ការសម្រាលទុក្ខចំពោះពួកអ្នកដែលគេជិះជាន់
តើអ្នកមានដែលសង្កេតឃើញថាក្នុងមួយជីវិតរបស់អ្នក ពាក្យខ្លះត្រូវបានគេលើកមកនិយាយម្ដងហើយម្ដងទៀតក្នុងសារពត៌មានទេ? តើអ្នកធុញទ្រាន់អានពាក្យដូចជា សង្គ្រាម ឧក្រិដ្ឋកម្ម សេចក្ដីហិនវិនាស ការអត់ឃ្លាន និងការរងទុក្ខវេទនាទេ? ប៉ុន្តែមានពាក្យមួយដែលសារពត៌មានមិនដែលលើកមកនិយាយសោះ តែនេះជាពាក្យដែលតំណាងអ្វីមួយដែលមនុស្សលោកត្រូវការយ៉ាងខ្លាំង។ ពាក្យនេះគឺ«ការសម្រាលទុក្ខ»។
«សម្រាលទុក្ខ» មានន័យថា «ឲ្យកម្លាំងនិងឲ្យសេចក្ដីសង្ឃឹម» ហើយ«ឲ្យបានធូរស្រាលដល់ការទុក្ខសោកនិងបញ្ហា» នៃបុគ្គលណាម្នាក់។ សេចក្ដីសង្ឃឹមនិងការធ្វើឲ្យធូរស្រាលដល់ការទុក្ខសោកគឺត្រូវការជាចាំបាច់ ពីព្រោះមានការវឹកវរជាច្រើនដែលពិភពលោកកំពុងតែឆ្លងកាត់ក្នុងសតវត្សទី២០នេះ។ ពិតហើយ ពួកយើងខ្លះនៅសព្វថ្ងៃនេះ បានស្រណុក ជាងជីដូនជីតារបស់យើងទៅទៀត។ នេះគឺពីព្រោះមានការជឿនលឿនជាច្រើនខាងវិទ្យាសាស្ត្រ។ ប៉ុន្តែវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាមិនបានសម្រាលទុក្ខយើង ដោយដកយកចេញនូវកត្ដាទាំងអស់នៃការទុក្ខសោកពីមនុស្សឡើយ។ តើអ្វីជាកត្ដាទាំងនេះ?
ជាច្រើនសតវត្សកន្លងទៅនេះ សាឡូម៉ូនជាបុរសដ៏ប្រាជ្ញាម្នាក់ បាននិយាយអំពីគោលកត្ដាមួយនៃការឈឺចាប់ នៅពេលដែលគាត់និយាយថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាមិនបានកែប្រែការទោរទន់របស់មនុស្ស ពីការចង់ជិះជាន់លើគ្នានោះទេ។ ក្នុងសតវត្សទី២០នេះ រឿងនេះបានបណ្ដាលឲ្យមានការប្រើអំណាចផ្ដាច់ការដ៏ជិះជាន់នៅក្នុងប្រទេសជាច្រើន ហើយធ្វើឲ្យមានសង្គ្រាមដ៏អាក្រក់ក្រៃលែងរវាងប្រទេសនិមួយៗ។
តាំងពីឆ្នាំ១៩១៤មក មានមនុស្សមួយរយកោដិនាក់ត្រូវបានស្លាប់ដោយសារសង្គ្រាម។ សូមគិតនូវការសោកទុក្ខរបស់មនុស្ស ដែលចំនួននេះតំណាង—គឺមានមនុស្សកាន់ទុក្ខរាប់លានគ្រួសារដែលត្រូវការការសម្រាលទុក្ខ។ ហើយក្រៅពីសេចក្ដីស្លាប់ដ៏ឃោរឃៅ សង្គ្រាមក៏នាំឲ្យមានការរងទុក្ខផ្សេងៗទៀតដែរ។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ គឺមានពួកជនភៀសខ្លួនជាង១២លាននាក់ក្នុងទ្វីបអឺរ៉ុប។ ក្នុងឆ្នាំថ្មីៗ មានមនុស្សជាងកន្លះលាននាក់បានរត់គេចពីសង្គ្រាមក្នុងប្រទេសអាស៊ីភាគអាគ្នេយ៍។ ការច្បាំងគ្នាក្នុងអតីតយូកូស្លាវាបានជំរុញមនុស្សជាងពីរលាននាក់ឲ្យភៀសខ្លួនពីលំនៅរបស់គេ—ក្នុងករណីភាគច្រើន គឺដើម្បីរត់គេចពី«ការបោសសំអាតអាណិកជន»។
ពួកជនភៀសខ្លួនប្រាកដជាត្រូវការការសម្រាលទុក្ខណាស់ ជាពិសេសចំពោះអស់អ្នកដែលគេបង្ខំឲ្យចាកចេញលំនៅរបស់ខ្លួន ដោយគ្មានទ្រព្យសម្បត្ដិអ្វីសោះ លើកលែងតែអ្វីដែលមាននៅនឹងដៃ ដោយមិនដឹងទៅទីកន្លែងណា ឬមានអនាគតយ៉ាងណាចំពោះគេនឹងគ្រួសាររបស់គេ។ មនុស្សបែបនេះគឺនៅក្នុងចំណោមមនុស្សរងគ្រោះការជិះជាន់ដ៏គួរឲ្យអាណិតអាសូរ ដែលត្រូវការការសម្រាលទុក្ខ។
នៅទីកន្លែងសុខសាន្តវិញ មនុស្សរាប់លាន់នាក់រស់នៅក្រោមទាសភាពនៃរបបសេដ្ឋកិច្ចរបស់លោកីយ៍នេះ។ ពិតមែន មនុស្សខ្លះមានទ្រព្យសម្បត្ដិជាច្រើន។ ប៉ុន្តែ មនុស្សភាគច្រើនប្រឈមមុខបញ្ហាចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់គេ។ មានមនុស្សជាច្រើនស្វែងរកផ្ទះសម្បែងរស់នៅ។ មនុស្សកាន់តែច្រើនឡើងដែលជាអ្នកដែលគ្មានការធ្វើ។ កាសែតអាហ្វ្រិកទាយថា «ពិភពលោកកំពុងតែសំដៅទៅឯវិបត្ដិកិច្ចការដែលមិនមានពីមុនមក ដែលមានមនុស្សជា១,៣ពាន់កោដិនាក់រកការធ្វើមកដល់ឆ្នាំ២០២០»។ ប្រាកដហើយ ពួកអ្នកដែលត្រូវបានសង្កត់សង្កិនដោយសេដ្ឋកិច្ច ត្រូវការ«កម្លាំងនិងសេចក្ដីសង្ឃឹម»—ការសម្រាលទុក្ខ។
ក្នុងការប្រព្រឹត្តតបនឹងកាលៈទេសៈដ៏អស់សង្ឃឹមនេះ មនុស្សខ្លះបែរទៅធ្វើជាជនឧក្រិដ្ឋ។ មែនហើយ នេះគ្រាន់តែធ្វើឲ្យមានភាពពិបាកកាន់តែខ្លាំងឡើងដល់អ្នករងទុក្ខ ហើយចំនួនបទឧក្រិដ្ឋជាច្រើនដាក់ទម្ងន់ទៅលើការជិះជាន់នេះទៀត។ សារពត៌មាននៅថ្មីៗនេះ កាសែតដារា ក្នុងក្រុងចូហានាស្បឺក អាហ្វ្រិកខាងត្បូង ចែងថា៖ «ជីវភាពប្រចាំថ្ងៃនៃ‹ប្រទេសដែលមានមនុស្សស្លាប់ជាងគេក្នុងពិភពលោក›»។ អត្ថបទនេះបានរៀបរាប់អំពីជីវភាពប្រចាំថ្ងៃក្នុងក្រុងចូហានាស្បឺក។ នៅថ្ងៃមួយនោះ មានមនុស្សបួននាក់ត្រូវបានគេសម្លាប់ ហើយប្រាំបីនាក់ត្រូវបានគេប្លន់យកម៉ូតូ។ ក្នុងតំបន់មួយ ត្រូវបានគេរាយការណ៍ថា មានចោរលបចូលលួចដប់ប្រាំពីរដង។ ថែមទៀតនោះ ក៏មានចោរប្លន់មួយចំនួនច្រើនដែរ។ យោងទៅតាមកាសែត ប៉ូលិសបានរៀបរាប់ហេតុការណ៍នេះជាថ្ងៃ«ដែលមានឧក្រិដ្ឋកម្មតិចតួច»។ ជាការគួរឲ្យយោគយល់ណាស់ ពួកបងប្អូននៃបុគ្គលដែលស្លាប់និងពួកអ្នកដែលត្រូវបានចោរលួចក្នុងផ្ទះ ហើយបានចោរប្លន់យកឡាន គឺមានចិត្តសង្កត់សង្កិនយ៉ាងខ្លាំង។ ពួកគេត្រូវការការធានារ៉ាប់រងនិងសេចក្ដីសង្ឃឹម—ការសម្រាលទុក្ខ។
ក្នុងប្រទេសខ្លះ គឺមានឪពុកម្ដាយដែលលក់កូនរបស់ខ្លួនឲ្យធ្វើជាពេស្យាចារ។ ក្នុងប្រទេសអាស៊ីមួយ ដែលមានពួកទេសចរ«ធ្វើដំណើររកការមេថុន» ត្រូវបានឲ្យដឹងថា មានស្រីពេស្យាពីរលាននាក់ ដែលកូនក្មេងទាំងនេះត្រូវបានគេទិញឬត្រូវបានគេចាប់។ តើមានបុគ្គលណាដែលត្រូវបានគេជិះជាន់ជាងពួករងទុក្ខដ៏អាណិតអាសូរនេះទេ? ក្នុងការពិគ្រោះពាណិជ្ជកម្មដ៏អាក្រក់អាគ្រៃនេះ ទស្សនាវដ្ដី ថែម្ស បានរាយការណ៍ពីមហាសន្និបាតឆ្នាំ១៩៩១ នៃអង្គការរបស់ស្ត្រីនៅអាស៊ីភាគអាគ្នេយ៍។ នៅទីនោះ ត្រូវបានគេស្មានថា«មានស្ត្រី៣០លាននាក់ត្រូវបានគេលក់ពាសពេញពិភពលោក តាំងពីពាក់កណ្ដាលទសវត្សនៃឆ្នាំ១៩៧០»។
ប្រាកដហើយ កូនក្មេងក៏រងគ្រោះតាមរបៀបផ្សេងៗដែរ មិនគ្រាន់តែលក់ឲ្យទៅធ្វើជាស្ត្រីពេស្យានោះទេ។ កូនក្មេងកាន់តែច្រើនឡើងត្រូវបានចាប់រំលោភក្នុងផ្ទះរបស់ខ្លួនដោយឪពុកម្ដាយនិងញាតិសន្ដានផង។ កូនក្មេងបែបនេះអាចមានស្លាកស្នាមចិត្តជាយូរយារ។ ប្រាកដហើយ ដោយរងគ្រោះនៃការជិះជាន់ដ៏ខ្លោចផ្សារ ពួកគេត្រូវការការសម្រាលទុក្ខណាស់។
អ្នកសង្កេតការណ៍នៅសម័យបុរាណនៃការជិះជាន់
ស្តេចសាឡូម៉ូនបានស្រងាកចិត្តយ៉ាងខ្លាំងចំពោះទំហំនៃការជិះជាន់របស់មនុស្ស។ ទ្រង់បានសរសេរថា៖ «នោះយើងបានវិលមកពិចារណាមើលអស់ទាំងការសង្កត់សង្កិន ដែលកើតមកនៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណានឹងជួយដោះទុក្ខឡើយ គេត្រូវរឹបជាន់ដោយពួកអ្នកមានអំណាច ឥតអ្នកណានឹងជួយដោះទុក្ខទេ»។—សាស្ដា ៤:១
បើសិនជាស្តេចដ៏ប្រាជ្ញានេះបានដឹង៣០០០ពាន់ឆ្នាំកន្លងទៅនេះ ថាពួកអ្នកដែលគេជិះជាន់ត្រូវការអ្នកសម្រាលទុក្ខម្នាក់ តើទ្រង់នឹងមានបន្ទូលយ៉ាងណាទៅចំពោះសព្វថ្ងៃនេះ? យ៉ាងណាក៏ដោយ ស្តេចសាឡូម៉ូនបានជ្រាបដឹងថាគ្មានមនុស្សបាបណា រួមទាំងអង្គទ្រង់ផ្ទាល់អាចផ្ដល់ការសម្រាលទុក្ខឲ្យមនុស្សលោកបានឡើយ។ គឺត្រូវការបុគ្គលដ៏ឧត្តម ដើម្បីនឹងបំបាត់អំណាចនៃពួកអ្នកជិះជាន់ទាំងនេះ។ តើមានបុគ្គលបែបនេះទេ?
ក្នុងព្រះគម្ពីរទំនុកដំកើង ៧២ បានចែងអំពីបុគ្គលសម្រាលទុក្ខដ៏ឧត្តមម្នាក់សំរាប់មនុស្សលោកទាំងអស់។ ទំនុកដំកើងនេះត្រូវបានសរសេរឡើងដោយបិតារបស់ស្តេចសាឡូម៉ូន នាមដាវីឌ។ ការសរសេរនេះចែងថា៖ «ចំពោះសាឡូម៉ូន»។ យ៉ាងជាក់ស្តែងណាស់ នេះត្រូវបានសរសេរឡើងដោយស្តេចដាវីឌដែលមានព្រះជន្មាយុចាស់ ចំពោះបុគ្គលដែលនឹងទទួលបល្ល័ង្ករបស់ទ្រង់ជាមរតក។ បុគ្គលម្នាក់នេះ យោងទៅតាមទំនុកដំកើង នឹងផ្ដល់ឲ្យមានការធូរស្បើយអចិន្ត្រៃយ៍ពីការសង្កត់សង្កិន។ «នៅក្នុងគ្រាព្រះរាជបុត្រា នោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។ ទ្រង់នឹងមានអំណាច ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី»។—ទំនុកដំកើង ៧២:៧, ៨
នៅពេលដែលដាវីឌបានសរសេរពាក្យទាំងនេះ ទ្រង់ប្រហែលជាបានគិតអំពីបុត្រារបស់ទ្រង់ សាឡូម៉ូន។ ប៉ុន្តែ សាឡូម៉ូនបានជ្រាបដឹងថា នេះគឺហួសកម្លាំងរបស់ខ្លួនដើម្បីបំរើមនុស្សលោកក្នុងរបៀបដែលបានរៀបរាប់មកក្នុងទំនុកដំកើង។ គាត់អាចសម្រេចតាមពាក្យទំនុកដំកើងបានតែបន្ដិចបន្តួចប៉ុណ្ណោះ សំរាប់សាសន៍អ៊ីស្រាអែល មិនមែនសំរាប់មនុស្សលើផែនដីទាំងមូលនោះទេ។ យ៉ាងជាក់ស្តែងណាស់ ទំនុកដំកើងដែលព្រះបានបណ្ដាលឲ្យតែងនេះ គឺសំដៅទៅបុគ្គលណាម្នាក់ដែលឧត្តមជាងសាឡូម៉ូន។ តើបុគ្គលនោះជាអ្នកណា? នេះគឺច្បាស់ជាព្រះយេស៊ូគ្រីស្ទហើយ។
នៅពេលដែលទេវតាម្នាក់បានប្រកាសអំពីកំណើតរបស់ព្រះយេស៊ូ លោកបានមានប្រសាសន៍ថា៖ «[ព្រះយេហូវ៉ា]ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ»។ (លូកា ១:៣២) ម្យ៉ាងវិញទៀត ព្រះយេស៊ូបានសំដៅទៅអង្គទ្រង់ជា«១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូន»។ (លូកា ១១:៣១) តាំងពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូមក ហើយបាននៅខាងស្ដាំព្រះហស្តរបស់ព្រះ ទ្រង់បានគង់នៅស្ថានសួគ៌ នៅកន្លែងត្រឹមត្រូវដែលទ្រង់អាចបំពេញពាក្យនៅទំនុកដំកើង ៧២។ ថែមទៀតនោះ ទ្រង់បានទទួលអំណាចពីព្រះ ដើម្បីនឹងបំបាត់ពួកជិះជាន់មនុស្សលោក។ (ទំនុកដំកើង ២:៧-៩; ដានីយ៉ែល ២:៤៤) ដូច្នេះ ព្រះយេស៊ូជាបុគ្គលដែលនឹងសម្រេចតាមពាក្យនៃទំនុកដំកើង ៧២។
មិនយូរប៉ុន្មានទៀតការជិះជាន់នឹងបានចប់
តើនេះមានន័យយ៉ាងណា? នេះមានន័យថានឹងបានរួចការជិះជាន់របស់មនុស្សគ្រប់បែបយ៉ាងទាំងអស់។ ការរងទុក្ខវេទនានិងការជិះជាន់ដែលមានក្នុងសតវត្សទី២០នេះ ដែលមិនដែលមានពីមុនមក ត្រូវបានព្រះយេស៊ូទាយថាជាផ្នែកនៃសញ្ញាដែលនឹងសម្គាល់‹គ្រាចុងបញ្ចប់នៃរបបលោកីយ៍›។ (ម៉ាថាយ ២៤:៣) ក្នុងចំណោមអ្វីផ្សេងៗទៀត ទ្រង់បានទាយថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) ផ្នែកផ្សេងៗនៃទំនាយបានចាប់ផ្ដើមកើតឡើង ក្នុងគ្រាដែលសង្គ្រាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ១៩១៤។ ព្រះយេស៊ូបានមានបន្ទូលទៀតថា៖ «រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ»។ (ម៉ាថាយ ២៤:១២) ការគ្មានច្បាប់ទម្លាប់និងការគ្មានសេចក្ដីស្រឡាញ់បង្កើតឲ្យមានមនុស្សតំណដ៏អាក្រក់និងដ៏ជិះជាន់។ ដូច្នេះ គ្រាគឺកាន់តែជិតមកដល់ហើយសំរាប់ព្រះយេស៊ូគ្រីស្ទឲ្យធ្វើអន្តរាគមន៍ជាស្តេចថ្មីនៃផែនដី។ (ម៉ាថាយ ២៤:៣២-៣៤) តើនេះនឹងមានន័យយ៉ាងណាទៅ ចំពោះមនុស្សដែលត្រូវបានគេជិះជាន់ ដែលមានជំនឿក្នុងព្រះយេស៊ូគ្រីស្ទ ហើយសង្ឃឹមលើទ្រង់ជាអ្នកសម្រាលទុក្ខដែលព្រះបានរើសតាំងនោះ?
ចំពោះចម្លើយដល់នឹងសំនួរនេះ សូមឲ្យយើងអានពាក្យថែមទៀតនៃទំនុកដំកើង ៧២ ដែលបានសម្រេចលើព្រះយេស៊ូគ្រីស្ទ៖ «ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។ (ទំនុកដំកើង ៧២:១២-១៤) ដូច្នេះ ស្តេចដែលព្រះតាំងឡើងនេះ គឺព្រះយេស៊ូគ្រីស្ទ នឹងធានារ៉ាប់រងថាគ្មានបុគ្គលណាម្នាក់ដែលនឹងរងទុក្ខដោយសារការជិះជាន់ទៀតឡើយ។ ទ្រង់មានអំណាចដើម្បីនឹងបំបាត់ចោលសេចក្ដីអយុត្ដិធម៌គ្រប់យ៉ាង។
បុគ្គលណាម្នាក់អាចនិយាយថា៖ ‹នេះដូចជាពីរោះស្ដាប់ណាស់ ប៉ុន្តែចុះយ៉ាងណាដែរអំពីឥឡូវនេះ? តើមានការសម្រាលទុក្ខអ្វីចំពោះអស់អ្នកដែលរងទុក្ខឥឡូវនេះ›? តាមការពិត គឺមានការសម្រាលទុក្ខសំរាប់ពួកដែលត្រូវបានគេជិះជាន់។ អត្ថបទពីរជាបន្ទាប់ក្នុងទស្សនាវដ្ដីនេះ នឹងបង្ហាញនូវរបៀបដែលមនុស្សរាប់លាននាក់កំពុងបានការសម្រាលទុក្ខ តាមរយៈការបង្កើតសេចក្ដីទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយព្រះដ៏ពិត ព្រះយេហូវ៉ា ហើយជាមួយបុត្រាជាទីស្រឡាញ់របស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។ សេចក្ដីទំនាក់ទំនងបែបនេះអាចសម្រាលទុក្ខយើង ក្នុងកាលមានការជិះជាន់ ហើយអាចនាំមនុស្សម្នាក់ទៅឯជីវិតអស់កល្បជានិច្ច ដែលរួចផុតពីការជិះជាន់។ ព្រះយេស៊ូបានមានបន្ទូលក្នុងសេចក្ដីអធិស្ឋានទៅព្រះថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។—យ៉ូហាន ១៧:៣
[រូបភាពនៅទំព័រ៤, ៥]
ក្នុងពិភពលោកថ្មីរបស់ព្រះ គ្មានមនុស្សណាម្នាក់នឹងជិះជាន់គ្នាឡើយ