ជីវិតដ៏ប្រសើរបានសន្យាមក
តើអ្នកចង់បានសេរីភាពពីបញ្ហាទាំងឡាយដែលធ្វើឲ្យជីវិតពិបាកនោះទេ? តើអ្នកចង់រស់នៅក្នុងពិភពលោក ដែលមានជីវិតដ៏សប្បាយរីករាយដូចជានៅក្នុងរូបភាព ដែលបានបង្ហាញមកនៅខាងមុខនិងខាងក្រោយក្របនៃទស្សនាវដ្ដីនេះទេ? ចូរមើលរូបភាពនេះឲ្យបានច្បាស់លាស់ចុះ។ មនុស្សមានម្ហូបអាហារបរិភោគដ៏បរិបូរ។ ពួកគេគឺពិតជាចូលចិត្តនឹងអាហារដ៏ឆ្ងាញ់នោះមែន។ មនុស្សគ្រប់ៗគ្នាគឺសប្បាយរីករាយ។ មនុស្សពីគ្រប់សាសន៍មានសន្ដិភាពរវាងគ្នានឹងគ្នា។ សូម្បីតែសត្វក៏មានសុខសាន្តនឹងគ្នាដែរ! គឺគ្មានអ្នកណាម្នាក់វាយគ្នាឡើយ។ គ្មានអ្នកណាម្នាក់ដែលក្រខ្សត់នោះទេ។ គ្មានមនុស្សណាម្នាក់ឈឺសោះ។ គឺមានបរិយាកាសដ៏ស្អាតបាត ដើមឈើដ៏ស្រស់បំព្រង ហើយទឹកក៏ឥតមានមេរោគដែរ។ នេះជារូបភាពដ៏អស្ចារ្យមែន!
តើផែនដីនេះនឹងបានដូចនោះទេ? ត្រូវហើយ ផែនដីនេះនឹងទៅជាទីមនោរម្យមួយ។ (លូកា ២៣:៤៣) ព្រះដែលបានបង្កើតផែនដីមក បានមានបំណងថាមនុស្សលោកនឹងបានជីវិតដ៏ប្រសើរនៅលើផែនដីមនោរម្យ។ ហើយលោកអ្នកក៏អាចនៅទីនោះបានដែរ!
តើអ្នកចង់បានជីវិតមួយណា?
តើផែនដីមនោរម្យនៅនាអនាគតនឹងមានការខុសប្លែកយ៉ាងណា ពីពិភពលោកដែលយើងកំពុងតែរស់នៅឥឡូវនេះ? នៅបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ មនុស្សជាងមួយពាន់លាននាក់មានការអត់ឃ្លាន។ ប៉ុន្តែនៅក្នុងសួនមនោរម្យដែលព្រះបានមានបំណងសំរាប់ផែនដីនេះ មនុស្សគ្រប់ៗគ្នានឹងមានអាហារបរិភោគដ៏បរិបូរ។ ព្រះគម្ពីរសន្យាថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសដ៏វិសេស នឹងស្រាទំពាងបាយជូរសំរាំង»។ (អេសាយ ២៥:៦) គឺនឹងពុំមានការខ្វះខាតអាហារឡើយ ពីព្រោះព្រះគម្ពីរចែងថា៖ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ»។—ទំនុកដំកើង ៧២:១៦
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនរស់នៅក្នុងខ្ទម ហើយក្នុងផ្ទះសម្បែងដ៏ក្រណាស់ ឬក៏មានការពិបាកក្នុងការបង់ថ្លៃផ្ទះផង។ ពួកអ្នកឯទៀតដេកតាមផ្លូវ ដោយសារឥតមានផ្ទះរស់នៅ។ យោងទៅតាមអង្គការសុខភាពពិភពលោក កូនក្មេងប្រមាណ១០០លាននាក់នៅក្នុងពិភពលោកឥតមានផ្ទះសម្បែងរស់នៅឡើយ។ ប៉ុន្តែនៅក្នុងសួនមនោរម្យនៅខាងមុខនេះ មនុស្សនឹងមានផ្ទះសម្បែង ដែលគេអាចហៅជារបស់ផងខ្លួន។ បន្ទូលរបស់ព្រះចែងថា៖ «គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ»។—អេសាយ ៦៥:២១
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនប្រកបមុខងារដែលគេមិនចូលចិត្តទេ។ ពួកគេតែងតែធ្វើការយ៉ាងយូរម៉ោងជារៀងរាល់ថ្ងៃ ប៉ុន្តែទទួលប្រាក់ខែបានតិចតួចណាស់។ នៅជុំវិញពិភពលោកមនុស្ស១ក្នុង៥នាក់បានទទួលប្រាក់ខែប្រចាំឆ្នាំតិចជាង៥០០ដុល្លារទៅទៀត។ ប៉ុន្តែ នៅក្នុងសួនមនោរម្យដែលនឹងមកនៅនាអនាគតវិញ មនុស្សនឹងចូលចិត្តកិច្ចការរបស់គេ ហើយនឹងឃើញនូវផលយ៉ាងល្អពីកិច្ចការរបស់គេ។ ព្រះសន្យាថា៖ «ពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ គេនឹងមិនខំធ្វើជាឥតប្រយោជន៍»។—អេសាយ ៦៥:២២, ២៣
ឥឡូវនេះ ជម្ងឺនិងរោគគឺមាននៅគ្រប់ទីកន្លែង។ មនុស្សជាច្រើនខ្វាក់ភ្នែក។ មនុស្សខ្លះថ្លង់។ ពួកអ្នកឯទៀតមិនអាចដើរបានទេ។ ប៉ុន្តែនៅក្នុងសួនមនោរម្យវិញ មនុស្សនឹងមានសេរីភាពពីជម្ងឺនិងរោគ។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «ពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថា‹ខ្ញុំឈឺ›ទៀតឡើយ»។ (អេសាយ ៣៣:២៤) ចំពោះអស់អ្នកណាដែលពិការវិញ នេះជាសេចក្ដីសន្យាដ៏គួរឲ្យកក់ក្ដៅណាស់៖ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។—អេសាយ ៣៥:៥, ៦
នៅបច្ចុប្បន្ននេះ គឺមានការរងទុក្ខវេទនានិងការឈឺចាប់ ទុក្ខព្រួយនិងសេចក្ដីស្លាប់។ ប៉ុន្តែនៅក្នុងទីមនោរម្យលើផែនដី អ្វីៗទាំងនេះនឹងពុំមានទៀតទេ។ ត្រូវហើយ សូម្បីតែសេចក្ដីស្លាប់ក៏នឹងកន្លងបាត់ទៅដែរ! ព្រះគម្ពីរចែងថា៖ «ព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
ដូច្នេះ យ៉ាងច្បាស់ណាស់ សេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីផែនដីមនោរម្យ នឹងមានសេចក្ដីថា មនុស្សលោកនឹងបានជីវិតដ៏ប្រសើរ។ ប៉ុន្តែ តើយើងអាចដឹងពិតប្រាកដយ៉ាងណា ថារឿងនេះនឹងមកពិតមែននោះ? តើនឹងមកដល់នៅពេលណាទៅ ហើយតើតាមរបៀបណា? តើអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យបាននៅទីនោះ?