តើសេរីភាពសាសនាមានន័យយ៉ាងណាចំពោះអ្នក?
ទោះបីជាសេរីភាពសាសនាត្រូវបានចាត់ទុកជាសិទ្ធិដ៏សំខាន់ក្នុងសហរដ្ឋអាមេរិកក៏ដោយ គឺមានអំពើឃោរឃៅជាច្រើនត្រូវបានប្រព្រឹត្តមកលើស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងទូទាំងប្រទេសក្នុងទសវត្សនៃឆ្នាំ១៩៤០
មនុស្សរាប់លាននាក់បានប្រយុទ្ធចង់បានវាណាស់។ មនុស្សខ្លះស៊ូស្លាប់ ដើម្បីឲ្យបានវា។ នេះគឺពិតជាកម្មសិទ្ធិដ៏មានតម្លៃបំផុតរបស់មនុស្សលោក។ តើនេះជាអ្វីទៅ? គឺសេរីភាព! សព្វវចនាធិប្បាយសៀវភៅពិភពលោក ប្រាប់ពីអត្ថន័យនៃសេរីភាព ជា«សមត្ថភាពចេះសម្រេចចិត្ត ហើយអនុវត្តតាមនោះ»។ សៀវភៅនេះបន្តថា៖ «ពីទស្សនៈតាមច្បាប់ មនុស្សមានសេរីភាព បើសិនណាសង្គមមិនដាក់ព្រំដែនដ៏អយុត្ដិធម៌ មិនចាំបាច់ ឬមិនសមហេតុផលទៅលើពួកគេ។ សង្គមក៏ត្រូវការពារសិទ្ធិរបស់គេដែរ—នោះគឺថា គោលសេរីភាព អំណាច និងសិទ្ធិរបស់គេ»។
គំនិតនេះឮដូចជាស្រួលណាស់។ ប៉ុន្តែ បើយកមកអនុវត្តវិញ គឺហាក់បីដូចជាធ្វើមិនបានទេ ក្នុងការឲ្យមនុស្សស្របគំនិតគ្នាទៅលើព្រំដែននៃសេរីភាពណាមួយនោះ។ ជាឧទាហរណ៍ អ្នកខ្លះជឿថា រដ្ឋាភិបាលមួយគួរអនុម័តច្បាប់ដើម្បីការពារសេរីភាពនៃរាស្ត្ររបស់គេ។ ប៉ុន្តែ មនុស្សដទៃទៀតនឹងប្រកែកថា ច្បាប់ទាំងនេះជាច្រវាក់ដែលរាស្ត្រត្រូវការដោះលែងឲ្យមានសេរីភាព! យ៉ាងច្បាស់ណាស់ សេរីភាពមានអត្ថន័យខុសៗគ្នាចំពោះមនុស្សម្នាក់ៗ។
ចុះយ៉ាងណាវិញចំពោះសេរីភាពសាសនា?
ប្រហែលជាសេរីភាពដែលត្រូវបានប្រកែកយ៉ាងសាហាវជាងគេ គឺសេរីភាពសាសនា ដែលត្រូវបានពន្យល់ជា«សិទ្ធិក្នុងការជឿ ហើយក្នុងការប្រព្រឹត្តតាមជំនឿរបស់ខ្លួន»។ យោងទៅតាមសេចក្ដីប្រកាសសកលលោកអំពីសិទ្ធិមនុស្សនៃអង្គការ «មនុស្សគ្រប់គ្នាមានសិទ្ធិសេរីភាពខាងគំនិត មនសិការ និងសាសនា»។ នេះរួមបញ្ចូលសិទ្ធិរបស់បុគ្គល «ដើម្បីផ្លាស់ប្ដូរសាសនាឬជំនឿរបស់គាត់» រួមទាំងមានសេរីភាព «ក្នុងការសម្ដែងសាសនាឬជំនឿរបស់គាត់ក្នុងការបង្រៀន ការអនុវត្ត ការថ្វាយបង្គំនិងការធ្វើតាម»។—ប្រការ ១៨
យ៉ាងប្រាកដហើយ យើងសង្ឃឹមថាសាសន៍ណាមួយ ដែលពិតជាខ្វល់ខ្វាយដល់អនុរាស្ត្ររបស់ខ្លួននឹងផ្ដល់សេរីភាពបែបនេះ។ តែគួរឲ្យសោកស្ដាយណាស់ រឿងនេះមិនតែងតែកើតឡើងទេ។ សព្វវចនាធិប្បាយសៀវភៅពិភពលោក កត់សម្គាល់ថា៖ «សាសនាគឺមានឥទ្ធិពលលើអារម្មណ៍យ៉ាងជ្រាលជ្រៅនៃមនុស្សជាច្រើន។ រដ្ឋាភិបាលខ្លះមានការទាក់ទងយ៉ាងជិតដិតជាមួយសាសនាណាមួយ ហើយចាត់ទុកមនុស្សដែលកាន់ជំនឿផ្សេងទៀត ជាអ្វីដែលគំរាមកំហែងដល់អំណាចនយោបាយ។ រដ្ឋាភិបាលមួយក៏អាចចាត់ទុកសាសនាជាអ្វីដែលមានគ្រោះថ្នាក់ដល់នយោបាយ ពីព្រោះសាសនានោះសម្ដែងការគោរពដល់ព្រះខ្ពស់លើសជាងការគោរពដល់រដ្ឋ»។
ដោយហេតុទាំងនេះហើយ រដ្ឋាភិបាលខ្លះដាក់ល័ក្ខខ័ណ្ឌលើការអនុវត្តនៃសាសនា។ មានតែរដ្ឋាភិបាលមួយចំនួនតូចទេ ដែលមិនឲ្យកាន់សាសនានោះ។ រដ្ឋាភិបាលខ្លះទៀត ថ្វីបើអះអាងថាគាំទ្រលើសេរីភាពនៃការថ្វាយបង្គំក៏ដោយ តែកាន់កាប់យ៉ាងតឹងរ៉ឹងលើសកម្មភាពសាសនាទាំងអស់។
ជាឧទាហរណ៍ សូមពិចារណាអំពីស្ថានការណ៍ដែលមានជាច្រើនឆ្នាំមកហើយនេះ ក្នុងប្រទេសម៉ិចស្សីកូ។ ថ្វីបើរដ្ឋធម្មនុញ្ញធានារ៉ាប់រងសេរីភាពសាសនាក៏ដោយ តែមានល័ក្ខខ័ណ្ឌថា៖ «ព្រះវិហារដែលប្រើសំរាប់ការថ្វាយបង្គំជាសាធារណៈ គឺជាទ្រព្យសម្បត្ដិរបស់រដ្ឋ តំណាងដោយរដ្ឋាភិបាលសហព័ន្ធ ដែលនឹងអាចសម្រេចថា វិហារណាមួយអាចបន្តប្រើចំពោះបំណងបែបនេះ»។ ក្នុងឆ្នាំ១៩៩១ គេបានកែប្រែរដ្ឋធម្មនុញ្ញដើម្បីបញ្ចប់ល័ក្ខខ័ណ្ឌនេះ។ យ៉ាងណាក៏ដោយ ឧទាហរណ៍នេះ បង្ហាញថាសេរីភាពសាសនាអាចមានន័យខុសពីគ្នាក្នុងប្រទេសនិមួយៗ។
សេរីភាពសាសនាមួយប្រភេទ
តើមានសេរីភាពសាសនាក្នុងប្រទេសដែលអ្នករស់នៅទេ? បើអញ្ចឹងមែន តើនោះមានន័យយ៉ាងណាដែរ? តើអ្នកអាចថ្វាយបង្គំព្រះតាមបែបបទដែលអ្នកជ្រើសរើសយកបានទេ ឬក៏គេបង្ខំអ្នកឲ្យក្លាយទៅជាសមាជិកនៃសាសនារដ្ឋ? តើគេអនុញ្ញាតឲ្យអ្នកអាន ហើយឲ្យចែកចាយប្រកាសនវត្ថុសាសនាបានទេ ឬក៏រដ្ឋាភិបាលហាមប្រាមរបស់បោះពុម្ពបែបនេះ? តើអ្នកអាចនិយាយប្រាប់អ្នកដទៃអំពីជំនឿរបស់អ្នកបានទេ ឬក៏គេចាត់ទុកការធ្វើបែបនេះជាការប៉ះពាល់ដល់សិទ្ធិសាសនា?
ចម្លើយចំពោះសំនួរបែបនេះ គឺអាស្រ័យទៅលើកន្លែងដែលអ្នករស់នៅ។ ប៉ុន្តែ គួរឲ្យចាប់អារម្មណ៍ណាស់ គឺមានសេរីភាពម្យ៉ាងដែលមិនអាស្រ័យទៅលើកន្លែងរស់នៅនោះទេ។ កាលដែលនៅក្នុងក្រុងយេរូសាឡិមក្នុងឆ្នាំ៣២ ស.យ. ព្រះយេស៊ូបានមានបន្ទូលដល់ពួកអ្នកកាន់តាមទ្រង់ថា៖ «បើអ្នករាល់គ្នា នៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។—យ៉ូហាន ៨:៣១, ៣២
តាមពាក្យនេះ តើព្រះយេស៊ូចង់មានន័យយ៉ាងណា? ពួកអ្នកស្ដាប់ជាតិយូដារបស់ទ្រង់បានរង់ចាំសេរីភាពជាយូរមកហើយ ពីការគ្រប់គ្រងរបស់ពួករ៉ូម៉ាំង។ ប៉ុន្តែ ព្រះយេស៊ូមិនបានពិគ្រោះអំពីសេរីភាពនៃការជិះជាន់ខាងនយោបាយឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យានឹងពួកសិស្សទ្រង់នូវអ្វីមួយប្រសើរជាងនោះ ហើយយើងនឹងឃើញអំពីរឿងនេះក្នុងអត្ថបទជាបន្ទាប់។