យេរេមា
២៣ ព្រះយេហូវ៉ាប្រកាសថា៖ «វេទនាហើយ! ពួកគង្វាលដែលកំពុងបំផ្លាញនិងកម្ចាត់កម្ចាយហ្វូងចៀមនៅលើវាលស្មៅខ្ញុំ»។+
២ ហេតុនេះ ព្រះយេហូវ៉ាជាព្រះនៃប្រជាជាតិអ៊ីស្រាអែលមានប្រសាសន៍ទាស់នឹងពួកគង្វាលដែលកំពុងឃ្វាលរាស្ត្រលោកថា៖ «អ្នករាល់គ្នាបានបោះបង់ចោលហ្វូងចៀមរបស់ខ្ញុំ ហើយតែងតែកម្ចាត់កម្ចាយពួកគេ។ អ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទាល់តែសោះ»។+
«ដូច្នេះ ខ្ញុំនឹងមិនអាណិតអាសូរអ្នករាល់គ្នាទេ ព្រោះតែអំពើអាក្រក់របស់អ្នករាល់គ្នា»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣ «បន្ទាប់មក ខ្ញុំនឹងប្រមូលចៀមរបស់ខ្ញុំដែលនៅសេសសល់ ពីស្រុកទាំងឡាយដែលខ្ញុំបានបណ្ដេញពួកគេឲ្យទៅរស់នៅ+ ហើយនាំពួកគេត្រឡប់មកឯវាលស្មៅរបស់ខ្ញុំវិញ។+ រួចពួកគេនឹងបង្កើតកូនឲ្យចម្រើនជាច្រើនឡើង។+ ៤ ពេលនោះ ខ្ញុំនឹងតែងតាំងពួកគង្វាលឲ្យឃ្វាលហ្វូងចៀមខ្ញុំដោយយកចិត្តទុកដាក់។+ ហ្វូងចៀមខ្ញុំនឹងលែងតក់ស្លុតឬភ័យខ្លាចទៀត ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៥ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំនឹងធ្វើឲ្យមានពន្លក*មួយដ៏សុចរិតដុះចេញពីពូជពង្សដាវីឌ+ ហើយគាត់នឹងគ្រប់គ្រងជាស្ដេច+នៅក្នុងស្រុក ដោយការយល់ធ្លុះជ្រៅនិងដោយសុចរិតយុត្តិធម៌។+ ៦ នៅគ្រាគាត់ ពួកយូដានឹងទទួលសេចក្ដីសង្គ្រោះ+ ហើយពួកអ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត។+ គេនឹងហៅគាត់ថាព្រះយេហូវ៉ាជាសេចក្ដីសុចរិតរបស់យើង»។+
៧ ព្រះយេហូវ៉ាប្រកាសថា៖ «ទោះជាយ៉ាងនោះក៏ដោយ នឹងមានគ្រាមួយដែលពួកគេនឹងលែងស្បថថា៖ ‹ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប!›។+ ៨ ផ្ទុយទៅវិញ ពួកគេនឹងប្រើពាក្យសម្បថដែលថា៖ ‹ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបានរំដោះប្រជាជាតិអ៊ីស្រាអែលពីស្រុកនៅភាគខាងជើង និងពីស្រុកទាំងឡាយដែលលោកបានកម្ចាត់កម្ចាយពួកគេ›។ ពេលនោះ រាស្ត្រខ្ញុំនឹងរស់នៅក្នុងស្រុករបស់ពួកគេវិញ»។+
៩ ស្ដីអំពីពួកអ្នកប្រកាសទំនាយ ខ្ញុំនិយាយដូចតទៅ៖
ចិត្តខ្ញុំបានខ្ទេចខ្ទាំអស់ ហើយឆ្អឹងរបស់ខ្ញុំរង្គើញាប់ញ័រ។
ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចមនុស្សស្រវឹងស្រាទំពាំងបាយជូរ
ដោយសារតែព្រះយេហូវ៉ា និងបណ្ដាំដ៏បរិសុទ្ធរបស់លោក។
១០ ព្រោះទឹកដីទាំងមូលពេញទៅដោយមនុស្សផិតក្បត់+
ហើយដោយសារតែត្រូវបណ្ដាសា ស្រុកទាំងមូលមានទុក្ខព្រួយ+
ឯវាលស្មៅនៅតំបន់ស្ងាត់ជ្រងំ ក៏បានក្រៀមស្វិតទៅអស់ដែរ។+
ការប្រព្រឹត្តរបស់ពួកគេសុទ្ធតែអាក្រក់ ហើយពួកគេប្រព្រឹត្តអំពើអយុត្តិធម៌ដោយអាងអំណាចខ្លួន។
១១ ព្រះយេហូវ៉ាប្រកាសថា៖ «ទាំងពួកអ្នកប្រកាសទំនាយទាំងពួកសង្ឃពួកគេទាំងអស់សុទ្ធតែជាអ្នកក្បត់ជំនឿ។+
ខ្ញុំក៏ឃើញអំពើទុច្ចរិតរបស់ពួកគេនៅក្នុងវិហារខ្ញុំដែរ»។+
១២ «ដូច្នេះ ផ្លូវរបស់ពួកគេនឹងងងឹតស្លុប ហើយងាយរអិល+
ពួកគេនឹងត្រូវច្រាន ហើយដួលចុះ។
ព្រោះនៅគ្រានៃការវិនិច្ឆ័យទោស
ខ្ញុំនឹងធ្វើឲ្យមានសេចក្ដីវេទនាធ្លាក់មកលើពួកគេ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៣ «ខ្ញុំបានឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអ្នកប្រកាសទំនាយនៅស្រុកសាម៉ារី។+
ពួកគេប្រកាសទំនាយដោយនូវឈ្មោះព្រះបាល
ហើយនាំបណ្ដាជនអ៊ីស្រាអែលជារាស្ត្ររបស់ខ្ញុំឲ្យវង្វេង។
១៤ ខ្ញុំក៏បានឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអ្នកប្រកាសទំនាយនៅក្រុងយេរូសាឡិមដែរ។
ពួកគេបានប្រព្រឹត្តអំពើផិតក្បត់+ ហើយនិយាយភូតភរ។+
ពួកគេលើកទឹកចិត្តជនទុច្ចរិត
ហើយមិនបែរចេញពីការអាក្រក់របស់ខ្លួនទេ។
ចំពោះខ្ញុំ ពួកគេទាំងនោះប្រៀបដូចជាក្រុងសូដុម+
ឯអ្នកក្រុងយេរូសាឡិមវិញ ពួកគេប្រៀបដូចជាក្រុងកូម៉ូរ៉ា»។+
១៥ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ទាស់នឹងពួកអ្នកប្រកាសទំនាយទាំងនោះថា៖
«មើល! ខ្ញុំនឹងធ្វើឲ្យពួកគេបរិភោគដើមល្វីង និងផឹកទឹកដែលមានជាតិពុល។+
ព្រោះពួកអ្នកប្រកាសទំនាយនៅក្រុងយេរូសាឡិម បាននាំឲ្យមានការក្បត់ជំនឿនៅទូទាំងស្រុក»។
១៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ចូរកុំស្ដាប់ពាក្យដែលពួកអ្នកប្រកាសទំនាយបានប្រាប់អ្នករាល់គ្នាឡើយ។+
ពួកគេកំពុងបំភាន់អ្នករាល់គ្នាហើយ
ព្រោះពួកគេនិយាយតាមតែចិត្តនឹកឃើញប៉ុណ្ណោះ+
មិនមែនមកពីប្រសាសន៍របស់ព្រះយេហូវ៉ាទេ។+
១៧ ពួកគេនិយាយម្ដងហើយម្ដងទៀត ប្រាប់ពួកអ្នកដែលមិនគោរពខ្ញុំថា៖
‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងមានសេចក្ដីសុខសាន្ត»›។+
ពួកគេក៏និយាយប្រាប់ពួកអ្នកដែលធ្វើតាមចិត្តរឹងចចេសរបស់ខ្លួនថា៖
‹នឹងគ្មានសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នាឡើយ›។+
១៨ តើអ្នកណាបានឈរក្នុងចំណោមមនុស្សដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា
ដើម្បីមើលនិងស្ដាប់ប្រសាសន៍របស់លោក?
តើអ្នកណាបានត្រងត្រាប់ស្ដាប់ប្រសាសន៍របស់លោក?
១៩ មើល! ខ្យល់ព្យុះរបស់ព្រះយេហូវ៉ានឹងបោកបក់ដោយកំហឹង
ដូចជាព្យុះសង្ឃរាដែលនឹងបក់បោកទៅលើក្បាលជនទុច្ចរិត។+
២០ កំហឹងរបស់ព្រះយេហូវ៉ានឹងមិនរសាយឡើយ
រហូតដល់លោកបំពេញតាមបំណងចិត្តលោក។
នៅគ្រាចុងក្រោយបង្អស់ អ្នករាល់គ្នានឹងយល់ច្បាស់អំពីរឿងនេះ។
២១ ខ្ញុំមិនបានចាត់ពួកអ្នកប្រកាសទំនាយឲ្យទៅទេ តែពួកគេបានរត់ទៅប្រាប់។
ខ្ញុំមិនបាននិយាយតាមរយៈពួកគេទេ តែពួកគេបានប្រកាសទំនាយ។+
២២ ប៉ុន្តែ បើពួកគេបានឈរនៅក្នុងចំណោមពួកអ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធនឹងខ្ញុំវិញ
នោះពួកគេមុខជានាំពាក្យរបស់ខ្ញុំទៅប្រាប់រាស្ត្ររបស់ខ្ញុំហើយ
ព្រមទាំងនាំរាស្ត្ររបស់ខ្ញុំបែរចេញពីផ្លូវទុច្ចរិតនិងការប្រព្រឹត្តអាក្រក់ជាមិនខាន»។+
២៣ ព្រះយេហូវ៉ាប្រកាសថា៖ «តើខ្ញុំគ្រាន់តែជាព្រះដែលនៅជិតហើយមិនមែនជាព្រះដែលនៅឆ្ងាយទេឬ?»។
២៤ ព្រះយេហូវ៉ាប្រកាសថា៖ «តើមានអ្នកណាអាចលាក់ខ្លួននៅទីកំបាំងដែលខ្ញុំមិនអាចឃើញបានទៅ?»។+
«តើខ្ញុំមិនស្ថិតនៅពេញពាសលើស្ថានសួគ៌និងនៅផែនដីទេឬ?»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៥ «ខ្ញុំបានឮពួកអ្នកប្រកាសទំនាយកំពុងប្រកាសពាក្យមិនពិតដោយនូវនាមខ្ញុំថា៖ ‹ខ្ញុំយល់សប្ដិឃើញយ៉ាងនេះ! ខ្ញុំយល់សប្ដិឃើញយ៉ាងនោះ!›។+ ២៦ តើដល់កាលណាទៅ ទើបពួកអ្នកប្រកាសទំនាយឈប់ប្រកាសពាក្យមិនពិតទៀត? ពួកគេប្រកាសពាក្យបោកបញ្ឆោតតាមតែចិត្តខ្លួន។+ ២៧ ពួកគេមានបំណងធ្វើឲ្យរាស្ត្រខ្ញុំភ្លេចនាមខ្ញុំ តាមរយៈសុបិនដែលពួកគេប្រាប់តៗគ្នា ដូចជាបុព្វបុរសរបស់ពួកគេបានភ្លេចនាមខ្ញុំដោយសារតែព្រះបាលដែរ។+ ២៨ ចូរឲ្យអ្នកប្រកាសទំនាយដែលយល់សប្ដិ រៀបរាប់ប្រាប់សុបិនរបស់ខ្លួនទៅ។ ប៉ុន្តែ អ្នកដែលទទួលពាក្យពីខ្ញុំ ត្រូវនិយាយប្រាប់ពាក្យរបស់ខ្ញុំដោយពិតត្រង់»។
«តើចំបើងនិងស្រូវមានអ្វីដូចគ្នាទៅ?»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៩ ព្រះយេហូវ៉ាប្រកាសថា៖ «តើពាក្យរបស់ខ្ញុំមិនមែនដូចជាភ្លើង+ និងដូចជាញញួរសម្រាប់វាយបំបែកផ្ទាំងថ្មទេឬ?»។+
៣០ ព្រះយេហូវ៉ាប្រកាសថា៖ «ដូច្នេះហើយបានជាខ្ញុំប្រឆាំងនឹងពួកអ្នកប្រកាសទំនាយទាំងនោះ ដែលបានយកពាក្យរបស់ខ្ញុំ ពីអ្នកប្រកាសទំនាយឯទៀតមកបំភ្លៃការពិត»។+
៣១ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! ខ្ញុំទាស់នឹងពួកអ្នកប្រកាសទំនាយដែលនិយាយថា៖ ‹នេះជាប្រសាសន៍របស់ព្រះ!›»។+
៣២ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! ខ្ញុំប្រឆាំងនឹងពួកអ្នកប្រកាសទំនាយដែលប្រាប់សុបិនមិនពិត រួចបកស្រាយសុបិននោះ ហើយនាំរាស្ត្ររបស់ខ្ញុំឲ្យវង្វេងចេញ ព្រោះតែពាក្យកុហកនិងអំណួតរបស់ពួកគេ»។+
«ការពិតខ្ញុំមិនបានចាត់ឬបង្គាប់ពួកគេទេ។ ដូច្នេះ ពួកគេមិនបាននាំឲ្យរាស្ត្រខ្ញុំទទួលប្រយោជន៍សោះឡើយ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣៣ «បើកាលណាបណ្ដាជននេះ ឬអ្នកប្រកាសទំនាយ ឬពួកសង្ឃនិយាយថា៖ ‹ដំណឹងនេះប្រៀបដូចជាបន្ទុក*ពីព្រះយេហូវ៉ា› នោះអ្នកគួរឆ្លើយទៅពួកគេថា៖ ‹«គឺអ្នករាល់គ្នាទេ ជាបន្ទុក! ខ្ញុំនឹងបណ្ដេញអ្នករាល់គ្នាចេញ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។ ៣៤ ចំពោះអ្នកប្រកាសទំនាយ ឬសង្ឃ ឬបណ្ដាជនដែលនិយាយថា៖ ‹ដំណឹងពីព្រះយេហូវ៉ាជាបន្ទុកដល់យើងណាស់!› នោះខ្ញុំនឹងដាក់ទោសអ្នកនោះនិងពួកអ្នកផ្ទះរបស់គាត់។ ៣៥ អ្នករាល់គ្នាម្នាក់ៗកំពុងនិយាយទៅកាន់ជនរួមជាតិនិងបងប្អូនខ្លួនយ៉ាងនេះថា៖ ‹តើព្រះយេហូវ៉ាបានឆ្លើយយ៉ាងណា? តើព្រះយេហូវ៉ាបានមានប្រសាសន៍អ្វីខ្លះ?›។ ៣៦ ប៉ុន្តែ អ្នករាល់គ្នាត្រូវឈប់និយាយថាដំណឹងពីព្រះយេហូវ៉ាជាបន្ទុកទៀតទៅ ព្រោះអ្នករាល់គ្នាបានបកស្រាយដំណឹងនោះតាមទស្សនៈខ្លួន ហើយបំភ្លៃពាក្យរបស់ព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃយើង។ ហេតុនេះហើយបានជាដំណឹងនោះទៅជាបន្ទុកដល់អ្នករាល់គ្នាវិញ។
៣៧ «អ្នកត្រូវសួរអ្នកប្រកាសទំនាយនោះថា៖ ‹តើព្រះយេហូវ៉ាបានឆ្លើយមកអ្នកយ៉ាងណា? តើព្រះយេហូវ៉ាបានមានប្រសាសន៍អ្វីខ្លះ? ៣៨ ហើយបើអ្នកចេះតែនិយាយថា៖ «ដំណឹងពីព្រះយេហូវ៉ាជាបន្ទុក»ទៀត នោះព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «ដោយសារអ្នកនៅតែនិយាយថា‹ពាក្យរបស់ព្រះយេហូវ៉ាជាបន្ទុក› កាលដែលខ្ញុំប្រាប់អ្នក‹កុំឲ្យនិយាយថា«ពាក្យរបស់ព្រះយេហូវ៉ាជាបន្ទុកឡើយ»› ៣៩ នោះមើល! ខ្ញុំនឹងលើកអ្នកឡើង ហើយគ្រវែងអ្នកចេញពីមុខខ្ញុំ រួមទាំងក្រុងនេះដែរ ជាក្រុងដែលខ្ញុំបានប្រគល់ឲ្យអ្នកនិងបុព្វបុរសរបស់អ្នក។ ៤០ ខ្ញុំនឹងធ្វើឲ្យអ្នកអាប់ឱនកិត្តិយសនិងអាម៉ាស់មុខជារៀងរហូត ហើយគ្មានអ្នកណាបំភ្លេចបានឡើយ»›»។+