«ព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម្ល៉េះ»
«ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម្ល៉េះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ»។—យ៉ូហានទី១ ៤:១១
១. ជារៀងរាល់ឆ្នាំ នៅខែណៃសែន ទី១៤ក្រោយពីថ្ងៃលិច ហេតុអ្វីក៏មនុស្សរាប់លាននាក់មកជួបជុំគ្នានៅឯសាលព្រះរាជាណាចក្រនិងកន្លែងប្រជុំផ្សេងៗទៀតនៅជុំវិញពិភពលោក?
ជារៀងរាល់ឆ្នាំ នៅខែណៃសែន ទី១៤ ក្រោយពីថ្ងៃលិច មានមនុស្សរាប់លាននាក់នៅពេញពិភពលោក មកជួបជុំគ្នានៅឯសាលព្រះរាជាណាចក្រ និងកន្លែងប្រជុំផ្សេងទៀតនៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ហេតុអ្វី? ពីព្រោះចិត្តរបស់គេត្រូវបានរំជួលដោយសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះចំពោះមនុស្សលោក។ ព្រះយេស៊ូគ្រីស្ទបានបញ្ជាក់ទៅលើភស្តុតាងដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់របស់ព្រះ ដោយមានបន្ទូលថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។—យ៉ូហាន ៣:១៦
២. ចំពោះប្រតិកម្មរបស់យើងនឹងសេចក្ដីស្រឡាញ់របស់ព្រះ តើមានសំនួរអ្វីខ្លះដែលយើងរាល់គ្នាអាចសួរ?
២ កាលដែលយើងពិចារណាមើលសេចក្ដីស្រឡាញ់ដែលព្រះបានសម្ដែងមកនេះ ជាការល្អ បើយើងសួរខ្លួនយើងថា៖ ‹តើខ្ញុំពិតជាអបអរចំពោះអ្វីដែលព្រះបានធ្វើមកទេ? តើរបៀបដែលខ្ញុំប្រកបជីវិតរបស់ខ្ញុំផ្ដល់ភស្តុតាងនៃការអបអរនេះទេ›?
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»
៣. (ក) ហេតុអ្វីក៏ការបង្ហាញសេចក្ដីស្រឡាញ់មិនមែនជាអ្វីដ៏ចម្លែកចំពោះព្រះ? (ខ) តើតាមរបៀបណាដែលអំណាចនិងប្រាជ្ញាបានបង្ហាញឲ្យឃើញមានក្នុងកិច្ចការបង្កើតរបស់ទ្រង់?
៣ ការបង្ហាញសេចក្ដីស្រឡាញ់ មិនមែនជាអ្វីដ៏ចម្លែកចំពោះព្រះទេ ពីព្រោះ«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) សេចក្ដីស្រឡាញ់គឺជាគុណសម្បត្ដិដ៏ធំជាងគេបង្អស់របស់ទ្រង់។ នៅពេលដែលទ្រង់រៀបចំផែនដីឲ្យមនុស្សរស់នៅ ដោយតម្លើងឲ្យមានភ្នំ ប្រមូលទឹកឲ្យចូលទៅក្នុងទន្លេ និងសមុទ្រ នេះជាការសម្ដែងដ៏អស្ចារ្យនៃ អំណាច។ (លោកុប្បត្តិ ១:៩, ១០) កាលដែលទ្រង់ដាក់ប្រតិបត្ដិការជលចក្រនិងប្រព័ន្ធអុកស៊ីហ្សែន កាលដែលទ្រង់បានបង្កើតអតិសុខុមកាយដែលច្រើនរាប់ពុំអស់ និងរុក្ខជាតិផ្សេងៗ ដើម្បីឲ្យផ្លាស់វត្ថុធាតុគីមីនៃផែនដីឲ្យបានទៅជាអាហារ ដែលមនុស្សជាតិអាចបរិភោគក្នុងការទ្រទ្រង់ជីវិតរបស់គេ កាលដែលទ្រង់វាស់ចំនួនពេលនៃជីវសាស្ត្ររបស់យើង ដើម្បីឲ្យបានស្មើនឹងប្រវែងនៃថ្ងៃនិងខែនៅលើផែនដី នេះបានសម្ដែងឲ្យឃើញនូវ ប្រាជ្ញាដ៏ឧត្តម។ (ទំនុកដំកើង ១០៤:២៤; យេរេមា ១០:១២) ប៉ុន្តែ អ្វីដែលកាន់តែអស្ចារ្យទៅទៀតក្នុងសេចក្ដីបង្កើតខាងវត្ថុធាតុ នោះគឺជាទីសំអាងនៃសេចក្ដីស្រឡាញ់របស់ព្រះ។
៤. ក្នុងរបស់ដែលបានបង្កើតមក តើមានទីសំអាងអ្វីនៃសេចក្ដីស្រឡាញ់របស់ព្រះ ដែលយើងរាល់គ្នាគួរឃើញនិងអបអរនោះ?
៤ ពិតានមាត់របស់យើង ប្រាប់យើងនូវសេចក្ដីស្រឡាញ់របស់ព្រះ នៅពេលដែលយើងខាំផ្លែឈើដែលមានរសជាតិ ដែលមិនគ្រាន់តែបានបង្កើតមកសំរាប់ទ្រទ្រង់យើងទេ តែសំរាប់ឲ្យយើងមានចិត្តសប្បាយដែរ។ ភ្នែករបស់យើងមើលឃើញទីសំអាងច្បាស់ក្រឡែតនៃថ្ងៃលិចដ៏អស្ចារ្យ មេឃដែលពោរពេញទៅដោយផ្កាយក្នុងរាត្រីដ៏ត្រចះត្រចង់ ផ្កាដែលមានបែបបទផ្សេងៗនិងពណ៌ដ៏ឆើតឆាយ ការប្រឡែងលេងនៃកូនសត្វ និងការញញឹមដ៏កក់ក្ដៅពីមិត្តសំឡាញ់។ ច្រមុះយើងធ្វើឲ្យយើងដឹងអំពីរឿងនេះ កាលណាយើងហិតក្លិនផ្កាដ៏ក្រអូប។ ត្រចៀករបស់យើងក៏ដឹងដែរ កាលណាយើងស្ដាប់សម្លេងទឹកធ្លាក់ដ៏ខ្លាំងរំពង បក្សាបក្សីច្រៀង និងសម្លេងនៃបុគ្គលជាទីស្រឡាញ់របស់យើង។ យើងអាចដឹងនៅពេលបុគ្គលស្ងួនភ្ងារបស់យើងឱបយើងដ៏កក់ក្ដៅ។ ប្រាកដហើយ ចំពោះសត្វខ្លះ ព្រះបានប្រទានឲ្យមើលឃើញ ឮ ឬហិតក្លិនអ្វីៗដែលមនុស្សមិនអាចធ្វើបាន។ ប៉ុន្តែ មនុស្សជាតិ ដែលបានបង្កើតក្នុងរូបរាងព្រះ មានសមត្ថភាពដឹងអំពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលសត្វមិនអាចធ្វើបានឡើយ។—លោកុប្បត្តិ ១:២៧
៥. តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏បរិបូរដល់អ័ដាមនិងនាងអេវ៉ា?
៥ នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សដំបូង អ័ដាមនិងនាងអេវ៉ា ទ្រង់បានផ្ដល់ទីសំអាងជាច្រើននៃសេចក្ដីស្រឡាញ់របស់ទ្រង់។ ទ្រង់បានដាំសួនច្បារ គឺសួនមនោរម្យមួយ ហើយបានបណ្ដាលឲ្យដើមឈើជាច្រើនដុះនៅក្នុងសួននោះ។ ទ្រង់បានប្រទានទន្លេដើម្បីឲ្យស្រោចទឹកសួននោះ ព្រមទាំងធ្វើឲ្យមានបក្សាបក្សីនិងសត្វដ៏អស្ចារ្យជាច្រើន។ ទ្រង់បានប្រទានរបស់ទាំងនេះដល់អ័ដាមនិងនាងអេវ៉ាទុកជាលំនៅរបស់គេ។ (លោកុប្បត្តិ ២:៨-១០, ១៩) ព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងជាមួយគេ ដូចជាកូនទ្រង់ ជាផ្នែកនៃគ្រួសារសកលលោករបស់ទ្រង់។ (លូកា ៣:៣៨) ដោយបានផ្ដល់សួនអេដែនជាគំរូនោះ ព្រះវរបិតានៅស្ថានសួគ៌នៃមនុស្សមួយគូដំបូងនេះ បានដាក់នៅពីមុខគេនូវកិច្ចការដ៏ស្កប់ចិត្ត ក្នុងការពង្រីកសួនមនោរម្យឲ្យមានពេញពិភពលោក។ ពួកគេនឹងមានកូនចៅពាសពេញផែនដីទាំងមូល។—លោកុប្បត្តិ ១:២៨
៦. (ក) តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ចំពោះដំណើរដ៏បះបោរដែលអ័ដាមនិងនាងអេវ៉ាបានធ្វើនោះ? (ខ) តើអ្វីដែលអាចបង្ហាញថា យើងបានរៀនពីអ្វីដែលបានកើតឡើងក្នុងសួនអេដែន ហើយថាយើងទទួលផលប្រយោជន៍ពីចំណេះនោះ?
៦ ប៉ុន្តែ បន្ដិចក្រោយមក អ័ដាមនិងនាងអេវ៉ា បានប្រឈមមុខនឹងការសាកល្បងមួយនៃការគោរពតាម។ នេះជាការសាកល្បងមួយនៃសេចក្ដីស្មោះត្រង់។ មុនដំបូង មានម្នាក់ តែបន្ទាប់មក មានម្នាក់ទៀត មិនបានបង្ហាញការអបអរចំពោះសេចក្ដីស្រឡាញ់ ដែលព្រះបានប្រទានដល់គេនោះទេ។ អ្វីដែលគេបានធ្វើគួរឲ្យរន្ធត់ណាស់។ នេះគឺមិនអាចដោះទោសឲ្យបានឡើយ! ជាលទ្ធផល ពួកគេបានបាត់បង់នូវទំនាក់ទំនងរបស់គេជាមួយព្រះ ត្រូវបានបណ្ដេញចេញពីគ្រួសាររបស់ទ្រង់ ហើយក៏បានបណ្ដេញចេញពីសួនអេដែននោះដែរ។ នៅសព្វថ្ងៃនេះ ឥទ្ធិពលនៃអំពើបាបរបស់គេ ក៏មានមកលើយើងដែរ។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១-៦, ១៦-១៩, ២៤; រ៉ូម ៥:១២) ប៉ុន្តែ តើយើងបានរៀនពីអ្វីដែលបានកើតឡើងនោះទេ? តើតាមរបៀបណាដែលយើងប្រតិកម្មនឹងសេចក្ដីស្រឡាញ់របស់ព្រះ? តើសេចក្ដីសម្រេចចិត្តដែលយើងធ្វើរៀងរាល់ថ្ងៃ បង្ហាញថាយើងអបអរដល់សេចក្ដីស្រឡាញ់របស់ទ្រង់ទេ?—យ៉ូហានទី១ ៥:៣
៧. ទោះបីអ័ដាមនិងនាងអេវ៉ាបានធ្វើយ៉ាងណាក៏ដោយ តើតាមរបៀបណាដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដល់កូនចៅរបស់គេ?
៧ ទោះបីជាឪពុកម្ដាយទីមួយរបស់យើង មិនមានការអបអរចំពោះអ្វីដែលព្រះបានធ្វើសំរាប់គេក៏ដោយ នេះមិនបានបង្ខាំងសេចក្ដីស្រឡាញ់របស់ព្រះឡើយ។ ដោយមានចិត្តមេត្ដាករុណាចំពោះមនុស្សជាតិ ដែលមិនបានកើតនៅពេលនោះ—រួមបញ្ចូលយើងរាល់គ្នាដែលរស់នៅសព្វថ្ងៃនេះ—ព្រះអនុញ្ញាតឲ្យអ័ដាមនិងនាងអេវ៉ាចិញ្ចឹមគ្រួសារ មុននឹងគេស្លាប់ទៅ។ (លោកុប្បត្តិ ៥:១-៥; ម៉ាថាយ ៥:៤៤, ៤៥) បើសិនជាទ្រង់មិនបានធ្វើបែបនោះទេ យើងរាល់គ្នាក៏ឥតបានកើតមកដែរ។ ព្រះយេហូវ៉ាក៏ប្រទានឲ្យមូលដ្ឋានសំរាប់សេចក្ដីសង្ឃឹមដល់កូនចៅរបស់អ័ដាមទាំងអស់ ដែលនឹងអនុវត្តជំនឿ ដោយប្រាប់ពីព្រះហឫទ័យរបស់ទ្រង់បន្ដិចម្ដងៗ។ (លោកុប្បត្តិ ៣:១៥; ២២:១៨; អេសាយ ៩:៦, ៧) ការរៀបចំរបស់ទ្រង់រួមបញ្ចូលមធ្យោបាយដែលធ្វើឲ្យមនុស្សគ្រប់សាសន៍អាចទទួលនូវអ្វីដែលអ័ដាមបានបាត់បង់ គឺជីវិតគ្រប់ល័ក្ខណ៍ ជាសមាជិកនៃគ្រួសារសកលលោករបស់ព្រះ។ ទ្រង់បានសម្រេចការនេះតាមរយៈការលោះ។
ហេតុអ្វីក៏ការលោះ?
៨. ទោះបីជាអ័ដាមនិងនាងអេវ៉ាត្រូវស្លាប់ក្ដី ហេតុអ្វីក៏ព្រះមិនគ្រាន់តែដាក់ច្បាប់ថា កូនចៅរបស់គេទាំងអស់មិនចាំបាច់ស្លាប់នោះ?
៨ តើពិតជាត្រូវការតម្លៃលោះសំរាប់លោះជីវិតមនុស្សឬ? ទោះបីជាអ័ដាមនិងនាងអេវ៉ាត្រូវស្លាប់ដោយសារការបះបោរក៏ដោយ តើព្រះមិនអាចដាក់ច្បាប់ថាកូនចៅរបស់គេណាដែលគោរពព្រះអាចរស់ជារហូតបានទេឬ? ពីទស្សនៈដ៏ខ្លីរបស់មនុស្ស យោបល់នេះប្រហែលដូចជាសមហេតុផល។ ប៉ុន្តែ ព្រះយេហូវ៉ា«ទ្រង់ស្រឡាញ់សេចក្ដីសុចរិត នឹងសេចក្ដីយុត្ដិធម៌»។ (ទំនុកដំកើង ៣៣:៥) ក្រោយពីអ័ដាមនិងនាងអេវ៉ាបានប្រព្រឹត្តអំពើបាបហើយ គេបានបង្កើតកូនមក ដូច្នេះគ្មានកូនណាមួយរបស់គេដែលបានកើតមកល្អគ្រប់ល័ក្ខណ៍ឡើយ។ (ទំនុកដំកើង ៥១:៥) ពួកគេទាំងអស់ទទួលអំពើបាបជាមរតក ហើយទោសនៃបាបគឺសេចក្ដីស្លាប់។ បើសិនជាព្រះយេហូវ៉ាមិនខ្វល់ខ្វាយអំពីរឿងនេះទេ តើទ្រង់បានទុកគំរូបែបណាសំរាប់សមាជិកនៃគ្រួសារសកលលោករបស់ទ្រង់? ទ្រង់មិនអាចធ្វើជាកន្តើយដល់ខ្នាតគំរូដ៏សុចរិតរបស់ទ្រង់បានឡើយ។ ទ្រង់បានគោរពដល់សេចក្ដីតម្រូវនៃយុត្ដិធម៌។ គ្មានបុគ្គលណាមួយអាចមានមូលហេតុត្រឹមត្រូវ ក្នុងការរិះគន់ដល់របៀបដែលព្រះដោះស្រាយរឿងនេះឡើយ។—រ៉ូម ៣:២១-២៣
៩. យោងទៅតាមខ្នាតគំរូនៃយុត្ដិធម៌ តើការលោះបែបណាដែលត្រូវការចាំបាច់?
៩ ដូច្នេះ តើមានមូលដ្ឋានដ៏សមរម្យណាមួយដែលនឹងអាចផ្ដល់ឲ្យ ដើម្បីរំដោះកូនចៅអ័ដាម ដែលបង្ហាញនូវការគោរពដ៏ស្រឡាញ់ដល់ព្រះយេហូវ៉ាទេ? បើសិនជាមនុស្សគ្រប់ល័ក្ខណ៍ស្លាប់ជាយញ្ញ នោះយោងទៅតាមយុត្ដិធម៌ ជីវិតគ្រប់ល័ក្ខណ៍នោះអាចផ្ដល់ឲ្យការគ្របលើអំពើបាបនៃអស់អ្នកដែលជឿហើយទទួលការលោះ។ ដោយសារបាបនៃបុរសម្នាក់ អ័ដាម ដែលជាអ្នកទទួលខុសត្រូវឲ្យគ្រួសារមនុស្សក្លាយទៅជាពួកបាប ដូច្នេះការបង្ហូរឈាមនៃមនុស្សគ្រប់ល័ក្ខណ៍ម្នាក់ទៀត ដែលមានតម្លៃស្មើគ្នា នឹងអាចថ្លឹងថ្លែងជញ្ជីងនៃយុត្ដិធម៌។ (ធីម៉ូថេទី១ ២:៥, ៦) ប៉ុន្តែ តើអាចរកបុគ្គលបែបនេះពីទីណាមក?
តើតម្លៃនោះមានទំហំធំប៉ុនណា?
១០. ហេតុអ្វីក៏កូនចៅរបស់អ័ដាមមិនអាចផ្ដល់ឲ្យការលោះដែលត្រូវការ?
១០ ក្នុងចំណោមកូនចៅនៃអ័ដាមដែលមានបាប គឺឥតមានអ្នកណាមួយដែលអាចផ្ដល់អ្វីដែលត្រូវការ ដើម្បីទិញមកវិញនូវជីវិតដែលអ័ដាមបានបាត់បង់នោះឡើយ។ «នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយមិនបានទេ»។ (ទំនុកដំកើង ៤៩:៧-៩) ព្រះយេហូវ៉ាអង្គទ្រង់បានធ្វើឲ្យមានសំវិធានការដោយមេត្ដាករុណាមួយ ជាជាងទុកឲ្យមនុស្សជាតិឥតមានសេចក្ដីសង្ឃឹមសោះ។
១១. តើតាមមធ្យោបាយណាដែលព្រះយេហូវ៉ាផ្ដល់ជីវិតមនុស្សគ្រប់ល័ក្ខណ៍ដែលត្រូវការសំរាប់ការលោះដ៏ត្រឹមត្រូវ?
១១ ព្រះយេហូវ៉ាមិនបានបញ្ជូនទេវតាមួយមកឯផែនដី ឲ្យធ្វើជាស្លាប់ក្នុងរូបកាយមនុស្ស កាលដែលនៅមានជីវិតជាវិញ្ញាណនោះឡើយ។ ផ្ទុយទៅវិញ តាមអព្ភូតហេតុ ដែលមានតែព្រះអាចធ្វើបាននោះ ទ្រង់បានយកកម្លាំងជីវិតនិងបុគ្គលិកលក្ខណៈនៃរាជបុត្រានៅស្ថានសួគ៌ ដាក់ទៅក្នុងផ្ទៃនៃស្ត្រីម្នាក់ គឺនាងម៉ារា ជាកូនស្រីរបស់ហេលីនៃកុលសម្ព័ន្ធយូដា។ សកម្មពលរបស់ព្រះ គឺព្រះវិញ្ញាណបរិសុទ្ធ បានការពារការលូតលាស់នៃទារកក្នុងផ្ទៃរបស់មាតា ហើយបានប្រសូតមកជាមនុស្សគ្រប់ល័ក្ខណ៍។ (លូកា ១:៣៥; ពេត្រុសទី១ ២:២២) ដូច្នេះ បុគ្គលមួយនេះមានតម្លៃផ្ដល់ការលោះ ដែលនឹងបំពេញសេចក្ដីតម្រូវដ៏ពេញលេញនៃយុត្ដិធម៌របស់ព្រះ។—ហេព្រើរ ១០:៥
១២. (ក) ក្នុងន័យយ៉ាងណា ដែលព្រះយេស៊ូជា‹រាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់›? (ខ) តើតាមរបៀបណាដែលការបញ្ជូនបុត្រានេះ ឲ្យមកផ្ដល់ការលោះ បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ដល់យើង?
១២ តើបុត្រាមួយណាក្នុងចំណោមបុត្រាជាច្រើននៅស្ថានសួគ៌ ដែលព្រះយេហូវ៉ាផ្ដល់កិច្ចការនេះ? ទ្រង់បានប្រទានឲ្យបុគ្គលដែលបានរៀបរាប់មកក្នុងព្រះគម្ពីរជា ‹រាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់›។ (យ៉ូហានទី១ ៤:៩) ឃ្លានេះបានប្រើដើម្បីរៀបរាប់ មិនមែនជាអ្វីដែលបុត្រានោះបានក្លាយទៅជា នៅពេលកើតមកជាមនុស្សនោះទេ តែជាអ្វីកាលនៅក្នុងស្ថានសួគ៌។ ទ្រង់ជាបុគ្គលតែមួយគត់ដែលព្រះយេហូវ៉ាបានបង្កើតផ្ទាល់ ដោយគ្មានអ្នកណារួមដៃធ្វើជាមួយឡើយ។ ទ្រង់ជាកូនច្បងនៃការបង្កើត។ ទ្រង់ជាបុគ្គលដែលព្រះបានប្រើឲ្យបង្កើតសត្តនិករទាំងឡាយ។ ពួកទេវតាជាព្រះរាជបុត្រានៃព្រះ ក៏ដូចជាអ័ដាមជាកូនរបស់ព្រះនោះដែរ។ ប៉ុន្តែ ព្រះយេស៊ូត្រូវបានរៀបរាប់មកថាមាន «សិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា»។ ទ្រង់ជាបុគ្គលដែលបានគង់«នៅក្នុងឩរាព្រះវរបិតាប៉ុណ្ណោះ»។ (យ៉ូហាន ១:១៤, ១៨) ទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះវរបិតា គឺមានដ៏ជិតស្និទ្ធ ដ៏ទុកចិត្ត និងដ៏ថ្នាក់ថ្នម។ ទ្រង់បានចូលរួមនឹងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាចំពោះមនុស្សជាតិ។ សុភាសិត ៨:៣០, ៣១ បង្ហាញអំពីអារម្មណ៍របស់ព្រះវរបិតាដល់រាជបុត្រានេះ ហើយអំពីរាជបុត្រាមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស៖ «នៅគ្រានោះ អញបាននៅជិតទ្រង់[ព្រះយេហូវ៉ា]ដូចជាមេជាង ហើយអញជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ ព្រមទាំងមានសេចក្ដីរីករាយនៅចំពោះទ្រង់ជានិច្ច . . . ហើយបានសេចក្ដីអំណរ ដោយនៅជាមួយនឹងពួកមនុស្សលោក»។ គឺរាជបុត្រាដ៏មានតម្លៃនេះហើយ ដែលព្រះបានបញ្ជូនឲ្យមកផែនដីដើម្បីផ្ដល់ការលោះ។ ដូច្នេះ ជាការដ៏ខ្លឹមសារមែន ដែលព្រះយេស៊ូថ្លែងថា៖ «ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១»!—យ៉ូហាន ៣:១៦
១៣, ១៤. តើប្រវត្ដិរបស់អ័ប្រាហាំនៃការប៉ុនប៉ងថ្វាយយញ្ញបូជាអ៊ីសាក ជួយយើងឲ្យយល់យ៉ាងណាអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើ? (យ៉ូហានទី១ ៤:១០)
១៣ ដើម្បីជួយយើងឲ្យយល់ថាតើនេះមានន័យយ៉ាងណា ជាយូរយារមុនព្រះយេស៊ូបានយាងមកផែនដី ព្រះបានបង្គាប់អ័ប្រាហាំប្រមាណ៣៨៩០ឆ្នាំមុននេះថា៖ «ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»។ (លោកុប្បត្តិ ២២:១, ២) អ័ប្រាហាំក៏គោរពធ្វើតាមដោយជំនឿ។ សូមឧបមាថាអ្នកនៅក្នុងស្ថានភាពរបស់អ័ប្រាហាំ។ ចុះយ៉ាងណាវិញ បើសិននោះជាកូនប្រុសរបស់អ្នក ជាកូនប្រុសតែមួយដែលអ្នកស្រឡាញ់យ៉ាងខ្លាំង? តើអ្នកនឹងមានអារម្មណ៍យ៉ាងណា កាលដែលអ្នកពុះឧសសំរាប់ធ្វើតង្វាយដុត ហើយធ្វើដំណើរបីបួនថ្ងៃទៅឯស្រុកម៉ូរីយ៉ា ហើយយកកូនរបស់អ្នកដាក់លើអាសនានោះ?
១៤ ហេតុអ្វីក៏ឪពុកម្ដាយដែលមានចិត្តមេត្ដាមានអារម្មណ៍បែបនោះ? លោកុប្បត្តិ ១:២៧ ចែងថាព្រះបានបង្កើតមនុស្សជាតិក្នុងរូបអង្គទ្រង់។ អារម្មណ៍នៃសេចក្ដីស្រឡាញ់និងមេត្ដាធម៌របស់យើង បង្ហាញតាមរយៈដ៏តិចតួចនូវសេចក្ដីស្រឡាញ់និងមេត្ដាធម៌របស់ព្រះយេហូវ៉ាផ្ទាល់។ ក្នុងករណីរបស់អ័ប្រាហាំ ព្រះបានធ្វើអន្តរាគមន៍ ដើម្បីកុំឲ្យធ្វើយញ្ញបូជាអ៊ីសាក។ (លោកុប្បត្តិ ២២:១២, ១៣; ហេព្រើរ ១១:១៧-១៩) ប៉ុន្តែ ក្នុងករណីទ្រង់ផ្ទាល់ ព្រះយេហូវ៉ាមិនបានបង្អាក់ពីការផ្ដល់ឲ្យការលោះនោះទេ ថ្វីបើទ្រង់បានធ្វើឡើងដោយបង់ថ្លៃយ៉ាងធំ ដល់ទ្រង់និងរាជបុត្រារបស់ទ្រង់ក៏ដោយ។ អ្វីដែលបានធ្វើឡើង មិនមែនដោយសារទ្រង់មានកាតព្វកិច្ចនោះទេ តែផ្ទុយទៅវិញ នេះជាការសម្ដែងព្រះគុណដែលគ្មានសិទ្ធិទទួលដ៏អស្ចារ្យ។ តើយើងអបអរដ៏ពេញលេញអំពីរឿងនេះទេ?—ហេព្រើរ ២:៩
ការលោះធ្វើឲ្យមានអ្វីខ្លះ
១៥. តើការលោះមានឥទ្ធិពលទៅលើមនុស្សក្នុងប្រព័ន្ធសម័យនេះដោយយ៉ាងណា?
១៥ សំវិធានការដ៏ជាទីស្រឡាញ់នោះដែលព្រះបានប្រទានឲ្យ គឺមានឥទ្ធិពលដ៏ជ្រាលជ្រៅលើមនុស្សដែលទទួលយកការលោះដោយជំនឿ។ ដោយសារអំពើបាប ពួកគេពីដើមត្រូវបានឃ្លាតចេញពីព្រះ។ ដូចជាទ្រង់មានបន្ទូលមក ពួកគេជា‹ខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ›។ (កូល៉ុស ១:២១-២៣) ប៉ុន្តែ ពួកគេបានក្លាយទៅជា‹សម្រុះសម្រួលនឹងព្រះដោយបុត្រារបស់ព្រះអង្គសោយទិវង្គត›។ (រ៉ូម ៥:៨-១០) ពួកគេអាចមានមនសិការដ៏ស្អាតស្អំ ដោយសារពួកគេបានកែប្រែដំណើរជីវិត ហើយបានទទួលយកការអត់ឱនទោសដែលព្រះប្រទានឲ្យ ដល់អស់អ្នកដែលអនុវត្តជំនឿនឹងយញ្ញបូជារបស់ព្រះគ្រីស្ទ។—ហេព្រើរ ៩:១៤; ពេត្រុសទី១ ៣:២១
១៦. តើពួកហ្វូងតូចទទួលពរអ្វី ដោយសារជំនឿរបស់ពួកគេលើការលោះ?
១៦ ព្រះយេហូវ៉ាបានប្រទានឲ្យមនុស្សមួយចំនួនតូចនៃពួកទាំងនេះ គឺពួកហ្វូងតូច នូវព្រះគុណរបស់ទ្រង់ ឲ្យចូលរួមជាមួយបុត្រាទ្រង់ក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ ដើម្បីអនុវត្តគោលបំណងដើមរបស់ព្រះសំរាប់ផែនដីនេះ។ (លូកា ១២:៣២) ពួកទាំងនេះត្រូវបានយកចេញមកពី«គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ . . . ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យ[ទៅ]លើផែនដី»។ (វិវរណៈ ៥:៩, ១០) ចំពោះពួកទាំងនេះ សាវ័កប៉ុលបានសរសេរថា៖ «អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ»។ (រ៉ូម ៨:១៥-១៧) ដោយព្រះយកពួកនេះជាកូនចិញ្ចឹមរបស់ទ្រង់ ពួកគេក៏ទទួលបានទំនាក់ទំនងជាទីស្រឡាញ់ដែលអ័ដាមបានបាត់បង់។ ប៉ុន្តែ ព្រះប្រគល់ឲ្យពួកនេះនូវឯកសិទ្ធិថែមទៀតនៃកិច្ចបំរើនៅស្ថានសួគ៌—ជាអ្វីមួយដែលអ័ដាមមិនដែលមាន។ ដូច្នេះហើយបានជាសាវ័កយ៉ូហាននិយាយថា៖ «មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្ដល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ»! (យ៉ូហានទី១ ៣:១) ចំពោះបុគ្គលបែបនេះ ព្រះមិនគ្រាន់តែបានសំដែងសេចក្ដីស្រឡាញ់ជាគោលការណ៍ប៉ុណ្ណោះ (អាហ្គាប៉េ) ប៉ុន្តែ សេចក្ដីស្រឡាញ់ដ៏ថ្នាក់ថ្នម (ហ្វីលលីអា) ដែលជាសញ្ញានៃចំណងដែលមានរវាងមិត្តដ៏ជិតស្និទ្ធ។—យ៉ូហាន ១៦:២៧
១៧, ១៨. (ក) ចំពោះអស់អ្នកដែលអនុវត្តជំនឿលើការលោះ តើពួកគេមានឱកាសយ៉ាងណា? (ខ) តើ«សិរីល្អរបស់ពួកកូនព្រះ» នឹងមានន័យយ៉ាងណាចំពោះពួកគេ?
១៧ រីឯអ្នកដទៃវិញ—អស់អ្នកណាដែលអនុវត្តជំនឿលើសំវិធានការដ៏សប្បុរសរបស់ព្រះ ចំពោះជីវិតតាមរយៈព្រះយេស៊ូគ្រីស្ទ—ព្រះយេហូវ៉ាបានបើកឱកាសឲ្យទទួលទំនាក់ទំនងដ៏មានតម្លៃដែលអ័ដាមបានបាត់បង់។ សាវ័កប៉ុលបានពន្យល់ថា៖ «ដ្បិតសេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ[ពួកមនុស្សដែលចេញមកពីអ័ដាម] នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ [នោះគឺថាពួកគេរង់ចាំពេល កាលដែលឃើញច្បាស់លាស់ថា ពួកកូនរបស់ព្រះដែលនឹងបានមរតកជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ ចាត់វិធានការដ៏ជាក់លាក់ជាប្រយោជន៍ដល់មនុស្សលោក]។ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ [ពួកគេបានកើតមកដោយមានបាប ដែលនឹងទទួលសេចក្ដីស្លាប់ ហើយគ្មានផ្លូវណាដែលគេអាចដោះលែងខ្លួនបានឡើយ] តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ (រ៉ូម ៨:១៩-២១) តើសេរីភាពនោះនឹងមានន័យយ៉ាងណា? សេរីភាពនោះមានន័យថា ពួកគេបានដោះលែងពីចំណងនៃសេចក្ដីបាបនិងសេចក្ដីស្លាប់។ ពួកគេនឹងមានចិត្តគំនិតគ្រប់ល័ក្ខណ៍ សួនមនោរម្យជាលំនៅរបស់គេ ហើយជីវិតអស់កល្បជានិច្ចដែលគេនឹងមានដ៏គ្រប់ល័ក្ខណ៍ ហើយសម្ដែងការអបអររបស់គេដល់ព្រះយេហូវ៉ា ជាព្រះដ៏ពិតតែមួយអង្គ។ ហើយតើរបស់ទាំងនេះអាចមានឡើងដោយយ៉ាងណា? គឺដោយសារយញ្ញបូជាលោះនៃរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់។
១៨ នៅខែណៃសែន ទី១៤ ឆ្នាំ៣៣ ស.យ. នៅឯបន្ទប់ខាងលើក្នុងក្រុងយេរូសាឡិម ព្រះយេស៊ូបានស្ថាបនាឡើងពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់។ ការរំឭកនៃការសោយទិវង្គតរបស់ទ្រង់រៀងរាល់ឆ្នាំ បានក្លាយទៅជាព្រឹត្ដិការណ៍ដ៏សំខាន់ក្នុងជីវិតនៃពួកគ្រីស្ទានពិតទាំងអស់។ ព្រះយេស៊ូអង្គទ្រង់បានបង្គាប់យើងថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូកា ២២:១៩) ជារៀងរាល់ឆ្នាំ ពិធីបុណ្យរំឭកចាប់ធ្វើឡើងក្រោយពីថ្ងៃលិច នៅខែណៃសែន ទី១៤។ ការទៅឯពិធីបុណ្យរំឭកនៅថ្ងៃនោះ គឺសំខាន់ជាងអ្វីៗទៅទៀត។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តាមរបៀបណាដែលព្រះបានបង្ហាញសេចក្ដីស្រឡាញ់ជាច្រើនសំរាប់មនុស្សជាតិ?
◻ ហេតុអ្វីក៏ត្រូវការជីវិតមនុស្សដ៏គ្រប់ល័ក្ខណ៍ដើម្បីលោះកូនចៅរបស់អ័ដាម?
◻ តើព្រះយេហូវ៉ាបានអស់តម្លៃប៉ុនណា ក្នុងការផ្ដល់ការលោះ?
◻ តើការលោះអាចធ្វើឲ្យមានអ្វីខ្លះ?
[រូបភាពនៅទំព័រ១០]
ព្រះបានប្រទានរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់