ចូរឲ្យគ្រប់គ្នាលើកដំកើងព្រះយេហូវ៉ា!
«ចូរលើកដំកើង ព្រះយេហូវ៉ានៅទិសខាងកើតដែរ»។—អេសាយ ២៤:១៥
១. តើពួកព្យាការីបានចាត់ទុកព្រះនាមរបស់ព្រះយេហូវ៉ាយ៉ាងណា បើប្រៀបធៀបនឹងអាកប្បកិរិយានៃពិភពគ្រីស្ទសាសនានៅសព្វថ្ងៃនេះ?
យេហូវ៉ា—ជាព្រះនាមដ៏ល្បីល្បាញរបស់ព្រះ! ពួកព្យាការីពីសម័យបុរាណសប្បាយចិត្តនិយាយអំពីព្រះនាមនេះណាស់! ពួកគេបានលើកដំកើងព្រះអម្ចាស់មហាក្សត្ររបស់គេដោយចិត្តរីករាយ ដែលយេហូវ៉ាជាព្រះនាមទ្រង់ ជាព្រះដ៏មានគោលបំណងធំអស្ចារ្យ។ (អេសាយ ៤០:៥; យេរេមា ១០:៦, ១០; អេសេគាល ៣៦:២៣) សូម្បីតែពួកព្យាការីដែលគេគិតថាតូចតាចក៏បានបញ្ចេញវោហារច្រើនដែរ ក្នុងការលើកដំកើងព្រះយេហូវ៉ា។ ហាកាយជាព្យាការីម្នាក់ក្នុងចំណោមពួកព្យាការីទាំងនោះ។ ព្រះនាមរបស់ព្រះត្រូវបានប្រើ៣៥ដងក្នុងសៀវភៅហាកាយ ដែលមានតែ៣៨បទប៉ុណ្ណោះ។ ប៉ុន្តែទំនាយទាំងនេះលែងមានន័យខ្លឹមសារទៀតឡើយ ពេលពួកបរិស័ទដ៏គ្រប់ល័ក្ខណ៍នៃពិភពគ្រីស្ទសាសនាយកងារ«ព្រះអម្ចាស់» មកដាក់ជំនួសព្រះនាមយេហូវ៉ាដ៏មានតម្លៃនេះ ក្នុងសេចក្ដីបកប្រែព្រះគម្ពីររបស់គេ។—ប្រៀបធៀប កូរិនថូសទី២ ១១:៥
២, ៣. (ក) តើទំនាយដ៏អស្ចារ្យមួយអំពីការរំដោះអ៊ីស្រាអែលបានសម្រេចយ៉ាងដូចម្ដេច? (ខ) តើពួកសំណល់យូដានិងពួកគូកនរបស់គេបានសប្បាយរីករាយនឹងអ្វី?
២ នៅអេសាយ ១២:២ មានការប្រើព្រះនាមដែលមានពីរសណ្ឋាន។a ព្យាការីនេះប្រកាសថា៖ «មើល ព្រះទ្រង់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ»។ (សូមមើលអេសាយ ២៦:៤ដែរ) ដូច្នេះ ប្រមាណ២០០ឆ្នាំមុនការរំដោះអ៊ីស្រាអែលពីការជាប់ឃុំឃាំងនៅបាប៊ីឡូន តាមរយៈព្យាការីអេសាយ ព្រះដ៏ជាព្រះយេហូវ៉ាបានឲ្យដឹងថា ទ្រង់ជាអ្នកសង្គ្រោះដ៏ខ្លាំងក្លារបស់គេ។ ការជាប់ឃុំឃាំងនេះគឺចាប់ពីឆ្នាំ៦០៧ ទៅ ឆ្នាំ៥៣៧ ម.ស.យ. អេសាយបានសរសេរទៀតថា៖ «អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ . . . អញនិយាយពីស៊ីរូសថា ‹ជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសំរេចតាមបំណងចិត្តអញទាំងប៉ុន្មាន› ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ›»។ តើលោកស៊ីរូសនេះជាអ្នកណា? យ៉ាងអស្ចារ្យណាស់ នេះជាស្តេចស៊ីរូសនៃសាសន៍ពើស៊ី ដែលបានវាយឈ្នះបាប៊ីឡូនក្នុងឆ្នាំ៥៣៩ ម.ស.យ.។—អេសាយ ៤៤:២៤, ២៨
៣ ក្នុងការសម្រេចតាមទំនាយនៃព្រះយេហូវ៉ា ដែលអេសាយបានកត់ទុកមកនោះ លោកស៊ីរូសបានចេញបទបញ្ជាដល់ពួកអ៊ីស្រាអែលថា៖ «ដូច្នេះ នៅក្នុងបណ្ដាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ»។ ពួកសំណល់យូដាដ៏មានចិត្តរីករាយជាខ្លាំង រួមទាំងពួកនេធីនិម និងពួកកូនចៅរបស់ពួកមហាតលិកនៃសាឡូម៉ូន បាននាំគ្នាវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ពួកគេក៏បានមកដល់ទាន់ពេលធ្វើបុណ្យបារាំនៅឆ្នាំ៥៣៧ ម.ស.យ. ថែមទាំងបានធ្វើយញ្ញបូជាថ្វាយដល់ព្រះយេហូវ៉ានៅលើអាសនារបស់ទ្រង់ផង។ មួយឆ្នាំក្រោយមក គឺនៅខែទីពីរ ពួកគេបានចាក់គ្រឹះនៃព្រះវិហារទីពីរ ដោយមានសម្រែកអបអរសាទរនិងការសរសើរដល់ព្រះយេហូវ៉ាផង។—អែសរ៉ា ១:១-៤; ២:១, ២, ៤៣, ៥៥; ៣:១-៦, ៨, ១០-១៣
៤. តើអេសាយជំពូក៣៥និង៥៥បានក្លាយទៅជាការពិតយ៉ាងដូចម្ដេច?
៤ ទំនាយរបស់ព្រះយេហូវ៉ាអំពីការកសាងឡើងវិញនេះ បានទទួលការសម្រេចយ៉ាងរុងរឿងក្នុងអ៊ីស្រាអែល៖ «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប។ . . . គេនឹងឃើញសិរីល្អរបស់ព្រះយេហូវ៉ា គឺជាសេចក្ដីរុងរឿងរបស់ព្រះនៃយើងរាល់គ្នា»។ «ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនឹងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំនឹងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង . . . ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្ដាច់ចេញឡើយ»។—អេសាយ ៣៥:១, ២; ៥៥:១២, ១៣
៥. ហេតុអ្វីក៏អំណរនៃពួកអ៊ីស្រាអែលមិនមានយូរ?
៥ ប៉ុន្តែ អំណរនោះមិនមានយូរទេ។ ពួកមនុស្សនៅជិតខាងគេបានសុំរួមសម្ព័ន្ធជំនឿក្នុងការសង់ព្រះវិហារ។ មុនដំបូងពួកយូដាមិនព្រមធ្វើតាមទេ ដោយប្រកាសថា៖ «ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ»។ ពួកអ្នកជិតខាងទាំងនោះក៏បានក្លាយទៅជាពួកអ្នកប្រឆាំងដ៏ជូរចត់។ ពួកគេបាន «ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ»។ ពួកគេក៏បានថ្លែងប្រាប់រឿងមិនពិតអំពីស្ថានការណ៍នេះដល់លោកអើថាស៊ើកសេស ជាអ្នកស្នងតំណែងស៊ីរូស ដែលធ្វើឲ្យលោកបានដាក់បំរាមដល់ការសង់ព្រះវិហារ។ (អែសរ៉ា ៤:១-២៤) ដូច្នេះ កិច្ចការសង់ព្រះវិហារក៏បានឈប់អស់រយ:១៧ឆ្នាំ។ គួរឲ្យស្ដាយដែរ នៅកំឡុងពេលនេះ ពួកយូដាជាច្រើនបានធ្លាក់ខ្លួនដល់ថ្នាក់ដឹកនាំជីវភាពវត្ថុនិយម។
«ព្រះយេហូវ៉ានៃពួកពលបរិវារ»ទ្រង់មានបន្ទូល
៦. (ក) តើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងណាចំពោះស្ថានការណ៍ក្នុងអ៊ីស្រាអែល? (ខ) ហេតុអ្វីក៏ឈ្មោះរបស់លោកហាកាយមានន័យសមត្រឹមត្រូវ?
៦ យ៉ាងណាក្ដី ព្រះយេហូវ៉ាបានសម្ដែងនូវ‹កម្លាំងនិងព្រះចេស្ដារបស់ទ្រង់›ក្នុងការជួយពួកអ៊ីស្រាអែល ដោយបានបញ្ជូនព្យាការី ដូចជាលោកហាកាយ និងលោកសាការីដើម្បីដាស់តឿនពួកយូដាឲ្យទទួលភារកិច្ចរបស់គេវិញ។ ឈ្មោះរបស់លោកហាកាយ គឺជាប់ទាក់ទងពិធីបុណ្យ ដ្បិតឈ្មោះនេះមានន័យថា «កើតនៅថ្ងៃបុណ្យ»។ ដោយសមនឹងឈ្មោះនេះ គាត់បានចាប់ផ្ដើមផ្សាយទំនាយនៅថ្ងៃទីមួយក្នុងខែដែលធ្វើបុណ្យបារាំ ជាគ្រាដែលពួកយូដាត្រូវតែ«មានសេចក្ដីអំណរ»។ (ចោទិយកថា ១៦:១៥) តាមរយៈហាកាយ ព្រះយេហូវ៉ាបានបញ្ជូនសារបួនក្នុងរយៈពេល១១២ថ្ងៃ។—ហាកាយ ១:១; ២:១, ១០, ២០
៧. តើពាក្យផ្ដើមរបស់ហាកាយគួរលើកទឹកចិត្តយើងយ៉ាងណា?
៧ ក្នុងការសម្ដែងប្រាប់ទំនាយរបស់គាត់ ហាកាយមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ»។ (ហាកាយ ១:២ក) តើ«ពួកពលបរិវារ»នេះជាពួកណា? នេះជាពួកទេវតារបស់ព្រះយេហូវ៉ា ដែលជួនកាលព្រះគម្ពីរហៅពួកគេជាពួកពលទ័ព។ (យ៉ូប ១:៦; ២:១; ទំនុកដំកើង ១០៣:២០, ២១; ម៉ាថាយ ២៦:៥៣) នៅសព្វថ្ងៃ តើយើងមិនគួរលើកទឹកចិត្តទេឬ ដោយដឹងថាព្រះអម្ចាស់មហាក្សត្រព្រះយេហូវ៉ា ទ្រង់កំពុងតែប្រើពួកពលទ័ពដ៏ខ្លាំងក្លាទាំងនេះ ដើម្បីដឹកនាំកិច្ចការស្ថាបនាការថ្វាយបង្គំពិតនៅលើផែនដីនេះ?—ប្រៀបធៀប ពង្សាវតារក្សត្រទី២ ៦:១៥-១៧
៨. តើទស្សនៈអ្វីដែលមានឥទ្ធិពលលើពួកអ៊ីស្រាអែល ហើយដោយមានលទ្ធផលយ៉ាងណា?
៨ តើសារទីមួយនៃលោកហាកាយមានអ្វីខ្លះ? បណ្ដាជនគេបាននិយាយថា៖ «វេលាដែលនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើងវិញ មិនទាន់មកដល់នៅឡើយ»។ ការសង់ព្រះវិហារ ដែលតំណាងការស្ថាបនាឡើងវិញនូវការថ្វាយបង្គំព្រះ លែងទៅជាអាទិភាពចំពោះគេទៀត។ ពួកគេបានបែរទៅជាសង់អាគារធំៗដូចវាំងសំរាប់ខ្លួនគេទៅវិញ។ ទស្សនៈវត្ថុនិយមបានបន្សាបដល់ចិត្តខ្នះខ្នែងរបស់គេចំពោះការថ្វាយបង្គំនៃព្រះយេហូវ៉ា។ ជាលទ្ធផលនៃការនេះ ពួកគេលែងបានទទួលពរពីព្រះទៀត។ វាលចំការរបស់គេលែងបង្កើតផលផ្លែ ហើយគេពុំមានសំលៀកបំពាក់គ្រប់គ្រាន់សំរាប់រដូវរងាដ៏ខ្លាំង។ ប្រាក់ចំណូលរបស់គេបានក្លាយទៅជាស្តួចស្តើងណាស់ ហើយនេះហាក់បីដូចជាគេដាក់លុយរបស់គេចូលទៅក្នុងស្បោងមួយដែលមានប្រហោងច្រើន។—ហាកាយ ១:២ក-៦
៩. តើព្រះយេហូវ៉ាបានឲ្យសេចក្ដីដាស់តឿនខ្លាំងៗនិងជាទីលើកទឹកចិត្តអ្វីខ្លះ?
៩ ព្រះយេហូវ៉ាបានឲ្យសេចក្ដីដាស់តឿនខ្លាំងៗពីរដង ថា៖ «ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ»។ នៅគ្រានោះ លោកសូរ៉ូបាបិល ជាចៅហ្វាយក្រុងយេរូសាឡិម និងលោកយេសួរ ជាសម្ដេចសង្ឃបានធ្វើតាម ហើយបានលើកទឹកចិត្តប្រជាជនទាំងអស់ឲ្យ «ស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាច នៅចំពោះព្រះយេហូវ៉ា»។ ម្យ៉ាងទៀត «ហាកាយ ជាទូតរបស់ព្រះយេហូវ៉ា លោកប្រាប់ដល់បណ្ដាលជន តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់បង្គាប់មក គឺព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនៅជាមួយនឹងឯងរាល់គ្នា»។—ហាកាយ ១:៥, ៧-១៤
១០. តើព្រះយេហូវ៉ាបានប្រើអំណាចរបស់ទ្រង់យ៉ាងដូចម្ដេច ដើម្បីជួយពួកអ៊ីស្រាអែល?
១០ បណ្ដាជនចាស់ៗខ្លះនៅក្នុងក្រុងយេរូសាឡិមប្រហែលជាគិតថា សិរីល្អនៃព្រះវិហារថ្មីនេះគឺ «ទទេសោះ» បើប្រៀបធៀបនឹងព្រះវិហារពីជំនាន់ដើម។ ប៉ុន្តែ ប្រហែលជា៥១ថ្ងៃក្រោយមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យហាកាយប្រកាសសារទីពីរ។ ហាកាយបានប្រកាសថា៖ «ឱសូរ៉ូបាបិលអើយ ចូរមានកំឡាំងឥឡូវចុះ ឱយេសួរ ជាកូនយ៉ូសាដាកដ៏ជាសង្ឃធំអើយ ចូរមានកំឡាំងដែរ ឯឯងរាល់គ្នាជាជនជាតិនៃស្រុកនេះអើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ . . . កុំឲ្យខ្លាចឡើយ»។ នៅគ្រាកំណត់មកដល់ ព្រះយេហូវ៉ានឹងប្រើអំណាចដ៏ខ្លាំងបំផុតរបស់ទ្រង់ ដើម្បី‹អង្រួនផ្ទៃមេឃនិងផែនដី› ហើយធានារ៉ាប់រងឲ្យមានជ័យជំនះលើការប្រឆាំងទាំងអស់និងការហាមប្រាមពីចក្រពត្ដិ។ ក្នុងរវាងប្រាំឆ្នាំ ការសង់ព្រះវិហារក៏បានទទួលជ័យជំនះដ៏រុងរឿង។—ហាកាយ ២:៣-៦
១១. តើព្រះបានបំពេញព្រះវិហារទីពីរដោយ‹សិរីល្អធំធេង›យ៉ាងដូចម្ដេច?
១១ ដូច្នេះ កិច្ចសន្យាដ៏អស្ចារ្យនេះក៏បានសម្រេច៖ «នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ»។ (ហាកាយ ២:៧) «ទីគាប់ចិត្ត» នេះគឺជាសាសន៍ដទៃទៀតដែលបានមកថ្វាយបង្គំនៅព្រះវិហារនោះ ដែលសម្ដែងនូវសិរីល្អនៃវត្តមានដ៏សីហវិលាសរបស់ទ្រង់។ តើព្រះវិហារថ្មីនេះប្រៀបជាមួយនឹងព្រះវិហារដែលសង់នៅសម័យសាឡូម៉ូន មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ? ព្យាការីរបស់ព្រះប្រកាសថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត»។ (ហាកាយ ២:៩) ក្នុងការសម្រេចទីមួយនៃទំនាយនេះ ព្រះវិហារថ្មីនេះស្ថិតស្ថេរនៅបានយូរជាងព្រះវិហារទីមួយ។ ព្រះវិហារនេះបាននៅស្ថិតស្ថេរ នៅពេលព្រះមេស្ស៊ីបានលេចចេញក្នុងឆ្នាំ២៩ ស.យ.។ ម្យ៉ាងទៀត មុនពួកសត្រូវជាពួកក្បត់ជំនឿបានធ្វើគត់ទ្រង់ក្នុងឆ្នាំ៣៣ ស.យ. ព្រះមេស្ស៊ីអង្គទ្រង់ផ្ទាល់បាននាំឲ្យមានសិរីល្អដល់ព្រះវិហារនោះ នៅពេលទ្រង់ផ្សាយប្រាប់សេចក្ដីពិតនៅទីនោះ។
១២. តើព្រះវិហារទាំងពីរដំបូងបានសម្រេចគោលបំណងអ្វីខ្លះ?
១២ ព្រះវិហារទីមួយនិងទីពីរក្នុងក្រុងយេរូសាឡិម បានសម្រេចគោលបំណងដ៏សំខាន់ក្នុងការតំណាងលក្ខណៈពិសេសៗនៃកិច្ចបំរើខាងសង្ឃរបស់ព្រះមេស្ស៊ី។ ហើយនេះក៏បានសម្រេចគោលបំណងក្នុងការរក្សាការថ្វាយបង្គំបរិសុទ្ធនៃព្រះយេហូវ៉ាឲ្យមានសកម្មភាពនៅលើផែនដីនេះ ទំរាំព្រះមេស្ស៊ីបានលេចចេញមក។—ហេព្រើរ ១០:១
ព្រះវិហារខាងវិញ្ញាណដ៏រុងរឿង
១៣. (ក) តើព្រឹត្ដិការណ៍អ្វីជាប់ទាក់ទងព្រះវិហារខាងវិញ្ញាណ បានកើតឡើងពីឆ្នាំ២៩ ទៅ ឆ្នាំ៣៣ ស.យ.? (ខ) តើយញ្ញបូជាលោះរបស់ព្រះយេស៊ូដើរតួយ៉ាងណាក្នុងរឿងនេះ?
១៣ តើទំនាយរបស់ហាកាយមានអត្ថន័យពិសេសសំរាប់សម័យក្រោយនេះទេ? ប្រាកដជាមានមែន! ព្រះវិហារដែលបានសង់ជាថ្មីក្នុងក្រុងយេរូសាឡិម បានក្លាយទៅជាទីមជ្ឈមណ្ឌលនៃការថ្វាយបង្គំពិតនៅលើផែនដី។ ប៉ុន្តែ វាតំណាងព្រះវិហារខាងវិញ្ញាណដែលមានសិរីល្អដ៏ធំធេងជាងនេះទៀត។ ព្រះវិហារខាងវិញ្ញាណនេះបានចាប់មានប្រតិបត្ដិការឡើងក្នុងឆ្នាំ២៩ ស.យ.។ នេះជាគ្រាដែលព្រះយេស៊ូបានធ្វើបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់ ដែលព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាសម្ដេចសង្ឃ ដែលព្រះវិញ្ញាណបរិសុទ្ធបានចុះមកលើទ្រង់ដូចជាសត្វព្រាប។ (ម៉ាថាយ ៣:១៦) ក្រោយពីព្រះយេស៊ូបានបញ្ចប់កិច្ចការនៅផែនដីដោយសោយទិវង្គតជាយញ្ញបូជា ទ្រង់មានព្រះជន្មរស់ឡើងវិញនៅស្ថានសួគ៌ តំណាងដោយទីបរិសុទ្ធបំផុតនៃព្រះវិហារ ហើយនៅទីនោះ ទ្រង់បានថ្វាយតម្លៃនៃយញ្ញបូជារបស់ទ្រង់ដល់ព្រះយេហូវ៉ា។ នេះមានបំណងជាតម្លៃលោះ ដើម្បីលោះបាបនៃពួកសិស្សរបស់ទ្រង់ ហើយនៅថ្ងៃបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ ស.យ. នេះបានបើកឲ្យមានសិទ្ធិចាក់ប្រេងតាំងពួកគេ ឲ្យទទួលតំណែងជាអនុសង្ឃក្នុងព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ ការបំរើដ៏ស្មោះត្រង់រហូតដល់ស្លាប់ក្នុងទីលាននៃព្រះវិហារនៅផែនដី នឹងនាំឲ្យគេទទួលនូវការរស់ឡើងវិញនៅស្ថានសួគ៌នៅអនាគត ដើម្បីបន្តកិច្ចបំរើជាសង្ឃនេះ។
១៤. (ក) តើមានសេចក្ដីអំណរអ្វីក្នុងសកម្មភាពដ៏ខ្នះខ្នែងនៃពួកជំនុំគ្រីស្ទានពីដើម? (ខ) ហេតុអ្វីក៏ការអរសប្បាយនេះមានតែមួយរយៈពេលខ្លីដូច្នេះ?
១៤ ពួកយូដាដែលប្រែចិត្តរាប់ពាន់នាក់—និងពួកសាសន៍ដទៃ—បាននាំគ្នាចូលមកក្នុងក្រុមជំនុំគ្រីស្ទាននោះ ហើយបានចូលរួមប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះដែលនឹងគ្រប់គ្រងទៅលើផែនដីនៅខាងមុខ។ ក្រោយពីប្រមាណ៣០ឆ្នាំ សាវ័កប៉ុលអាចថ្លែងថាដំណឹងល្អនេះត្រូវបានផ្សាយ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»។ (កូល៉ុស ១:២៣) ប៉ុន្តែ ក្រោយពីពួកសាវ័កបានទទួលមរណភាពទៅ មានសេចក្ដីក្បត់ជំនឿដ៏ធំបានជ្រាបចូល ហើយពន្លឺនៃសេចក្ដីពិតក៏ចាប់អន់ទៅៗ។ សាសនាគ្រីស្ទានពិតត្រូវបានព័ទ្ធលុបលើដោយនិកាយនិយមនៃពិភពគ្រីស្ទសាសនា ដែលមានមូលដ្ឋានទៅលើសេចក្ដីបង្រៀននិងទស្សនវិជ្ជានៃពួកពាហិរជន។—កិច្ចការ ២០:២៩, ៣០
១៥, ១៦. (ក) តើទំនាយនេះបានសម្រេចយ៉ាងណាក្នុងឆ្នាំ១៩១៤? (ខ) តើការប្រមូលអ្វីដែលបានធ្វើឡើងនៅចុងសតវត្សទី១៩និងដើមសតវត្សទី២០?
១៥ ជាច្រើនសតវត្សបានកន្លងទៅ។ មកដល់ទសវត្សនៃឆ្នាំ១៨៧០ មានពួកគ្រីស្ទានមួយក្រុមតូច ដែលបានចាប់ផ្ដើមសិក្សាព្រះគម្ពីរដោយប្រិតប្រៀនបំផុត។ ពីបទគម្ពីរ ពួកគេអាចរកឃើញនូវឆ្នាំ១៩១៤ ជាឆ្នាំកំណត់ទីបញ្ចប់នៃ«គ្រារបស់សាសន៍ដទៃ»។ នៅគ្រានោះ គ្រាប្រាំពីរ«ខួប» (២៥២០ឆ្នាំនៃការគ្រប់គ្រងរបស់មនុស្សដូចតិរច្ឆាន) បានចប់នៅពេលព្រះគ្រីស្ទឡើងសោយរាជ្យនៅស្ថានសួគ៌—ជាបុគ្គលដែលមាន«ច្បាប់ទទួល» តំណែងជាស្តេចមេស្ស៊ីនៃផែនដី។ (លូកា ២១:២៤; ដានីយ៉ែល ៤:២៥; អេសេគាល ២១:២៦, ២៧) ជាពិសេស តាំងពីឆ្នាំ១៩១៩មក សិស្សព្រះគម្ពីរទាំងនេះ ដែលឥឡូវនេះមានឈ្មោះជាស្មរបន្ទាល់ព្រះយេហូវ៉ា បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនៅពាសពេញផែនដី នូវដំណឹងល្អអំពីព្រះរាជាណាចក្រដែលកំពុងតែមកនេះ។ គឺក្នុងឆ្នាំ១៩១៩នោះហើយដែលមានពីរបីពាន់នាក់នៃពួកទាំងនេះ បានធ្វើតាមសេចក្ដីដាស់តឿនឲ្យមានសកម្មភាពឡើង ដែលបានថ្លែងប្រាប់នៅក្នុងមហាសន្និបាតនៅក្រុងស៊ីដាភូញ រដ្ឋអូហៃយ៉ូ ស.រ.អា។ ពួកគេបានកើនចំនួនរហូតដល់ឆ្នាំ១៩៣៥ នៅគ្រានោះមាន៥៦.១៥៣នាក់បានធ្វើរបាយការណ៍អំពីកិច្ចបំរើផ្សាយ។ ក្នុងឆ្នាំនោះមាន៥២.៤៦៥នាក់បានទទួលទាននំប៉័ងនិងស្រា ដែលជាវត្ថុតំណាងនៅពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះយេស៊ូ។ នេះជាការសម្ដែងអំពីសេចក្ដីសង្ឃឹមរបស់គេក្នុងការក្លាយទៅជាសង្ឃ ជាមួយព្រះគ្រីស្ទយេស៊ូនៅក្នុងព្រះវិហារខាងវិញ្ញាណដ៏ធំធេងនៃព្រះយេហូវ៉ានៅស្ថានសួគ៌។ ពួកគេក៏នឹងបំរើជាមួយទ្រង់ ជាស្តេចរួមនៅក្នុងព្រះរាជាណាចក្រមេស្ស៊ីដែរ។—លូកា ២២:២៩, ៣០; រ៉ូម ៨:១៥-១៧
១៦ ប៉ុន្តែ វិវរណៈ ៧:៤-៨ និង ១៤:១-៤ បង្ហាញថាចំនួនសរុបនៃពួកគ្រីស្ទានចាក់ប្រេងតាំងនេះមានតែ១៤៤.០០០ប៉ុណ្ណោះ ហើយជាច្រើននាក់ត្រូវបានប្រមូលរួចមកហើយក្នុងកំឡុងសតវត្សទីមួយមុនសេចក្ដីក្បត់ជំនឿដ៏ធំបានកើតឡើង។ ពីចុងសតវត្សទី១៩ ហើយមកដល់ដើមសតវត្សទី២០ ព្រះយេហូវ៉ាបានបញ្ចប់ការប្រមូលយកមនុស្សមួយក្រុមនេះ ដែលបានសំអាតដោយទឹកនៃពាក្យបន្ទូលរបស់ទ្រង់ ដែលបានប្រកាសថាសុចរិតតាមរយៈជំនឿទៅលើយញ្ញធួនបាបរបស់ព្រះយេស៊ូ ហើយនៅទីបំផុតនឹងត្រូវបោះត្រាទុកជាពួកគ្រីស្ទានចាក់ប្រេងតាំង—ដែលនឹងបង្គ្រប់ចំនួនសរុបនៃពួក១៤៤.០០០នាក់។
១៧. (ក) តើមានការប្រមូលអ្វីដែលបានធ្វើឡើងតាំងពីទសវត្សនៃឆ្នាំ១៩៣០? (ខ) ហេតុអ្វីក៏យ៉ូហាន ៣:៣០ ជាការចាប់អារម្មណ៍នៅទីនេះ? (សូមមើល លូកា ៧:២៨)
១៧ តើមានអ្វីកើតឡើងនៅពេលដែលពួកអ្នកចាក់ប្រេងតាំងត្រូវបានរើសគ្រប់ចំនួន? ក្នុងឆ្នាំ១៩៣៥ មហាសន្និបាតដ៏សំខាន់មួយក្នុងប្រវត្ដិសាស្ត្រនៅវ៉ាស៊ីនតោន ឌី. ស៊ី. ស.រ.អា បានថ្លែងប្រាប់ថា «ហ្វូងធំ» ក្នុង វិវរណៈ ៧:៩-១៧ គឺជាមនុស្សមួយក្រុមដែលត្រូវទទួលស្គាល់‹បន្ទាប់ពី›ពួក១៤៤.០០០នាក់។ ហើយវាសនានៃពួកនេះ គឺជាជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ បន្ទាប់ពីបានសម្គាល់ព្រះយេស៊ូជាអ្នកចាក់ប្រេងតាំងច្បាស់ហើយ លោកយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក ដែលនឹងត្រូវរស់នៅលើផែនដីជាសមាជិកនៃ«ចៀមឯទៀត» លោកបានមានប្រសាសន៍អំពីព្រះមេស្ស៊ីថា៖ «ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ»។ (យ៉ូហាន ១:២៩; ៣:៣០; ១០:១៦; ម៉ាថាយ ១១:១១) កិច្ចការរបស់លោកយ៉ូហាន ដែលជាការរៀបចំសិស្សឲ្យព្រះមេស្ស៊ីត្រូវដល់ទីបញ្ចប់ ពេលព្រះយេស៊ូស្នងយកការរើសសិស្សឲ្យចូលក្នុងចំណោមពួកអ្នក១៤៤.០០០នាក់។ ក្នុងទសវត្សនៃឆ្នាំ១៩៣០ កិច្ចការនេះបានមានដំណើរផ្ទុយទៅវិញ។ ចំនួនបុគ្គលដែល‹បានហៅនិងបានជ្រើសរើស›នៃពួក១៤៤.០០០នាក់នោះត្រូវបានចុះថយទៅវិញ តែការរីកចំរើនដ៏អស្ចារ្យចាប់មានឡើងក្នុងពួក«ហ្វូងធំ» នៃ «ចៀមឯទៀត»។ ហ្វូងធំនេះនៅទទួលការរីកចំរើនជានិច្ច កាលដែលរបបលោកីយ៍ដ៏អាក្រក់នេះកំពុងតែជឿនដល់ទីហិនវិនាសនៅអើម៉ាគេដូន។—វិវរណៈ ១៧:១៤ខ
១៨. (ក) ហេតុអ្វីក៏យើងអាចសង្ឃឹមដ៏ទុកចិត្តថា «មនុស្សរាប់លាននាក់ដែលកំពុងតែរស់នឹងមិនត្រូវស្លាប់»? (ខ) ហេតុអ្វីក៏យើងត្រូវធ្វើតាមហាកាយ ២:៤?
១៨ ក្នុងទសវត្សនៃឆ្នាំ១៩២០ ការអធិប្បាយសាធារណៈ ត្រូវបានសម្ដែងដោយស្មរបន្ទាល់ព្រះយេហូវ៉ា ក្រោមចំណងជើង «មនុស្សរាប់លាននាក់ដែលកំពុងតែរស់នឹងមិនត្រូវស្លាប់»។ សេចក្ដីថ្លែងនេះប្រហែលជាមានសុទិដ្ឋិនិយមច្រើនបន្ដិចនៅគ្រានោះ។ ប៉ុន្តែនៅសម័យនេះ សេចក្ដីថ្លែងនេះអាចធ្វើឡើងដោយមានការទុកចិត្តទាំងស្រុង។ ការបំភ្លឺទៅលើទំនាយព្រះគម្ពីរដែលកាន់តែច្បាស់ឡើង ព្រមទាំងអនាធិបតេយ្យនៃលោកីយ៍ដ៏ហិនវិនាសនេះ បង្ហាញឲ្យឃើញច្បាស់ថា ទីហិនវិនាសនៃរបបសាតាំងរឹតតែជិតមកដល់ហើយ! របាយការណ៍នៃពិធីបុណ្យរំឭកសំរាប់ឆ្នាំ១៩៩៦ បង្ហាញថាមានមនុស្ស១២.៩២១.៩៣៣នាក់បានអញ្ជើញមក ហើយពីចំនួននេះមានតែ៨៧៥៧នាក់ (.០៦៨ភាគរយ) ទទួលទានអាហារតំណាងដែលបង្ហាញថា គេមានសង្ឃឹមរស់នៅស្ថានសួគ៌។ ការកសាងនៃការថ្វាយបង្គំពិតជិតបានសម្រេចហើយ។ ប៉ុន្តែ ចូរឲ្យយើងគ្រប់គ្នាកុំបង្អង់ដៃឲ្យសោះក្នុងកិច្ចការនេះ។ ត្រូវហើយ ហាកាយ ២:៤ ចែងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាមានកំឡាំង ហើយធ្វើការទៅ ដ្បិតអញនៅជាមួយនឹងឯងហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ចូរឲ្យយើងប្ដេជ្ញាក្នុងចិត្តថាកុំឲ្យមានស្នាមនៃវត្ថុនិយម ឬ លក្ខណៈនៃលោកីយ៍នេះមកបន្សាបដល់ការខ្នះខ្នែងរបស់យើងក្នុងកិច្ចការរបស់ព្រះយេហូវ៉ា!—យ៉ូហានទី១ ២:១៥-១៧
១៩. តើតាមរបៀបណាដែលយើងអាចចូលរួមក្នុងការសម្រេចនៃហាកាយ ២:៦, ៧?
១៩ យើងសប្បាយរីករាយដោយមានឯកសិទ្ធិចូលរួមក្នុងការសម្រេចទំនើបនៃហាកាយ ២:៦, ៧ ដែលថា៖ «ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា នៅតែបន្ដិចទៀត អញនឹងអង្រួនទាំងផ្ទៃមេឃនឹងផែនដី ទាំងសមុទ្រ នឹងទីគោកផង ក៏នឹងអង្រួនអស់ទាំងសាសន៍ដែរ នោះទីគាប់ចិត្តរបស់អស់ទាំងសាសន៍នឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ អញនឹងបំពេញវិហារនេះ ដោយសិរីល្អ»។ សេចក្ដីលោភលន់ អំពើពុករលួយ និងសម្អប់ ឃើញមានពាសពេញពិភពលោកក្នុងសតវត្សទី២០នេះ។ នេះពិតជានៅក្នុងថ្ងៃជាន់ក្រោយបង្អស់ហើយ ហើយព្រះយេហូវ៉ាបានចាប់ផ្ដើម«អង្រួន»លោកនេះ ដោយចាត់ឲ្យស្មរបន្ទាល់របស់ទ្រង់ទៅ‹ប្រកាសពីថ្ងៃសងសឹករបស់ទ្រង់›។ (អេសាយ ៦១:២) ការអង្រួនដំបូងនេះនឹងឡើងដល់កំពូលនៅពេលដែលលោកីយ៍នេះទទួលការហិនវិនាសនៅអើម៉ាគេដូន។ ប៉ុន្តែមុននឹងគ្រានោះមកដល់ ព្រះយេហូវ៉ាកំពុងតែប្រមូល‹ទីគាប់ចិត្តរបស់អស់ទាំងសាសន៍›ឲ្យចូលបំរើទ្រង់—គឺជាមនុស្សសុភាពរាបសាដែលមានលក្ខណៈដូចចៀម។ (យ៉ូហាន ៦:៤៤) «ហ្វូងធំ»នេះឥឡូវកំពុង «បំរើទ្រង់» នៅទីលានផែនដីនៃដំណាក់សំរាប់ថ្វាយបង្គំរបស់ទ្រង់។—វិវរណៈ ៧:៩, ១៥
២០. តើទ្រព្យដ៏មានតម្លៃបំផុតអាចរកឃើញនៅកន្លែងណា?
២០ ការបំរើនៅព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ានាំឲ្យមានទ្រព្យសម្បត្ដិដែលមានតម្លៃជាងទ្រព្យសម្បត្ដិណាទាំងអស់។ (សុភាសិត ២:១-៦; ៣:១៣, ១៤; ម៉ាថាយ ៦:១៩-២១) ម្យ៉ាងទៀត ហាកាយ ២:៩ ចែងថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ តើពាក្យនេះមានអត្ថន័យយ៉ាងណាសំរាប់យើងនៅសព្វថ្ងៃនេះ? អត្ថបទជាបន្ទាប់នឹងប្រាប់យើង។
[កំណត់សម្គាល់]
a ឃ្លា«ព្រះដ៏ជាព្រះយេហូវ៉ា» ត្រូវបានប្រើសំរាប់ការគូសបញ្ជាក់ពិសេស។ សូមមើលInsight on the Scriptures, Volume 1, page 1248 (ជាភាសាអង់គ្លេស)
សំនួរសំរាប់សើរើ
◻ ស្តីអំពីព្រះនាមនៃព្រះយេហូវ៉ា តើយើងគួរតែកាន់តាមគំរូព្យាការីណាខ្លះ?
◻ តើយើងបានទទួលការលើកទឹកចិត្តអ្វីពីសារដ៏ខ្លាំងនៃព្រះយេហូវ៉ា ដែលទ្រង់បញ្ជាឲ្យកសាងអ៊ីស្រាអែលឡើងវិញនោះ?
◻ តើព្រះវិហារខាងវិញ្ញាណដ៏រុងរឿងអ្វីដែលកំពុងតែមានប្រតិបត្ដិការនៅសព្វថ្ងៃនេះ?
◻ តើមានការប្រមូលអ្វីដែលបានធ្វើឡើងជាបន្តបន្ទាប់តាមលំដាប់ ក្នុងកំឡុងសតវត្សទី១៩ និងទី២០ ហើយនឹងមានអនាគតដ៏អស្ចារ្យយ៉ាងណា?
[រូបភាពនៅទំព័រ៧]
ពលទ័ពនៅស្ថានសួគ៌នៃព្រះយេហូវ៉ាដឹកនាំនិងជួយទំនុកបំរុងដល់ស្មរបន្ទាល់របស់ទ្រង់នៅលើផែនដីនេះ