បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៩ ទំ. ១៩-២៤
  • ពរឬក៏សេចក្ដីបណ្ដាសា—មានការជ្រើសរើស!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពរឬក៏សេចក្ដីបណ្ដាសា—មានការជ្រើសរើស!
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​អាច​ទទួល​ពរ​បាន
  • ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សេចក្ដី​បណ្ដាសា?
  • ការ​ប្រកាស​ពរ​និង​សេចក្ដី​បណ្ដាសា
  • ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់
  • ការ​ជ្រើសរើស​របស់​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​មាន​ខុស​ប្លែក
  • ពរឬសេចក្ដីបណ្ដាសា—គំរូសំរាប់យើងសព្វថ្ងៃនេះ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ‹ចូររើសយកជីវិតដើម្បីឲ្យបានរស់នៅ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ស៊ីគែម—ក្រុងដែលនៅក្នុងជ្រលងភ្នំ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើពររបស់ព្រះយេហូវ៉ានឹងមករកអ្នកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៩ ទំ. ១៩-២៤

ពរ​ឬ​ក៏​សេចក្ដី​បណ្ដាសា—មាន​ការ​ជ្រើសរើស!

«អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត នឹង​សេចក្ដី​ស្លាប់ ទាំង​ព្រះ​ពរ នឹង​សេចក្ដី​បណ្ដាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ»។—ចោទិយកថា ៣០:១៩

១. តើ​មនុស្ស​ត្រូវ​បាន​ផ្ដល់​នូវ​សមត្ថភាព​អ្វី?

ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង—មនុស្ស​ដ៏​មាន​ប្រាជ្ញា​របស់​ទ្រង់—ឲ្យ​ជា​បុគ្គល​ដែល​មាន​សេរីភាព​ខាង​សីលធម៌។ ព្រះ​មិន​បាន​បង្កើត​យើង​មក​ឲ្យ​ដូច​ជា​ម៉ាស៊ីន ឬ​រូប​យន្ត​នោះ​ឡើយ ប៉ុន្តែ​បាន​ប្រទាន​ឯក​សិទ្ធិ​និង​ភារៈ​កិច្ច​នៃ​ការ​ជ្រើសរើស។ (ទំនុកដំកើង ១០០:៣) មនុស្ស​ដំបូង—អ័ដាម​និង​អេវ៉ា—មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​យក​ផ្លូវ​របស់​គេ ហើយ​ពួក​គេ​ទទួល​ក៏​ការ​ខុសត្រូវ​ដល់​ព្រះ​ចំពោះ​ការ​ជ្រើសរើស​របស់​គេ​ដែរ។

២. តើ​ការ​ជ្រើសរើស​អ្វី​ដែល​អ័ដាម​បាន​ធ្វើ ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

២ ព្រះ​អាទិទេព​បាន​ប្រទាន​ពរ​អចិន្ត្រៃយ៍​យ៉ាង​បរិបូរ​សំរាប់​ជីវិត​មនុស្ស​នៅ​លើ​ផែនដី​មនោរម្យ។ ហេតុ​អ្វី​ក៏​គោល​បំណង​នេះ​មិន​ទាន់​បាន​សម្រេច​ដូច្នេះ? នេះ​គឺ​ពីព្រោះ​អ័ដាម​បាន​ជ្រើសរើស​ខុស។ ព្រះ​យេហូវ៉ា​បាន​ដាក់​បញ្ជា​នេះ​មក​លើ​បុរស​ថា​៖ «ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុសត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ​ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្តិ ២:១៦, ១៧) បើសិន​ជា​អ័ដាម​បាន​សម្រេច​ចិត្ត​គោរព​តាម នោះ​មាតា​បិតា​ដំបូង​របស់​យើង​នឹង​បាន​ពរ​ជា​មិន​ខាន។ ការ​មិន​គោរព​តាម​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់។ (លោកុប្បត្តិ ៣:៦, ១៨, ១៩) ដូច្នេះ អំពើ​បាប​និង​សេចក្ដី​ស្លាប់​ក៏​បាន​ឆ្លង​រាលដាល​ដល់​កូន​ចៅ​របស់​អ័ដាម​ទាំង​អស់​ដែរ។—រ៉ូម ៥:១២

ការ​អាច​ទទួល​ពរ​បាន

៣. តើ​តាម​របៀប​ណា​ដែល​ព្រះ​ធានា​រ៉ាប់​រង​ថា គោល​បំណង​របស់​ទ្រង់​សំរាប់​មនុស្ស​លោក​នឹង​បាន​សម្រេច?

៣ ព្រះ​យេហូវ៉ា​បាន​ស្ថាបនា​មធ្យោបាយ​មួយ ដែល​នឹង​ធ្វើ​ឲ្យ​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​ប្រទាន​ពរ​មនុស្ស​លោក​បាន​សម្រេច​នៅ​ពេល​ក្រោយ​មក។ ទ្រង់​បាន​ទាយ​ប្រាប់​អំពី​ពូជ​មួយ ដោយ​មាន​បន្ទូល​ក្នុង​សួន​អេដែន​ថា​៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង​ហើយ​នឹង​ស្ត្រី គឺ​ទាំង​ពូជ​ឯង​នឹង​ពូជ​នាង​មាន​សេចក្ដី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។ (លោកុប្បត្តិ ៣:១៥) ក្រោយ​មក ព្រះ​បាន​សន្យា​ថា មនុស្ស​ដែល​គោរព​តាម​ព្រះ​នឹង​ទទួល​ពរ តាម​រយៈ​ពូជ​នេះ ដែល​ជា​កូន​ចៅ​នៃ​លោក​អ័ប្រាហាំ។—លោកុប្បត្តិ ២២:១៥​-​១៨

៤. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​រៀប​ចំ​អ្វី​ក្នុង​ការ​ប្រទាន​ពរ​ដល់​មនុស្ស​លោក?

៤ ពូជ​ដែល​បាន​សន្យា​មក​នេះ បាន​សម្ដែង​ឲ្យ​ឃើញ​ថា​ជា​ព្រះ​យេស៊ូ​គ្រីស្ទ។ ចំពោះ​មុខ​នាទី​របស់​ព្រះយេស៊ូ​ក្នុង​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា សំរាប់​ប្រទាន​ពរ​ដល់​មនុស្ស​លោក សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង»។ (រ៉ូម ៥:៨) ពួក​មនុស្ស​លោក​មាន​បាប​ដែល​បាន​គោរព​តាម​ព្រះ ហើយ​បាន​ជឿ​ក្នុង​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នឹង​ទទួល​បាន​ពរ​ជា​ច្រើន។ (កិច្ចការ ៤:១២) តើ​អ្នក​នឹង​ជ្រើសរើស​យក​ការ​គោរព​តាម​និង​ពរ​ទេ? ការ​មិន​គោរព​តាម​នឹង​ទទួល​អ្វី​ខុស​ស្រឡះ។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សេចក្ដី​បណ្ដាសា?

៥. តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​«សេចក្ដី​បណ្ដាសា»?

៥ ពាក្យ​ផ្ទុយ​នឹង​ពរ​គឺ​សេចក្ដី​បណ្ដាសា។ «សេចក្ដី​បណ្ដាសា»​មាន​ន័យ​ថា ការ​និយាយ​អាក្រក់​អំពី​អ្នក​ណា​ម្នាក់ ឬ​កាត់​ទោស​អាក្រក់​នឹង​គាត់។ ពាក្យ​ហេព្រើរ qela·lahʹ ដែល​ចេញ​ពី​ពាក្យ​ដើម qa·lalʹ ន័យ​ចំៗ​គឺ​«ឲ្យ​បាន​ភ្លឺ»។ ប៉ុន្តែ នៅ​ពេល​ដែល​យក​ពាក្យ​នេះ​មក​ប្រើ​ជា​ប្រៀបប្រដូច នេះ​មាន​ន័យ​ថា‹ការ​និយាយ​បង្អាប់› ឬ​ក៏‹ការ​ប្រព្រឹត្ត​មើលងាយ›។—លេវីវិន័យ ២០:៩; សាំយូអែលទី២ ១៩:៤៣

៦. តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​កើត​ឡើង​ដល់​អេលីសេ​នៅ​ជិត​ក្រុង​បេត​-​អែល​ពីដើម?

៦ សូម​ពិចារណា​មើល​គំរូ​ដ៏​អស្ចារ្យ​មួយ នៃ​ការ​ចាត់​វិធានការ​ភ្លាម​ដែល​ទាក់ទង​សេចក្ដី​បណ្ដាសា​មួយ។ នេះ​បាន​កើត​ឡើង​កាល​ដែល​ព្យាការី​របស់​ព្រះ ឈ្មោះ អេលីសេ កំពុង​តែ​ដើរ​ពី​ក្រុង​យេរីខូរ​ទៅ​ក្រុង​បេត​-​អែល។ ដំណើរ​រឿង​នេះ​បាន​ចែង​ប្រាប់​ថា​៖ «កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើលងាយ​ដល់​លោក​៖ ‹អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ! អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ›! លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្ដាសា​ដល់​វា ដោយ​នូវ​ព្រះ​នាម​ព្រះ​យេហូវ៉ា ស្រាប់​តែ​មាន​ខ្លាឃ្មុំ​ញី​២​ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ»។ (ពង្សាវតារក្សត្រទី២ ២:២៣, ២៤) ចំពោះ​ពាក្យ​ដែល​លោក​អេលីសេ​បាន​ដាក់​បណ្ដាសា​ដល់​កូន​ក្មេង​ដែល​មើលងាយ​លោក នោះ​គឺ​មិន​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ទេ។ ប៉ុន្តែ ការ​កាត់​ទោស​ដោយ​ពាក្យ​សំដី​នោះ​គឺ​មាន​ប្រសិទ្ធិភាព ពីព្រោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ព្រះ​នាម​ព្រះ​យេហូវ៉ា​ដោយ​ព្យាការី​របស់​ព្រះ ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។

៧. តើ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​កូន​ក្មេង​ដែល​សើច​ចំអក​ដាក់​អេលីសេ ហើយ​ហេតុ​អ្វី?

៧ មូលហេតុ​ដ៏​ធំ​មួយ​ចំពោះ​ការ​សើច​ចំអក​មើលងាយ គឺ​ប្រហែល​ជា​ពីព្រោះ​អេលីសេ​បាន​យក​ក្រមា​របស់​លោក​អេលីយ៉ា​មក​ពាក់ ហើយ​ពួក​ក្មេង​ទាំង​នេះ​មិន​ចង់​បាន​ព្យាការីបែប​នោះ​ទេ។ (ពង្សាវតារក្សត្រទី២ ២:១៣) ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រកួត​ថា​លោក​មាន​តំណែង​បន្ទាប់​ពី​អេលីយ៉ា ហើយ​ដើម្បី​បង្រៀន​ពួក​ក្មេង​ទាំង​នោះ​និង​ឪពុក​ម្ដាយ​របស់​គេ ឲ្យ​ចេះ​គោរព​ដ៏​ត្រឹម​ត្រូវ​ដល់​ព្យាការី​របស់​ព្រះ​យេហូវ៉ា លោក​អេលីសេ​បាន​ដាក់​បណ្ដាសា​ដល់​ពួក​សើច​ចំអក​នោះ​ក្នុង​ព្រះ​នាម​នៃ​ព្រះ​របស់​លោក​អេលីយ៉ា។ ព្រះ​យេហូវ៉ា​សម្ដែង​ការ​យល់​ព្រម​នឹង​លោក​អេលីសេ ជា​ព្យាការី​របស់​ទ្រង់ ដោយ​ឲ្យ​ខ្លាឃ្មុំ​ពីរ​ចេញ​ពី​ព្រៃ ហែក​អស់​ក្មេង​ដែល​បាន​សើច​ចំអក​៤២​នាក់។ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ដោយ​មិន​រួញ​រា ពីព្រោះ​ពួក​គេ​គ្មាន​ការ​គោរព​សោះ​ឡើយ​ដល់​ផ្លូវ​គមនាគមន៍​ដែល​ទ្រង់​បាន​ប្រើ​នៅ​លើ​ផែនដី​នៅ​គ្រា​នោះ។

៨. តើ​ប្រជាជន​អ៊ីស្រាអែល​សុខ​ចិត្ត​ធ្វើ​អ្វី ហើយនឹង​សង្ឃឹម​បាន​អ្វី?

៨ ជា​ច្រើន​ឆ្នាំ​មុន​នេះ ពួក​អ៊ីស្រាអែល​ក៏​បាន​បង្ហាញ​ការ​មិន​ចេះ​គោរព​ចំពោះ​ការ​រៀប​ចំ​របស់​ព្រះ​ដែរ។ រឿង​នេះ​បាន​កើត​ឡើង​ដូច្នេះ​ថា​៖ ក្នុង​ឆ្នាំ​១៥១៣​ម.ស.យ. ព្រះ​យេហូវ៉ា​បាន​សម្ដែង​ការ​អនុគ្រោះ​ដល់​ប្រជាជន​អ៊ីស្រាអែល ដោយ​រំដោះ​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ឃាំង​នៃ​ពួក​អេស៊ីប ហាក់បី​ដូច​ជា​«លើ​ស្លាប​ឥន្ទ្រី»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គេ​បាន​សន្យា​នឹង​គោរព​តាម​ព្រះ។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​ការ​គោរព​តាម​ទាក់ទង​នឹង​ការ​ទទួល​ការ​យល់​ព្រម​ពី​ព្រះ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា​៖ «ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្ដាប់​តាម​អញ​ឥឡូវ ហើយ​កាត់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ»។ ក្រោយ​មក ប្រជាជន​បាន​តប​ឆ្លើយ​ដោយ​ម៉ឺងម៉ាត់​ថា​៖ «យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក»។ (និក្ខមនំ ១៩:៤, ៥, ៨; ២៤:៣) ពួក​អ៊ីស្រាអែល​បាន​អះអាង​ថា​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដែល​បាន​ថ្វាយ​ខ្លួន​ទៅ​ទ្រង់ ហើយ​បាន​ស្បថ​ថា​នឹង​គោរព​តាម​ទ្រង់។ ការ​ធ្វើ​ដូច្នេះ​នឹង​មាន​ការ​ប្រទាន​ពរ​ជា​ច្រើន។

៩, ១០. កាល​ដែល​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ តើ​ពួក​អ៊ីស្រាអែល​ធ្វើ​អ្វី ហើយ​មាន​កម្ម​ផល​អ្វី?

៩ មុន​នឹង​គោលការណ៍​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ឆ្លាក់​លើ​ថ្ម ដោយ​‹អង្គុលី​ព្រះ​ហស្ត› គឺ​ត្រូវ​តែ​មាន​សេចក្ដី​បណ្ដាសា​ពី​ព្រះ​ជា​ចាំបាច់។ (និក្ខមនំ ៣១:១៨) ហេតុ​អ្វី​ក៏​សម​នឹង​ទទួល​លទ្ធផល​អាក្រក់​ដូច្នេះ? តើ​ពួក​អ៊ីស្រាអែល​មិន​បាន​សុខ​ចិត្ត​នឹង​ធ្វើ​តាម​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទេ​ឬ? ត្រូវ​ហើយ តាម​ពាក្យ​សំដី គេ​ចង់​បាន​ពរ ប៉ុន្តែ​តាម​សកម្មភាព ពួក​គេ​បាន​ជ្រើសរើស​យក​ផ្លូវ​ដែល​សម​ទទួល​នឹង​សេចក្ដី​បណ្ដាសា។

១០ ក្នុង​កំឡុង​៤០​ថ្ងៃ នៅ​ពេល​ដែល​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ​ដើម្បី​ទទួល​ក្រិត្យ​ទាំង​ដប់​ប្រការ ពួក​អ៊ីស្រាអែល​មិន​បាន​ចាំ​នឹង​ពាក្យ​សន្យា​ដើម​របស់​គេ​នៃ​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ដំណើរ​រឿង​ចែង​ថា​៖ «កាល​បណ្ដាជន​ទាំង​ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជំរាប​ថា​៖ ‹សូម​លោក​ធ្វើ​ព្រះ​សំរាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះថ្នាក់​អ្វី​ទេ› »។ (និក្ខមនំ ៣២:១) នេះ​ជា​គំរូ​មួយ​ទៀត​នៃ​អាកប្បកិរិយា​ដ៏​មិន​ចេះ​គោរព ដែល​បាន​សម្ដែង​ចំពោះ​ភ្នាក់ងារ​មនុស្ស ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​នៅ​គ្រា​នោះ ដើម្បី​ដឹក​នាំ​និង​ណែនាំ​ប្រជា​រាស្ត្រ​របស់​ទ្រង់។ ពួក​អ៊ីស្រាអែល​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​តាម​សរណវត្ថុ​បូជា​របស់​ពួក​អេស៊ីប ហើយ​បាន​ទទួល​កម្ម​ផល​ដ៏​ធ្ងន់ នៅ​ពេល​ដែល​មនុស្ស​៣.០០០​នាក់​ត្រូវ​បាន​សម្លាប់​ចោល​ដោយ​ដាវ​ក្នុង​មួយ​ថ្ងៃ។—និក្ខមនំ ៣២:២​-​៦, ២៥​-​២៩

ការ​ប្រកាស​ពរ​និង​សេចក្ដី​បណ្ដាសា

១១. តើ​សេចក្ដី​បង្គាប់​អ្វី​ចំពោះ​ពរ​និង​សេចក្ដី​បណ្ដាសា​ដែល​យ៉ូស្វេ​បាន​ធ្វើ?

១១ មក​ដល់​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​ដំណើរ​៤០​ឆ្នាំ​ក្នុង​ទី​រហោស្ថាន​របស់​ពួក​អ៊ីស្រាអែល ម៉ូសេ​បាន​រៀបរាប់​អំពី​ពរ​ដែល​គេ​នឹង​ទទួល បើ​ជ្រើសរើស​ផ្លូវ​នៃ​ការ​គោរព​តាម​ព្រះ។ លោក​ក៏​បាន​រៀបរាប់​អំពី​សេចក្ដី​បណ្ដាសា​ដែរ ដែល​ពួក​អ៊ីស្រាអែល​នឹង​ពិសោធ​បើសិន​ជា​ពួក​គេ​បាន​ជ្រើសរើស​មិន​គោរព​តាម​ព្រះ​យេហូវ៉ា។ (ចោទិយកថា ២៧:១១–២៨:១០) មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពួក​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក​នោះ យ៉ូស្វេ​បាន​ទទួល​អនុវត្ត​សេចក្ដី​បង្គាប់​របស់​លោក​ម៉ូសេ ដែល​ទាក់ទង​នឹង​ពរ​ហើយ​សេចក្ដី​បណ្ដាសា។ កុលសម្ព័ន្ធ​ប្រាំ​មួយ​បាន​ឈរ​នៅ​ជើង​ភ្នំ​អេបាល ហើយ​កុលសម្ព័ន្ធ​ប្រាំ​មួយ​ទៀត​បាន​ឈរ​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម។ ពួក​លេវី​បាន​ឈរ​នៅ​កណ្ដាល។ តាម​មើល​ទៅ កុលសម្ព័ន្ធ​ដែល​បាន​ឈរ​នៅ​ពី​មុខ​ភ្នំ​អេបាល បាន​តប​ឆ្លើយ​ថា​៖ «អាម៉ែន»! ដល់​សេចក្ដី​បណ្ដា ដែល​បាន​អាន​សំដៅ​ទៅ​ពួក​គេ។ ពួក​អ្នក​ឯ​ទៀត​បាន​តប​ឆ្លើយ​នឹង​ពរ​ដែល​ពួក​លេវី​បាន​អាន​ដល់​ពួក​គេ ដែល​ឈរ​នៅ​ជើង​ភ្នំ​កេរិស៊ីម។—យ៉ូស្វេ ៨:៣០​-​៣៥

១២. តើ​សេចក្ដី​បណ្ដាសា​អ្វី​ខ្លះ​ដែល​ពួក​លេវី​បាន​ប្រកាស?

១២ សូម​គិត​ថា​អ្នក​កំពុង​តែ​ឮ​ពួក​លេវី​ថ្លែង​ថា​៖ «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សំងាត់។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​មើលងាយ​ដល់​ឪពុក​ម្ដាយ​ខ្លួន។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នកជិតខាង​ខ្លួន។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្ដិធម៌​ពី​អ្នក​ដទៃ នឹង​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បើក​សំលៀក​របស់​ឪពុក​ហើយ។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ​ណា​មួយ។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​បង​ឬ​ប្អូន​ស្រី ជា​កូន​របស់​ឪពុក​ឬ​ម្ដាយ​តែ​មួយ។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ម្ដាយ​ក្មេង​របស់​ខ្លួន។ . . . ត្រូវ​បណ្ដា​ហើយ អ្នក​ណា​ដែល​វាយ​អ្នកជិតខាង​ខ្លួន​ដោយ​សំងាត់។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ស៊ីសំណូក​ដើម្បី​នឹង​សំឡាប់​មនុស្ស​ណា​ដែល​ឥត​ទោស។ . . . ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង»។ ក្រោយ​ពី​សេចក្ដី​បណ្ដាសា​និមួយៗ កុលសម្ព័ន្ធ​នៅ​ពី​មុខ​ភ្នំ​អេបេ​ល​ឆ្លើយ​ថា​៖ «អាម៉ែន»!—ចោទិយកថា ២៧:១៥​-​២៦

១៣. តាម​ពាក្យ​របស់​អ្នក តើ​អ្នក​មាន​យោបល់​យ៉ាង​ណា​ខ្លះ​ចំពោះ​ពរ​ដែល​ពួក​លេវី​បាន​ប្រកាស?

១៣ ឥឡូវ​នេះ សូម​គិត​ថា​អ្នក​កំពុង​តែ​ឮ​ពួក​អ្នក​ដែល​បាន​ឈរ​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម ឆ្លើយ​យ៉ាង​ឮ​ដល់​ពរ​និមួយៗ កាល​ដែល​ពួក​លេវី​ថ្លែង​ថា​៖ «ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចំការ​ដែរ ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង នឹង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចំរើន​របស់​គោ នឹង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់។ ឯ​កំប្រោង​នឹង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង»។—ចោទិយកថា ២៨:៣​-​៦

១៤. តើ​ទៅ​លើ​មូលដ្ឋាន​អ្វី​ដែល​ពួក​អ៊ីស្រាអែល​នឹង​បាន​ទទួល​ពរ?

១៤ តើ​អ្វី​ទៅ​ជា​មូលដ្ឋាន​នៃ​ការ​ទទួល​ពរ​ទាំង​នេះ? ដំណើរ​រឿង​ចែង​ថា​៖ «បើសិន​ជា​ខំ​ប្រឹង​ស្ដាប់ តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត​ព្រម​ទាំង​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន។ រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»។ (ចោទិយកថា ២៨:១, ២) ត្រូវ​ហើយ កូនសោ​នៃ​ការ​ទទួល​ពរ​ពី​ព្រះ នោះ​គឺ​ការ​គោរព​តាម​ព្រះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ដែរ ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ? តើ​យើង​ម្នាក់ៗ​នឹង​ជ្រើសរើស​យក​ពរ​និង​ជីវិត ដោយ​បន្ត‹ស្ដាប់​តាម​បន្ទូល​របស់​ព្រះ​យេហូវ៉ា›ទេ?—ចោទិយកថា ៣០:១៩, ២០

ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់

១៥. តើ​អ្វី​ជា​ចំណុច​ក្នុង​ពរ​ដែល​បាន​កត់​ទុក​ក្នុង​ចោទិយកថា ២៨:៣ ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​នេះ​យ៉ាង​ដូច​ម្ដេច?

១៥ សូម​ឲ្យ​យើង​ពិចារណា​មើល​ពរ​ខ្លះៗ​ដែល​ពួក​អ៊ីស្រាអែល​អាច​ទទួល បើ​គេ​គោរព​តាម​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ចោទិយកថា ២៨:៣ ចែង​ថា​៖ «ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចំការ​ដែរ»។ ការ​ទទួល​ពរ​ពី​ព្រះ​មិន​មែន​អាស្រ័យ​ទៅ​លើ​កន្លែង​ឬ​កិច្ចការ​នោះ​ទេ។ បុគ្គល​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ជាប់​អន្ទាក់​ក្នុង​កាលៈទេសៈ​របស់​គេ ប្រហែល​ដោយសារ​គេ​រស់​នៅ​ក្នុង​កន្លែង​ដែល​ក្រ​ខ្សត់​ឬ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម។ បុគ្គល​ឯ​ទៀត​ប្រហែល​ជា​ចង់​បំរើ​ព្រះ​យេហូវ៉ា​ក្នុង​កន្លែង​ផ្សេង​ទៀត​យ៉ាង​ខ្លាំង។ បុរស​គ្រីស្ទាន​ខ្លះ​ប្រហែល​ជា​បាក់​ទឹក​ចិត្ត ពីព្រោះ​គេ​មិន​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ងារ​ជំនួយ ឬ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ។ នៅ​ពេល​ខ្លះ ស្ត្រី​គ្រីស្ទាន​ប្រហែល​ជា​បាក់​ទឹក​ចិត្ត ពីព្រោះ​ពួក​គេ​មិន​អាច​ចូល​ធ្វើ​កិច្ច​បំរើ​ពេញ​ពេល ជា​អ្នក​ត្រួសត្រាយ ឬ​ជា​សាសនទូត។ ប៉ុន្តែ មនុស្ស​គ្រប់​គ្នា​ដែល​‹ស្ដាប់​តាម​ព្រះ​យេហូវ៉ា ហើយ​ខំ​ប្រឹង​ធ្វើ​តាម​តម្រូវ​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​នោះ› នឹង​បាន​ពរ​នៅ​ឥឡូវ​នេះ ហើយ​រហូត​អស់កល្ប​ជានិច្ច។

១៦. តើ​គោលការណ៍​នៃ​ចោទិយកថា ២៨:៤ កំពុង​តែ​ពិសោធ​ដោយ​អង្គការ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ ចោទិយកថា ២៨:៤ ចែង​ថា​៖ «ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង នឹង​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចំរើន​របស់​គោ នឹង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់»។ ការ​ប្រើ​សព្វ​នាម​ឯកវចនៈ​ហេព្រើរ បាន​ឲ្យ​អត្ថន័យ​«ឯង» បញ្ជាក់​ថា​នេះ​ជា​ការ​ពិសោធ​ផ្ទាល់​ខ្លួន​នៃ​បុគ្គល​អ៊ីស្រាអែល​ដែល​ស្ដាប់​ធ្វើ​តាម។ ចុះ​យ៉ាង​ណា​វិញ​ដែរ ចំពោះ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​គោរព​តាម​សព្វ​ថ្ងៃ​នេះ? ការ​រីក​ចំរើន​ពេញ​ពិភពលោក ហើយ​ការ​រីក​ឡើង​ក្នុង​អង្គការ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ជា​លទ្ធផល​នៃ​ការ​ប្រទាន​ពរ​ពី​ព្រះ​ដល់​ការ​ខំ​ខ្នះខ្នែង​នៃ​ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះរាជាណាចក្រ​ជាង​៥.០០០.០០០​នាក់។ (ម៉ាកុស ១៣:១០) ហើយ​ការ​រីក​ចំរើន​ថែម​ទៀត​គឺ​ឃើញ​ជាក់​ស្តែង ពីព្រោះ​មាន​មនុស្ស​ជាង​១៣.០០០.០០០​នាក់ បាន​មក​ឯ​អាហារ​ពេល​ល្ងាច​របស់​ព្រះ​អម្ចាស់​ក្នុង​ឆ្នាំ​១៩៩៥។ តើ​អ្នក​កំពុង​តែ​ទទួល​ពរ​នៃ​ព្រះរាជាណាចក្រ​ទេ?

ការ​ជ្រើសរើស​របស់​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​មាន​ខុស​ប្លែក

១៧. ជា​ពរ​ឬ​ក៏​ជា​សេចក្ដី​បណ្ដាសា‹រត់​មក​រក› ស្រេច​ទៅ​លើ​អ្វី?

១៧ ជា​លទ្ធផល ពរ​នឹង​រត់​មក​រក​ពួក​អ៊ីស្រាអែល​ដែល​គោរព​តាម។ នេះ​ត្រូវ​បាន​សន្យា​ថា​៖ «រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង»។ (ចោទិយកថា ២៨:២) ស្រដៀង​គ្នា​នេះ ក៏​បាន​ចែង​អំពី​សេចក្ដី​បណ្ដាសា​ថា​៖ «អស់​ទាំង​សេចក្ដី​បណ្ដាសា​ទាំង​នេះ នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង»។ (ចោទិយកថា ២៨:១៥) បើសិន​អ្នក​ជា​ជន​អ៊ីស្រាអែល​ពីដើម តើ​ជា​ពរ​ឬ​ក៏​ជា​សេចក្ដី​បណ្ដាសា ដែល​នឹង‹រត់​មក​រក›អ្នក? នោះ​គឺ​ស្រេច​ទៅ​លើ​អ្នក​បាន​គោរព​ព្រះ​ឬ​អ្នក​មិន​បាន​គោរព​តាម​ទ្រង់។

១៨. តើ​ពួក​អ៊ីស្រាអែល​អាច​ចៀស​វាង​សេចក្ដី​បណ្ដាសា​យ៉ាង​ដូច​ម្ដេច?

១៨ នៅ​ចោទិយកថា ២៨:១៥​-​៦៨ កម្ម​ផល​ដ៏​ឈឺចាប់​នៃ​ការ​មិន​គោរព​តាម ត្រូវ​បាន​រៀប​រាប់​មក​ជា​សេចក្ដី​បណ្ដាសា។ សេចក្ដី​បណ្ដាសា​ទាំង​នេះ​ខ្លះ​ជា​អ្វី​ដែល​ផ្ទុយ​នឹង​ពរ​សំរាប់​ជន​ដែល​គោរព​តាម​ព្រះ ដែល​បាន​រៀប​រាប់​មក​ក្នុង​ចោទិយកថា ២៨:៣​-​១៤។ ប្រជាជន​អ៊ីស្រាអែល​បាន​ទទួល​សេចក្ដី​បណ្ដាសា​ដ៏​ធ្ងន់​ជា​រឿយៗ ពីព្រោះ​ពួក​គេ​បាន​ជ្រើសរើស​យក​ការ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត។ (អែសរ៉ា ៩:៧; យេរេមា ៦:៦​-​៨; ៤៤:២​-​៦) ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​មែន! កម្ម​ផល​បែប​នេះ​គឺ​អាច​ចៀស​វាង​បាន ដោយ​ជ្រើសរើស​ដ៏​ត្រឹម​ត្រូវ គឺ​ដោយ​គោរព​ច្បាប់​និង​គោលការណ៍​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​យេហូវ៉ា ដែល​ឲ្យ​អត្ថន័យ​យ៉ាង​ច្បាស់​លាស់​អំពី​អ្វី​ដែល​ល្អ​និង​អាក្រក់។ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​រង​ទុក្ខ​ការ​ឈឺចាប់​និង​សោកនាដកម្ម ពីព្រោះ​ពួក​គេ​បាន​រើស​យក​ការ​ប្រព្រឹត្ត​ដែល​ផ្ទុយ​នឹង​គោលការណ៍​របស់​ព្រះ​គម្ពីរ ដោយ​កាន់​តាម​សាសនា​មិន​ពិត ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម ប្រើ​គ្រឿង​ញៀន​ខុស​ច្បាប់ ការ​ផឹក​ស្រា​ហួស​ហេតុ និង​អ្វី​ផ្សេងៗ​ទៀត។ ដូច​ក្នុង​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​និង​ក្នុង​ស្រុក​យូដា ការ​ជ្រើសរើស​យក​ដ៏​អាក្រក់​បែប​នេះ នឹង​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ ហើយ​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​ដោយ​មិន​ចាំបាច់។—អេសាយ ៦៥:១២​-​១៤

១៩. ចូរ​រៀប​រាប់​ស្ថានភាព នៅ​ពេល​ដែល​យូដា​និង​អ៊ីស្រាអែល​បាន​ជ្រើសរើស​ការ​គោរព​តាម​ព្រះ​យេហូវ៉ា។

១៩ ពរ​គឺ​មាន​យ៉ាង​បរិបូរ ហើយ​មាន​ភាព​ស្ងៀម​ស្ងាត់ នៅ​ពេល​ណា​ដែល​ពួក​អ៊ីស្រាអែល​បាន​គោរព​តាម​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ចំពោះ​សម័យ​របស់​ស្តេច​សាឡូម៉ូន យើង​អាន​ថា​៖ «ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង​តែ​បរិភោគ ហើយ​លេង​សប្បាយ . . . ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​គេ​នៅ​ដោយ​សុខ​សាន្តត្រាណ គ្រប់​គ្នា​នៅ​ក្រោម​ទ្រើង​ទំពាំង​បាយ​ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ​-​សេបា ដរាប​ដល់​អស់​ព្រះ​ជន្ម​នៃ​សាឡូម៉ូន»។ (ពង្សាវតារក្សត្រទី១ ៤:២០​-​២៥) សូម្បីតែ​ក្នុង​សម័យ​របស់​ស្តេច​ដាវីឌ​ក៏​ដោយ ដែល​មាន​សត្រូវ​ជា​ច្រើន​ប្រឆាំង​ព្រះ សាសន៍​នោះ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា ហើយ​ទទួល​ពរ​នៅ​ពេល​ដែល​ពួក​គេ​បាន​ជ្រើសរើស​គោរព​តាម​ព្រះ​នៃ​សេចក្ដី​ពិត។—សាំយូអែលទី២ ៧:២៨, ២៩; ៨:១​-​១៥

២០. តើ​ព្រះ​ទុក​ចិត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​លោក?

២០ តើ​អ្នក​នឹង​គោរព​តាម​ព្រះ ឬ​ក៏​អ្នក​នឹង​មិន​គោរព​តាម​ទ្រង់? ពួក​អ៊ីស្រាអែល​មាន​ការ​ជ្រើសរើស។ ថ្វី​បើ​យើង​គ្រប់ៗ​គ្នា​មាន​បាប​ពី​អ័ដាម​ជា​មរតក​ក៏​ដោយ យើង​ក៏​បាន​ទទួល​អំណោយ​នៃ​ការ​ជ្រើសរើស​ដោយ​សេរីដែរ។ ថ្វី​បើ​មាន​សាតាំង លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ ហើយ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​ក៏​ដោយ យើង​ក៏​អាច​ជ្រើសរើស​ដ៏​ត្រឹម​ត្រូវ​ដែរ។ ម្យ៉ាង​ទៀត ព្រះ​អាទិទេព​របស់​យើង​ទុក​ចិត្ត​ថា ក្នុង​ការ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក​និង​ការ​ល្បួង គឺ​នឹង​មាន​អស់​អ្នក​ដែល​ជ្រើសរើស​ដ៏​ត្រឹម​ត្រូវ មិន​គ្រាន់​តែ​តាម​ពាក្យ​សំដី​ប៉ុណ្ណោះ តែ​តាម​សកម្មភាព​របស់​គេ។ (ពេត្រុសទី១ ៥:៨​-​១០) តើ​អ្នក​នឹង​នៅ​ចំណោម​ពួក​គេ​ទេ?

២១. តើ​នឹង​ពិចារណា​មើល​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២១ ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​អាច​ថ្លឹង​ថ្លែង​អាកប្បកិរិយា​និង​សកម្មភាព​របស់​យើង​ជា​មួយ​នឹង​គំរូ​ពីដើម។ សូម​ឲ្យ​យើង​ម្នាក់ៗ​តប​ឆ្លើយ​ដោយ​អំណរគុណ​ដល់​បន្ទូល​របស់​ព្រះ តាម​រយៈ​លោក​ម៉ូសេ​ថា​៖ «អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត នឹង​សេចក្ដី​ស្លាប់ ទាំង​ព្រះ​ពរ នឹង​សេចក្ដី​បណ្ដាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ»។—ចោទិយកថា ៣០:១៩

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ពរ​ដល់​មនុស្ស​មាន​បាប?

◻ តើ​អ្វី​ជា​សេចក្ដី​បណ្ដាសា?

◻ តើ​ពួក​អ៊ីស្រាអែល​អាច​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច ជាជាង​សេចក្ដី​បណ្ដាសា?

◻ តើ​អ្វី​ជា​ពរ​ដែល​អ៊ីស្រាអែល​បាន​ទទួល​ដោយ​ការ​គោរព​តាម​ព្រះ?

[រូបភាព​នៅ​ទំព័រ​២២]

ពួក​អ៊ីស្រាអែល​បាន​ឈរ​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម និង​ភ្នំ​អេបាល

[អ្នក​ផ្ដល់​សិទ្ធិ]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក