បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១០ ទំ. ១១-១៦
  • ព្រះវិហារខាងវិញ្ញាណដ៏ធំនៃព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះវិហារខាងវិញ្ញាណដ៏ធំនៃព្រះយេហូវ៉ា
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ទី​បរិសុទ្ធ​បំផុត​នៅ​ស្ថានសួគ៌
  • លក្ខណៈ​ឯ​ទៀត​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ
  • ទី​បរិសុទ្ធ
  • សិរី​ល្អ​លើស​លុប​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ
  • ចូរឲ្យតម្លៃឯកសិទ្ធិរបស់អ្នកដើម្បីគោរពប្រណិប័តន៍នៅវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • «ដំណាក់អញត្រូវហៅជាទីអធិស្ឋានសំរាប់គ្រប់អស់ទាំងសាសន៍»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ព្រះយេហូវ៉ានាំកូនជាច្រើនមកក្នុងសិរីល្អ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១០ ទំ. ១១-១៦

ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ធំ​នៃ​ព្រះ​យេហូវ៉ា

«យើង​រាល់​គ្នា​មាន​សំដេច​សង្ឃ​១​អង្គ​យ៉ាង​នោះ . . . ជា​អ្នក​មាន​ការងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ក្នុង​រោង​ឧបោសថ​ដ៏​ពិត ដែល​ព្រះ​អម្ចាស់​បាន​ដំ​ឡើង មិន​មែន​ជា​មនុស្ស​ទេ»។—ហេព្រើរ ៨:១, ២

១. តើ​ព្រះ​បាន​បង្កើត​សំវិធានការ​អ្វី សំរាប់​មនុស្ស​មាន​បាប?

ព្រះ​យេហូវ៉ា ដោយ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ដល់​មនុស្ស​លោក បាន​ប្រទាន​យញ្ញបូជា​មួយ​សំរាប់​យក​បាប​នៃ​លោកីយ៍​នេះ​ចេញ។ (យ៉ូហាន ១:២៩; ៣:១៦) នេះ​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូន​ជីវិត​នៃ​បុត្រ​ច្បង​របស់​ទ្រង់​ពី​ស្ថានសួគ៌ មក​ក្នុង​ស្បូន​នៃ​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់ ឈ្មោះ​ម៉ារា ជា​ជនជាតិ​យូដា។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ពន្យល់​ប្រាប់​នាង​ម៉ារា​យ៉ាង​ច្បាស់​ថា បុត្រ​ដែល​នាង​នឹង​ប្រសូត​មក​នេះ នឹង​«ត្រូវ​ហៅ​ថា​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។ (លូកា ១:៣៤, ៣៥) យ៉ូសែប ដែល​បាន​ភ្ជាប់​ពាក្យ​នឹង​នាង​ម៉ារា​ហើយ ត្រូវ​បាន​ពន្យល់​ប្រាប់​អំពី​ការ​ចាប់​កំណើត​របស់​ព្រះ​យេស៊ូ​ដោយ​អព្ភូតហេតុ ហើយ​បាន​ដឹង​ថា បុត្រ​នេះ​នឹង​«ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប»។—ម៉ាថាយ ១:២០, ២១

២. កាល​ដែល​ព្រះ​យេស៊ូ​មាន​អាយុ៣០ឆ្នាំ តើ​ទ្រង់​បាន​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

២ កាល​ដែល​ព្រះ​យេស៊ូ​ធំ​ឡើង ទ្រង់​ច្បាស់​ជា​បាន​យល់​ខ្លះៗ អំពី​ហេតុ​ការណ៍​នៃ​កំណើត​ដោយ​អព្ភូតហេតុ​របស់​ទ្រង់។ ទ្រង់​ជ្រាប​ថា ព្រះ​វរបិតា​របស់​ទ្រង់​ដែល​នៅ​ស្ថានសួគ៌ បាន​ប្រគល់​ឲ្យ​កិច្ចការ​សង្គ្រោះ​ជីវិត​នេះ មក​ទ្រង់​ធ្វើ​នៅ​ផែនដី។ ដូច្នេះ កាល​បាន​ធំ​ពេញ​រូប​រាង​ជា​មនុស្ស​អាយុ៣០ឆ្នាំ​ហើយ ព្រះ​យេស៊ូ​បាន​មក​ឯ​ព្យាការី​របស់​ព្រះ យ៉ូហាន ដើម្បី​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់។—ម៉ាកុស ១:៩; លូកា ៣:២៣

៣. (ក) តើ​ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​យ៉ាង​ណា ចំពោះ​ឃ្លា​ដែល​ថា «ព្រះ​អង្គ​មិន​ចង់​បាន​យញ្ញបូជា នឹង​ដង្វាយ​ទេ»? (ខ) តើ​ព្រះ​យេស៊ូ​ឲ្យ​គំរូ​ដ៏​អស្ចារ្យ​អ្វី សំរាប់​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​សិស្ស​របស់​ទ្រង់?

៣ ព្រះ​យេស៊ូ​កំពុង​តែ​អធិស្ឋាន​ក្នុង​ថ្ងៃ​ដែល​ទ្រង់​ជ្រមុជ​ទឹក។ (លូកា ៣:២១) តាម​មើល​ទៅ ចាប់​ពី​ត្រង់​នេះ​ត​ទៅ​នៃ​ជីវិត​របស់​ទ្រង់ ទ្រង់​បាន​បំពេញ​ពាក្យ​ទំនាយ​នៃ​ទំនុកដំកើង ៤០:៦​-​៨ ដូច​ជា​ប៉ុល​បាន​បង្ហាញ​ក្រោយ​មក​ថា​៖ «ព្រះ​អង្គ​មិន​ចង់​បាន​យញ្ញបូជា នឹង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀប​ចំ​រូប​កាយ​ឲ្យ​ទូល​បង្គំ​វិញ»។ (ហេព្រើរ ១០:៥) ដូច្នេះ ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ជ្រាប​ថា ព្រះ​អង្គ​«មិន​ចង់»​ឲ្យ​គេ​ថ្វាយ​ដង្វាយ​សត្វ​ក្នុង​ព្រះ​វិហារ​នៃ​យេរូសាឡិម​ត​ទៅ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ជ្រាប​ថា ព្រះ​បាន​រៀប​ចំ​រូប​កាយ​ល្អ​គ្រប់​ល័ក្ខណ៍​មួយ​សំរាប់​ទ្រង់ គឺ​ជា​យេស៊ូ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា។ ការ​នេះ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ដង្វាយ​សត្វ​សំរាប់​យញ្ញបូជា​ទៀត។ ដើម្បី​បង្ហាញ​នូវ​ចំណង់​ដ៏​អស់​ពី​ចិត្ត​របស់​ទ្រង់ ក្នុង​ការ​ចុះ​ចូល​តាម​បំណង​របស់​ព្រះ ព្រះ​យេស៊ូ​អធិស្ឋាន​ថែម​ទៀត​ថា​៖ «មើល! ឱ​ព្រះ​អង្គ​អើយ ទូល​បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»។ (ហេព្រើរ ១០:៧) នេះ​ជា​គំរូ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ក្លាហាន​និង​ភក្ដីភាព​ដ៏​ឥត​អាត្មា​និយម ដែល​ព្រះ​យេស៊ូ​បាន​សំដែង​នៅ​ថ្ងៃ​នោះ សំរាប់​អស់​អ្នក​ដែល​នឹង​ទៅ​ជា​សិស្ស​របស់​ទ្រង់​នៅ​ពេល​ក្រោយ!—ម៉ាកុស ៨:៣៤

៤. តើ​តាម​របៀប​ណា​ដែល​ព្រះ​បង្ហាញ​ការ​យល់​ព្រម ដល់​ការ​ថ្វាយ​ខ្លួន​នៃ​ព្រះ​យេស៊ូ?

៤ តើ​ព្រះ​បាន​បង្ហាញ​ការ​យល់​ព្រម ដល់​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូ​នៅ​ពិធី​ជ្រមុជ​ទឹក​នោះ​ទេ? ចូរ​ឲ្យ​សិស្ស​រើស​តាំង​របស់​ព្រះ​យេស៊ូ​ម្នាក់​ផ្ដល់​ចម្លើយ​នេះ​មក​យើង​៖ «កាល​ព្រះ​យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា​៖ ‹នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់› »។—ម៉ាថាយ ៣:១៦, ១៧; លូកា ៣:២១, ២២

៥. តើ​អ្វី​តំណាង​ដោយ​អាសនា​មែន​ទែន​នៅ​ព្រះ​វិហារ?

៥ កាល​ដែល​ព្រះ​ទទួល​យក​ការ​ថ្វាយ​រូប​កាយ​នៃ​ព្រះ​យេស៊ូ សំរាប់​ធ្វើ​យញ្ញបូជា ក្នុង​ន័យ​ខាង​វិញ្ញាណ នោះ​មាន​ន័យ​ថា អាសនា​ដ៏​ធំ​សំបើម​មួយ គឺ​ធំ​ជាង​អាសនា​នៅ​ក្នុង​ព្រះ​វិហារ​នៃ​យេរូសាឡិម បាន​លេច​ចេញ​មក។ អាសនា​មែន​ទែន​ដែល​ជា​កន្លែង​គេ​យក​សត្វ​មក​បូជា គឺ​តំណាង​អាសនា​ខាង​វិញ្ញាណ​នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ជា​«បំណង»​របស់​ព្រះ ឬ ការ​រៀប​ចំ​សំរាប់​ទទួល​យក​ជីវិត​មនុស្ស​នៃ​ព្រះ​យេស៊ូ ជា​យញ្ញបូជា។ (ហេព្រើរ ១០:១០) ម្ល៉ោះ​ហើយ​បាន​ជា​ប៉ុល អាច​សរសេរ​ទៅ​ពួក​គ្រីស្ទាន​គ្នា​ឯង​ថា​៖ «យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ[ឬ ព្រះ​វិហារ] គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ»។ (ហេព្រើរ ១៣:១០) បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គ្រីស្ទាន​ពិត នឹង​ទទួល​ផល​ប្រយោជន៍​ពី​យញ្ញបូជា​សំរាប់​លោះ​បាប​ដ៏​ល្អ​លើស​គេ ដែល​ពួក​សង្ឃ​យូដា​ជា​ច្រើន​បាន​ទាត់​ចោល។

៦. (ក) នៅ​ថ្ងៃ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ តើ​អ្វី​លេច​ចេញ​ឡើង? (ខ) តើ​ឋានន្តរ ព្រះមេស្ស៊ីនិង​ព្រះ​គ្រីស្ទ មាន​ន័យ​ដូច​ម្ដេច?

៦ ការ​ចាក់​ប្រេង​តាំង​ព្រះ​យេស៊ូ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ មាន​ន័យ​ថា ឥឡូវ​នេះ​ព្រះ​បាន​បង្កើត​ឲ្យ​មាន​ការ​រៀប​ចំ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ទាំង​មូល​ហើយ ដោយ​មាន​ព្រះ​យេស៊ូ​បំរើ​ជា​សម្ដេច​សង្ឃ។ (កិច្ចការ ១០:៣៨; ហេព្រើរ ៥:៥) លូកា​បាន​រិះ​រក​ឃើញ​ឆ្នាំ​នៃ​ព្រឹត្ដិការណ៍​អស្ចារ្យ​នេះ ជា​«ឆ្នាំ​ទី១៥​ក្នុង​រាជ្យ​សេសារ​-​ទីប៊ើរ»។ (លូកា ៣:១​-​៣) នោះ​ស្មើ​នឹង​ឆ្នាំ​ ២៩ ស.យ.—ចំ​នឹង៦៩អាទិត្យ​នៃ​ឆ្នាំ ឬ ៤៨៣ឆ្នាំ ពី​គ្រា​ដែល​ស្តេច​អើថាស៊ើកសេស​បាន​ចេញ​បញ្ជា ឲ្យ​សង់​កំផែង​យេរូសាឡិម​ឡើង​វិញ។ (នេហេមា ២:១, ៥​-​៨) យោង​ទៅ​តាម​ទំនាយ «ព្រះមេស្ស៊ី ជា​មេ​ដឹក​នាំ» នឹង​លេច​ចេញ​មក​នៅ​ឆ្នាំ​ដែល​ទាយ​ទុក​នោះ។ (ដានីយ៉ែល ៩:២៥, ព.ថ.) ពួក​យូដា​ជា​ច្រើន​បាន​ដឹង​អំពី​ទំនាយ​នេះ។ លូកា​រាយ​ការណ៍​ថា «បណ្ដា​មនុស្ស​នៅ​តែ​ចាំ​មើល» ព្រះមេស្ស៊ី ឬ ព្រះ​គ្រីស្ទ​លេច​ចេញ​មក ពាក្យ​ទាំង​ពីរ​នេះ​ជា​ឋានន្តរ មួយ​ជា​ពាក្យ​ហេព្រើរ មួយ​ទៀត​ជា​ពាក្យ​ក្រិក ដែល​មាន​ន័យ​ដូច​គ្នា គឺ «អ្នក​ចាក់​ប្រេង​តាំង»។—លូកា ៣:១៥

៧. (ក) តើ​ព្រះ​បាន​ចាក់​ប្រេង​តាំង​«ទី​បរិសុទ្ធ​បំផុត» នៅ​ពេល​ណា ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា? (ខ) តើ​មាន​អ្វី​ទៀត កើត​ដល់​ព្រះ​យេស៊ូ នៅ​ថ្ងៃ​ពិធី​ជ្រមុជ​ទឹក​របស់​ទ្រង់?

៧ នៅ​ថ្ងៃ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ លំនៅ​ក្នុង​ស្ថានសួគ៌​របស់​ព្រះ ត្រូវ​បាន​ចាក់​ប្រេង​តាំង ឬ ញែក​ជា «ទី​បរិសុទ្ធ​បំផុត» ក្នុង​ការ​រៀប​ចំ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ធំ។ (ដានីយ៉ែល ៩:២៤) «រោង​ឧបោសថ​ដ៏​ពិត[ព្រះ​វិហារ] ដែល​ព្រះ​អម្ចាស់​បាន​ដំ​ឡើង មិន​មែន​ជា​មនុស្ស» បាន​លេច​ចេញ​ហើយ។ (ហេព្រើរ ៨:២) ម្យ៉ាង​ទៀត តាម​រយៈ​ពិធី​ជ្រមុជ​ដោយ​ទឹក​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ បុរស​យេស៊ូ​គ្រីស្ទ​នេះ​បាន​កើត​ជា​ថ្មី ជា​បុត្រា​ខាង​វិញ្ញាណ​របស់​ព្រះ។ (ប្រៀបធៀប យ៉ូហាន ៣:៣) នេះ​មាន​ន័យ​ថា នៅ​ពេល​ក្រោយ ព្រះ​អាច​ហៅ​បុត្រា​របស់​ទ្រង់​ឲ្យ​ទទួល​ជីវិត​នៅ​ស្ថានសួគ៌​វិញ ដែល​ព្រះ​យេស៊ូ​នឹង​បំរើ​នៅ​ខាង​ស្ដាំ​ដៃ​ព្រះ​វរបិតា ជា​ស្តេច​និង​ជា​សម្ដេច​សង្ឃ «តាម​របៀប​លោក​ម៉ិលគីស្សាដែក»។—ហេព្រើរ ៦:២០; ទំនុកដំកើង ១១០:១, ៤

ទី​បរិសុទ្ធ​បំផុត​នៅ​ស្ថានសួគ៌

៨. តើ​បល្ល័ង្ក​របស់​ព្រះ ឥឡូវ​មាន​លក្ខណៈ​ថ្មី​អ្វី​ខ្លះ?

៨ នៅ​ថ្ងៃ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ បល្ល័ង្ក​នៅ​ស្ថានសួគ៌​របស់​ព្រះ ទទួល​យក​លក្ខណៈ​ថ្មី​ច្រើន។ សេចក្ដី​តម្រូវ​ឲ្យ​មាន​យញ្ញបូជា​មនុស្ស​គ្រប់​ល័ក្ខណ៍ សំរាប់​ធួន​បាប​លោកីយ៍ បញ្ជាក់​ដល់​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ ជា​ការ​ផ្ទុយ​ស្រឡះ​នឹង​ភាព​មាន​បាប​របស់​មនុស្ស។ សេចក្ដី​មេត្ដាករុណា​របស់​ព្រះ ក៏​អាច​ឃើញ​ទៀត ដែល​ទ្រង់​ឥឡូវ​នេះ សុខ​ចិត្ត​ឲ្យ​គេ​ស្រាកស្រាន្ត ឬ ស្ងៀមស្ងប់​ព្រះទ័យ​របស់​ទ្រង់។ ដូច្នេះ បល្ល័ង្ក​នៅ​ស្ថានសួគ៌​របស់​ព្រះ បាន​ក្លាយ​ទៅ​ជា ទី​បរិសុទ្ធ​បំផុត​នៃ​ព្រះ​វិហារ ជា​កន្លែង​ដែល​សម្ដេច​សង្ឃ​យក​ឈាម​សត្វ ចូល​ទៅ​ក្នុង​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ធួន​បាប តាម​របៀប​ប្រដូច​មួយ។

៩. (ក) តើ​វាំងនន​ដែល​នៅ​រវាង​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត តំណាង​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​អាច​ចូល​ទៅ​ត្រើយ​ម្ខាង​នៃ​វាំងនន នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ ដោយ​យ៉ាង​ណា?

៩ វាំងនន​ដែល​ញែក​ទី​បរិសុទ្ធ ពី​ទី​បរិសុទ្ធ​បំផុត តំណាង​រូប​កាយ​សាច់​ឈាម​របស់​ព្រះ​យេស៊ូ។ (ហេព្រើរ ១០:១៩, ២០) រូប​កាយ​របស់​ព្រះ​យេស៊ូ​នេះ ជា​រនាំង​ឃាំង​ទ្រង់​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ​វរបិតា កាល​ដែល​ទ្រង់​ជា​មនុស្ស​នៅ​លើ​ផែនដី​នៅ​ឡើយ។ (កូរិនថូសទី១ ១៥:៥០) នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​សោយទិវង្គត «វាំងនន​ក្នុង​ព្រះ​វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម»។ (ម៉ាថាយ ២៧:៥១) នេះ​បង្ហាញ​យ៉ាង​អស្ចារ្យ​ថា រនាំង​ដែល​ឃាំង​ព្រះ​យេស៊ូ​មិន​ឲ្យ​ចូល​ក្នុង​ស្ថានសួគ៌ ឥឡូវ​ត្រូវ​បាន​យក​ចេញ​ហើយ។ បី​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​ប្រសើរ​មួយ។ ទ្រង់​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មិន​មែន​ជា​មនុស្ស​ខាង​សាច់​ឈាម​ទេ តែ​ជា​បុគ្គល​វិញ្ញាណ​ដ៏​រុងរឿង​ម្នាក់ ដែល​«នៅ​ជាប់​អស់កល្ប​ជានិច្ច»។ (ហេព្រើរ ៧:២៤) ៤០ថ្ងៃ​ក្រោយ​មក ព្រះ​យេស៊ូ​ក៏​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​ចូល​ទៅ​ក្នុង​«ទី​បរិសុទ្ធ​បំផុត»​ដ៏​ពិត «ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះ​ភក្ដ្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា»។—ហេព្រើរ ៩:២៤

១០. (ក) បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​ថ្វាយ​តម្លៃ​នៃ​យញ្ញបូជា​របស់​ទ្រង់​ទៅ​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌ តើ​មាន​អ្វី​កើត​ឡើង? (ខ) តើ​ការ​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ មាន​ន័យ​យ៉ាង​ណា ចំពោះ​សិស្ស​របស់​ព្រះ​គ្រីស្ទ?

១០ តើ​ព្រះ​ទទួល​យក​តម្លៃ​នៃ​ការ​បង្ហូរ​លោហិត​របស់​ព្រះ​យេស៊ូ ជា​ការ​ធួន​បាប​នៃ​លោកីយ៍​ទេ? ទ្រង់​បាន​ទទួល​យក​មែន។ ទី​សំអាង​នៃ​ការ​នេះ បាន​សម្ដែង​មក៥០ថ្ងៃ​បន្ទាប់​ពី​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ថ្ងៃ​បុណ្យ​ភិន្ដាកុស។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ បាន​មក​សណ្ឋិត​លើ​សិស្ស​របស់​ព្រះ​យេស៊ូ​១២០​នាក់ ដែល​បាន​ប្រមូល​គ្នា​នៅ​យេរូសាឡិម។ (កិច្ចការ ២:១, ៤, ៣៣) ដូច​ព្រះ​យេស៊ូ​គ្រីស្ទ ជា​សម្ដេច​សង្ឃ​របស់​គេ ពួក​គេ​ឥឡូវ ត្រូវ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​បំរើ​ជា «ពួក​សង្ឃ​បរិសុទ្ធ​សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ឯ​ព្រលឹង​វិញ្ញាណ» នៅ​ក្រោម​ការ​រៀប​ចំ​ធំ​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ។ (ពេត្រុសទី១ ២:៥) ម្យ៉ាង​ទៀត ពួក​ចាក់​ប្រេង​តាំង​ទាំង​នេះ​បាន​បង្កើត​សាសន៍​ថ្មី​មួយ «សាសន៍​បរិសុទ្ធ​របស់​ព្រះ»​នៃ​អ៊ីស្រាអែល​ខាង​វិញ្ញាណ។ ដូច្នេះ ពី​នេះ​ត​ទៅ ទំនាយ​ទាំង​អស់​នៃ​សេចក្ដី​ល្អៗ​អំពី​អ៊ីស្រាអែល ដូច​ជា ការ​សន្យា​តាំង «សញ្ញា​ថ្មី» កត់​ទុក​នៅ​យេរេមា ៣១:៣១ នឹង​សំដៅ​ទៅ​តែ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ជា​«អ៊ីស្រាអែល​នៃ​ព្រះ»​ពិត។—ពេត្រុសទី១ ២:៩; កាឡាទី ៦:១៦

លក្ខណៈ​ឯ​ទៀត​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ

១១, ១២. (ក) ក្នុង​ករណី​នៃ​ព្រះ​យេស៊ូ តើ​ទីលាន​នៃ​សង្ឃ​តំណាង​អ្វី ហើយ​ក្នុង​ករណី​នៃ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ទ្រង់ តើ​តំណាង​អ្វី? (ខ) តើ​ផើង​ទឹក​តំណាង​អ្វី ហើយ​តើ​ត្រូវ​ប្រើ​យ៉ាង​ណា?

១១ ទី​បរិសុទ្ធ​បំផុត​តំណាង «ស្ថានសួគ៌» ជា​ទី​បល្ល័ង្ក​របស់​ព្រះ រីឯ​លក្ខណៈ​ឯ​ទៀត​ទាំង​អស់​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ ទាក់ទង​នឹង​របស់​នៅ​ផែនដី។ (ហេព្រើរ ៩:២៤) ក្នុង​ព្រះ​វិហារ​នៅ​យេរូសាឡិម មាន​ទីលាន​ខាង​ក្នុង​មួយ​សំរាប់​ពួក​សង្ឃ ដែល​​នៅ​ទី​នោះ មាន​អាសនា​មួយ​សំរាប់​បូជា​យញ្ញ ហើយ​ផើង​ទឹក​ធំ​មួយ ដែល​សង្ឃ​ប្រើ​សំរាប់​សំអាត​ខ្លួន​គេ មុន​នឹង​ធ្វើ​ការងារ​បរិសុទ្ធ។ តើ​របស់​ទាំង​នេះ​តំណាង​អ្វី​ទៅ នៅ​ក្នុង​ការ​រៀប​ចំ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ?

១២ ក្នុង​ករណី​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ទីលាន​ខាង​ក្នុង​នៃ​ពួក​សង្ឃ តំណាង​ស្ថានភាព​ឥត​មាន​បាប​របស់​ទ្រង់ ជា​បុត្រ​មនុស្ស​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ។ តាម​រយៈ​ការ​អនុវត្ត​ជំនឿ​ទៅ​លើ​យញ្ញបូជា​របស់​ព្រះ​យេស៊ូ ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេស៊ូ ត្រូវ​បាន​ចាត់​ទុក​ជា​សុចរិត។ ដោយ​ហេតុ​នេះ ព្រះ​ទ្រង់​អាច​ទាក់ទង​ជា​មួយ​ពួក​គេ​ដោយ​ត្រឹម​ត្រូវ ហាក់​ដូច​ជា​ពួក​គេ​គ្មាន​បាប។ (រ៉ូម ៥:១; ៨:១, ៣៣) ដូច្នេះ ទីលាន​នេះ ក៏​តំណាង​ស្ថានភាព​សុចរិត​របស់​មនុស្ស ដែល​សមាជិក​ម្នាក់ៗ​នៃ​ភាព​សង្ឃ​បរិសុទ្ធ មាន​នៅ​ចំពោះ​ព្រះ។ នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​តែ​មិន​គ្រប់​ល័ក្ខណ៍ ហើយ​នឹង​អាច​ប្រព្រឹត្ត​បាប​ទៀត។ ផើង​ទឹក​នៅ​ក្នុង​ទីលាន​នោះ តំណាង​ពាក្យ​បន្ទូល​របស់​ព្រះ ដែល​សម្ដេច​សង្ឃ​ប្រើ សំរាប់​សំអាត​ភាព​សង្ឃ​បរិសុទ្ធ​បន្ដិច​ម្ដងៗ។ ដោយ​ធ្វើ​តាម​វិធី​សំអាត​នេះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​ទទួល​អាការ​ល្អ​ថ្លៃថ្នូរ ដែល​ផ្ដល់​កិត្ដិយស​ដល់​ព្រះ ហើយ​ទាក់ទាញ​ចិត្ត​ពួក​ខាង​ក្រៅ ឲ្យ​មក​ឯ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​របស់​ទ្រង់​ដែរ។—អេភេសូរ ៥:២៥, ២៦; ប្រៀបធៀប ម៉ាឡាគី ៣:១​-​៣

ទី​បរិសុទ្ធ

១៣, ១៤. (ក) តើ​ទី​បរិសុទ្ធ​នៃ​ព្រះ​វិហារ​តំណាង​អ្វី ក្នុង​ករណី​នៃ​ព្រះ​យេស៊ូ​និង​ក្នុង​ករណី​នៃ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ទ្រង់? (ខ) តើ​ជើង​ចង្កៀង​ពណ៌​ទឹក​មាស តំណាង​អ្វី?

១៣ បន្ទប់​ទី​មួយ​នៃ​ព្រះ​វិហារ តំណាង​ស្ថានភាព​ដែល​ល្អ​ប្រសើរ​ជាង​ស្ថានភាព​នៃ​ទីលាន។ ក្នុង​ករណី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ គឺ​តំណាង​ការ​កើត​ជា​ថ្មី ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ ដែល​បំរុង​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ស្ថានសួគ៌​វិញ។ បន្ទាប់​ពី​បាន​ចាត់​ថា​សុចរិត ដោយសារ​ជំនឿ​ទៅ​លើ​ការ​បង្ហូរ​លោហិត​របស់​ព្រះ​គ្រីស្ទ ពួក​សិស្ស​ចាក់​ប្រេង​តាំង​ទាំង​នេះ ក៏​បាន​ពិសោធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​សណ្ឋិត​លើ​ពួក​គេ តាម​របៀប​ដ៏​ពិសេស​នេះ​ដែរ។ (រ៉ូម ៨:១៤​-​១៧) តាម​រយៈ «ទឹក[គឺ​ពិធី​ជ្រមុជ​ទឹក​របស់​គេ] ហើយ . . . ព្រះ​វិញ្ញាណ» ពួក​គេ​បាន ‹កើត​ជា​ថ្មី› ទៅ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ។ ដោយ​ហេតុ​នេះ ពួក​គេ​មាន​សង្ឃឹម​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថានសួគ៌ ជា​បុត្រ​វិញ្ញាណ​របស់​ព្រះ ឲ្យ​តែ​គេ​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។—យ៉ូហាន ៣:៥, ៧; វិវរណៈ ២:១០

១៤ ពួក​អ្នក​ថ្វាយ​បង្គំ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ នោះ​មិន​បាន​មើល​ឃើញ​ពួក​សង្ឃ​ដែល​បំរើ​នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ​វិហារ​នៅ​ផែនដី​ទេ។ ដូច​នេះ​ដែរ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ពិសោធ​ស្ថានភាព​ខាង​វិញ្ញាណ ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ជា​ច្រើន​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី​មនោរម្យ មិន​ដែល​ពិសោធ ឬ​យល់​ច្បាស់​លាស់។ ជើង​ចង្កៀង​ពណ៌​ទឹក​មាស​នៃ​រោង​ឧបោសថ តំណាង​ស្ថានភាព​ភ្លឺ​ស្វាង​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ ការ​ប្រតិបត្ដិ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ដូច​ប្រេង​ក្នុង​ចង្កៀង​នោះ​ដែរ បញ្ចេញ​ពន្លឺ​មក​លើ​ព្រះ​គម្ពីរ។ ហើយ ជា​លទ្ធផល​នៃ​ការ​នេះ ចំណេះ​ដែល​ពួក​គ្រីស្ទាន​បាន​ទទួល គេ​មិន​លាក់​ទុក​ក្នុង​ខ្លួន​គេ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​គោរព​តាម​ព្រះ​យេស៊ូ ដែល​ទ្រង់​មាន​បន្ទូល​ថា​៖ «អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍។ . . . ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌»។—ម៉ាថាយ ៥:១៤, ១៦

១៥. តើ​នំប៉័ង​តាំង​ទុក​លើ​តុ​តំណាង​អ្វី?

១៥ ដើម្បី​រក្សា​នៅ​ក្នុង​ស្ថានភាព​ភ្លឺ​ស្វាង​នេះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ត្រូវ​តែ​ទទួល​ទាន​យ៉ាង​ទៀងទាត់​នូវ​អ្វី​ដែល​តំណាង​ដោយ​នំប៉័ង​នៅ​លើ​តុ។ ប្រភព​ទី​មួយ​នៃ​អាហារ​ខាង​វិញ្ញាណ​របស់​គេ គឺ​ជា​ពាក្យ​បន្ទូល​របស់​ព្រះ ដែល​គេ​ត្រូវ​ខំ​អាន​និង​ជញ្ជឹង​គិត​ជា​រៀង​រាល់​ថ្ងៃ។ ព្រះ​យេស៊ូ​ក៏​បាន​សន្យា​នឹង​ផ្ដល់​ឲ្យ «អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល» តាម​រយៈ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ›។ (ម៉ាថាយ ២៤:៤៥) «អ្នក​បំរើ»​នេះ គឺ​ជា​ក្រុម​ទាំង​មូល​នៃ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​ផែនដី នៅ​គ្រប់​ពេល​វេលា។ ព្រះ​គ្រីស្ទ​បាន​ប្រើ​ក្រុម​ចាក់​ប្រេង​តាំង​នេះ ដើម្បី​បោះ​ពុម្ព​ផ្សាយ​ពត៌មាន ដែល​ស្តី​អំពី​ការ​សំរេច​ទំនាយ​គម្ពីរ​នានា ហើយ​ដើម្បី​ណែនាំ​ប្រាប់​អំពី​ការ​អនុវត្ត​គោលការណ៍​ព្រះ​គម្ពីរ ឲ្យ​ត្រឹម​ត្រូវ​ពេល​វេលា ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ដ៏​ទំនើប​នេះ។ ដោយ​ហេតុ​នេះ បាន​ជា​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ទទួល​ទាន​អាហារ​ខាង​វិញ្ញាណ​នេះ ដោយ​ចិត្ត​អបអរ។ ប៉ុន្តែ ការ​ផ្គត់ផ្គង់​ជីវិត​ខាង​វិញ្ញាណ​របស់​គេ មិន​ស្រេច​ទៅ​លើ​តែ​ការ​យក​ចំណេះ​អំពី​ព្រះ ចូល​ក្នុង​គំនិត​និង​ចិត្ត​របស់​គេ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ (យ៉ូហាន ៤:៣៤) ដូច​នេះ​ដែរ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទទួល​ការ​ពេញ​ចិត្ត ដោយ​រៀង​រាល់​ថ្ងៃ ធ្វើ​តាម​បំណង​របស់​ព្រះ​ដែល​សំដែង​មក។

១៦. តើ​ការ​បំរើ​នៅ​ឯ​អាសនា​នៃ​គ្រឿង​ក្រអូប តំណាង​អ្វី?

១៦ នៅ​ពេល​ព្រឹក​និង​ល្ងាច សង្ឃ​ម្នាក់​ថ្វាយ​គ្រឿង​ក្រអូប​ទៅ​ព្រះ នៅ​លើ​អាសនា​នៃ​គ្រឿង​ក្រអូប​ក្នុង​ទី​បរិសុទ្ធ។ នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​អ្នក​ថ្វាយ​បង្គំ​នឹង​អធិស្ឋាន​ទៅ​ព្រះ កាល​កំពុង​ឈរ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ​នៃ​ព្រះ​វិហារ​របស់​ទ្រង់។ (លូកា ១:៨​-​១០) ព្រះ​គម្ពីរ​ពន្យល់​ថា «គ្រឿង​ក្រអូប នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ»។ (វិវរណៈ ៥:៨) ដាវីឌ ជា​អ្នក​តែង​បទ​ទំនុកដំកើង បាន​សរសេរ​ថា​៖ «សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ទូល​បង្គំ​បាន​ផ្សាយ​ឡើង ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់»។ (ទំនុកដំកើង ១៤១:២) ដូច​នេះ​ដែរ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ចាត់​ទុក​ជា​មាន​តម្លៃ​បំផុត នូវ​ឯក​សិទ្ធិ​នៃ​ការ​ចូល​មក​ជិត​ព្រះ​យេហូវ៉ា​ដោយ​ការ​អធិស្ឋាន តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។ ការ​អធិស្ឋាន​ដ៏​ក្លៀវក្លា ដែល​ចេញ​ពី​ចិត្ត គឺ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដ៏​ក្រអូប​ឈ្ងុយ។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ក៏​សរសើរ​ព្រះ​តាម​វិធី​ផ្សេង​ទៀត​ដែរ ដោយ​ប្រើ​បបូរមាត់​របស់​គេ ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ ការ​ស៊ូទ្រាំ​របស់​គេ ពេល​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក ហើយ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ពេល​ល្បង ជា​ការ​ពេញ​ព្រះ​ហឫទ័យ​ព្រះ​ណាស់។—ពេត្រុសទី១ ២:២០, ២១

១៧. នៅ​ថ្ងៃ​ធួន​បាប តើ​អ្វី​តំណាង​នៃ​ការ​ចូល​ទី​បរិសុទ្ធ​បំផុត​មុន​ដំបូង នៃ​សម្ដេច​សង្ឃ?

១៧ នៅ​ថ្ងៃ​ធួន​បាប សម្ដេច​សង្ឃ​អ៊ីស្រាអែល បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​ពាន​ទឹក​មាស ដែល​មាន​រងើក​ភ្លើង​នៅ​ក្នុង​នោះ។ គាត់​ត្រូវ​តែ​ធ្វើ​ការ​នេះ​សិន មុន​នឹង​គាត់​នាំ​យក​ចូល​ឈាម​នៃ​ដង្វាយ​លោះ​បាប។ ក្នុង​ការ​សម្រេច​នៃ​ការ​នេះ ព្រះ​យេស៊ូ​ជា​មនុស្ស​ត្រូវ​តែ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ពេញទី​ចំពោះ​ព្រះ​យេហូវ៉ា មុន​នឹង​ទ្រង់​ថ្វាយ​ព្រះ​ជន្ម​របស់​ទ្រង់ ជា​យញ្ញបូជា​អចិន្ត្រៃយ៍​មួយ​សំរាប់​លោះ​បាប​យើង។ ដូច្នេះ ទ្រង់​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​គ្រប់​ល័ក្ខណ៍ អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះ​ព្រះ​បាន ទោះបី​ជា​មាន​ការ​កៀប​សង្កត់​ពី​សាតាំង​យ៉ាង​ណា​ក៏​ដោយ។ (សុភាសិត ២៧:១១) ពេល​ទ្រង់​ជួប​ការ​ល្បង ទ្រង់​បាន​ឆ្លៀត​យក​ប្រយោជន៍​នៃ​ការ​អធិស្ឋាន «ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក . . . ហើយ​ដោយ​ព្រោះ​ទ្រង់​កោត​ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់»។ (ហេព្រើរ ៥:៧) តាម​របៀប​នេះ ទ្រង់​បាន​លើក​ដំកើង​ព្រះ​យេហូវ៉ា ជា​ព្រះ​មហាក្សត្រ​នៃ​សក​លោក​ដ៏​សុចរិត និង​ត្រឹម​ត្រូវ។ ព្រះ​បាន​ប្រទាន​រង្វាន់​ឲ្យ​ព្រះ​យេស៊ូ ដោយ​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​អមតៈ​នៅ​ស្ថានសួគ៌។ ពី​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់​នេះ ព្រះ​យេស៊ូ​បែរ​ព្រះទ័យ​មក​ឯ​មូលហេតុ​ទីពីរ​នៃ​ការ​យាង​មក​ផែនដី គឺ​ដើម្បី​ផ្សះផ្សា​មនុស្ស​មាន​បាប​ដែល​ប្រែ​ចិត្ត ជា​មួយ​នឹង​ព្រះ។—ហេព្រើរ ៤:១៤​-​១៦

សិរី​ល្អ​លើស​លុប​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ

១៨. តើ​តាម​របៀប​ណា ដែល​ព្រះ​យេហូវ៉ា​បាន​នាំ​សិរី​ល្អ​លើស​លុប មក​ដល់​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់?

១៨ ព្រះ​យេហូវ៉ា​ទ្រង់​ទាយ​ថា «សិរី​ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត»។ (ហាកាយ ២:៩) ដោយ​បាន​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​ស្តេច​អមតៈ​និង​ជា​សម្ដេច​សង្ឃ ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​មាន​សិរី​ល្អ​ដ៏​លើស​លុប មក​ដល់​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់។ ឥឡូវ​នេះ ព្រះ​យេស៊ូ​មាន​សមត្ថភាព​អាច​«សង្គ្រោះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​បង្គាប់​ទ្រង់»។ (ហេព្រើរ ៥:៩) ពួក​ទី​មួយ ដែល​បង្ហាញ​ការ​គោរព​បែប​នេះ គឺ​ជា​ពួក​សិស្ស១២០នាក់ ដែល​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ភិន្ដាកុស ក្នុង​ឆ្នាំ​៣៣ ស.យ.។ សៀវភៅ​វិវរណៈ បាន​ទាយ​ថា កូន​ចៅ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ទាំង​អស់ នឹង​មាន​ចំនួន​ដល់​១៤៤.០០០​នាក់។ (វិវរណៈ ៧:៤) ពេល​គេ​ស្លាប់ ពួក​គេ​ជា​ច្រើន ត្រូវ​តែ​ដេក​លក់​នៅ​ក្នុង​ផ្នូរ រង់ចាំ​គ្រា​ដែល​ព្រះ​យេស៊ូ​ទទួល​អំណាច​ជា​ស្តេច។ កាល​ប្រវត្ដិ​ទំនាយ ដែល​មាន​នៅ​ដានីយ៉ែល ៤:១០​-​១៧, ២០​-​២៧ ចង្អុល​ទៅ​ឆ្នាំ​១៩១៤ ជា​គ្រា​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​សោយ​រាជ្យ ក្នុង​ចំណោម​ពួក​សត្រូវ។ (ទំនុកដំកើង ១១០:២) ជា​ច្រើន​ទសវត្ស​មុន​ឆ្នាំ​១៩១៤ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង បាន​ទន្ទឹង​ចាំ​ឆ្នាំ​នោះ ដោយ​ចិត្ត​ទុក​ដាក់​បំផុត។ សង្គ្រាម​លោក​ទី​មួយ និង​សេចក្ដី​វេទនា​ជា​បន្តបន្ទាប់ ដែល​ធ្លាក់​មក​លើ​មនុស្ស​លោក បង្ហាញ​ជា​ភស្តុតាង​ទៀត​ថា ព្រះ​យេស៊ូ​ពិត​ជា​បាន​ឡើង​សោយ​រាជ្យ​ក្នុង​ឆ្នាំ​១៩១៤។ (ម៉ាថាយ ២៤:៣, ៧, ៨) មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គ្រា​ដែល «សេចក្ដី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្ដើម ពី​ដំណាក់​នៃ​ព្រះ» នោះ​បាន​មក​ដល់​ហើយ ហើយ​ព្រះ​យេស៊ូ​បាន​បំពេញ​ពាក្យ​សន្យា​របស់​ទ្រង់ ទៅ​ពួក​សិស្ស​ចាក់​ប្រេង​តាំង​ដែល​បាន​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់ ថា​៖ «ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ»។—ពេត្រុសទី១ ៤:១៧; យ៉ូហាន ១៤:៣

១៩. តើ​តាម​របៀប​ណា​ដែល​ពួក​អ្នក​សំណល់​នៃ​១៤៤.០០០​នាក់ អាច​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​នៅ​ស្ថានសួគ៌​បាន?

១៩ ពួក​សង្ឃ​បរិសុទ្ធ​១៤៤.០០០​នាក់ មិន​ទាន់​បាន​បោះត្រា​ឲ្យ​ទៅ​លំនៅ​ស្ថានសួគ៌​ទាំង​អស់​ទេ។ នៅ​មាន​អ្នក​ខ្លះ រស់​នៅ​លើ​ផែនដី​នៅ​ឡើយ នៅ​ក្នុង​ស្ថានភាព​ខាង​វិញ្ញាណ ដែល​តំណាង​ដោយ​ទី​បរិសុទ្ធ ដែល​ញែក​ចេញ​ពី​ទី​បរិសុទ្ធ​បំផុត​របស់​ព្រះ ដោយ​«វាំងនន» ឬ រនាំង​នៃ​រូប​កាយ​សាច់​ឈាម​របស់​គេ។ ពេល​ដែល​បុគ្គល​ទាំង​នេះ​ស្លាប់​ដោយ​ស្មោះ​ត្រង់ ព្រះ​នឹង​ប្រោស​ពួក​គេ មួយ​ព្រិច​ឲ្យ​រស់​ឡើង​វិញ ជា​បុគ្គល​វិញ្ញាណ​អមតៈ ដើម្បី​ឲ្យ​ចូល​រួម​ជា​មួយ​ពួក​១៤៤.០០០​នាក់​ដែល​នៅ​ស្ថានសួគ៌​រួច​ហើយ។—កូរិនថូសទី១ ១៥:៥១​-​៥៣

២០. នៅ​គ្រា​នេះ តើ​ពួក​អ្នក​សំណល់​នៃ​ពួក​សង្ឃ​បរិសុទ្ធ កំពុង​តែ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​អ្វី ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

២០ ដោយ​មាន​សង្ឃ​ជា​ច្រើន​បំរើ​ជា​មួយ​សម្ដេច​សង្ឃ​ដ៏​ធំ​នៅ​ស្ថានសួគ៌ ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ ទទួល​សិរី​ល្អ​រឹតតែ​ច្រើន​ឡើង។ នៅ​ពេល​ដំណាល​គ្នា​នេះ ពួក​អ្នក​សំណល់​នៃ​ពួក​សង្ឃ​បរិសុទ្ធ កំពុង​តែ​ធ្វើ​កិច្ចការ​ដ៏​មាន​តម្លៃ​នៅ​លើ​ផែនដី។ តាម​រយៈ​ការ​ផ្សាយ​នៃ​ពួក​នេះ ព្រះ‹កំពុង​តែ​អង្រួន​អស់​ទាំង​សាសន៍› ដោយ​ការ​សំដែង​សេចក្ដី​ជំនុំជំរះ​របស់​ទ្រង់ ដូច​បាន​ទាយ​មក​នៅ​ហាកាយ ២:៧។ ហើយ​ក្នុង​ពេល​ដំណាល​គ្នា​នេះ អ្នក​ថ្វាយ​បង្គំ​រាប់​លាន​នាក់ ដែល​រៀប​រាប់​មក​ជា​របស់ «គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍» កំពុង​តែ​ប្រមូល​គ្នា​មក​ទាំង​ហ្វូងៗ មក​ចូល​ក្នុង​ទីលាន​ផែនដី​នៃ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា​ដែល​មនុស្ស​ទាំង​អស់​នេះ មាន​សមត្ថភាព​សម​នឹង​ការ​រៀប​ចំ​របស់​ព្រះ​សំរាប់​ការ​ថ្វាយ​បង្គំ ហើយ​តើ​យើង​អាច​រង់ចាំ​មើល​ព្រះ​វិហារ​ខាង​វិញ្ញាណ​ធំ មាន​សិរី​ល្អ យ៉ាង​ណា​នៅ​អនាគត? សំនួរ​ទាំង​នេះ​នឹង​ពិគ្រោះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

សំនួរ​សំរាប់​ពិនិត្យ​ឡើង​វិញ

◻ តើ​ព្រះ​យេស៊ូ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​យ៉ាង​ណា នៅ​ក្នុង​ឆ្នាំ​២៩ ស.យ.?

◻ តើ​ការ​រៀប​ចំ​អ្វី បាន​ចាប់​ប្រតិបត្ដិ​ក្នុង​ឆ្នាំ​២៩ ស.យ.?

◻ តើ​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត​តំណាង​អ្វី?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ធំ បាន​ទទួល​សិរី​ល្អ​ដ៏​រុងរឿង?

[រូបភាព​នៅ​ទំព័រ​១៥]

នៅ​ពេល​ដែល​ព្រះ​យេស៊ូ ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ឆ្នាំ​២៩ ស.យ. ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​ប្រតិបត្ដិ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក