បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១២ ទំ. ១២-ទំ. ១៥ វ. ៩
  • គោលសំខាន់ៗពីសៀវភៅហាកាយនិងសាការី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅហាកាយនិងសាការី
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ!»
  • (ហាកាយ ១:១​–​២:២៣)
  • ‹មិន​មែន​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​វិញ›
  • (សាការី ១:១​–​១៤:២១)
  • ចូរ​មាន​ចិត្ត​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ដោយ​ខ្នះខ្នែង
  • ចូរឲ្យមានកម្លាំងដៃចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • «អញនៅជាមួយនឹងឯងរាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • រទេះនិងមកុដដែលការពារអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរឲ្យគ្រប់គ្នាលើកដំកើងព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១២ ទំ. ១២-ទំ. ១៥ វ. ៩

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ហាកាយ​និង​សាការី

នៅ​ឆ្នាំ​៥២០ មុន​គ.ស. ជនជាតិ​យូដា​ដែល​បាន​ចេញ​ពី​ស្រុក​បាប៊ីឡូន​ដើម្បី​វិល​មក​ស្រុក​កំណើត មិន​ទាន់​បាន​សង់​វិហារ​ឡើង​វិញ​នៅ​ឡើយ។ ដប់​ប្រាំ​មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម បណ្ដុះ​បាន​ត្រឹម​តែ​ជើង​ជញ្ជាំង​ប៉ុណ្ណោះ។ ណា​មួយ​ទៀត ពួក​រាជការ​បាន​ដាក់​បម្រាម​ទៅ​លើ​កិច្ចការ​សាង​សង់។ ដូច្នេះ ព្រះ​យេហូវ៉ា​តែងតាំង​លោក​ហាកាយ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​ពីរ​ខែ​ក្រោយ​មក​ទៀត ទ្រង់​ក៏​តែងតាំង​លោក​សាការី​ឲ្យ​ប្រកាស​ទំនាយ​តាម​បណ្ដាំ​របស់​ទ្រង់។

ហាកាយ​និង​សាការី​មាន​គោល​ដៅ​តែ​មួយ។ ពួក​គេ​មាន​បំណង​ជំរុញ​ទឹក​ចិត្ត​បណ្ដាជន​ឲ្យ​ធ្វើ​កិច្ចការ​កសាង​វិហារ​ឡើង​វិញ។ អ្នក​ប្រកាស​ទំនាយ​ទាំង​ពីរ​នាក់​នេះ​មាន​ជោគ​ជ័យ​មែន ហើយ​ក្នុង​រយ:ពេល​ប្រាំ​ឆ្នាំ ការ​កសាង​វិហារ​បាន​ចប់​សព្វ​គ្រប់។ សៀវភៅ​ក្នុង​គម្ពីរ​ដែល​មាន​ឈ្មោះ​របស់​ហាកាយ​និង​សាការី រៀប​រាប់​ពី​អ្វី​ដែល​ពួក​គាត់​បាន​ប្រកាស។ សៀវភៅ​ហាកាយ​បាន​សរសេរ​ចប់​នៅ​ឆ្នាំ​៥២០ មុន​គ.ស. និង​សៀវភៅ​សាការី​បាន​សរសេរ​ចប់​នៅ​ឆ្នាំ​៥១៨ មុន​គ.ស.។ ដូច​អ្នក​ប្រកាស​ទំនាយ​ទាំង​ពីរ​នាក់​នោះ​ដែរ យើង​ក៏​មាន​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ឲ្យ ដែល​យើង​ត្រូវ​បង្ហើយ​មុន​ពិភពលោក​នេះ​មក​ដល់​ទី​បញ្ចប់ ពោល​គឺ ការ​ប្រកាស​សារ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ ឥឡូវ សូម​ពិនិត្យ​មើល​ចំណុច​ខ្លះៗ​ក្នុង​សៀវភៅ​ហាកាយ​និង​សាការី ដែល​អាច​លើក​ទឹក​ចិត្ត​យើង។

​«ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ!»

(ហាកាយ ១:១​–​២:២៣)

ក្នុង​រយ:ពេល​តែ​១១២​ថ្ងៃ ហាកាយ​បាន​ប្រកាស​សារ​បួន សុទ្ធតែ​ជា​សារ​ដែល​ជំរុញ​ទឹក​ចិត្ត។ សារ​ទី​មួយ​ពោល​ថា​៖ «‹ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ!›។ ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​ថា​៖ ‹ចូរ​ឡើង​ទៅ​ឯ​ភ្នំ យក​ឈើ​មក​សង់​ព្រះ​វិហារ​ចុះ! នោះ​អញ​នឹង​រីករាយ​ចំពោះ​វិហារ​នោះ ហើយ​នឹង​បាន​ថ្កើង​ឡើង​ផង›»។ (ហាកាយ ១:៧, ៨) ក្រោយ​មក បណ្ដាជន​បាន​ធ្វើ​តាម​បង្គាប់​ទ្រង់។ សារ​ទីពីរ​មាន​ពាក្យ​សន្យា​ដែល​ថា​៖ «អញ​[ព្រះ​យេហូវ៉ា]​នឹង​បំពេញ​វិហារ​នេះ​ដោយ​សិរី​ល្អ»។—ហាកាយ ២:៧

យោង​ទៅ​តាម​សារ​ទី​បី ដោយសារ​ពួក​គេ​មាន​ការ​ធ្វេសប្រហែស​ក្នុង​កិច្ចការ​កសាង​វិហារ​ឡើង​វិញ «បណ្ដាជន . . . ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ» សុទ្ធតែ​មិន​ស្អាត​ចំពោះ​ព្រះ​យេហូវ៉ា។ យ៉ាង​ណា​ក៏​ដោយ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​ផ្ដើម​ធ្វើ​ការងារ​ឡើង​វិញ នោះ​ព្រះ​យេហូវ៉ា​«នឹង​ផ្ដល់​ពរ»​ដល់​ពួក​គេ។ សារ​ទី​បួន​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​«បំផ្លាញ​ឥទ្ធិឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន» ហើយ​ទ្រង់​ក៏​តាំង​ចៅហ្វាយ​សូរ៉ូបាបិល​ឡើង​ជា​«ចិញ្ជៀន​ត្រា»។—ហាកាយ ២:១៤, ១៩, ២២, ២៣

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៦—តើ​ពាក្យ​«បាន​ផឹក តែ​មិន​បាន​ស្កប់ស្កល់»​មាន​ន័យ​អ្វី? ពាក្យ​នេះ​គ្រាន់​តែ​បញ្ជាក់​ពី​ការ​ខ្វះ​ខាត​ស្រា​តែ​ប៉ុណ្ណោះ។ ដោយសារ​ព្រះ​យេហូវ៉ា​មិន​ប្រទាន​ពរ ពួក​គេ​មិន​សូវ​មាន​ស្រា​ច្រើន​ប៉ុន្មាន​ទេ គឺ​ច្បាស់​ជា​មិន​គ្រប់គ្រាន់​ដើម្បី​ផឹក​ដល់​ស្រវឹង​បាន​ឡើយ។

២:៦, ៧, ២១, ២២—តើ​អ្វី​ឬ​នរណា​ដែល​ជា​អ្នក​អង្រួន? ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា? ព្រះ​យេហូវ៉ា​«អង្រួន​អស់​ទាំង​សាសន៍»​តាម​រយៈ​ការ​ប្រកាស​សារ​ស្តី​អំពី​រាជាណាចក្រ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក។ កិច្ចការ​ប្រកាស​ផ្សាយ​ក៏​ជួយ​ធ្វើ​ឲ្យ​«ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍»​មក​ដល់​ដំណាក់​របស់​ព្រះ​យេហូវ៉ា ដែល​នាំ​ឲ្យ​ដំណាក់​ទ្រង់​ពេញ​ទៅ​ដោយ​សិរី​ល្អ។ នៅ​ទីបំផុត «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ»​នឹង​អង្រួន​«ទាំង​ផ្ទៃ​មេឃ​នឹង​ផែនដី ទាំង​សមុទ្រ​នឹង​ទី​គោក​ផង» ដែល​នឹង​បណ្ដាល​ឲ្យ​ពិភពលោក​ដ៏​អាក្រក់​ទាំង​មូល​រលាយ​សូន្យ​ទៅ។—ហេព្រើរ ១២:២៦, ២៧

២:៩—តើ​«សិរី​ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត»​តាម​របៀប​ណា​ខ្លះ? យ៉ាង​ហោច​ណាស់ វិហារ​ជាន់​ក្រោយ​នេះ​មាន​សិរី​រុងរឿង​លើស​ជាង​ជាន់​មុន​តាម​របៀប​បី​យ៉ាង ពោល​គឺ រយៈ​ពេល​ដែល​វិហារ​ស្ថិតស្ថេរ​គង់​វង្ស គ្រូ​ដែល​បង្រៀន​នៅ​ទី​នោះ និង​អ្នក​ដែល​ចូល​មក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ។ ថ្វី​បើ​វិហារ​ដ៏​រុងរឿង​របស់​ស្តេច​សាឡូម៉ូន​បាន​ស្ថិតស្ថេរ​អស់​រយៈ​ពេល​៤២០​ឆ្នាំ​ក្ដី ពី​ឆ្នាំ​១០២៧ មុន​គ.ស. រហូត​ដល់​ឆ្នាំ​៦០៧ មុន​គ.ស. បណ្ដាជន​បាន​ប្រើ​ប្រាស់​«វិហារ​ជាន់​ក្រោយ»​ជាង​៥៨០​ឆ្នាំ ចាប់​តាំង​ពី​វិហារ​បាន​សង់​រួច​ជា​ស្រេច​នៅ​ឆ្នាំ​៥១៥ មុន​គ.ស. រហូត​ដល់​ពេល​ដែល​វិហារ​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៧០ គ.ស.។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​ព្រះ​មេស្ស៊ី​បាន​បង្រៀន​នៅ​ក្នុង​«វិហារ​ជាន់​ក្រោយ» និង​មាន​មនុស្ស​ចូល​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​ទី​នោះ​ច្រើន​ជាង​«ជាន់​មុន»។—កិច្ចការ ២:១​-​១១

មេ​រៀន​សម្រាប់​យើង:

១:២​-​៤: ពេល​មាន​ការ​ប្រឆាំង​នឹង​កិច្ចការ​ផ្សព្វផ្សាយ នេះ​មិន​គួរ​ផ្ដល់​ហេតុ​ឲ្យ​យើង​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ជាជាង​«ស្វែង​រក​នគរ . . . ព្រះ​ជា​មុន​សិន»​ឡើយ។—ម៉ាថាយ ៦:៣៣

១:៥, ៧: យក​ល្អ​ឲ្យ​យើង​«ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន» ហើយ​រំពឹង​គិត​អំពី​របៀប​រស់​នៅ​របស់​យើង ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១:៦, ៩​-​១១; ២:១៤​-​១៧: ជនជាតិ​យូដា​នៅ​សម័យ​ហាកាយ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​សម្រាប់​តែ​ប្រយោជន៍​ខ្លួន​ឯង ប៉ុន្តែ​ពួក​គេ​មិន​បាន​ទទួល​ផល​ពី​ការ​ដែល​ដៃ​គេ​ធ្វើ​ទេ។ ដោយសារ​ពួក​គេ​មិន​ទាន់​បាន​កសាង​វិហារ​ឡើង​វិញ ព្រះ​យេហូវ៉ា​ក៏​មិន​ប្រទាន​ពរ​ដល់​ពួក​គេ​ឡើយ។ យើង​គួរ​តែ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អាទិ​ភាព​ក្នុង​ជីវិត ហើយ​បម្រើ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត ទាំង​ចង​ចាំ​ថា ទោះ​ជា​យើង​មាន​ទ្រព្យ​សម្បត្ដិ​តិច​ឬ​ក៏​ច្រើន​ក្ដី ‹អំណោយ​ពរ​ពី​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ទៅ​ជា​មាន›វិញ។—សុភាសិត ១០:២២

២:១៥, ១៨: ព្រះ​យេហូវ៉ា​បាន​ជំរុញ​ពួក​យូដា​ថា ចាប់​តាំង​ពី​ថ្ងៃ​នោះ​ទៅ ពួក​គេ​គួរ​តែ​ពិចារណា​ឬ​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​កសាង​វិហារ​ឡើង​វិញ មិន​មែន​ពិចារណា​ឬ​នឹក​គិត​ពី​ការ​ធ្វេសប្រហែស​របស់​ពួក​គេ​ទេ។ ដូច​គ្នា​ដែរ យើង​ក៏​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ត​ទៅ​មុខ​ទៀត​ដែរ។

‹មិន​មែន​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​វិញ›

(សាការី ១:១​–​១៤:២១)

សាការី​បាន​ចាប់​ផ្ដើម​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ដោយ​អញ្ជើញ​បណ្ដាជន​យូដា​ឲ្យ‹វិល​មក​ព្រះ​យេហូវ៉ា​វិញ›។ (សាការី ១:៣) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​សាការី​ឃើញ​ព្រឹត្ដិការណ៍​៨​យ៉ាង​ក្នុង​គំនិត ដែល​ធានា​ថា​ទ្រង់​នឹង​គាំទ្រ​កិច្ចការ​កសាង​វិហារ​ឡើង​វិញ។ (សូម​មើល​ប្រអប់​«រូប​តំណាង​ទាំង​៨​ដែល​លោក​សាការី​ឃើញ​ក្នុង​គំនិត») កិច្ចការ​សាង​សង់​នឹង​រួច​រាល់​ស្រេច​បាច់ «មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​[ព្រះ​យេហូវ៉ា]​វិញ»។ (សាការី ៤:៦) បុរស​ដែល​ហៅ​ថា លំពង់ «នឹង​សង់​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា​ឡើង» ហើយ​និង​«ធ្វើ​ជា​សង្ឃ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន»។—សាការី ៦:១២, ១៣

ពួក​អ្នក​នៅ​បេតអែល​បាន​ចាត់​គណៈប្រតិភូ​ឲ្យ​ទៅ​សួរ​ពួក​សង្ឃ​ស្តី​អំពី​ការ​តម​អត់​ដើម្បី​រំលឹក​ពី​គ្រា​ដែល​ទី​ក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល។ បណ្ដាជន​មាន​ទម្លាប់​កាន់ទុក្ខ​ដោយ​តម​អត់​អាហារ​បួន​ដង​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​ការ​ហិន​ហោច​នៃ​ទី​ក្រុង​យេរូសាឡិម ប៉ុន្តែ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​សាការី​អំពី​ពិធី​ទាំង​នោះ​ថា នឹង​ក្លាយ​ទៅ​ជា​«ពេល​រីករាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក​គ្រេង»​វិញ។ (សាការី ៧:​២; ៨:១៩) ព្រះ​បន្ទូល​យ៉ាង​ធ្ងន់​ឬ​សារ​ពីរ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​សាការី​ប្រកាស​បន្តបន្ទាប់​នោះ រួម​បញ្ចូល​ការ​វិនិច្ឆ័យ​ទោស​ទៅ​លើ​ប្រជាជាតិ​ឯ​ទៀត​និង​អ្នក​ប្រកាស​ទំនាយ​ដែល​មិន​មែន​ជា​សារ​របស់​ព្រះ​យេហូវ៉ា​ទេ។ សារ​ទាំង​ពីរ​នោះ​ក៏​រួម​មាន​ទំនាយ​ស្តី​អំពី​ព្រះ​មេស្ស៊ី និង​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា ទ្រង់​នឹង​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​មាន​ស្ថានភាព​ដូច​ដើម​វិញ។—សាការី ៩:១; ១២:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១—ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ម្នាក់​វាស់​ក្រុង​យេរូសាឡិម​ដោយ​ខ្សែ​រង្វាស់? តាម​មើល​ទៅ ទង្វើ​នោះ​តំណាង​ការ​សាង​សង់​កំពែង​មួយ​នៅ​ជុំវិញ​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ការពារ​ទី​ក្រុង។ ទេវតា​បាន​ប្រាប់​មនុស្ស​ម្នាក់​នោះ​ថា ក្រុង​យេរូសាឡិម​ត្រូវ​តែ​ពង្រីក​ឡើង ហើយ​ព្រះ​យេហូវ៉ា​នឹង​ជួយ​ការពារ​ទី​ក្រុង​មែន។—សាការី ២:៣​-​៥

៦:១១​-​១៣—តើ​ការ​បំពាក់​មកុដ​លើ​ក្បាល​យេសួរ​ដែល​ជា​សម្ដេច​សង្ឃ ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ស្តេច​ផង​និង​សម្ដេច​សង្ឃ​ផង​បាន​ទេ? មិន​បាន​ទេ ពីព្រោះ​យេសួរ​មិន​មែន​ជា​កូន​ចៅ​របស់​ស្តេច​ដាវីឌ ដូច្នេះ​គ្មាន​សិទ្ធិ​គ្រប់គ្រង​ជា​ស្តេច​ឡើយ។ យ៉ាង​ណា​ក៏​ដោយ គាត់​អាច​តំណាង​ព្រះ​មេស្ស៊ី​បាន ដោយ​ព្រោះ​មាន​មកុដ​នៅ​លើ​ក្បាល។ (ហេព្រើរ ៦:២០) ព្រះ​យេស៊ូ​គ្រិស្ត​ជា​«លំពង់»​ដែល​បាន​ទាយ​ទុក​ជា​មុន​នោះ ពេល​ទ្រង់​គ្រប់គ្រង​ជា​ស្តេច​និង​សម្ដេច​សង្ឃ​នៅ​ឯ​ស្ថានសួគ៌។ (យេរេមា ២៣:៥) ពេល​បណ្ដាជន​បាន​ត្រឡប់​មក​ស្រុក​យូដា​និង​កសាង​វិហារ​ឡើង​វិញ យេសួរ​បាន​បម្រើ​ជា​សម្ដេច​សង្ឃ​នៅ​ទី​នោះ។ ដូច​គ្នា​ដែរ ព្រះ​យេស៊ូ​គ្រិស្ត​ក៏​ជា​សម្ដេច​សង្ឃ​របស់​អស់​អ្នក​ដែល​រួម​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​ដែល​ប្រៀប​ដូច​ជា​វិហារ​របស់​ព្រះ​យេហូវ៉ា។

៨:១​-​២៣—តើ​សេចក្ដី​ប្រកាស​ទាំង​១០​ដែល​មាន​នៅ​ក្នុង​ខ​ទាំង​នេះ បាន​សម្រេច​នៅ​ពេល​ណា? សេចក្ដី​ប្រកាស​នីមួយៗ​ចាប់​ផ្ដើម​ដោយ​ពាក្យ​«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ» ហើយ​ជា​ពាក្យ​សន្យា​របស់​ទ្រង់​ថា ទ្រង់​នឹង​នាំ​ឲ្យ​រាស្ត្រ​ទ្រង់​មាន​សេចក្ដី​សុខសាន្ត។ រីឯ​ការ​សម្រេច​នៃ​សេចក្ដី​ប្រកាស​ទាំង​នោះ ខ្លះ​បាន​សម្រេច​ជាង​៥០០​ឆ្នាំ​មុន​គ.ស.​មែន ប៉ុន្តែ​សេចក្ដី​ប្រកាស​ទាំង​អស់​បាន​សម្រេច​ចាប់​តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. ឬ​ក៏​កំពុង​សម្រេច​ជា​បណ្ដើរៗ។a

៨:៣—ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ក្រុង​យេរូសាឡិម​ជា​«ទី​ក្រុង​នៃ​សេចក្ដី​ពិត»? មុន​សេចក្ដី​ហិនវិនាស​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ក្រុង​យេរូសាឡិម​ជា​«ទី​ក្រុង​ដែល​សង្កត់​សង្កិន​គេ» ពេញ​ទៅ​ដោយ​អ្នក​ប្រកាស​ទំនាយ​និង​សង្ឃ​ដែល​សុទ្ធតែ​លង់​ទៅ​ដោយ​សេចក្ដី​លោភ និង​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់។ (សេផានា ៣:​១; យេរេមា ៦:១៣; ៧:២៩​-​៣៤) ប៉ុន្តែ ពេល​វិហារ​បាន​កសាង​ឡើង​វិញ ហើយ​បណ្ដាជន​តាំង​ចិត្ត​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ពួក​គេ​ចេះ​តែ​និយាយ​អំពី​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ទី​នោះ ដូច្នេះ​ទី​ក្រុង​យេរូសាឡិម​សម​ជា​ទី​កន្លែង​ដែល​ហៅ​ថា ជា​«ទី​ក្រុង​នៃ​សេចក្ដី​ពិត»។

១១:៧​-​១៤—តើ​ការ​កាច់​បំបាក់​ដំបង​ឈ្មោះ​«លំអ» និង​ដំបង​ឈ្មោះ​«សម្ពន្ធ»​របស់​សាការី​តំណាង​អ្វី? គេ​រៀប​រាប់​ពី​សាការី​ថា​ជា​អ្នក​«ឃ្វាល​ហ្វូង​ចៀម​ដែល​សំរាប់​សំឡាប់» ដែល​ប្រៀបធៀប​បណ្ដាជន​ទៅ​នឹង​ចៀម​ដែល​មេ​នាំ​មុខ​បាន​កេង​ប្រវ័ញ្ច។ តួ​នាទី​របស់​សាការី​ជា​គង្វាល​ម្នាក់​តំណាង​ឲ្យ​ព្រះ​យេស៊ូ​គ្រិស្ត ដែល​បាន​បញ្ជូន​ទៅ​ឯ​រាស្ត្រ​ដែល​ព្រះ​យេហូវ៉ា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នោះ តែ​ពួក​គេ​បាន​បដិសេធ​ទ្រង់​ទៅ​វិញ។ ការ​កាច់​បំបាក់​ដំបង​ឈ្មោះ​«លំអ» បង្ហាញ​ពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បណ្ដាច់​កិច្ច​ព្រម​ព្រៀង​ដែល​ទ្រង់​មាន​ជា​មួយ​ពួក​យូដា​តាម​រយៈ​ក្រឹត្យ​វិន័យ​នោះ ហើយ​បង្ហាញ​ថា​ទ្រង់​នឹង​លែង​មាន​អំណរ​ចំពោះ​ពួក​គេ​ទៀត។ ការ​កាច់​បំបាក់​ដំបង​ឈ្មោះ​«សម្ពន្ធ»​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ចោល​ភាតរភាព​ដែល​យូដា​និង​អ៊ីស្រាអែល​ធ្លាប់​មាន​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។

១២:១១—តើ​«ការ​យំ​សោក​នៅ​ត្រង់​ហាដាតរីម៉ូន ក្នុង​ច្រក​ភ្នំ​មេគីដោ»​សំដៅ​ទៅ​លើ​អ្វី? ស្តេច​យ៉ូសៀស​នៃ​រាជាណាចក្រ​យូដា​បាន​ស្លាប់​នៅ​ឯ​«ច្រក​ភ្នំ​មេគីដោ» ពេល​ប្រយុទ្ធ​នឹង​ស្តេច​នៃ​ស្រុក​អេស៊ីប ហៅ​ថា​ផារ៉ោន​នេកោ។ បណ្ដាជន​យូដា​បាន​នឹក​ស្ដាយ​ពី​មរណកាល​នៃ​យ៉ូសៀស ដោយ​«ច្រៀង​បទ​ទំនួញ»​អស់​ជា​ច្រើន​ឆ្នាំ។ (របាក្សត្រទី២ ៣៥:​២៥) ដូច្នេះ​ហើយ «ការ​យំ​សោក​នៅ​ត្រង់​ហាដាតរីម៉ូន»​អាច​សំដៅ​ទៅ​លើ​ការ​សោក​សង្រេង​ពី​មរណភាព​របស់​យ៉ូសៀស។

មេ​រៀន​សម្រាប់​យើង:

១:២​-​៦; ៧:១១​-​១៤: ព្រះ​យេហូវ៉ា​មាន​ចិត្ត​រីករាយ​ហើយ​វិល​មក​រក​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ប្រដៅ​តម្រង់ និង​ត្រឡប់​មក​ថ្វាយ​បង្គំ​ទ្រង់​ដោយ​អស់​ពី​ចិត្ត​វិញ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មិន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ជំនួយ​របស់​អ្នក​ដែល​«មិន​ព្រម​ស្ដាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ​ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ»​សារ​របស់​ទ្រង់។

៤:៦, ៧: គ្មាន​ឧបសគ្គ​ណា​មួយ​ដែល​សកម្ម​ពល​របស់​ព្រះ​មិន​អាច​យក​ឈ្នះ ដើម្បី​បង្ហើយ​កិច្ចការ​កសាង​វិហារ​ឡើង​វិញ​ដោយ​ជោគជ័យ​បាន​ឡើយ។ ដោយ​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​ព្រះ​យេហូវ៉ា យើង​អាច​យក​ឈ្នះ​បញ្ហា​ផ្សេងៗ​បាន ទោះ​ជា​បញ្ហា​បែប​ណា​ក៏​ដោយ​ដែល​យើង​អាច​ជួបប្រទះ​នៅ​ក្នុង​កិច្ច​បម្រើ​ទ្រង់។—ម៉ាថាយ ១៧:២០

៤:១០: ក្រោម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​របស់​ព្រះ​យេហូវ៉ា សូរ៉ូបាបិល​ព្រម​ទាំង​បណ្ដាជន​បាន​បង្ហើយ​កិច្ចការ​កសាង​វិហារ​ស្រប​ទៅ​តាម​ខ្នាត​គំរូ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ។ ការ​រស់​នៅ​ឲ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា មិន​ពិបាក​ណាស់​ណា​ទេ ចំពោះ​មនុស្ស​មិន​ល្អ​ឥតខ្ចោះ។

៧:៨​-​១០; ៨:១៦, ១៧: ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​គាប់​ចិត្ត យើង​ត្រូវ​តែ​ស្រឡាញ់​យុត្ដិធម៌ បង្ហាញ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ មាន​មេត្ដា និង​និយាយ​តែ​ពាក្យ​ពិត​ជា​មួយ​បងប្អូន​គ្នីគ្នា។

៨:៩​-​១៣: ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ពេល​ដែល​យើង​«មាន​កំឡាំង​ដៃ»​ក្នុង​ការ​បំពេញ​ភារកិច្ច​ដែល​ទ្រង់​ប្រគល់​ឲ្យ​យើង​ធ្វើ។ ពរ​ដែល​យើង​អាច​ទទួល​បាន មាន​ទាំង​សេចក្ដី​សុខសាន្ត សុវត្ថិភាព ព្រម​ទាំង​ចំណង​មេត្រីភាព​កាន់​តែ​ល្អ​ឡើងៗ​ជា​មួយ​ព្រះ​យេហូវ៉ា។

១២:៦: អស់​អ្នក​ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​គួរ​តែ​មាន​លក្ខណៈ​ដូច​ជា​«ចន្លុះ​ឆេះ»​ក្នុង​ន័យ​ថា ជា​អ្នក​ដែល​មាន​ចិត្ត​ខ្នះខ្នែង​បំផុត។

១៣:៣: យើង​គួរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ពិត​និង​អង្គការ​របស់​ទ្រង់​ឲ្យ​ខ្លាំង​ជាង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​មនុស្ស​ណា​ម្នាក់ ទោះ​ជា​យើង​មាន​ការ​ជិតដិត​នឹង​គ្នា​យ៉ាង​ណា​ក៏​ដោយ។

១៣:៨, ៩: អ្នក​ក្បត់​ជំនឿ​ដែល​ព្រះ​យេហូវ៉ា​លែង​រាប់​រក​ទាំង​នោះ មាន​ចំនួន​ច្រើន​ដល់​ទៅ​ពីរ​ភាគ​បី​នៃ​បណ្ដាជន។ មាន​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​នៅ​ស្អាត​ស្អំ ហាក់​ដូច​ជា​បាន​នាំ​ទៅ​ក្នុង​ភ្លើង​ដើម្បី​សំរង​ដូច​ជា​សំរង​ប្រាក់។ ក្នុង​សម័យ​យើង​នេះ ព្រះ​យេហូវ៉ា​មិន​ទទួល​ស្គាល់​ពិភព​គ្រិស្ត​សាសនា ដែល​រួម​បញ្ចូល​មនុស្ស​ភាគ​ច្រើន​ដែល​អះអាង​ថា​ជា​គ្រិស្ត​បរិស័ទ។ មាន​តែ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​ហើយ​មាន​ចំនួន​តិច​នោះ ដែល​បាន‹អំពាវនាវ​ដល់​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា› ហើយ​បាន​ប្រគល់​ខ្លួន​ដើម្បី​ឲ្យ​ទ្រង់​សំរង​ឬ​សម្រិតសម្រាំង​ពួក​គេ។ ពួក​គាត់​និង​គូកន​របស់​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ពួក​គាត់​មិន​មែន​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា​តែ​សម្បក​ក្រៅ​ទេ។

ចូរ​មាន​ចិត្ត​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ដោយ​ខ្នះខ្នែង

តើ​អស់​ទាំង​ពាក្យ​ដែល​ហាកាយ​និង​សាការី​បាន​ប្រកាស​ផ្សាយ មាន​ឥទ្ធិពល​មក​លើ​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​យើង​រំពឹង​គិត​ពី​របៀប​ដែល​សារ​របស់​ពួក​គាត់​បាន​ដាស់​ស្មារតី​ពួក​យូដា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ចការ​កសាង​វិហារ​ឡើង​វិញ តើ​នេះ​មិន​ជំរុញ​យើង​ឲ្យ​ចូល​ធ្វើ​កិច្ច​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​ចិត្ត​ខ្នះខ្នែង​ដែរ​ទេ​ឬ?

សាការី​បាន​ប្រកាស​ជា​មុន​ថា ព្រះ​មេស្ស៊ី​នឹង​មក​ដោយ​«គង់​លើ​សត្វ​លា» ថា​គេ​នឹង​ក្បត់​ទ្រង់​សម្រាប់​តែ​«ប្រាក់​៣០​ដួង» ថា​ទ្រង់​នឹង​ត្រូវ​គេ​វាយ ហើយ​«ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ»។ (សាការី ៩:៩; ១១:១២; ១៣:៧) ការ​រំពឹង​គិត​ពី​ទំនាយ​របស់​សាការី​ស្តី​អំពី​ព្រះ​មេស្ស៊ី​ដែល​បាន​សម្រេច​រួច​ហើយ ពិត​ជា​មាន​ឥទ្ធិពល​ល្អ​មក​លើ​ជំនឿ​របស់​យើង​មែន! (ម៉ាថាយ ២១:១​-​៩; ២៦:៣១, ៥៦; ២៧:៣​-​១០) នេះ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​បន្ទូល​ដែល​ជា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​យើង​ឲ្យ​មាន​ជំនឿ​មាំមួន​ទៅ​លើ​អ្វី​ដែល​ទ្រង់​បាន​រៀបចំ​ដើម្បី​សង្គ្រោះ​យើង។—ហេព្រើរ ៤:១២

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៦ ទំព័រ​៩​-​១៨។

[ប្រអប់​នៅ​ទំព័រ​១៥]

រូប​តំណាង​ទាំង​៨​ដែល​លោក​សាការី​ឃើញ​ក្នុង​គំនិត

អ្វី​ដែល​សាការី​ឃើញ​ក្នុង​គំនិត​ហើយ​បាន​សរសេរ​នៅ:

១:៨​-​១៧: ផ្ដល់​ការ​ធានា​ថា វិហារ​នឹង​បាន​សង់​ឡើង​វិញ ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដើម្បី​ឲ្យ​ក្រុង​យេរូសាឡិម​និង​ក្រុង​នានា​ក្នុង​ស្រុក​យូដា​មាន​ភាព​ចម្រុង​ចម្រើន។

១:១៨​-​២១: បញ្ជាក់​ថា​ទីបញ្ចប់​នៃ‹ស្នែង​ទាំង​៤​ដែល​បាន​កំចាត់​កំចាយ​ពួក​យូដា›។ ស្នែង​ទាំង​នោះ​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​ធ្លាប់​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។

២:១​-​១៣: បង្ហាញ​ថា​មនុស្ស​កាន់​តែ​ច្រើន​នឹង​ទៅ​រស់​នៅ​ទី​ក្រុង​យេរូសាឡិម ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រៀប​ដូច​ជា​«កំផែង​ភ្លើង»​ដើម្បី​ការពារ​«ទី​ក្រុង​នៅ​ព័ទ្ធ​ជុំវិញ»។

៣:១​-​១០: បញ្ជាក់​ថា​សាតាំង​បាន​ចូល​ដៃ​ក្នុង​ការ​ប្រឆាំង​កិច្ចការ​កសាង​វិហារ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ដោះ​លែង​សម្ដេច​សង្ឃ​យេសួរ​និង​ចាត់​ទុក​គាត់​ជា​មនុស្ស​ស្អាត​ស្អំ មិន​មែន​ទុច្ចរិត​ទេ។

៤:១​-​១៤: ធានា​ថា​ទោះ​ជា​ឧបសគ្គ​មាន​ទំហំ​ធំ​ប៉ុន​ភ្នំ​ក៏​ដោយ ក៏​នឹង​ត្រូវ​ពង្រាប​ឲ្យ​រាប​ស្មើ​វិញ ហើយ​លោក​សូរ៉ូបាបិល​នឹង​បង្ហើយ​ការ​សាង​សង់​វិហារ​ឲ្យ​រួច​ស្រេច​បាច់។

៥:១​-​៤: ប្រកាស​សេចក្ដី​បណ្ដាសា​ទៅ​លើ​ពួក​ទុច្ចរិត​ដោយ​មិន​ឲ្យ​ពួក​គេ​រួច​ខ្លួន​ឡើយ។

៥:៥​-​១១: ទាយ​ទុក​ជា​មុន​ពី​ទីបញ្ចប់​នៃ​អំពើ​អាក្រក់​ជួជាតិ។

៦:១​-​៨: សន្យា​ថា​ទេវតា​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​និង​ការពារ។

[រូបភាព​នៅ​ទំព័រ​១២]

តើ​សារ​របស់​ហាកាយ​និង​សាការី​មាន​គោល​ដៅ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៤]

តើ​អ្នក​ដែល​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ប្រៀប​ដូច​«ចន្លុះ​ឆេះ»​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក