បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៤ ទំ. ១២-១៧
  • សិរីល្អដ៏ធំធេងនៃដំណាក់របស់ព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សិរីល្អដ៏ធំធេងនៃដំណាក់របស់ព្រះយេហូវ៉ា
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «អាហារ»ដ៏​បរិបូរ
  • ការ​ច្រូត​កាត់​នៅ​ជុំ​វិញ​ពិភព​លោក
  • ការ​ជឿន​ទៅ​មុខ​ជា​និច្ច
  • សារ​ចុង​ក្រោយ​បង្អស់​របស់​ហាកាយ
  • ចូរឲ្យគ្រប់គ្នាលើកដំកើងព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «អញនៅជាមួយនឹងឯងរាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរឲ្យមានកម្លាំងដៃចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • «ខ្ញុំនឹងអង្រួនប្រជាជាតិនានា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៤ ទំ. ១២-១៧

សិរី​ល្អ​ដ៏​ធំ​ធេង​នៃ​ដំណាក់​របស់​ព្រះ​យេហូវ៉ា

«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ‹នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី​ល្អ›»។—ហាកាយ ២:៧

១. តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ជំនឿ​និង​ការ​ប្រព្រឹត្ត​យ៉ាង​ណា?

កាល​កំពុង​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ជួប​ស្ត្រី​ម្នាក់​ខាង​សាសនា​ភិន្ដាកុស ដែល​មាន​ប្រសាសន៍​ថា៖ ‹យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​អ្នក​ជា​ពួក​ដែល​ធ្វើ​កិច្ច​ការ​ផ្សាយ›។ រួច​គេ​បាន​ពន្យល់​ប្រាប់​នាង​យ៉ាង​សុភាព​ថា ពួក​អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​ធម្មតា មាន​ចិត្ត​ប្រទាក់​ប្រទាញ​ចង់​ធ្វើ​កិច្ច​ការ​របស់​ព្រះ។ យ៉ាកុប ២:១៧ ចែង​ថា៖ «សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង»។ ដោយ​មាន​ជំនួយ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះ ស្មរបន្ទាល់​របស់​ទ្រង់​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដ៏​មុត​មាំ ហើយ​ទ្រង់​បាន ‹បំពេញ​ដំណាក់​របស់​ទ្រង់​ដោយ​សិរី​ល្អ› ដោយ​បាន​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​កិច្ច​ការ​សុចរិត​នេះ—គឺ​ជា ‹ការ​ផ្សាយ​ប្រកាស​ដំណឹង​ល្អ​នេះ ដែល​សម្ដែង​ពី​ព្រះ​រាជាណាចក្រ​ទូទៅ​គ្រប់​ក្នុង​លោកីយ៍ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍›។ កាល​ណា​ព្រះ​យេហូវ៉ា​ពេញ​ព្រះ​ទ័យ​ថា​កិច្ច​ការ​នេះ​បាន​សម្រេច​ហើយ «នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:១៤

២. (ក) ការ​បំរើ​ក្នុង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា នឹង​នាំ​ឲ្យ​មាន​ពរ​អ្វី​ដល់​យើង? (ខ) ហេតុ​អ្វី​ក៏​យើង​គួរ​សប្បាយ​អំពី​ការ«បង្អង់»ពេល?

២ ពី​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ យើង​យល់​ថា កិច្ច​ការ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ គឺ​ត្រូវ​ផ្សាយ​ប្រាប់​ដល់​អ្នក​ដទៃ​អំពី«ដំណឹង​ពី​សិរី​ល្អ​នៃ​ព្រះ​ដ៏​មាន​ពរ» ជា​ដំណឹង​ដែល​បាន​ប្រគល់​មក​យើង។ (ធីម៉ូថេ​ទី​១ ១:១១) កាល​ណា​យើង​បំរើ​ព្រះ​យេហូវ៉ា​រឹត​តែ​ច្រើន​ឡើង​ដោយ​ចិត្ត​សប្បាយ នោះ​ទី​បញ្ចប់​ក៏​ហាក់​បី​ដូច​ជា​មក​រឹត​រហ័ស​ដែរ។ នៅ​ហាបាគុក ២:២, ៣ យើង​អាន​ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ថា៖ «ចូរ​កត់​ការ​ជាក់​ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្ដារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ច្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ ត្រូវ​ហើយ «ការ​ជាក់​ស្តែង​នេះ»នឹង​មក​ជា​ពិត ទោះ​បី​ជា​ត្រូវ«បង្អង់​យូរ»ក៏​ដោយ។ ដោយ​ព្រោះ​តែ​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ឆ្នាំ​ទី​៨៣​នៃ​ការ​សោយ​រាជ្យ​របស់​ព្រះ​យេស៊ូ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​បង្អង់​យូរ​ឥឡូវ​នេះ។ តើ​យើង​មិន​គួរ​សប្បាយ​ចិត្ត​ទេ​ឬ ដែល​ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​នោះ? ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩៩០​នេះ ហាក់​បី​ដូច​ជា​ដោយ​អព្ភូតហេតុ បំរាម​ផ្សេង​ៗ​ដែល​បាន​ដាក់​មក​លើ​ការ​ផ្សាយ​ដំណឹង​ល្អ ត្រូវ​បាន​ដក​ចេញ នៅ​អឺរ៉ុប​ខាង​កើត កន្លែង​ផ្សេង​ៗ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត។ ការ«បង្អង់​យូរ»នេះ អនុញ្ញាត​ឲ្យ​ពេល​វេលា​សំរាប់​ប្រមូល«ចៀម»ជា​ច្រើន​ទៀត ពី​ប្រទេស​ផ្សេង​ៗ​ដែល​ទើប​តែ​បាន​បើក​ឲ្យ​មាន​សិទ្ធិ​សេរី​ភាព។—យ៉ូហាន ១០:១៦

៣. ហេតុ​អ្វី​ក៏​ការ​យល់​ថ្មី​ៗ​របស់​យើង​អំពី«មនុស្ស​ដំណ»នេះ រំជួល​ចិត្ត​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ព្រះ​ជា​បន្ទាន់?

៣ ព្យាការី​នោះ​មាន​ប្រសាសន៍​ថា «ឥត​រា​រង់​ឡើយ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មនុស្ស​ដំណ​ដ៏​អាក្រក់​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ«គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់»។ (ម៉ាថាយ ២៤:៣៤) តើ​ការ​យល់​ថ្មី​របស់​យើង​នេះ​អំពី​ពាក្យ​បន្ទូល​របស់​ទ្រង់ មាន​ន័យ​ថា​សកម្មភាព​ផ្សាយ​របស់​យើង លែង​មាន​ភាព​បន្ទាន់​ទៀត​ឬ?a ការ​ពិត​បង្ហាញ​ឲ្យ​ឃើញ​ផ្ទុយ​ពី​នេះ​ទៅ​វិញ! មនុស្ស​ដំណ​យើង​នេះ​កំពុង​តែ​ធ្លាក់​ចុះដល់​សភាព​ដ៏​អាក្រក់​ក្រៃ​លែង​និង​ពុក​រលួយ ដែល​មិន​មាន​ពី​មុន​មក​ក្នុង​ប្រវត្ដិសាស្ត្រ។ (ប្រៀប​ធៀប កិច្ច​ការ ២:៤០) យើង​គួរ​តែ​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​នេះ​ជា​បន្ទាន់។ (ធីម៉ូថេ​ទី​២ ៤:២) គ្រប់​ទំនាយ​អំពី​ពេល​កំណត់​នៃ​សេចក្ដី​វេទនា​ជា​ខ្លាំង​បង្ហាញ​ថា វា​នឹង​មក​មួយ​រំពេច មួយ​ភ្លែត ដោយ​សម្ងាត់—ប្រៀប​ដូច​ជា​ចោរ។ (ថែស្សាឡូនីច​ទី​១ ៥:១​-​៤; វិវរណៈ ៣:៣; ១៦:១៥) «ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត»។ (ម៉ាថាយ ២៤:៤៤) កាល​ដែល​ដំណ​មនុស្ស​ដែល​គ្មាន​ព្រះ​នេះ​សំកាំង​លើ​គែម​នៃ​សេចក្ដី​ហិន​វិនាស ចូរ​ឲ្យ​យើង​កុំ​បោះ​ចោល​សេចក្ដី​សង្ឃឹម​ដ៏​មាន​តម្លៃ​នៃ​ជីវិត​អស់​កល្ប​ជា​និច្ច​របស់​យើង ដោយ​ត្រឡប់​ទៅ«ននៀល​នៅ​ក្នុង​ខ្នាច»នៃ​សេចក្ដី​រំខាន​របស់​លោកីយ៍​នេះ!—ពេត្រុស​ទី​២ ២:២២; ៣:១០; លូកា ២១:៣២​-​៣៦

៤. តើ​អ្វី​ជា​ស្ថានការណ៍​ដែល​តម្រូវ​ឲ្យ​បើក‹អាហារ​ផ្ដល់​ឲ្យ​បរិភោគ​តាម​ត្រូវ​ពេល› ហើយ​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

៤ ពិត​តាម​ទំនាយ​របស់​ព្រះ​យេស៊ូ ក្នុង​ឆ្នាំ​១៩១៤ មាន«ដើម​ចម​នៃ​សេចក្ដី​ទុក្ខ» កាល​ដែល​មនុស្ស​លោក​ខិត​ចូល​ក្នុង‹គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍›នេះ។ សេចក្ដី​ទុក្ខ​ព្រួយ ព្រឹត្ដិការណ៍​ហិន​វិនាស​ផ្សេង​ៗ និង​ការ​គ្មាន​ច្បាប់​ទម្លាប់ បាន​រីក​ចំរើន​រហូត​មក​ដល់​សម័យ​នេះ។ (ម៉ាថាយ ២៤:៣​-​៨, ១២) នៅ​ដំណាល​គ្នា​នេះ ព្រះ​យេហូវ៉ា​បាន​ចាត់​តាំង​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ ឲ្យ​ផ្ដល់‹អាហារ​តាម​ត្រូវ​ពេល› ដល់​ពួក​ផ្ទះ​នៃ​ចៅហ្វាយ​របស់​គេ គឺ​ព្រះ​គ្រីស្ទ។ (ម៉ាថាយ ២៤:៤៥​-​៤៧) ពី​បល្ល័ង្ក​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ ស្តេច​មេស្ស៊ី​នេះ​ឥឡូវ​កំពុង​តែ​ដឹក​នាំ​កម្ម​វិធី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​នៅ​ជុំ​វិញ​ផែនដី។

«អាហារ»ដ៏​បរិបូរ

៥. វត្ថុ​ធំ​ដុំ​នៃ«អាហារ»កំពុង​តែ​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា?

៥ សូម​គិត​អំពី​ការ​រៀបចំ«អាហារ»នេះ។ (លូកា ១២:៤២) វត្ថុ​ដ៏​សំខាន់​ក្នុង​បញ្ជី​មុខ​ម្ហូប​គ្រីស្ទាន​គឺ​ពាក្យ​បន្ទូល​របស់​ព្រះ ព្រះ​គម្ពីរ។ ដើម្បី​បង្រៀន​ព្រះ​គម្ពីរ​ឲ្យ​បាន​សក្ដិ​សិទ្ធិ នោះ​ត្រូវ​តែ​មាន​សេចក្ដី​បក​ប្រែ​ដែល​មាន​លក្ខណៈ​អាច​អាន​បាន​និង​ច្បាស់​ត្រឹម​ត្រូវ។ ជា​ច្រើន​ឆ្នាំ​មក សេចក្ដី​តម្រូវ​នេះ​បាន​ទទួល​ការ​សម្រេច​បន្ដិច​ម្ដង​ៗ ជា​ពិសេស​ចាប់​ពី​ឆ្នាំ​១៩៥០​មក ជា​គ្រា​ដែល​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​បាន​បោះ​ពុម្ព​ផ្សាយ​ចេញ​ជា​ភាសា​អង់គ្លេស។ មក​ដល់​ឆ្នាំ​១៩៦១ ព្រះ​គម្ពីរ​ទាំង​មូល​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បាន​បើក​ឲ្យ​មាន​ប្រើ​ប្រាស ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​មាន​ផ្សាយ​ចេញ​ជា​ភាសា​ធំ​ដុំ​ផ្សេង​ៗ​ទៀត​ដែរ។ ព្រះ​គម្ពីរ​៣​ក្បាល​ដែល​បាន​បើក​ឲ្យ​មាន​ប្រើ​ប្រាស​ក្នុង​កំឡុង​កិច្ច​បំរើ​ប្រចាំ​ឆ្នាំ​១៩៩៦ បាន​សរុប​ចំនួន​ដល់​២៧​ក្បាល ដែល​ពី​ចំនួន​នេះ​មាន​១៤​ក្បាល​ជា​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​ទប់​ទល់​កិច្ច​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ទាំង​នេះ ព្រម​ទាំង​ជំនួយ​ព្រះ​គម្ពីរ​ជា​ច្រើន​ទៀត មាន​គ្រីស្ទាន​ដែល​ថ្វាយ​ខ្លួន​ប្រមាណ​១១៧៤​នាក់ ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​ការ​បក​ប្រែ​ពេញ​ពេល​នៅ​ក្នុង​៧៧​ប្រទេស។

៦. តើ​សមាគម​ប៉ម​យាម​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រកាសនវត្ថុ​ខាង​ព្រះ​គម្ពីរ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

៦ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ពួក​អ្នក​បក​ប្រែ​ជា​ច្រើន​នេះ ២៤​សាខា​នៃ​សមាគម​ប៉ម​យាម​ដែល​មាន​ម៉ាស៊ីន​បោះ​ពុម្ព កំពុង​តែ​ផលិត​បាន​ប្រកាសនវត្ថុ​រឹត​តែ​ច្រើន​ឡើង។ ដោយ​ហេតុ​នេះ នៅ​តាម​សាខា​ធំ​ៗ គេ​កំពុង​តែ​តម្លើង​ជា​បន្ត​បន្ទាប់​នូវ​ម៉ាស៊ីន​បោះ​ពុម្ព​ល្បឿន​ខ្ពស់ ធុន​បង្វិល។ ការ​ផលិត​ទស្សនាវដ្ដី​ប៉ម​យាម និង ភ្ញាក់​រឭក! កើន​ចំនួន​រៀង​រាល់​ខែ ឡើង​ដល់​ចំនួន​សរុប​៩៤៣.៨៩២.៥០០​ក្បាល គឺ​ឡើង​១៣.៤​ភាគ​រយ​សំរាប់​ឆ្នាំ​នេះ។ ចំនួន​សរុប​នៃ​ព្រះ​គម្ពីរ​និង​សៀវភៅ​ដែល​មាន​ក្រប​រឹង ដែល​បាន​ផលិត​នៅ​សហរដ្ឋ​អាមេរីក ប្រេហ្ស៊ីល ហ្វ័ងឡង់​ដ៍ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ និង​ម៉ិចស្សីកូ បាន​ឡើង​ដល់​៤០​ភាគ​រយ ពី​ឆ្នាំ​១៩៩៥ ទៅ​ឆ្នាំ​១៩៩៦ ឡើង​ដល់​៧៦.៧៦០.០៩៨​ក្បាល។ សាខា​នៅ​ប្រទេស​ឯ​ទៀត​ក៏​មាន​ការ​រីក​ចំរើន​ដែរ​នូវ​ការ​ផលិត​ប្រកាសនវត្ថុ។

៧. តើ​អេសាយ ៥៤:២ មាន​ភាព​បន្ទាន់​ជា​ខ្លាំង​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ?

៧ ការ​រីក​ចំរើន​ជា​ច្រើន​នេះ អាច​ធ្វើ​ទៅ​បាន​ក្នុង​កំឡុង​ទសវត្ស​នៃ​ឆ្នាំ​១៩៩០ ដោយ​សារ​ការ​ដក​ហូត​បំរាម​ចេញ​ពី​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​អឺរ៉ុប​ខាង​កើត​និង​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​កន្លែង​ទាំង​នេះ មាន​ការ​ស្រេក​ឃ្លាន​អាហារ​ខាង​វិញ្ញាណ​ខ្លាំង​ណាស់។ ដូច្នេះ ការ​ស្នើ​សុំ​ក៏​បាន​បន្លឺ​ចេញ​ឡើង​ដោយ​ភាព​បន្ទាន់​ជា​ខ្លាំង​ថា៖ «ចូរ​ពង្រីក​ទី​ដំឡើង​ត្រសាល​ឯង​ឲ្យ​ធំ​ឡើង ហើយ​ឲ្យ​វា​រាល់​គ្នា​សន្ធឹង​សំយាយ​សំពត់​ត្រសាល​របស់​ឯង​ទៅ កុំ​ឲ្យ​សំចៃ​ឡើយ ត្រូវ​ឲ្យ​បន្ត​ខ្សែ​ឲ្យ​វែង ហើយ​បោះ​ចំ​រឹង​ឲ្យ​មាំ​ឡើង​ចុះ»។—អេសាយ ៥៤:២

៨. តើ​មាន​ការ​តប​ដោយ​ចិត្ត​សទ្ធា​យ៉ាង​ណា​ក្នុង​ការ​ជួយ​ផ្គត់​ផ្គង់​ជា​ថវិកា​នោះ?

៨ ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់​ក្នុង​ការ​ពង្រីក​របស់​របរ​ផ្សេង​ៗ​ក្នុង​សាខា​ជា​ច្រើន​នៃ​សមាគម​ប៉ម​យាម​ដែល​មាន​ចំនួន១០៤​កន្លែង។ ដោយ​សារ​តែ​សេដ្ឋកិច្ច​ដ៏​ដុនដាប​ជា​ខ្លាំង​ក្នុង​ប្រទេស​ភាគ​ច្រើន​ដែល​ទើប​តែ​បើក ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំពោះ​ការ​រីក​ចំរើន​នេះ​ភាគ​ច្រើន​ចេញ​មក​ពី​វិភាគទាន​សំរាប់​ផ្គត់​ផ្គង់​បេសកកម្ម​ពិភព​លោក ដែល​ចេញ​មក​ពី​ប្រទេស​អ្នក​មាន។ គួរ​ឲ្យ​រីករាយ​ដែរ ពួក​ជំនុំ​និង​បុគ្គល​ម្នាក់​ៗ​គេ​បាន​តប​ឆ្លើយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត តាម​គំនិត​នៃ​និក្ខមនំ ៣៥:២១ ដែល​បាន​ចែង​ថា៖ «ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្ដាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា . . . សំរាប់​ការងារ»។ យើង​សូម​យក​ឱកាស​នេះ​ដើម្បី​សូម​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ធ្វើ​ទាន​ដោយ​ចិត្ត​សទ្ធា​នេះ។—កូរិនថូស​ទី​២ ៩:១១

៩. តើ​រ៉ូម ១០:១៣, ១៨ បាន​សម្រេច​យ៉ាង​ណា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ?

៩ ក្នុង​កំឡុង​ឆ្នាំ​១៩៩៦​នេះ ប្រកាសនវត្ថុ​ជា​ច្រើន​នៃ​សមាគម​ប៉ម​យាម​ពិត​ជា​បាន​លើក​ដំកើង​ព្រះ​នាម​និង​គោល​បំណង​នៃ​ព្រះ​យេហូវ៉ា​រហូត​ដល់​ចុង​បំផុត​នៃ​ផែនដី។ នេះ​បាន​កើត​ឡើង​ដូច​សាវ័ក​ប៉ុល​បាន​ទាយ​មក​មែន។ ដោយ​ស្រង់​ចេញ​ពី​ទំនាយ​របស់​យ៉ូអែល​និង​ទំនុកដំកើង​ទី​១៩ លោក​បាន​សរសេរ​ថា៖ «ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ តែ​ខ្ញុំ​សួរ​ថា​តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន ‹សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ​បំផុត›»។ (រ៉ូម ១០:១៣, ១៨) ដូច្នេះ ដោយ​បាន​លើក​ដំកើង​ព្រះ​នាម​ដ៏​ជា​ទី​ស្រឡាញ់​នេះ យេហូវ៉ា ប្រជារាស្ត្រ​របស់​ទ្រង់​បាន​មាន​មុខ​នាទីដ៏​សំខាន់​ក្នុង​ការ​បំពេញ​ដំណាក់​ថ្វាយ​បង្គំ​របស់​ទ្រង់​ដោយ​សិរី​ល្អ។ ប៉ុន្តែ តើ​ការ​ប្រកាស​នេះ​បាន​ទទួល​ការ​រីក​ចំរើន​យ៉ាង​ណា​ដែរ​ក្នុង​កំឡុង​ឆ្នាំ​១៩៩៦?

ការ​ច្រូត​កាត់​នៅ​ជុំ​វិញ​ពិភព​លោក

១០. តើ​អ្នក​សម្គាល់​ឃើញ​លក្ខណៈ​ល្អ​ៗ​អ្វី​ខ្លះ​ក្នុង​សកម្មភាព​នៃ​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១០ ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​លូកា ១០:២ មាន​ន័យ​ខ្លឹម​សា​ណាស់​នៅ​ទី​នេះ គឺ​ថា៖ «ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ឲ្យ​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»។ តើ​អ្នក​នឹង​ធ្វើ​តប​ឆ្លើយ​តាម​សំណូម​ពរ​នេះ​ទេ? មនុស្ស​រាប់​លាន​នាក់​នៅ​ជុំ​វិញ​ផែនដី​កំពុង​តែ​ធ្វើ​ដូច្នេះ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំនួន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​មាន​កំពូល​ថ្មី​៥.៤១៣.៧៦៩​នាក់ ដែល​បាន​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​របស់​គេ​ក្នុង​កំឡុង​ឆ្នាំ​១៩៩៦។ មាន​បង​ប្អូន​ថ្មី​៣៦៦.៥៧៩​នាក់​ទៀត​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ យើង​មាន​ចិត្ត​អបអរ​ណាស់​ចំពោះ«ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍» ដែល​ឥឡូវ​កំពុង​តែ​ចូល​រួម‹បំពេញ​ដំណាក់​សំរាប់​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា​ដោយ​សិរី​ល្អ›!—ហាកាយ ២:៧

១១. ហេតុ​អ្វី​ក៏​យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ម្ល៉េះ?

១១ របាយការណ៍​អំពី​ការ​រីក​ចំរើន​នៅ​ក្នុង​ប្រទេស​ដែល​ទើប​តែ​បើក​ថ្មី​ៗ​នេះ គឺ​ជា​ការ​អស្ចារ្យ​មែន។ តើ​ស្មរបន្ទាល់​ឯ​ទៀត​គួរ​ច្រណែន​នឹង​បង​ប្អូន​យើង​ដែល​ទទួល​ការ​លូត​លាស់​នេះ​ឬ? អត់​ទេ ផ្ទុយ​ទៅ​វិញ យើង​សប្បាយ​រីករាយ​ជា​មួយ​ពួក​គេ។ ប្រទេស​ទាំង​អស់​ពី​មុន​មាន​ការ​ចាប់​ផ្ដើម​ដ៏​តូច​មួយ។ ព្យាការី​នៅ​ជំនាន់​ហាកាយ លោក​សាការី​បាន​សរសេរ​ថា៖ «តើ​អ្នក​ណា​បាន​មើល​ងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្ដិច​បន្តួច​នោះ»? (សាការី ៤:១០) យើង​សប្បាយ​រីករាយ​ដោយ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ដែល​កិច្ច​ផ្សាយ​បាន​ស្ថាបនា​យ៉ាង​ប្រសើរ​នោះ ឥឡូវ​មាន​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​រាប់​លាន​នាក់​ហើយ ហើយ​តំបន់​នោះ​ទទួល​ការ​ផ្សាយ​ជា​ញឹក​ញាប់ ថែម​ទាំង​រាល់​សប្ដាហ៍​ក្នុង​ទី​ក្រុង​ធំ​ៗ​ជា​ច្រើន។ តើ​យើង​គួរ​តែ​បង្អង់​ដៃ​ឬ កាល​ដែល​ព្រះ​យេហូវ៉ា​ឥឡូវ​កំពុង​តែ​បើក​ឲ្យ​មាន​ការ​សង្គ្រោះ​ដល់​ប្រទេស​ផ្សេង​ៗ​ដែល​ពី​ដើម​ជាប់​បំរាម​នោះ? មិន​គួរ​សោះ​ឡើយ! ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ»។ (ម៉ាថាយ ១៣:៣៨) យើង​ត្រូវ​តែ​បន្ត​ធ្វើ​បន្ទាល់​ដ៏​ហ្មត់​ចត់ ដូច​ពួក​សិស្ស​ពី​ដើម​ដែរ ដែល​គេ​បាន​ធ្វើ​បន្ទាល់​ដ៏​ហ្មត់​ចត់​រហូត​ដល់​ទី​បញ្ចប់​នៃ​របប​សម័យ​យូដា។—កិច្ច​ការ ២:៤០; ១០:៤២; ២០:២៤; ២៨:២៣

ការ​ជឿន​ទៅ​មុខ​ជា​និច្ច

១២. តើ​មាន​អ្វី​ជួយ​យើង​ឲ្យ​ជឿន«ទៅ​ខាង​មុខ»ជា​និច្ច?

១២ ត្រូវ​ហើយ យើង​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់ គឺ​ត្រូវ​តែ​ជឿន«ទៅ​ខាង​មុខ» ជា​មួយ​រទេះ​កង់​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ (អេសេគាល ១:១២) យើង​នឹក​ឃើញ​ដល់​ពាក្យ​របស់​ពេត្រុស​ដែល​ថា៖ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុស​ទី​២ ៣:៩) ចូរ​ឲ្យ​គំរូ​ដ៏​ខ្នះ​ខ្នែង​នៃ​បង​ប្អូន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ រំជួល​ចិត្ត​យើង​ឡើង។ ការ​ពន្យា​ពេល​នៃ​ការ​ផ្ទុះ​សង្គ្រាម​អើម៉ាគេដូន ជា​ការ​អនុញ្ញាត​ឲ្យ​ប្រមូល​មនុស្ស​រាប់​រយ​សែន​នាក់​ពី​ប្រទេស​ទាំង​នេះ ហើយ​ពី​តំបន់​ដែល​ផ្សាយ​ជា​ញឹក​ញាប់​ផង។ សូម​កុំ​ច្រឡំ​ឲ្យ​សោះ​ចំពោះ​រឿង​នេះ ដ្បិត៖ «ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ»។ (សេផានា ១:១៤) យើង​ក៏​គួរ​តែ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ធ្វើ​បន្ទាល់​យ៉ាង​ហ្មត់​ចត់​នៅ​ទី​ចុង​បំផុត​នេះ​ដែរ!

១៣, ១៤. (ក) តើ​អាច​និយាយ​យ៉ាង​ណា​ខ្លះ​ចំពោះ​ការ​ចែក​ចាយ​ប្រកាសនវត្ថុ​ក្នុង​ឆ្នាំ​១៩៩៦? (ខ) តើ​ក្រុម​ជំនុំ​អាច​ធ្វើ​គម្រោង​ការណ៍​ពិសេស​អ្វី​រៀង​រាល់​ឆ្នាំ ហើយ​តើ​អ្នក​នឹង​ចូល​រួម​ក្នុង​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

១៣ មាន​ការ​រីក​ចំរើន​យ៉ាង​សន្ធឹក​ក្នុង​ការ​ចែក​ចាយ​ព្រះ​គម្ពីរ សៀវភៅ និង​ទស្សនាវដ្ដី​ក្នុង​កំឡុង​ឆ្នាំ​មុន​នេះ។ ឧទាហរណ៍ ការ​ចែក​ចាយ​ទស្សនាវដ្ដី​ក្នុង​ពិភព​លោក​បាន​ឡើង​ដល់​១៩​ភាគ​រយ ចំនួន​ចែក​ចាយ​សរុប​ទាំង​អស់​មាន​៥៤៣.៦៦៧.៩២៣​ក្បាល។ ទស្សនាវដ្ដី​របស់​យើង​អាច​សម្រួល​ទៅ​តាម​ការ​ផ្សាយ​គ្រប់​បែប​យ៉ាង—ដូច​ជា​នៅ​តាម​ផ្លូវ ក្នុង​សួន​ច្បារ នៅ​ចំណត​ឡាន​បឺស និង​នៅ​ទី​ផ្សាយ។ មាន​សេចក្ដី​រាយ​ការណ៍​មក​ថា ក្នុង​តំបន់​ដែល​ផ្សាយ​ជា​ញឹក​ញាប់​ខ្លះ ពួក​អ្នក​វិជ្ជា​ជីវៈ​បាន​ចាប់​អារម្មណ៍​នឹង​គុណ​ភាព​នៃ​ទស្សនាវដ្ដី​របស់​យើង ហើយ​ពួក​គេ​បាន​យល់​ព្រម​សិក្សា​ព្រះ​គម្ពីរ។

១៤ រៀង​រាល់​ឆ្នាំ​ក្នុង​ខែ​មេសា ក្រុម​ជំនុំ​តែង​តែ​រៀបចំ​នូវ​សកម្មភាព​ពិសេស​មួយ​សំរាប់​ចែក​ចាយ​ទស្សនាវដ្ដី នេះ​ជា​កម្ម​វិធី​ផ្សាយ​ពេញ​មួយ​ថ្ងៃ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​នៅ​ទី​សាធារណៈ។ តើ​ក្រុម​ជំនុំ​របស់​អ្នក​នឹង​ចូល​រួម​ក្នុង​សកម្មភាព​នេះ​ទេ​ក្នុង​ខែ​មេសា​ឆ្នាំ​១៩៩៧​នេះ? ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! នៃ​ខែ​មេសា​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ការ​ចែក​ចាយ​នៅ​ពាស​ពេញ​ផែនដី​ក្នុង​ពេល​ដំណាល​គ្នា​នេះ ជា​ការ​អស្ចារ្យ​មែន! នៅ​កោះ​សែ​ប្រឹស ក្រុម​ជំនុំ​នៅ​ទី​នោះ​មាន​ពាក្យ​ស្លោក​មួយ​ថា «ត្រូវ​យក​សារ​ព្រះ​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​រូប» ហើយ​គេ​បាន​អនុវត្ត​កម្ម​វិធី​ចែក​ចាយ​ទស្សនាវដ្ដី​រៀង​រាល់​ខែ ដែល​គេ​ចែក​ចាយ​បាន​ចំនួន​ច្រើន​បំផុត​ថ្មី​នៃ​២៧៥.៣៥៩​ក្បាល​ក្នុង​ឆ្នាំ​នោះ ឡើង​៥៤​ភាគ​រយ។

សារ​ចុង​ក្រោយ​បង្អស់​របស់​ហាកាយ

១៥. (ក) ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​សារ​ថែម​ទៀត​តាម​រយៈ​លោក​ហេកាយ? (ខ) តើ​សារ​ទី​បី​របស់​ហាកាយ​មាន​មេ​រៀន​អ្វី​សំរាប់​យើង?

១៥ ៦៣​ថ្ងៃ​ក្រោយ​ពី​គាត់​បាន​បញ្ជូន​សារ​ទី​ពីរ ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​ហាកាយ​ឲ្យ​នាំ​សេចក្ដី​ប្រកាស​ទី​បី​នេះ ដែល​យើង​អាច​យក​ចិត្ត​ទុក​ដាក់​នៅ​សព្វ​ថ្ងៃ​នេះ។ លោក​ហាកាយ​បាន​និយាយ​ហាក់​បី​ដូច​ជា​នៅ​គ្រា​នោះ​ពួក​យូដា​កំពុង​តែ​ចាក់​គ្រឹះ​ព្រះ​វិហារ តែ​ពួក​គេ​បាន​ចាក់​គ្រឹះ​១៧​ឆ្នាំ​មុន​នេះ​ទៅ​ហើយ។ ម្ដង​នេះ​ទៀត ព្រះ​យេហូវ៉ា​ទត​ឃើញ​ថា​នេះ​សម​នឹង​ធ្វើ​ការ​សំអាត។ ពួក​សង្ឃ​និង​ពួក​បណ្ដា​ជន​បាន​ធ្វេស​ប្រហែស​នឹង​ការ​បំពេញ​ភារៈ​របស់​គេ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​មាន​ការ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ឡើយ។ នៅ​សព្វ​ថ្ងៃ​នេះ តើ​អាច​មាន​ប្រជារាស្ត្រ​ខ្លះ​នៃ​ព្រះ​យេហូវ៉ា​បាន​ធ្វេសប្រហែស ថែម​ទាំង​បណ្ដោយ​ខ្លួន​គេ​ទៅ​តាម​ផ្លូវ​អាវ៉ាសែ​និង​វត្ថុ​និយម​នៃ​លោកីយ៍​នេះ​ឬ​ទេ? ‹ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ​មុខ› យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​តាំង​ចិត្ត​ជា​បន្ទាន់ ដើម្បី​នាំ​សិរី​ល្អ​មក​ដល់​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ទាំង​ទុក​ចិត្ត​នឹង​កិច្ច​សន្យា​របស់​ទ្រង់​នេះ​ថា៖ «ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ អញ​នឹង​ផ្ដល់​ពរ​ដល់​ឯង​វិញ»។—ហាកាយ ២:១០​-​១៩; ហេព្រើរ ៦:១១, ១២

១៦. តើ​ការ«អង្រួន»អ្វី​ដែល​ជិត​មក​ដល់ ហើយ​តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១៦ នៅ​ថ្ងៃ​ដដែល​នោះ ពាក្យ​បន្ទូល​របស់«ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ»បាន​បន្លឺ​ប្រាប់​ហាកាយ​ជា​លើក​ទី​បួន គឺ​ជា​លើក​ចុង​ក្រោយ​បង្អស់។ ទ្រង់​បាន​ឲ្យ​ដឹង​អំពី​អ្វី​ៗ​ដែល​ជាប់​ទាក់​ទង​នឹង​ការ«អង្រួន​ផ្ទៃ​មេឃ​ហើយ​នឹង​ផែនដី» ដោយ​មាន​បន្ទូល​ថា៖ «អញ​នឹង​រំលំ​បល្ល័ង្ក​នៃ​រាជ្យ​ផ្សេង​ៗ ហើយ​នឹង​រំលាង​បំផ្លាញ​ឥទ្ធិ​ឫទ្ធិ​របស់​រាជ្យ​នៃ​សាសន៍​ទាំង​ប៉ុន្មាន អញ​នឹង​បំភ្លូក​អស់​ទាំង​រទេះ​ចំ​បាំង​ព្រម​ទាំង​មនុស្ស​ដែល​ជិះ​ផង ឯ​សេះ នឹង​ពួក​ដែល​ជិះ ក៏​នឹង​ភ្លាត់​ធ្លាក់​ចុះ ដោយ​ដាវ​របស់​បង​ប្អូន​គេ​រៀង​រាល់​ខ្លួន»។ (ហាកាយ ២:៦, ២១, ២២) ការ«អង្រួន»នេះ​នឹង​ឡើង​ដល់​កំពូល​នៅ​ពេល​ព្រះ​យេហូវ៉ា​សម្អាត​ផែនដី​នេះ​នៅ​អើម៉ាគេដូន។ មក​ដល់​គ្រា​នោះ «ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍» នឹង​បាន​ចូល​មក​ហើយ ដើម្បី​ធ្វើ​ជា​គ្រឹះ​នៃ​សង្គម​មនុស្ស​សំរាប់​ពិភព​លោក​ថ្មី។ នេះ​ជា​មូលហេតុ​ល្អ​ណាស់​ហ្ន៎​ក្នុង​ការ​សប្បាយ​រីករាយ​និង​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា!—ហាកាយ ២:៧; វិវរណៈ ១៩:៦, ៧; ២១:១​-​៤

១៧. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​ជា«ចិញ្ចៀន​ត្រា»?

១៧ ក្នុង​ការ​បញ្ចប់​ទំនាយ​របស់​គាត់ ហាកាយ​សរសេរ​ថា៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឱ​សូរ៉ូបាបិល . . . អញ​នឹង​យក​ឯង តាំង​ឡើង​ជា​ចិញ្ចៀន​ត្រា ដ្បិត​អញ​បាន​រើស​ឯង​ទុក​ហើយ នេះ​ហើយ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (ហាកាយ ២:២៣) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​គ្រីស្ទ​យេស៊ូ​គឺ​ជា​ស្តេច​មេស្ស៊ី​ហើយ​ជា​សម្ដេច​សង្ឃ​នៃ​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌ ជា​មុខ​តំណែង​ដែល​ចៅហ្វាយ​សូរ៉ូបាបិល​និង​សម្ដេច​សង្ឃ​យេសួរ​ធ្លាប់​កាន់​កាប់​នៅ​ក្នុង​យេរូសាឡិម​នៅ​លើ​ផែនដី។ ដូច​ចិញ្ចៀន​ត្រា​ផ្លូវ​ការ​មួយ​នៅ​នឹង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ​យេហូវ៉ា ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​បាន​ក្លាយ​ទៅ​ជា«បាទ» ជា​មធ្យោបាយ​នៃ​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច«សេចក្ដី​សន្យា​របស់​ព្រះ»ជា​ច្រើន។ (កូរិនថូស​ទី​២ ១:២០; អេភេសូរ ៣:១០, ១១; វិវរណៈ ១៩:១០) សារ​ទំនាយ​ទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​សំ​វិធានការ​នៃ​ព្រះ​យេហូវ៉ា គឺ​ជា​ព្រះ​គ្រីស្ទ ជា​ស្តេច​និង​ជា​អ្នក​លោះ។—យ៉ូហាន ១៨:៣៧; ពេត្រុស​ទី​១ ១:១៨, ១៩

១៨. តើ‹បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ›ចុង​ក្រោយ​បង្អស់ ទទួល​ការ​សម្រេច​ដ៏​អស្ចារ្យ​យ៉ាង​ណា?

១៨ ពិត​មែន​ហើយ នៅ​សព្វ​ថ្ងៃ​នេះ សិរី​ល្អ​ដ៏​ធំ​បំផុត​គឺ​អាច​រក​ឃើញ​នៅ​ឯ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ភ្លឺ​ចាំង​នៃ​ព្រះ​យេហូវ៉ា! ហើយ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​កំចាត់​ចោល​របប​លោកីយ៍​ទាំង​អស់​របស់​សាតាំង ហាកាយ ២:៩ នឹង​បាន​សម្រេច​យ៉ាង​អស្ចារ្យ​ថា៖ «អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ»។ នៅ​ទី​បំផុត​នឹង​មាន​សន្ដិភាព!—ជា​សន្ដិភាព​ស្ថាពរ​នៅ​ពាស​ពេញ​សកល​លោក ដែល​ធានា​រ៉ាប់​រង​ដោយ«ចិញ្ចៀន​ត្រា» គឺ​ព្រះ​គ្រីស្ទ​យេស៊ូ ជា«ម្ចាស់​នៃ​មេត្រី​ភាព»។ នេះ​ជា​សេចក្ដី​ដែល​បាន​ចែង​អំពី​ទ្រង់​ថា៖ «ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត . . . គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នឹង​សំរេច​ការ​នេះ»។ (អេសាយ ៩:៦, ៧) សិរី​ល្អ​នៃ​ដំណាក់​ថ្វាយ​បង្គំ​នៃ​ព្រះ​យេហូវ៉ា​នឹង​បំភ្លឺ​ចាំង​នៅ​ពេញ​ពិភព​ដ៏​សុខ​សាន្ត​នៃ​អធិបតេយ្យភាព​សកល​លោក​របស់​ទ្រង់ ជា​រហូត​ត​ទៅ។ សូម​ឲ្យ​យើង​រក្សា​ខ្លួន​នៅ​ក្នុង​ដំណាក់​នោះ​ជា​និច្ច!—ទំនុកដំកើង ២៧:៤; ៦៥:៤; ៨៤:១០

[កំណត់​សម្គាល់]

a សូម​មើល​អត្ថបទ «ការ​សង្គ្រោះ​ពី‹ដំណ​មនុស្ស​អាក្រក់›» និង «គ្រា​ដែល​ត្រូវ​ចាំ​យាម» ក្នុង​ប៉ម​យាម ១ កុម្ភៈ ១៩៩៦។

តើ​អ្នក​អាច​ពន្យល់​ទេ?

◻ តើ​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​ត្រូវ​បាន‹បំពេញ​ដោយ​សិរី​ល្អ›យ៉ាង​ដូច​ម្ដេច​នៅ​សព្វ​ថ្ងៃ​នេះ?

◻ ហេតុ​អ្វី​ក៏​ការ​ផ្សាយ​ដំណឹង​ល្អ​ជា​ការ​បន្ទាន់​ម្ល៉េះ​នៅ​សព្វ​ថ្ងៃ​នេះ?

◻ តើ​របាយការណ៍​ពី​កិច្ច​បំរើ​ប្រចាំ​ឆ្នាំ​១៩៩៦ ផ្ដល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ​ក្នុង​ការ​ផ្សាយ​ជា​បន្ទាន់​នោះ?

◻ តើ​ព្រះ​គ្រីស្ទ​បំរើ​ជា«ចិញ្ចៀន​ត្រា»នៃ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[រូប​ភាព​នៅ​ទំព័រ​១៤, ១៥]

«ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​អស់» កំពុង​តែ​ប្រមូល​ចូល​ពី​កោះ​ទាំង​ឡាយ​នៅ​សមុទ្រ (១) អាមេរិក​ខាង​ត្បូង (២) ទ្វីប​អាហ្វ្រិក (៣) អាស៊ី (៤) អាមេរិក​ខាង​ជើង (៥) និង​ទ្វីប​អឺរ៉ុប (៦)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក