បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៣ ទំ. ១៣-១៨
  • ព្រះយេហូវ៉ាចំរើនកម្លាំងដល់អ្នកនឿយហត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាចំរើនកម្លាំងដល់អ្នកនឿយហត់
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កម្លាំង​នៃ​ការ​អធិស្ឋាន
  • ភាព​កក់ក្ដៅ​នៃ​ភាតរភាព
  • កម្លាំង​នៃ​បន្ទូល​របស់​ព្រះ
  • ពួក​អ្នក​ចាស់ទុំ​«នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់»
  • ចូរកុំឲ្យចុះចាញ់ឲ្យសោះ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ទ្រង់រមែងចំរើនកំឡាំងដល់អ្នកដែលល្វើយ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ព្រះយេហូវ៉ាប្រទានកម្លាំងដល់អស់អ្នកដែលល្វើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • «ចូរស្វែងរកព្រះយេហូវ៉ានិងកម្លាំងរបស់ទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៣ ទំ. ១៣-១៨

ព្រះ​យេហូវ៉ា​ចំរើន​កម្លាំង​ដល់​អ្នក​នឿយ​ហត់

«តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប​ដូច​ជា​ឥន្ទ្រី»។—អេសាយ ៤០:៣១

១, ២. តើ​ព្រះ​យេហូវ៉ា​ប្រទាន​អ្វី​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ទៀត​ឥឡូវ​នេះ?

សត្វ​ឥន្ទ្រី​ជា​សត្វ​ស្លាប​ដ៏​ខ្លាំង​ពូកែ​បំផុត​នៅ​លើ​អាកាស។ ពួក​វា​អាច​ហោះ​ហើរ​សំកាំង​បាន​យ៉ាង​យូរ​ដោយ​មិន​ចាំបាច់​បក់​ស្លាប។ ដោយ​មាន​ស្លាប​ដែល​អាច​ត្រដាង​ដល់​ពី​ម៉ែត្រ «ស្តេច​នៃ​ពពួក​សត្វ​ស្លាប» ដែល​ជា​ឥន្ទ្រី​ពណ៌​ទឹក​មាស គឺ​ជា​«សត្វ​មួយ​ដែល​គួរ​ឲ្យ​កោត​សរសើរ​បំផុត​នៃ​សត្វ​ឥន្ទ្រី​ទាំង​អស់ ដែល​អាច​ហោះ​ហើរ​នៅ​លើ​ភ្នំ​និង​នៅ​ទីល្ហល្ហេវ ហើយ​អាច​សំកាំង​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​លើ​ជួរ​ភ្នំ រួច​វា​អាច​ហោះ​ឡើង​ទៅ​ជា​ទង់​វង់​រហូត​មើល​ទៅ​ឃើញ​ដូច​ជា​ចំណុច​ដ៏​ខ្មៅ​មួយ​នៅ​ក្នុង​អាកាស»។—សព្វ​វចនាធិប្បាយ​សមាគម​អូដូ​បន់​នៃ​សត្វ​ស្លាប​អាមេរិកាំង​ខាង​ជើង

២ ដោយ​យល់​ដល់​សមត្ថភាព​ហោះ​ហើរ​នៃ​សត្វ​ឥន្ទ្រី អេសាយ​បាន​សរសេរ​ថា​៖ «[ព្រះ​យេហូវ៉ា]រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ​ហើយ​នឿយ​ហត់​ទៅ​បាន ពួក​កំឡោះ​ក៏​នឹង​ដួល​ជ្រ​លា​ក​បាន​ផង តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។ (អេសាយ ៤០:២៩​-​៣១) ជា​ការ​គួរ​ឲ្យ​ស្រាក​ស្រួល​ចិត្ត​ណាស់​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​ចំរើន​កម្លាំង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​ដល់​អ្នក​ណា​ដែល​ទុក​ចិត្ត​លើ​ទ្រង់ ហាក់បី​ដូច​ជា​ប្រដាប់​ពួក​គេ​ជា​មួយ​នឹង​ស្លាប​ដោយ​មិន​ចេះ​នឿយ​ហត់​នៃ​សត្វ​ឥន្ទ្រី​ដែល​ហោះ​សំកាំង! ឥឡូវ​នេះ ចូរ​ពិចារណា​មើល​នូវ​សំវិធានការ​ខ្លះៗ​ដែល​ទ្រង់​បាន​ធ្វើ​ឡើង​ដើម្បី​ចំរើន​កម្លាំង​នៃ​ពួក​អ្នក​នឿយ​ហត់។

កម្លាំង​នៃ​ការ​អធិស្ឋាន

៣, ៤. (ក) ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​អ្វី? (ខ) តើ​យើង​អាច​សង្ឃឹម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ក្នុង​ការ​តប​ឆ្លើយ​នឹង​ការ​អធិស្ឋាន​របស់​យើង?

៣ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​«ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ»។ (លូកា ១៨:១) តើ​ការ​សម្ដែង​ប្រាប់​អ្វីៗ​នៅ​ក្នុង​ចិត្ត​យើង​ដល់​ព្រះ​យេហូវ៉ា ពិត​ជា​អាច​ជួយ​យើង​ឲ្យ​កើន​កម្លាំង​ឡើង​វិញ ហើយ​ចៀស​វាង​ពី​ការ​ចុះ​ចាញ់​បាន​ទេ នៅ​ពេល​ដែល​សេចក្ដី​លំបាក​នៃ​ជីវិត​បាន​មាន​កាន់​តែ​ច្រើន​ឡើង​នោះ? គឺ​ពិត​ជា​បាន​មែន ប៉ុន្តែ​មាន​អ្វី​ខ្លះៗ​ដែល​យើង​ត្រូវ​តែ​ចង​ចាំ។

៤ យើង​ត្រូវ​តែ​ឲ្យ​ចេះ​សម​ហេតុ​សម​ផល ក្នុង​ការ​សង្ឃឹម​ឲ្យ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នូវ​ការ​អធិស្ឋាន​របស់​យើង។ ជន​គ្រីស្ទាន​ម្នាក់​ដែល​បាន​ធ្លាក់​ខ្លួន​ក្នុង​ដំណើរ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ក្រោយ​មក​បាន​សង្កេត​ឃើញ​ថា​៖ «ចំពោះ​ជម្ងឺ​ឈឺថ្កាត់​ឯ​ទៀត​ជា​ច្រើន ព្រះ​យេហូវ៉ា​ពុំ​បាន​ធ្វើ​អព្ភូតហេតុ​ទេ​នៅ​គ្រា​នេះ។ ប៉ុន្តែ​ទ្រង់​បាន​ជួយ​យើង​ឲ្យ​អត់​ទ្រាំ​និង​ឲ្យ​បាន​ជា​ដល់​កំរិត​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​របប​នេះ»។ ក្នុង​ការ​ពន្យល់​ពី​មូលហេតុ​ដែល​ការ​អធិស្ឋាន​របស់​នាង​បាន​ជួយ​ដល់​នាង នាង​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​បាន​មាន​ការ​ចេញ​ចូល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ក្នុង​២៤​ក្នុង​មួយ​ថ្ងៃ»។ ដូច្នេះ ព្រះ​យេហូវ៉ា​ពុំ​បាន​ការពារ​យើង​ពី​សេចក្ដី​លំបាក​នៃ​ជីវិត ដែល​អាច​ធ្វើ​ឲ្យ​យើង​ទន់ខ្សោយ​នោះ​ទេ ប៉ុន្តែ​ទ្រង់​ប្រទាន​«ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម»។ (លូកា ១១:១៣; ទំនុកដំកើង ៨៨:១​-​៣) ព្រះ​វិញ្ញាណ​នោះ​អាច​ជួយ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​សេចក្ដី​លំបាក ឬ​បញ្ហា​ណា​មួយ​ដែល​យើង​ជួប​ប្រទះ។ (កូរិនថូសទី១ ១០:១៣) បើ​ត្រូវ​ការ វិញ្ញាណ​នោះ​អាច​បញ្ចូល​នៅ​ក្នុង​យើង​«ឥទ្ធិឫទ្ធិ​ដ៏​លើសលប់» ដើម្បី​ឲ្យ​អត់​ទ្រាំ​រហូត​ដល់​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បំបាត់​បញ្ហា​ដែល​ធ្វើ​ឲ្យ​ឈឺចិត្ត​ទាំង​អស់ នៅ​ក្នុង​ពិភពលោក​ថ្មី​ដែល​នៅ​ក្នុង​អនាគត​ខាង​មុខ​នេះ។—កូរិនថូសទី២ ៤:៧

៥. (ក) ដើម្បី​ឲ្យ​ការ​អធិស្ឋាន​របស់​យើង​មាន​ប្រសិទ្ធិភាព តើ​មាន​ប្រការ​ពីរ​ណា​ដ៏​សំខាន់​បំផុត? (ខ) តើ​យើង​អាច​អធិស្ឋាន​យ៉ាង​ណា បើសិន​ជា​យើង​កំពុង​តែ​តយុទ្ធ​នឹង​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម? (គ) តើ​ការ​ខំ​តស៊ូ​ក្នុង​ការ​អធិស្ឋាន​ដ៏​ច្បាស់​លាស់​របស់​យើង​បង្ហាញ​យ៉ាង​ណា​ដល់​ព្រះ​យេហូវ៉ា?

៥ ដើម្បី​ឲ្យ​ការ​អធិស្ឋាន​របស់​យើង​មាន​ប្រសិទ្ធិភាព យើង​ត្រូវ​តែ​ខំ​តស៊ូ ហើយ​យើង​ត្រូវ​តែ​ជំរាប​ឲ្យ​បាន​ច្បាស់​លាស់។ (រ៉ូម ១២:១២) ជា​ឧទាហរណ៍ បើសិន​ជា​អ្នក​ទៅ​ជា​ទន់ខ្សោយ ដោយសារ​តែ​អ្នក​ប្រយុទ្ធ​នឹង​ភាព​ទន់ខ្សោយ​នៃ​សាច់​ឈាម នៅ​ដើម​ថ្ងៃ​និមួយៗ ចូរ​អ្នក​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ចៀស​វាង​ពី​ការ​បង្អោន​ទៅ​តាម​ភាព​ទន់ខ្សោយ​ណា​មួយ ក្នុង​កំឡុង​ថ្ងៃ​នោះ។ ចូរ​អធិស្ឋាន​ដូច​នោះ ក្នុង​រយៈ​ថ្ងៃ​នោះ ហើយ​មុន​នឹង​ចូល​ទៅ​សម្រាន្ត​រៀង​រាល់​យប់។ បើសិន​ជា​អ្នក​មាន​ការ​បរាជ័យ សូម​ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​ទ្រង់​អត់​ឱន​ទោស​ឲ្យ ប៉ុន្តែ​សូម​ជំរាប​ប្រាប់​ទ្រង់​នូវ​អ្វីៗ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បរាជ័យ​នោះ ហើយ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​នឹង​ចៀស​វាង​នូវ​កាលៈទេសៈ​ទាំង​នោះ​នៅ​អនាគត។ ការ​អធិស្ឋាន​ដ៏​ខំ​តស៊ូ​និង​ច្បាស់​លាស់​បែប​នេះ នឹង​សម្ដែង​ប្រាប់​ដល់​«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» នូវ​ភាព​ស្មោះ​នៃ​ចំណង់​ចង់​ឈ្នះ​ការ​ប្រយុទ្ធ​របស់​អ្នក។—ទំនុកដំកើង ៦៥:២; លូកា ១១:៥​-​១៣

៦. ហេតុ​អ្វី​ក៏​យើង​អាច​សង្ឃឹម​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​យេហូវ៉ា​នឹង​សណ្ដាប់​ការ​អធិស្ឋាន​របស់​យើង ទោះបី​ជា​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​មិន​សម​នឹង​អធិស្ឋាន​នោះ?

៦ ម្យ៉ាង​វិញ​ទៀត ជួន​កាល​អស់​អ្នក​ដែល​បាន​ទៅ​ជា​ទន់ខ្សោយ មាន​អារម្មណ៍​ថា គេ​មិន​គួរ​នឹង​អធិស្ឋាន​ឡើយ។ ស្ត្រី​គ្រីស្ទាន​ម្នាក់​ដែល​បាន​មាន​អារម្មណ៍​បែប​នេះ ក្រោយ​មក​បាន​សង្កេត​ឃើញ​ថា​៖ «នេះ​ជា​គំនិត​ដ៏​មាន​គ្រោះថ្នាក់​ណាស់ ពីព្រោះ​នេះ​មាន​ន័យ​ថា យើង​យក​រឿង​នេះ​មក​ដាក់​លើ​ខ្លួន​យើង ដើម្បី​នឹង​វិនិច្ឆ័យ​ខ្លួន​យើង ប៉ុន្តែ​ការ​វិនិច្ឆ័យ​នោះ​គឺ​មិន​មែន​ជា​សំរាប់​ស្រេច​លើ​យើង​ទេ»។ ពិត​មែន​ហើយ «ព្រះ​ហើយ ដែល​ជា​ចៅក្រម»។ (ទំនុកដំកើង ៥០:៦) ព្រះ​គម្ពីរ​បាន​ធានា​អះអាង​នឹង​យើង​ថា «ដ្បិត​បើសិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង»។ (យ៉ូហានទី១ ៣:២០) ជា​ការ​ស្រាក​ស្រួល​ចិត្ត​ណាស់ ដោយ​ដឹង​ថា កាល​ណា​យើង​អាច​វិនិច្ឆ័យ​មក​លើ​ខ្លួន​យើង​ថា​ជា​អ្នក​មិន​សម​គួរ​អធិស្ឋាន ព្រះ​យេហូវ៉ា​ទ្រង់​ពុំ​មាន​អារម្មណ៍​បែប​នោះ​មក​លើ​យើង​ទេ! ទ្រង់‹ស្គាល់​របស់​ទាំង​អស់›អំពី​យើង រួម​បញ្ចូល​ទាំង​កាលៈទេសៈ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ដែល​អាច​ធ្វើ​ឲ្យ​យើង​ថា​គ្មាន​តម្លៃ​នោះ។ (ទំនុកដំកើង ១០៣:១០​-​១៤) សេចក្ដី​មេត្ដាករុណា​និង​ទី​ជំរៅ​នៃ​ការ​យល់​របស់​ទ្រង់ បាន​ជំរុញ​ឲ្យ​ទ្រង់​សណ្ដាប់​នូវ​អធិស្ឋាន​ទាំង​ឡាយ ពី​«ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប»។ (ទំនុកដំកើង ៥១:១៧) តើ​ឲ្យ​ទ្រង់​បដិសេធ​មិន​ស្ដាប់​នូវ​សម្រែក​រក​ជំនួយ​របស់​យើង​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​ទ្រង់​ផ្ទាល់​បាន​ផ្ដន្ទា​ទោស​«អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្ដាប់​ពាក្យ​អំពាវនាវ​របស់​មនុស្ស​ទាល់​ក្រ»?—សុភាសិត ២១:១៣

ភាព​កក់ក្ដៅ​នៃ​ភាតរភាព

៧. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​សំវិធានការ​អ្វី​ទៀត ដើម្បី​ជួយ​យើង​ឲ្យ​កើន​កម្លាំង​ឡើង​វិញ? (ខ) ដោយ​ដឹង​អ្វី​អំពី​ភាតរភាព​របស់​យើង ដែល​នឹង​អាច​ជួយ​ចំរើន​កម្លាំង​ដល់​យើង?

៧ សំវិធានការ​មួយ​ទៀត ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​កើន​កម្លាំង​វិញ នោះ​គឺ​ជា​ភាតរភាព​គ្រីស្ទាន​របស់​យើង។ ជា​ឯក​សិទ្ធិ​ដ៏​មាន​តម្លៃ​ម្ល៉េះ​ហ្ន៎ ក្នុង​ការ​មាន​ចំណែក​ជា​មួយ​គ្រួសារ​ដ៏​ពាស​ពេញ​ពិភពលោក​នៃ​បងប្អូន​ប្រុស​ស្រី​ទាំង​អស់! (ពេត្រុសទី១ ២:១៧) កាល​ណា​សេចក្ដី​លំបាក​នៃ​ជីវិត​ធ្វើ​ឲ្យ​យើង​ទន់​ខ្សោយ ភាព​កក់ក្ដៅ​នៃ​ភាតរភាព​របស់​យើង អាច​ជួយ​យើង​ឲ្យ​កើន​នូវ​កម្លាំង​នោះ​ឡើង​វិញ។ តើ​ធ្វើ​យ៉ាង​ដូច​ម្ដេច​បាន? ដោយ​ដឹង​ថា មិន​មាន​តែ​យើង​ម្នាក់​ទេ ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ចិត្ត​បែប​នេះ គឺ​អាច​ជួយ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​របស់​យើង​ទាំង​ឡាយ គឺ​ច្បាស់​ជា​មាន​អ្នក​ខ្លះ ដែល​បាន​ជួប​ប្រទះ​នូវ​សេចក្ដី​លំបាក​ឬ​បញ្ហា​ស្រដៀង​នេះ​ដែរ ហើយ​ដែល​បាន​ពិសោធ​នូវ​អារម្មណ៍​ដូច​របស់​យើង​ផ្ទាល់។ (ពេត្រុសទី១ ៥:៩) ជា​ការ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់ ដោយ​ដឹង​ថា អ្វីៗ​ដែល​យើង​កំពុង​តែ​ឆ្លង​កាត់​គឺ​មិន​មែន​ឥត​មាន​ទូទៅ ហើយ​អារម្មណ៍​របស់​យើង​គឺ​មិន​ប្លែក​ពី​ធម្មតា​ទេ។

៨. (ក) តើ​មាន​គំរូ​អ្វី​ដែល​បង្ហាញ​ពី​របៀប​ដែល​យើង​អាច​ស្វែង​រក​ជំនួយ​និង​ការ​សម្រាល​ចិត្ត​ក្នុង​ភាតរភាព​របស់​យើង? (ខ) តើ​តាម​របៀប​ណា​ខ្លះ ដែល​អ្នក​ត្រូវ​បាន​គេ​ជួយ​ឬ​ក៏​គេ​សម្រាល​ចិត្ត​ផ្ទាល់​ខ្លួន​ដោយ​‹មិត្ត​សំឡាញ់​ដ៏​ពិត​ប្រាកដ›?

៨ ក្នុង​ភាព​កក់ក្ដៅ​នៃ​ភាតរភាព យើង​អាច​រក​ឃើញ‹មិត្ត​សំឡាញ់​ដ៏​ពិត​ប្រាកដ› ដែល​អាច​ផ្ដល់​ឲ្យ​ជំនួយ​ជា​ចាំបាច់​និង​ការ​សម្រាល​ចិត្ត នៅ​ពេល​ដែល​យើង​មាន​ការ​ទុក្ខ​ព្រួយ។ (សុភាសិត ១៧:១៧) ជា​ញឹកញាប់ អ្វី​ដែល​ត្រូវ​ការ​ជា​ទីបំផុត នោះ​គឺ​ពាក្យ​សំដី​ដ៏​ល្អ​ខ្លះ​ឬ​ក៏​សកម្មភាព​ដ៏​ចេះ​គិត​គូ​ជា​មុន។ ជន​គ្រីស្ទាន​ម្នាក់​ដែល​បាន​តយុទ្ធ​នឹង​អារម្មណ៍​ដែល​ថា​ខ្លួន​ឥត​មាន​តម្លៃ នឹក​ចាំ​ថា​៖ «មាន​មិត្ត​សំឡាញ់​ច្រើន​ដែល​និយាយ​ប្រាប់​ខ្ញុំ​នូវ​សេចក្ដី​ល្អ​អំពី​ខ្លួន​ខ្ញុំ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​មាន​ជ័យជំនះ​លើ​គំនិត​អាក្រក់​ដែល​ខ្ញុំ​មាន»។ (សុភាសិត ១៥:២៣) ក្រោយ​ពី​កូន​ស្រី​របស់​គាត់​បាន​ស្លាប់​ទៅ ជា​មុន​ដំបូង​គឺ​ជា​ការ​ពិបាក​ណាស់​ចំពោះ​បង​ស្រី​ម្នាក់​ក្នុង​ការ​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុមជំនុំ ជា​ពិសេស គឺ​ចំរៀង​ស្តី​អំពី​ដំណើរ​រស់​ឡើង​វិញ។ នាង​នឹក​ចាំ​ថា​៖ «នៅ​គ្រា​មួយ បង​ស្រី​ម្នាក់​ដែល​កំពុង​តែ​អង្គុយ​នៅ​ម្ខាង​ច្រក​ដើរ​បាន​ឃើញ​ខ្ញុំ​កំពុង​តែ​យំ។ គាត់​ក៏​បាន​មក​ជិត​ដោយ​ដាក់​ដៃ​គាត់​នៅ​លើ​ខ្ញុំ ហើយ​បាន​ច្រៀង​ចំរៀង​នោះ​ជា​មួយ​ខ្ញុំ​រហូត​ដល់​ចប់។ ខ្ញុំ​បាន​មាន​អារម្មណ៍​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ណាស់ ចំពោះ​បងប្អូន​ប្រុស​ស្រី​ទាំង​ឡាយ ហើយ​សប្បាយ​ចិត្ត​ដល់​ម្ល៉េះ​ដែល​ខ្ញុំ​បាន​ទៅ​ប្រជុំ​ដោយ​យល់​ដឹង​ថា នៅ​កន្លែង​នោះ​ឯង​គឺ​ជា​ជំនួយ​របស់​ខ្ញុំ គឺ​នៅ​ឯ​សាលព្រះរាជាណាចក្រ»។

៩, ១០. (ក) តើ​យើង​អាច​ជួយ​ផ្ដល់​ភាព​កក់ក្ដៅ​នៃ​ភាតរភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្នក​ណា​ជា​ពិសេស​ដែល​ត្រូវ​ការ​ចូល​រួបរួម​ដ៏​ល្អ​ត្រឹម​ត្រូវ? (គ) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត?

៩ ពិត​ប្រាកដ​ហើយ យើង​ម្នាក់ៗ​មាន​ភារៈ​ជួយ​ផ្ដល់​ឲ្យ​មាន​ភាព​កក់ក្ដៅ​នៃ​ភាតរភាព​គ្រីស្ទាន។ ដូច្នេះ យើង​គួរ​តែ​«បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង» ដើម្បី​រាប់​បញ្ចូល​បងប្អូន​ប្រុស​ស្រី​របស់​យើង​ទាំង​អស់។ (កូរិនថូសទី២ ៦:១៣) ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ចំពោះ​អស់​អ្នក​ដែល​បាន​ទៅ​ជា​ទន់ខ្សោយ បើសិន​ជា​គេ​មាន​អារម្មណ៍​ថា​សេចក្ដី​ស្រឡាញ់​នៃ​ភាតរភាព​បាន​រសាយ​ចេញ​ពី​គេ​នោះ! តែ​មាន​ជន​គ្រីស្ទាន​ខ្លះ​រាយ​ការណ៍​ថា គេ​នៅ​តែ​ឯក​ឯង​ហើយ​គ្មាន​អ្នក​ណា​អើពើ​សោះ។ បង​ស្រី​ម្នាក់​ដែល​ប្ដី​របស់​នាង​បាន​ប្រឆាំង​នឹង​សេចក្ដី​ពិត បាន​អង្វរ​ថា​៖ «តើ​អ្នក​ណា​ដែល​មិន​ចង់​បាន​នូវ​មិត្តភាព​ដ៏​ល្អ ការ​លើក​ទឹក​ចិត្ត​និង​ការ​ចូល​រួបរួម​ដ៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ? សូម​រំឭក​ដល់​បងប្អូន​របស់​យើង​ទាំង​ឡាយ ថា​យើង​ត្រូវ​ការ​របស់​ទាំង​នោះ​ណាស់»! ត្រូវ​ហើយ ជា​ពិសេស ចំពោះ​អស់​ពួក​អ្នក​ដែល​កាលៈទេសៈ​របស់​គេ​ក្នុង​ជីវិត​បាន​ធ្វើ​ឲ្យ​គេ​ទន់ខ្សោយ—គឺ​ជា​ពួក​អ្នក​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​មិន​ជា​អ្នក​ជឿ ឪពុក​ឬ​ម្ដាយ​តែ​ម្នាក់​ឯង អស់​ពួក​អ្នក​ដែល​មាន​បញ្ហា​នឹង​សុខភាព​ដ៏​រ៉ាំរ៉ៃ ពួក​អ្នក​ចំណាស់ ហើយ​ពួក​អ្នក​ឯ​ទៀត—ពួក​គេ​ត្រូវ​ការ​ការ​ចូល​រួបរួម​ដ៏​ល្អ​ត្រឹម​ត្រូវ។ តើ​ពួក​យើង​ខ្លះ​ត្រូវ​ការ​រំឭក​ពី​ការ​នេះ​ទេ?

១០ តើ​យើង​អាច​ជួយ​ធ្វើ​អ្វី​បាន? ចូរ​ឲ្យ​យើង​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​យើង​ឲ្យ​បាន​ទូលំទូលាយ។ កាល​ណា​យើង​សម្ដែង​សេចក្ដី​រាក់ទាក់ ចូរ​ឲ្យ​យើង​កុំ​ភ្លេច​ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត។ (លូកា ១៤:១២​-​១៤; ហេព្រើរ ១៣:២) ហេតុ​អ្វី​ក៏​មិន​អញ្ជើញ​គេ​ទៅ ជាជាង​សន្មត​ថា កាលៈទេសៈ​របស់​គេ​មិន​អនុញ្ញាត​ឲ្យ​គេ​ទទួល​យល់​ព្រម​នោះ? ហើយ​រួច​មក ចូរ​ឲ្យ​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​ចុះ។ ទោះបី​ជា​ពួក​គេ​មិន​អាច​ទទួល​ក្ដី គឺ​ពួក​គេ​ច្បាស់​ជា​មាន​អារម្មណ៍​លើក​ទឹក​ចិត្ត​ដោយ​ដឹង​ថា អ្នក​ឯ​ទៀត​បាន​គិត​ដល់​គេ។ នេះ​ប្រហែល​ជា​អ្វី​ដែល​គេ​ត្រូវ​ការ​ដើម្បី​ឲ្យ​កើន​កម្លាំង​មក​វិញ។

១១. ចំពោះ​ពួក​អ្នក​ដែល​បាន​ទៅ​ជា​ទន់ខ្សោយ ប្រហែល​ជា​គេ​ត្រូវ​ការ​ជំនួយ​តាម​របៀប​ណា​ខ្លះ?

១១ អស់​ពួក​អ្នក​ដែល​ទន់ខ្សោយ ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​អ្វី​ផ្សេងៗ​ទៀត។ ជា​ឧទាហរណ៍ ម្ដាយ​ដែល​តែ​ម្នាក់​ឯង ប្រហែល​ជា​ត្រូវ​ការ​បង​ប្រុស​ដែល​មាន​គំនិត​ចាស់​ទុំ ឲ្យ​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​កូន​ប្រុស ដែល​គ្មាន​ឪពុក​របស់​នាង។ (យ៉ាកុប ១:២៧) បង​ប្រុស​ម្នាក់​ឬ​បង​ស្រី​ម្នាក់​ដែល​មាន​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ខ្លះៗ​ក្នុង​ការ​ទៅ​ផ្សាយ ឬ​ក៏​ជួយ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​សម្បែង។ ពួក​អ្នក​ចំណាស់​ម្នាក់​ប្រហែល​ជា​ចង់​បាន​ជា​ខ្លាំង​នៅ​មិត្តភាព ឬ​ក៏​ត្រូវ​ការ​ជំនួយ​ខ្លះៗ​ដើម្បី​នឹង​ឲ្យ​អាច​ចេញ​ទៅ​ផ្សាយ​បាន។ កាល​ណា​មាន​សេចក្ដី​ត្រូវ​ការ​មិន​ចេះ​អស់​ចំពោះ​ជំនួយ​បែប​នេះ វា​អាច‹សាកល្បង​ដល់​ភាព​ស្មោះ​មែន​ទែន​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង›។ (កូរិនថូសទី២ ៨:៨) ជាជាង​ដក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ត្រូវ​ការ​ជំនួយ ដោយសារ​តែ​ពេល​វេលា​និង​ការ​ខំ​ប្រឹង​ខ្នះខ្នែង​នោះ ចូរ​ឲ្យ​យើង​បាន​ឈ្នះ​នូវ​ការ​សាកល្បង​នូវ​សេចក្ដី​ស្រឡាញ់​គ្រីស្ទាន​របស់​យើង ដោយ​ចេះ​ចង់​ដឹង​ឮ​ហើយ​រហ័ស​អើពើ​ដល់​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ឯ​ទៀត។

កម្លាំង​នៃ​បន្ទូល​របស់​ព្រះ

១២. តើ​ពាក្យ​បន្ទូល​របស់​ព្រះ អាច​ជួយ​យើង​ឲ្យ​កើន​កម្លាំង​មក​វិញ​យ៉ាង​ដូច​ម្ដេច?

១២ បុគ្គល​ណា​ម្នាក់​ដែល​ឈប់​បរិភោគ​អាហារ មិន​យូរ​ប៉ុន្មាន​គាត់​នឹង​បាត់បង់​កម្លាំង​ឬ​ឥទ្ធិពល​របស់​គាត់។ យ៉ាង​ដូច​នេះ​ដែរ វិធី​ម្យ៉ាង​ទៀត​ដែល​ព្រះ​យេហូវ៉ា​ចំរើន​កម្លាំង​ដល់​យើង ដើម្បី​ឲ្យ​យើង​បន្ត​ទៅ​មុខ នោះ​គឺ​លៃលក​យ៉ាង​ណា​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ចំណី​អាហារ​ខាង​វិញ្ញាណ​ឲ្យ​បាន​បរិបូរ។ (អេសាយ ៦៥:១៣, ១៤) តើ​ទ្រង់​ប្រទាន​អាហារ​ខាង​វិញ្ញាណ​អ្វី​ខ្លះ? ជា​ពិសេស គឺ​ព្រះ​បន្ទូល​របស់​ទ្រង់ ជា​ព្រះ​គម្ពីរ។ (ម៉ាថាយ ៤:៤; ប្រៀបធៀប ហេព្រើរ ៤:១២) តើ​ព្រះ​គម្ពីរ​អាច​ជួយ​ឲ្យ​យើង​កើន​នូវ​កម្លាំង​របស់​យើង​វិញ​យ៉ាង​ដូច​ម្ដេច? កាល​ណា​សេចក្ដី​លំបាក​និង​បញ្ហា​ជា​ច្រើន​ដែល​យើង​ជួប​ប្រទះ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង យើង​អាច​ស្រូប​យក​កម្លាំង​មក​វិញ ពី​ការ​អាន​អំពី​អារម្មណ៍​ផ្សេងៗ​នូវ​ការ​ប្រយុទ្ធ​ដ៏​ពិត​ប្រាកដ​នៃ​ពួក​បុរស​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​សម័យ​ព្រះ​គម្ពីរ។ ទោះបី​ជា​ពួក​គេ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​នៃ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ក្ដី តែ​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​«មាន​ចិត្ត​ដូច​ជា​យើង​ដែរ»។ (យ៉ាកុប ៥:១៧; កិច្ចការ ១៤:១៥) ពួក​គេ​បាន​ជួប​ប្រទះ​បញ្ហា​នឹង​សេចក្ដី​លំបាក​ផ្សេងៗ​ដូច​ជា​យើង​ដែរ។ ចូរ​ពិចារណា​មើល​គំរូ​ខ្លះៗ។

១៣. តើ​មាន​គំរូ​នៅ​ក្នុង​ព្រះ​គម្ពីរ​ណា​ខ្លះ ដែល​បង្ហាញ​ប្រាប់​ថា ពួក​បុរស​និង​ពួក​ស្ត្រី​ស្មោះ​ត្រង់​នៅ​សម័យ​ព្រះ​គម្ពីរ​មាន​អារម្មណ៍​និង​ការ​ពិសោធ​ដូច​ជា​យើង​ដែរ?

១៣ ចាស់​ព្រឹទ្ធាចារ្យ​អ័ប្រាហាំ​បាន​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ទៅ​លើ​មរណភាព​នៃ​ប្រពន្ធ​របស់​គាត់ ទោះបី​ជា​គាត់​បាន​មាន​ជំនឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ក្ដី។ (លោកុប្បត្តិ ២៣:២; ប្រៀបធៀប ហេព្រើរ ១១:៨​-​១០, ១៧​-​១៩) ដាវីឌ​ដែល​ជា​អ្នក​បាន​ប្រែ​ចិត្ត បាន​មាន​អារម្មណ៍​ថា អំពើ​បាប​របស់​គាត់​បាន​ធ្វើ​ឲ្យ​គាត់​ឥត​សម​នឹង​បំរើ​ព្រះ​យេហូវ៉ា​ឡើយ។ (ទំនុកដំកើង ៥១:១១) លោក​ម៉ូសេ​បាន​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​សោះ។ (និក្ខមនំ ៤:១០) លោក​អេប៉ាប្រូឌីត​បាន​ទៅ​ជា​កើត​ទុក្ខ​នៅ​ពេល​ដែល​គាត់​បាន​ដឹង​ថា ជម្ងឺ​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់​បាន​បន្ថយ​នូវ​សកម្មភាព​របស់​គាត់​ក្នុង‹កិច្ចការ​ព្រះ​អម្ចាស់›។ (ភីលីព ២:២៥​-​៣០) ប៉ុល​បាន​ខំ​តយុទ្ធ​នឹង​សាច់​ឈាម​ដ៏​មាន​បាប។ (រ៉ូម ៧:២១​-​២៥) នាង​អ៊ើរ៉ូឌា​និង​នាង​ស៊ុនទីច ទាំង​ពីរ​ជា​បង​ស្រី​ចាក់​ប្រេង​តាំង​នៅ​ក្នុង​ក្រុមជំនុំ​ភីលីព តាម​មើល​ទៅ​មាន​ការ​ពិបាក​ចុះ​ចូល​នឹង​គ្នា​ខ្លះ​ដែរ។ (ភីលីព ១:១; ៤:២, ៣) ជា​ការ​លើក​ទឹក​ចិត្ត​ណាស់​ដោយ​ដឹង​ថា ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​បាន​មាន​អារម្មណ៍​នឹង​ការ​ពិសោធ​ដូច​ជា​យើង​ដែរ តែ​ពួក​គេ​នៅ​តែ​មិន​ចុះ​ចាញ់​ឡើយ! ព្រះ​យេហូវ៉ា​ទ្រង់​ក៏​មិន​បោះបង់​ពួក​គេ​ដែរ។

១៤. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឧបករណ៍​អ្វី​ដើម្បី​ជួយ​យើង​ឲ្យ​ស្រូប​យក​កម្លាំង​ពី​ពាក្យ​បន្ទូល​របស់​ទ្រង់? (ខ) ហេតុ​អ្វី​ក៏​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក! បោះ​ផ្សាយ​អត្ថបទ​អំពី​សង្គម គ្រួសារ និង​បញ្ហា​ខាង​ផ្លូវ​ចិត្ត​ដូច្នេះ?

១៤ ដើម្បី​ជួយ​យើង​ស្រូប​យក​កម្លាំង​ពី​ពាក្យ​បន្ទូល​របស់​ទ្រង់ ព្រះ​យេហូវ៉ា​ប្រើ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ ដើម្បី​ផ្ដល់​ឲ្យ​យើង​នូវ‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›យ៉ាង​បរិបូរ។ (ម៉ាថាយ ២៤:៤៥ ព.ថ.) អ្នក​បំរើ​ស្មោះ​ត្រង់​បាន​ប្រើ​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក!​ជា​យូរ​មក​ហើយ ដើម្បី​គាំទ្រ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ហើយ​ដើម្បី​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​តែ​មួយ​គត់។ ជា​ពិសេស នៅ​ក្នុង​រយៈ​ពីរបី​ទសវត្ស​កន្លង​មក​នេះ ទស្សនាវដ្ដី​ទាំង​នេះ​បាន​បោះ​ផ្សាយ​នៅ​អត្ថបទ​ពី​ព្រះ​គម្ពីរ​ដ៏​ត្រឹម​ត្រូវ​ពេល​វេលា​ស្តី​អំពី​សង្គម ក្រុម​គ្រួសារ សេចក្ដី​លំបាក​ខាង​ផ្លូវ​ចិត្ត ដែល​សូម្បីតែ​ប្រជា​រាស្ត្រ​របស់​ព្រះ​ខ្លះ​បាន​ជួប​ប្រទះ​ដែរ។ តើ​ពត៌មាន​បែប​នេះ​បាន​បោះ​ពុម្ព​មក​សំរាប់​គោល​បំណង​អ្វី? ជា​ប្រាកដ គឺ​ដើម្បី​ជួយ​អស់​អ្នក​ណា​ដែល​កំពុង​តែ​ពិសោធ​សេចក្ដី​លំបាក​ទាំង​នេះ ដើម្បី​ឲ្យ​គេ​ស្រូប​យក​កម្លាំង​ចិត្ត​ហើយ​លើក​ទឹក​ចិត្ត​ពី​ពាក្យ​បន្ទូល​របស់​ព្រះ។ ប៉ុន្តែ អត្ថបទ​ទាំង​នេះ​ក៏​ជួយ​ពួក​យើង ឲ្យ​យល់​បាន​ច្បាស់​លាស់​អំពី​អ្វីៗ​ដែល​បងប្អូន​ប្រុស​ស្រី​របស់​យើង​ខ្លះ កំពុង​តែ​ឆ្លង​កាត់។ ម្ល៉ោះ​ហើយ យើង​ត្រូវ​បាន​ប្រដាប់​ខ្លួន​បាន​យ៉ាង​ល្អ ក្នុង​ការ​ស្ដាប់​តាម​ពាក្យ​របស់​ប៉ុល ដែល​ថា​៖ «ជួយ​កំសាន្ត ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់»។—ថែស្សាឡូនីចទី១ ៥:១៤

ពួក​អ្នក​ចាស់ទុំ​«នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់»

១៥. តើ​អេសាយ​បាន​ទាយ​អ្វី​ខ្លះ អំពី​អស់​ពួក​អ្នក​បំរើជា​អ្នក​ចាស់​ទុំ ហើយ​តើ​ពួក​គេ​មាន​ភារៈ​អ្វី​ខ្លះ?

១៥ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​អ្វី​ផ្សេង​ទៀត ដើម្បី​ជួយ​យើង​នៅ​ពេល​ដែល​យើង​ទន់ខ្សោយ—គឺ​ពួក​ចាស់​ទុំ​នៅ​ក្នុង​ក្រុមជំនុំ។ ព្យាការី​អេសាយ​បាន​សរសេរ​អំពី​ពួក​អ្នក​ទាំង​នេះ​ថា​៖ «មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ»។ (អេសាយ ៣២:១, ២) ដូច្នេះ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារៈ​ដើម្បី​បំពេញ​តាម​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ​អំពី​ពួក​គេ។ ពួក​គេ​«នឹង​បាន​ដូច​ជា»​ប្រភព​នៃ​ការ​ស្រាក​ស្រួល​ចិត្ត​នឹង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ ហើយ​នឹង​ត្រូវ​ស្មគ្រ​ចិត្ត​«យក​អាសា [ឬ​«របស់​ដែល​ធ្វើ​ឲ្យ​ខ្វល់» ន័យ​ចំៗ​«របស់​ដ៏​ធ្ងន់»]គ្នា​ទៅ​វិញ​ទៅ​មក»។ (កាឡាទី ៦:២) តើ​ពួក​គេ​អាច​ធ្វើ​ការ​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

១៦. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នឹង​អធិស្ឋាន?

១៦ ដូច​ជា​បាន​ថ្លែង​ពី​មុន​មក ជួន​កាល​បុគ្គល​ម្នាក់​ដែល​បាន​ទៅ​ជា​ទន់ខ្សោយ​អាច​មាន​អារម្មណ៍​ថា ខ្លួន​មិន​សម​នឹង​អធិស្ឋាន​ទេ។ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី? ពួក​គេ​អាច​អធិស្ឋាន​ជា​មួយ​បុគ្គល​នោះ ហើយ​សំរាប់​គាត់​ដែរ។ (យ៉ាកុប ៥:១៤) ដោយ​និយាយ​ឮៗ ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​បុគ្គល​នោះ​ឲ្យ​យល់​ថា ព្រះ​យេហូវ៉ា​នឹង​អ្នក​ឯ​ទៀត​ស្រឡាញ់​គាត់​ឬ​នាង​ណាស់ នឹង​មុខ​ធ្វើ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​ជា​មិន​ខាន។ ដោយ​បាន​ឮ​ការ​អធិស្ឋាន​ដ៏​ស្មោះ​ពី​ចិត្ត​របស់​អ្នក​ចាស់​ទុំ​ម្នាក់ អាច​ជួយ​ពង្រឹង​នូវ​សេចក្ដី​ទុក​ចិត្ត​របស់​បុគ្គល​ដែល​បាន​ទន់ខ្សោយ​នោះ។ អ្នក​ចាស់​ទុំ​អាច​ជួយ​បុគ្គល​នោះ ឲ្យ​វែកញែក​ឃើញ​ថា បើសិន​ជា​អ្នក​ចាស់​ទុំ​មាន​ការ​ទុក​ចិត្ត​ជា​ខ្លាំង​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​ពី​ការ​អធិស្ឋាន​ជំនួស​បុគ្គល​នោះ ដូច្នេះ​គាត់​ឬ​នាង​ក៏​អាច​មាន​ការ​ទុក​ចិត្ត​នោះ​ដែរ។

១៧. ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់?

១៧ យ៉ាកុប ១:១៩ ចែង​ថា​៖ «ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ»។ ដើម្បី​ជួយ​បុគ្គល​ទន់ខ្សោយ​ឲ្យ​កើន​នូវ​កម្លាំង​វិញ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់។ ក្នុង​ករណី​ខ្លះ សមាជិក​នៃ​ក្រុមជំនុំ​ប្រហែល​ជា​កំពុង​តែ​តយុទ្ធ​នឹង​បញ្ហា​ឬ​ក៏​សេចក្ដី​លំបាក​ណា​ដែល​ពុំ​អាច​ដោះ​ស្រាយ​បាន​ឡើយ​នៅ​ក្នុង​របប​សម័យ​នេះ។ អ្វីៗ​ដែល​គេ​ត្រូវ​ការ​នោះ គឺ​មិន​មែន​ជា​ដំណោះ​ស្រាយ​ណា​មួយ​ដើម្បី​«ដោះ​ស្រាយ»​ចំពោះ​បញ្ហា​របស់​គេ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ត្រូវ​ការ​និយាយ​ជា​មួយ​នឹង​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់—បុគ្គល​ណា​ម្នាក់​ដែល​នឹង​មិន​ប្រាប់​គេ ថា​គេ​ត្រូវ​មាន​អារម្មណ៍​យ៉ាង​ណា ប៉ុន្តែ​គឺ​ជា​អ្នក​ដែល​នឹង​ស្ដាប់​ដោយ​មិន​កាត់​ក្ដី។—លូកា ៦:៣៧; រ៉ូម ១៤:១៣

១៨, ១៩. (ក) តើ​ការ​រហ័ស​ស្ដាប់​អាច​ជួយ​អ្នក​ចាស់​ទុំ​ម្នាក់​ឲ្យ​ចៀស​វាង​ធ្វើ​ឲ្យ​បន្ទុក​អ្នក​ទន់ខ្សោយ​កាន់​តែ​ធ្ងន់​ឡើង​យ៉ាង​ដូច​ម្ដេច? (ខ) កាល​ណា​ពួក​អ្នក​ចាស់​ទុំ​សម្ដែង‹អារម្មណ៍​ដល់​គ្នីគ្នា› តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៨ ពួក​អ្នក​ចាស់​ទុំ​អើយ ចូរ​រហ័ស​ស្ដាប់​ចុះ នេះ​នឹង​អាច​ជួយ​អ្នក​ឲ្យ​ចៀស​វាង​ធ្វើ​ឲ្យ​បន្ទុក​របស់​អ្នក​ទន់ខ្សោយ​កាន់​តែ​ធ្ងន់​ឡើង​ដោយ​មិន​ដឹង​ខ្លួន។ ជា​ឧទាហរណ៍ បើសិន​ជា​បង​ប្រុស​ឬ​បង​ស្រី​ម្នាក់​បាន​ខាន​មក​ប្រជុំ​ខ្លះ ឬ​បាន​ចុះ​ថយ​ក្នុង​ការ​ដើរ​ផ្សាយ តើ​គាត់​ពិត​ជា​ត្រូវ​ការ​ការ​ទូន្មាន​អំពី​ការ​ទៅ​ផ្សាយ​ច្រើន ឬ​ក៏​អំពី​ការ​មក​ប្រជុំ​ឲ្យ​បាន​ទៀងទាត់​ទេ? គឺ​ប្រហែល។ ប៉ុន្តែ តើ​អ្នក​ដឹង​ស្ថានការណ៍​ទាំង​មូល​នោះ​ទេ? តើ​បញ្ហា​សុខភាព​មាន​កើត​ច្រើន​ទេ? តើ​ភារៈ​ក្នុង​គ្រួសារ​មាន​ប្រែប្រួល​ទេ​ក្នុង​ពេល​ថ្មីៗ​នេះ? តើ​មាន​កាលៈទេសៈ​ណា​ឬ​ក៏​សេចក្ដី​លំបាក​ណា​ដែល​ធ្វើ​ឲ្យ​គាត់​ឬ​នាង​ទន់ខ្សោយ​ទេ? ចូរ​ចង​ចាំ​ថា បុគ្គល​នោះ​ប្រហែល​ជា​បាន​មាន​អារម្មណ៍​ថា ជា​កំហុស​ខ្លួន​ទៅ​ហើយ អំពី​ការ​ដែល​ខ្លួន​មិន​អាច​ធ្វើ​ឲ្យ​បាន​ច្រើន​នោះ។

១៩ ដូច្នេះ តើ​អ្នក​អាច​ជួយ​បង​ប្រុស​ឬ​បង​ស្រី​នោះ​យ៉ាង​ដូច​ម្ដេច​បាន? មុន​នឹង​អ្នក​ធ្វើ​ការ​សន្និដ្ឋាន​ឬ​ផ្ដល់​ឲ្យ​ឱវាទ​ណា​មួយ សូមស្ដាប់​សិន! (សុភាសិត ១៨:១៣) ដោយ​ប្រើ​សំនួរ​ដោយ​ចេះ​វែកញែក ចូរ‹ស្រង់​យក›អារម្មណ៍​ពី​ចិត្ត​របស់​បុគ្គល​នោះ​សិន។ (សុភាសិត ២០:៥) ចូរ​កុំ​ឲ្យ​បំភ្លេច​អំពី​អារម្មណ៍​ទាំង​នេះ​ឲ្យ​សោះ—ចូរ​ទទួល​ស្គាល់​អារម្មណ៍​ទាំង​នេះ​ផង។ ប្រហែល​ជា​ជន​ទន់ខ្សោយ​នោះ ត្រូវ​ការ​ការ​រំឭក​ថា ព្រះ​យេហូវ៉ា​ខ្វល់ខ្វាយ​ចំពោះ​យើង ហើយ​ទ្រង់​ជ្រាប​ថា នៅ​ពេល​ខ្លះ​កាលៈទេសៈ​របស់​យើង​អាច​ដាក់​កំរិត​ឲ្យ​យើង។ (ពេត្រុសទី១ ៥:៧) កាល​ណា​ពួក​អ្នក​ចាស់​ទុំ​សម្ដែង‹អារម្មណ៍​ដល់​គ្នីគ្នា›បែប​នេះ អ្នក​ទន់ខ្សោយ​នឹង​បាន‹ការ​លើក​ទឹក​ចិត្ត​សំរាប់​ខ្លួន›។ (ពេត្រុសទី១ ៣:៨; ម៉ាថាយ ១១:២៨​-​៣០) កាល​ណា​ពួក​គេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​បែប​នេះ ពួក​គេ​នឹង​មិន​ចាំបាច់​ប្រាប់​ឲ្យ​ធ្វើ​ច្រើន​ទេ គឺ​ថា​ចិត្ត​របស់​គេ​នឹង​ជំរុញ​គេ​ឲ្យ​ធ្វើ​ទាំង​អស់ ដែល​គេ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​សម​ហេតុ​ផល​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា។—ប្រៀបធៀប កូរិនថូសទី២ ៨:១២; ៩:៧

២០. ដោយ​ទីបញ្ចប់​នៃ​មនុស្ស​ដំណ​អាក្រក់​នេះ​កាន់​តែ​ជិត​ឡើង តើ​យើង​គួរ​តែ​ប្ដេជ្ញា​ធ្វើ​អ្វី?

២០ ពិត​មែន​ហើយ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ សេចក្ដី​លំបាក​នៃ​ការ​រស់​នៅ​ក្នុង​លោកីយ៍​របស់​សាតាំង​កំពុង​តែ​រីក​ចំរើន​ឡើង កាល​ដែល​យើង​ចូល​កាន់​តែ​ជ្រៅ​ឡើង​ឆ្ពោះ​ទៅ​រក​ទីបញ្ចប់​នៃ​គ្រា​នេះ។ ចូរ​ចង​ចាំ​ថា ដូច​សត្វ​សិង្ហ​ដែល​កំពុង​តែ​រក​ចំណី​ស៊ី អារក្ស​វា​រង់ចាំ​យើង​ទំរាំ​ដល់​យើង​ទៅ​ជា​ទន់ខ្សោយ ហើយ​ចុះ​ចាញ់ ដូច្នេះ​វា​អាច​ចាប់​យើង​ជា​ចំណី​ដ៏​ស្រួល។ យើង​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​ណាស់ ដែល​ទ្រង់​ចំរើន​កម្លាំង​ដល់​ពួក​អ្នក​ទន់ខ្សោយ! ចូរ​ឲ្យ​យើង​ឆ្លៀត​យក​ប្រយោជន៍​ពី​សំវិធានការ​នៃ​ការ​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង ដើម្បី​ចំរើន​កម្លាំង​ដល់​យើង​ឲ្យ​យើង​បន្ត​ទៅ​មុខ ហាក់បី​ដូច​ជា​ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​ស្លាប​ដ៏​ខ្លាំង​ក្លា​នៃ​សត្វ​ឥន្ទ្រី​ដែល​ហោះ​សំកាំង។ ដោយ​ទីបញ្ចប់​នៃ​មនុស្ស​ដំណ​ដ៏​អាក្រក់​នេះ​កាន់​តែ​ជិត​ឡើង ឥឡូវ​នេះ​មិន​មែន​ជា​ពេល​វេលា​ឲ្យ​ឈប់​រត់​នោះ​ទេ ក្នុង​ការ​រត់​ប្រណាំង​របស់​យើង​ដើម្បី​យក​រង្វាន់—គឺ​ជីវិត​អស់កល្ប​ជានិច្ច។—ហេព្រើរ ១២:១

តើ​អ្វី​ទៅ​ជា​ចម្លើយ​របស់​អ្នក?

◻ តើ​យើង​អាច​សង្ឃឹម​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី ក្នុង​ការ​តប​ឆ្លើយ​នឹង​ការ​អធិស្ឋាន​របស់​យើង?

◻ តើ​តាម​របៀប​ណា​ខ្លះ​ដែល​យើង​អាច​ស្រូប​យក​កម្លាំង​ពី​ភាតរភាព​ជន​គ្រីស្ទាន​របស់​យើង?

◻ តើ​បន្ទូល​របស់​ព្រះ​ជួយ​យើង​ឲ្យ​កើន​កម្លាំង​មក​វិញ​យ៉ាង​ដូច​ម្ដេច?

◻ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​អ្នក​ទន់ខ្សោយ​ឲ្យ​កើន​កម្លាំង​មក​វិញ?

[រូបភាព​នៅ​ទំព័រ​១៦]

ពេល​សម្ដែង​ការ​រាក់ទាក់ ចូរ​ឲ្យ​យើង​កុំ​ភ្លេច​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត

[រូបភាព​នៅ​ទំព័រ​១៧]

ពួក​អ្នក​ចាស់​ទុំ​អាច​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ទន់ខ្សោយ​ឲ្យ​យល់​ថា ពួក​គេ​គឺ​ជា​អ្នក​ជា​ទី​ស្រឡាញ់​ណាស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក