាហ៍ពិពាហ៍ជាច្រើន។ ការប្រព្រឹត្តបទល្មើសក៏កាន់តែមានច្រើនឡើង។ ជម្ងឺកាមរោគដ៏ធ្ងន់ធ្ងរបានឆ្លងរាលដាលពាសពេញក្នុងសតវត្សទី២០នេះ ហើយក៏កំពុងតែរាលដាលយ៉ាងសន្ធឹក។ ពិតមែនហើយ រោគអេដស៍ដ៏គួរឲ្យខ្លាចនេះ គឺបានឆ្លងរាលដាលមកពីអំពើអសីលធម៌ខាងកាមនោះឯង។ ប៉ុន្តែ តើការកោតខ្លាចដល់ព្រះដ៏ត្រឹមត្រូវ មិនបានមានការពារពួកថ្វាយបង្គំដ៏ពិតទេឬ?—កូរិនថូសទី២ ៧:១; ភីលីព ២:១២; សូមមើល កិច្ចការ ១៥:២៨, ២៩
លទ្ធផលនៃការកោតខ្លាចព្រះឥឡូវនេះ
២០. តើអ្វីដែលបង្ហាញថា ពួកអ្នកដទៃដឹងឮពីកេរ្ដិ៍ឈ្មោះរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា?
២០ ចំពោះអស់អ្នកដែលកោតខ្លាចព្រះ ហើយដើរតាមច្បាប់របស់ទ្រង់នោះ គឺបានទទួលប្រសិទ្ធិពរយ៉ាងបរិបូរ។ សូមមើលនូវរឿងមួយដែលបង្ហាញពីការទទួលស្គាល់ដែលថា ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាភាតរភាពដែលមានសន្ដិភាព នៃពួកជនគ្រីស្ទានដែលកាន់សីលធម៌ដ៏ទៀងត្រង់។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាមួយចំនួន ដែលជាអ្នកប្រតិភូនៃមហាសន្និបាតអន្តរជាតិនៅប្រទេសអាមេរិកខាងត្បូង បានមកស្នាក់នៅក្នុងសណ្ឋាគារ ដែលនឹងត្រូវប្រើចំពោះការប្រជុំមួយសំរាប់ពួកអ្នកដែលមិនមែនជាស្មរបន្ទាល់ ដែលប្រធានាធិបតីនៃប្រទេសនោះ នឹងត្រូវឡើងថ្លែងសុន្ទរកថា។ កាលដែលពួករក្សាសន្ដិសុខបាននាំប្រធានាធិបតី ឲ្យចូលទៅក្នុងជណ្ដើរយោងយ៉ាងប្រញាប់ប្រញាល់ ស្មរបន្ទាល់ម្នាក់ដែលពុំបានដឹងថាអ្នកណាដែលនៅក្នុងជណ្ដើរយោងនោះ ក៏បានចូលទៅដែរ។ ហេតុការណ៍នេះធ្វើឲ្យពួករក្សាសន្ដិសុខមានការភ្ញាក់ផ្អើលណាស់! ដោយដឹងនូវអ្វីដែលបានប្រព្រឹត្តនោះ នាងក៏បានសុំទោសចំពោះការចូលទៅនោះ។ នាងបានបង្ហាញប័ណ្ណមហាសន្និបាតរបស់នាង សម្គាល់ខ្លួនជាស្មរបន្ទាល់ម្នាក់។ ហើយនាងបានមានប្រសាសន៍ថា នាងនឹងមិនមានការគំរាមកំហែងដល់ប្រធានាធិបតីទេ។ អ្នកការពារម្នាក់បាននិយាយដោយញញឹមថា៖ «បើសិនជាមនុស្សទាំងអស់ដូចជាពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះ យើងនឹងមិនត្រូវការការពារបែបនេះទេ»។—អេសាយ ២:២-៤
២១. តើជម្រើសអ្វីដែលបើកទៅឲ្យមនុស្សនៅសព្វថ្ងៃនេះ?
២១ នេះជាប្រជារាស្ត្រដែលព្រះយេហូវ៉ាកំពុងតែប្រមូល ហើយរៀបចំដើម្បីនឹង‹ឲ្យចេញពីគ្រាវេទនាយ៉ាងខ្លាំង› ដែលនឹងបញ្ចប់ប្រព័ន្ធនេះ។ (វិវរណៈ ៧:៩, ១០, ១៤) ការរួចរស់ជីវិតនេះមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីធ្វើជាអ្នករួចរស់ជីវិតនោះ បុគ្គលម្នាក់ត្រូវតែកោតខ្លាចដល់ព្រះយេហូវ៉ា ទទួលស្គាល់ទ្រង់ជាព្រះមហាក្សត្រ ហើយត្រូវថ្វាយខ្លួនទៅទ្រង់។ តែជាហេតុការណ៍ពិត គឺថាមនុស្សជាច្រើនមិនមានការកោតខ្លាចបែបនេះទេ ដែលនឹងសមទទួលនូវសេចក្ដីការពារនោះ។ (ទំនុកដំកើង ២:១-៦) យោងទៅតាមទីសំអាងដែលមាន ព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកគ្រប់គ្រងដែលព្រះយេហូវ៉ាបានជ្រើសរើសមកនោះ ទ្រង់បានសោយរាជ្យជាស្តេចតាំងពីឆ្នាំ១៩១៤ដ៏សំខាន់នោះមកម្ល៉េះ។ នេះមានន័យថា ពេលវេលាគឺកាន់តែខ្លីណាស់ហើយចំពោះពួកបុគ្គលដើម្បីឲ្យបណ្ដុះ ហើយបង្ហាញការកោតខ្លាចដ៏ល្អដល់ព្រះយេហូវ៉ា។ យ៉ាងណាក៏ដោយ អ្នកបង្កើតរបស់យើងក៏នៅតែអនុញ្ញាតឲ្យមនុស្ស សូម្បីតែពួកអំណាចជាន់ខ្ពស់ក្ដី ឲ្យគេតបឆ្លើយដែរ៖ «ដូច្នេះឱពួកមហាក្សត្រទាំងប៉ុន្មានអើយ ចូរប្រព្រឹត្ត ដោយប្រាជ្ញាចុះ ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ ចូរទទួលសេចក្ដីផ្ចាលចុះ ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់ ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្ដិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក»។—ទំនុកដំកើង ២:៧-១២
២២. តើមានអនាគតយ៉ាងណា ចំពោះអស់អ្នកដែលកោតខ្លាចព្រះនៅឥឡូវនេះ?
២២ សូមឲ្យយើងមានផ្នែកជាមួយពួកអ្នកដែលនឹងសរសើរដល់អ្នកបង្កើតរបស់យើង ដែលទ្រង់ជាអ្នកបានសង្គ្រោះយើង។ យ៉ាងណាក្ដី យើងត្រូវតែកោតខ្លាចព្រះដ៏ពិតពីឥឡូវនេះ! (ប្រៀបធៀប ទំនុកដំកើង ២:១១; ហេព្រើរ ១២:២៨; ពេត្រុសទី១ ១:១៧) យើងត្រូវតែបន្តការសិក្សាអំពីច្បាប់ដ៏សុចរិតរបស់ទ្រង់ ហើយគោរពតាមច្បាប់ទាំងអស់នោះ។ ចំរៀងរបស់លោកម៉ូសេ និងរបស់កូនចៀម ដែលបានកត់ទុកមកនៅវិវរណៈ ១៥:៣, ៤ នឹងត្រូវបានដល់កំរិតខ្ពស់បំផុត នៅពេលដែលព្រះយេហូវ៉ាបំបាត់ចោលអំពើអាក្រក់ជួជាតិទាំងអស់នៅលើផែនដី ហើយចាប់ផ្ដើមធ្វើមនុស្សឲ្យជាឡើងវិញ និងកសាងផែនដីរបស់ទ្រង់ឲ្យស្អាតចេញពីអនុភាពនៃអំពើបាប។ បន្ទាប់មក យើងនឹងច្រៀងដោយអស់ពីចិត្តថា៖ «ឱ[ព្រះយេហូវ៉ា] ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ឱ[ព្រះយេហូវ៉ា]អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់»?
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីបានជាព្រះយេហូវ៉ាគួរតែទទួលនូវការកោតខ្លាចដ៏ត្រឹមត្រូវរបស់យើង?
◻ តើអ្វីដែលបានបង្ហាញឡើង ដោយសារការសម្រេចរបស់ព្រះនៅឯសមុទ្រក្រហមនោះ?
◻ តើមានប្រយោជន៍អ្វី ដែលនឹងបានមកពីការកោតខ្លាចព្រះរបស់យើងដ៏គោរព?
◻ តើអនាគតបែបណា ដែលនឹងរង់ចាំអស់អ្នកដែលកោតខ្លាចព្រះពិតឥឡូវនេះ?