បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/៩ ទំ. ២២-២៦
  • ចូរទប់ទល់«ចិត្ដគំនិតរបស់ពិភពលោក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរទប់ទល់«ចិត្ដគំនិតរបស់ពិភពលោក»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ឬ​ចិត្ត​គំនិត​របស់​ពិភព​លោក?
  • ចូរ​កត់សម្គាល់​សញ្ញា​ព្រមាន​នៃ​គ្រោះ​ថ្នាក់
  • កុំ​«ពង្វក់​ចិត្ត»​អ្នក​ឲ្យ​សោះ
  • កុំ​ឲ្យ​សេចក្ដី​ខ្វល់ខ្វាយ​មក​បង្អាក់​ចិត្ត​អ្នក
  • ចូរ​បន្ត​‹ផ្ដោត​គំនិត​តាម​សកម្ម​ពល​របស់​ព្រះ›
  • ចូរឲ្យសកម្មពលព្រះដឹកនាំអ្នក ហើយរស់នៅស្របតាមការប្រគល់ខ្លួនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរទទួលសកម្មពលរបស់ព្រះជាជាងចិត្ដគំនិតរបស់ពិភពលោកនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ហេតុអ្វីយើងត្រូវឲ្យសកម្មពលរបស់ព្រះដឹកនាំយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរគិតខាងវិញ្ញាណ និងរស់នៅចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/៩ ទំ. ២២-២៦

ចូរ​ទប់​ទល់​«ចិត្ត​គំនិត​របស់​ពិភព​លោក»

​«យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​[ឬ​«ចិត្ត​គំនិត​របស់​ពិភព​លោក»]​ទេ គឺ​ទទួល​ព្រះ​វិញ្ញាណ[ឬ​«សកម្ម​ពល»]​ដែល​មក​ពី​ព្រះ​វិញ»។—១កូ. ២:១២; ព.ថ.

១, ២​. (ក) ពី​មុនៗ ហេតុ​អ្វី​បាន​ជា​គេ​ប្រើ​សត្វ​ចាប​ពណ៌​លឿង​ក្នុង​អណ្ដូង​រ៉ែ​នៅ​ប្រទេស​អង់គ្លេស? (ខ) តើ​ពួក​គ្រិស្ត​សាសនិក​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​អ្វី?

នៅ​ឆ្នាំ​១៩១១ អាជ្ញាធរ​នៅ​ប្រទេស​អង់គ្លេស​បាន​អនុម័ត​ច្បាប់​មួយ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជីក​រក​ធ្យូងថ្ម។ យោង​ទៅ​តាម​ច្បាប់​នោះ អណ្ដូង​រ៉ែ​នីមួយៗ​ត្រូវ​តែ​មាន​សត្វ​ចាប​តូចៗ​ពីរ​ដែល​មាន​ពណ៌​លឿង។ ហេតុ​អ្វី​ត្រូវ​មាន​សត្វ​ចាប​ប្រភេទ​នេះ? ប្រសិនបើ​មាន​ភ្លើង​ផ្ទុះ​ឆេះ​ក្នុង​អណ្ដូង​រ៉ែ នោះ​អ្នក​ជួយ​សង្គ្រោះ​អាច​យក​សត្វ​ចាប​ទៅ​ជាមួយ។ សត្វ​ចាប​ដ៏​តូច​ទាំងនេះ​ឆាប់​ដឹង​ក្លិន​ពុល ដូច​ជា​ឧស្ម័ន​ពុល​ជាដើម។ បើ​ខ្យល់​មាន​ជាតិពុល នោះ​ធ្វើ​ឲ្យ​សត្វ​ចាប​ឈឺ​ចាប់ រហូត​ទៅ​ដល់​ធ្លាក់​ពី​បង្គង​ដែរ។ ការ​ដឹង​ភ្លាមៗ​នេះ​គឺ​សំខាន់​ណាស់ ដោយ​សារ​ឧស្ម័ន​ពុល​ជា​ឧស្ម័ន​ដែល​គ្មាន​ពណ៌ គ្មាន​ក្លិន ហើយ​ធ្វើ​ឲ្យ​កោសិកា​ក្រហម​ឈប់​បង្កើត​អុកស៊ីហ៊្សែន​ក្នុង​រូប​កាយ។ បើ​អ្នក​ជួយ​សង្គ្រោះ​មិន​ដឹង​ថា​ខ្យល់​មាន​ជាតិ​ពុល​ឬ​ក៏​អត់ នោះ​គាត់​អាច​សន្លប់ ព្រម​ទាំង​ស្លាប់​ដោយ​មិន​ដឹង​ថា​ខ្លួន​ពុល​សោះ។

២ ស្រ​ដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដូច​អ្នក​ជីក​រក​ធ្យូង​ថ្ម។ តើ​យ៉ាង​ដូច​ម្ដេច? ពេល​ព្រះ​យេស៊ូ​បង្គាប់​សិស្ស​ឲ្យ​ទៅ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក នោះ​ទ្រង់​បាន​ជ្រាប​ថា ឥទ្ធិពល​ដែល​មាននៅ​ជុំវិញ​ពួក​គាត់​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ឥទ្ធិពល​នេះ​គឺ​មក​ពី​សាតាំង និង​ចិត្ត​គំនិត​របស់​ពិភព​លោក។ (ម៉ាថ. ១០:​១៦; ១យ៉ូន. ៥:១៩) ព្រះ​យេស៊ូ​ខ្វល់ខ្វាយ​អំពី​សិស្ស​ទ្រង់​ដល់​ម្ល៉េះ ដែល​នៅ​យប់​មុន​ថ្ងៃ​ទ្រង់​អស់​ជីវិត ទ្រង់​អធិដ្ឋាន​ទៅ​បិតា​នៅ​ស្ថាន​សួគ៌​ថា​៖ «ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ»។—យ៉ូន. ១៧:១៥

៣, ៤​. តើ​ព្រះ​យេស៊ូ​ព្រមាន​សិស្ស​អំពី​អ្វី? ហើយ​ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ការ​ព្រមាន​នោះ?

៣ ព្រះ​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​នាំ​ឲ្យ​ពួក​គាត់​បាត់បង់​ជីវិត បើ​មិន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ឥទ្ធិពល​ដែល​មាន​ជុំវិញ​ពួក​គាត់​ទេ​នោះ។ ពាក្យ​របស់​ព្រះ​យេស៊ូ​មាន​ន័យ​ខ្លឹមសារ​សម្រាប់​យើង ដោយ​សារ​យើង​រស់នៅ​ក្នុង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក។ ទ្រង់​ដាស់​តឿន​សិស្ស​ថា​៖ «ចូរ​ចាំ​យាម​ចុះ! . . . ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។ (លូ. ២១:៣៤​-​៣៦) ព្រះ​យេស៊ូ​ក៏​បាន​សន្យា​ថា ព្រះ​វរបិតា​នឹង​ផ្ដល់​វិញ្ញាណ​ឬ​សកម្ម​ពល​របស់​ទ្រង់​ទៅ​លើ​សិស្ស​ឲ្យ​ចង​ចាំ​អ្វី​ដែល​ពួក​គេ​បាន​រៀន ហើយ​ចាំ​ថា​ពួក​គាត់​កំពុង​រស់​នៅ​គ្រា​ណា និង​ឲ្យ​មាន​សេចក្ដី​ក្លាហាន។—យ៉ូន. ១៤:២៦

៤ តើ​សព្វថ្ងៃ​នេះ​សកម្ម​ពល​របស់​ព្រះ​ជួយ​យើង​ទេ? បើ​ពិត​មែន តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សកម្ម​ពល​នោះ? តើ​ចិត្ត​គំនិត​របស់​ពិភព​លោក​ជា​អ្វី​ទៅ? ហើយ​តើ​ចិត្ត​គំនិត​នោះ​មាន​សកម្មភាព​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ទប់ទល់​ចិត្ត​គំនិត​របស់​ពិភព​លោក​ដោយ​ជោគជ័យ​យ៉ាង​ដូច​ម្ដេច?—សូម​អាន កូរិនថូសទី១ ២:១២

សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ឬ​ចិត្ត​គំនិត​របស់​ពិភព​លោក?

៥, ៦​. តើ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ណា? តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ទទួល​បាន?

៥ មិន​មែន​នៅ​សតវត្សរ៍​ទី​១​ប៉ុណ្ណោះ​ដែល​មនុស្ស​អាច​ទទួល​សកម្ម​ពល​បរិសុទ្ធ។ យើង​ក៏​អាច​ទទួល​នៅ​សព្វថ្ងៃ​នេះ​បាន​ដែរ។ សកម្ម​ពល​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​មានចិត្ត​ក្លៀវក្លា​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ព្រម​ទាំង​ចម្រើន​កម្លាំង​យើង​ក្នុង​កិច្ច​បម្រើ​ទ្រង់។ (រ៉ូម ១២:១១; ភី. ៤:១៣) ម្យ៉ាង​ទៀត សកម្ម​ពល​របស់​ព្រះ​ក៏​អាច​ជួយ​យើង​បណ្ដុះ​លក្ខណៈ​សម្បត្ដិ​ដែល​មាន​ភាព​ទន់ភ្លន់ ដូច​ជា​សេចក្ដី​ស្រឡាញ់ សុភាព និង​សប្បុរស ដែល​ជា​«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ»​ឬ​សកម្ម​ពល​របស់​ព្រះ។ (កា. ៥:២២, ២៣) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ផ្ដល់​សកម្ម​ពល​របស់​ទ្រង់​ទៅ​លើ​អ្នក​ដែល​មិន​ចង់​បាន​ទេ។

៦ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សួរ​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី ដើម្បី​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ?›។ គម្ពីរ​បង្ហាញ​ថា មាន​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ទទួល​បាន។ វិធី​សំខាន់​មួយ គឺ​ឲ្យ​យើង​សូម​ព្រះ។ (សូម​អាន លូកា ១១:១៣) វិធី​ដ៏​មាន​ប្រយោជន៍​មួយទៀត គឺ​សិក្សា​និង​ធ្វើ​តាម​ឱវាទ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ដែល​ត្រូវ​បាន​បណ្ដាល​មក​ដោយ​សារ​សកម្ម​ពល​របស់​ទ្រង់។ (២ធី. ៣:១៦) ពិត​ហើយ មិនមែន​មនុស្ស​ទាំងអស់​ដែល​គ្រាន់តែ​អាន​គម្ពីរ ទទួល​សកម្ម​ពល​របស់​ព្រះ​ទេ។ ក៏​ប៉ុន្តែ ពេល​គ្រិស្ត​សាសនិក​ស្មោះត្រង់​ម្នាក់​សិក្សា​បណ្ដាំ​របស់​ព្រះ នោះ​គាត់​អាច​ចាប់ផ្ដើម​មាន​អារម្មណ៍​និង​ទស្សនៈ​ដូច​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​បណ្ដាំ​ដែល​ទ្រង់​បាន​បណ្ដាល​ឲ្យ​សរសេរ។ ម្យ៉ាង​ទៀត គឺ​សំខាន់​ចាំបាច់​ឲ្យ​យើង​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​តែងតាំង​ព្រះ​យេស៊ូ​ជា​អ្នក​តំណាង​ទ្រង់ ហើយ​បាន​ផ្ដល់​សកម្ម​ពល​របស់​ទ្រង់​តាម​រយៈ​ព្រះ​យេស៊ូ។ (កូល. ២:៦) ដូច្នេះ​ហើយ គប្បី​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ហើយ​រស់នៅ​សម​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​ទ្រង់។ (១ពេ. ២:២១) ពេល​យើង​ខំ​ប្រព្រឹត្ត​កាន់​តែ​ដូច​ព្រះ​គ្រិស្ត នោះ​យើង​នឹង​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​កាន់​តែ​ច្រើន។

៧​. តើ​ចិត្ត​គំនិត​របស់​ពិភព​លោក​មាន​ឥទ្ធិពល​ទៅ​លើ​បុគ្គល​ម្នាក់ៗ​យ៉ាង​ដូច​ម្ដេច?

៧ ផ្ទុយ​ទៅ​វិញ ចិត្ត​គំនិត​របស់​ពិភព​លោក​មាន​អានុភាព​លើ​មនុស្ស​ដើម្បី​ឲ្យ​គេ​បង្ហាញ​បុគ្គលិក​លក្ខណៈ​របស់​សាតាំង។ (សូម​អាន អេភេសូរ ២:១​-​៣) ចិត្ត​គំនិត​របស់​ពិភព​លោក​មាន​សកម្ម​ភាព​ផ្សេងៗ។ មុន​ដំបូង ដូច​យើង​ឃើញ​នៅ​សព្វថ្ងៃ​នេះ ចិត្ត​គំនិត​នោះ​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​ប្រឆាំង​នឹង​គោលការណ៍​របស់​ព្រះ។ ម្យ៉ាង​ទៀត ក៏​លើក​តម្កើង​«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត»។ (១យ៉ូន. ២:​១៦) ចិត្ត​គំនិត​របស់​ពិភព​លោក​បង្កើត​កិច្ចការ​ខាង​សាច់​ឈាម ដូច​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវភេទ ការ​ថ្វាយ​បង្គំ​រូប​ព្រះ មន្តអាគម ចិត្ត​ច្រណែន ក្ដៅ​ក្រហាយ និង​ការ​ស្រវឹង​ជាដើម។ (កា. ៥:​១៩​-​២១) បន្ថែម​ទៀត ចិត្ត​គំនិត​បែប​នោះ​លើក​តម្កើង​ពាក្យ​សម្ដី​ក្បត់​ជំនឿ​ដែល​បំពាន​អ្វី​ដែល​បរិសុទ្ធ។ (២ធី. ២:​១៤​-​១៨) ពេល​បុគ្គល​ម្នាក់​បណ្ដោយ​តាម​ចិត្ត​គំនិត​របស់​ពិភព​លោក​កាន់តែ​ច្រើន នោះ​បុគ្គលិក​លក្ខណៈ​របស់​គាត់​គឺ​កាន់តែ​ដូច​សាតាំង។

៨​. តើ​យើង​គ្រប់​គ្នា​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​អ្វី?

៨ យើង​មិន​អាច​រស់​ដាច់​ពី​ឥទ្ធិពល​នៃ​ពិភព​លោក​នេះ​បាន​ទេ។ បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ជ្រើស​រើស​អ្វី​ដែល​នឹង​ដឹកនាំ​ជីវិត​ខ្លួន ពោល​គឺ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ ឬ​ក៏​ចិត្ត​គំនិត​របស់​ពិភព​លោក។ អស់អ្នក​ដែល​មាន​ចិត្ត​គំនិត​របស់​ពិភព​លោក​គ្រប់គ្រង​លើ​ជីវិត អាច​ដោះខ្លួន​ចេញពី​ឥទ្ធិពល​នោះ ហើយ​អាច​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​ដឹកនាំ​ជីវិត​របស់​ពួក​គេ​វិញ។ ក៏​ប៉ុន្តែ អ្នក​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​អស់​មួយ​រយៈ ក៏​អាច​ទៅ​ជា​ជាប់​អន្ទាក់​នៃ​ចិត្តគំនិត​របស់​ពិភព​លោក​បាន​ដែរ។ (ភី. ៣:១៨, ១៩) សូម​ឲ្យ​យើង​ពិនិត្យ​មើល​របៀប​ដែល​យើង​អាច​ទប់​ទល់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក។

ចូរ​កត់សម្គាល់​សញ្ញា​ព្រមាន​នៃ​គ្រោះ​ថ្នាក់

៩​-​១១​. តើ​មាន​សញ្ញា​ព្រមាន​ណាខ្លះ ដែល​បង្ហាញ​ថា​យើង​ប្រហែល​ជា​ចុះ​ចាញ់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក?

៩ អ្នក​ជីក​រក​ធ្យូង​ថ្ម​នៅ​ប្រទេស​អង់គ្លេស​ដែល​បាន​រៀប​រាប់​ពី​មុន ប្រើ​សត្វ​ចាប​ពណ៌​លឿង​តូចៗ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​ដឹង​ថា​មាន​ឧស្ម័ន​ពុល។ ប្រសិនបើ​គាត់​ឃើញ​សត្វ​ចាប​តូច​ធ្លាក់​ពី​បង្គង នោះ​គាត់​ដឹង​ថា​ត្រូវ​តែ​ចាត់​វិធានការ​ភ្លាម​ដើម្បី​រួច​រស់​ជីវិត។ បើ​យើង​គិត​អំពី​ជីវិត​របស់​យើង​ជា​គ្រិស្ត​សាសនិក តើ​មាន​សញ្ញា​ព្រមាន​នៃ​គ្រោះ​ថ្នាក់​ណាខ្លះ ដែល​បង្ហាញ​ថា​ចិត្ត​គំនិត​របស់​ពិភព​លោក​មាន​ឥទ្ធិពល​មក​លើ​យើង?

១០ ពេល​យើង​រៀន​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ហើយ​បន្ទាប់​មក​ឧទ្ទិស​ថ្វាយ​ជីវិត​យើង​ចំពោះ​ព្រះ​យេហូវ៉ា នោះ​យើង​ប្រហែល​ជា​ចូល​ចិត្ត​អាន​គម្ពីរ​ណាស់។ យើង​ប្រហែល​ជា​អធិដ្ឋាន​អស់​ពី​ចិត្ត ហើយ​ជា​រឿយៗ​ទៀត​ផង។ យើង​ក៏​បាន​រីករាយ​ទៅ​កិច្ចប្រជុំ​ក្រុម​ជំនុំ ព្រម​ទាំង​ចាត់​ទុក​កិច្ចប្រជុំ​នីមួយៗ​ជា​អ្វី​ដែល​ផ្ដល់​កម្លាំង​ចិត្ត​កម្លាំង​កាយ ហាក់​ដូច​ជា​អណ្ដូង​ដែល​មាន​ទឹកថ្លា​ឆ្វង់​សម្រាប់​អ្នក​ដែល​កំពុង​តែ​ស្រេក​ទឹក។ គន្លង​ជីវិត​នោះ​ជួយ​យើង​ឲ្យ​ដោះខ្លួន​និង​ផ្ដាច់​ខ្លួន​ពី​ចិត្ត​គំនិត​របស់​ពិភព​លោក។

១១ តើ​យើង​នៅ​តែ​ព្យាយាម​អាន​គម្ពីរ​រៀង​រាល់​ថ្ងៃ​ទេ? (ទំនុក. ១:​២) តើ​យើង​អធិដ្ឋាន​ជា​ញឹក​ញាប់ ហើយ​អស់ពី​ចិត្ត​ទេ? តើ​យើង​ស្រឡាញ់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់​រាល់​សប្ដាហ៍​ទេ? (ទំនុក. ៨៤:១០) ឬ​ក៏​តើ​ទម្លាប់​ល្អ​ទាំង​នោះ​បាន​បាត់បង់​ខ្លះ​ទៅ​ហើយ​ឬ? យើង​ប្រហែល​ជា​មាន​ភារកិច្ច​ច្រើន​ដែល​ទាម​ទារ​ពេល​វេលា​និង​កម្លាំង ហើយ​ពិបាក​ឲ្យ​យើង​រក្សា​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ។ ប៉ុន្តែ បើ​យើង​លែង​មាន​ទម្លាប់​ល្អ​ដូច​ពី​មុន តើ​នេះ​បញ្ជាក់​ថា​យើង​កំពុង​តែ​ចុះ​ចាញ់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក​ទេ? តើ​យើង​នឹង​ខំ​ប្រឹង​ឲ្យ​មែន​ទែន​ពី​ឥឡូវ ដើម្បី​ឲ្យ​មាន​ទម្លាប់​ល្អ​ឡើង​វិញ​ទេ?

កុំ​«ពង្វក់​ចិត្ត»​អ្នក​ឲ្យ​សោះ

១២​. តើ​ព្រះ​យេស៊ូ​ព្រមាន​សិស្ស​ឲ្យ​«ប្រយ័ត​ខ្លួន»​នឹង​អ្វី? ហេតុ​អ្វី?

១២ តើ​យើង​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក? ពេល​ព្រះ​យេស៊ូ​រំលឹក​សិស្ស​របស់​ទ្រង់​ថា «ចូរ​ចាំ​យាម​ចុះ!» នោះ​ទ្រង់​ទើបតែ​ព្រមាន​ពួក​គាត់​ចំៗ​អំពី​គ្រោះ​ថ្នាក់​ខ្លះ។ ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​[ឬ​«ពង្វក់​ចិត្ត»]​នូវ​សេចក្ដី​វក់​នឹង​ស៊ីផឹក ហើយ​នឹង​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម . . . ដូច​ជា​លប់»។—លូ. ២១:៣៤, ៣៥; ព.ថ.

១៣, ១៤​. តើ​សមរម្យ​ឲ្យ​យើង​សួរ​ខ្លួនឯង​សំណួរ​អ្វីខ្លះ​ស្តី​អំពី​ការ​ស៊ីផឹក?

១៣ សូម​គិត​អំពី​ការ​ព្រមាន​នោះ។ តើ​ព្រះ​យេស៊ូ​ហាម​ឃាត់​មិន​ឲ្យ​ទទួល​ទាន​ឬ​ពិសា​ស្រា​ទេ? មិនមែន​ទេ! ទ្រង់​ជ្រាប​អំពី​ពាក្យ​របស់​សាឡូម៉ូន​ដែល​ថា​៖ «យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំ​រាប់​[មនុស្សជាតិ] ដែល​វិសេស​ជាង​មានចិត្ត​រីករាយ ហើយ​រកបាន​សេចក្ដី​ល្អ​ដល់​ខ្លួន​អស់​វេលា​ដែល​មាន​ជីវិត​រស់នៅ​នោះ​ទេ។ ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់ទាំង​ការ​នឿយហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ»។ (សាស. ៣:១២, ១៣) ប៉ុន្តែ ព្រះ​យេស៊ូ​បាន​ជ្រាប​ថា ចិត្ត​គំនិត​របស់​ពិភព​លោក​នាំ​ឲ្យ​មនុស្ស​មិន​ចេះ​ទប់ចិត្ត​ក្នុង​ការ​បរិភោគ​ម្ហូប​អាហារ​និង​ផឹក​ស្រា។

១៤ តើ​យើង​អាច​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា ចិត្ត​គំនិត​របស់​ពិភព​លោក​មិន​បាន​បំពុល​ស្មារតី​យើង ធ្វើ​ឲ្យ​លែង​គិត​ពី​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​ស៊ីផឹក​ជ្រុល? យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​គិត​យ៉ាង​ណា ពេល​អាន​ដំបូន្មាន​ក្នុង​គម្ពីរ​ឬ​សៀវភៅ​ផ្សេងៗ​ស្តី​អំពី​ការ​ល្មោភ​ស៊ី? តើ​ខ្ញុំ​មាន​ទំនោរ​ចិត្ត​ឲ្យ​ចាត់​ទុក​ដំបូន្មាន​នោះ​ជា​អ្វី​ដែល​មិន​ទាក់ទង​នឹង​ខ្ញុំ​ឬ​ហួស​ហេតុ​ពេក ហើយ​ប្រហែល​ជា​ខំ​យក​លេស​នឹង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ទេ?a តើ​ខ្ញុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឱវាទ​ដែល​ថា បើ​សម្រេច​ចិត្ត​ផឹក​ស្រា​ត្រូវ​ផឹក​ដោយ​ចេះ​ប្រមាណ​ខ្លួន និង​ជៀសវាង​ពី​ការ​«ស៊ីផឹក​ស្រវឹង»? តើ​ខ្ញុំ​មើល​ស្រាល​ឱវាទ​បែប​នោះ ដោយ​មាន​អារម្មណ៍​ថា​ឱវាទ​នោះ​មិនមែន​សម្រាប់​ខ្ញុំ​ទេ? បើ​អ្នក​ឯ​ទៀត​ប្រាប់​ថា​គេ​ខ្វល់ខ្វាយ​ពី​របៀប​ដែល​ខ្ញុំ​ផឹក​ស្រា តើ​ខ្ញុំ​អាក់​អន់​ចិត្ត​ឬ​ខឹង​គេ​ទេ? តើ​ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​មិន​ឲ្យ​គិត​អំពី​ដំបូន្មាន​ពី​គម្ពីរ​ឲ្យ​បាន​ហ្មត់ចត់​ទេ?›។ ត្រូវ​ហើយ ចិត្ត​គំនិត​របស់​បុគ្គល​ម្នាក់​ជា​ទី​សម្គាល់​ដែល​បញ្ជាក់​ថា គាត់​ចុះ​ចាញ់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក​ឬ​ក៏​អត់។—សូម​ពិនិត្យ​បន្ថែម រ៉ូម ១៣:១១​-​១៤; ខ.ស.

កុំ​ឲ្យ​សេចក្ដី​ខ្វល់ខ្វាយ​មក​បង្អាក់​ចិត្ត​អ្នក

១៥​. តើ​ព្រះ​យេស៊ូ​បាន​ព្រមាន​អំពី​ទំនោរ​ចិត្ត​អ្វី​របស់​មនុស្ស​ជាតិ?

១៥ ជំហាន​មួយទៀត​ក្នុង​ការ​មិន​ចុះ​ចាញ់​ចិត្ត​គំនិត​របស់​ពិភព​លោក ទាក់​ទង​នឹង​របៀប​ដែល​យើង​ដោះ​ស្រាយ​កង្វល់​របស់​យើង។ ព្រះ​យេស៊ូ​ជ្រាប​ថា យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ មាន​ទំនោរ​ចិត្ត​ខ្វល់​ខ្វាយ​ពី​រឿង​ធម្មតាៗ​ក្នុង​ជីវិត។ ទ្រង់​បាន​និយាយ​ទៅ​កាន់​សិស្ស​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ថា​៖ «កុំ​ឲ្យ​ខ្វល់​ខ្វាយ»​ឡើយ។ (ម៉ាថ. ៦:​២៥) មិន​ជា​ការ​ចម្លែក​ទេ​ដែល​យើង​ខ្វល់ខ្វាយ​អំពី​រឿង​សំខាន់ៗ ដូច​ជា​ការ​ធ្វើ​ឲ្យ​ព្រះ​មាន​ព្រះ​ទ័យ​រីករាយ បំពេញ​ភារកិច្ច​របស់​យើង​ជា​គ្រិស្ត​សាសនិក ព្រម​ទាំង​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ក្រុម​គ្រួសារ​ជាដើម។ (១កូ. ៧:៣២​-​៣៤) ដូច្នេះ តើ​យើង​អាច​រៀន​អ្វី​ពី​សេចក្ដី​ព្រមាន​របស់​ព្រះ​យេស៊ូ?

១៦​. តើ​ចិត្ត​គំនិត​របស់​ពិភព​លោក​មាន​អានុភាព​អ្វី​ទៅ​លើ​មនុស្ស​ជា​ច្រើន?

១៦ ចិត្ត​គំនិត​របស់​ពិភព​លោក​នេះ ដែល​គិតតែ​ពី​សេចក្ដី​អំណួត​របស់​ជីវិត បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​កង្វល់​ដែល​បង្ខូច​សុខភាព។ មនុស្ស​ក្នុង​ពិភព​លោក​ចង់​ឲ្យ​យើង​ជឿ​ថា ប្រាក់​នាំ​ឲ្យ​មាន​ជីវិត​ផុត​ទុក្ខ​កង្វល់។ គេ​ក៏​ចង់​ឲ្យ​យើង​គិត​ថា តម្លៃ​មនុស្ស​អាស្រ័យ​ទៅ​លើ​ចំនួន​និង​គុណភាព​នៃ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន មិនមែន​ដោយ​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ត​សាសនិក​ទេ។ អស់អ្នក​ដែល​ចាញ់​បោក​ការ​ឃោសនា​នេះ នឹង​ដេញ​តាម​ទ្រព្យ​សម្បត្ដិ ព្រម​ទាំង​ខ្វល់ខ្វាយ​ជា​និច្ច​អំពី​ការ​ប្រមូល​ទំនិញ​ថ្មី​ជាងគេ ធំ​ជាងគេ និង​ទំនើប​ជាងគេ។ (សុ. ១៨:១១) ការ​មាន​ទស្សនៈ​ខុសឆ្គង​អំពី​ទ្រព្យ​សម្បត្ដិ បង្ក​ឲ្យ​មាន​កង្វល់​ដែល​ខ្ទប់​មិន​ឲ្យ​គ្រិស្ត​សាសនិក​មានការ​រីក​ចម្រើន​បាន​ឡើយ។—សូម​អាន ម៉ាថាយ ១៣:​១៨, ២២

១៧​. តើ​យើង​អាច​ទប់​កង្វល់​មិន​ឲ្យ​បង្អាក់​ចិត្ត​បាន​យ៉ាង​ដូច​ម្ដេច?

១៧ យើង​អាច​ទប់​កង្វល់​មិន​ឲ្យ​បង្អាក់​ចិត្ត​យើង​បាន បើ​យើង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន»។ ព្រះ​យេស៊ូ​ធានា​ថា បើ​យើង​ធ្វើ​ដូច​នេះ នោះ​អ្វីៗ​ដែល​យើង​ត្រូវការ​ចាំបាច់​នឹង​ផ្ដល់​មក​ឲ្យ​យើង​ថែម​ទៀត​ផង។ (ម៉ាថ. ៦:៣៣) តើ​យើង​អាច​បង្ហាញ​ថា​យើង​ជឿជាក់​នឹង​សេចក្ដី​សន្យា​នេះ​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​ស្វែងរក​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន ពោល​គឺ​ធ្វើ​តាម​គោលការណ៍​របស់​ព្រះ​ពី​អ្វី​ដែល​ត្រឹមត្រូវ​ស្តី​អំពី​រឿង​លុយ​កាក់។ ជា​ឧទាហរណ៍ យើង​មិន​ព្រម​កែ​បន្លំ​ប្រាក់​ចំណូល​ដើម្បី​បង់​ពន្ធដារ​តិច​ជាង​ទៅ​រដ្ឋ ឬ​ក៏​មិន​និយាយ​កុហក​ក្នុង​មុខ​របរ​របស់​យើង​ទេ សូម្បី​តែ​បន្ដិច​បន្តួច​ក៏​ដោយ។ ចំពោះ​កិច្ចសន្យា​ខាង​រឿង​លុយ​កាក់ នោះ​យើង​ខំ​ធ្វើ​អស់ពី​សមត្ថភាព​ដើម្បី​សង​បំណុល​វិញ ដោយ​រក្សា​សម្ដី​ថា «មែនៗ»។ (ម៉ាថ. ៥:៣៧; ទំនុក. ៣៧:​២១) សេចក្ដី​ទៀង​ត្រង់​ដូច​នេះ​មិន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ទៅ​ជា​មាន​ទេ តែ​នេះ​នឹង​នាំ​ឲ្យ​ព្រះ​ពេញចិត្ត យើង​គ្មាន​វិប្បដិសារៈ ហើយ​មិនសូវ​មាន​កង្វល់​ដែរ។

១៨​. តើ​ព្រះ​យេស៊ូ​តាំង​គំរូ​ល្អ​ណា​ឲ្យ​យើង? តើ​យើង​ទទួល​ប្រយោជន៍​ដោយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៨ ការ​ស្វែងរក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន រួម​បញ្ចូល​ការ​ដឹង​ពី​អ្វី​ដែល​គួរតែ​សំខាន់​ជាង​គេ​ក្នុង​ជីវិត។ សូម​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ។ ពេល​ខ្លះ​ទ្រង់​បាន​ពាក់​អាវ​យ៉ាង​ល្អ។ (យ៉ូន. ១៩:២៣) ទ្រង់​ពិសា​ម្ហូប​និង​ស្រា​យ៉ាង​រីករាយ​ជា​មួយ​មិត្ត​សម្លាញ់។ (ម៉ាថ. ១១:​១៨, ១៩) ប្រសិនបើ​ប្រៀប​នឹង​ម្ហូប​ទៅ​វិញ ក្នុង​ជីវិត​ទ្រង់​ទ្រព្យ​សម្បត្ដិ​និង​ការ​កម្សាន្ត​គឺ​ដូច​ជា​គ្រឿង​ផ្សំ មិនមែន​ជា​ម្ហូប​តែ​ម្ដង​ទេ។ ការ​ធ្វើ​តាម​បំណង​ចិត្ត​នៃ​ព្រះ​យេហូវ៉ា​ជា​ម្ហូប​របស់​ព្រះ​យេស៊ូ​វិញ។ (យ៉ូន. ៤:​៣៤​-​៣៦) ពេល​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ នោះ​យើង​ពិតជា​មាន​សុភមង្គល​ក្នុង​ជីវិត​មែន! យើង​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឲ្យ​ទទួល​ការ​កម្សាន្ត​ចិត្ត​ពី​បទ​គម្ពីរ។ យើង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​ក្រុម​ជំនុំ។ ហើយ​យើង​ក៏​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ដែរ។ ពេល​យើង​ទុក​អ្វី​ដែល​សំខាន់​ក្នុង​ជីវិត​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​ទ្រព្យ​សម្បត្ដិ​និង​ការ​កម្សាន្ត​មិន​មែន​ជា​ម្ចាស់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រព្យ​សម្បត្ដិ​និង​ការ​កម្សាន្ត​ជា​ខ្ញុំ​បម្រើ​របស់​យើង ឬ​ជា​ឧបករណ៍​ដែល​ជួយ​យើង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ បើ​យើង​មាន​សកម្មភាព​កាន់តែ​ច្រើន​ក្នុង​កិច្ចការ​ដែល​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ នោះ​យើង​មិន​ងាយ​ចុះ​ចាញ់​នឹង​ចិត្ត​គំនិត​របស់​ពិភព​លោក​ឡើយ។

ចូរ​បន្ត​‹ផ្ដោត​គំនិត​តាម​សកម្ម​ពល​របស់​ព្រះ›

១៩​-​២១​. តើ​យើង​អាច​បន្ត‹ផ្ដោត​គំនិត​តាម​សកម្ម​ពល​របស់​ព្រះ›យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​ធ្វើ​ដូច្នេះ?

១៩ យើង​ត្រូវ​គិត​មុន​គូរ។ ការ​ប្រព្រឹត្ត​ដោយ​មិន​គិត ច្រើន​តែ​ជា​ការ​ប្រព្រឹត្ត​ដែល​មក​ពី​ការ​គិតតែ​ពី​ខាង​សាច់​ឈាម។ យ៉ាង​នេះ សាវ័ក​ប៉ុល​រំលឹក​យើង​ឲ្យ​ការពារ​សមត្ថភាព​គិត​គូរ​របស់​យើង​ជា​ចាំបាច់។ គាត់​បាន​សរសេរ​ថា​៖ «អស់អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ​វិញ្ញាណ​[ឬ​«សកម្ម​ពល​របស់​ព្រះ»] នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ​[ឬ​«ផ្ដោត​គំនិត​ទៅ​លើ​អ្វីៗ​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ពល​របស់​ព្រះ»]»។—រ៉ូម ៨:៥; ព.ថ.

២០ តើ​យើង​អាច​ជៀស​វាង​មិន​ឲ្យ​មាន​ការ​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ចិត្ត​គំនិត​របស់​ពិភព​លោក​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ការពារ​ចិត្ត​គំនិត​ដោយ​មិន​យក​ចិត្ត​ទុកដាក់​នឹង​ការ​ឃោសនា​របស់​ពិភព​លោក។ ជា​ឧទាហរណ៍ ពេល​ជ្រើសរើស​កម្មវិធី​ទូរទស្សន៍​ឬ​កុន យើង​មិន​ឲ្យ​កម្មវិធី​ណា​ដែល​លើក​តម្កើង​អំពើ​ប្រាសចាក​សីលធម៌​ឬ​អំពើ​ឃោរឃៅ មក​បង្ខូច​ចិត្ត​គំនិត​យើង​ឡើយ។ យើង​ដឹង​ថា​សកម្ម​ពល​បរិសុទ្ធ ឬ​ស្អាតស្អំ មិន​ស្ថិត​នៅ​ជាមួយ​មនុស្ស​ដែល​មាន​គំនិត​ស្មោក​គ្រោក​ទេ។ (ទំនុក. ១១:៥; ២កូ. ៦:១៥​-​១៨) បន្ថែម​ទៅ​ទៀត យើង​ឲ្យ​សកម្ម​ពល​របស់​ព្រះ​ចូល​ក្នុង​ចិត្ត​គំនិត​របស់​យើង​តាម​រយៈ​ការ​អាន​គម្ពីរ​ជា​ទៀងទាត់ ការ​អធិដ្ឋាន ការ​រំពឹង​គិត និង​ការ​ចូល​រួម​កិច្ចប្រជុំ។ ម្យ៉ាង​ទៀត យើង​ក៏​ធ្វើការ​ជាមួយ​សកម្ម​ពល​របស់​ព្រះ​កាល​ដែល​យើង​ចូល​រួម​ផ្សព្វផ្សាយ​យ៉ាង​ទៀង​ទាត់។

២១ ត្រូវ​ហើយ យើង​ត្រូវ​ទប់​ទល់​ចិត្ត​គំនិត​របស់​ពិភព​លោក និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​ដែល​ពិភព​លោក​លើក​តម្កើង។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​ពិតជា​មាន​ប្រយោជន៍​សម្រាប់​យើង ដ្បិត​ប៉ុល​ថ្លែង​ថា​៖ «គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ​វិញ្ញាណ​[ឬ​«សកម្ម​ពល​របស់​ព្រះ»] នោះ​ទើប​ជា​ជីវិត​នឹង​សេចក្ដី​សុខ​សាន្ត​វិញ»។—រ៉ូម ៨:៦; ព.ថ.

[កំណត់​សម្គាល់]

a ការ​ល្មោភ​ស៊ី​ទាក់​ទង​នឹង​ចិត្ត​គំនិត ពោល​គឺ​ចិត្ត​គំនិត​ល្មោភ​ឬ​បណ្ដែត​បណ្ដោយ​តាម​ការ​សប្បាយ។ យ៉ាង​នេះ បុគ្គល​ម្នាក់​អាច​ជា​អ្នក​ល្មោភ​ស៊ី​ដោយ​សារ​ចិត្តគំនិត​របស់​គាត់​ចំពោះ​ម្ហូប​អាហារ មិនមែន​ដោយ​សារ​រាងរៅ​ឡើយ។ បុគ្គល​ម្នាក់​ប្រហែល​ជា​មាន​កម្ពស់​កម្ពរ​ធម្មតា​ឬ​ក៏​ស្គម តែ​ជា​អ្នក​ល្មោភ​ស៊ី។ ម្យ៉ាង​វិញ​ទៀត ក្នុង​ករណី​ខ្លះ ការ​ធាត់​ពេក​ដោយ​សារ​ជំងឺ​ឬ​ក៏​មាន​បញ្ហា​ដែល​ឆ្លង​ពី​ឪពុក​ម្ដាយ​ដែល​នាំ​ឲ្យ​ខ្លួន​ធាត់​ដុះពោះ។ មិន​ថា​បុគ្គល​ម្នាក់​មាន​ទម្ងន់​ធ្ងន់​ប៉ុន្មាន​ក៏​ដោយ អ្វី​ដែល​សំខាន់​គឺ​តើ​បុគ្គល​នោះ​ល្មោភ​ពេក​ស្តី​អំពី​ម្ហូប​អាហារ​ឬ​ក៏​អត់។

តើ​អ្នក​នៅ​ចាំ​ទេ?

• ដើម្បី​ទទួល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ?

• តើ​ចិត្តគំនិត​របស់​ពិភព​លោក​មាន​ឥទ្ធិពល​មក​លើ​យើង​តាម​របៀប​ណាខ្លះ?

• តើ​យើង​អាច​ទប់ទល់​ចិត្ត​គំនិត​របស់​ពិភព​លោក​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២៣]

មុន​ពេល​ចេញ​ទៅ​ធ្វើការ​ឬ​ទៅ​សាលារៀន ចូរ​អធិដ្ឋាន​សូម​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ

[រូបភាព​នៅ​ទំព័រ​២៤]

យើង​ត្រូវ​រក្សា​ចិត្តគំនិត​ឲ្យ​ស្អាត​រកស៊ី​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទម្លាប់​ឲ្យ​ចេះ​ប្រមាណ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក