បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/២ ទំ. ៤-៧
  • ជីវិតដ៏ប្រសើរ—មិនយូរប៉ុន្មានទៀតទេ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជីវិតដ៏ប្រសើរ—មិនយូរប៉ុន្មានទៀតទេ!
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជីវិត​ដ៏​ប្រសើរ—នៅ​ពេល​ណា​ទៅ?
  • ជីវិត​ដ៏​ប្រសើរ—តាម​របៀប​ណា?
  • អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ
  • សួនមនោរម្យជិតមកដល់ហើយ!
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • គោលបំណងនៃព្រះនឹងបានសម្រេចឡើងក្នុងពេលឆាប់ៗនេះ
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/២ ទំ. ៤-៧

ជីវិត​ដ៏​ប្រសើរ—មិន​យូរ​ប៉ុន្មាន​ទៀត​ទេ!

ចូរ​គិត​អំពី​អ្នក​ទាយ​អាកាសធាតុ​ម្នាក់ ដែល​ការ​ទាយ​ជា​ច្រើន​របស់​គាត់​បាន​ត្រូវ​ចំៗ​ស្ទើរតែ​រាល់​ពេល។ បើសិន​ជា​គាត់​បាន​ទាយ​នៅ​ក្នុង​សារពត៌មាន​ពេល​ល្ងាច ថា​នឹង​ភ្លៀង​នៅ​ថ្ងៃ​ស្អែក នោះ​អ្នក​នឹង​យក​ឆត្រ​ទៅ​ជា​មួយ​អ្នក​ដោយ​មិន​ស្ទាក់ស្ទើរ នៅ​ពេល​ដែល​ចាក​ចេញ​ពី​ផ្ទះ​នៅ​ព្រឹក​ស្អែក។ ពីព្រោះ​អ្នក​បាន​ទុក​ចិត្ត​នឹង​អតីត​ប្រវត្ដិ​ដ៏​ល្អ​របស់​គាត់។ អ្នក​នឹង​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​គាត់​មាន​ប្រសាសន៍​មក។

ឥឡូវ​នេះ តើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ជីវិត​ដ៏​ប្រសើរ​នៅ​លើ​ផែនដី​មនោរម្យ ជា​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​យ៉ាង​ណា​ដែរ? បើ​អញ្ចឹង តើ​អតីត​ប្រវត្ដិ​របស់​ទ្រង់​បញ្ជាក់​យ៉ាង​ណា​ខ្លះ? ការ​បំពេញ​បទ​ទំនាយ​ទាំង​ឡាយ​ក្នុង​ព្រះ​គម្ពីរ បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​នូវ​ប្រវត្ដិ​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​ជា​ព្រះ​ដែល​មាន​ភាព​ត្រឹម​ត្រូវ​និង​សេចក្ដី​ពិត​ដែល​មិន​ចេះ​ខុស​ឡើយ។ (យ៉ូស្វេ ២៣:១៤; អេសាយ ៥៥:១១) សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជា​ការ​អាច​ទុក​ចិត្ត​បាន​ដល់​ម្ល៉េះ ដែល​នៅ​ពេល​ខ្លះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ព្រឹត្ដិការណ៍​នៅ​អនាគត ហាក់បី​ដូច​ជា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ជា​ឧទាហរណ៍ ក្រោយ​ពី​ទ្រង់​បាន​សន្យា​អំពី​ពិភពលោក​ថ្មី ដែល​ថា​សេចក្ដី​ស្លាប់​និង​សេចក្ដី​សោក​សង្រេង​នឹង​លែង​មាន​ទៀត​នោះ យើង​អាន​ថា​៖ «[ប្រសិទ្ធិពរ​ដែល​បាន​សន្យា​មក​នោះ]ស្រេច​ហើយ»! បើ​និយាយ​ឲ្យ​ចំ​ទៅ «នេះ​ជា​សេចក្ដី​ពិត»!—វិវរណៈ ២១:៥, ៦

ត្រូវ​ហើយ សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​បំពេញ​នៅ​អតីតកាល ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​ទៅ​លើ​ការ​បំពេញ​នៃ​សេចក្ដី​សន្យា​របស់​ទ្រង់​អំពី​ជីវិត​ដ៏​ប្រសើរ​សំរាប់​មនុស្ស​លោក។ ប៉ុន្តែ​នៅ​ពេល​ណា​ទៅ​ទើប​ជីវិត​ដ៏​ប្រសើរ​នេះ​នឹង​មក​ដល់?

ជីវិត​ដ៏​ប្រសើរ—នៅ​ពេល​ណា​ទៅ?

មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ជីវិត​ដ៏​ប្រសើរ​ជាង​នេះ​នឹង​មក​ដល់! យើង​អាច​ដឹង​យ៉ាង​ប្រាកដ​អំពី​រឿង​នេះ ពីព្រោះ​ព្រះ​គម្ពីរ​ចែង​ថា របស់​ដ៏​អាក្រក់​ជា​ច្រើន​នឹង​កើត​ឡើង​នៅ​លើ​ផែនដី​នេះ មុន​នឹង​ផ្ដល់​ឲ្យ​ជីវិត​ដ៏​ប្រសើរ​ក្នុង​សួន​មនោរម្យ។ ព្រឹត្ដិការណ៍​ដ៏​អាក្រក់​ទាំង​នេះ​កំពុង​តែ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។

ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​ប្រាប់​ថា នឹង​មាន​សង្គ្រាម​ដ៏​ធំ​ជា​ច្រើន។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១»។ (ម៉ាថាយ ២៤:៧) ទំនាយ​នេះ​បាន​មាន​ពិត​មែន។ ក្នុង​កំឡុង​ឆ្នាំ​១៩១៤​ទៅ​ឆ្នាំ​១៩៤៥ គឺ​មាន​សង្គ្រាម​លោក​ពីរ​ទៅ​ហើយ។ ហើយ​ក៏​មាន​សង្គ្រាម​ជា​ច្រើន​ទៀត ដែល​ប្រទេស​មួយ​ច្បាំង​នឹង​ប្រទេស​មួយ។ «រៀង​រាល់​ឆ្នាំ​ជា​មធ្យម ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​នៃ​កំឡុង​នេះ[តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ] គឺ​មាន​ពីរ​ដង​ច្រើន​ជាង​ចំនួន​មនុស្ស​ស្លាប់​ក្នុង​សតវត្ស​ទី១៩ ហើយ​ប្រាំ​ពីរ​ដង​ច្រើន​ជាង​សតវត្ស​ទី​១៨​ទៅ​ទៀត»។—ការ​ចំណាយ​ខាង​យោធា​និង​សង្គម​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​១៩៩៣

ការ​រាលដាល​នៃ​រោគ ក៏​ជា​ទី​សំអាង​មួយ​ទៀត​នៃ​ការ​ជិត​មក​ដល់​នៃ​ជីវិត​ដ៏​ប្រសើរ​ក្នុង​សួន​មនោរម្យ​ដែរ។ ព្រះ​យេស៊ូ​បាន​ទាយ​ថា នឹង​មាន‹ជម្ងឺ​រាតត្បាត​នៅ​កន្លែង​ផ្សេងៗ​›។ (លូកា ២១:១១) តើ​ទំនាយ​នេះ​បាន​មាន​ពិត​មែន​ទេ? គឺ​មាន​មែន។ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី១​មក រោគ​ផ្ដាសាយ​អេស្ប៉ាញ៉ុល​បាន​សម្លាប់​មនុស្ស​ជាង​២០​លាន​នាក់។ តាំង​ពី​នោះ​មក រោគ​មហារីក រោគ​បេះដូង ជម្ងឺ​គ្រុន​ចាញ់ រោគ​អេដស៍ និង​ជម្ងឺ​ផ្សេងៗ​ទៀត​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទាំង​ឡាយ រោគ​ជា​ច្រើន​កើត​មក​ពី​ទឹក​ក្រខ្វក់ (រួម​បញ្ចូល​នឹង​រោគ​ចុះ​រា​គ ហើយ​ដំបៅ​ក្លាយ​ពី​ព្រូន​ក្នុង​ពោះវៀន) ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ។

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «នឹង​កើត​មាន​អំណត់»។ (ម៉ាថាយ ២៤:៧) ដូច​ជា​បាន​កត់​សម្គាល់​មក​ក្នុង​អត្ថបទ​មុន​នេះ មនុស្ស​ក្រ​ខ្សត់​ក្នុង​ពិភពលោក មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ។ នេះ​ជា​ផ្នែក​មួយ​ទៀត​នៃ​ទី​សំអាង ដែល​ថា​ជីវិត​ដ៏​ប្រសើរ​ជាង​នេះ​ក្នុង​សួន​មនោរម្យ​នឹង​ជិត​មក​ដល់​ហើយ។

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «នឹង​មាន​កក្រើក​ដី​ជា​ខ្លាំង»។ (លូកា ២១:១១) ហើយ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​យើង​នេះ​ដែរ។ តាំង​ពី​១៩១៤ សេចក្ដី​ហិនវិនាស​ពី​ការ​កក្រើក​ដី​បាន​សម្លាប់​មនុស្ស​រាប់​រយ​សែន​នាក់។

ព្រះ​គម្ពីរ​ក៏​ចែង​ថែម​ទៀត​ថា «ថ្ងៃ​ជាន់​ក្រោយ​បង្អស់»​នឹង​ត្រូវ​បាន​សម្គាល់​ពី​ការ​ប្រែប្រួល​ក្នុង​ចិត្ត​មនុស្ស​លោក។ ពួក​គេ​នឹង​«ស្រឡាញ់​តែ​ខ្លួន​ឯង» ហើយ​«ទាំង​ស្រឡាញ់​ប្រាក់» ហើយ​កូន​ក្មេង​នឹង​«មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ»។ មនុស្ស​ជា​ទូទៅ​«ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ»។ (ធីម៉ូថេ​ទី២ ៣:១​-​៥) តើ​អ្នក​មិន​យល់​ស្រប​ថា សេចក្ដី​រៀប​រាប់​ទាំង​នេះ​ត្រូវ​ម៉ាច់​នឹង​មនុស្ស​ជា​ច្រើន​ទេ​ឬ?

កាល​ដែល​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើង ការ​ទទឹង​ច្បាប់​ក៏​មាន​កាន់​តែ​ច្រើន​ដែរ។ រឿង​នេះ​ក៏​ត្រូវ​បាន​ទាយ​ទុក​ជា​មុន​ដែរ។ យោង​ទៅ​តាម​ម៉ាថាយ ២៤:១២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​«ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង»។ លោក​អ្នក​ប្រហែល​ជា​យល់​ស្រប​ថា ឧក្រិដ្ឋកម្ម​គឺ​កាន់​តែ​អាក្រក់​ឡើងៗ​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។ មនុស្ស​នៅ​គ្រប់​កន្លែង​មាន​ការ​ខ្លាច​ណាស់ ថា​គេ​នឹង​ត្រូវ​ចោរ​ប្លន់ លួច​បន្លំ មាន​គ្រោះថ្នាក់​តាម​របៀប​ណា​មួយ។

សង្គ្រាម រោគ​ឆ្លង​រាលដាល ការ​ខ្វះ​ខាត​ម្ហូបអាហារ ការ​កក្រើក​ផែនដី ឧក្រិដ្ឋកម្ម​ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ការ​ប្រែប្រួល​ដ៏​អាក្រក់​ក្នុង​ទំនាក់ទំនង​មនុស្ស—ទាំង​អស់​នេះ​ជា​ទី​សំអាង​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ជា​ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​មក។ អ្នក​ប្រហែល​ជា​សួរ​ថា​៖ ‹ប៉ុន្តែ តើ​រឿង​ទាំង​នេះ​មិន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​លោក​ហើយ​ទេ​ឬ​អ្វី? តើ​មាន​ការ​ខុស​ប្លែក​យ៉ាង​ណា​ទៅ​ពី​សម័យ​យើង​នេះ›?

គឺ​មាន​ចំណុច​ដ៏​សំខាន់​ណាស់​អំពី​អ្វីៗ​ដែល​កំពុង​តែ​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា ទិដ្ឋភាព​ណា​មួយ​ដូច​ជា ការ​ខ្វះ​ខាត​ម្ហូបអាហារ ជា​ភស្តុតាង​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់ ហើយ​ថា​ជីវិត​ដ៏​ប្រសើរ​នឹង​ជិត​មក​ដល់​នោះ​ទេ។ ទំនាយ​របស់​ព្រះ​គម្ពីរ​ទាំង​ឡាយ​អំពី​គ្រា​ចុង​បញ្ចប់ នឹង​ត្រូវ​សម្រេច​ទៅ​លើ​តំណ​មនុស្ស​ដែល​មិន​គោរព​ព្រះ។—ម៉ាថាយ ២៤:៣៤​-​៣៩; លូកា ១៧:២៦, ២៧

ម្យ៉ាង​វិញ​ទៀត ជា​ការ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ ដែល​ទិដ្ឋភាព​ខ្លះ​របស់​ទំនាយ​ព្រះ​យេស៊ូ—ជា​ពិសេស​អំពី​ការ​ខ្វះ​ខាត​ម្ហូបអាហារ និង​រោគ​ឆ្លង​រាលដាល—បាន​កើត​ឡើង​ពិត​មែន​នៅ​សព្វ​ថ្ងៃ​នេះ។ ហេតុ​អ្វី? ពីព្រោះ​ស្នា​ដៃ​ខាង​វិទ្យាសាស្ត្រ​មាន​កាន់​តែ​ច្រើន​ឡើង។ វិជ្ជា​និង​វិធី​ព្យាបាល​រោគ​បាន​ជឿនលឿន​ឡើង​ហើយ​មាន​ពាស​ពេញ។ មាន​តែ​ព្រះ​ទេ​ដែល​អាច​ទាយ​ប្រាប់​ក្នុង​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ទ្រង់ ថា​នៅ​ក្នុង​កំឡុង​គ្រា​បែប​នេះ រោគ​និង​ទុរភិក្ស​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង មិន​បាន​ប្រសើរ​ទេ។

ដោយ​សារ​តែ​ទំនាយ​ទាំង​ឡាយ​របស់​ព្រះ​គម្ពីរ​អំពី​គ្រា​នៃ​ចុង​បញ្ចប់ ឬ​អំពី​«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»​បាន​មាន​ពិត​មែន​នោះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? គឺ​ថា​ជីវិត​ដ៏​ប្រសើរ​ជិត​មក​ដល់​ហើយ! ប៉ុន្តែ​តើ​នឹង​មក​តាម​របៀប​ណា?

ជីវិត​ដ៏​ប្រសើរ—តាម​របៀប​ណា?

តើ​អ្នក​គិត​ថា មនុស្ស​លោក​អាច​ធ្វើ​ឲ្យ​មាន​ទី​មនោរម្យ​បាន​ទេ? ទូទាំង​ប្រវត្ដិសាស្ត្រ​រហូត​មក​ដល់​សម័យ​យើង​នេះ គឺ​មាន​រដ្ឋាភិបាល​របស់​មនុស្ស​ជា​ច្រើន​ប្រភេទ។ រដ្ឋាភិបាល​ខ្លះ​បាន​ខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​បាន​ស្កប់ស្កល់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​គេ។ ប៉ុន្តែ បញ្ហា​ជា​ច្រើន​កាន់​តែ​អាក្រក់​ឡើងៗ។ ក្នុង​ប្រទេស​ដ៏​ស្តុកស្តម្ភ​និង​ប្រទេស​ក្រ​ខ្សត់​ទាំង​ឡាយ រដ្ឋាភិបាល​មាន​បញ្ហា​ដោះ​ស្រាយ​នឹង​ការ​រំលោភ​លើ​គ្រឿង​ញៀន ការ​ខ្វះ​ខាត​លំនៅ ភាព​ក្រ​ខ្សត់ ឧក្រិដ្ឋកម្ម ការ​អត់​មាន​ការងារ​ធ្វើ និង​សង្គ្រាម។

ទោះបី​រដ្ឋាភិបាល​ណា​មួយ​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ខ្លះ​ក្ដី តែ​ពួក​គេ​មិន​អាច​ផ្ដល់​នូវ​សេរីភាព​ដ៏​ពេញទី​ពី​សុខភាព​មិន​ល្អ ហើយ​ក៏​មិន​អាច​បញ្ចប់​នៅ​ភាព​ចាស់​ជរា ឬ​សេចក្ដី​ស្លាប់​បាន​ឡើយ។ យ៉ាង​ច្បាស់​ណាស់ មនុស្ស​មិន​អាច​ផ្ដល់​នូវ​ទី​មនោរម្យ​នៅ​លើ​ផែនដី​នេះ​បាន​ទេ។

ព្រះ​គម្ពីរ​ចែង​យ៉ាង​វាងវៃ​ថា​៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។ បើ​អញ្ចឹង តើ​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​អ្នក​ណា​បាន? ព្រះ​គម្ពីរ​ឆ្លើយ​ថា​៖ «សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន»។ (ទំនុកដំកើង ១៤៦:៣, ៥) បើសិន​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​នឹង​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ត្រូវ​ខក​ចិត្ត​ឡើយ។

យ៉ាង​ប្រាកដ​ណាស់ បុគ្គល​ដែល​មាន​ប្រាជ្ញា​និង​ព្រះ​ចេស្ដា​ក្នុង​ការ​បង្កើត​ផែនដី សុរិយា និង​ផ្កាយ​ទាំង​ឡាយ ក៏​អាច​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​មនោរម្យ​បាន​ដែរ។ ទ្រង់​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​ទទួល​បាន​នូវ​ជីវិត​ដ៏​ប្រសើរ។ អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​ព្រះទ័យ​នឹង​ធ្វើ​ឡើង នោះ​ទ្រង់​អាច​ហើយ​ធ្វើ​ឲ្យ​បាន​សម្រេច។ ព្រះ​គម្ពីរ​ចែង​ថា​៖ «ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ»។ (លូកា ១:៣៧) ប៉ុន្តែ តើ​តាម​របៀប​ណា​ទៅ ដែល​ព្រះ​នឹង​នាំ​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ​នោះ?

ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ​ដល់​មនុស្ស តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ ហើយ​តើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? នេះ​ជា​រដ្ឋាភិបាល​ដ៏​ពិត​មួយ ដែល​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​គ្រប់គ្រង​ដែល​ព្រះ​បាន​តែងតាំង​មក។ រាជាណាចក្រ​របស់​ព្រះ​គឺ​នៅ​ឯ​ស្ថានសួគ៌ ប៉ុន្តែ​បន្ដិច​ទៀត រដ្ឋាភិបាល​នេះ​នឹង​ផ្ដល់​នូវ​ប្រសិទ្ធិពរ​និង​ជីវិត​ដ៏​ប្រសើរ​ដល់​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ផែនដី​មនោរម្យ។—អេសាយ ៩:៦, ៧

លោក​អ្នក​ប្រហែល​ជា​ដឹង​អំពី​គំរូ​អធិស្ឋាន​របស់​ព្រះ​យេស៊ូ​រួច​មក​ហើយ ដែល​នៅ​ក្នុង​ព្រះ​គម្ពីរ​ម៉ាថាយ ៦:៩​-​១៣។ មួយ​ចំណែក​នៃ​ការ​អធិស្ឋាន​ទៅ​ព្រះ ចែង​ថា​៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ ស្រប​ទៅ​តាម​ការ​អធិស្ឋាន​នេះ រាជាណាចក្រ​របស់​ព្រះ​នឹង​«មក»​ដើម្បី​នឹង​ចាត់​វិធានការ​ធ្វើ​តាម​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​ផែនដី​នេះ។ ហើយ​ជា​បំណង​របស់​ទ្រង់ ដែល​ចង់​ឲ្យ​ផែនដី​នេះ​ទៅ​ជា​សួន​មនោរម្យ​នោះ។

នៅ​មាន​សំនួរ​មួយ​ដែល​ត្រូវតែ​សួរ​ឡើង​៖ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​នឹង​បាន​ជីវិត​ដ៏​ប្រសើរ​ក្នុង​សួន​មនោរម្យ​នៅ​អនាគត​នេះ?

អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ

ព្រះ​យេហូវ៉ា​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ទុក​ឲ្យ​ជីវិត​ដ៏​ប្រសើរ​ក្នុង​សួន​មនោរម្យ​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា​៖ «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក[ផែនដី]ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក[ផែនដី]នោះ​ជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ប៉ុន្តែ​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​បាន​សុចរិត​ក្នុង​ព្រះ​នេត្រ​ទ្រង់?

ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ព្រះទ័យ យើង​ត្រូវ​តែ​រៀន​ឲ្យ​បាន​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ។ បើសិន​ជា​យើង​យក​ចំណេះវិជ្ជា​អំពី​ព្រះ ហើយ​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​យើង​នោះ យើង​អាច​រស់​នៅ​ជា​និរន្តរ៍​បាន។ ក្នុង​ការ​អធិស្ឋាន​ទៅ​ព្រះ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។—យ៉ូហាន ១៧:៣

សៀវភៅ​ដែល​ប្រាប់​យើង​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​ព្រះ​គម្ពីរ​ដែល​ជា​បន្ទូល​របស់​ព្រះ។ នេះ​ជា​រង្វាន់​ដ៏​មាន​តម្លៃ​មួយ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​គម្ពីរ​គឺ​ប្រៀប​ដូច​នឹង​សំបុត្រ​មួយ​ពី​ឪពុក​ដ៏​មាន​សេចក្ដី​ស្រឡាញ់​ម្នាក់ ផ្ញើ​ទៅ​កូន​ចៅ​របស់​គាត់។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ក្នុង​ការ​នាំ​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ​សំរាប់​មនុស្ស​លោក ហើយ​បង្ហាញ​យើង​នូវ​របៀប​ដែល​យើង​អាច​ទទួល​បាន។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​នូវ​អ្វីៗ​ដែល​ព្រះ​បាន​ធ្វើ​នៅ​អតីតកាល ហើយ​ប្រាប់​យើង​នូវ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​នា​អនាគត។ ហើយ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ឱវាទ​ដ៏​មាន​ប្រយោជន៍​អំពី​របៀប​ដែល​យើង​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ប្រាកដ​ហើយ បន្ទូល​របស់​ព្រះ​បង្រៀន​យើង​នូវ​របៀប​ដែល​យើង​អាច​ស្វែង​រក​សុភមង្គល ទោះបី​រស់​នៅ​ក្នុង​ពិភពលោក​ដ៏​មាន​បញ្ហា​ជា​ច្រើន​នេះ​ក្ដី។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នឹង​មាន​ចិត្ត​ដ៏​រីករាយ ក្នុង​ការ​ចាត់​ចែង​ឲ្យ​អ្នក​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ។ ចូរ​រៀន​អំពី​របៀប​ដែល​អ្នក​អាច​មាន​ជីវិត​ដ៏​សប្បាយ​ថែម​ទៀត​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​មាន​សង្ឃឹម​នូវ​ជីវិត​ដ៏​ប្រសើរ​ក្នុង​នា​អនាគត។

[រូបភាព​នៅ​ទំព័រ​៥]

ទំនាយ​ព្រះគម្ពីរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ជីវិត​ដ៏​ប្រសើរ​នឹង​ជិត​មក​ដល់​ហើយ

[រូបភាព​នៅ​ទំព័រ​៧]

ព្រះ​រាជាណាចក្រ​របស់​ព្រះ នឹង​ផ្ដល់​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ​សំរាប់​មនុស្ស​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក