ពិភពលោកដែលគ្មានភាពក្រីក្រជិតមកដល់ហើយ
មនុស្សជាច្រើនដែលជាអ្នកក្រីក្រចូលចិត្តរូបភាពផ្សេងៗដែលបង្ហាញអំពីសួនមនោរម្យ ដូចនៅក្របនៃទស្សនាវដ្ដីនេះជាដើម។ ចំពោះមនុស្សមួយគូដំបូង អ័ដាមនិងអេវ៉ា ពួកគាត់បានរស់នៅក្នុងសួនមនោរម្យមែន។ លំនៅរបស់ពួកគាត់គឺជាសួនច្បារអេដែន។ (លោកុប្បត្តិ ២:៧-២៣) ប៉ុន្តែ សួនមនោរម្យនោះបានបាត់បង់ទៅ។ យ៉ាងណាក៏ដោយ ដែលយើងជឿទៅលើសួនមនោរម្យនៅអនាគត ដែលមានពិភពលោកថ្មីគ្មានភាពក្រីក្រ គឺមិនមែនគ្រាន់តែជាសុបិននោះទេ។ ការជឿនេះគឺមានមូលដ្ឋានយ៉ាងរឹងមាំលើសេចក្ដីសន្យាដែលមានក្នុងព្រះគម្ពីរ។
ចូរគិតអំពីសេចក្ដីសន្យាដែលព្រះយេស៊ូគ្រីស្ទបានមានបន្ទូលនៅថ្ងៃចុងក្រោយនៃព្រះជន្មទ្រង់នៅផែនដី។ ឧក្រិដ្ឋជនម្នាក់ដែលស្លាប់នៅជិតព្រះយេស៊ូមានជំនឿលើសមត្ថភាពរបស់ព្រះ ដើម្បីដោះស្រាយបញ្ហារបស់មនុស្ស។ បុរសនោះបានពោលថា៖ «ព្រះអម្ចាស់អើយ! កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង»។ ពាក្យសំដីរបស់ឧក្រិដ្ឋជននោះបង្ហាញថាគាត់ជឿថាព្រះយេស៊ូនឹងសោយរាជ្យជាស្តេច ហើយថាមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខ[សួនមនោរម្យ, ព.ថ.]ជាមួយនឹងខ្ញុំដែរ»។—លូកា ២៣:៤២, ៤៣
ព្រះគម្ពីរចែងអំពីមនុស្សដែលនឹងរស់នៅក្នុងសួនមនោរម្យថា៖ «គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ»។ (អេសាយ ៦៥:២១) មែនហើយ«គ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ»។—មីកា ៤:៤
បើដូច្នេះ ហេតុអ្វីបានជាមានភាពក្រីក្រនៅសព្វថ្ងៃ? តើព្រះប្រទានជំនួយអ្វីដល់មនុស្សក្រីក្រ? តើនៅពេលណាទៅទើបលែងមានភាពក្រីក្រទៀត?
ហេតុអ្វីបានជាមានភាពក្រីក្រនៅសព្វថ្ងៃ?
អ័ដាមនិងអេវ៉ាបានបាត់បង់នូវសួនមនោរម្យនោះ គឺដោយសារទេវតាអាក្រក់មួយរូប ពោលគឺអារក្សសាតាំង ដែលជាអ្នកផ្ដើមឲ្យមានការបះបោរ។ សត្វពស់ជាឧបករណ៍ដែលអារក្សសាតាំងប្រើដើម្បីល្បួងអេវ៉ាឲ្យបំពានលើច្បាប់របស់ព្រះចំពោះការហាមបរិភោគផ្លែពីដើមឈើមួយ។ វាបានបោកបញ្ឆោតនាងឲ្យជឿថា នាងនឹងមានជីវិតប្រសើរជាងបើមិនពឹងពាក់លើព្រះ។ នៅពេលដែលអេវ៉ាឲ្យអ័ដាមនូវផ្លែដែលព្រះហាមបរិភោគ នោះអ័ដាមក៏បរិភោគផ្លែនោះដែរ។ អ័ដាមបានយល់ស្របតាមភរិយា មិនបានស្ដាប់បង្គាប់តាមព្រះឡើយ។—លោកុប្បត្តិ ៣:១-៦; ធីម៉ូថេទី១ ២:១៤
គូស្វាមីភរិយានោះត្រូវបានបណ្ដេញចេញពីសួនមនោរម្យយ៉ាងត្រឹមត្រូវ ហើយតាំងពីពេលនោះមក ពួកគាត់ត្រូវខំពុះពារទាំងលំបាកដើម្បីរស់រានមានជីវិត។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងគ្រប់គ្រងលើមនុស្សមានបាបមកដល់សព្វថ្ងៃ ដើម្បីឲ្យឃើញជាក់ស្តែងនូវលទ្ធផលដែលមកពីការមិនស្ដាប់បង្គាប់ព្រះ។ កំណត់ហេតុក្នុងប្រវត្ដិសាស្ត្របានសឲ្យឃើញថា មនុស្សជាតិមិនអាចធ្វើឲ្យមានសួនមនោរម្យលើផែនដីឡើយ។ (យេរេមា ១០:២៣) ផ្ទុយទៅវិញ ការមិនពឹងពាក់លើព្រះបាននាំឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដែលរួមបញ្ចូលភាពក្រីក្រ។—សាស្ដា ៨:៩
យ៉ាងណាក៏ដោយក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហានេះ មនុស្សក្រីក្រមិនមែនស្ថិតក្នុងភាពអស់សង្ឃឹមនោះទេ។ ព្រះគម្ពីរដែលជាសៀវភៅដែលព្រះបានបណ្ដាលឲ្យតែងមានការណែនាំដ៏ល្អសំរាប់ពួកគេ។
‹កុំឲ្យខ្វល់ខ្វាយ›
ព្រះយេស៊ូបានមានបន្ទូលដល់មនុស្សមួយចំនួនធំដែលរួមបញ្ចូលមនុស្សក្រីក្រជាច្រើនផងដែរដោយថា៖ «ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? . . . ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ។ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ។ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថាយ ៦:២៦-៣៣
មនុស្សក្រីក្រមិនចាំបាច់លួចទេ។ (សុភាសិត ៦:៣០, ៣១) ប្រសិនបើគាត់ទុកប្រយោជន៍របស់ព្រះជាអាទិភាព នោះគាត់នឹងបានរបស់ដែលត្រូវការ។ ចូរពិនិត្យមើលបុរសម្នាក់ឈ្មោះទួគីសូពីប្រទេសឡេសូថូ ជាប្រទេសមួយនៅទ្វីបអាហ្វ្រិកប៉ែកខាងត្បូង។ នៅឆ្នាំ១៩៩៨ កងទ័ពបរទេសបានចូលប្រទេសឡេសូថូដើម្បីបង្ក្រាបការបះបោរដែលប្រឆាំងនឹងរដ្ឋាភិបាល។ ដោយសារសង្គ្រាមនោះ មានចោរលួចអីវ៉ាន់ពីហាងផ្សេងៗ មនុស្សបាត់បង់ការងារ ហើយមានការខ្វះអាហារយ៉ាងខ្លាំង។
ទួគីសូរស់នៅក្នុងភូមិក្រីក្រជាងគេនៅរដ្ឋធានី។ អ្នកជិតខាងជាច្រើនបានទៅលួចរបស់ពីហាងផ្សេងៗដើម្បីឲ្យតែបានមួយរស់ៗ។ នៅពេលដែលទួគីសូត្រឡប់មកផ្ទះវិញ គាត់ឃើញថាស្ត្រីដែលគាត់រស់នៅជាមួយឈ្មោះម៉ាស៊ីសូបានលួចរបស់ផ្សេងៗជាច្រើន។ ទួគីសូប្រាប់នាងថា៖ «ចូរយករបស់ទាំងនេះចេញទៅក្រៅ» ដោយពន្យល់នាងថាការលួចគឺបំពានច្បាប់របស់ព្រះ។ ម៉ាស៊ីសូបានធ្វើតាមគាត់។ ពួកអ្នកជិតខាងចំអកមើលងាយពួកគេ ហើយក៏នាំគ្នាយករបស់នោះអស់ទៅ។
ទួគីសូបានកាន់ជំហរបែបនេះពីព្រោះគាត់បានរៀនព្រះគម្ពីរជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ តើហេតុដែលគាត់គោរពតាមច្បាប់របស់ព្រះធ្វើឲ្យគាត់ស្លាប់ដោយអត់អាហារឬ? មិនដូច្នេះឡើយ! មិនយូរប៉ុន្មាន អ្នកចាស់ទុំក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅជួបទួគីសូ ហើយបានចាត់ចែងយកអាហារខ្លះឲ្យគាត់។ តាមពិត ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ជូនជំនួយជាអាហារជាងពីរតោន ដើម្បីជួយបងប្អូនប្រុសស្រីនៅប្រទេសឡេសូថូ។ ម៉ាស៊ីសូបានស្ងើចចិត្តនឹងទួគីសូដែលគាត់គោរពស្ដាប់បង្គាប់ព្រះ ហើយស្ងើចចិត្តនឹងក្រុមជំនុំដែលផ្ដល់នូវជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់ដែរ។ ហេតុនេះហើយបានជានាងចាប់ផ្ដើមសិក្សាព្រះគម្ពីរដែរ។ ក្រោយមក ពួកគាត់បានរៀបការត្រឹមត្រូវតាមច្បាប់ ហើយមានលទ្ធភាពទទួលបុណ្យជ្រមុជទឹកជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគេនៅតែបំរើព្រះដោយក្ដីស្មោះត្រង់។
ព្រះយេហូវ៉ាមើលថែរក្សាចំពោះមនុស្សក្រីក្រ។ (សូមមើលប្រអប់ចំណងជើងថា «តើព្រះមានទស្សនៈយ៉ាងណាចំពោះមនុស្សក្រីក្រ?») ដោយសេចក្ដីស្រឡាញ់ ព្រះបានចាត់ចែងជួយមនុស្សឯទៀតដូចទួគីសូនិងម៉ាស៊ីសូឲ្យរៀនថែមទៀតអំពីទ្រង់។ ទ្រង់ប្រទាននូវឱវាទដែលមានប្រយោជន៍សំរាប់ការរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់។
សំវិធានការដែលមានប្រយោជន៍
ស្មរបន្ទាល់ព្រះយេហូវ៉ាក៏ខ្វល់ខ្វាយដូចជាព្រះដែរចំពោះមនុស្សក្រីក្រ។ (កាឡាទី ២:១០) នៅពេលដែលមានមហន្តរាយនៅប្រទេសណាមួយ ហើយជនគ្រីស្ទានពិតរងគ្រោះដែរ នោះក៏មានការចាត់ចែងដើម្បីផ្ដល់ជំនួយ។ អ្វីដែលសំខាន់ជាងនោះទៅទៀត គឺស្មរបន្ទាល់ព្រះយេហូវ៉ាបង្ហាញនូវការខ្វល់ខ្វាយចំពោះតម្រូវការខាងវិញ្ញាណសំរាប់មនុស្សគ្រប់គ្នា រួមបញ្ចូលមនុស្សក្រីក្រផងដែរ។ (ម៉ាថាយ ៩:៣៦-៣៨) ក្នុងកំឡុង៦០ឆ្នាំកន្លងទៅនេះ អ្នកបំរើរាប់ពាន់នាក់ដែលបានទទួលការអប់រំបានស្ម័គ្រចិត្តទៅបំរើនៅប្រទេសផ្សេងៗជាសាសនទូត។ ឧទាហរណ៍ដូចជាគូស្វាមីភរិយាពីប្រទេសហ្វាំងឡង់។ ដោយសារពួកគាត់រៀនចេះភាសាស៊ីសូតូ ពួកគាត់អាចជួយទួគីសូនិងម៉ាស៊ីសូឲ្យក្លាយទៅជាសិស្សរបស់ព្រះយេស៊ូដែរ។ (ម៉ាថាយ ២៨:១៩, ២០) កិច្ចការបំរើជាសាសនទូតតែងតម្រូវឲ្យលះបង់នូវជីវិតស្រណុកស្រួលនៅប្រទេសរបស់ខ្លួន ហើយដូរទៅបំរើនៅប្រទេសក្រីក្រវិញ។
ជនគ្រីស្ទានពិតមិនលួចដើម្បីឲ្យបានរស់រានមានជីវិតនោះទេ។ ផ្ទុយទៅវិញ ពួកគេមានជំនឿលើសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីជួយពួកគេ។ (ហេព្រើរ ១៣:៥, ៦) វិធីមួយដែលព្រះយេហូវ៉ាជួយរាស្ត្រទ្រង់គឺតាមរយៈអង្គការរបស់ទ្រង់ដែលមានអ្នកថ្វាយបង្គំនៅទូទាំងផែនដី ដែលមើលថែរក្សាគ្នាទៅវិញទៅមក។
វិធីមួយទៀតដែលព្រះយេហូវ៉ាជួយមនុស្សក្រីក្រគឺដោយប្រទាននូវឱវាទដែលមានប្រយោជន៍សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាឧទាហរណ៍ ព្រះគម្ពីរបញ្ជាថា៖ «អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង»។ (អេភេសូរ ៤:២៨) មនុស្សដែលគ្មានការងារជាច្រើនអាចបង្កើតការងារខ្លួនឯង គឺដោយខំប្រឹងយ៉ាងនឿយហត់ដាំដំណាំជាដើម។ ព្រះគម្ពីរក៏ជួយមនុស្សក្រីក្រឲ្យចេះសន្សំលុយ ដោយបង្រៀនពួកគេចៀសវាងទម្លាប់អាក្រក់ ដូចជាការផឹកស្រាហួសប្រមាណ។—អេភេសូរ ៥:១៨
តើនៅពេលណាដែលនឹងលែងមានភាពក្រីក្រ?
ព្រះគម្ពីរបញ្ជាក់ថាយើងកំពុងតែរស់នៅ‹ថ្ងៃជាន់ក្រោយបង្អស់›នៃការគ្រប់គ្រងរបស់សាតាំង។ (ធីម៉ូថេទី២ ៣:១) មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងបញ្ជូនព្រះយេស៊ូគ្រីស្ទឲ្យមកជំនុំជំរះមនុស្សជាតិ។ នៅពេលនោះ តើនឹងមានអ្វីកើតឡើង? ព្រះយេស៊ូប្រទាននូវចម្លើយតាមរយៈរឿងប្រៀបប្រដូចមួយរបស់ទ្រង់ថា៖ «កាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ»។—ម៉ាថាយ ២៥:៣១-៣៣
នៅក្នុងរឿងប្រៀបប្រដូចនេះ សត្វចៀមគឺតំណាងមនុស្សដែលចុះចូលនឹងការគ្រប់គ្រងរបស់ព្រះយេស៊ូ។ ព្រះយេស៊ូបានប្រៀបប្រដូចពួកគេទៅនឹងសត្វចៀម ពីព្រោះពួកគេធ្វើតាមទ្រង់ជាអ្នកគង្វាល។ (យ៉ូហាន ១០:១៦) មនុស្សដែលមានលក្ខណៈដូចចៀមនឹងទទួលបានជីវិត ក្រោមការគ្រប់គ្រងដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូ។ នេះជាជីវិតដែលមានសុភមង្គលនៅក្នុងពិភពលោកថ្មីដែលគ្មានភាពក្រីក្រ។ មនុស្សដែលមានលក្ខណៈដូចសត្វពពែ ដែលបដិសេធការគ្រប់គ្រងរបស់ព្រះយេស៊ូនឹងត្រូវបំផ្លាញចោលជារៀងរហូត។—ម៉ាថាយ ២៥:៤៦
ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យលែងមានអំពើអាក្រក់ទៀត។ ពេលនោះនឹងលែងមានភាពក្រីក្រទៀតហើយ។ ផ្ទុយទៅវិញ មនុស្សដែលរស់នៅផែនដីគ្រានោះគឺជាមនុស្សដែលស្រឡាញ់គ្នាហើយមើលថែរក្សាគ្នាទៅវិញទៅមក។ ហេតុដែលអាចមានពិភពលោកថ្មីបែបនេះ គឺត្រូវសបញ្ជាក់ដោយភាតរភាពរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដែលប្រកបដោយក្ដីស្រឡាញ់ ដ្បិតព្រះយេស៊ូបានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៥
[ប្រអប់/រូបភាពនៅទំព័រ៦]
តើព្រះមានទស្សនៈយ៉ាងណាចំពោះមនុស្សក្រីក្រ?
ព្រះគម្ពីរចែងអំពីព្រះដែលបង្កើតមនុស្សជាតិថាជាព្រះដែល«ប្រទានអាហារដល់អស់អ្នកដែលឃ្លាន»។ (ទំនុកដំកើង ១៤៦:៧) នៅក្នុងព្រះគម្ពីរមានជាងមួយរយខដែលបញ្ជាក់ថា ព្រះយកព្រះទ័យទុកដាក់នឹងមនុស្សក្រីក្រ។
ជាឧទាហរណ៍ នៅពេលដែលព្រះយេហូវ៉ាប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់សាសន៍អ៊ីស្រាអែលពីបុរាណ ទ្រង់បានបង្គាប់ឲ្យអ្នកធ្វើស្រែចំការជាតិអ៊ីស្រាអែលមិនត្រូវច្រូតឲ្យដល់កៀនដីរបស់គេទាំងអស់ទេ។ ពួកគេមិនត្រូវរើសផ្លែពីដើមអូលីវម្ដងទៀតឡើយ។ ក្រិត្យវិន័យនេះជាសំវិធានការដែលប្រកបដោយក្ដីស្រឡាញ់ចំពោះអ្នកដទៃ កូនកំព្រា ស្រីមេម៉ាយនិងពួកអ្នកដែលមានទុក្ខ។—លេវីវិន័យ ១៩:៩, ១០; ចោទិយកថា ២៤:១៩-២១
ម្យ៉ាងវិញទៀត ព្រះបានបញ្ជាពួកអ៊ីស្រាអែលថា៖ «កុំឲ្យធ្វើទុក្ខដល់ស្ត្រីមេម៉ាយឬកូនកំព្រាណាឡើយ បើធ្វើទុក្ខដល់គេ ហើយគេអំពាវនាវរកអញ នោះអញនឹងឮសំរែករបស់គេជាមិនខាន ហើយសេចក្ដីក្រោធរបស់អញនឹងក្ដៅឡើង អញនឹងសំឡាប់ឯងរាល់គ្នាដោយដាវ នោះប្រពន្ធរបស់ឯងរាល់គ្នានឹងត្រឡប់ទៅជាមេម៉ាយ ហើយកូនឯងនឹងទៅជាកំព្រាដែរ»។ (និក្ខមនំ ២២:២២-២៤) គួរឲ្យស្ដាយណាស់ ដែលពួកអ៊ីស្រាអែលជាច្រើនដែលជាអ្នកមានមិនបានស្ដាប់តាមបង្គាប់របស់ព្រះទេ។ ដោយហេតុនេះនិងដោយការប្រព្រឹត្តខុសឯទៀត ព្រះយេហូវ៉ាបានប្រទាននូវការព្រមានផ្សេងៗតាមរយៈព្យាការីដល់ពួកអ៊ីស្រាអែល។ (អេសាយ ១០:១, ២; យេរេមា ៥:២៨; អេម៉ុស ៤:១-៣) ជាយថាហេតុ ព្រះបានបណ្ដាលឲ្យពួកសាសន៍អាសស៊ើរនិងក្រោយមកពួកបាប៊ីឡូនឲ្យគ្រប់គ្រងតំបន់អ៊ីស្រាអែល។ ពួកជនជាតិអ៊ីស្រាអែលជាច្រើនត្រូវបានស្លាប់ ហើយប្រជាជនដែលនៅរស់ត្រូវបានយកទៅនៅប្រទេសផ្សេង។
ព្រះយេស៊ូគ្រីស្ទដែលជាបុត្រស្ងួនភ្ងារបស់ព្រះ បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមនុស្សក្រីក្រដូចព្រះវរបិតារបស់ទ្រង់ដែរ។ ព្រះយេស៊ូបានពន្យល់នូវគោលបំណងនៃកិច្ចបំរើទ្រង់ថា៖ «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ»។ (លូកា ៤:១៨) នេះមិនបានសេចក្ដីថា ទ្រង់ផ្សព្វផ្សាយដល់មនុស្សក្រីក្រប៉ុណ្ណោះទេ។ ដោយក្ដីស្រឡាញ់ ទ្រង់ក៏បានជួយអ្នកមានដែរ។ ក៏ប៉ុន្តែ ក្នុងកាលដែលជួយអ្នកមាន ទ្រង់ក៏រមែងយកព្រះទ័យទុកដាក់នឹងមនុស្សក្រីក្រជាញឹកញយ។ ជាឧទាហរណ៍ ទ្រង់ប្រទានឱវាទនេះដល់នាម៉ឺនម្នាក់ថា៖ «ចូរទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្ដិនៅលើស្ថានសួគ៌វិញ រួចចូរមកតាមខ្ញុំចុះ!»។—លូកា ១៤:១, ១២-១៤; ១៨:១៨, ២២; ១៩:១-១០
ព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងដល់មនុស្សក្រីក្រ។ (ម៉ាកុស ១២:៤១-៤៤; យ៉ាកុប ២:១-៦) ដោយបង្ហាញនូវការយកព្រះទ័យទុកដាក់ចំពោះមនុស្សក្រីក្រ ទ្រង់ក៏នឹកចាំមនុស្សក្រីក្ររាប់លាននាក់ដែលបានស្លាប់ទៅ។ មនុស្សក្រីក្រទាំងអស់នេះនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយរស់នៅក្នុងពិភពលោកថ្មីដែលគ្មានភាពក្រីក្រទៀតឡើយ។—កិច្ចការ ២៤:១៥
[រូបភាព]
ភាតរភាពអន្តរជាតិនៃស្មរបន្ទាល់ព្រះយេហូវ៉ាដែលបញ្ជាក់ថាអាចមានពិភពលោកថ្មី
[រូបភាពនៅទំព័រ៥]
ទួគីសូនិងម៉ាស៊ីសូថតជាមួយនឹងសាសនទូតដែលសិក្សាព្រះគម្ពីរជាមួយនឹងទួគីសូ
[រូបភាពនៅទំព័រ៥]
ម៉ាស៊ីសូនៅមាត់ទ្វារជាមួយនឹងសាសនទូតដែលសិក្សាព្រះគម្ពីរជាមួយនឹងនាង