បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៥ ទំ. ៣០-៣១
  • ស៊ីគែម—ក្រុងដែលនៅក្នុងជ្រលងភ្នំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស៊ីគែម—ក្រុងដែលនៅក្នុងជ្រលងភ្នំ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៥ ទំ. ៣០-៣១

ស៊ីគែម—ក្រុង​ដែល​នៅ​ក្នុង​ជ្រលង​ភ្នំ

នៅ​កណ្ដាល​ស្រុក​នោះ ព្រះ​បាន​ជ្រើស​រើស​យក​កន្លែង​សំរាប់​រាស្ត្រ​របស់​ទ្រង់ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​អេបាល​និង​ភ្នំ​កេរិស៊ីម។ នៅ​កន្លែង​នេះ​ហើយ—ជិត​បួន​ពាន់​ឆ្នាំ​កន្លង​ទៅ​នេះ—ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា៖ «អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង»។—លោកុប្បត្តិ ១២:៦, ៧

ស្រប​ទៅ​តាម​សេចក្ដី​សន្យា​នេះ ចៅ​របស់​អ័ប្រាហាំ ឈ្មោះ​យ៉ាកុប​បាន​បោះ​ជុំ​រំ​នៅ​ស៊ីគែម ហើយ​បាន​សង់​អាស​នា ដែល​គាត់​បាន​ហៅ​ថា ‹ព្រះ​គឺ​ជា​ព្រះ​នៃ​អ៊ីស្រាអែល›។ យ៉ាកុប​ប្រហែល​ជា​បាន​ជីក​អណ្ដូង​នៅ​កន្លែង​នេះ ដើម្បី​ផ្ដល់​ទឹក​សំរាប់​គ្រួសារ​និង​សត្វ​របស់​គាត់ ហើយ​នេះ​ជា​អណ្ដូង​មួយ​ដែល​ជា​ច្រើន​សតវត្ស​ក្រោយ​មក ត្រូវ​បាន​ស្គាល់​ជា«អណ្ដូង​យ៉ាកុប»។—លោកុប្បត្តិ ៣៣:១៨​-​២០; យ៉ូហាន ៤:៥, ៦, ១២

ប៉ុន្តែ សមាជិក​គ្រួសារ​របស់​យ៉ាកុប​មិន​បាន​បង្ហាញ​ការ​ខ្នះ​ខ្នែង​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត​ទាំង​អស់​គ្នា​ទេ។ នាង​ឌីណា ជា​កូន​ស្រី​របស់​គាត់​បាន​ទៅ​ចង​មិត្តភាព​ជា​មួយ​ក្មេង​ស្រី​ៗ​ជាតិ​កាណាន​នៃ​ក្រុង​ស៊ីគែម។ នៅ​ពេល​នោះ នាង​ឌីណា​គឺ​នៅ​ក្មេង​នៅ​ឡើយ​ទេ តែ​បាន​ចាក​ចេញ​ពី​រោង​ដ៏​សុខ​នៃ​គ្រួសារ​នាង ទៅ​លេង​ក្រុង​ជិត​ៗ​នោះ ហើយ​ចង​មិត្តភាព​និង​គេ។

តើ​ពួក​បុរស​ក្មេង​ៗ​នៅ​ទី​ក្រុង​នោះ​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ នឹង​ក្មេង​ព្រហ្មចារី​ដែល​មក​លេង​ទី​ក្រុង​របស់​គេ​ជា​រឿយ​ៗ—តែ​ម្នាក់​ឯង​នេះ? បុត្រ​របស់​ស្តេច​នៅ​ស្រុក​នោះ «ទ្រង់​ឃើញ​នាង ក៏​នាំ​យក​ទៅ​ដេក​បង្ខូច»។ ហេតុ​អ្វី​ក៏​នាង​ឌីណា​ល្បង​ល​គ្រោះ​ថ្នាក់​ដោយ​ចូល​រួម​ជា​មួយ​ពួក​កាណាន​ដ៏​ឥត​សីលធម៌​នោះ? តើ​នេះ​ដោយ​សារ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវ​ការ​មិត្តភាព​នៃ​ក្មេង​ស្រី​ៗ​អាយុ​ដំណាល​គ្នា​ឬ? តើ​នាង​ជា​មនុស្ស​ក្បាល​រឹង​និង​ឥត​ពឹង​ពាក់​គេ ដូច​ពួក​បង​ប្អូន​ប្រុស​របស់​នាង​ឬ? សូម​អាន​ដំណើរ​រឿង​នេះ​ក្នុង​លោកុប្បត្តិ ហើយ​អ្នក​នឹង​យល់​នូវ​ការ​ទុក្ខ​ព្រួយ​និង​ការ​អាម៉ាស់​មុខ​របស់​យ៉ាកុប​និង​លេអា ដោយ​សារ​តែ​លទ្ធផល​ដ៏​ខ្លោច​ផ្សា​នៃ​កូន​ស្រី​របស់​គេ​ពី​ការ​ទៅ​លេង​ក្រុង​ស៊ីគែម។—លោកុប្បត្តិ ៣៤:១​-​៣១; ៤៩:៥​-​៧; សូម​មើល ប៉ម​យាម ១៥ មិថុនា ១៩៨៥ ទំព័រ ៣១ (ជា​ភាសា​អង់គ្លេស)

ជិត​៣០០​ឆ្នាំ​ក្រោយ​មក ការ​មិន​អើពើ​នឹង​គោល​ការណ៍​ណែនាំ​របស់​ព្រះ ក៏​មាន​ឡើង​ជា​លើក​ម្ដង​ទៀត។ នៅ​ឯ​ក្រុង​ស៊ីគែម យ៉ូស្វេ​បាន​រៀបចំ​ការ​ប្រជុំ​មួយ​ដែល​ចាំ​ជាប់​ជា​និច្ច​ក្នុង​ប្រវត្ដិសាស្ត្រ​អ៊ីស្រាអែល។ សូម​គិត​អំពី​ព្រឹត្ដិការណ៍​នៅ​ឯ​ជ្រលង​ភ្នំ​នេះ។ មនុស្ស​ជាង​មួយ​លាន​នាក់—ពួក​បុរស ស្ត្រី និង​កូន​ក្មេង—ឈរ​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម ដែល​មក​ពី​កុលសម្ព័ន្ធ​ប្រាំ​មួយ​នៃ​សាសន៍​អ៊ីស្រាអែល។ នៅ​ជ្រលង​ភ្នំ​ម្ខាង​ទៀត មាន​មនុស្ស​ចំនួន​ដូច​គ្នា​ពី​កុលសម្ព័ន្ធ​ប្រាំ​មួយ​ទៀត ដែល​ឈរ​នៅ​ពី​មុខ​ភ្នំ​អេបាល។a ហើយ​នៅ​ពី​ក្រោម នៅ​ជិត​ហិប​នៃ​កិច្ច​ព្រម​ព្រៀង និង​នៅ​ចន្លោះ​ហ្វូង​មនុស្ស​ដ៏​ធំ​ពីរ​ក្រុម​នៃ​ពួក​អ៊ីស្រាអែល គឺ​មាន​ពួក​សង្ឃ​និង​លោក​យ៉ូស្វេ។ នេះ​ជា​ទស្សនីយភាព​ដ៏​ល្អ​មែន!—យ៉ូស្វេ ៨:៣០​-​៣៣

នៅ​ពី​លើ​មនុស្ស​ជា​ច្រើន​នេះ គឺ​មាន​ភ្នំ​ពីរ​ដែល​មាន​សភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​សោភ័ណ​ភាព​និង​ភាព​ឥត​ជី​ជាតិ។ ភ្នំ​កេរិស៊ីម​មាន​ពណ៌​ខៀវ​និង​ជី​ជាតិ តែ​ភ្នំ​អេបាល​មាន​តែ​សោះ​កក្រោះ​និង​ឥត​ជី​ជាតិ​ទេ។ តើ​អ្នក​អាច​គិត​នូវ​ការ​រំភើប​ចិត្ត​នៃ​ពួក​អ៊ីស្រាអែល កាល​ដែល​គេ​រង់​ចាំ​លោក​យ៉ូស្វេ​នឹង​ឡើង​និយាយ​ទេ? សូរ​សម្លេង​ទាំង​អស់​គឺ​ឮ​ខ្ទរ​រំពង។

ក្នុង​កំឡុង​បួន​ទៅ​ប្រាំ​មួយ​ម៉ោង ដែល​យ៉ូស្វេ​អាន‹សៀវភៅ​នៃ​ក្រិត្យ​វិន័យ​របស់​ម៉ូសេ› ប្រជាជន​ក៏​ចូល​រួម​ធ្វើ​ដែរ។ (យ៉ូស្វេ ៨:៣៤, ៣៥) តាម​ប្រមើល​ទៅ ពួក​អ៊ីស្រាអែល​ដែល​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម និយាយ​ថា អា​មែន! ក្រោយ​ពី​ពរ​និមួយ​ៗ តែ​ចំពោះ​ការ​និយាយ​អា​មែន! នៃ​ពួក​មនុស្ស​ដែល​នៅ​ពី​មុខ​ភ្នំ​អេបាល គឺ​កត់​បញ្ជាក់​នូវ​សេចក្ដី​បណ្ដាសា​និមួយ​ៗ​ទៅ​វិញ។ ការ​ឥត​មាន​ជី​ជាតិ​នៃ​ភ្នំ​អេបាល ប្រហែល​ជា​ដើម្បី​រំឭក​មនុស្ស​នូវ​លទ្ធផល​ដ៏​ហិនហោច​នៃ​ការ​មិន​គោរព​ធ្វើ​តាម។

យ៉ូស្វេ​បាន​ព្រមាន​ថា៖ «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​មើល​ងាយ​ដល់​ឪពុក​ម្ដាយ​ខ្លួន»។ ដោយ​ស្រប​នឹង​គ្នា មនុស្ស​ជាង​មួយ​លាន​នាក់​តប​ឆ្លើយ​ថា៖ «អាម៉ែន»! យ៉ូស្វេ​ក៏​ចាំ​ការ​តប​ឆ្លើយ​ដ៏​ខ្លាំង​នេះ​ឲ្យ​ស្ងាត់​សិន ទើប​នឹង​បន្ត​និយាយ​ទៀត​ថា៖ «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន»។ ម្ដង​នេះ​ទៀត កុលសម្ព័ន្ធ​ទាំង​ប្រាំ​មួយ រួម​ទាំង​ពួក​អាណិកជន ក៏​ឆ្លើយ​ឡើង​ថា៖ «អា​មែន»! (ចោទិយកថា ២៧:១៦, ១៧) បើ​សិន​ជា​អ្នក​បាន​នៅ​ទី​នោះ តើ​អ្នក​នឹង​ភ្លេច​ការ​ប្រជុំ​នៅ​ចន្លោះ​ភ្នំ​នោះ​ឬ? តើ​អ្នក​មិន​ចាំ​ជាប់​នឹង​ចិត្ត​ពី​ការ​គោរព​តាម​ទេ​ឬ?

ប្រមាណ​២០​ឆ្នាំ​ក្រោយ​មក មុន​នឹង​លោក​ស្លាប់​ទៅ ម្ដង​នេះ​ទៀត យ៉ូស្វេ​បាន​ប្រមូល​សាសន៍​ទាំង​មូល​ឲ្យ​មក​ឯ​ក្រុង​ស៊ីគែម ដើម្បី​ឲ្យ​ពួក​គេ​ពង្រឹង​សេចក្ដី​តាំង​ចិត្ត​របស់​គេ​ឡើង។ គាត់​បាន​បង្ហាញ​នូវ​សេចក្ដី​សម្រេច​ចិត្ត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ធ្វើ។ គាត់​បាន​និយាយ​ថា៖ «ចូរ​រើស​យក​ព្រះ​ណា ដែល​ឯង​ចង់​គោរព​ប្រតិបត្ដិ​នៅ​ថ្ងៃ​នេះ​ចុះ។ តែ​ឯ​អញ​នឹង​ពួក​គ្រួ​អញ យើង​ទាំង​អស់​គ្នា​នឹង​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ»។ (យ៉ូស្វេ ២៤:១, ១៥) យ៉ាង​ច្បាស់​ណាស់ ការ​ប្រជុំ​ដ៏​ធំ​ដែល​បាន​ពង្រឹង​ជំនឿ​នៅ​ត្រង់​ក្រុង​ស៊ីគែម​នេះ ធ្វើ​ឲ្យ​នឹក​ចាំ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច។ ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​យ៉ូស្វេ​បាន​ស្លាប់​ទៅ ពួក​អ៊ីស្រាអែល​បាន​ត្រាប់​តាម​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​គាត់។—យ៉ូស្វេ ២៤:៣១

ប្រហែល​ជា​១៥​សតវត្ស​ក្រោយ​មក នៅ​ពេល​ដែល​ព្រះ​យេស៊ូ​សំរាក​នៅ​ក្រោម​ម្លប់​នៃ​ភ្នំ​កេរិស៊ីម នោះ​មាន​ការ​សន្ទនា​ដ៏​កក់​ក្ដៅ​បាន​កើត​ឡើង។ ដោយ​អស់​កម្លាំង​ពី​ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ ព្រះ​យេស៊ូ​បាន​អង្គុយ​ជិត​អណ្ដូង​យ៉ាកុប នៅ​ពេល​ដែល​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក។ ស្ត្រី​នោះ​ភ្ញាក់​ផ្អើល​ណាស់ ដែល​ព្រះ​យេស៊ូ​បាន​សូម​ទឹក​ពិសា​ពី​នាង ដ្បិត​ពួក​យូដា​មិន​និយាយ​ស្តី​ជា​មួយ​ពួក​សាម៉ារី​ទេ ហើយ​ពួក​យូដា​ច្បាស់​ជា​មិន​ពិសា​ទឹក​ពី​ភាជន៍​របស់​ពួក​សាម៉ារី​ឡើយ។ (យ៉ូហាន ៤:៥​-​៩) ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ជា​បន្ទាប់ បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ឡើង​ទៀត។ «អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ បាន​ជីវិត​អស់​កល្ប​ជា​និច្ច»។ (យ៉ូហាន ៤:១៣, ១៤) សូម​គិត​ពី​ការ​ចាប់​អារម្មណ៍​របស់​ស្ត្រី​ក្នុង​សេចក្ដី​សន្យា​នោះ ដ្បិត​ការ​ដង​ទឹក​ពី​អណ្ដូង​ដ៏​ជ្រៅ​ជា​កិច្ច​ការ​ដ៏​ពិបាក​ណាស់។ ព្រះ​យេស៊ូ​បាន​ពន្យល់​ទៀត​ថា ទោះ​បី​ក្រុង​យេរូសាឡិម​និង​ភ្នំ​កេរិស៊ីម​មាន​សារៈ​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​ក៏​ដោយ នេះ​មិន​មែន​ជា​កន្លែង​សាសនា​សំរាប់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ ចិត្ត​គំនិត​និង​ឫកពា មិន​មែន​ជា​កន្លែង​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត ពី​ព្រោះ​ព្រះ​វរ​បី​តា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​ថ្វាយ​បង្គំ​ទ្រង់»។ (យ៉ូហាន ៤:២៣) ពាក្យ​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​នោះ ច្បាស់​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន! ម្ដង​នេះ​ទៀត ជើង​ភ្នំ​នេះ​បាន​ទៅ​ជា​កន្លែង​ដាស់​តឿន​មនុស្ស​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា។

នៅ​សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ណាប្លុស​គឺ​ស្ថិត​នៅ​ជិត​ទី​ក្រុង​ស៊ីគែម​ដែល​បាន​ហិន​ហោចទៅ​នោះ។ ភ្នំ​កេរិស៊ីម​និង​ភ្នំ​អេបាល​គឺ​ស្ថិត​នៅ​ជ្រលង​ភ្នំ​នោះ​ដដែល ឈរ​ជា​សាក្សី​ចំពោះ​ព្រឹត្ដិការណ៍​នៃ​អតីតកាល។ មនុស្ស​អាច​ទៅ​លេង​អណ្ដូង​របស់​យ៉ាកុប​ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ទាំង​នេះ។ កាល​ដែល​យើង​រំពឹង​គិត​ទៅ​លើ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ យើង​ត្រូវ​បាន​រំឭក​ពី​សារៈ​សំខាន់​នៃ​ការ​ដំកើង​ការ​ថ្វាយ​បង្គំ​ពិត ដូច​យ៉ូស្វេ​និង​ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​នោះ។—ប្រៀប​ធៀប អេសាយ ២:២, ៣

[កំណត់​សម្គាល់]

a កុលសម្ព័ន្ធ​ប្រាំ​មួយ​ដែល​ឈរ​នៅ​ពី​មុខ​ភ្នំ​កេរិស៊ីម គឺ​ស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និង​បេនយ៉ាមីន។ កុលសម្ព័ន្ធ​ប្រាំ​មួយ​ទៀត​ដែល​នៅ​ពី​មុខ​ភ្នំ​អេបាល គឺ​រូបេន កាឌ់ អេស៊ើរ សាប់យូល៉ូន ដាន់ និង​ណែបថាលី។—ចោទិយកថា ២៧:១២, ១៣

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣១]

Pictorial Archive (Near Eastern History) Est.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក