បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/២ ទំ. ៧-១២
  • ការពឹងព្រះយេហូវ៉ាឲ្យជួយសម្រាលទុក្ខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពឹងព្រះយេហូវ៉ាឲ្យជួយសម្រាលទុក្ខ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​សន្យា​ដ៏​សម្រាល​ទុក្ខ​បាន​សម្រេច
  • បុគ្គល​ម្នាក់​ដែល​ឧត្តម​ជាង​លោក​ណូអេ
  • ទី​ស្វែង​រក​ការ​សម្រាល​ទុក្ខ
  • ក្នុង​គ្រា​ទុក្ខ​លំបាក​ខ្លាំង
  • តើការសំរាលទុក្ខដ៏ពិតអាចរកឃើញនៅឯណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរសម្រាលទុក្ខអស់អ្នកដែលសោយសោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើព្រះផ្ដល់ការសម្រាលទុក្ខយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ការលួងចិត្ដពី«ព្រះដែលជួយសម្រាលទុក្ខគ្រប់បែបយ៉ាងទាំងអស់»
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/២ ទំ. ៧-១២

ការ​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​សម្រាល​ទុក្ខ

‹សូម​ព្រះ​នៃ​សេចក្ដី​អត់​ធ្មត់ និង​ការ​សម្រាល​ទុក្ខ ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​មួយ តាម​ព្រះ​គ្រីស្ទ​យេស៊ូ›។—រ៉ូម ១៥:៥

១. ហេតុ​អ្វី​ក៏​ថ្ងៃ​និមួយ​ៗ​នាំ​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង?

មួយ​ថ្ងៃ​ៗ​ដែល​កន្លង​ទៅ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​កាន់​តែ​ខ្លាំង​ឡើង។ អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​សង្កេត​ឃើញ​ជាង​១.៩០០​ឆ្នាំ​កន្លង​ទៅ​នេះ ថា«ជីវិត​ទាំង​ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ»។ (រ៉ូម ៨:២២) ក្នុង​សម័យ​យើង​នេះ មាន‹សេចក្ដី​ថ្ងូរ› និង ‹ការ​ឈឺ​ចាប់›ច្រើន​ជាង​មុន​ៗ​ទៅ​ទៀត។ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​១​មក មនុស្ស​លោក​បាន​រង​ទុក្ខ​វិបត្ដិ​បន្ត​បន្ទាប់​គ្នា ដូច​ជា​សង្គ្រាម ឧក្រិដ្ឋកម្ម និង​មហន្តរាយ​ធម្មជាតិ ដែល​បណ្ដាល​មក​ពី​មនុស្ស​ចាត់​ចែង​ផែនដី​មិន​បាន​ល្អ។—វិវរណៈ ១១:១៨

២. (ក) តើ​គួរ​បន្ទោស​លើ​អ្នក​ណា​ជាង​គេ​ចំពោះ​ទុក្ខ​វេទនា​របស់​មនុស្ស​លោក​នៅ​បច្ចុប្បន្ន​នេះ? (ខ) តើ​ហេតុ​ការណ៍​អ្វី​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​មូលដ្ឋាន​ចំពោះ​ការ​សម្រាល​ទុក្ខ?

២ ហេតុ​អ្វី​ក៏​មាន​ការ​រង​ទុក្ខ​វេទនា​ជា​ច្រើន​ម្ល៉េះ​ក្នុង​សម័យ​យើង​នេះ? នៅ​ពេល​រៀប​រាប់​អំពី​ការ​ទម្លាក់​សាតាំង​ពី​ស្ថាន​សួគ៌ បន្ទាប់​ពី​កំណើត​នៃ​ព្រះ​រាជាណាចក្រ​ក្នុង​ឆ្នាំ​១៩១៤ ព្រះ​គម្ពីរ​ឆ្លើយ​ថា៖ «វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:១២) ការ​ឃើញ​ជាក់​ស្តែង​នូវ​ការ​សម្រេច​នៃ​ទំនាយ​នេះ មាន​ន័យ​ថា យើង​ជិត​មក​ដល់​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​សាតាំង​ហើយ។ នេះ​ធ្វើ​ឲ្យ​យើង​មាន​ការ​ស្រាល​ទុក្ខ ដោយ​ដឹង​ថា មិន​យូរ​ប៉ុន្មាន​ទៀត ជីវិត​នៅ​លើ​ផែនដី​នឹង​ត្រឡប់​ជា​ស្ថានភាព​ដ៏​សុខ​សាន្ត ដែល​មាន​មុន​សាតាំង​បាន​នាំ​ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង​ឲ្យ​បះ​បោរ!

៣. នៅ​ពេល​ណា​ដែល​មនុស្ស​មិន​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ?

៣ នៅ​ដើម​ដំបូង​ឡើយ ព្រះ​អាទិទេព​បាន​ប្រទាន​ឲ្យ​សួន​ដ៏​ល្អ​មួយ​ជា​លំនៅ​សំរាប់​គូ​ស្វាមីភរិយា​ទី​មួយ។ នេះ​បាន​ស្ថិត​នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ជា អេដែន ដែល​មាន​ន័យ​ថា «សេចក្ដី​រីករាយ» ឬ «ការ​កំសាន្ត»។ (លោកុប្បត្តិ ២:៨) ម្យ៉ាង​ទៀត អ័ដាម​និង​នាង​អេវ៉ា​មាន​សុខភាព​ល្អ​គ្រប់ល័ក្ខណ៍ ដែល​មិន​ត្រូវ​ស្លាប់​ឡើយ។ សូម​គិត​អំពី​ផ្នែក​ផ្សេង​ៗ ដែល​គេ​អាច​ចំរើន​សមត្ថភាព​របស់​គេ—ក្នុង​ផ្នែក​ថែ​រក្សា​សួន​ច្បារ សិល្បៈ សំណង់ បទ​ភ្លេង។ សូម​គិត​ផង​ដែរ អំពី​សេចក្ដី​បង្កើត​ទាំង​ឡាយ​ដែល​គេ​អាច​រៀន​ពី​នោះ កាល​ដែល​គេ​បំពេញ​ភារៈ​របស់​គេ​ក្នុង​ការ​បង្ក្រាប​ផែនដី​និង​ធ្វើ​ឲ្យ​បាន​ជា​សួន​មនោរម្យ។ (លោកុប្បត្តិ ១:២៨) ប្រាកដ​ហើយ ជីវិត​របស់​អ័ដាម​និង​នាង​អេវ៉ា​នឹង​អាច​ពេញ​ទៅ​ដោយ​សេចក្ដី​រីករាយ​និង​ការ​កំសាន្ត មិន​មែន​ដោយ​សេចក្ដី​ថ្ងូរ​និង​ការ​ឈឺ​ចាប់​ទេ។ យ៉ាង​ច្បាស់​ណាស់ ពួក​គេ​នឹង​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​នោះ​ឡើយ។

៤, ៥. (ក) ហេតុ​អ្វី​ក៏​អ័ដាម​និង​នាង​អេវ៉ា​បាន​ធ្លាក់​ពី​ការ​សាក​ល្បង​នៃ​សេចក្ដី​គោរព​តាម? (ខ) តើ​តាម​របៀប​ណា​ដែល​មនុស្ស​លោក​បាន​ក្លាយ​ទៅ​ជា​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ?

៤ ប៉ុន្តែ អ្វី​ដែល​អ័ដាម​និង​អេវ៉ា​ត្រូវ​ការ​នោះ គឺ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជ្រាល​ជ្រៅ​និង​ការ​អបអរ​ដល់​ព្រះ​វរបិតា​ដ៏​សប្បុរស​របស់​គេ​នៅ​ស្ថាន​សួគ៌។ សេចក្ដី​ស្រឡាញ់​បែប​នេះ​នឹង​ច្បាស់​ជា​ជំរុញ​គេ​ឲ្យ​គោរព​តាម​ព្រះ ក្នុង​កាលៈទេសៈ​ទាំង​អស់។ (ប្រៀប​ធៀប យ៉ូហាន ១៤:៣១) ជា​ការ​សោក​ស្ដាយ​ណាស់ ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង​មិន​បាន​គោរព​តាម​ព្រះ​មហា​ក្សត្រ ព្រះ​យេហូវ៉ា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បណ្ដោយ​ខ្លួន​គេ​ឲ្យ​នៅ​ក្រោម​អំណាច​សាតាំង ជា​ទេវតា​ដ៏​ថោក​ទាប​ម្នាក់។ សាតាំង​នេះ​ហើយ​ដែល​បាន​ល្បួង​នាង​អេវ៉ា​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ហើយ​បរិភោគ​ផ្លែ​ដែល​បាន​ហាម​ឃាត់។ រួច​មក អ័ដាម​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ នៅ​ពេល​ដែល​គាត់​បាន​បរិភោគ​ផ្លែ​ពី​ដើម​ដែលបាន​ព្រមាន​យ៉ាង​ច្បាស់​ថា៖ «ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។—លោកុប្បត្តិ ២:១៧

៥ តាម​របៀប​នេះ គូ​ស្វាមីភរិយា​ដែល​មាន​បាប​ក៏​ចាប់​ផ្ដើម​ស្លាប់។ នៅ​ពេល​ដែល​កាត់​ទោស​ដល់​ជីវិត ព្រះ​អង្គ​មាន​បន្ទូល​ទៅ​អ័ដាម​ថា៖ «ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា​ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ»។ (លោកុប្បត្តិ ៣:១៧, ១៨) ដូច្នេះ អ័ដាម​និង​នាង​អេវ៉ា​បាន​បាត់​បង់​នូវ​សេចក្ដី​សង្ឃឹម​ក្នុង​ការ​កសាង​ផែនដី​ឲ្យ​ទៅ​ជា​សួន​មនោរម្យ។ ក្រោយ​ពី​បាន​បណ្ដេញ​ចេញ​ពី​សួន​អេដែន ពួក​គេ​ត្រូវ​តែ​រក​ម្ហូប​អាហារ​ដោយ​ខំ​ប្រឹង​ធ្វើ​ការ​ពី​ដី​ដែល​ត្រូវ​បណ្ដាសា​នោះ។ កូន​ចៅ​របស់​គេ ដោយ​បាន​ទទួល​បាប​ជា​មរតក គឺ​ស្ថានភាព​ស្លាប់​នេះ ក៏​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ជា​ខ្លាំង​ដែរ។—រ៉ូម ៥:១២

សេចក្ដី​សន្យា​ដ៏​សម្រាល​ទុក្ខ​បាន​សម្រេច

៦. (ក) តើ​អ្វី​ជា​សេចក្ដី​សន្យា​ដ៏​សម្រាល​ទុក្ខ​ដែល​ព្រះ​បាន​ធ្វើ​ក្រោយ​ពី​មនុស្ស​លោក​បាន​ប្រព្រឹត្ត​អំពើ​បាប? (ខ) តើ​ឡាមេក​បាន​និយាយ​អំពី​ទំនាយ​អ្វី​ចំពោះ​ការ​សម្រាល​ទុក្ខ?

៦ នៅ​ពេល​កាត់​ទោស​ដល់​មេ​ផ្ដើម​នៃ​ការ​បះ​បោរ​របស់​មនុស្ស ព្រះ​យេហូវ៉ា​បាន​សម្ដែង​ថា​ទ្រង់​ជា‹ព្រះ​ដែល​ប្រទាន​ឲ្យ​ការ​សម្រាល​ទុក្ខ›។ (រ៉ូម ១៥:៥) ទ្រង់​បាន​ធ្វើ​ដូច្នេះ ដោយ​សន្យា​ថា​នឹង​បញ្ជូន«ពូជ»មួយ ដែល​នៅ​ទី​បំផុត នឹង​រំដោះ​កូន​ចៅ​របស់​អ័ដាម​ពី​កម្មផល​ដ៏​ហិនហោច​នៃ​ការ​បះ​បោរ​របស់​អ័ដាម។ (លោកុប្បត្តិ ៣:១៥) ក្រោយ​មក ព្រះ​បាន​ប្រទាន​ឲ្យ​ឃើញ​ជា​មុន​នូវ​ការ​រំដោះ​នេះ។ ឧទាហរណ៍ ទ្រង់​បាន​បណ្ដាល​ឲ្យ​ឡាមេក ជា​កូន​ចៅ​ឆ្ងាយ​របស់​អ័ដាម​តាម​រយៈ​កូន​គាត់​ឈ្មោះ សេត ឲ្យ​ទាយ​អំពី​អ្វី​ដែល​កូន​របស់​ឡាមេក​នឹង​ធ្វើ៖ ‹កូន​នេះ​នឹង​សម្រាល​ទុក្ខ​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ​ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​បណ្ដាសា›។ (លោកុប្បត្តិ ៥:២៩) ស្រប​ទៅ​តាម​សេចក្ដី​សន្យា​នេះ ក្មេង​ប្រុស​នេះ​មាន​ឈ្មោះ​ជា​ណូអេ ដែល​មាន​ន័យ​ថា«ការ​សំរាក» ឬ «ការ​លួង​ចិត្ត»។

៧, ៨. (ក) តើ​មាន​ស្ថានការណ៍​យ៉ាង​ណា​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​ស្ដាយ​អំពី​ការ​បង្កើត​មនុស្ស ហើយ​តើ​ទ្រង់​មាន​បំណង​នឹង​ធ្វើ​អ្វី​អំពី​រឿង​នេះ? (ខ) តើ​តាម​របៀប​ណា​ដែល​លោក​ណូអេ​បាន​បំពេញ​តាម​ន័យ​នៃ​ឈ្មោះ​របស់​គាត់?

៧ ក្នុង​ខណៈ​នោះ សាតាំង​កំពុង​តែ​បាន​ទទួល​ពួក​កាន់​តាម​ជា​ច្រើន​ក្នុង​ចំណោម​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌។ ពួក​ទាំង​នេះ​បាន​ប្រែ​ក្រឡា​ធ្វើ​ជា​មនុស្ស ហើយ​បាន​យក​ស្ត្រី​ស្អាត​ៗ ដែល​ជា​កូន​ចៅ​របស់​អ័ដាម​ធ្វើ​ជា​ប្រពន្ធ។ ការ​រួម​គ្នា​អ​ធម្មជាតិ​នេះ បាន​ធ្វើ​ឲ្យ​សង្គម​មនុស្ស​កាន់​តែ​ពុក​រលួយ​ថែម​ទៀត ហើយ​បាន​បង្កើត​ពូជ​ពួក​មនុស្ស​ធំ​សម្បើម [នេហ្វីលិម ឬ ហ្វេឡា, ព.ថ.]ដែល​មិន​គោរព​ព្រះ ដែល​ធ្វើ​ឲ្យ​ផែនដី​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ។ (លោកុប្បត្តិ ៦:១, ២, ៤, ១១; យូដាស ៦) «ព្រះ​យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី . . . នោះ​ព្រះ​យេហូវ៉ា​ទ្រង់​ស្ដាយ ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ព្រួយ»។—លោកុប្បត្តិ ៦:៥, ៦

៨ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បំណង​នឹង​កំទេច​ចោល​ពិភព​លោក​ដ៏​អាក្រក់​នោះ ដោយ​ប្រើ​ទឹក​ជំនន់​ពេញ​លោក ប៉ុន្តែ​មុន​ដំបូង ទ្រង់​បាន​បង្គាប់​ឲ្យ​លោក​ណូអេ​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​ជីវិត។ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្សជាតិ​និង​ពូជ​សត្វ​ទាំង​ឡាយ​បាន​សង្គ្រោះ​នោះ។ លោក​ណូអេ​និង​គ្រួសារ​នឹង​ច្បាស់​ជា​មាន​ចិត្ត​ធូរ​ស្រាល​យ៉ាង​ណា​ទៅ​ហ្ន៎ កាល​ដែល​គេ​ចេញ​ពី​ទូក​ធំ​នោះ មក​ឃើញ​ផែនដី​ស្អាត​នេះ! ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​ណាស់ ដោយ​ឃើញ​ដី​ដែល​ត្រូវ​បណ្ដាសា​បាន​ដក​ចេញ ហើយ​មាន​ការ​ស្រួល​ធ្វើ​កសិកម្ម! ប្រាកដ​ហើយ ទំនាយ​របស់​ឡាមេក​បាន​សម្រេច​មែន ហើយ​លោក​ណូអេ​បាន​បំពេញ​តាម​ន័យ​នៃ​ឈ្មោះ​របស់​គាត់​មែន។ (លោកុប្បត្តិ ៨:២១) ជា​អ្នក​បំរើ​ស្មោះ​ត្រង់​នៃ​ព្រះ លោក​ណូអេ​ជា​អ្នក​នាំ​មុខ​នៃ​ការ​ផ្ដល់«ការ​សម្រាល​ទុក្ខ»ដល់​មនុស្ស​លោក។ ប៉ុន្តែ ឥទ្ធិពល​ដ៏​អាក្រក់​របស់​សាតាំង​និង​ពួក​ទេវតា​បិសាច​របស់​វា មិន​បាន​វិនាស​សូន្យ​ទៅ​ក្នុង​ទឹក​ជំនន់​នោះ​ទេ ហើយ​មនុស្ស​លោក​នៅ​តែ​មាន​ការ​ថ្ងូរ​ក្រោម​បន្ទុក​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់​ដដែល។

បុគ្គល​ម្នាក់​ដែល​ឧត្តម​ជាង​លោក​ណូអេ

៩. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​ជំនួយ​និង​ជា​អ្នក​សម្រាល​ទុក្ខ​ដល់​មនុស្ស​លោក​ដែល​ប្រែ​ចិត្ត?

៩ នៅ​ទី​បំផុត ពូជ​ដែល​បាន​សន្យា​នោះ​បាន​មក​ដល់​នៅ​ចុង​វេលា​នៃ​៤០០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ ដោយ​មាន​ព្រះ​ទ័យ​ស្រឡាញ់​មនុស្ស​លោក ព្រះ​យេហូវ៉ា​បាន​បញ្ជូន​បុត្រ​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​ឲ្យ​មក​ផែនដី ដើម្បី​សោយ​ទិវង្គត​ជា​តម្លៃ​លោះ​សំរាប់​មនុស្ស​លោក​ដែល​មាន​បាប។ (យ៉ូហាន ៣:១៦) ព្រះ​យេស៊ូ​គ្រីស្ទ​ផ្ដល់​ការ​ធូរ​ស្បើយ​ដល់​មនុស្ស​មាន​បាប​ដែល​ប្រែ​ចិត្ត ដែល​អនុវត្ត​ជំនឿ​លើ​ការ​សោយ​ទិវង្គត​យញ្ញ​បូជា​របស់​ទ្រង់។ មនុស្ស​ទាំង​អស់​ដែល​ថ្វាយ​ជីវិត​ទៅ​ព្រះ​យេហូវ៉ា ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជា​សិស្ស​នៃ​រាជបុត្រា​របស់​ទ្រង់ បាន​ទទួល​ការ​ត្រជាក់​ត្រ​ជុំ​ចិត្ត​ហើយ​ការ​សម្រាល​ទុក្ខ​ជា​ស្ថាពរ។ (ម៉ាថាយ ១១:២៨​-​៣០; ១៦:២៤) ថ្វី​បើ​គេ​មាន​ភាព​មិន​ល្អ​គ្រប់ល័ក្ខណ៍​ក៏​ដោយ ពួក​គេ​មាន​ចិត្ត​សប្បាយ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ការ​បំរើ​ព្រះ​ដោយ​មនសិការ​ស្អាត​ស្អំ។ ជា​ការ​សម្រាល​ទុក្ខ​ចំពោះ​ពួក​គេ​ណាស់ ដោយ​ដឹង​ថា បើ​គេ​បន្ត​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ គេ​នឹង​បាន​ទទួល​រង្វាន់​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច! (យ៉ូហាន ៣:៣៦; ហេព្រើរ ៥:៩) បើ​សិន​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយសារ​ភាព​ទន់​ខ្សោយ នោះ​ពួក​គេ​មាន​អ្នក​ជំនួយ​ឬ​អ្នក​សម្រាល​ទុក្ខ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ (យ៉ូហាន​ទី​១ ២:១, ២) ពី​ព្រោះ​ពួក​គេ​សារភាព​អំពើ​បាប​ទាំង​នេះ ហើយ​កាន់​តាម​ជំហរ​ព្រះ​គម្ពីរ​ដើម្បី​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​បាប ពួក​គេ​នឹង​បាន​ធូរ​ស្បើយ ដោយ​ដឹង​ថា‹ព្រះ​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់​ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​ពួក​គេ›។—យ៉ូហាន​ទី​១ ១:៩; ៣:៦; សុភាសិត ២៨:១៣

១០. តើ​យើង​បាន​រៀន​អ្វី​ពី​អព្ភូតហេតុ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ទ្រង់​គង់​នៅ​ផែនដី​នៅ​ឡើយ?

១០ កាល​ដែល​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នៅ​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ការ​ត្រជាក់​ត្រ​ជុំ ដោយ​ដោះ​លែង​បុរស​ដែល​បិសាច​ចូល ប្រោស​ជម្ងឺ​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ពិត​ហើយ អព្ភូតហេតុ​បែប​នេះ​មាន​ប្រយោជន៍​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​បណ្ដោះ ពី​ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​ពរ​នោះ នៅ​ក្រោយ​មក​បាន​ទៅ​ចាស់​ជរា​ហើយ​ស្លាប់​ទៅ​វិញ។ ប៉ុន្តែ​ដោយ​ហេតុ​នេះ ព្រះ​យេស៊ូ​ចង្អុល​ទៅ​ពរ​អចិន្ត្រៃយ៍​នៅ​អនាគត ដែល​ទ្រង់​នឹង​ប្រទាន​ឲ្យ​មនុស្ស​លោក​គ្រប់​គ្នា។ ឥឡូវ​នេះ ជា​ស្តេច​ដ៏​ខ្លាំង​ក្លា បន្ដិច​ទៀត ទ្រង់​នឹង​ធ្វើ​ច្រើន​ទៀត មិន​គ្រាន់​តែ​ដេញ​ពួក​បិសាច​ប៉ុណ្ណោះ​ទេ។ ទ្រង់​នឹង​ទម្លាក់​ពួក​គេ​ជា​មួយ​មេ​ដឹក​នាំ​របស់​គេ សាតាំង ឲ្យ​ចូល​ក្នុង​ស្ថានភាព​ដែល​ឥត​មាន​សកម្មភាព។ រួច​មក ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ដ៏​រុង​រឿង​របស់​ព្រះ​យេស៊ូ​នឹង​ចាប់​ផ្ដើម​ឡើង។—លូកា ៨:៣០, ៣១; វិវរណៈ ២០:១, ២, ៦

១១. ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ហៅ​អង្គ​ទ្រង់​ជា«ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក»?

១១ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា ទ្រង់​ជា«ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក» ហើយ​ការ​ប្រោស​របស់​ទ្រង់​ជា​ច្រើន​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ឈប់​សំរាក។ (ម៉ាថាយ ១២:៨​-​១៣; លូកា ១៣:១៤​-​១៧; យ៉ូហាន ៥:១៥, ១៦; ៩:១៤) ហេតុ​អ្វី​ក៏​ទ្រង់​ធ្វើ​អព្ភូតហេតុ​ក្នុង​ថ្ងៃ​ឈប់​សំរាក? ពី​ព្រោះ​ថ្ងៃ​ឈប់​សំរាក​ជា​ផ្នែក​មួយ​នៃ​ច្បាប់​របស់​ព្រះ​សំរាប់​អ៊ីស្រាអែល ដូច្នេះ​នេះ​មាន​បំណង​សំរាប់«សេចក្ដី​ល្អ​ដែល​ត្រូវ​មក»។ (ហេព្រើរ ១០:១) ប្រាំ​មួយ​ថ្ងៃ​នៃ​កិច្ច​ការ​រំឭក​យើង​អំពី​ការ​គ្រប់​គ្រង​ជិះ​ជាន់​របស់​សាតាំង​៦.០០០​ពាន់​ឆ្នាំ​ទៅ​លើ​មនុស្ស​លោក។ ថ្ងៃ​ឈប់​សំរាក​នៅ​ចុង​សប្ដាហ៍ រំឭក​យើង​នូវ​ការ​សំរាក​ដ៏​សម្រាល​ទុក្ខ ដែល​មនុស្ស​លោក​នឹង​មាន​ក្នុង​កំឡុង​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ជា​បុគ្គល​ដែល​ឧត្តម​ជាង​លោក​ណូអេ។—ប្រៀប​ធៀប ពេត្រុស​ទី​២ ៣:៨

១២. តើ​យើង​អាច​រង់​ចាំ​ការ​ពិសោធ​ដ៏​សម្រាល​ទុក្ខ​ណា​ខ្លះ?

១២ នៅ​ទី​បំផុត ពួក​អនុ​រាស្ត្រ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​គ្រីស្ទ​នឹង​បាន​ធូរ​ស្បើយ​យ៉ាង​ណា​ទៅ​ហ្ន៎ កាល​ដែល​ពួក​គេ​រួច​ផុត​ពី​ឥទ្ធិពល​ដ៏​អាក្រក់​របស់​សាតាំង! ពួក​គេ​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ថែម​ទៀត កាល​ដែល​ពួក​គេ​ទទួល​ការ​ប្រោស​ឲ្យ​ជា​ខាង​រូប​កាយ ផ្លូវ​ចិត្ត និង​គំនិត។ (អេសាយ ៦៥:១៧) រួច​មក សូម​គិត​នូវ​ការ​អរ​សប្បាយ​របស់​គេ កាល​ដែល​ពួក​គេ​ទទួល​ស្វាគមន៍​ពួក​ស្ងួន​ភ្ងា​របស់​គេ​ពី​ផ្នូរ! តាម​របៀប​នេះ ព្រះ«នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ»។ (វិវរណៈ ២១:៤) កាល​ដែល​ប្រយោជន៍​នៃ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​លើ​ពួក​គេ អនុ​រាស្ត្រ​ដែល​ចេះ​គោរព​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​រីក​ចំរើន​បាន​គ្រប់ល័ក្ខណ៍ ដែល​រួច​ផុត​ពី​ឥទ្ធិពល​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង​នៃ​អំពើ​បាប​របស់​អ័ដាម។ (វិវរណៈ ២២:១​-​៥) រួច​មក សាតាំង​នឹង​ត្រូវ​ដោះ​លែង‹មួយ​រយៈ​ពេល​ខ្លី›។ (វិវរណៈ ២០:៣, ៧) មនុស្ស​លោក​ទាំង​អស់​ដែល​លើក​ដំកើង​អធិបតេយ្យភាព​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ​យេហូវ៉ា នឹង​ទទួល​រង្វាន់​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច។ សូម​គិត​អំពី​អំណរ​និង​ការ​ធូរ​ស្រាល​ដែល​មិន​អាច​រៀប​រាប់​បាន ដែល«បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ»! ដូច្នេះ មនុស្ស​លោក​ដែល​គោរព​តាម​នឹង«បាន​សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ»។—រ៉ូម ៨:២១

១៣. ហេតុ​អ្វី​ក៏​គ្រីស្ទាន​ទាំង​អស់​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ដែល​ព្រះ​ប្រទាន​ឲ្យ?

១៣ នៅ​សព្វ​ថ្ងៃ​នេះ យើង​បន្ត​នៅ​ក្រោម​ការ​ថ្ងូរ​និង​ការ​ឈឺ​ចាប់ ដែល​មាន​ទូទៅ​ចំពោះ​ពួក​អ្នក​រស់​នៅ​ក្រោម​របប​ដ៏​អាក្រក់​របស់​សាតាំង។ ជម្ងឺ​ខាង​រូប​កាយ​និង​ផ្លូវ​ចិត្ត​មាន​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​ៗ​គ្នា រួម​បញ្ចូល​ពួក​គ្រីស្ទាន​ស្មោះ​ត្រង់​ដែរ។ (ភីលីព ២:២៥​-​២៧; ថែស្សាឡូនីច​ទី​១ ៥:១៤) ម្យ៉ាង​ទៀត ជា​គ្រីស្ទាន​យើង​តែង​តែ​ជួប​ការ​ចំអក​មើល​ងាយ​និង​ការ​បៀត​បៀន ដែល​សាតាំង​ដាក់​មក​លើ​យើង ដោយ​សារ‹ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​មនុស្ស›។ (កិច្ច​ការ ៥:២៩) ដូច្នេះ បើ​យើង​ចង់​ស៊ូ​ទ្រាំ​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​រហូត​ដល់​ទី​បញ្ចប់​នៃ​របប​របស់​សាតាំង យើង​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ជំនួយ និង​កម្លាំង​ដែល​ទ្រង់​ប្រទាន​ឲ្យ។

ទី​ស្វែង​រក​ការ​សម្រាល​ទុក្ខ

១៤. (ក) តើ​ព្រះ​យេស៊ូ​បាន​សន្យា​អ្វី​នៅ​ក្នុង​រាត្រី​មុន​នឹង​ទ្រង់​សោយ​ទិវង្គត? (ខ) តើ​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​ទទួល​ផល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​សម្រាល​ទុក្ខ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ?

១៤ នៅ​ក្នុង​រាត្រី​មុន​នឹង​ទ្រង់​សោយ​ទិវង្គត ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​យ៉ាង​ច្បាស់​ដល់​ពួក​សាវ័ក​ទ្រង់ ថា​មិន​យូរ​ប៉ុន្មាន​ទៀត ទ្រង់​នឹង​ចាក​ចេញ​ពី​ពួក​គេ ហើយ​ត្រឡប់​ទៅ​ឯ​ព្រះ​វរបិតា​របស់​ទ្រង់​វិញ។ នេះ​បាន​ធ្វើ​ឲ្យ​គេ​ខ្វល់​ខ្វាយ​ចិត្ត​និង​សោកសង្រេង​ណាស់។ (យ៉ូហាន ១៣:៣៣, ៣៦; ១៤:២៧​-​៣១) ដោយ​ទទួល​ស្គាល់​សេចក្ដី​ត្រូវ​ការ​របស់​គេ​ចំពោះ​ការ​សម្រាល​ទុក្ខ​ជា​ដរាប​រៀង​ទៅ ព្រះ​យេស៊ូ​បាន​សន្យា​ថា៖ «ខ្ញុំ​នឹង​ទូល​សូម​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​អ្នក​សម្រាល​ទុក្ខ​មួយ​ទៀត​ឲ្យ​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​អស់​កល្ប​រៀង​ទៅ»។ (យ៉ូហាន ១៤:១៦, ព.ថ.) នៅ​ទី​នេះ ព្រះ​យេស៊ូ​សំដៅ​ចំពោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ចាក់​ទៅ​លើ​ពួក​សិស្ស​របស់​ទ្រង់ ៥០​ថ្ងៃ​ក្រោយ​ពី​ទ្រង់​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។a ក្នុង​ចំណោម​រឿង​ផ្សេង​ៗ​ទៀត វិញ្ញាណ​របស់​ព្រះ​បាន​សម្រាល​ទុក្ខ​ពួក​គេ​ពី​សេចក្ដី​ទុក្ខ​លំបាក ហើយ​បាន​ពង្រឹង​កម្លាំង​គេ​ឲ្យ​បន្ត​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (កិច្ច​ការ ៤:៣១) ប៉ុន្តែ យើង​មិន​គួរ​គិត​ថា យើង​នឹង​បាន​ជំនួយ​បែប​នេះ​ជា​ស្វ័យប្រវត្ត​នោះ​ឡើយ។ ដើម្បី​ឲ្យ​យើង​ទទួល​ផល​ប្រយោជន៍​ពេញ​លេញ គ្រីស្ទាន​និមួយ​ៗ​ត្រូវ​តែ​ខំ​អធិស្ឋាន​សុំ​ជំនួយ​សម្រាល​ទុក្ខ ដែល​ព្រះ​ប្រទាន​ឲ្យ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។—លូកា ១១:១៣

១៥. តើ​មាន​ផ្លូវ​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ?

១៥ របៀប​មួយ​ទៀត​ដែល​ព្រះ​ប្រទាន​ឲ្យ​ការ​សម្រាល​ទុក្ខ គឺ​តាម​រយៈ​បន្ទូល​របស់​ទ្រង់ ព្រះ​គម្ពីរ។ ប៉ុល​បាន​សរសេរ​ថា៖ «ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង[ការ​សម្រាល​ទុក្ខ, ព.ថ.] ដោយ​សារ​គម្ពីរ»។ (រ៉ូម ១៥:៤) នេះ​បង្ហាញ​ថា​យើង​ត្រូវ​តែ​រៀន​សូត្រ​និង​រំពឹង​គិត​ជា​រឿយ​ៗ ទៅ​លើ​អ្វី​ដែល​បាន​សរសេរ​មក​ក្នុង​ព្រះ​គម្ពីរ​និង​ក្នុង​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ចេញ​ពី​ព្រះ​គម្ពីរ។ ហើយ​យើង​ក៏​ត្រូវ​ការ​មក​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​រឿយ​ៗ​ដែរ ព្រោះ​នេះ​ជា​កន្លែង​ដែល​ពាក្យ​ដ៏​សម្រាល​ទុក្ខ​ត្រូវ​បាន​ចែក​ចាយ​ពី​បន្ទូល​របស់​ព្រះ។ គោល​ដៅ​ដ៏​ធំ​មួយ​នៃ​ការ​មក​ជួប​ជុំ​បែប​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—ហេព្រើរ ១០:២៥

១៦. តើ​សំ​វិធានការ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ​គួរ​តែ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៦ សំបុត្រ​របស់​ប៉ុល​ជូន​ទៅ​ពួក​រ៉ូម៉ាំង​បង្ហាញ​នូវ​លទ្ធផល​ដ៏​ល្អ​ដែល​យើង​ទទួល​ពី​ការ​ឆ្លៀត​យក​ប្រយោជន៍​ពី​សំ​វិធានការ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ។ ប៉ុល​បាន​សរសេរ​ថា៖ «សូម​ព្រះ​នៃ​សេចក្ដី​អត់​ធ្មត់ នឹង[ការ​សម្រាល​ទុក្ខ, ព.ថ.] ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ១៥:៥, ៦) ត្រូវ​ហើយ ដោយ​ឆ្លៀត​យក​ផល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​សំ​វិធានការ​ដ៏​សម្រាល​ទុក្ខ​របស់​ព្រះ យើង​នឹង​បាន​ដូច​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​មេ​ដឹក​នាំ​ដ៏​ក្លាហាន​របស់​យើង។ នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​ប្រើ​មាត់​របស់​យើង ដើម្បី​លើក​ដំកើង​ព្រះ​ក្នុង​ការ​ផ្សាយ នៅ​ឯ​កិច្ច​ប្រជុំ​របស់​យើង និង​ក្នុង​ការ​សន្ទនា​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា ហើយ​និង​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើង​ដែរ។

ក្នុង​គ្រា​ទុក្ខ​លំបាក​ខ្លាំង

១៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​រាជបុត្រា​របស់​ទ្រង់ ហើយ​មាន​លទ្ធផល​យ៉ាង​ណា?

១៧ ព្រះ​យេស៊ូ​បាន​ទៅ​ជា«តប់​ប្រមល់​ជា​ខ្លាំង» ហើយ ‹មាន​ចិត្ត​ព្រួយ​យ៉ាង​ខ្លាំង› នៅ​ក្នុង​រាត្រី​មុន​ទ្រង់​សោយ​ទិវង្គត​យ៉ាង​ឈឺ​ចាប់។ (ម៉ាថាយ ២៦:៣៧, ៣៨) ដូច្នេះ​ទ្រង់​ក៏​ដក​ខ្លួន​ចេញ​ពី​ពួក​សិស្ស​របស់​ទ្រង់ ហើយ​បាន​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​ឲ្យ​ជួយ​ទ្រង់។ ‹ព្រះ​ព្រម​ទទួល​ស្ដាប់​ទ្រង់​ដោយ​ព្រោះ​ទ្រង់​កោត​ខ្លាច›។ (ហេព្រើរ ៥:៧) ព្រះ​គម្ពីរ​រាយ​ការណ៍​ថា «នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់[ព្រះ​យេស៊ូ]អំពី​ស្ថាន​សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ»។ (លូកា ២២:៤៣) របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រឈម​មុខ​យ៉ាង​ក្លាហាន​នឹង​ពួក​ប្រឆាំង​របស់​ទ្រង់ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​របៀប​ដែល​ព្រះ​សម្រាល​ទុក្ខ​បុត្រ​របស់​ទ្រង់ គឺ​មាន​ប្រសិទ្ធិភាព​ល្អ​មែន។—យ៉ូហាន ១៨:៣​-​៨; ៣៣​-​៣៨

១៨. (ក) នៅ​ត្រង់​ណា​នៃ​ជីវិត​របស់​សាវ័ក​ប៉ុល ដែល​គាត់​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ខ្លាំង​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ប្រឹង​ធ្វើ​ការ ដែល​មាន​ចិត្ត​មេត្ដា?

១៨ សាវ័ក​ប៉ុល​បាន​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក​ជា​ខ្លាំង​ដែរ។ ឧទាហរណ៍ ការ​ដើរ​ផ្សាយ​របស់​គាត់​នៅ​ក្នុង​ក្រុង​អេភេសូរ ក៏​មាន​ការ«ស្រក់​ទឹក​ភ្នែក​ជា​ច្រើន ទាំង​ត្រូវ​សេចក្ដី​ល្បង ដោយ​កិច្ច​កល​របស់​ពួក​សាសន៍​យូដា»។ (កិច្ច​ការ ២០:១៧​-​២០) នៅ​ទី​បំផុត ប៉ុល​បាន​ចាក​ចេញ​ពី​ក្រុង​អេភេសូរ ក្រោយ​ពី​ពួក​គាំទ្រ​ព្រះ​នាង​អារទេមីស បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ក្នុង​ក្រុង​បះ​បោរ​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សកម្មភាព​ផ្សាយ​ប្រកាស​របស់​គាត់។ (កិច្ច​ការ ១៩:២៣​-​២៩; ២០:១) កាល​ដែល​ប៉ុល​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​នៃ​ក្រុង​ត្រូអាស គឺ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ពេល​មួយ​មុន​នឹង​ការ​បះ​បោរ​បាន​ផ្ទុះ​ឡើង​ក្នុង​ក្រុង​អេភេសូរ គាត់​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ដ៏​ព្រួយ​បារម្ភ​មួយ។ ក្រុម​ជំនុំ​ថ្មី​ក្នុង​ក្រុង​កូរិនថូស​មាន​ការ​បែក​ខ្ញែក​គ្នា ហើយ​ព្រម​ទាំង​បណ្ដោយ​ឲ្យ​មាន​ការ​សហាយស្មន់​ផង។ ដូច្នេះ​ពី​ក្រុង​អេភេសូរ​នេះ​ហើយ ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ប្រដែ​ប្រដៅ​យ៉ាង​ខ្លាំង​មួយ ដោយ​សង្ឃឹម​ថា​នឹង​កែ​តម្រូវ​ស្ថានការណ៍​នោះ។ នេះ​មិន​មែន​ជា​អ្វី​ដ៏​ស្រួល​មួយ​ចំពោះ​គាត់​ឡើយ។ ក្រោយ​មក​ក្នុង​សំបុត្រ​លើក​ទី​ពីរ​របស់​គាត់ គាត់​និយាយ​ប្រាប់​ថា៖ «ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន»។ (កូរិនថូស​ទី​២ ២:៤) ដូច​ប៉ុល គឺ​មិន​ជា​ការ​ស្រួល​ទេ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​មេត្ដា​ធម៌ ក្នុង​ការ​ឲ្យ​ឱវាទ​និង​ការ​ប្រដែ​ប្រដៅ ពី​ព្រោះ​ពួក​គេ​ក៏​ជ្រាប​ដឹង​អំពី​ភាព​ទន់​ខ្សោយ​របស់​គេ​ដែរ។ (កាឡាទី ៦:១) ដូច្នេះ សូម​ឲ្យ​យើង​ជួយ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ចំណោម​យើង ដោយ​ធ្វើ​តាម​ឱវាទ​ដ៏​ជា​ទី​ស្រឡាញ់​របស់​គេ ដែល​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ។—ហេព្រើរ ១៣:១៧

១៩. ហេតុ​អ្វី​ក៏​ប៉ុល​ធ្វើ​ដំណើរ​ពី​ក្រុង​ត្រូអាស​ទៅ​ស្រុក​ម៉ាសេដូន ហើយ​នៅ​ទី​បំផុត តើ​គាត់​បាន​ទទួល​ការ​ធូរ​ស្បើយ​យ៉ាង​ណា?

១៩ កាល​ដែល​នៅ​ក្រុង​អេភេសូរ​ប៉ុល​មិន​គ្រាន់​តែ​បាន​សរសេរ​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​ទេ គាត់​ក៏​បាន​បញ្ជូន​ទីតុស​ឲ្យ​ទៅ​ជួយ​ពួក​គេ​ដែរ ដោយ​ចាត់​គាត់​ឲ្យ​រាយ​ការណ៍​ពី​ការ​ប្រព្រឹត្ត​តប​ឆ្លើយ​របស់​គេ​ដល់​សំបុត្រ​នោះ។ ប៉ុល​បាន​សង្ឃឹម​នឹង​ជួប​ទីតុស​នៅ​ក្រុង​ត្រូអាស។ នៅ​ទី​នោះ ប៉ុល​បានទទួល​ពរ​ដោយ​មាន​ឱកាស​ល្អ​សំរាប់​ការ​ផ្សាយ​ប្រកាស។ ប៉ុន្តែ នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ធូរ​ស្រាល​ពី​ការ​ព្រួយ​បារម្ភ​ទេ ពី​ព្រោះ​ទីតុស​មិន​ទាន់​បាន​មក​ដល់​នៅ​ឡើយ។ (កូរិនថូស​ទី​២ ២:១២, ១៣) ដូច្នេះ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ដោយ​សង្ឃឹម​ថា​នឹង​ជួប​ទីតុស​នៅ​ទី​នោះ។ ការ​ព្រួយ​បារម្ភ​របស់​ប៉ុល​បាន​ទៅ​ជា​បន្ទុក​ធ្ងន់​មួយ ដោយ​សារ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ផ្សាយ​របស់​គាត់។ គាត់​ពន្យល់​ថា៖ «កាល​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ម៉ាសេដូន នោះ​យើង​ខ្ញុំ​ឥត​មាន​សេចក្ដី​ស្រាក​ស្រាន្ត​ខាង​សាច់​ឈាម​សោះ មាន​សុទ្ធ​តែ​សេចក្ដី​លំបាក​វិញ គឺ​នៅ​ខាង​ក្រៅ​មាន​សេចក្ដី​តតាំង ហើយ​ខាង​ក្នុង​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​ព្រះ​អង្គ​ដែល​កំសាន្ត​ចិត្ត​ពួក​អ្នក​ដែល​ត្រូវ​បន្ទាប ទ្រង់​ក៏​បាន​កំសាន្ត​ចិត្ត​យើង​ខ្ញុំ ដោយ​អ្នក​ទីតុស​មក​ដល់»។ (កូរិនថូស​ទី​២ ៧:៥, ៦) ជា​ការ​ធូរ​ស្រាល​មែន នៅ​ទី​បំផុត​ទីតុស​បាន​មក​ដល់ ហើយ​ប្រាប់​ប៉ុល​អំពី​ការ​ប្រព្រឹត្ត​តប​ឆ្លើយ​ដ៏​ល្អ​នៃ​ពួក​កូរិនថូស​ដល់​សំបុត្រ​របស់​គាត់!

២០. (ក) ដូច​ក្នុង​ករណី​ប៉ុល តើ​អ្វី​ជា​របៀប​ដ៏​សំខាន់​មួយ​ទៀត​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ការ​សម្រាល​ទុក្ខ? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២០ ការ​ពិសោធ​របស់​ប៉ុល​គឺ​ជា​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​បំរើ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ពួក​គេ​ជា​ច្រើន​នាក់​បាន​ជួប​ប្រទះ​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន‹ចិត្ត​ទន់​ទាប› ឬ ‹ចិត្ត​ក្រៀម​ក្រំ›។ (សេចក្ដី​បក​ព្រះ​គម្ពីរ​ភីលីព) ត្រូវ​ហើយ ‹ព្រះ​ដែល​ប្រទាន​ឲ្យ​ការ​សម្រាល​ទុក្ខ› ទ្រង់​ជ្រាប​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​របស់​យើង​រាល់​គ្នា ហើយ​អាច​ប្រើ​យើង​ឲ្យ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ប៉ុល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​រាយ​ការណ៍​របស់​ទីតុស អំពី​អាកប្បកិរិយា​កែ​ប្រែ​របស់​ពួក​កូរិនថូស។ (កូរិនថូស​ទី​២ ៧:១១​-​១៣) ក្នុង​អត្ថបទ​ជា​បន្ទាប់​របស់​យើង យើង​នឹង​ពិចារណា​នូវ​ការ​ប្រព្រឹត្ត​ដ៏​កក់​ក្ដៅ​របស់​ប៉ុល​ដល់​ពួក​កូរិនថូស ហើយ​នូវ​របៀប​ដែល​នេះ​អាច​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​ចូល​រួម​ដ៏​ល្អ​ម្នាក់​ក្នុង​ការ​សម្រាល​ទុក្ខ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។

[កំណត់​សម្គាល់]

a សហប្រតិបត្ដិការ​ដ៏​ធំ​មួយ​នៃ​វិញ្ញាណ​របស់​ព្រះ​ទៅ​លើ​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ គឺ​ដើម្បី​ចាក់​ប្រេង​តាំង​ពួក​គេ​ឲ្យ​ទៅ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ ហើយ​ឲ្យ​ទៅ​ជា​បង​ប្អូន​របស់​ព្រះ​យេស៊ូ។ (កូរិនថូស​ទី​២ ១:២១, ២២) នេះ​គឺ​ទុក​សំរាប់​តែ​ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​១៤៤.០០០​នាក់​ប៉ុណ្ណោះ។ (វិវរណៈ ១៤:១, ៣) នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ភាគ​ច្រើន​ត្រូវ​បាន​ប្រទាន​យ៉ាង​សប្បុរស​ឲ្យ​មាន​សង្ឃឹម​នូវ​ជីវិត​អស់​កល្ប​ជា​និច្ច​នៅ​លើ​ផែនដី​មនោរម្យ។ ពួក​គេ​ទទួល​ជំនួយ​និង​ការ​សម្រាល​ទុក្ខ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ដែរ ទោះ​បី​ព្រះ​មិន​បាន​ចាក់​ប្រេង​តាំង​ពួក​គេ​ក៏​ដោយ។

តើ​អ្នក​ឆ្លើយ​បាន​ទេ?

◻ តើ​តាម​របៀប​ណា​ដែល​មនុស្ស​លោក​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ទៅ​ជា​ឧត្តម​ជាង​លោក​ណូអេ?

◻ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ហៅ​អង្គ​ទ្រង់​ជា«ព្រះ​អម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក»?

◻ តើ​តាម​របៀប​ណា​ខ្លះ​ដែល​ព្រះ​ប្រទាន​ឲ្យ​ការ​សម្រាល​ទុក្ខ​នៅ​សព្វ​ថ្ងៃ​នេះ?

[ផែនទី​/​រូប​ភាព​នៅ​ទំព័រ​១០]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ប៉ុល​បាន​ពិសោធ​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង ពី​សេចក្ដី​រាយ​ការណ៍​របស់​ទីតុស​អំពី​ពួក​កូរិនថូស

ម៉ាសេដូន

ភីលីព

ក្រិក

កូរិនថូស

អាស៊ី

ត្រូអាស

អេភេសូរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក