បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៩ ទំ. ២៤-២៩
  • ពរឬសេចក្ដីបណ្ដាសា—គំរូសំរាប់យើងសព្វថ្ងៃនេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរឬសេចក្ដីបណ្ដាសា—គំរូសំរាប់យើងសព្វថ្ងៃនេះ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ព្រមាន​ប្រឆាំង​នឹង​សរណវត្ថុ​បូជា
  • ការ​ព្រមាន​ប្រឆាំង​នឹង​អំពើ​សហាយ​ស្មន់
  • ការ​ព្រមាន​ប្រឆាំង​នឹង​ការ​ត្អូញត្អែរ​ដ៏​បះបោរ
  • ព្រមាន​ប្រឆាំង​នឹង​ការ​រអ៊ូរទាំ
  • រៀន​តាម​គំរូ​ព្រះ​គម្ពីរ ហើយ​ទទួល​ពរ
  • កុំឲ្យក្លាយទៅជាអ្នកស្ដាប់ដែលចេះតែភ្លេច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • ចូរជៀសចេញពីការ«ត្អូញត្អែរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ការបំពេញការឧទ្ទិសថ្វាយខ្លួនរបស់យើង«រៀងរាល់ថ្ងៃ»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ពរឬក៏សេចក្ដីបណ្ដាសា—មានការជ្រើសរើស!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៩ ទំ. ២៤-២៩

ពរ​ឬ​សេចក្ដី​បណ្ដាសា​—​គំរូ​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ

«រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប»។—កូរិនថូសទី១ ១០:១១

១. ដូច​ជា​យើង​ពិនិត្យ​មើល​ប្រដាប់ប្រដា តើ​អ្វី​ដែល​យើង​ត្រូវតែ​ពិនិត្យ​មើលដែរ?

នៅ​ក្រោម​ស្រទាប់​ថ្នាំ​លាប​ដែល​មើល​មិន​ឃើញ ច្រេះ​អាច​ចាប់​ផ្ដើម​ស៊ី​ប្រដាប់ប្រដា​ដែល​ធ្វើ​ពី​ដែក។ ប្រហែល​ជា​យូរ​បន្ដិច មុន​នឹង​មើល​ឃើញ​ច្រេះ​នៅ​ខាង​លើ​នោះ។ ស្រដៀង​គ្នា​នេះ​ដែរ អាកប្បកិរិយា​និង​ចេតនា​នៃ​ចិត្ត​របស់​បុគ្គល​ម្នាក់​អាច​ចាប់​ផ្ដើម​យ៉ាប់យ៉ឺន​ឡើង មុន​នឹង​មាន​កម្មផល​ជា​ធ្ងន់​ឬ​មុន​អ្នក​ដទៃ​មើល​ឃើញ។ ដូច​ជា​យើង​នឹង​ឆែក​មើល​ប្រដាប់ប្រដា​ក្រែងលោ​មាន​ច្រេះ ដូច្នេះ​ការ​ពិនិត្យ​មើលចិត្ត​របស់​យើង​ឲ្យ​ដិត​ដល់ និង​ការ​ថែទាំ​ត្រឹម​ត្រូវ​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​គ្រីស្ទាន​របស់​យើង។ បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​អាច​ទទួល​ពរ​របស់​ព្រះ ហើយ​អាច​ចៀស​វាង​ពី​សេចក្ដី​បណ្ដាសា​របស់​ទ្រង់។ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា ពរ​និង​សេចក្ដី​បណ្ដាសា ដែល​បាន​ធ្លាក់​មក​លើ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ឥត​មាន​ន័យ​សំរាប់​ពួក​អ្នក​ដែល​ប្រឈម​មុខ​នៃ​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​ទេ។ (យ៉ូស្វេ ៨:៣៤, ៣៥; ម៉ាថាយ ១៣:៤៩, ៥០; ២៤:៣) ប៉ុន្តែ គឺ​មិន​មែន​ដូច្នេះ​ឡើយ។ យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​ណាស់​ពី​គំរូ​ព្រមាន​ដែល​ទាក់ទង​នឹង​សាសន៍​អ៊ីស្រាអែល ដូច​បាន​ថ្លែង​មក​ក្នុង​កូរិនថូសទី១ ជំពូក ១០។

២. តើ​កូរិនថូសទី១ ១០:៥, ៦ ចែង​យ៉ាង​ណា​អំពី​ការ​ពិសោធ​របស់​ពួក​អ៊ីស្រាអែល​ក្នុង​ទី​រហោ​ស្ថាន?

២ សាវ័ក​ប៉ុល​ប្រៀបធៀប​ពួក​អ៊ីស្រាអែល​ដែល​នៅ​ក្រោម​ម៉ូសេ​ទៅ​នឹង​គ្រីស្ទាន​នៅ​ក្រោម​ព្រះ​គ្រីស្ទ។ (កូរិនថូសទី១ ១០:១​-​៤) ថ្វី​បើ​ពួក​អ៊ីស្រាអែល​អាច​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​ក៏​ដោយ «ព្រះ​ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់រាយ នៅ​ក្នុង​ទី​រហោស្ថាន»។ ដូច្នេះ ប៉ុល​ក៏​បាន​ប្រាប់​ពួក​គ្រីស្ទាន​គ្នីគ្នា​ថា​៖ «ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ»។ (កូរិនថូសទី១ ១០:៥, ៦) សេចក្ដីប្រាថ្នា​គឺ​បាន​អប់រំ​ក្នុង​ចិត្ត ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​តាម​គំរូ​ដែល​ប៉ុល​បាន​ប្រាប់​មក​នេះ។

ការ​ព្រមាន​ប្រឆាំង​នឹង​សរណវត្ថុ​បូជា

៣. តើ​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​យ៉ាង​ដូច​ម្ដេច ដែល​ទាក់ទង​នឹង​កូន​គោ​មាស?

៣ ការ​ព្រមាន​របស់​សាវ័ក​ប៉ុល​គឺ​៖ «ឬ​ថ្វាយ​បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា‹បណ្ដាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ› »។ (កូរិនថូសទី១ ១០:៧) គំរូ​ដែល​ទុក​ជា​ការ​ព្រមាន​នេះ គឺ​អំពី​ពួក​អ៊ីស្រាអែល​ដែល​បែរ​យក​ផ្លូវ​របស់​ពួក​អេស៊ីប ហើយ​ធ្វើ​កូន​គោ​មាស​ដើម្បី​ថ្វាយ​បង្គំ។ (និក្ខមនំ ជំពូក ៣២) ស្ទេផាន​បាន​បង្ហាញ​គោល​បញ្ហា​៖ «តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក[ម៉ូសេ អ្នក​តំណាង​របស់​ព្រះ]​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ ដោយ​និយាយ​នឹង​អើរ៉ុន​ថា ‹ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ ថ្នាក់​អ្វី​ដល់​លោក​ទេ› នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ› »។ (កិច្ចការ ៧:៣៩​-​៤១) សូម​កត់​សម្គាល់ថា ‹ក្នុង​ចិត្ត​របស់​គេ› ពួក​អ៊ីស្រាអែល​ដ៏​វៀចវេរ​នេះ មានសេចក្ដីប្រាថ្នា​មិន​ត្រឹម​ត្រូវ ដែល​ធ្វើ​ឲ្យ​គេ​ថ្វាយ​បង្គំ​រូប​ព្រះ។ «គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ»។ ម្យ៉ាង​ទៀត ពួក​គេ​«នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ»។ គឺ​មាន​ភ្លេង ច្រៀង រាំរែក និង​ស៊ី​ផឹក។ យ៉ាង​ច្បាស់​ណាស់ សរណវត្ថុ​បូជា​បាន​ល្បួង​គេ​ឲ្យ​មានការ​កំសាន្ត​ចិត្ត។

៤, ៥. តើ​ការ​ថ្វាយបង្គំ​រូប​ព្រះ​អ្វី ដែល​យើង​ត្រូវ​តែ​ចៀស​វាង?

៤ ស្រុក​អេស៊ីប​ជា​ប្រៀបប្រដូច—គឺ​លោកីយ៍​របស់​សាតាំង—ដែល​ថ្វាយ​បង្គំ​គ្រឿង​កំសាន្ត​យ៉ាងជាក់ស្តែង។ (យ៉ូហានទី១ ៥:១៩; វិវរណៈ ១១:៨) គឺ​ថ្វាយ​បង្គំ​ពួក​តួឯក អ្នក​ចំរៀង តួ​ឯក​ខាង​កីឡា ព្រម​ទាំង​ការ​រាំ បទ​ភ្លេង គំនិត​នៃ​ការ​សប្បាយ​រីករាយ​របស់​គេ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ល្បួង​ឲ្យ​វក់តែនឹង​គ្រឿង​កំសាន្ត ថ្វីបើនៅ​អះអាង​ថា​គេ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​គ្រីស្ទាន​ម្នាក់​ត្រូវ​បាន​ទូន្មាន​អំពី​អំពើ​ខុស​ទំនង ភាព​វិញ្ញាណ​ដ៏​ទន់ខ្សោយ​របស់​គាត់ គឺ​អាច​តាម​ដាន​ឃើញ​ពី​ការ​ផឹក​ស្រា រាំរែក ហើយ​ចូល​កំសាន្ត​ដែល​ប្រហែលជាដូច​ថ្វាយ​បង្គំ​រូប​ព្រះ។ (និក្ខមនំ ៣២:៥, ៦, ១៧, ១៨) ការ​កំសាន្ត​ខ្លះ​គឺ​ត្រឹម​ត្រូវ​ហើយ​គួរ​ឲ្យ​សប្បាយ។ ប៉ុន្តែ ភ្លេង​លោកីយ៍​នេះ​ភាគ​ច្រើន ដូច​ជា រាំរែក ភាពយន្ត និង​វីឌីអូ​គឺ​បាន​ផ្ដល់​មក​ដើម្បី​នាំ​ឲ្យ​ខូច​សេចក្ដី​ប្រាថ្នា​ខាង​សាច់​ឈាម។

៥ គ្រីស្ទាន​ពិត​មិន​ចុះ​ចូល​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ឡើយ។ (កូរិនថូសទី២ ៦:១៦; យ៉ូហានទី១ ៥:២១) សូម​ឲ្យ​យើង​គ្រប់​គ្នា​ប្រយ័ត្នប្រយែង ដែល​យើង​មិន​វក់​នឹង​គ្រឿង​កំសាន្ត​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ប្រថុយ​រង​ទុក្ខ​ឥទ្ធិពល​គ្រោះថ្នាក់​ចូល​នឹង​ការ​សប្បាយ​រីករាយ​តាម​ផ្លូវ​របស់​លោកីយ៍​នេះ។ បើសិន​ជា​យើង​ធ្វើ​តាម​ឥទ្ធិពល​ខាង​លោកីយ៍​នេះ សេចក្ដី​ប្រាថ្នា​និង​អាកប្បកិរិយា​ដ៏​គ្រោះថ្នាក់​អាច​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​យើង។ បើ​មិន​កែ​តម្រូវ​វា​ទេ របស់​ទាំង​នេះ​អាច​ទៅ​ជា‹នៅ​ក្រោម​ទី​រហោ​ស្ថាន›នៃ​ប្រព័ន្ធ​សាតាំង។

៦. តើ​ការ​ចាត់​វិធានការ​អ្វី ដែល​យើង​ត្រូវ​តែ​ធ្វើ​ចំពោះ​គ្រឿង​កំសាន្ត?

៦ ដូច​ម៉ូសេ នៅ​គ្រា​នៃ​ព្រឹត្ដិការណ៍​កូន​គោ​មាស ពួក‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ› គឺ​កំពុង​តែ​និយាយ​ថា​៖ «អ្នក​ណា​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា? ចូរ​ឲ្យ​មក​ឯ​អញ​ចុះ!» ការ​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​បង្ហាញ​ថា​យើង​គាំទ្រការ​ថ្វាយ​បង្គំ​ពិត​យ៉ាង​មុត​មាំ គឺ​អាច​សង្គ្រោះ​ជីវិត។ កុលសម្ព័ន្ធ​លេវី​របស់​ម៉ូសេ​បាន​ចាត់​វិធានការ​ភ្លាម​ដើម្បី​កំចាត់​ចេញ​ឥទ្ធិពល​ថោកទាប។ (ម៉ាថាយ ២៤:៤៥​-​៤៧; និក្ខមនំ ៣២:២៦​-​២៨) ដូច្នេះ ចូរ​ពិនិត្យ​មើល​ឲ្យ​ប្រយ័ត្ន​អំពី​ការ​ជ្រើសរើស​របស់​អ្នក​នៃ​គ្រឿង​កំសាន្ត បទ​ភ្លេង វីឌីអូ និង​របស់​ដូច​នេះ។ បើសិន​ជា​មិន​ល្អ​តាម​របៀប​ណា​នោះ ចូរ​កាន់​ជំហរ​ខាង​ព្រះ​យេហូវ៉ា។ ដោយ​អធិស្ឋាន​ទៅ​ព្រះ ចូរ​ផ្លាស់ប្ដូរ​ការ​ជ្រើសរើស​របស់​អ្នក​ខាង​គ្រឿង​កំសាន្ត និង​បទ​ភ្លេង ហើយ​កំទេច​ចោល​របស់​ដែល​មាន​គ្រោះថ្នាក់ ដូច​លោក​ម៉ូសេ​បាន​កំទេច​ចោល​កូន​គោ​មាស​នោះ​ដែរ។—និក្ខមនំ ៣២:២០; ចោទិយកថា ៩:២១

៧. តើ​យើង​អាច​ការពារ​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៧ តើ​យើង​អាច​ទប់​មិន​ឲ្យ​ច្រេះ​ស៊ី​ចិត្ត​យ៉ាង​ដូច​ម្ដេច? ដោយ​ការ​ខំ​សិក្សា​បន្ទូល​របស់​ព្រះ ហើយ​អនុញ្ញាត​សេចក្ដី​ពិត​ចូល​ក្នុង​ចិត្ត​គំនិត​របស់​យើង។ (រ៉ូម ១២:១, ២) ប្រាកដ​ហើយ យើង​ត្រូវ​តែ​មក​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ឲ្យ​បាន​ទៀងទាត់។ (ហេព្រើរ ១០:២៤, ២៥) ការ​មក​ឯ​កិច្ច​ប្រជុំ​ដែល​ឥត​សកម្ម នឹង​អាច​ប្រៀប​ដូច​ទៅ​នឹង​ការ​លាប​ថ្នាំ​លើ​កន្លែង​មាន​ច្រេះ។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​មួយ​ភ្លែត ប៉ុន្តែ​វា​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​ដ៏​សំខាន់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​រៀប​ចំ​ទុក​ជា​មុន ការ​រំពឹង​គិត ហើយ​លើក​ដៃ​ឆ្លើយ​ក្នុង​កិច្ច​ប្រជុំ យើង​អាច​យក​ច្រេះ​ចេញ ដែល​ប្រហែល​ជា​មាន​ក្នុង​ចិត្ត​របស់​យើង។ នេះ​នឹង​ជួយ​យើង​ឲ្យ​កាន់​ខ្ជាប់​នឹង​បន្ទូល​របស់​ព្រះ ហើយ​ពង្រឹង​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​នៃ​ជំនឿ ហើយ​ក្លាយ​ទៅ​ជា​«បាន​គ្រប់​ល័ក្ខណ៍ ហើយ​ពេញ​ខ្នាត»។—យ៉ាកុប ១:៣, ៤; សុភាសិត ១៥:២៨

ការ​ព្រមាន​ប្រឆាំង​នឹង​អំពើ​សហាយ​ស្មន់

៨​-​១០. (ក) តើ​អ្វី​ជា​គំរូ​ដែល​ទុក​ជា​ការ​ព្រមាន ដែល​បាន​សំដៅ​មក​នៅ​កូរិនថូសទី១ ១០:៨? (ខ) តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្នុង​ម៉ាថាយ ៥:២៧, ២៨ អាច​យក​មក​អនុវត្ត​ជា​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

៨ ក្នុង​ឧទាហរណ៍​ជា​បន្ទាប់ ប៉ុល​បាន​ឲ្យ​ឱវាទ​យើង​ថា​៖ «ឬ​ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង»។a (កូរិនថូសទី១ ១០:៨) សាវ័ក​ប៉ុល​បាន​សំដៅ​ទៅ​គ្រា​ដែល​ពួក​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត ហើយ​បាន​«សហាយ​ស្មន់ នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ម៉ូអាប់»។ (ជនគណនា ២៥:១​-​៩) អំពើ​អសីលធម៌​ខាង​កាម​គឺ​អាច​ជាប់​ទោស​ដល់​ស្លាប់! ការ​អនុញ្ញាត​ឲ្យ​មាន​គំនិត​និង​តណ្ហា​ដ៏​អសីលធម៌​ដោយ​មិន​ទប់ទល់ គឺ​ដូច​ជា​អនុញ្ញាត​ឲ្យ​«ច្រេះ»​ក្នុង​ចិត្ត​ដូច​គ្នា។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពីដើម​ថា ‹កុំ​ផិត​ឲ្យ​សោះ› ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បីតែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំ​រេ​ក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ»។—ម៉ាថាយ ៥:២៧, ២៨

៩ ជា​ភស្តុតាង​ចំពោះ​កម្ម​ផល​នៃ‹ការ​សម្លឹង​មើល​ហើយ​មាន​ដំ​រេ​ក​សំរើប​នឹង​ស្ត្រី› ជា​លទ្ធផល​ចំពោះ​ការ​គិត​ដ៏​ថោកទាប​នៃ​ពួក​ទេវតា​ដែល​មិន​គោរព​តាម​ព្រះ មុន​សម័យ​ទឹក​ជំនន់។ (លោកុប្បត្តិ ៦:១, ២) សូម​ឲ្យ​ចាំ​ដែរ អំពី​ព្រឹត្ដិការណ៍​ក៏​គួរ​ឲ្យ​សោក​ស្ដាយ​មួយ នៃ​ព្រះ​ជន្ម​នៃ​ស្តេច​ដាវីឌ ត្រូវ​បានឆេះ​ឡើង​ដោយ​ទ្រង់​បន្ត​សម្លឹង​មើល​ស្ត្រី​ម្នាក់​ដោយ​មិន​ត្រឹម​ត្រូវ។ (សាំយូអែលទី២ ១១:១​-​៤) ផ្ទុយ​ទៅ​វិញ យ៉ូប​ដែល​មាន​ប្រពន្ធ​ជា​មនុស្ស​សុចរិត ‹បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នឹង​ភ្នែក​របស់​គាត់ ថា​គាត់​នឹង​មិន​មើល​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​ក្រមុំ​ទេ› ដូច្នេះ​បាន​ចៀស​វាង​អំពើ​អសីលធម៌​ហើយ​បានទៅ​ជា​អ្នក​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍។ (យ៉ូប ៣១:១​-​៣, ៦​-​១១) ភ្នែក​អាច​ប្រៀបធៀប​ទៅ​នឹង​បង្អួច​នៃ​ចិត្ត។ ហើយ​ចេញ​ពី​ចិត្ត​ពុក​រលួយ​នោះ​ហើយ ដែល​មាន​របស់​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង។—ម៉ាកុស ៧:២០​-​២៣

១០ បើសិន​ជា​យើង​អនុវត្ត​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ យើង​នឹង​មិន​ត្រូវ​ឲ្យ​មាន​គំនិត​អាក្រក់ ដោយ​មើល​រូប​អាក្រាត​ឬ ដោយ​ចាំ​ជាប់​គំនិត​អសីលធម៌​ចំពោះ​គ្រីស្ទាន​គ្នា​ឯង អ្នក​ធ្វើ​ការ​ជា​មួយ ឬ​អ្នក​ដទៃ​ទៀត​ឡើយ។ បើ​គ្រាន់​តែ​ដុះ​ច្រេះ នោះ​នឹង​យក​ចេញ​មិន​អស់​ទេ។ ដូច្នេះ កុំ​ចាត់​ទុកថា​គំនិត​អសីលធម៌​និង​ការ​ទោរ​ទន់​បែប​នេះ ហាក់បី​ដូច​ជា​គ្មាន​សំខាន់​សោះ​ឡើយ។ ចូរ​ចាត់​វិធានការ​ឲ្យ​ម៉ឺងម៉ាត់ដើម្បី​ដកការគិត​អំពី​រឿង​អសីលធម៌។ (ប្រៀបធៀប​ម៉ាថាយ ៥:២៩, ៣០) ប៉ុល​ដាស់​តឿន​ពួក​អ្នក​ជឿ​ព្រះ​គ្នា​ឯង​ថា​៖ «ដូច្នេះ ចូរ​សំឡាប់​និស្ស័យ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ផែនដី​នេះ​ចេញ គឺ​ជា​ការ​សហាយ​ស្មន់ ស្មោកគ្រោក សំរើប​សំរាល ប៉ង​ប្រាថ្នា​អាក្រក់ នឹង​សេចក្ដី​លោភ ដែល​រាប់​ទុក​ដូច​ជា​ការ​ថ្វាយ​បង្គំ​រូប​ព្រះ គឺ​ដោយ​ហេតុ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដីខ្ញាល់​របស់​ព្រះ​មក​លើ​ពួក​មនុស្ស​រឹង​ចចេស»។ ត្រូវ​ហើយ ដោយ​សារ​សេចក្ដី​ទាំងនេះ ដូច​ជា​អំពើ​អសីលធម៌​ខាង​កាម «សេចក្ដីខ្ញាល់​របស់​ព្រះ​មក​លើ» ជា​ការ​សម្ដែង​នៃ​សេចក្ដី​បណ្ដាសា​របស់​ទ្រង់។ ដូច្នេះ យើង​ត្រូវ​តែ​«សំឡាប់»​អវយវៈ​រូប​កាយ​របស់​យើង​ចំពោះ​រឿង​នេះ។—កូល៉ុស ៣:៥, ៦

ការ​ព្រមាន​ប្រឆាំង​នឹង​ការ​ត្អូញត្អែរ​ដ៏​បះបោរ

១១, ១២. (ក) តើ​អ្វី​ជា​ការ​ព្រមាន​នៅ​កូរិនថូសទី១ ១០:៩ ហើយ​តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​បាន​សំដៅ​ទៅ​នោះ? (ខ) តើ​ការ​ព្រមាន​របស់​ប៉ុល​ត្រូវ​មាន​ឥទ្ធិពល​លើ​យើង​យ៉ាង​ដូច​ម្ដេច?

១១ ប៉ុល​ព្រមាន​ជា​បន្ទាប់​ថា​៖ «ឬ​ល្បង​[ព្រះ​យេហូវ៉ា] ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក»។ (កូរិនថូសទី១ ១០:៩) កាល​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ក្នុង​ទី​រហោ​ស្ថាន​ជិត​ព្រំដែន​នៃ​ស្រុក​អេដំម ពួក​អ៊ីស្រាអែល​«និយាយ​ទាស់​នឹង​ព្រះ​ហើយ​ទាស់​នឹង​ម៉ូសេ​ថា​៖ ‹ម្ដេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់​ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់› »។ នេះ​គឺ​នំម៉ាន៉ា​ដែល​ព្រះ​បាន​ផ្ដល់​មក​ដោយ​អព្ភូតហេតុ។ (ជនគណនា ២១:៤, ៥) សូម​គិត​មើល! ពួក​អ៊ីស្រាអែល​ទាំង​នោះ​«និយាយ​ទាស់​នឹង​ព្រះ» ដោយ​និយាយ​មើល​ងាយ​ដល់​សំវិធានការ​របស់​ទ្រង់!

១២ ដោយ​ការ​ត្អូញត្អែរ​របស់​គេ ពួក​អ៊ីស្រាអែល​បាន​សាកល្បង​ការ​អត់​ទ្រាំ​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​មិន​បាន​អត់​ទោស​ពួក​គេ​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ពស់​ពិស​ឲ្យ​ចឹក​ពួក​គេ​ស្លាប់​អស់​ជា​ច្រើន។ ក្រោយ​ពី​មនុស្ស​បាន​ប្រែ​ចិត្ត​ហើយ​លោក​ម៉ូសេ​បាន​ជួយ​សុំ​ទោស​ឲ្យ​គេ ទើប​លែង​មាន​សេចក្ដី​វេទនា​នេះ​ទៀត។ (ជនគណនា ២១:៦​-​៩) យ៉ាង​ច្បាស់​ណាស់ ព្រឹត្ដិការណ៍​នេះ​គួរ​តែ​ទុក​ជា​ការ​ព្រមាន​សំរាប់​យើង មិន​ត្រូវ​បង្ហាញ​ចិត្ត​ត្អូញត្អែរ​ដ៏​បះបោរ ជា​ពិសេស​ទាស់​នឹង​ព្រះ ហើយ​និង​ការ​រៀប​ចំ​អធិ​បតិយ្យ​របស់​ទ្រង់។

ព្រមាន​ប្រឆាំង​នឹង​ការ​រអ៊ូរទាំ

១៣. តើ​កូរិនថូសទី១ ១០:១០ ព្រមាន​ទាស់​នឹង​អ្វី ហើយ​តើ​ការ​បះបោរ​អ្វី​ដែល​ប៉ុល​ចង់​លើក​មក​និយាយ?

១៣ ក្នុង​ការ​រៀប​រាប់​គំរូ​ក្រោយ​បំផុត ដែល​ទាក់​ទង់​នឹង​ពួក​អ៊ីស្រាអែល​ក្នុង​ទី​រហោ​ស្ថាន ប៉ុល​សរសេរ​ថា​៖ «ក៏​កុំ​ឲ្យ​ត្អូញត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ»។ (កូរិនថូសទី១ ១០:១០) ការ​បះបោរ​បាន​ផ្ទុះ​ឡើង នៅ​ពេល​ដែល​កូរេ ដាថាន អ័ប៊ីរ៉ាម និង​ពួក​មនុស្ស​ឯ​ទៀត​បាន​ប្រព្រឹត្ត​មិន​តាម​ព្រះធិបតេយ្យ ហើយ​ទាស់​នឹង​អំណាច​របស់​ម៉ូសេ​និង​អើរ៉ុន។ (ជនគណនា ១៦:១​-​៣) ក្រោយ​ពី​បាន​កំទេច​ចោល​ពួក​បះបោរ ពួក​អ៊ីស្រាអែល​ចាប់​ផ្ដើម​រអ៊ូរទាំ។ នេះ​គឺ​ពីព្រោះ​ពួក​គេ​វែកញែក​ថា ការ​សម្លាប់​ពួក​បះបោរ​នោះ​គឺ​គ្មាន​យុត្ដិធម៌​ទេ។ ជនគណនា ១៦:៤១ ចែង​ថា​៖ «លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​រទូរទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា​៖ ‹លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ​យេហូវ៉ា› »។ ដោយសារ​តែ​ពួក​គេ​បាន​រិះគន់​ដល់​របៀប​កាត់​ក្ដី​យុត្ដិធម៌​នៅ​ពេល​នោះ ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​១៤.៧០០​នាក់​បាត់បង់​ជីវិត។—ជនគណនា ១៦:៤៩

១៤, ១៥. (ក) តើ​អ្វី​ជា​អំពើ​បាប​មួយ​ដែល​«ពួក​មនុស្ស​ទមិលល្មើស» បាន​ចូល​ក្នុង​ក្រុមជំនុំ? (ខ) តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ដល់​កូរេ?

១៤ ក្នុង​សតវត្ស​ទី​មួយ​នៃ​សករាជ​យើង «មនុស្ស​ទមិលល្មើស» ដែល​បាន​ចូល​ទៅ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន គឺ​ជា​គ្រូ​ក្លែង​ក្លាយ ហើយ​ជា​អ្នក​រអ៊ូរទាំ​ផង​ដែរ។ ពួក​បុរស​ទាំង​នេះ បាន​«បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស» ដល់​ពួក​បុរស​ដែល​ចាក់​ប្រេង​តាំង ដែល​បាន​ប្រគល់​ឲ្យ​មើល​ចាត់​ចែង​ក្រុមជំនុំ។ ចំពោះ​ពួក​ដែល​ក្បត់​ជំនឿ យូដាស​បាន​មាន​ប្រសាសន៍​ថា​៖ «មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូរទាំ ហើយ​ត្អូញត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន»។ (យូដាស ៣, ៤, ៨, ១៦) សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​បាន​ក្លាយ​ទៅ​ជា​រអ៊ូរទាំ ពីព្រោះ​ពួក​គេ​អនុញ្ញាត​ឲ្យ​អាកប្បកិរិយា​ដែល​ច្រេះ​ស៊ី​ខាង​វិញ្ញាណ​ដុះ​ក្នុង​ចិត្ត​របស់​គេ។ ពួក​គេ​ខំ​រក​កំហុស​លើ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​នៃ​ពួក​អ្នក​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ក្រុមជំនុំ ហើយ​ចាប់​ផ្ដើម​រអ៊ូរទាំ​ទាស់​នឹង​ពួក​នោះ។ ការ​រអ៊ូរទាំ​និង​ការ​ត្អូញត្អែរ​របស់​គេ ព្រមទាំង​រិះគន់​ដល់​ប្រកាសនវត្ថុ​នៃ‹អ្នក​បំរើ​ស្មោះ​ត្រង់›ដែរ។

១៥ ការ​សួរ​សំនួរ​ស្មោះ​អំពី​ប្រធាន​ខាង​ព្រះ​គម្ពីរ​គឺ​ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​យើង​បណ្ដុះ​អាកប្បកិរិយា​ហៃជំទាស់ ដោយ​បង្ហាញ​មក​កាល​ដែល​ពិគ្រោះ​ដ៏​រិះគន់​ជា​មួយ​មិត្ត​ទាំង​ឡាយ? ជា​ការ​ដ៏​ល្អ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​យើង ‹តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ពី​ការ​រអ៊ូរទាំ​នេះ? តើ​មិន​ជា​ការ​ប្រសើរ​ទេ​ឬ បើ​យើង​ឈប់​រអ៊ូរទាំ​ហើយ​អធិស្ឋាន​សុំ​ប្រាជ្ញា​ដោយ​ចិត្ត​រាប​ទាប​វិញនោះ›? (យ៉ាកុប ១:៥​-​៨; យូដាស ១៧​-​២១) កូរេ​និង​ពួក​គាំទ្រ​របស់​គាត់ ដែល​បាន​បះបោរ​ទាស់​នឹង​អំណាច​របស់​ម៉ូសេ​និង​អើរ៉ុន ប្រហែល​ជា​គិត​ថា ទស្សនៈ​របស់​គេ​គឺ​ត្រឹម​ត្រូវ ដែល​ពួក​គេ​មិន​បាន​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​គេ។ ប៉ុន្តែ ពួក​គេ​បាន​ខុស​ទាំង​ស្រុង។ ហើយ​ពួក​អ៊ីស្រាអែល​ដែល​រអ៊ូរទាំ​នឹង​ការ​សម្លាប់​កូរេ​និង​ពួក​បះបោរ​ឯ​ទៀត ក៏​មាន​ទស្សនៈ​ខុស​ដែរ។ ជា​ការ​មាន​ប្រាជ្ញា​វិញ បើ​យើង​ទុក​គំរូ​បែប​នេះ​ជំរុញ​យើង​ឲ្យ​ពិនិត្យ​បំណង​ចិត្ត​របស់​យើង កំចាត់​ចេញ​ការ​រអ៊ូរទាំ​និង​ការ​ត្អូញត្អែរ ហើយ​អនុញ្ញាត​ព្រះ​យេហូវ៉ា​ឲ្យ​កែ​តម្រូវ​យើង!—ទំនុកដំកើង ១៧:១​-​៣

រៀន​តាម​គំរូ​ព្រះ​គម្ពីរ ហើយ​ទទួល​ពរ

១៦. តើ​អ្វី​ជា​សារៈ​សំខាន់​នៃ​ការ​ដាស់​តឿន​នៅ​កូរិនថូសទី១ ១០:១១, ១២?

១៦ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ប៉ុល​បាន​បញ្ចប់​ការ​រៀប​រាប់​នៃ​សារ​ព្រមាន ដោយ​ដាស់​តឿន​ថា​៖ «រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែងលោ​ដួល»។ (កូរិនថូសទី១ ១០:១១, ១២) សូម​កុំ​ឲ្យ​យើង​ធ្វើ​កន្តើយ​នឹង​គោល​ជំហរ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។

១៧. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា បើសិន​ជា​យើង​ដឹង​នូវ​បំណង​មិន​ត្រឹម​ត្រូវ​ក្នុង​ចិត្ត​របស់​យើង?

១៧ ដូច​ជា​ដែក​ដែល​អាច​ច្រេះ កូន​ចៅ​របស់​អ័ដាម​ដែល​មាន​បាប ក៏​បែរ​ទៅ​រក​ការ​ប្រព្រឹត្ត​អាក្រក់​ដែរ។ (លោកុប្បត្តិ ៨:២១; រ៉ូម ៥:១២) ដូច្នេះ យើង​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ទេ បើសិន​ជា​យើង​ដឹង​នូវ​បំណង​មិន​ត្រឹម​ត្រូវ​ក្នុង​ចិត្ត​របស់​យើង​នោះ។ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​ចាត់​វិធានការ​ដោយ​ឥត​ស្ទាក់ស្ទើរ។ នៅ​ពេល​ដែល​ដែក​ជាប់​ទឹក​សន្សើម ឬ​នៅ​ទី​កន្លែង​ដែល​កាត់ស៊ី គឺ​នឹង​អាច​ច្រេះកាន់​តែ​លឿន​ឡើង។ យើង​ត្រូវ​តែ​ចៀស​វាង​ពី​«ខ្យល់»​របស់​លោកីយ៍​សាតាំង ដែល​មាន​គ្រឿង​កំសាន្ត​ដ៏​អាក្រក់ អំពើ​អសីលធម៌​ពាស​ពេញ និង​គំនិត​ទោរ​ទន់​ទៅ​រក​អាក្រក់។—អេភេសូរ ២:១, ២

១៨. តើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ ចំពោះ​ការ​ទោរ​ទន់​ធ្វើ​អាក្រក់​របស់​មនុស្ស?

១៨ ព្រះ​យេហូវ៉ា​បាន​ប្រទាន​មធ្យោបាយ​មួយ​ឲ្យ​មនុស្ស ដើម្បី​ទប់ទល់​នឹង​ការ​ទោរទន់​ធ្វើ​អាក្រក់ ដែល​យើង​មាន​ជា​មរតក។ ទ្រង់​បាន​ប្រទាន​រាជបុត្រា​តែ​មួយ​គត់​ដែល​កើត​ផ្ទាល់​ពី​ព្រះ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ជំនឿ​ក្នុង​ទ្រង់ នឹង​ប្រហែល​អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ៣:១៦) បើសិន​ជា​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​សម្ដែង​បុគ្គលិកលក្ខណៈ​ដូច​ព្រះ​គ្រីស្ទ យើង​នឹង​ទៅ​ជា​ពរ​ដល់​អ្នក​ដទៃ។ (ពេត្រុសទី១ ២:២១) យើង​ក៏​នឹង​ទទួល​បាន​ពរ​ពី​ព្រះ មិន​មែន​ជា​សេចក្ដី​បណ្ដាសា​ទេ។

១៩. តើ​យើង​អាច​ទទួល​ផល​ប្រយោជន៍​យ៉ាង​ណា ពី​ការ​ពិនិត្យ​មើល​គំរូ​ក្នុង​ព្រះ​គម្ពីរ?

១៩ ថ្វី​បើ​យើង​សព្វ​ថ្ងៃ​នេះ​អាច​មាន​កំហុស ដូច​ពួក​អ៊ីស្រាអែល​ពីដើម​ដែរ​ក៏​ដោយ តែ​យើង​មាន​បន្ទូល​របស់​ព្រះ​ដើម្បី​ដឹក​នាំ​យើង។ យើង​រៀន​ពី​ព្រះ​គម្ពី​នូវ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​ដល់​មនុស្ស​លោក ព្រម​ទាំង​គុណសម្បត្ដិ​របស់​ទ្រង់ ដែល​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​យេស៊ូ ដែល​ជា‹រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់›។ (ហេព្រើរ ១:១​-​៣; យ៉ូហាន ១៤:៩, ១០) តាម​រយៈ​ការ​អធិស្ឋាន​និង​ខំ​ប្រឹង​សិក្សា​ព្រះ​គម្ពីរ យើង​អាច​មាន​«គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ»។ (កូរិនថូសទី១ ២:១៦) នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​ការ​ល្បួង​ហើយ​ការ​សាកល្បងជំនឿ​ឯ​ទៀត យើង​អាច​មាន​ប្រយោជន៍​ពី​ការ​ពិចារណា​មើល​នៃ​គំរូ​ពី​ព្រះ​គម្ពីរ​នៅ​ពីដើម ហើយ​ជា​ពិសេស គំរូ​ដ៏​ឧត្តម​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ បើសិន​ជា​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ទទួល​បាន​កម្ម​ផល​នៃ​សេចក្ដី​បណ្ដាសា​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​នឹង​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​សព្វ​ថ្ងៃ​នេះ ហើយ​នឹង​ទទួល​ពរ​ពី​ទ្រង់​ជា​រៀង​រហូត​ត​ទៅ។

[កំណត់​សម្គាល់]

a សូម​មើល ប៉មយាមនៃ​ខែ​កក្កដា ថ្ងៃ​ទី១៥ ១៩៩២ ទំព័រ ៤។ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យើង​អាច​អនុវត្ត​ឱវាទ​របស់​ប៉ុល​យ៉ាង​ណា ដើម្បី​កុំ​ឲ្យ​ជា​អ្នក​ថ្វាយ​បង្គំ​រូបព្រះ?

◻ តើ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ប្រព្រឹត្ត​តាម​ការ​ព្រមាន​របស់​សាវ័ក​ប៉ុល​ប្រឆាំង​អំពើ​សហាយ​ស្មន់?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ចៀស​វាង​ពី​ការ​រអ៊ូរទាំ​និង​ការ​ត្អូញត្អែរ?

◻ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ពរ​ពី​ព្រះ ជាជាង​សេចក្ដី​បណ្ដាសា?

[រូបភាព​នៅ​ទំព័រ​២៥]

បើសិន​ជា​យើង​ចង់​បាន​ពរ​ពី​ព្រះ យើង​ត្រូវ​តែ​ចៀស​វាង​សរណវត្ថុ​បូជា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក