បន្ដិចទៀត គ្មានបុគ្គលណាម្នាក់នឹងទ័លក្រទៀតឡើយ!
«កុំខ្លាចអី មើល! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្ដាជនទាំងអស់គ្នា»។ (លូកា ២:១០) ពួកអ្នកគង្វាលនៅជិតក្រុងបេថ្លេហិមបានឮពាក្យដែលគួរឲ្យលើកទឹកចិត្តទាំងនេះ ក្នុងរាត្រីដែលព្រះយេស៊ូបានប្រសូតមក។ ក្នុងការស្របទៅតាមសេចក្ដីប្រកាសនោះ ព្រះយេស៊ូបានដៅបញ្ជាក់យ៉ាងច្បាស់ទៅលើ«ដំណឹងល្អ»ក្នុងកំឡុងកិច្ចបំរើរបស់ទ្រង់នៅលើផែនដី។ នៅសព្វថ្ងៃនេះ ដោយសារតែយើងពឹងពាក់ទៅលើប្រាក់ទាំងស្រុងសំរាប់សេចក្ដីត្រូវការរបស់យើងនោះ តើដំណឹងល្អអំពីព្រះយេស៊ូអាចមានប្រយោជន៍ចំពោះយើងដូចម្ដេចបាន?
ព្រះយេស៊ូគ្រីស្ទបានប្រកាស«ដំណឹងល្អដល់មនុស្សទ័លក្រ»។ (លូកា ៤:១៨) យោងទៅតាមបទគម្ពីរម៉ាថាយ ៩:៣៥៖ «ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ»។ ពិតហើយ ចំពោះមនុស្សទ័លក្រយ៉ាងក្រៃលែង សាររបស់ទ្រង់គឺមានការលើកទឹកចិត្តដល់ពួកគេណាស់។ «កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ពិតមែន ព្រះយេស៊ូបានមានបន្ទូលថា «ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប»។ ប៉ុន្តែ យើងមិនត្រូវយកពាក្យទាំងនេះមកសន្និដ្ឋានថា គ្មានសេចក្ដីសង្ឃឹមសំរាប់អ្នកក្រខ្សត់នោះឡើយ។ (យ៉ូហាន ១២:៨) ដរាបណាដែលសម័យដ៏អាក្រក់នេះនៅមានតទៅ ដរាបនោះមនុស្សទ័លក្រក៏នៅតែមានដែរ មិនថាអ្វីដែលប្រហែលជាបណ្ដាលឲ្យគេធ្លាក់ទៅក្នុងស្ថានភាពនេះទេ។ ពាក្យបន្ទូលរបស់ព្រះមិនបានបដិសេធអំពីការជាក់ស្តែងនៃភាពក្រខ្សត់នោះទេ ប៉ុន្តែ គ្រាន់តែមិនថ្លែងសង្កត់យ៉ាងហួសហេតុទៅទិដ្ឋភាពមិនល្អប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពាក្យបន្ទូលរបស់ព្រះផ្ដល់នូវជំនួយឲ្យមនុស្សទ័លក្រទ្រាំនឹងសេចក្ដីទុក្ខព្រួយនៃជីវិត។
ជំនួយសំរាប់មនុស្សទ័លក្រ
មានសេចក្ដីមួយបានចែងមកថា៖ «បន្ទុកដ៏ធំក្រៃលែងដែលបុគ្គលម្នាក់អាចមាន នោះគឺដោយដឹងថាគ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ឬយល់ដល់ខ្លួន»។ ប៉ុន្តែ ទោះបីជាមនុស្សភាគច្រើនមិនសម្ដែងសេចក្ដីអាណិតអាសូរក្ដី ក៏នៅមានដំណឹងល្អសំរាប់មនុស្សទ័លក្រដែរ—គឺនៅបច្ចុប្បន្នយើងនេះ និងសំរាប់អនាគតកាលដែរ។
គួរឲ្យស្ដាយណាស់ មនុស្សភាគច្រើនមិនយកចិត្តទុកដាក់ក្នុងការជួយមនុស្សទ័លក្រឡើយ។ យោងទៅតាមសព្វវចនាធិប្បាយសៀវភៅពិភពលោក អ្នកខ្លះជឿថា«មនុស្សក្នុងសង្គមប្រកួតប្រជែងគ្នាសំរាប់ការរស់នៅ ហើយ . . . ពួកបុគ្គលធំដុំក្លាយទៅជាមានអំណាចនិងភោគទ្រព្យយ៉ាងច្រើនផង»។ ពួកអ្នកដែលជឿនឹងទ្រឹស្តីនេះ ជាពួកជឿលើលទ្ធិរបស់លោកដារ្វីងខាងសង្គមវិជ្ជាដែលមានទស្សនៈថា មនុស្សទ័លក្រជាមនុស្សខ្ជិល ឬជាមនុស្សខ្ជះខ្ជាយប្រាក់។ ប៉ុន្តែ ពួកអ្នកកសិករតាមជនបទ អ្នកធ្វើការមកពីប្រទេសក្រៅ និងអ្នកឯច្រើនទៀត ទោះបីជាទទួលបានប្រាក់ខែតិចតួចក្ដី តែពួកគេបានខំប្រឹងធ្វើការណាស់ក្នុងការចិញ្ចឹមក្រុមគ្រួសាររបស់គេ។
ក្នុងប្រទេសជាច្រើន ភាពក្រខ្សត់ជាការធម្មតាទៅហើយ។ ដូច្នេះ មនុស្សទ័លក្រភាគច្រើន—មិនមានអារម្មណ៍ថាគេបានទទួលបរាជ័យឡើយ។ យ៉ាងណាក៏ដោយ នៅក្នុងប្រទេសជាច្រើនបែបនេះ គឺមានមនុស្សរស់នៅដោយសម្បូណ៌គ្រឿងប្រណីតគ្រប់យ៉ាង ក្នុងចំណោមនៃភាពក្រខ្សត់។ ពួកគេមានផ្ទះដ៏ល្អៗនិងហ៊ឺហានៅជិតខ្ទមដ៏មិនល្អជាច្រើន។ ពួកអ្នកដែលមានប្រាក់ខែច្រើន ធម្មតាបើកឡានដ៏ថ្លៃរបស់គេតាមផ្លូវ ដែលមានមនុស្សទ័លក្រពាសពេញដែលគ្មានការងារធ្វើ។ ក្នុងប្រទេសទាំងនេះ មនុស្សទ័លក្រមានការឈឺចាប់ណាស់ក្នុងភាពខ្សត់របស់គេ។ មែនហើយ សព្វវចនាធិប្បាយសៀវភៅពិភពលោកចែងថា៖ «មនុស្សទ័លក្រមិនគ្រាន់តែរងទុក្ខក្នុងការឈឺចាប់ដោយខ្វះខាតខាងចំណីអាហារ ផ្ទះសម្បែង និងការខ្វះខាតខាងការព្យាបាលពេទ្យប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានការខ្វល់ខ្វាយនឹងស្ថានភាពរបស់គេដែរ។ ពីព្រោះតែរកការងារធ្វើជាប់មិនបាន ពួកគេបាត់បង់អស់នូវភាពថ្លៃថ្នូរ និងការគោរពចំពោះខ្លួន»។ ដូច្នេះ តើមនុស្សទ័លក្រខ្លះស៊ូទ្រាំនឹងស្ថានភាពរបស់គេយ៉ាងដូចម្ដេច? តើដំណឹងល្អអំពីព្រះយេស៊ូមានការទាក់ទងអ្វីខ្លះក្នុងការស៊ូទ្រាំនឹងបញ្ហារបស់គេនោះ?
ទីមួយ អ្នកត្រូវចងចាំថា ភាពក្រខ្សត់អាចបណ្ដាលឲ្យមានកាន់តែអាក្រក់ឡើងដោយទម្លាប់ដែលគ្មានប្រាជ្ញា។ ចូរពិចារណានូវឧទាហរណ៍ខ្លះៗចុះ។ វ៉ាឌេសឺបានសារភាពថា ថ្វីបើប្រពន្ធនិងកូនតូចៗរបស់គាត់ខ្វះអាហារទទួលទានក្ដី គាត់បានចំណាយប្រាក់យ៉ាងខ្ជះខ្ជាយដើម្បីនឹងគាំទ្រជីវភាពរស់នៅដ៏អសីលធម៌។ គាត់បានមានប្រសាសន៍ថា៖ «ទោះបីជាខ្ញុំមានការងារធ្វើក៏ដោយ ខ្ញុំមិនដែលមានប្រាក់សល់សំរាប់គ្រួសារខ្ញុំទេ ប៉ុន្តែ តែងតែមានប្រាក់ទិញសំបុត្រឆ្នោតជានិច្ច»។ ម៉ីលថិនបានបាត់បង់ហាងជំនួញនិងអ្នកធ្វើការឲ្យគាត់អស់២៣នាក់ ពីព្រោះគាត់ជាអ្នកផឹកស្រា និងជក់បារីយ៉ាងហួសហេតុ។ គាត់មានប្រសាសន៍ថា៖ «ដោយមិនអាចទៅផ្ទះបាន ខ្ញុំបានដេកតាមផ្លូវរាល់តែយប់ ហើយគ្រួសាររបស់ខ្ញុំរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារតែខ្ញុំ»។
ហ្សន់ក៏បានចំណាយប្រាក់ខែរបស់គាត់យ៉ាងខ្ជះខ្ជាយទៅលើអបាយមុខដែរ។ «ខ្ញុំតែងតែមិនដេកនៅឯផ្ទះសោះ។ ប្រាក់ខែរបស់ខ្ញុំ គឺមិនគ្រប់គ្រាន់សំរាប់អបាយមុខនិងការមានសហាយរបស់ខ្ញុំឡើយ។ ប្រពន្ធរបស់ខ្ញុំមិនអាចទ្រាំនឹងស្ថានភាពនេះទេ ហើយក៏បានរស់នៅបែកពីខ្ញុំទៅ»។ ក្រៅពីបញ្ហាខាងប្រាក់ និងបញ្ហាខាងប្ដីប្រពន្ធរបស់គាត់នោះ គាត់នៅមានបញ្ហាជាច្រើនទៀត។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានបង្ករឿងជាច្រើនជាមួយញាតិសន្ដាន និងអ្នកជិតខាង ហើយជាពិសេសខ្ញុំមានបញ្ហាជាច្រើននៅកន្លែងធ្វើការ។ ជាលទ្ធផល ខ្ញុំគ្មានការងារធ្វើជាប់ទេ»។ យ៉ូលីអូធ្លាប់ជាវិសពន្ធម្នាក់។ យ៉ាងណាក៏ដោយ គាត់ពន្យល់ថា៖ «ពីព្រោះខ្ញុំមិនដែលមានប្រាក់ខែគ្រប់គ្រាន់សំរាប់គ្រឿងញៀននោះ ខ្ញុំបានផ្ដើមធ្វើការជាអ្នកលក់ថ្នាំស្រវឹង ដើម្បីឲ្យខ្ញុំមិនចាំបាច់ទិញគ្រឿងញៀនទៀត»។
ហូសេបានរស់នៅក្នុងក្រុមគ្រួសារក្រខ្សត់មួយ ដែលមានកូនប្រាំបីនាក់ ហេតុនេះគាត់មានចិត្តចង់បានរបស់អ្វីសំរាប់ខ្លួនណាស់។ គាត់បានគិតថា គ្មានអ្វីអាចធ្វើឲ្យស្ថានភាពរបស់គាត់ពិបាកជាងនេះទេ ដូច្នេះគាត់ក៏ចាប់ផ្ដើមលួចប្លន់មនុស្សជាមួយពួកយុវជនឯទៀត។ ក្នុងការអស់សង្ឃឹម ក្មេងម្នាក់ទៀតបានក្លាយទៅជាសមាជិកនៃក្រុមពួកមនុស្សខូចមួយឈ្មោះពួកគោះក្បាល។ គាត់ពន្យល់ថា៖ «ដោយហេតុតែពួកខ្ញុំជាអ្នកទ័លក្រ យើងមានសេចក្ដីពេញចិត្តនឹងបំបាក់បំបែករបស់របរ និងការវាយប្រហារមនុស្ស»។
ប៉ុន្តែ នៅសព្វថ្ងៃពួកបុរសទាំងនេះ និងក្រុមគ្រួសាររបស់គេលែងមានការខ្វះខាតយ៉ាងខ្លាំង ឬមានចិត្តឈឺចាប់យ៉ាងជូរចត់ និងការតូចចិត្តអ្វីទៀតឡើយ។ ពួកគេមិនមែនជាមនុស្សតែលតោល ឬគ្មានសង្ឃឹមឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះពួកគេបានសិក្សាដំណឹងល្អដែលព្រះយេស៊ូបានប្រកាសមក។ ពួកគេបានអនុវត្តតាមដំបូន្មានរបស់ព្រះគម្ពីរ និងចូលរួមជាមួយបុគ្គលដែលមានចិត្តគំនិតដូចគ្នានៅក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ហើយពួកគេក៏បានរៀនដឹងនូវអ្វីយ៉ាងសំខាន់អំពីភោគទ្រព្យនិងភាពក្រខ្សត់ដែរ។
ជំនួយសំរាប់ការស៊ូទ្រាំនឹងភាពក្រខ្សត់
ទីមួយ គេបានរៀនដឹងថា បើអនុវត្តតាមគោលការណ៍ព្រះគម្ពីរ ផលដ៏អាក្រក់នៃភាពក្រខ្សត់អាចបន្ធូរទៅបាន។ ព្រះគម្ពីរផ្ដន្ទាទោសអំពើអសីលធម៌ ភាពស្រវឹង ល្បែងស៊ីសង និងការប្រើគ្រឿងញៀន។ (កូរិនថូសទី១ ៦:៩, ១០) ពីព្រោះរបស់ទាំងនេះគឺថ្លៃណាស់ ហើយអាចធ្វើឲ្យអ្នកមានម្នាក់ទៅជាក្របាន និងធ្វើឲ្យអ្នកក្រម្នាក់រឹតតែក្រឡើងទៀតផង។ ការបោះបង់ចោលអបាយមុខទាំងនេះ និងការប្រព្រឹត្តណាដែលស្រដៀងគ្នានេះ នោះអាចធ្វើឲ្យស្ថានភាពខាងសេដ្ឋកិច្ចរបស់ក្រុមគ្រួសារបានប្រសើរឡើងជាមិនខាន។
ទីពីរ គេបានរកឃើញថាក្នុងជីវិតរបស់មនុស្សយើង មានរបស់ជាច្រើនដែលសំខាន់ជាងភោគទ្រព្យទៅទៀត។ ទស្សនៈយ៉ាងត្រឹមត្រូវបានសម្ដែងក្នុងពាក្យបន្ទូលរបស់ព្រះថា៖ «ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ»។ (សាស្ដា ៧:១២) ពិតមែន ប្រាក់ជាវត្ថុដែលត្រូវការជាចាំបាច់មែន។ ប៉ុន្តែ ប្រាជ្ញា និងចំណេះពីព្រះគម្ពីរនៃគោលបំណងរបស់ព្រះ នោះមានផលប្រយោជន៍ជាងអ្វីៗទៅទៀត។ ប្រាកដណាស់ ចំពោះអ្នកដែលគ្មានប្រាជ្ញា ទោះបើមានប្រាក់ជាច្រើនក្ដី ក៏ទៅជាមានបន្ទុកធ្ងន់វិញដូចជាអ្នកមានប្រាក់បន្ដិចបន្តួចដែរ។ អ្នកសរសេរព្រះគម្ពីរម្នាក់បានអធិស្ឋានដោយប្រាជ្ញាថា៖ «សូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹម ទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា៖ ‹ព្រះយេហូវ៉ាជាអ្នកណាហ្ន៎?› ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង»។—សុភាសិត ៣០:៨, ៩
ទីបី គេបានរកឃើញថា បើបុគ្គលណាម្នាក់រស់នៅដោយអនុវត្តតាមដំណឹងល្អ ដែលព្រះយេស៊ូបានផ្សាយមកនោះ គាត់នឹងមិនដែលមានអារម្មណ៍អស់សង្ឃឹមនោះទេ។ ដំណឹងល្អជាអ្វីមួយដែលទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះ។ សារនេះហៅថា ‹ដំណឹងល្អនៃព្រះរាជាណាចក្រ›ហើយក្នុងសម័យយើងនេះ ដំណឹងល្អត្រូវបានផ្សព្វផ្សាយពាសពេញផែនដី។ (ម៉ាថាយ ២៤:១៤) ព្រះយេស៊ូបានមានបន្ទូលប្រាប់ថា យើងនឹងទទួលបានការគាំទ្រ បើយើងទុកសេចក្ដីសង្ឃឹមរបស់យើងក្នុងព្រះរាជាណាចក្រ។ ទ្រង់បានមានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣៣) ព្រះមិនបានសន្យាថាយើងនឹងមានឡានហ៊ឺហា ឬផ្ទះស្តុកស្តម្ភជាច្រើននោះទេ។ ព្រះយេស៊ូបានមានបន្ទូលអំពីសេចក្ដីត្រូវការនៃជីវិត ដូចជារបស់សំរាប់អាហារនិងសំលៀកបំពាក់។ (ម៉ាថាយ ៦:៣១) ប៉ុន្តែ មនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះអាចបញ្ជាក់ថាសេចក្ដីសន្យារបស់ព្រះយេស៊ូ គឺអាចទុកចិត្តបាន។ ជាបុគ្គលម្នាក់ ទោះបីជាបុគ្គលនោះក្រខ្សត់យ៉ាងខ្លាំងក្ដី បើគាត់ទុកព្រះរាជាណាចក្ររបស់ព្រះជាមុននោះ ព្រះនឹងមិនបោះបង់ចោលគាត់ឡើយ។
ទីបួន គេបានរកឃើញថា បើអ្នកណាទុកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន នោះគេគ្មានការឈឺចាប់លំបាកខាងសេដ្ឋកិច្ចឡើយ។ ពិតមែន មនុស្សទ័លក្រត្រូវខំធ្វើការ។ ប៉ុន្តែ បើសិនជាគាត់បំរើព្រះ គាត់នឹងមានទំនាក់ទំនងជាមួយព្រះដែលជាអ្នកបង្កើតរបស់គាត់ ដែលព្រះគម្ពីរចែងថា៖ «ដ្បិតទ្រង់មិនបានមើលងាយឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ដ្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្ដាប់តាម»។ (ទំនុកដំកើង ២២:២៤) ម្យ៉ាងវិញទៀត មនុស្សទ័លក្រម្នាក់មានជំនួយក្នុងការស៊ូទ្រាំនឹងបញ្ហាក្នុងជីវិត។ គាត់នឹងមានចិត្តសប្បាយរីករាយយ៉ាងកក់ក្ដៅជាមួយជនគ្រីស្ទានគ្នីគ្នា និងមានចំណេះ ព្រមទាំងមានសេចក្ដីទុកចិត្តក្នុងគោលបំណងរបស់ព្រះយេហូវ៉ាដែលបានបញ្ចេញឲ្យដឹងនោះ។ សេចក្ដីទាំងនេះ«គួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង»។—ទំនុកដំកើង ១៩:១០
នៅទីបំផុតនឹងលែងមានភាពក្រខ្សត់ទៀតហើយ!
នៅទីបំផុត បុគ្គលជាច្រើននាក់ដែលធ្វើតាមដំណឹងល្អបានដឹងថាព្រះយេហូវ៉ាមានគោលបំណង ដើម្បីដោះស្រាយបញ្ហានៃភាពក្រខ្សត់ជាអចិន្ត្រៃយ៍ តាមរយ:ព្រះរាជាណាចក្ររបស់ទ្រង់។ ព្រះគម្ពីរសន្យាថា៖ «ដ្បិតមនុស្សកំសត់មិនត្រូវគេភ្លេចជាដរាបទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ»។ (ទំនុកដំកើង ៩:១៨) ព្រះរាជាណាចក្រគឺជារដ្ឋាភិបាលដ៏ពិតប្រាកដ ដែលបានស្ថាបនានៅលើស្ថានសួគ៌ ដោយមានព្រះយេស៊ូជាអ្នកគ្រប់គ្រង។ បន្ដិចទៀត រដ្ឋាភិបាលរបស់មនុស្សទាំងអស់នឹងត្រូវបានផ្លាស់ប្ដូរដោយព្រះរាជាណាចក្រនេះ។ (ដានីយ៉ែល ២:៤៤) រួចមក ព្រះយេស៊ូជាស្តេចសោយរាជ្យមួយអង្គ «ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។—ទំនុកដំកើង ៧២:១៣, ១៤
ក្នុងការរង់ចាំពេលវេលានោះ មីកា ៤:៣, ៤ ចែងថា៖ «គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ»។ តើនៅក្នុងបទគម្ពីរនេះនិយាយអំពីអ្នកណា? គឺអំពីពួកអ្នកដែលចុះចូលនឹងព្រះរាជាណាចក្ររបស់ព្រះ។ ព្រះរាជាណាចក្រនេះនឹងដោះស្រាយបញ្ហាទាំងអស់ដែលធ្វើឲ្យមនុស្សឈឺចាប់—ព្រមទាំងបញ្ហាខាងការឈឺ និងសេចក្ដីស្លាប់ផងដែរ។ «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសាយ ២៥:៨; ៣៣:២៤) នេះនឹងជាពិភពលោកដ៏ខុសប្លែកយ៉ាងណាទៅហ្ន៎! ហើយយើងត្រូវចងចាំថា យើងអាចជឿទៅលើពាក្យសន្យាទាំងនេះបាន ពីព្រោះពាក្យទាំងនេះ ជាពាក្យដែលព្រះបានបណ្ដាលឲ្យសរសេរមក។ ទ្រង់មានបន្ទូលថា៖ «ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្ដិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត»។—អេសាយ ៣២:១៨
ការទុកចិត្តក្នុងព្រះរាជាណាចក្ររបស់ព្រះ គឺអាចធ្វើឲ្យយើងមានជ័យជំនះលើការដែលគ្មានសេចក្ដីគោរពចំពោះខ្លួនបាន ដែលតែងតែបណ្ដាលមកដោយភាពក្រខ្សត់នោះ។ ជនគ្រីស្ទានដែលទ័លក្រដឹងថា គាត់ក៏ជាមនុស្សសំខាន់ម្នាក់ក្នុងព្រះនេត្ររបស់ព្រះ ដូចជាជនគ្រីស្ទានដែលមានភោគទ្រព្យដែរ។ ព្រះមានព្រះទ័យស្រឡាញ់ស្មើគ្នា ហើយអ្នកទាំងពីរមានសេចក្ដីសង្ឃឹមដូចគ្នា។ អ្នកទាំងពីរក៏រង់ចាំយ៉ាងខ្នះខ្នែងនៅគ្រា ដែលនៅក្រោមព្រះរាជាណាចក្ររបស់ព្រះ ដែលភាពក្រខ្សត់នឹងទៅជាអ្វីនៃអតីតកាល។ នេះជាពេលដ៏រុងរឿងយ៉ាងណាទៅហ្ន៎! នៅទីបំផុត គ្មានបុគ្គលម្នាក់ណានឹងទ័លក្រទៀតឡើយ!
[រូបភាពនៅទំព័រ៤]
ហេតុអ្វីក៏ត្រូវប្រើប្រាក់ខ្ជះខ្ជាយទៅលើការលេងល្បែងស៊ីសង ការជក់បារី ការផឹកស្រាហួសហេតុ ការប្រើគ្រឿងញៀន ឬប្រកបការរស់នៅដោយអសីលធម៌នោះ?