បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w99 ១/១២ ទំ. ៧-១១
  • យុវជនអើយ! ចូរតទល់នឹងវិញ្ញាណរបស់លោកីយ៍នេះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យុវជនអើយ! ចូរតទល់នឹងវិញ្ញាណរបស់លោកីយ៍នេះ
  • ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​សម្គាល់​វិញ្ញាណ​របស់​លោកីយ៍​នេះ
  • ការ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​វិញ្ញាណ​របស់​លោកីយ៍​នេះ
  • ការ​បដិសេធ​វិញ្ញាណ​របស់​លោកីយ៍​នេះ
  • ការ​បង្ហាញ​នូវ«វិញ្ញាណ​ផ្សេង»
  • ចូរទទួលសកម្មពលរបស់ព្រះជាជាងចិត្ដគំនិតរបស់ពិភពលោកនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអ្នកមានចិត្ដគំនិតបែបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរទប់ទល់«ចិត្ដគំនិតរបស់ពិភពលោក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
១៩៩៩ ទស្សនាវដ្ដីប៉មយាម
w99 ១/១២ ទំ. ៧-១១

យុវជន​អើយ! ចូរ​ត​ទល់​នឹង​វិញ្ញាណ​របស់​លោកីយ៍​នេះ

«ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ​វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ»។—កូរិនថូស​ទី​១ ២:១២

១, ២. (ក) តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ដែល​អាច​ឃើញ​រវាង​យុវជន​ក្នុង​លោកីយ៍​នេះ និង​ពួក​ក្មេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា? (ខ) តើ​ការ​សរសើរ​ដ៏​កក់​ក្ដៅ​យ៉ាង​ណា ដែល​អាច​ផ្ដល់​ឲ្យ​ពួក​យុវជន​ស្មរបន្ទាល់​ភាគ​ច្រើន​នោះ?

កាសែត​នៅ​ប្រទេស​អូស្ដ្រាលី​ឈ្មោះ ឌឺ សាន់​-​ហេរ៉ូល បាន​ប្រកាស​ដូច្នេះ​ថា៖ «មនុស្ស​ក្មេង​តំណ​នេះ​គឺ​បាន​ត្រូវ​ខក​ចិត្ត បាន​ត្រូវ​គេ​បោះ​បង់​ចោល និង​បះ​បោរ​ផង»។ កាសែត​នេះ​បាន​ចែង​ទៀត​ថា«ឯកសារ​តុលាការ​បង្ហាញ​ថា ចំនួន​យុវជន​ដែល​បាន​ត្រូវ​គេ​ប្ដឹង​ដោយ​ព្រោះ​វាយ​ដំ​គេ​យ៉ាង​ធ្ងន់​ធ្ងរ នោះ​បាន​កើន​ឡើង​២២​ភាគ​រយ[ជាង​ឆ្នាំ​មុន] . . . ក្មេង​ៗ​កំពុង​តែ​សម្លាប់​ខ្លួន​ឯង មាន​អត្រា​កើន​ឡើង​មួយ​ជា​បី​តាំង​ពី​ពាក់​កណ្ដាល​ទសវត្ស​ពី​ឆ្នាំ​១៩៦០​មក​ម្ល៉េះ . . . ហើយ​ភាព​ខុស​គ្នា​រវាង​ពួក​វ័យ​ចាស់​នឹង​ពួក​ក្មេង ក៏​ប្រៀប​ដូច​ជា​អន្លង់​ជ្រៅ​មែន​ទែន​មួយ ដែល​ពួក​ក្មេង​ៗ​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​កំពុង​តែ​ធ្លាក់​ចូល ទៅ​ក្នុង​ភាព​ឥត​ចាប់​ភ្លឹក​សោះ​ដោយ​ព្រោះ​ប្រើ​គ្រឿង​ញៀន ស្រា និង​គិត​តែ​រក​បំផ្លាញ​ខ្លួន​ឯង​ចោល»។ ក៏​ប៉ុន្តែ ស្ថានការណ៍​នេះ​គឺ​មិន​មែន​នៅ​ក្នុង​ប្រទេស​តែ​មួយ​ប៉ុណ្ណោះ​នោះ​ទេ។ ទូទាំង​ពិភព​លោក នោះ​ឪពុក​ម្ដាយ គ្រូ​បង្រៀន និង​ពួក​អ្នក​ជំនាញ​ខាង​សុខុមាលភាព​គឺ​ទួញ​សោក​នឹង​សភាព​នៃ​ពួក​ក្មេង​ៗ។

២ គឺ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ទៅ​ហ្ន៎ រវាង​យុវជន​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​និង​ពួក​ក្មេង​ៗ​ដ៏​ល្អ ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា! នេះ​មិន​មាន​សេចក្ដី​ថា​ពួក​គេ​គឺ​ល្អ​គ្រប់ល័ក្ខណ៍​នោះ​ទេ។ ពួក​គេ​ក៏​មាន​ការ​ខំ​ប្រឹង​ពុះ​ពារ​ជា​មួយ​នឹង«សេចក្ដី​ស្រើប​ស្រាល​របស់​ក្មេង​ៗ»ដែរ។ (ធីម៉ូថេ​ទី​២ ២:២២) ក៏​ប៉ុន្តែ​ជា​ក្រុម​មួយ ពួក​ក្មេង​ៗ​ទាំង​នេះ​បាន​កាន់​ជំហរ​យ៉ាង​ក្លាហាន​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បាន​បដិសេធ​មិន​ចុះ​ចាញ់​នឹង​ការ​បង្ខិត​បង្ខំ​របស់​លោកីយ៍​នេះ។ ដោយ​អស់​ពី​ដួង​ចិត្ត យើង​សូម​សរសើរ​ដល់​អ្នក​រាល់​គ្នា​ជា​ពួក​ក្មេង​ៗ ដែល​មាន​ជ័យ​ជំនះ​លើ​ការ​ត​យុទ្ធ​ប្រឆាំង​នឹង«ឧបាយ​កលទាំង​អម្បាល​ម៉ាន»របស់​អារក្ស​សាតាំង! (អេភេសូរ ៦:១១) ដូច​សាវ័ក​យ៉ូហាន យើង​ក៏​បាន​ត្រូវ​ជំរុញ​ឲ្យ​និយាយ​ថា៖ «កំឡោះ[និង​យុវនារី]រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ​បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ»។—យ៉ូហាន​ទី​១ ២:១៤

៣ តើ​ពាក្យ«វិញ្ញាណ»អាច​មាន​ន័យ​យ៉ាង​ណា​ខ្លះ?

៣ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​បន្ត​ឈ្នះ​ការ​ត​យុទ្ធ​របស់​អ្នក​ទាស់​នឹង​មេ​កំណាច​នេះ នោះ​អ្នក​ត្រូវ​តែ​ត​ទល់​យ៉ាង​ខ្នះ​ខ្នែង​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​ហៅ​ថា«វិញ្ញាណ​របស់​លោកីយ»នេះ។ (កូរិនថូស​ទី​១ ២:១២) យោង​ទៅ​តាម​ឯកទេស​មួយ​ខាង​ភាសា​ក្រិក នោះ​ពាក្យ«វិញ្ញាណ»ក៏​អាច​មាន​ន័យ​ថា«លក្ខណៈ​ឬ​ក៏​ឥទ្ធិពល​ដែល​បំពេញ​និង​កាន់​កាប់​ព្រលឹង​អ្នក​ណា​ម្នាក់»។ ជា​ឧទាហរណ៍ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​គឺ​ក្រម៉ែក្រម៉ូវ នោះ​អ្នក​ប្រហែល​ជា​និយាយ​ថា គាត់​មាន«វិញ្ញាណ»អាក្រក់។ «វិញ្ញាណ» លក្ខណៈ ឬ​ក៏​វិចារណញ្ញាណ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​ការ​ជ្រើស​រើស​ដែល​អ្នក​ធ្វើ។ នេះ​មាន​អំណាច​លើ​សកម្មភាព​និង​ពាក្យ​សំដី​របស់​អ្នក។ គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ទាំង​បុគ្គល​ម្នាក់​ៗ​និង​ជា​ក្រុម​ក៏​អាច​បង្ហាញ«វិញ្ញាណ»មួយ​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​មួយ​ក្រុម​ថា៖ «សូម​ឲ្យ​វិញ្ញាណ​អ្នក បាន​ប្រកប​ដោយ​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង»។ (ភីលេម៉ូន ២៥) បើ​អ៊ីចឹង តើ​លោកីយ៍​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​វិញ្ញាណ​បែប​ណា? ដោយ​ព្រោះ«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច» គឺ​អារក្ស​សាតាំង នោះ​វិញ្ញាណ​របស់​លោកីយ៍​មិន​អាច​ល្អ​ឡើយ មែន​ទេ?—យ៉ូហាន​ទី​១ ៥:១៩

ការ​សម្គាល់​វិញ្ញាណ​របស់​លោកីយ៍​នេះ

៤, ៥. (ក) តើ​មាន​វិញ្ញាណ​អ្វី​ដែល​បាន​មាន​ឥទ្ធិពល​លើ​អស់​អ្នក នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ក្រុង​អេភេសូរ មុន​គេ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​នោះ? (ខ) តើ​អ្នក​ណា​ជា«មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស» ហើយ​តើ«អាកាស»នេះ​មាន​ន័យ​យ៉ាង​ណា?

៤ ប៉ុល​បាន​សរសេរ​ថា៖ «ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​តាម​របៀប​លោកីយ​នេះ គឺ​តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស​ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ​បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម និង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ»។—អេភេសូរ ២:១​-​៣

៥ មុន​នឹង​បាន​រៀន​ពី​ផ្លូវ​គ្រីស្ទាន នោះ​ពួក​គ្រីស្ទាន​នៅ​ក្នុង​ទី​ក្រុង​អេភេសូរ ជា​ពួក​អ្នក​ដែល​កាន់​តាម«មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស» គឺ​អារក្ស​សាតាំង​ដោយ​មិន​ដឹង​ខ្លួន។ «អាកាស»នោះ​គឺ​មិន​មែន​ជា​កន្លែង​ជាក់​លាក់​ណា​មួយ ដែល​សាតាំង​និង​ពួក​បិសាច​របស់​វា​រស់​នៅ​នោះ​ឡើយ។ នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​ពាក្យ​ទាំង​នោះ អារក្ស​សាតាំង​និង​ពួក​បិសាច​របស់​វា​គឺ​នៅ​អាច​ចូល​ទៅ​ស្ថាន​សួគ៌​បាន។ (ប្រៀប​មើល យ៉ូប ១:៦; វិវរណៈ ១២:៧​-​១២) ពាក្យ«អាកាស»នេះ​មាន​ន័យ​ថា​វិញ្ញាណ ឬ​ក៏​អាកប្បកិរិយា​ដែល​បង្ហាញ​ការ​រួម​គំនិត ដែល​កាន់​កាប់​លើ​លោកីយ៍​របស់​សាតាំង។ (ប្រៀប​មើល វិវរណៈ ១៦:១៧​-​២១) ដូច​ជា​ខ្យល់​នៅ​ជុំ​វិញ​យើង នោះ​វិញ្ញាណ​នេះ​ក៏​មាន​គ្រប់​កន្លែង​ដែរ។

៦. តើ​អ្វី​ជា«រាជ្យ​លើ​អាកាស» ហើយ​តាម​របៀប​ណា​ដែល​នេះ​សម្រេច​ការ​លើ​ពួក​ក្មេង​ៗ​ជា​ច្រើន​នោះ?

៦ ក៏​ប៉ុន្តែ​តើ​អ្វី​ទៅ​ជា«រាជ្យ​លើ​អាកាស»? តាម​មើល​ទៅ នេះ​គឺ​សំដៅ​ទៅ​ឥទ្ធិពល​ជ្រាល​ជ្រៅ​ដែល«អាកាស»នេះ​មាន​លើ​មនុស្ស។ ប៉ុល​បាន​និយាយ​ថា វិញ្ញាណ​នេះ«បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស»។ ដូច្នេះ​វិញ្ញាណ​របស់​លោកីយ៍​នេះ​បណ្ដុះ​បណ្ដាល​ឡើង​នូវ​លក្ខណៈ​មិន​ចង់​ស្ដាប់​បង្គាប់​និង​ការ​បះ​បោរ ហើយ​ការ​បង្ខំ​ពី​ពួក​ម៉ាក​ជា​វិធី​មួយ​ដែល​រាជ្យ​នេះ​សម្រេច​ការ។ យុវនារី​ស្មរបន្ទាល់​ម្នាក់​និយាយ​ថា៖ «នៅ​ពេល​ដែល​អ្នក​នៅ​ឯ​សាលា មនុស្ស​គ្រប់​គ្នា​តែង​តែ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ចេះ​បះ​បោរ​បន្ដិច​បន្តួច។ ពួក​ក្មេង​ៗ​នឹង​គោរព​អ្នក​ច្រើន​ជាង ប្រសិន​បើ​អ្នក​ធ្វើ​អ្វី​មួយ​ដែល​សឹង​តែ​ជា​ការ​បះ​បោរ​ប្រឆាំង​នោះ»។

ការ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​វិញ្ញាណ​របស់​លោកីយ៍​នេះ

៧​-​៩. (ក) សូម​រៀប​រាប់​នូវ​របៀប​ខ្លះ​ៗ ដែល​វិញ្ញាណ​របស់​លោកីយ៍​នេះ​បាន​ត្រូវ​បញ្ចេញ​ឲ្យ​ឃើញ​ក្នុង​ចំណោម​យុវជន​សព្វ​ថ្ងៃ​នេះ។ (ខ) តើ​អ្នក​បាន​សង្កេត​ឃើញ​របស់​ទាំង​នេះ​ខ្លះ​នៅ​តាម​តំបន់​ឬ​ទេ?

៧ តើ​វិញ្ញាណ​របស់​លោកីយ៍​បាន​បញ្ចេញ​ឲ្យ​ឃើញ​យ៉ាង​ណា​ខ្លះ ក្នុង​ចំណោម​យុវជន​សព្វ​ថ្ងៃ​នេះ? គឺ​ដោយ​ភាព​មិន​ទៀង​ត្រង់​និង​ការ​បះ​បោរ។ របាយការណ៍​របស់​ទស្សនាវដ្ដី​មួយ​បាន​ចែង​ថា មាន​ជាង​៧០​ភាគ​រយ​នៃ​សិស្ស​នៅ​អនុ​វិទ្យាល័យ​និង​សិស្ស​នៅ​វិទ្យាល័យ បាន​និយាយ​ថា គេ​បាន​លួច​បន្លំ​ក្នុង​កំឡុង​ពេល​នៅ​សាលា​វិទ្យាល័យ។ ហើយ​អ្វី​ដែល​មាន​ទូទៅ​នោះ​គឺ​ពាក្យ​សំដី​មិន​សម​គួរ ពាក្យ​សំដី​ដែល​ចំអក​បញ្ឈឺ​ចិត្ត និង​ពាក្យ​សំដី​ដ៏​អាសអាភាស។ ពិត​មែន នៅ​ពេល​ខ្លះ​យ៉ូប​និង​សាវ័ក​ប៉ុល បាន​ប្រើ​ពាក្យ​ដែល​អ្នក​ខ្លះ​ប្រហែល​ជា​ចាត់​ទុក​ជា​ពាក្យ​សំដី​ដ៏​បញ្ឈឺ​ចិត្ត ដើម្បី​សម្ដែង​កំហឹង​ដ៏​សុចរិត​នោះ។ (យ៉ូប ១២:២; កូរិនថូស​ទី​២ ១២:១៣) ក៏​ប៉ុន្តែ ពាក្យ​សំដី​បញ្ឈឺ​ចិត្ត​ដ៏​សាហាវ​ដែល​បាន​ឮ​ពី​មាត់​របស់​ពួក​ក្មេង​ជា​ច្រើន គឺ​តែង​តែ​ស្មើ​នឹង​ការ​ជេរ​ប្រមាថ។

៨ ល្បែង​កំសាន្ត​ដ៏​ហួស​ហេតុ​ក៏​ជា​ការ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​វិញ្ញាណរបស់​លោកីយ៍​នេះ​ដែរ។ ការ​ចូល​ទៅ​លេង​នៅ​បារ រ៉េវa ហើយ​និង​បែប​បទ​ឯ​ទៀត​នៃ​ការ​សប្បាយ​អ៊ូអរ ក៏​ប្រជាប្រិយ​ក្នុង​ចំណោម​មនុស្ស​ក្មេង​ៗ​ដែរ។ ការ​សំអិត​សំអាង​ខ្លួន​ដ៏​ហួស​ហេតុ​ក៏​មាន​ទូទៅ​ដែរ។ ពី​ម៉ូដ​ខោ​អាវ​រលុង​ៗ​ទៅ​ម៉ូដ​ដែល​ទាស់​ចិត្ត ដូច​ជា​ការ​ទម្លុះ​រូប​កាយ។ យុវជន​ជា​ច្រើន​សព្វ​ថ្ងៃ​អាច​សម្គាល់​ខ្លួន​គេ​ជា​មួយ​នឹង​វិញ្ញាណ​ដ៏​បះ​បោរ​របស់​លោកីយ៍​នេះ។ (ប្រៀប​មើល រ៉ូម ៦:១៦) ការ​ខ្វល់​ខ្វាយ​នឹង​វត្ថុ​ទ្រព្យ​ក៏​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​មួយ​ទៀត​ដែរ។ យោង​ទៅ​តាម​កាសែត​អប់រំ​មួយ នោះ«ពួក​អ្នក​នាំ​ទំនិញ​ទៅ​កាន់​ផ្សារ​គឺ​កំពុង​តែ​វាយ​សម្រុក​លើ​ក្មេង​ៗ​ឥត​ឈប់​ឈរ ដោយ​មាន​វិធី​ឃោសនា​ពាណិជ្ជកម្ម​និង​ផលិត​បាន​ជា​ច្រើន»។ ទំរាំ​យុវជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រៀន​ចប់​ពី​វិទ្យាល័យ នោះ​គេ​បាន​ឃើញ​សេចក្ដី​ដែល​ឃោសនា​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​អស់​៣៦០.០០០​យ៉ាង។ ពួក​ម៉ាក​របស់​អ្នក​ក៏​ប្រហែល​ជា​បង្ខិត​បង្ខំ​អ្នក​ឲ្យ​ទិញ​របស់​ណា​ខ្លះ​ដែរ។ ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៤​ឆ្នាំ​និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​គឺ​តែង​តែ​សួរ​ថា៖ ‹តើ​អាវ​ទ្រ័រសេ អាវ​ធំ ខោ​ខូវបូយ​របស់​អ្នក​ជា​ម៉ាក​អ្វី›»?

៩ តាំង​ពី​សម័យ​ព្រះ​គម្ពីរ នោះ​បទ​ភ្លេង​មិន​ត្រឹម​ត្រូវ​គឺ​ជា​ប្រដាប់​ប្រដា​របស់​សាតាំង ដើម្បី​ជំរុញ​ឲ្យ​មាន​មារយាទ​ដ៏​មិន​ស្អាត​ស្អំ។ (ប្រៀប​មើល និក្ខមនំ ៣២:១៧​-​១៩; ទំនុកដំកើង ៦៩:១២; អេសាយ ២៣:១៦) បើ​អ៊ីចឹង គឺ​មិន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ដែល​បទ​ភ្លេង​ដែល​មាន​ទំនុក​ដែល​ទាក់​ចិត្ត​ខាង​កាម ពាក្យ​ប្រមាថ និង​ចង្វាក់​ភ្លេង​ដែល​ធ្វើ​ឲ្យ​ស្រើប​ស្រាល​គឺ​ជា​ប្រជាប្រិយ​នោះ។ ក៏​ប៉ុន្តែ ការ​បញ្ចេញ​ឲ្យ​ឃើញ​មួយ​ទៀត​នៃ​វិញ្ញាណ​មិន​ស្អាត​របស់​លោកីយ៍​នេះ គឺ​អំពើ​អសីលធម៌​ខាង​កាម។ (កូរិនថូស​ទី​១ ៦:៩​-​១១) កាសែត ឌឺ​ញូវយ៉ក​ថែម្ស ក៏​រាយ​ការណ៍​ថា៖ «ចំពោះ​ក្មេង​ជំទង់​ជា​ច្រើន ការ​រួម​សង្វាស​សឹង​តែ​ជា​តម្រូវ​ការ​មួយ ដើម្បី​ឲ្យ​ពួក​ម៉ាក​ទទួល​ស្គាល់​គេ . . . ជាង​ពីរ​ភាគ​បី​នៃ​សិស្ស​នៅ​វិទ្យាល័យ​ធ្លាប់​រួម​រ័​ក្ស​ទៅ​ហើយ»។ អត្ថបទ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី​វ៉ូល​ស្ទ្រីត បាន​ប្រាប់​នូវ​ទី​សំអាង ដែល​ថា​កូន​ក្មេង​រវាង​អាយុ​៨​ទៅ​១២​ឆ្នាំ ក៏«ក្លាយ​ទៅ​ជា​កាម​សកម្ម​យ៉ាង​ខ្លាំង​ឡើង»។ អ្នក​ឲ្យ​ឱវាទ​នៅ​តាម​សាលា ដែល​ទើប​តែ​ចូល​និវត្តន៍​ថ្មី​ៗ​នេះ មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​តែ​ចាប់​ផ្ដើម​ឃើញ​ក្មេង​ស្រី​ៗ​ខ្លះ​មាន​ផ្ទៃ​ពោះ ដែល​រៀន​ថ្នាក់​ទី​ប្រាំ​មួយ»។b

ការ​បដិសេធ​វិញ្ញាណ​របស់​លោកីយ៍​នេះ

១០. តើ​យុវជន​ពី​គ្រួសារ​គ្រីស្ទាន​ខ្លះ បាន​បង្អោន​ទៅ​តាម​វិញ្ញាណ​របស់​លោកីយ៍​នេះ​យ៉ាង​ដូច​ម្ដេច?

១០ គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់ យុវជន​គ្រីស្ទាន​ខ្លះ​បាន​បង្អោន​ទៅ​តាម​វិញ្ញាណ​របស់​លោកីយ៍​នេះ។ ក្មេង​ស្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​សារភាព​ថា៖ «ខ្ញុំ​បាន​បង្ហាញ​អាកប្បកិរិយា​ដ៏​ល្អ​នៅ​មុខ​ឪពុក​ម្ដាយ​និង​ពួក​គ្រីស្ទាន​គ្នី​គ្នា​របស់​ខ្ញុំ។ ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​ប្រកប​ជីវិត​មួយ​ទៀត​នោះ​ដែរ»។ យុវនារី​ម្នាក់​ពី​ប្រទេស​ឃិនយ៉ា​និយាយ​ថា៖ «អស់​ប៉ុន្មាន​មួយ​រយៈ​យ៉ាង​យូរ ខ្ញុំ​បាន​ប្រកប​ជីវភាព​មុខ​ពីរ ដែល​បាន​រួម​បញ្ចូល​ការ​ជប់​លៀង បទ​ភ្លេង​រ៉ុក ហើយ​មាន​មិត្ត​ភក្ដិ​មិន​ល្អ។ ខ្ញុំ​បាន​ដឹង​ថា​នេះ​គឺ​ខុស ក៏​ប៉ុន្តែ​ខ្ញុំ​ខំ​ធ្វើ​កន្តើយ​រឿង​នេះ​ដោយ​សង្ឃឹម​ថា​ក្រោយ​មក នោះ​នឹង​លែង​មាន​ទៅ​ហើយ។ ក៏​ប៉ុន្តែ​គឺ​នៅ​ដដែល។ ស្ថានការណ៍​កាន់​តែ​មាន​អាក្រក់​ឡើង​ៗ»។ យុវនារី​ម្នាក់​ទៀត​ពី​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា៖ «នេះ​គឺ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​សារ​មាន​មិត្ត​ភក្ដិ​មិន​ល្អ។ រួច​មក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ជក់​បារី។ ខ្ញុំ​ចង់​បញ្ឈឺ​ចិត្ត​របស់​ឪពុក​ម្ដាយ​ខ្ញុំ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​បញ្ឈឺ​ចិត្ត​ខ្លួន​ឯង​វិញ​ប៉ុណ្ណោះ»។

១១. តើ​តាម​របៀប​ណា​ដែល​កាលែប​អាច​ត​ទល់​នឹង​ការ​ទៅ​តាម​ពួក​បណ្ដា​មនុស្ស កាល​ដែល​ពួក​ឈ្លប​ដប់​នាក់​បាន​យក​របាយការណ៍​អាក្រក់​មក​វិញ​នោះ?

១១ ក៏​ប៉ុន្តែ គឺ​អាច​ត​ទល់​បាន ត្រូវ​ហើយ​គឺ​អាច​បដិសេធ​វិញ្ញាណ​របស់​លោកីយ៍​នេះ។ សូម​ពិចារណា​មើល​គំរូ​ពី​បុរាណ​របស់​កាលែប។ នៅ​ពេល​ពួក​ឈ្លប​ដ៏​កំសាក​ដប់​នាក់​បាន​ប្រាប់​របាយការណ៍​អាក្រក់​អំពីស្រុក​ដែល​បាន​សន្យា នោះ​គាត់​និង​យ៉ូស្វេ​មិន​ព្រម​ឲ្យ​គេ​បំភ័យ ហើយ​ទៅ​តាម​ពួក​បណ្ដា​មនុស្ស​នោះ​ឡើយ។ ពួក​គេ​បាន​ប្រកាស​យ៉ាង​ក្លាហាន​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ​លែង។ បើ​សិន​ជា​ព្រះ​យេហូវ៉ា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង​គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ដ៏​ហូរ​ហៀរ»។ (ជន​គណនា ១៤:៧, ៨) តើ​អ្វី​ទៅ​ដែល​បាន​ជួយ​ឲ្យ​កាលែប​ត​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ទាំង​អស់​នោះ? ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​កាលែប​ថា៖ «មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់»។—ជន​គណនា ១៤:២៤

ការ​បង្ហាញ​នូវ«វិញ្ញាណ​ផ្សេង»

១២. ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ក្នុង​ការ​បង្ហាញ«វិញ្ញាណ​ផ្សេង»ស្តី​អំពី​ពាក្យ​សំដី​របស់​ខ្លួន​នោះ?

១២ សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​ការ​សេចក្ដី​ក្លាហាន​និង​កម្លាំង ដើម្បី​បង្ហាញ«វិញ្ញាណ​ផ្សេង» ឬ​ក៏​អាកប្បកិរិយា​ដែល​បង្ហាញ​ការ​រួម​គំនិត​ដែល​ខុស​ពី​លោកីយ៍​នេះ។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​អ៊ីចឹង គឺ​ដោយ​ជៀស​វាង​ពាក្យ​សំដី​ដែល​ចំអក​បញ្ឈឺ​ចិត្ត ដែល​ឥត​គោរព។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ពាក្យ​ភាសា​អង់គ្លេស​ដែល​ថា«ការ​ចំអក​បញ្ឈឺ​ចិត្ត» គឺ​មាន​ឫសគល់​មក​ពី​កិរិយា​ស័ព្ទ​ភាសា​ក្រិក ដែល​ន័យ​យ៉ាង​ចំ​ៗ​នោះ​គឺ «ហែក​សាច់​ដូច​ពួក​ឆ្កែ»។ (ប្រៀប​មើល កាឡាទី ៥:១៥) ដូច​ជា​ធ្មេញ​ឆ្កែ​អាច​ហែក​សាច់​ចេញ​ពី​ឆ្អឹង​មួយ នោះ«ការ​កំប្លែង»ដែល​ចំអក​បញ្ឈឺ​ចិត្ត​អាច​ដក​យក​ចេញ​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ។ ក៏​ប៉ុន្តែ​កូល៉ុស ៣:៨ ដាស់​តឿន​អ្នក​ឲ្យ«លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្ដី​កំហឹង គ្នាន់​ក្នាញ់ គំរក់ ប្រមាថ នឹង​ពាក្យ​អព្វមង្គល ចេញ​ពី​មាត់​ចោល​ទៅ»។ ហើយ​សុភាសិត ១០:១៩ ចែង​ថា៖ «អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ តែ​អ្នក​ណា​ដែល​ឃាត់​ទប់​បបូរ​មាត់​វិញ នោះ​ជា​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា»។ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ប្រមាថ​មើល​ងាយ​អ្នក ចូរ​ចេះ​ទប់​ចិត្ត​និង‹បែរ​មុខ​ចេញ› ប្រហែល​ជា​និយាយ​ជា​មួយ​បុគ្គល​នេះ​នៅ​ដាច់​ឡែក​ពី​គេ ដោយ​សុភាព​និង​ដោយ​សន្ដិវិធី​ផង។—ម៉ាថាយ ៥:៣៩; សុភាសិត ១៥:១

១៣. តើ​យុវជន​អាច​បង្ហាញ​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អំពី​វត្ថុ​ទ្រព្យ​យ៉ាង​ដូច​ម្ដេច?

១៣ វិធី​មួយ​ទៀត ដើម្បី​បង្ហាញ«វិញ្ញាណ​ផ្សេង» គឺ​ដោយ​រក្សា​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អំពី​វត្ថុ​ទ្រព្យ។ ប្រាកដ​ហើយ គឺ​ជា​ការ​ធម្មតា​នោះ​ទេ​ដែល​ចង់​បាន​របស់​ល្អ​ៗ​នោះ។ តាម​មើល ព្រះ​យេស៊ូ​គ្រីស្ទ​ទ្រង់​ផ្ទាល់ យ៉ាង​ហោច​ណាស់​ក៏​មាន​អាវ​វែង​មួយ​ដែល​មាន​គុណ​ភាព​ល្អ​នោះ​ដែរ។ (យ៉ូហាន ១៩:២៣, ២៤) ក៏​ប៉ុន្តែ នៅ​ពេល​ការ​មាន​របស់​របរ​ក្លាយ​ទៅ​ជា​ការ​រំអុក ហើយ​អ្នក​អង្វរ​ដោយ​ឥត​ឈប់​ឈរ​ឲ្យ​ឪពុក​ម្ដាយ​ទិញ​វត្ថុ​អ្វី​មួយ ដែល​គេ​ពិត​ជា​គ្មាន​ប្រាក់​ទិញ​នោះ ឬ​នៅ​ពេល​ដែល​អ្នក​ចង់​តែ​ធ្វើ​តាម​យុវជន​ឯ​ទៀត បើ​អ៊ីចឹង​នោះ​វិញ្ញាណ​របស់​លោកីយ៍​នេះ ប្រហែល​ជា​មាន​អំណាច​ច្រើន​លើ​អ្នក ជាង​អ្នក​ដឹង​ទៅ​ទៀត។ ព្រះ​គម្ពីរ​ចែង​ថា៖ «អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ»។ ត្រូវ​ហើយ ចូរ​កុំ​ចុះ​ចាញ់​ឲ្យ​សោះ​នឹង​អំណាច​នៃ​វិញ្ញាណ​របស់​លោកីយ៍​នេះ ដែល​គិត​តែ​ពី​វត្ថុ​ទ្រព្យ​នោះ! ចូរ​រៀន​ឲ្យ​ចេះ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន​ចុះ។—យ៉ូហាន​ទី​១ ២:១៦; ធីម៉ូថេ​ទី​១ ៦:៨​-​១០

១៤. (ក) តើ​ប្រជារាស្ត្រ​របស់​ព្រះ​នៅ​សម័យ​អេសាយ បាន​បង្ហាញ​ទស្សនៈ​ដ៏​ឥត​ថ្លឹង​ថ្លែង​អំពី​ល្បែង​កំសាន្ត​យ៉ាង​ដូច​ម្ដេច? (ខ) តើ​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ដែល​ពួក​យុវជន​គ្រីស្ទាន​ខ្លះ បាន​ជួប​ប្រទះ​នៅ​ឯ​បារ​និង​កន្លែង​ជប់​លៀង​ដ៏​អ៊ូអរ​នោះ?

១៤ ការ​រក្សា​ទុក​ល្បែង​កំសាន្ត​តាម​របៀប​ត្រឹម​ត្រូវ​ក៏​ជា​ការ​សំខាន់​ដែរ។ ព្យាការី​អេសាយ​បាន​ប្រកាស​ថា៖ «វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល​រាល ដោយ​សារ​ស្រា​ទំពាំង​បាយ​ជូរ ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់​ខ្លុយ នឹង​ស្រា​ទំពាំង​បាយ​ជូរ​ក្នុង​ការ​ស៊ី​លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ​ដែរ»។ (អេសាយ ៥:១១, ១២) គួរ​ឲ្យ​សោយ​ស្ដាយ​មែន យុវជន​គ្រីស្ទាន​ខ្លះ​បាន​ធ្វើ​ការ​ជប់​លៀង​ដ៏​អ៊ូអរ​ស្រដៀង​នេះ​ដែរ។ នៅ​ពេល​ដែល​ពួក​យុវជន​គ្រីស្ទាន​មួយ​ក្រុម បាន​ត្រូវ​សួរ​ឲ្យ​រៀប​រាប់​នូវ​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​បារ​យុវជន នោះ​ប្អូន​ស្រី​ម្នាក់​បាន​និយាយ​ថា៖ «ការ​វាយ​គ្នា​គឺ​មាន​រាល់​តែ​ដង។ ខ្ញុំ​ធ្លាប់​នៅ​ចំ​កណ្ដាល​ការ​វាយ​គ្នា​របស់​គេ​ដែរ»។ ប្អូន​ប្រុស​ម្នាក់​ទៀត​បាន​បន្ថែម​ថា៖ «ការ​ផឹក​ស្រា ការ​ជក់​បារី របស់​ដូច​នេះ​ជា​ដើម»។ ប្អូន​ប្រុស​ម្នាក់​ទៀត​បាន​សារភាព​ថា៖ «មនុស្ស​បាន​ទៅ​ជា​ស្រវឹង​ស្រា។ ពួក​គេ​ប្រព្រឹត្ត​ដូច​មនុស្ស​ភ្លើ! ហើយ​ក៏​មាន​គ្រឿង​ញៀន។ គឺ​មាន​រឿង​អាក្រក់​ៗ​កើត​ឡើង​ច្រើន​ណាស់។ ប្រសិន​បើ​អ្នក​ទៅ​កន្លែង​នោះ ហើយ​គិត​ថា​នឹង​គ្មាន​អ្វី​មាន​ឥទ្ធិពល​លើ​អ្នក នោះ​អ្នក​គិត​ខុស​ហើយ»។ អ៊ីចឹង​ហើយ ដោយ​មាន​មូលហេតុ​ល្អ ព្រះ​គម្ពីរ​រៀប​រាប់​ការ​ស៊ី​ផឹក​ជ្រុល ឬ​ក៏«ការ​ជប់​លៀង​ដ៏​អ៊ូអរ» ជា​របស់​មួយ​នៃ«កិច្ច​ការ​ខាង​សាច់​ឈាម»។—កាឡាទី ៥:១៩​-​២១; ព្រះ​គម្ពីរ​បែអិងទិន; រ៉ូម ១៣:១៣

១៥. តើ​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​អ្វី​អំពី​ល្បែង​កំសាន្ត​ដែល​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​នោះ?

១៥ ការ​ជៀស​វាង​ល្បែង​កំសាន្ត​ដែល​មាន​គ្រោះ​ថ្នាក់ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​ឥត​អំណរ​នោះ​ឡើយ។ យើង​ថ្វាយ​បង្គំ‹ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ› ហើយ​ទ្រង់​ក៏​ចង់​ឲ្យ​អ្នក​សប្បាយ​នឹង​យុវភាព​របស់អ្នក​ដែរ! (ធីម៉ូថេ​ទី​១ ១:១១; សាស្ដា ១១:៩) ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​ព្រមាន​ថា៖ «ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ [«ការ​កំសាន្ត», ព្រះ​គម្ពីរ​ឡាមសា] នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ»។ (សុភាសិត ២១:១៧) ត្រូវ​ហើយ ប្រសិន​បើ​អ្នក​ចាត់​ទុក​ល្បែង​កំសាន្ត ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​ធ្លាក់​ខ្លួន​ក្រ​ខាង​វិញ្ញាណ​ហើយ។ ដូច្នេះ​ក្នុង​ការ​ជ្រើស​រើស​របស់​អ្នក​ស្តី​អំពី​ល្បែង​កំសាន្ត ចូរ​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ទៅ។ គឺ​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​កំសាន្ត​ចិត្ត​របស់​អ្នក ដែល​នឹង​ស្អាង​ចិត្ត​អ្នក​ឡើង មិន​មែន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទាំ​អ្នក​នោះ​ទេ។c—សាស្ដា ១១:១០

១៦. តើ​ដោយ​ដូច​ម្ដេច​ដែល​ពួក​យុវជន​គ្រីស្ទាន​អាច​បង្ហាញ​ថា​ខ្លួន​ប្លែក​ពី​គេ?

១៦ ការ​បង្ហាញ​ភាព​រម​ទ​ម្យ​ដោយ​សំលៀក​បំពាក់​និង​ការ​សំអិត​សំអាង ដែល​បដិសេធ​ម៉ូដ​របស់​លោកីយ៍​នេះ ក៏​នឹង​សម្គាល់​អ្នក​ថា​ខុស​ប្លែក​ដែរ។ (រ៉ូម ១២:២; ធីម៉ូថេ​ទី​១ ២:៩) ហើយ​ការ​ចេះ​ជ្រើស​រើស​បទ​ភ្លេង​របស់​អ្នក​ក៏​អ៊ីចឹង​ដែរ។ (ភីលីព ៤:៨, ៩) ក្មេង​គ្រីស្ទាន​ម្នាក់​សារភាព​ថា៖ «ខ្ញុំ​មាន​បទ​ភ្លេង​ដែល​ខ្ញុំ​ដឹង​ថា ត្រូវ​បោះ​ចោល ក៏​ប៉ុន្តែ​បទ​ភ្លេង​នោះ​ពីរោះ​ណាស់»! យុវបុរស​ម្នាក់​ក៏​បាន​សារភាព​ស្រដៀង​នេះ​ថា៖ «ចំពោះ​ខ្ញុំ បទ​ភ្លេង​គឺ​ជា​គ្រោះ​ថ្នាក់ ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​នោះ​ណាស់។ ប្រសិន​បើ​ខ្ញុំ​បាន​ឃើញ​មាន​អ្វី​មួយ​មិន​ត្រឹម​ត្រូវ​នឹង​បទ​នេះ ឬ​ក៏​ឪពុក​ម្ដាយ​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង នោះ​ខ្ញុំ​ត្រូវ​តែ​ជំរុញ​គំនិត​របស់​ខ្ញុំ​ឲ្យ​ឈ្នះ​លើ​ចិត្ត​របស់​ខ្ញុំ ពី​ព្រោះ​ក្នុង​ចិត្ត​ខ្ញុំ​ៗ​ចូល​ចិត្ត​បទ​ភ្លេង​នោះ​ណាស់»។ ឱ​ពួក​យុវជន​អើយ ចូរ​កុំ​ធ្វើ‹កន្តើយ​នឹង​កិច្ច​កល​របស់​អារក្ស​សាតាំង​ឡើយ›! (កូរិនថូស​ទី​២ ២:១១) វា​កំពុង​តែ​ប្រើ​បទ​ភ្លេង​ដើម្បី​ខំ​ព្យាយាម​ទាញ​ពួក​ក្មេង​ៗ​គ្រីស្ទាន​ចេញ​ពី​ព្រះ​យេហូវ៉ា! អត្ថបទ​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ប្រកាសនវត្ថុ​ប៉ម​យាម​បាន​ពិគ្រោះ​អំពី​បទ​ភ្លេង​រ៉ែប ហេវ៉ីមីតថុល និង​បទ​ភ្លេង​រ៉ុក​បែប​ផ្សេង​ទៀត។d ក៏​ប៉ុន្តែ ប្រកាសនវត្ថុ​ប៉ម​យាម​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​បទ​ភ្លេង​គ្រប់​បែប​បទ ដែល​នឹង​មាន​ជា​បន្ត​បន្ទាប់​នោះ​ទេ។ ដូច្នេះ អ្នក​ត្រូវ​តែ​ប្រើ«ការ​ចេះ​គិត​ពិចារណា» និង «ការ​ដឹង​ខុស​ត្រូវ»នៅ​ពេល​ដែល​ជ្រើស​រើស​បទ​ភ្លេង។—សុភាសិត ២:១១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១៧. (ក) តើ​ភូណនៀ​ជា​អ្វី ហើយ​តើ​នេះ​រួម​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ? (ខ) ស្តី​អំពី​រឿង​សីលធម៌​នោះ តើ​អ្វី​ទៅ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ?

១៧ នៅ​ទី​បំផុត អ្នក​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ខាង​សីលធម៌។ ព្រះ​គម្ពីរ​ដាស់​តឿន​ថា៖ «ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ»។ (កូរិនថូស​ទី​១ ៦:១៨) ជា​ភាសា​ក្រិក ពាក្យ​ដើម​សំរាប់​ការ​សហាយស្មន់ គឺ​ភូណនៀ សំដៅ​ទៅ​ការ​សេព​មេថុនកម្ម​ខុស​សីលធម៌ ដោយ​ប្រើ​អង្គ​ជាតិ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍។ នេះ​គឺ​រួម​បញ្ចូល​សេព​មេថុនកម្ម​ដោយ​មាត់ ហើយ​ការ​ស្ទាប​អង្អែល​នូវ​សរីរាង្គ​ភេទ​ដោយ​ចេតនា។ យុវជន​គ្រីស្ទាន​មួយ​ចំនួន​បាន​ប្រព្រឹត្ត​នឹង​មារយាទ​បែប​នេះ ដោយ​ស្មានថា ពួក​គេ​ពិត​ជា​មិន​ប្រព្រឹត្ត​អំពើ​សហាយស្មន់​នោះ​ឡើយ។ ក៏​ប៉ុន្តែ បន្ទូល​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​ថា៖ «ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយ​ៗ​ចេះ​រក្សា​អត្តភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ»។—ថែស្សាឡូនីច​ទី​១ ៤:៣, ៤

១៨. (ក) តើ​តាម​របៀប​ណា​ដែល​យុវជន​អាច​ជៀស​វាង ពី​ការ​ធ្វើ​ឲ្យ​កខ្វក់​ពី​វិញ្ញាណ​របស់​លោកីយ៍? (ខ) តើ​អ្វី​ដែល​នឹង​ពិគ្រោះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៨ ត្រូវ​ហើយ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នោះ​អ្នក​ក៏​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​កខ្វក់​ដោយ​វិញ្ញាណ​របស់​លោកីយ៍​នេះ! (ពេត្រុស​ទី​១ ៥:១០) យ៉ាង​ណា​ក៏​ដោយ សាតាំង​តែង​តែ​បន្លំ​អន្ទាក់​ដ៏​អង់អាច​របស់​វា ហើយ​ជួន​កាល គឺ​ត្រូវ​ការ​នូវ​ការ​ពិនិត្យ​ពិច័យ​មែន​ទែន​ដើម្បី​ឲ្យ​ដឹង​អំពី​គ្រោះ​ថ្នាក់​នោះ។ អត្ថបទ​ជា​បន្ទាប់​របស់​យើង​បាន​គ្រោង​ទុក ដើម្បី​ជួយ​យុវជន​ឲ្យ​បណ្ដុះ​នូវ​សមត្ថភាព​ចេះ​វែក​ញែក​របស់​គេ។

[កំណត់​សម្គាល់]

a គឺ​ជា​ការ​ជប់​លៀង​រាំ​រែក​ស៊ី​ផឹក​ស្រី​ស្រា​ដែល​ធម្មតា​មាន​ពេញ​មួយ​យប់។ បើ​ចង់​បាន​ពត៌មាន​ទៀត សូម​មើល អត្ថបទ«សំនួរ​យុវជន​សួរ . . . តើ​រ៉េវ​ជា​ការ​លេង​សប្បាយ​ដោយ​ឥត​គ្រោះ​ថ្នាក់​ឬ»? នៅ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ថ្ងៃ​ទី​២​២ ខែ​ធ្នូ ឆ្នាំ​១៩៩៧ (ភាសា​អង់គ្លេស)

b ក្មេង​ៗ​ដែល​មាន​អាយុប្រមាណ​១១​ឆ្នាំ។

c បើ​ចង់​បាន​យោបល់ សូម​មើល​ទំព័រ​២៩៦​ទៅ​៣០៣​ក្នុង​សៀវភៅ សំនួរ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិភាព។ (ភាសា​អង់គ្លេស)

d សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៣។ (ភាសា​អង់គ្លេស)។

សំនួរ​សំរាប់​ពិនិត្យ​សារ​ឡើង​វិញ

◻ តើ«វិញ្ញាណ​របស់​លោកីយ»ជា​អ្វី ហើយ​តាម​របៀប​ណា​ដែល​មាន«រាជ្យ»លើ​មនុស្ស?

◻ តើ​មាន​ការ​បញ្ចេញ​ឲ្យ​ឃើញ​ណា​ខ្លះ​នៃ​វិញ្ញាណ​របស់​លោកីយ៍​នេះ ក្នុង​ចំណោម​ពួក​យុវជន​សព្វ​ថ្ងៃ​នេះ?

◻ តើ​តាម​របៀប​ណា​ដែល​ពួក​យុវជន​គ្រីស្ទាន​អាច​បង្ហាញ«វិញ្ញាណ​ផ្សេង» ស្តី​អំពី​ពាក្យ​សំដី​និង​ល្បែង​កំសាន្ត​នោះ?

◻ តើ​ពួក​យុវជន​គ្រីស្ទាន​អាច​បង្ហាញ«វិញ្ញាណ​ផ្សេង»យ៉ាង​ដូច​ម្ដេច ស្តី​អំពី​សីលធម៌​និង​បទ​ភ្លេង?

[រូប​ភាព​នៅ​ទំព័រ​៩]

ពួក​យុវជន​ជា​ច្រើន​បង្ហាញ​ថា​គេ​នៅ​ក្រោម«រាជ្យ»នៃ​វិញ្ញាណ​របស់​លោកីយ៍​នេះ​ដោយ​ចរិយា​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក