មានបុគ្គលមួយអង្គដែលពិតជាយកចិត្តទុកដាក់
មនុស្សរាប់ពាន់នាក់បង្ហាញថាគេពិតជាយកចិត្តទុកដាក់។ ពួកគេមិនប្រកាន់ទស្សនៈដ៏កំណាញ់ និងដែលឥតមានមេត្ដា ដែលថាបញ្ហារបស់អ្នកដទៃ គឺមិនជាការខ្វល់ខ្វាយរបស់គេនោះឡើយ។ ផ្ទុយទៅវិញ ពួកគេខំប្រឹងធ្វើអស់ពីសមត្ថភាព ជួនកាលព្រមទាំងប្រថុយជីវិតរបស់គេ ដើម្បីនឹងសម្រាលនូវទុក្ខវេទនា។ នេះគឺជាកិច្ចការដ៏ធំសម្បើមមែន ជាកិច្ចការដែលបានធ្វើឲ្យស្មុគស្មាញដោយកម្លាំងដ៏ខ្លាំងក្លា ដែលគេពុំអាចទប់បាន។
អ្នកធ្វើការជំនួយម្នាក់មានប្រសាសន៍ថា កត្ដាដូចជាការលោភ ឧបាយកលខាងនយោបាយ សង្គ្រាម និងមហន្តរាយខាងធម្មជាតិ ក៏អាចធ្វើឲ្យអន្ទះអន្ទែង«ដល់ការខំប្រឹងដែលបានឈ្វេងយល់ហើយក៏ប្ដេជ្ញា ដើម្បីបំបាត់ចោលការអត់ឃ្លាននោះដែរ»។ ការបំបាត់ចោលការអត់ឃ្លានគឺគ្រាន់តែជាបញ្ហាមួយនៃបញ្ហាជាច្រើន ដែលមនុស្សយកចិត្តទុកដាក់ប្រឈមមុខនោះ។ ពួកគេក៏ទប់ស្កាត់បញ្ហាដូចជា ជម្ងឺ ភាពក្រីក្រ ភាពអយុត្ដិធម៌ និងការរងទុក្ខវេទនាដ៏ខ្លាំង ដែលបានបណ្ដាលមកពីសង្គ្រាម។ ក៏ប៉ុន្តែ តើពួកគេមានជោគជ័យឬទេ?
មេកាន់កាប់ខាងភ្នាក់ងារជំនួយមួយបានមានប្រសាសន៍ថា អស់អ្នកដែលធ្វើ«ការខំប្រឹងដែលបានឈ្វេងយល់ហើយក៏ប្ដេជ្ញា»ដើម្បីធ្វើឲ្យធូរស្រាលនូវការអត់ឃ្លាននិងជម្ងឺ គឺដូចជាបុរសសាសន៍សាម៉ារីដ៏មានចិត្តមេត្ដា ដែលបានរៀបរាប់នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូគ្រីស្ទ។ (លូកា ១០:២៩-៣៧) លោកមានប្រសាសន៍ថា អ្វីៗក៏ដោយដែលគេធ្វើ នោះចំនួននៃពួករងគ្រោះគឺនៅតែចំរើនឡើង។ ដូច្នេះលោកបានសួរថា៖ «តើគួរឲ្យបុរសសាសន៍សាម៉ារីដ៏ល្អធ្វើអ្វី ប្រសិនបើគាត់ធ្វើដំណើរតាមផ្លូវនោះរៀងរាល់ថ្ងៃអស់បីបួនឆ្នាំ ហើយឃើញជនរងគ្រោះដោយចោរប្លន់រៀងរាល់សប្ដាហ៍នៅតាមផ្លូវនោះ»?
គឺជាការស្រួលនឹងបង្អោនទៅតាមអ្វីដែលបានត្រូវរៀបរាប់ជា‹ជម្ងឺដែលអាចបណ្ដាលឲ្យស្លាប់ ដោយការនឿយហត់ជាអ្នកថែទាំគេ› ហើយក៏ចុះចាញ់ទាំងអន្ទះអន្ទែងចិត្ត។ ជាកិត្ដិយសដល់អស់ពួកអ្នកដែលពិតជាយកចិត្តទុកដាក់ដោយឥតចុះចាញ់ឡើយ។ (កាឡាទី ៦:៩, ១០) ជាឧទាហរណ៍ បុរសម្នាក់ដែលបានសរសេរទៅកាសែត ថេលេហ្ក្រាវ ជូហ្វិស នៅប្រទេសអង់គ្លេស បានសរសេរអំពីស្មរបន្ទាល់ព្រះយេហូវ៉ា ដែលនៅកំឡុងរបបណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់ «បានជួយពួកសាសន៍យូដារាប់ពាន់នាក់ឲ្យរួចរស់ជីវិតពីសេចក្ដីវេទនានៅក្នុងទីឃុំឃាំងអោឆ្វិត»។ អ្នកសរសេរនេះបាននិយាយថា៖ «នៅពេលដែលកម្ររកអាហារបាន នោះពួកគេចែកនំប៉័ងរបស់គេជាមួយបងប្អូនប្រុសស្រី[ជនជាតិយូដា]របស់យើង»! ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅតែបានខំប្រឹងធ្វើល្អ តាមសមត្ថភាពដែលគេអាចធ្វើទៅបាន។
ក៏ប៉ុន្តែ ហេតុការណ៍ពិតគឺថា ទោះជាចែកនំប៉័ងប៉ុន្មានក៏នឹងមិននាំឲ្យមានទីបញ្ចប់ដល់សេចក្ដីវេទនារបស់មនុស្សឡើយ។ នេះមិនមានបំណងបញ្ចុះតម្លៃ នូវអ្វីដែលមនុស្សមានចិត្តមេត្ដាបានសម្រេចនោះឡើយ។ សកម្មភាពណាក៏ដោយដែលប្រហែលជាបន្ថយនូវសេចក្ដីរងទុក្ខវេទនា គឺមានប្រយោជន៍។ ពួកស្មរបន្ទាល់ទាំងនោះបានបន្ថយនូវការឈឺចាប់ខ្លះរបស់ពួកអ្នកជាប់គុកគ្នីគ្នា ហើយនៅទីបំផុត របបណាត្ស៊ីក៏បានត្រូវហិនហោចទៅ។ ក៏ប៉ុន្តែប្រព័ន្ធពិភពលោកដែលបណ្ដាលឲ្យមានការជិះជាន់នៅមានដដែល ហើយមនុស្សដែលមិនយកចិត្តទុកដាក់ក៏នៅតែមានច្រើនទៀត។ ប្រាកដហើយ «មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្ដាលចំណោមមនុស្សលោកផង»។ (សុភាសិត ៣០:១៤) អ្នកប្រហែលជាឆ្ងល់ពីមូលហេតុអ្វីដែលមានអ៊ីចឹង។
ហេតុអ្វីក៏មានភាពក្រីក្រនិងការជិះជាន់?
នៅពេលមួយ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា៖ «អ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន»។ (ម៉ាកុស ១៤:៧) តើព្រះយេស៊ូចង់មានសេចក្ដីថា ភាពក្រីក្រនិងការជិះជាន់នឹងមិនមានទីបញ្ចប់ទេឬ? ដូចមនុស្សខ្លះ តើទ្រង់បានជឿថា សេចក្ដីរងទុក្ខវេទនាបែបនេះជាផ្នែកនៃគម្រោងការណ៍របស់ព្រះ ដើម្បីឲ្យមនុស្សដែលមានចិត្តមេត្ដាផ្ដល់នូវឱកាស ក្នុងការបង្ហាញថាគេយកចិត្តទុកដាក់ដល់ប៉ុនណានោះឬ? គឺអត់ទេ! ព្រះយេស៊ូមិនបានជឿអ៊ីចឹងនោះទេ។ ទ្រង់គ្រាន់តែចង់បញ្ជាក់ថាភាពក្រីក្រនឹងជាផ្នែកនៃជីវិត ឲ្យតែមានរបបលោកីយ៍នេះ។ ក៏ប៉ុន្តែ ព្រះយេស៊ូក៏បានជ្រាបអំពីរឿងនេះដែរគឺ: មិនមែនជាគោលបំណងដើមរបស់ព្រះវរបិតានៅស្ថានសួគ៌ ឲ្យមានស្ថានភាពបែបនេះនៅលើផែនដីឡើយ។
ព្រះយេហូវ៉ាបានបង្កើតផែនដីឲ្យបានទៅជាសួនមនោរម្យមួយ មិនមែនជាកន្លែងដែលមានភាពក្រីក្រ ភាពអយុត្ដិធម៌ និងការជិះជាន់នោះទេ។ ទ្រង់បានបង្ហាញនូវការយកព្រះទ័យទុកដាក់នឹងមនុស្ស ដោយធ្វើឲ្យមានសំវិធានការដ៏អស្ចារ្យ ដែលនឹងបន្ថែមនូវការសប្បាយនឹងជីវិត។ សូមពិចារណាមើលនូវឈ្មោះសួន ដែលឪពុកម្ដាយដំបូង អ័ដាមនិងអេវ៉ាបានមានជាលំនៅនោះ! សួននេះគឺមានឈ្មោះអេដែន មានន័យថា«ទីពេញចិត្ត»។ (លោកុប្បត្តិ ២:៨, ៩) ព្រះយេហូវ៉ាមិនបានដាក់កំរិតមនុស្សឲ្យមានរបស់យ៉ាងស្តួចស្តើង សំរាប់ការគង់វង្សនៅក្នុងបរិយាកាសដែលគ្មានខ្លឹមសារ ហើយដ៏ជិះជាន់នោះទេ។ នៅឯទីបញ្ចប់នៃកិច្ចការបង្កើតរបស់ទ្រង់ នោះព្រះយេហូវ៉ាបានពិនិត្យមើលនូវអ្វីដែលទ្រង់បានបង្កើត ហើយបានប្រកាសថា«ជាការល្អប្រពៃ»។—លោកុប្បត្តិ ១:៣១
បើអ៊ីចឹង ហេតុអ្វីក៏ភាពក្រីក្រ ការជិះជាន់ និងហេតុឯទៀតដែលនាំឲ្យមានសេចក្ដីទុក្ខវេទនា មានពាសពេញលើផែនដីសព្វថ្ងៃនេះ? យើងមានរបបលោកីយ៍ដ៏អាក្រក់នៅបច្ចុប្បន្ននេះ ដោយព្រោះឪពុកម្ដាយដំបូងរបស់យើងបានសម្រេចចិត្តបះបោរប្រឆាំងនឹងព្រះ។ (លោកុប្បត្តិ ៣:១-៥) នេះបានចោទសំនួរមួយថា តើជាការត្រឹមត្រូវទេដែលព្រះបានទាមទារសេចក្ដីស្ដាប់បង្គាប់ពីសត្តនិកររបស់ទ្រង់នោះ? ដូច្នេះព្រះយេហូវ៉ាបានអនុញ្ញាតឲ្យកូនចៅរបស់អ័ដាម នូវរយៈពេលមួយកំរិតនៃការឥតពឹងពាក់លើព្រះ។ ព្រះទ្រង់នៅយកព្រះទ័យទុកដាក់នូវអ្វីដែលបានកើតឡើងដល់ក្រុមគ្រួសារមនុស្ស។ ទ្រង់បានធ្វើសំវិធានការដើម្បីបញ្ចប់នូវគ្រោះថ្នាក់ទាំងឡាយ ដែលនឹងមានឡើងដោយសារការបះបោរប្រឆាំងទ្រង់នោះ។ ហើយមិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងបញ្ចប់នូវភាពក្រីក្រនិងការជិះជាន់ តាមការពិត គឺសេចក្ដីរងទុក្ខវេទនាទាំងអស់តែម្ដង។—អេភេសូរ ១:៨-១០
បញ្ហាដែលហួសពីដំណោះស្រាយរបស់មនុស្ស
ជាច្រើនសតវត្សមកតាំងពីការបង្កើតមនុស្ស នោះមនុស្សលោកបានខិតចេញកាន់តែឆ្ងាយឡើងពីខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (ចោទិយកថា ៣២:៤, ៥) ដោយការបដិសេធជាបន្តរបស់គេនូវក្រិត្យវិន័យនិងគោលបំណងរបស់ព្រះ នោះមនុស្សបានវាយប្រយុទ្ធគ្នា ហើយ«មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ការខំប្រឹងទាំងប៉ុន្មាន ដើម្បីនាំឲ្យមានសង្គមដែលពិតជាប្រកបដោយយុត្ដិធម៌ ហើយដែលរួចផុតពីអ្វីៗដែលធ្វើឲ្យមនុស្សជាច្រើនរងទុក្ខ នោះបានត្រូវខកខានដោយចិត្តកំណាញ់របស់អស់អ្នក ដែលចង់ធ្វើតាមផ្លូវរបស់គេជាជាងធ្វើតាមអធិបតេយ្យរបស់ព្រះ។
គឺមានបញ្ហាមួយទៀត ជាបញ្ហាដែលមនុស្សជាច្រើនប្រហែលជាបដិសេធថាជាអបិយជំនឿដ៏មិនគួរជឿ។ អ្នកចាក់រុកញុះញង់ឲ្យមានការបះបោរប្រឆាំងព្រះ គឺនៅតែញុះញង់មនុស្សឲ្យធ្វើអាក្រក់និងឲ្យមានចិត្តកំណាញ់។ វាជាអារក្សសាតាំង ហើយព្រះយេស៊ូគ្រីស្ទបានហៅវា«ចៅហ្វាយរបស់លោកីយនេះ»។ (យ៉ូហាន ១២:៣១; ១៤:៣០; កូរិនថូសទី២ ៤:៤; យ៉ូហានទី១ ៥:១៩) នៅក្នុងសៀវភៅវិវរណៈ ដែលបានផ្ដល់ឲ្យសាវ័កយ៉ូហាន នោះសាតាំងបានត្រូវសម្គាល់ជាប្រភពដ៏ធំនៃសេចក្ដីវេទនា ជាបុគ្គលដែលទទួលខុសត្រូវច្រើនជាងគេ ដោយ«បាននាំលោកីយ៍ទាំងមូលឲ្យវង្វេងចេញ»។—វិវរណៈ ១២:៩-១២
ទោះជាមនុស្សខ្លះខំយកចិត្តទុកដាក់យ៉ាងណាក៏ដោយអំពីមនុស្សគ្នីគ្នារបស់គេ នោះពួកគេនឹងមិនអាចដកអារក្សសាតាំងចេញ ឬផ្លាស់ប្ដូររបបនេះ ដែលមានអ្នករងគ្រោះកាន់តែច្រើនឡើងនោះឡើយ។ បើអ៊ីចឹង តើត្រូវការអ្វីដើម្បីដោះស្រាយបញ្ហារបស់មនុស្សលោក? ដំណោះស្រាយនោះគឺមិនគ្រាន់តែត្រូវការអ្នកណាម្នាក់ដែលយកចិត្តទុកដាក់នោះទេ។ គឺត្រូវការចាំបាច់នូវបុគ្គលមួយអង្គដែលមានព្រះហឫទ័យនិងអំណាច ដើម្បីកំទេចចោលសាតាំងនិងរបបដែលគ្មានយុត្ដិធម៌របស់វា។
«ព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី»
ព្រះទ្រង់សន្យាថានឹងកំទេចចោលរបបលោកីយ៍ដ៏អាក្រក់នេះ។ ទ្រង់មានទាំងព្រះហឫទ័យនិងអំណាចដែលត្រូវការចាំបាច់ដើម្បីធ្វើអ៊ីចឹង។ (ទំនុកដំកើង ១៤៧:៥, ៦; អេសាយ ៤០:២៥-៣១) នៅក្នុងសៀវភៅគម្ពីរដានីយ៉ែលជាទំនាយ នោះគឺបានទាយប្រាប់ថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច» ត្រូវហើយ គឺជានិរន្តរ៍។ (ដានីយ៉ែល ២:៤៤) ព្រះយេស៊ូគ្រីស្ទចង់មានន័យអំពីរដ្ឋាភិបាលនេះនៅស្ថានសួគ៌ ដែលនឹងមានជាស្ថាពរ ពេលដែលទ្រង់បានបង្រៀនពួកសិស្សទ្រង់ឲ្យសុំព្រះនៅក្នុងសេចក្ដីអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:៩, ១០
ព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីអធិស្ឋានបែបនេះ ពីព្រោះទ្រង់ពិតជាយកព្រះទ័យទុកដាក់នឹងក្រុមគ្រួសារមនុស្សមែន។ យោងទៅតាមពាក្យទំនុកដំកើង ៧២ជាទំនាយ នោះព្រះនឹងប្រគល់អំណាចឲ្យបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ ដើម្បីនាំឲ្យមានជំនួយជាស្ថាពរដល់ពួកអ្នកក្រ ពួករងទុក្ខវេទនា ហើយពួកដែលបានត្រូវជិះជាន់ ដែលគាំទ្រការគ្រប់គ្រងរបស់ព្រះយេស៊ូនោះ។ ដូច្នេះអ្នកតែងបទទំនុកដំកើង ដែលព្រះបានបណ្ដាលឲ្យតែងនេះបានច្រៀងថា៖ «សូមឲ្យទ្រង់[ស្តេចមេស្ស៊ីរបស់ព្រះ]បានសំរេចក្ដី ដល់ពួកកំសត់ក្នុងបណ្ដាជន ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ ព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ . . . ទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។—ទំនុកដំកើង ៧២:៤, ១២-១៤
នៅក្នុងចក្ខុនិមិត្តមួយដែលទាក់ទងសម័យយើងនេះ នោះសាវ័កយ៉ូហានបានឃើញ«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី» គឺជាប្រព័ន្ធថ្មីទាំងស្រុងដែលបានស្ថាបនាដោយព្រះ។ នេះគឺជាប្រសិទ្ធិពរយ៉ាងណាទៅហ្ន៎ ចំពោះមនុស្សលោកដែលរងទុក្ខវេទនានោះ! ដោយទាយប្រាប់នូវអ្វីដែលព្រះយេហូវ៉ានឹងធ្វើ នោះយ៉ូហានបានសរសេរថា៖ «ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា៖ ‹មើលរោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ។ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ›។ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា៖ ‹មើល! អញធ្វើទាំងអស់ឡើងជាថ្មី›។ រួចទ្រង់មានបន្ទូលមកខ្ញុំថា៖ ‹ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ›»។—វិវរណៈ ២១:១-៥
ត្រូវហើយ យើងអាចជឿពាក្យទាំងនេះ ដ្បិតគឺជាពាក្យពិតប្រាកដហើយគួរជឿ។ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីដកចេញពីផែនដីនូវភាពក្រីក្រ ការអត់ឃ្លាន ការជិះជាន់ ជម្ងឺ និងភាពអយុត្ដិធម៌ទាំងអស់។ ដូចជាទស្សនាវដ្ដីនេះបានចង្អុលប្រាប់ជាច្រើនដងពីបទគម្ពីរ នោះទីសំអាងជាច្រើនបង្ហាញថា យើងកំពុងតែរស់នៅក្នុងគ្រា ដែលសេចក្ដីសន្យាទាំងនេះនឹងត្រូវសម្រេច។ ពិភពលោកថ្មីរបស់ព្រះ គឺជិតមកដល់ហើយ! (ពេត្រុសទី២ ៣:១៣) មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹង«បំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប» ហើយនិង«ជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។—អេសាយ ២៥:៨
ទំរាំព្រឹត្ដិការណ៍នេះកើតឡើង យើងអាចសប្បាយចិត្ត ដែលសូម្បីតែឥឡូវ ក៏មានមនុស្សដែលយកចិត្តទុកដាក់ដ៏ស្មោះនោះដែរ។ ហេតុដែលធ្វើឲ្យសប្បាយចិត្តកាន់តែខ្លាំងជាង នោះគឺថាព្រះយេហូវ៉ាទ្រង់ពិតជាយកព្រះទ័យទុកដាក់។ មិនយូរប៉ុន្មានទៀត ទ្រង់នឹងកំចាត់ចោលនូវការជិះជាន់និងសេចក្ដីរងទុក្ខវេទនា។
អ្នកអាចមានការទុកចិត្តទាំងស្រុងលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ លោកយ៉ូស្វេដែលជាអ្នកបំរើរបស់ទ្រង់ ប្រាកដជាបានទុកចិត្តមែន។ ដោយឥតមានចិត្តស្ទាក់ស្ទើរ នោះលោកបានប្រាប់រាស្ត្ររបស់ព្រះនៅពីដើមថា៖ «នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។ (យ៉ូស្វេ ២៣:១៤) ដូច្នេះកាលដែលរបបលោកីយ៍នេះនៅមាននៅឡើយ សូមកុំឲ្យខ្លួនអ្នករកាំចិត្តនឹងសេចក្ដីទុក្ខលំបាក ដែលអ្នកប្រហែលជាប្រឈមមុខនោះ។ ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នកទៅលើព្រះយេហូវ៉ា ដ្បិតទ្រង់ពិតជាយកព្រះទ័យទុកដាក់មែន។—ពេត្រុសទី១ ៥:៧