បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៣ ទំ. ៨-១៣
  • ចូរកុំឲ្យចុះចាញ់ឲ្យសោះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរកុំឲ្យចុះចាញ់ឲ្យសោះ!
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពេល​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត
  • ពេល​ដែល​យើង​ធ្វើ​ខុស
  • កាល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​បាន​ធ្វើ​ឲ្យ​​បាន​គ្រប់គ្រាន់
  • កាល​ណា​ដែល​គេ​ទារ​ជា​ច្រើន​ពី​យើង
  • ដ្បិត​ទីបញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ
  • ព្រះយេហូវ៉ាចំរើនកម្លាំងដល់អ្នកនឿយហត់
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរ«មើលចំទៅ»ពេលអនាគត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «ទ្រង់រមែងចំរើនកំឡាំងដល់អ្នកដែលល្វើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • អ្នកចាស់ទុំទាំងឡាយ ចូរបន្ដយកតម្រាប់សាវ័កប៉ូល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៣ ទំ. ៨-១៣

ចូរ​កុំ​ឲ្យ​ចុះ​ចាញ់​ឲ្យ​សោះ!

«កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—កាឡាទី ៦:៩

១, ២. (ក) តើ​សត្វ​សិង្ហ​ស្វែង​រក​ចំណី​តាម​វិធី​ណា​ខ្លះ? (ខ) ជា​ពិសេស តើ​អ្នក​ណា​ដែល​អារក្ស​ចូល​ចិត្ត​បៀតបៀន​នោះ?

សត្វ​សិង្ហ​ស្វែង​រក​ចំណី​របស់​វា​តាម​វិធី​ច្រើន​យ៉ាង។ ជួន​កាល​វា​នឹង​ពួន​ចាំ​ចំណី​របស់​វា​នៅ​ឯ​មាត់​ទឹក ឬ​ក៏​នៅ​តាម​ផ្លូវ​ដែល​ប្រើ​ជា​ញឹកញាប់។ ប៉ុន្តែ នៅ​ពេល​ខ្លះ​ទៀត សៀវភៅគំនូរ​នៅ​ក្នុង​ព្រៃ​ចែង​ថា សត្វ​សិង្ហ​«នឹង​ឆ្លៀត​យក​ប្រយោជន៍​នៅ​ស្ថានការណ៍​យ៉ាង​ស្រួល—ជា​ឧទាហរណ៍ នៅ​ពេល​ដែល​វា​ជួប​ប្រទះ​នឹង​កូន​សេះ​បង្កង់​ដែល​កំពុង​តែ​ដេក​លក់»។

២ សាវ័ក​ពេត្រុស​ពន្យល់​ថា​៖ «អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ»​របស់​យើង «វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​ត្របាក់​លេប​បាន»។ (ពេត្រុសទី១ ៥:៨) ដោយ​ដឹង​ថា ពេល​វេលា​របស់​វា​កាន់​តែ​ខ្លី​ទៅ​ហើយ​នោះ សាតាំង​ក៏​កំពុង​តែ​ធ្វើ​ការ​កៀប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​មក​លើ​មនុស្ស​លោក ដើម្បី​នឹង​ឃាត់​ពួក​គេ​កុំ​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ «សិង្ហ​ដែល​គ្រហឹម»​នេះ ជា​ពិសេស​គឺ​ចូល​ចិត្ត​បៀតបៀន​ទៅ​លើ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ១២:១២, ១៧) វិធី​រក​ចំណី​របស់​វា គឺ​ដូច​គ្នា​នឹង​វិធី​រក​ចំណី​របស់​សត្វ​សិង្ហ នៅ​ក្នុង​រជ្ជ​សត្វ។ តើ​តាម​វិធី​ណា​ទៅ?

៣, ៤. (ក) តើ​សាតាំង​ប្រើ​វិធី​ណា​ខ្លះ ក្នុង​ការ​បៀតបៀន​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា? (ខ) ដោយសារ​តែ​មាន​«គ្រា​លំបាក​ណាស់» តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​ត្រូវ​សួរ?

៣ ជួន​កាល​សាតាំង​ខំ​ព្យាយាម​ប្រើ​វិធី—រក​ចាប់​ធ្វើ​បៀត​បៀត ឬ​ការ​ប្រឆាំង​ដែល​មាន​គោល​បំណង​ដើម្បី​នឹង​បំបាក់​បំបែក​នូវ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យើង ដើម្បី​ឲ្យ​យើង​ឈប់​បំរើ​ព្រះ​យេហូវ៉ា។ (ធីម៉ូថេ​ទី​២ ៣:១២) ប៉ុន្តែ ដូច​សត្វ​សិង្ហ​ដែរ នៅ​ពេល​ឯ​ទៀត អារក្ស​វា​គ្រាន់​តែ​ឆ្លៀត​យក​នៅ​ឱកាស​ណា​មួយ។ វា​រង់ចាំ​ទំរាំ​ដល់​ពេល​ណា​ដែល​យើង​បាន​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​ទន់ខ្សោយ ហើយ​បន្ទាប់​មក​វា​នឹង​ព្យាយាម​ឆ្លៀត​យក​ប្រយោជន៍​ពី​ភាព​ទន់ខ្សោយ​ខាង​ផ្លូវ​ចិត្ត​របស់​យើង​នេះ ដើម្បី​ឲ្យ​យើង​ចុះ​ចាញ់។ យើង​មិន​ត្រូវ​ក្លាយ​ទៅ​ជា​ចំណី​អាហារ​របស់​វា​ដ៏​ស្រួល​ឡើយ!

៤ ប៉ុន្តែ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​ពិបាក​ជា​ទីបំផុត នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​ទាំង​អស់។ នៅ​ក្នុង​«គ្រា​លំបាក​ណាស់»​នេះ ជួន​កាល​ពួក​យើង​ជា​ច្រើន​បាន​ធ្លាក់​ទឹក​ចិត្ត ឬ​ក៏​មាន​បារម្ភ​ចិត្ត​ជា​ខ្លាំង។ (ធីម៉ូថេ​ទី​២ ៣:១) ដូច្នេះ តើ​ឲ្យ​យើង​អាច​ចៀសវាង​ពី​ការ​ទៅ​ជា​ទន់ខ្សោយ​យ៉ាង​ណា​បាន ដើម្បី​កុំ​ឲ្យ​យើង​បាន​ក្លាយ​ទៅ​ជា​ចំណី​ដ៏​ស្រួល​សំរាប់​អារក្ស​នោះ? មែន​ហើយ តើ​យើង​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​យ៉ាង​ដូច​ម្ដេច​បាន ដែល​ថា​៖ «កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ»។—កាឡាទី ៦:៩

ពេល​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត

៥. តើ​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​ដាវីឌ​ទៅ​ជា​ទន់ខ្សោយ ប៉ុន្តែ​តើ​អ្វី​ដែល​គាត់​ពុំ​បាន​ធ្វើ?

៥ នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ សូម្បីតែ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​បំផុត ក៏​ប្រហែល​ជា​មាន​ការ​ពិបាក​ចិត្ត​ដែរ។ ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «ទូល​បង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូល​បង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូល​បង្គំ​ហូរ​ស្រោច​ដាប​គ្រែ ភ្នែក​ទូល​បង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយ»។ ហេតុ​អ្វី​ក៏​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​នេះ? គាត់​បាន​ពន្យល់​ថា​៖ «ដោយ​ព្រោះ​ពួក​ដែល​តតាំង​នឹង​ទូល​បង្គំ»។ សកម្មភាព​ដ៏​ឈឺចាប់​នៃ​អ្នក​ដទៃ​បាន​បណ្ដាល​ឲ្យ​ដាវីឌ​ឈឺចិត្ត​ដល់​ម្ល៉េះ ដែល​ទឹក​ភ្នែក​របស់​គាត់​បាន​ហូរ​ចេញ​មក។ យ៉ាង​ណា​ក្ដី ដាវីឌ​មិន​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​តែ​មនុស្ស​គ្នីគ្នា​បាន​ធ្វើ​មក​លើ​រូប​គាត់​នោះ​ទេ។—ទំនុកដំកើង ៦:៦​-​៩

៦. (ក) តើ​ពាក្យ​សំដី​ឬ​សកម្មភាព​នៃ​អ្នក​ឯ​ទៀត​អាច​ប៉ះ​ពាល់​មក​លើ​យើង​យ៉ាង​ណា? (ខ) តើ​តាម​របៀប​ណា​ដែល​ជន​ខ្លះ​ធ្វើ​ឲ្យ​ខ្លួន​គេ​ស្រួល​សំរាប់​ឲ្យ​អារក្ស​បៀតបៀន​នោះ?

៦ ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​សំដី​ឬ​សកម្មភាព​របស់​អ្នក​ឯ​ទៀត​អាច​បណ្ដាល​ឲ្យ​យើង ទៅ​ជា​ទន់ខ្សោយ​ដោយ​មាន​ការ​ឈឺចិត្ត​ជា​ខ្លាំង។ សុភាសិត ១២:១៨ ចែង​ថា​៖ «មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ»។ កាល​បើ​ជន​ឥត​បើ​គិត​នោះ ជា​បងប្អូន​ប្រុស​ស្រី​គ្រីស្ទាន​ម្នាក់ ‹ស្នាម​ចាក់​នោះ›អាច​ទៅ​ជា​ជ្រៅ​បាន។ ការ​ទោរ​ទន់​របស់​មនុស្ស ប្រហែល​ទៅ​ជា​អាក់អន់​ចិត្ត ហើយ​ក៏​ប្រហែល​ទៅ​ជា​ចង​គំនុំ​ក្នុង​ចិត្ត​ផង។ រឿង​នេះ​គឺ​ពិត​មែន បើសិន​ជា​យើង​មាន​អារម្មណ៍​ថា មាន​គេ​បាន​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​គ្មាន​ចិត្ត​សប្បុរស​ឬ​ដោយ​គ្មាន​យុត្ដិធម៌​នោះ។ យើង​ប្រហែល​ជា​មាន​ការ​ពិបាក​និយាយ​ទៅ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត ហើយ​យើង​ក៏​ថែម​ទាំង​ខំ​ចៀស​វាង​ពី​ជន​នោះ​ដោយ​ចេតនា​ផង។ ដោយ​មាន​ការ​តូច​ចិត្ត​ជា​ខ្លាំង ជន​ខ្លះ​បាន​ចុះ​ចាញ់​ហើយ​បាន​ឈប់​មក​ប្រជុំ​គ្រីស្ទាន​ទៀត។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ពួក​គេ​«ឲ្យ​អារក្ស​មាន​ឱកាស» ឆ្លៀត​យក​ប្រយោជន៍​ពី​គេ​ជា​ចំណី​អាហារ​យ៉ាង​ស្រួល។—អេភេសូរ ៤:២៧

៧. (ក) តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​ចៀស​វាង​ពី​ការ​ចូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស នៅ​ពេល​ដែល​អ្នក​ដទៃ​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត​ឬ​ក៏​បញ្ឈឺចិត្ត​យើង​នោះ? (ខ) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ចង​គំនុំ?

៧ តើ​យើង​អាច​ចៀស​វាង​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស​យ៉ាង​ដូច​ម្ដេច​បាន នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត​ឬ​ក៏​ធ្វើ​ឲ្យ​យើង​ឈឺចិត្ត​នោះ? យើង​ត្រូវ​តែ​ខំ​ព្យាយាម​កុំ​ឲ្យ​ចង​គំនុំ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ខ្នះខ្នែង​ស្វែង​រក​សន្ដិភាព ឬ​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ​ឲ្យ​បាន​ឆាប់ៗ។ (អេភេសូរ ៤:២៦) កូល៉ុស ៣:១៣ ព.ថ. ដាស់​តឿន​យើង​ថា​៖ «ចូរ . . . អត់​ទោស​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​អ្នក​ណា​មួយ​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ទៀត​នោះ»។ ការ​អត់​ឱន​ទោស​ជា​ការ​សម​ត្រឹម​ត្រូវ​ណាស់ បើ​កាល​ណា​ជន​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត​បាន​សារភាព​អំពី​កំហុស ហើយ​បាន​សុំ​អភ័យទោស​នោះ។ (ប្រៀបធៀប ទំនុកដំកើង ៣២:៣​-​៥ និង​សុភាសិត ២៨:១៣) ការ​នេះ​អាច​ជួយ​យើង​ដែរ បើសិន​ជា​យើង​ចង​ចាំ​ថា ការ​អត់​ឱន​ទោស មិន​មែន​មាន​ន័យ​ថា យើង​បណ្ដោយ​ឲ្យ​មាន​ឬ​ក៏​ធ្វើ​ឲ្យ​ស្រាល​នូវ​កំហុស​ដែល​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ត​នោះ​ទេ។ ការ​អន់​ឱន​ទោស គឺ​ទាក់ទង​នឹង​ការ​បំបាត់​នូវ​ការ​ចង​គំនុំ។ ការ​ចង​គំនុំ​គឺ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​នឹង​សែង​ណាស់។ វា​អាច​ស៊ី​គំនិត​យើង ហើយ​បំបាត់​សុភមង្គល​ពី​យើង។ ហើយ​ថែម​ទាំង​អាច​មាន​ឥទ្ធិពល​មក​លើ​សុខភាព​របស់​យើង​ផង។ ជា​ការ​ផ្ទុយ​ទៅ​វិញ ការ​អត់​ឱន​ទោស នៅ​ពេល​ត្រឹម​ត្រូវ ជា​ការ​ដ៏​មាន​ប្រយោជន៍​មក​លើ​ខ្លួន​យើង​ផ្ទាល់។ ដូច​ដាវីឌ សូម​ឲ្យ​យើង​កុំ​ចុះ​ចាញ់​ហើយ​កុំ​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ព្រះ​យេហូវ៉ា ដោយ​ព្រោះ​តែ​អ្វីៗ​ដែល​មនុស្ស​ឯ​ទៀត​បាន​និយាយ​ឬ​បាន​ធ្វើ​មក​យើង​នោះ!

ពេល​ដែល​យើង​ធ្វើ​ខុស

៨. (ក) ហេតុ​អ្វី​ក៏​ជន​ខ្លះ​មាន​អារម្មណ៍​ថា​ជា​កំហុស​របស់​ខ្លួន​នៅ​ពេល​ខ្លះ? (ខ) តើ​មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ការ​បណ្ដោយ​ឲ្យ​កំហុស​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​យើង​ជា​ខ្លាំង ដែល​បណ្ដាល​ឲ្យ​យើង​ចុះ​ចាញ់​នឹង​ខ្លួន​យើង​នោះ?

៨ យ៉ាកុប ៣:២ បាន​ចែង​ថា​៖ «យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ»។ កាល​ណា​យើង​ជំពប់ នោះ​ជា​ការ​ធម្មតា​ទេ ដែល​យើង​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​ខុស​នោះ។ (ទំនុកដំកើង ៣៨:៣​-​៨) ការ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​ខុស ជា​ពិសេស​អាច​ទៅ​ជា​ខ្លាំង​បាន បើសិន​ជា​យើង​កំពុង​តែ​តយុទ្ធ​នឹង​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម​ហើយ​ពិសោធ​ការ​គ្មាន​ជោគជ័យ​នៅ​ពេល​ខ្លះ​នោះ។a ជន​គ្រីស្ទាន​ម្នាក់​ដែល​បាន​ជួប​ប្រទះ​នឹង​ស្ថានការណ៍​បែប​នេះ បាន​ពន្យល់​ថា​៖ «ខ្ញុំ​លែង​ចង់​រស់​នៅ​ត​ទៅ​ទៀត ដោយ​ពុំ​បាន​ដឹង​ថា​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​អត់​ឱន​ទោស​ឲ្យ​ឬ​ក៏​យ៉ាង​ណា។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ណា​នឹង​ខំ​ប្រឹងប្រែង​ខ្លួន​ខ្ញុំ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ទៀត​ទេ ដ្បិត​នេះ​ប្រហែល​ជា​ហួស​ពេល​ទៅ​ហើយ​ចំពោះ​រូប​ខ្ញុំ​នោះ»។ កាល​ណា​កំហុស​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​យើង​ជា​ខ្លាំង ដែល​យើង​ចុះ​ចាញ់​នឹង​ខ្លួន​យើង​នោះ យើង​អាច​ឲ្យ​អារក្ស​នូវ​ឱកាស​ដ៏​ល្អ​មួយ—ហើយ​វា​អាច​ឆ្លៀត​យក​ឱកាស​នេះ​ភ្លាម! (កូរិនថូសទី២ ២:៥​-​៧, ១១) អ្វី​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នោះ គឺ​ជា​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អំពី​កំហុស។

៩. ហេតុ​អ្វី​ក៏​យើង​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ?

៩ នៅ​ពេល​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប នោះ​គឺ​ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ការ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​ខុស​ខ្លះ​ដែរ។ ប៉ុន្តែ ជួន​កាល​ការ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​ធ្វើ​ខុស គឺ​នៅ​តែ​មាន ពីព្រោះ​ជន​គ្រីស្ទាន​ម្នាក់​មាន​អារម្មណ៍​ថា គាត់​មិន​អាច​នឹង​សម​ទទួល​នូវ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​ធានា​អះអាង​ប្រាប់​យើង​យ៉ាង​កក់ក្ដៅ​ថា​៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។ (យ៉ូហានទី១ ១:៩) តើ​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ណា​ឲ្យ​ជឿ​ថា ព្រះ​នឹង​មិន​ធ្វើ​យ៉ាង​នេះ​ក្នុង​ករណី​របស់​យើង​នោះ? ចូរ​ចង​ចាំ​ថា ក្នុង​បន្ទូល​របស់​ទ្រង់ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​ទ្រង់​«បំរុង​តែ​នឹង​អត់​ទោស»។ (ទំនុកដំកើង ៨៦:៥; ១៣០:៣, ៤) ដោយ​ព្រោះ​តែ​ទ្រង់​មិន​ចេះ​ភូតភរ ទ្រង់​នឹង​សម្រេច​តាម​បន្ទូល​របស់​ទ្រង់​បាន​សន្យា​មក ឲ្យ​តែ​យើង​មក​ឯ​ទ្រង់​ដោយ​ចិត្ត​កែ​ប្រែ។—ទីតុស ១:២

១០. តើ​មាន​ការ​លើក​ទឹក​ចិត្ត​ដ៏​កក់ក្ដៅ​អ្វី ដែល​ទស្សនាវដ្ដី​ប៉មយាម​ពីដើម​បាន​បោះ​ពុម្ព​អំពី​ការ​ប្រយុទ្ធ​នឹង​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម?

១០ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា បើសិន​ជា​អ្នក​កំពុង​តែ​ប្រយុទ្ធ​នឹង​ភាព​ទន់ខ្សោយ​ណា​មួយ ហើយ​បាន​ត្រឡប់​មក​ធ្វើ​អំពើ​អាក្រក់​នោះ​វិញ? ចូរ​កុំ​ចុះ​ចាញ់​ឡើយ! ការ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើង​វិញ​នេះ​នឹង​មិន​ចាំបាច់​បំបាត់​នូវ​ការ​រីក​ចំរើន ដែល​អ្នក​បាន​សម្រេច​រួច​ហើយ​នោះ​ទេ។ ទស្សនាវដ្ដី​នេះ ១៥ កុម្ភៈ ១៩៥៤ បាន​ផ្ដល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត​ដ៏​កក់ក្ដៅ​ថា​៖ «យើង[អាច]ឃើញ​ថា​ខ្លួន​យើង កំពុង​តែ​ជំពប់​ហើយ​ដួល​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​លើ​ទំលាប់​អាក្រក់​ខ្លះ ដែល​បាន​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជីវភាព​ពី​មុន​របស់​យើង ជាង​យើង​បាន​ដឹង។ . . . ចូរ​កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​កុំ​ឲ្យ​អ្នក​សន្និដ្ឋាន​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​អត់​ឱន​ទោស​ឲ្យ​បាន​នោះ។ នេះ​ហើយ​គឺ​ជា​របៀប​ដែល​សាតាំង​ចង់​ឲ្យ​អ្នក​គិត​យ៉ាង​ដូច្នេះ។ ដោយ​ហេតុ​តែ​អ្នក​ទុក្ខ​ព្រួយ​ហើយ​មួម៉ៅ​នឹង​ខ្លួន នេះ​ហើយ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា អ្នក​ពុំ​ទាន់​បាន​ប្រព្រឹត្ត​ជ្រុល​ទេ។ ចូរ​កុំ​ខ្លាច​បែរ​មក​រក​ព្រះ ដោយ​បន្ទាប​ខ្លួន​នឹង​ស្មោះ​អស់​ពី​ចិត្ត ហើយ​សុំ​រក​ការ​អត់​ឱន​ទោស​នឹង​ការ​លាង​សំអាត ហើយ​និង​ជំនួយ​ពី​ទ្រង់​ចុះ។ ចូរ​ទៅ​ឯ​ទ្រង់ ប្រៀប​ដូច​ជា​កូន​ម្នាក់​ទៅ​ឯ​ឪពុក​របស់​ខ្លួន នៅ​ពេល​ដែល​មាន​បញ្ហា​អ្វី​មួយ ទោះបី​ជា​ទៅ​ឯ​ទ្រង់​អំពី​ភាព​ទន់ខ្សោយ​ដដែល​ប៉ុន្មាន​ដង​ក៏​មិន​អី​ដែរ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ឲ្យ​ជំនួយ​ដល់​អ្នក​យ៉ាង​រួសរាយ ដោយសារ​តែ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ទ្រង់ ហើយ​បើសិន​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​នូវ​មនសិការ​ដ៏​ស្អាត​ស្អំ»។

កាល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​បាន​ធ្វើ​ឲ្យ​​បាន​គ្រប់គ្រាន់

១១. (ក) តើ​យើង​គួរ​តែ​មាន​អារម្មណ៍​យ៉ាង​ណា ចំពោះ​ការ​ចូល​រួបរួម​ក្នុង​កិច្ចការ​ផ្សាយ​ព្រះ​រាជាណាចក្រ? (ខ) តើ​អារម្មណ៍​អ្វី​ដែល​ជន​គ្រីស្ទាន​ខ្លះ​ខំ​ពុះពារ​ក្នុង​ការ​ចូល​រួបរួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ?

១១ កិច្ចការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​គ្រីស្ទាន ហើយ​ការ​ចូល​រួបរួម​ក្នុង​កិច្ចការ​នេះ នាំ​មក​នូវ​សេចក្ដី​អំណរ។ (ទំនុកដំកើង ៤០:៨) ប៉ុន្តែ ជន​គ្រីស្ទាន​ខ្លះ​មាន​អារម្មណ៍​ថា ជា​កំហុស​របស់​ខ្លួន​ដោយ​ពុំ​អាច​ធ្វើ​ឲ្យ​បាន​ច្រើន​ក្នុង​កិច្ចការ​បំរើ​នេះ។ ការ​មាន​អារម្មណ៍​បែប​នេះ អាច​ធ្វើ​ឲ្យ​សេចក្ដីរីករាយ​របស់​យើង​រលាយ​ទៅ ហើយ​បណ្ដាល​ឲ្យ​យើង​ចុះ​ចាញ់​ផង ដោយ​នឹក​ស្មាន​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ថា​យើង​មិន​បាន​ធ្វើ​គ្រប់គ្រាន់​សោះ។ ចូរ​ពិចារណា​មើល​នូវ​អារម្មណ៍​ផ្សេងៗ​ដែល​អ្នក​ខ្លះ​កំពុង​តែ​ពុះពារ។

គ្រីស្ទាន​ស្រី​ម្នាក់​ដែល​កំពុង​តែ​ចិញ្ចឹម​កូន​បី​នាក់​ជា​មួយ​ប្ដី​របស់​នាង​បាន​សរសេរ​ថា​៖ «តើ​អ្នក​ដឹង​ថា​ភាព​ទាល់​ក្រ​យក​ពេល​វេលា​ច្រើន​យ៉ាង​ណា​ទេ? ខ្ញុំ​ត្រូវ​តែ​សំចៃ​កន្លែង​ណា​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន។ នេះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​តែ​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ហាង​ថោកៗ ដើម្បី​នឹង​ស្វែង​រក​ឥវ៉ាន់​ណា​ដែល​គេ​លក់​ថោកៗ ឬ​ថែម​ទាំង​ដេរ​ខោ​អាវ​ផង។ ជា​រៀង​រាល់​អាទិត្យ ខ្ញុំ​ក៏​ចំណាយ​ពេល​មួយ​ម៉ោង​ឬ​ពីរ​ម៉ោង ដើម្បី​នឹង​ពិនិត្យ​ឆែក​មើល​នូវ​បង្កាន់​ដៃ​ពី​ហាង កាត់​វា​ហើយ​នឹង​យក​វា​ទៅ​ប្ដូរ​យក​ឥវ៉ាន់​ផ្សេងៗ។ ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា ជា​កំហុស​របស់​ខ្ញុំ​ក្នុង​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​គិត​ថា ខ្ញុំ​គួរ​តែ​ចំណាយ​ពេល​នោះ​ក្នុង​ការ​ដើរ​ទៅ​ផ្សាយ​វិញ»។

បង​ស្រី​ម្នាក់​ដែល​មាន​កូន​បួន​នាក់ និង​ប្ដី​ដែល​ជា​អ្នក​មិន​ជឿ​ព្រះ បាន​ពន្យល់​ថា​៖ «ខ្ញុំ​បាន​គិត​ថា ខ្ញុំ​ពិត​ជា​ពុំ​បាន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​គ្រប់គ្រាន់​ទេ ដូច្នេះ​ខ្ញុំ​ខំ​ពុះពារ ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​របស់​ខ្ញុំ។ ខ្ញុំ​បាន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា នេះ​ជា​ការ​គ្រប់គ្រាន់​ទេ។ អ្នក​ឃើញ​ទេ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​អ្វី​សោះ ដូច្នេះ​ខ្ញុំ​មិន​អាច​នឹក​ស្មាន​ថា ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ការ​បំរើ​របស់​ខ្ញុំ​ដល់​ទ្រង់​ទេ»។

ជន​គ្រីស្ទាន​ម្នាក់​ដែល​ត្រូវ​តែ​ចាក​ចេញ​ពី​ការ​បំរើ​ពេញ​ពេល​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​គំនិត​ដែល​ថា ខ្ញុំ​ពុំ​បាន​ជោគជ័យ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​នោះ​ទេ។ អ្នក​ពុំ​អាច​នឹក​ស្មាន​ថា​ខ្ញុំ​តូច​ចិត្ត​យ៉ាង​ណា​នោះ​ទេ! ខ្ញុំ​យំ ឥឡូវ​នេះ​កាល​ដែល​ខ្ញុំ​នឹក​ឃើញ​ដល់​ការ​នោះ»។

១២. ហេតុ​អ្វី​ក៏​ជន​គ្រីស្ទាន​ខ្លះ​មាន​អារម្មណ៍​ថា​ជា​កំហុស​ខ្លួន ចំពោះ​អ្វីៗ​ដែល​គេ​មិន​អាច​ធ្វើ​បាន​ច្រើន​ក្នុង​កិច្ចការ​ផ្សាយ​នោះ?

១២ ជា​ការ​ធម្មតា​ទេ ក្នុង​ការ​ចង់​បំរើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ។ (ទំនុកដំកើង ៨៦:១២) ដូច្នេះ ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា ជា​កំហុស​របស់​ខ្លួន​ដោយ​មិន​អាច​ធ្វើ​ឲ្យ​បាន​ច្រើន​នោះ? ចំពោះ​អ្នក​ខ្លះ​រឿង​នេះ​ទាក់ទង​នឹង​ការ​មាន​អារម្មណ៍​ទូទៅ ដែល​ថា​ខ្លួន​ពុំ​មាន​តម្លៃ​អ្វី​សោះ គឺ​ប្រហែល​ជា​លទ្ធផល​ពី​ការ​ពិសោធ​មិន​ល្អ​ក្នុង​ជីវិត។ ក្នុង​ករណី​ផ្សេង​ទៀត ការ​មាន​អារម្មណ៍​ថា​ជា​កំហុស​ខ្លួន​ដ៏​មិន​ត្រឹម​ត្រូវ​នេះ អាច​ជា​លទ្ធផល​ពី​គំនិត​ដែល​មិន​សម​ហេតុ​សម​ផល​អំពី​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​សង្ឃឹម​ពី​យើង។ ជន​គ្រីស្ទាន​ម្នាក់​បាន​សារភាព​ថា​៖ «ខ្ញុំ​បាន​មាន​អារម្មណ៍​ថា លុះ​ត្រា​ណា​តែ​ខ្លួន​បាន​ធ្វើ​ទាល់​អស់​កម្លាំង ទើប​ធ្វើ​បាន​គ្រប់គ្រាន់»។ ជា​លទ្ធផល នាង​បាន​ដាក់​បមាណីយ​ដ៏​ខ្ពង់​ខ្ពស់​សំរាប់​ខ្លួន​នាង—ហើយ​បន្ទាប់​មក នាង​បាន​មាន​អារម្មណ៍​ថា ជា​កំហុស​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​នាង​ពុំ​អាច​សម្រេច​តាម​បមាណីយ​នោះ។

១៣. តើ​ព្រះ​យេហូវ៉ា​សង្ឃឹម​អ្វី​ពី​យើង?

១៣ តើ​ព្រះ​យេហូវ៉ា​ទ្រង់​សង្ឃឹម​អ្វី​ពី​យើង? បើ​និយាយ​ឲ្យ​ស្រួល​ទៅ ព្រះ​យេហូវ៉ា​សង្ឃឹម​ឲ្យ​យើង​បំរើ​ទ្រង់​ឲ្យ​អស់​អំពី​ចិត្ត ហើយ​ឲ្យ​ធ្វើ​អ្វីៗ​ដែល​កាលៈទេសៈ​របស់​យើង​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​បាន។ (កូល៉ុស ៣:២៣) យ៉ាង​ណា​ក្ដី គឺ​អាច​មាន​ការ​ខុស​ប្លែក​គ្នា​ដ៏​ធំ​រវាង​អ្វីៗ​ដែល​យើង​ចង់​ធ្វើ​និង​អ្វីៗ​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ប្រហែល​ជា​យើង​ពុំ​អាច​ធ្វើ​ទៅ​បាន ដោយសារ​កត្ដា​ដូច​ជា​អាយុ សុខភាព អំណត់​នៃ​រូប​រាង​កាយ ឬ​ភារៈ​ក្នុង​គ្រួសារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ណា​យើង​ខំ​ប្រឹង​ធ្វើ​អស់​ពី​សមត្ថភាព​របស់​យើង យើង​នឹង​អាច​មាន​អារម្មណ៍​ជា​ប្រាកដ​ថា កិច្ច​បំរើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​អស់​អំពី​ចិត្ត​របស់​យើង—គឺ​គ្មាន​ច្រើន​ឬ​តិច​ជាង​អ្នក​ឯ​ទៀត​ដែល​សុខភាព និង​កាលៈទេសៈ​របស់​គេ​អនុញ្ញាត​ឲ្យ​គាត់​បំរើ​ពេញ​ពេល​នោះ​ទេ។—ម៉ាថាយ ១៣:១៨​-​២៣

១៤. តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា បើសិន​ជា​អ្នក​ត្រូវ​ការ​ជំនួយ​ក្នុង​ការ​កំណត់​អំពី​អ្វីៗ​ដែល​អាច​សង្ឃឹម​ពី​ខ្លួន​អ្នក​យ៉ាង​សម​ហេតុ​សម​ផល​នោះ?

១៤ ដូច្នេះ យ៉ាង​ដូច​ម្ដេច​ទៅ​ទើប​អ្នក​ដឹង​ថា អ្នក​អាច​សង្ឃឹម​យ៉ាង​សម​ហេតុ​សម​ផល​ពី​ខ្លួន​អ្នក​នោះ? ប្រហែល​ជា​អ្នក​ប្រាថ្នា​ចង់​ពិគ្រោះ​រឿង​នេះ​ជា​មួយ​នឹង​មិត្ត​សំឡាញ់​គ្រីស្ទាន​ដ៏​មាន​គំនិត​ចាស់​ទុំ​ណា​ម្នាក់ ដែល​ទុក​ចិត្ត​បាន ប្រហែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ឬ​បងប្អូន​ស្រី​ដែល​មាន​ការ​ពិសោធ​ម្នាក់​ដែល​គេ​ដឹង​នូវ​សមត្ថភាព​របស់​អ្នក កំរិត និង​ភារៈ​គ្រួសារ​របស់​អ្នក។ (សុភាសិត ១៥:២២) ចូរ​ចង​ចាំ​ថា នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ តម្លៃ​របស់​អ្នក​ជា​បុគ្គល​ម្នាក់ គឺ​មិន​បាន​កំណត់​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ប៉ុន្មាន​ក្នុង​កិច្ចការ​ផ្សាយ​នោះ​ទេ។ ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ទាំង​អស់​គឺ​មាន​តម្លៃ​ចំពោះ​ទ្រង់។ (ហាកាយ ២:៧; ម៉ាឡាគី ៣:១៦, ១៧) អ្វីៗ​ដែល​ធ្វើ​ក្នុង​កិច្ចការ​ផ្សាយ​នោះ ប្រហែល​ជា​ច្រើន​ឬ​តិច​ជាង​អ្នក​ឯ​ទៀត ប៉ុន្តែ​បើ​នេះ​តំណាង​នូវ​អ្វី​ដែល​បាន​ធ្វើ​អស់​ពី​សមត្ថភាព នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ ហើយ​អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​ថា​នេះ​ជា​កំហុស​របស់​ខ្លួន​ឡើយ។—កាឡាទី ៦:៤

កាល​ណា​ដែល​គេ​ទារ​ជា​ច្រើន​ពី​យើង

១៥. តើ​តាម​របៀប​ណា​ដែល​គេ​ទារ​ជា​ច្រើន​ពី​អ្នក​ចាស់​ទុំ​នៃ​ក្រុមជំនុំ?

១៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ឯ​អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ»។ (លូកា ១២:៤៨) ពិត​មែន​ហើយ ‹គឺ​មាន​ការ​ទារ​ជា​ច្រើន›ពី​អស់​អ្នក​ដែល​បំរើ​ជា​អ្នក​ចាស់​ទុំ។ ដូច​ប៉ុល​ដែរ ពួក​គេ​ចំណាយ​ពេល​របស់​គេ​ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​ក្រុមជំនុំ។ (កូរិនថូសទី២ ១២:១៥) ពួក​គេ​មាន​សុន្ទរកថា​ជា​ច្រើន​ដែល​ត្រូវ​តែ​រៀប​ចំ កិច្ចការ​គង្វាល​ដែល​ត្រូវ​តែ​ធ្វើ ករណី​វិនិច្ឆ័យ​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ​ដែរ—គឺ​ធ្វើ​កិច្ចការ​ទាំង​នេះ ដោយ​មិន​ភ្លេច​ដល់​គ្រួសារ​របស់​គេ​ឡើយ។ (ធីម៉ូថេទី១ ៣:៤, ៥) ពួក​អ្នក​ចាស់​ទុំ​ខ្លះ​ទៀត​ក៏​ជាប់​រវល់​ក្នុង​ការ​ជួយ​សង់​សាលព្រះរាជាណាចក្រ ហើយ​ក៏​ជាប់​រវល់​ក្នុង​ការ​បំរើ​ក្នុង​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធការ​ពេទ្យ ហើយ​ក៏​ចូល​បំរើ​ដោយ​ស្មគ្រ​ពី​ចិត្ត​តាម​សន្និបាត​និង​មហា​សន្និបាត​ផង។ ដោយ​មាន​ភារៈ​ដ៏​ធ្ងន់ធ្ងរ​ជា​ច្រើន​យ៉ាង​នេះ តើ​ពួក​បុរស​ដ៏​ខំ​ធ្វើ​ការ​និង​ដ៏​ភក្ដី​ទាំង​នេះ​អាច​ចៀស​វាង​ពី​ការ​ទៅ​ជា​ទន់ខ្សោយ​យ៉ាង​ដូច​ម្ដេច​បាន?

១៦. (ក) តើ​លោក​យេត្រូ​បាន​ឲ្យ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រយោជន៍​អ្វី​ដល់​លោក​ម៉ូសេ? (ខ) តើ​គុណសម្បត្ដិ​អ្វី​ដែល​នឹង​ជួយ​អ្នក​ចាស់​ទុំ​ឲ្យ​ចែក​ចាយ​នូវ​ភារៈ​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​អ្នក​ឯ​ទៀត?

១៦ នៅ​ពេល​ដែល​លោក​ម៉ូសេ ដែល​ជា​បុរស​ដ៏​សុភាព​និង​រាប​ទាប​ម្នាក់​បាន​ធ្វើ​ឲ្យ​ខ្លួន​គាត់​ទៅ​ជា​ទន់ខ្សោយ នៅ​ពេល​ដែល​បាន​មើល​ថែរក្សា​ចំពោះ​បញ្ហា​នៃ​អ្នក​ឯ​ទៀត ឪពុក​ក្មេក​របស់​គាត់ យេត្រូ​បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រយោជន៍​មួយ​៖ គឺ​ចែក​ចាយ​នូវ​ភារៈ​ខ្លះ​ជា​មួយ​បុរស​ឯ​ទៀត​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់។ (និក្ខមនំ ១៨:១៧​-​២៦; ជនគណនា ១២:៣) សុភាសិត ១១:២ ចែង​ថា​៖ «ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព»។ សុភាព​មាន​ន័យ​ថា ទទួល​ដឹង​ឮ​ហើយ​ទទួល​យក​កំណត់​របស់​ខ្លួន។ បុរស​សុភាព​ម្នាក់​គឺ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ទេរ​មុខ​នាទី​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ក៏​គាត់​មិន​ខ្លាច​ក្រែង​គាត់​បាត់បង់​ដោយ​ចែក​ចាយ​ភារៈ​ត្រឹម​ត្រូវ​ផ្សេងៗ​ទៅ​ពួក​បុរស​ដែល​មាន​សមត្ថភាព​ឯ​ទៀត​ឡើយ។b (ជនគណនា ១១:១៦, ១៧, ២៦​-​២៩) ផ្ទុយ​ទៅ​វិញ គឺ​គាត់​មាន​ចិត្ត​ខ្នះខ្នែង​ចង់​ជួយ​ពួក​គេ​ឲ្យ​មាន​ការ​រីក​ចំរើន​ដែរ។—ធីម៉ូថេទី១ ៤:១៥

១៧. (ក) តើ​សមាជិក​ក្រុមជំនុំ​អាច​ជួយ​បន្ធូរ​បន្ទុក​នៃ​ពួក​អ្នក​ចាស់​ទុំ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ប្រពន្ធ​របស់​អ្នក​ចាស់​ទុំ​បូជា​អ្វី​ខ្លះ ហើយ​តើ​យើង​អាច​ប្រាប់​ពួក​គេ​ថា​យើង​អបអរ​នឹង​ការ​បូជា​នោះ​យ៉ាង​ណា?

១៧ សមាជិក​នៅ​ក្នុង​ក្រុមជំនុំ​អាច​ជួយ​ធ្វើ​បាន​យ៉ាង​ច្រើន ក្នុង​ការ​បន្ធូរ​នូវ​បន្ទុក​របស់​ពួក​អ្នក​ចាស់​ទុំ។ ដោយ​យោគ​យល់​ថា ពួក​អ្នក​ចាស់​ទុំ​ក៏​មាន​គ្រួសារ​របស់​គេ​ដែរ​ក្នុង​ការ​ថែរក្សា​នោះ អ្នក​ឯ​ទៀត​នឹង​មិន​ទាមទារ​យក​ពេល​វេលា​ជា​ច្រើន​ពី​ពួក​អ្នក​ចាស់​ទុំ​ដោយ​ឥត​សម​ហេតុ​សម​ផល​នោះ​ឡើយ។ ហើយ​ពួក​គេ​ក៏​មិន​គួរ​រមិលគុណ​ដល់​ប្រពន្ធ​របស់​ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​បូជា​ដ៏​ស្មោះ​ពី​ចិត្ត កាល​ដែល​ពួក​គេ​ចូល​រួបរួម​ដោយ​ឥត​កំណាញ់ ដោយ​ប្ដី​របស់​គេ​ជា​មួយ​នឹង​ក្រុមជំនុំ​នោះ។ ម្ដាយ​ម្នាក់​ដែល​មាន​កូន​បី ហើយ​ប្ដី​របស់​នាង​បំរើ​ជា​អ្នក​ចាស់​ទុំ​បាន​ពន្យល់​ថា​៖ «អ្វី​ដែល​ខ្ញុំ​មិន​ចេះ​ត្អូញត្អែរ នោះ​គឺ​ជា​បន្ទុក​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​នៅ​ក្នុង​គ្រួសារ ដើម្បី​ឲ្យ​ប្ដី​របស់​ខ្ញុំ​អាច​បំរើ​ជា​អ្នក​ចាស់​ទុំ។ ខ្ញុំ​ដឹង​ថា ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ជា​ច្រើន​មក​លើ​គ្រួសារ​របស់​ខ្ញុំ ដោយសារ​តែ​ការ​បំរើ​របស់​គាត់ ហើយ​ខ្ញុំ​ក៏​មិន​ច្រណែន​ចំពោះ​ពេល​វេលា​និង​កម្លាំង​ដែល​គាត់​ផ្ដល់​មក​ឲ្យ​ដែរ។ ប៉ុន្តែ ជា​ការ​ពិត ខ្ញុំ​តែង​តែ​ធ្វើ​កិច្ចការ​ច្រើន​នៅ​ជុំវិញ​ផ្ទះ ហើយ​ក៏​ទូន្មាន​កូន​ចៅ​ដែរ ពីព្រោះ​ប្ដី​របស់​ខ្ញុំ​ជាប់​រវល់»។ គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​បង​ស្រី​ម្នាក់​នេះ បាន​រក​ឃើញ​ថា មាន​ជន​ខ្លះ​ជាជាង​អបអរ​នូវ​បន្ទុក​ជា​ច្រើន​ដែល​នាង​បាន​ទទួល​នោះ គេ​បែរ​ជា​និយាយ​ដោយ​គ្មាន​ដឹង​អារម្មណ៍​ថា «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​អញ្ចឹង»? (សុភាសិត ១២:១៨) ជា​ការ​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎ ក្នុង​ការ​សរសើរ​អ្នក​ឯ​ទៀត​ចំពោះ​អ្វីៗ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ ជាជាង​រិះគន់​ដល់​ពួក​គេ​នូវ​អ្វីៗ​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ទៅ​នោះ​វិញ!—សុភាសិត ១៦:២៤; ២៥:១១

ដ្បិត​ទីបញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ

១៨, ១៩. (ក) ហេតុ​អ្វី​ក៏​នេះ​មិន​មែន​ជា​ពេល​ឈប់​រត់​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ជីវិត​អស់កល្ប​ជានិច្ច? (ខ) តើ​សាវ័ក​ប៉ុល​បាន​ឲ្យ​សេចក្ដី​ទូន្មាន​ដ៏​ល្អ​ត្រឹម​ត្រូវ​អ្វី​ដល់​ជន​គ្រីស្ទាន​ក្នុង​យេរូសាឡិម?

១៨ នៅ​ពេល​ដែល​អ្នក​រត់​ប្រណាំង​ម្នាក់​ដឹង​ថា គាត់​មក​ជិត​ដល់​ទីបញ្ចប់​នៃ​ការ​រត់​ប្រណាំង​ដ៏​យូរ​ហើយ នោះ​គាត់​ពុំ​លះបង់​ចោល​ទេ។ រូប​កាយ​របស់​គាត់​ប្រហែល​ជា​មក​ដល់​កំណត់​នៃ​ការ​អត់​ទ្រាំ​របស់​វា—អស់​កម្លាំង ក្ដៅ ហើយ​សោះ​ជាតិ​ទឹក—ប៉ុន្តែ​គ្មាន​ពេល​ឲ្យ​គាត់​ឈប់​រត់​ឡើយ ដ្បិត​គឺ​ជិត​ដល់​ទីបញ្ចប់​ហើយ។ ស្រដៀង​គ្នា​នេះ​ដែរ ជា​ជន​គ្រីស្ទាន​យើង​ទាំង​អស់​គ្នា​គឺ​នៅ​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​នឹង​ទទួល​រង្វាន់​នៃ​ជីវិត ហើយ​យើង​នៅ​ជិត​ខ្សែ​បញ្ចប់​ណាស់​ហើយ។ ឥឡូវ​នេះ គឺ​មិន​មែន​ជា​ពេល​វេលា​ដែល​យើង​នឹង​ឈប់​រត់​ឡើយ!—ប្រៀបធៀប កូរិនថូសទី១ ៩:២៤; ភីលីព ២:១៦; ៣:១៣, ១៤

១៩ ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ក៏​បាន​ជួប​ប្រទះ​នឹង​ស្ថានការណ៍​ដែល​ស្រដៀង​គ្នា​នេះ​ដែរ។ ប្រមាណ​ឆ្នាំ​៦១ស.យ. សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​គ្រីស្ទាន​នៅ​ទី​ក្រុង​យេរូសាឡិម។ ពេល​វេលា​កាន់​តែ​ខ្លី​ណាស់​ហើយ—​«មនុស្ស​ដំណ»​ដ៏​អាក្រក់​គឺ​ជា​របប​លោកីយ៍​សម័យ​យូដា​ដែល​បះបោរ​ជំនឿ គឺ​បំរុង​«កន្លង​ហួស​បាត់​ទៅ»។ ជា​ពិសេស​ពួក​គ្រីស្ទាន​នៅ​ទី​ក្រុង​យេរូសាឡិម​ត្រូវ​តែ​ប្រុង​ប្រៀប​ជានិច្ច​ហើយ​ឲ្យ​នៅ​ស្មោះ​ត្រង់។ ពួក​គេ​នឹង​ត្រូវ​តែ​ភៀស​ខ្លួន​ចេញ​ពី​ទី​ក្រុង​នោះ នៅ​ពេល​ដែល​ពួក​គេ​ឃើញ​ទី​ក្រុង​នោះ​ឡោមព័ទ្ធ​ជុំវិញ​ដោយ​ពួក​ទាហាន​ដែល​បោះ​ជំរំ​នៅ​ជុំវិញ។ (លូកា ២១:២០​-​២៤, ៣២) ដូច្នេះ សេចក្ដី​ទូន្មាន​របស់​ប៉ុល ដែល​បាន​បណ្ដាល​មក​ពី​ព្រះ​គឺ​ត្រឹម​ត្រូវ​ពេល​វេលា​ណាស់​៖ ‹ចូរ​កុំ​ឲ្យ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ឲ្យ​សោះ›។ (ហេព្រើរ ១២:៣) នៅ​កន្លែង​នេះ សាវ័ក​ប៉ុល​បាន​ប្រើ​កិរិយា​សព្ទ​ពីរ​៖ «នឿយ​ហត់» (kaʹmno) និង​«រសាយ​ចិត្ត​ចេញ» (e·klyʹo·mai) យោង​ទៅ​តាម​អ្នកប្រាជ្ញ​ខាង​ព្រះ​គម្ពីរ​ម្នាក់ ពាក្យ​ក្រិក​ទាំង​នេះ​ត្រូវ​«បាន​ប្រើ​ដោយ​លោក​អារ៉ីស្តូតុល អំពី​អ្នក​រត់​ប្រណាំង​ដែល​បន្ធូរ​ហើយ​ក៏​បាន​ដួល​ក្រោយ​ពី​ពួក​គេ​បាន​រត់​ផុត​ខ្សែ​បញ្ចប់។ ពួក​អ្នក​អាន​សំបុត្រ​របស់​ប៉ុល​គឺ​កំពុង​តែ​នៅ​ក្នុង​ការ​រត់​ប្រណាំង​នេះ​នៅ​ឡើយ។ ពួក​គេ​មិន​ត្រូវ​លះបង់​ចោល​មុន​ពេល​កំណត់​នោះ​ទេ។ ពួក​គេ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​គេ​ឲ្យ​ងងឹត​មុខ ហើយ​ដួល​ដោយសារ​តែ​ភាព​ទន់ខ្សោយ​នោះ​ឡើយ។ ម្ដង​ទៀត សូម​ខំ​តស៊ូ​នៅ​ពេល​ជួប​ប្រទះ​នឹង​សេចក្ដី​ទុក្ខ​លំបាក»។

២០. ហេតុ​អ្វី​ក៏​សេចក្ដី​ទូន្មាន​របស់​ប៉ុល​ជា​ការ​ត្រឹម​ត្រូវ​សំរាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

២០ សេចក្ដី​ទូន្មាន​របស់​ប៉ុល​គឺ​ត្រឹម​ត្រូវ​ណាស់​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ! ដោយសារ​តែ​មាន​ការ​បៀតបៀន​កាន់​តែ​ច្រើន​ឡើង នៅ​ពេល​ខ្លះ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ជា​អ្នក​រត់​ដ៏​នឿយ​ហត់​ម្នាក់ ដែល​ជើង​របស់​គាត់​បំរុង​តែ​នឹង​ដួល។ ប៉ុន្តែ​ខ្សែ​បញ្ចប់​គឺ​កាន់​តែ​ជិត​ដល់​ទៅ​ហើយ យើង​មិន​ត្រូវ​លះបង់​ចោល​ទេ! (របាក្សត្រទី២ ២៩:១១) សត្រូវ​របស់​យើង​គឺ​ជា‹សិង្ហ​ដែល​គ្រហឹម›នោះ វា​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ ជា​ការ​អរ​ព្រះ​គុណ ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​នូវ​សំវិធានការ​ដែល​ជួយ​«ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ»។ (អេសាយ ៤០:២៩) សំវិធានការ​ទាំង​នេះ និង​របៀប​ដែល​យើង​អាច​យក​ប្រយោជន៍​ពី​នោះ​បាន គឺ​នឹង​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a ឧទាហរណ៍ មនុស្ស​ខ្លះ​ប្រហែល​ជា​ខំ​តយុទ្ធ​ដើម្បី​ទប់ទល់​នឹង​បុគ្គលិកលក្ខណៈ​ណា​មួយ​ដែល​ជ្រួត​ជ្រាប​យ៉ាង​ជ្រៅ ដូច​ជា​ការ​រហ័ស​ខឹង ឬ​ក៏​ការ​ឲ្យ​ជ័យជំនះ​ទៅ​លើ​បញ្ហា​ខាង​ម៉ាស្ទើប៊េហ្សិន—សូម​មើល ទស្សនាវដ្ដី ភ្ញាក់រឭក! ២២ ឧសភា ១៩៨៨ ទំព័រ ១៩​-​២១; ៨ វិច្ឆិកា ១៩៨១ ទំព័រ ១៦​-​២០; និង​សៀវភៅ Questions Young People Ask—Answers That Work, ទំព័រ ១៩៨​-​២១១ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

b សូម​មើល​អត្ថបទ «អ្នក​ចាស់​ទុំ—ផ្ទេរ​មុខ​នាទី»! ក្នុង​ទស្សនាវដ្ដី​ប៉មយាម ១៥ តុលា ១៩៩២ ទំព័រ ២០​-​៣ (ជា​ភាសា​អង់គ្លេស)

តើ​ចម្លើយ​របស់​អ្នក​ជា​អ្វី?

◻ តើ​យើង​អាច​ចៀស​វាង​ពី​ការ​ចុះ​ចាញ់​តាម​របៀប​ណា នៅ​ពេល​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត​ឬ​បញ្ឈឺចិត្ត​យើង​នោះ?

◻ តើ​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​មួយ​ណា​អំពី​កំហុស​ដែល​នឹង​ជួយ​យើង​កុំ​ឲ្យ​ចុះ​ចាញ់​នោះ?

◻ តើ​ព្រះ​យេហូវ៉ា​សង្ឃឹម​អ្វី​ពី​យើង?

◻ តើ​ការ​សុភាព​អាច​ជួយ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ឲ្យ​ចៀស​វាង​ពី​ការ​ទន់ខ្សោយ​យ៉ាង​ដូច​ម្ដេច​បាន?

◻ ហេតុ​អ្វី​ក៏​សេចក្ដី​ទូន្មាន​របស់​ប៉ុល​នៅ​ហេព្រើរ ១២:៣ ជា​ការ​ត្រឹម​ត្រូវ​សំរាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក