តើអ្នកត្រៀមខ្លួនចាំថ្ងៃនៃព្រះយេហូវ៉ាទេ?
«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។—សេផានា ១:១៤
១. តើបទគម្ពីររៀបរាប់ប្រាប់អំពីថ្ងៃនៃព្រះយេហូវ៉ាយ៉ាងណាខ្លះ?
«ថ្ងៃធំគួរស្ញែងខ្លាច»របស់ព្រះយេហូវ៉ា បន្ដិចទៀតនឹងធ្លាក់មកលើរបបលោកីយ៍ដ៏អាក្រក់នេះ។ បទគម្ពីររៀបរាប់ប្រាប់អំពីថ្ងៃនៃព្រះយេហូវ៉ា ជាថ្ងៃនៃសង្គ្រាម ភាពងងឹត សេចក្ដីក្រោធ ទុក្ខព្រួយ ការទង្គឹះចិត្ត ការភ្ញាក់ផ្អើល និងសេចក្ដីហិនវិនាស។ ប៉ុន្តែ នឹងមានពួកអ្នករួចរស់ជីវិត ដ្បិត«អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច»។ (យ៉ូអែល ២:៣០-៣២; អេម៉ុស ៥:១៨-២០) ត្រូវហើយ បន្ទាប់មក ព្រះនឹងកំទេចចោលពួកសត្រូវរបស់ទ្រង់ ហើយសង្គ្រោះពួករាស្ត្រទ្រង់។
២. ហេតុអ្វីក៏យើងត្រូវដឹងអំពីភាពបន្ទាន់នៃថ្ងៃរបស់ព្រះយេហូវ៉ា?
២ ពួកព្យាការីរបស់ព្រះបានដឹងអំពីភាពបន្ទាន់នៃថ្ងៃរបស់ព្រះយេហូវ៉ា។ ឧទាហរណ៍ សេផានាបានសរសេរថា៖ «ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាជិតមកដល់ គឺបានមកជិតហើយ ក៏ប្រញឹកណាស់ដែរ»។ (សេផានា ១:១៤) ស្ថានការណ៍នៅសព្វថ្ងៃនេះក៏កាន់តែបន្ទាន់ទៅទៀត ពីព្រោះអ្នកប្រហារជីវិតដ៏ឧត្តមរបស់ព្រះ គឺស្តេចយេស៊ូគ្រីស្ទ ទ្រង់ហៀបនឹង‹ក្រវាត់ដាវជាប់នៅត្រគាកទ្រង់ រួចជិះទៅ ដើម្បីការពារសេចក្ដីពិត សេចក្ដីសុភាព និងសេចក្ដីសុចរិត›។ (ទំនុកដំកើង ៤៥:៣, ៤) តើអ្នកត្រៀមខ្លួនចាំថ្ងៃនោះទេ?
ពួកគេធ្លាប់មានសង្ឃឹមច្រើន
៣. តើពួកគ្រីស្ទានខ្លះនៅថែស្សាឡូនីចមានសេចក្ដីសង្ឃឹមអ្វី ហើយពួកគេបានយល់ខុសដោយសារមូលហេតុពីរណា?
៣ មនុស្សជាច្រើនធ្លាប់មានសង្ឃឹមដែលមិនបានសម្រេចចំពោះថ្ងៃនៃព្រះយេហូវ៉ា។ ពួកគ្រីស្ទានសម័យដើមខ្លះក្នុងស្រុកថែស្សាឡូនីចបានមានប្រសាសន៍ថា ‹ថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ›! (ថែស្សាឡូនីចទី២ ២:២) ប៉ុន្តែ គឺមានមូលហេតុពីរយ៉ាងដែលថ្ងៃនោះមិនទាន់មកដល់។ ក្នុងការរៀបរាប់ពីមូលហេតុមួយ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «កាលណាគេកំពុងតែនិយាយថាមានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម»។ (ថែស្សាឡូនីចទី១ ៥:១-៦) ក្នុង«គ្រាចុងបញ្ចប់»នេះ យើងជាស្មរបន្ទាល់ព្រះយេហូវ៉ារង់ចាំសេចក្ដីសម្រេចនៃពាក្យទាំងនោះ។ (ដានីយ៉ែល ១២:៤) ពួកថែស្សាឡូនីចក៏ពុំមានទីសំអាងមួយទៀត ដែលថាថ្ងៃព្រះយេហូវ៉ាបានមកដល់ហើយនោះ ដ្បិតប៉ុលបានប្រាប់ពួកគេថា៖ «ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុន»។ (ថែស្សាឡូនីចទី២ ២:៣) នៅពេលដែលប៉ុលបានសរសេរពាក្យនោះ (ប្រហែលក្នុងឆ្នាំ៥១ ស.យ.) ‹សេចក្ដីក្បត់ជំនឿ›ពីសាសនាគ្រីស្ទានពិត មិនបានដុះរាលដាលពេញលេញនៅឡើយទេ។ សព្វថ្ងៃនេះ យើងឃើញសេចក្ដីក្បត់ជំនឿកំពុងតែចំរើនលូតលាស់ក្នុងពិភពគ្រីស្ទសាសនា។ ទោះជាសេចក្ដីសង្ឃឹមរបស់គេមិនបានសម្រេចក៏ដោយ ពួកអ្នកចាក់ប្រេងតាំងដ៏ស្មោះត្រង់ក្នុងស្រុកថែស្សាឡូនីច ដែលបានបន្តបំរើព្រះយ៉ាងស្មោះត្រង់រហូតដល់ស្លាប់ នៅទីបំផុតបានទទួលរង្វាន់ទៅស្ថានសួគ៌។ (វិវរណៈ ២:១០) យើងក៏នឹងទទួលបានរង្វាន់ដែរ បើយើងរក្សាចិត្តស្មោះត្រង់រង់ចាំថ្ងៃនៃព្រះយេហូវ៉ា។
៤. (ក) តើថ្ងៃនៃព្រះយេហូវ៉ាបានភ្ជាប់នឹងអ្វីនៅថែស្សាឡូនីចទី២ ២:១, ២? (ខ) តើពួកសាសនវិទូមានទស្សនៈយ៉ាងណា ចំពោះការយាងមកវិញរបស់ព្រះគ្រីស្ទ និងរឿងដែលទាក់ទងគ្នានោះ?
៤ ព្រះគម្ពីរភ្ជាប់«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា»ជាមួយនឹង‹វត្តមាននៃព្រះយេស៊ូគ្រីស្ទ ជាព្រះអម្ចាស់នៃយើង›។ (ថែស្សាឡូនីចទី២ ២:១, ២) ពួកសាសនវិទូមានទស្សនៈផ្សេងៗអំពីការយាងមកវិញនៃព្រះគ្រីស្ទ វត្តមានរបស់ទ្រង់ និងការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់។ (វិវរណៈ ២០:៤) ក្នុងសតវត្សទីពីរសករាជយើង លោក ផាប៊ីសនៃក្រុងហេរ៉ាប៉ូល បានសង្ឃឹមថាផែនដីនឹងមានផលិតភាពដ៏អស្ចារ្យក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ លោក ចាស្ទីន ម៉ាទើរ៍ បាននិយាយជារឿយៗអំពីវត្តមានរបស់ព្រះយេស៊ូ ហើយសង្ឃឹមថាក្រុងយេរូសាឡិមនឹងបានដូចដើមវិញ ដែលជាកន្លែងសោយរាជ្យនៃព្រះរាជាណាចក្ររបស់ទ្រង់។ លោកអ៊ីរីនូសនៃក្រុងល៉ីយូន បានបង្រៀនថា ក្រោយពីចក្រភពរ៉ូម៉ាំងបានហិនវិនាសទៅ ព្រះយេស៊ូនឹងលេចចេញមកដែលអាចមើលឃើញ ចាប់ឃុំឃាំងសាតាំង ហើយនិងសោយរាជ្យក្នុងក្រុងយេរូសាឡិមលើផែនដី។
៥. តើពួកអ្នកប្រាជ្ញខ្លះបាននិយាយយ៉ាងណាអំពី«ការយាងមកទីពីរ»របស់ព្រះគ្រីស្ទ និងអំពីការសោយរាជ្យមួយពាន់ឆ្នាំរបស់ទ្រង់?
៥ លោកភីលីព ស្កាវ ជាអ្នកប្រវត្ដិសាស្ត្រ បានកត់សម្គាល់ថា «ជំនឿនិយមជាងគេបង្អស់»មុនសម័យក្រុមប្រឹក្សានៃនីខាអ៊ីនៅឆ្នាំ៣២៥ ស.យ. គឺជា«ជំនឿទៅលើការសោយរាជ្យដែលមើលឃើញរបស់ព្រះគ្រីស្ទក្នុងសិរីល្អនៅលើផែនដីមួយពាន់ឆ្នាំ ជាមួយនឹងពួកសន្តដែលបានប្រោសឲ្យរស់ឡើងវិញមុននឹងដំណើររស់ឡើងវិញទូទៅនិងការជំនុំជំរះកើតឡើង»។ វចនានុក្រមនៃព្រះគម្ពីរ ដែលបានកែសម្រួលដោយលោក ជែម្ស ហាស្ទិង ចែងថា៖ «ធូថឺលាន អៃរ៉ិន៉ូស និងហិផូលីថឹស» នៅតែរង់ចាំការយាងមក[នៃព្រះយេស៊ូគ្រីស្ទ] ប៉ុន្តែ យើងមានគំនិតថ្មីមួយពីពួកសាសនវិទូនៃអាលិក្សានឌ្រីន។ . . . នៅពេលដែលលទ្ធិបង្រៀននៃសហស្សវត្សរបស់លោកអូហ្គូស្ទិន បានប្រៀបធៀបនឹងគ្រានៃអ្នកសកម្មប្រយុទ្ធសាសនា នោះការយាងមកទីពីរ គឺត្រូវបានផ្អាកទុកនៅអនាគតទៅវិញ»។
ថ្ងៃនៃព្រះយេហូវ៉ានិងវត្តមានរបស់ព្រះយេស៊ូ
៦. ហេតុអ្វីក៏យើងមិនគួរសន្និដ្ឋានថា ថ្ងៃនៃព្រះយេហូវ៉ាគឺនៅយូរណាស់?
៦ ការភាន់ច្រឡំបាននាំឲ្យមានការតូចចិត្ត ប៉ុន្តែ សូមកុំឲ្យយើងគិតថា ថ្ងៃនៃព្រះយេហូវ៉ាគឺនៅយូរណាស់នោះ។ វត្តមានដែលមើលមិនឃើញរបស់ព្រះយេស៊ូ ដែលជាប់ទាក់ទិននឹងថ្ងៃនៃព្រះយេហូវ៉ាក្នុងព្រះគម្ពីរ បានចាប់ផ្ដើមរួចទៅហើយ។ ប៉មយាម និងប្រកាសនវត្ថុផ្សេងៗទៀតនៃស្មរបន្ទាល់ព្រះយេហូវ៉ា បានផ្ដល់ទីសំអាងពីព្រះគម្ពីរជារឿយៗ ថាវត្តមានរបស់ព្រះគ្រីស្ទបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩១៤។a ដូច្នេះ តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីវត្តមានរបស់ទ្រង់?
៧. (ក) តើមានសញ្ញាណាខ្លះនៃវត្តមានរបស់ព្រះយេស៊ូនិងគ្រាចុងបញ្ចប់នៃរបបលោកីយ៍? (ខ) តើយើងអាចបានសង្គ្រោះយ៉ាងណា?
៧ វត្តមានរបស់ព្រះយេស៊ូ បានក្លាយទៅជាអ្វីមួយដែលបានយកមកពិគ្រោះ មុននឹងទ្រង់សោយទិវង្គត។ ក្រោយពីបានឮទ្រង់ទាយប្រាប់អំពីសេចក្ដីហិនវិនាសនៃព្រះវិហារយេរូសាឡិម ពួកសាវ័កទ្រង់ឈ្មោះ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ បានសួរថា៖ «តើកាលណារឿងទាំងនេះនឹងកើតមានឡើង ហើយតើមានទីសំគាល់យ៉ាងណាពីវត្តមានរបស់ទ្រង់ ហើយពីវេលាចុងបញ្ចប់របស់ប្រព័ន្ធសម័យនេះ»? (ម៉ាថាយ ២៤:១-៣, ព.ថ.; ម៉ាកុស ១៣:៣, ៤) ក្នុងការតបឆ្លើយ ព្រះយេស៊ូបានមានបន្ទូលប្រាប់អំពីសង្គ្រាម ការអត់បាយ កក្រើកផែនដី និងលក្ខណៈផ្សេងៗទៀតនៃ‹សញ្ញា›របស់វត្តមានទ្រង់ និងអំពីគ្រាចុងបញ្ចប់នៃរបបលោកីយ៍។ ទ្រង់មានបន្ទូលប្រាប់ទៀតថា៖ «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។ (ម៉ាថាយ ២៤:១៣) យើងនឹងបានសង្គ្រោះ បើយើងស៊ូទ្រាំដោយស្មោះត្រង់រហូតដល់ចុងបញ្ចប់នៃជីវិតយើងនេះ ឬដល់ចុងបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។
៨. មុនទីបញ្ចប់នៃរបបយូដា តើអ្វីដែលបានសម្រេច ហើយតើអ្វីដែលកំពុងតែធ្វើឡើងសព្វថ្ងៃនេះ?
៨ មុនទីបញ្ចប់មកដល់ លក្ខណៈដ៏សំខាន់មួយនៃវត្តមានរបស់ព្រះយេស៊ូនឹងបានសម្រេច។ ចំពោះរឿងនេះ ទ្រង់មានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) មុនពួករ៉ូម៉ាំងបានកំទេចក្រុងយេរូសាឡិមនិងរបបលោកីយ៍យូដានៅឆ្នាំ៧០ ស.យ. ប៉ុលអាចនិយាយថា ដំណឹងល្អ«បានផ្សាយ ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»។ (កូល៉ុស ១:២៣) ប៉ុន្តែ នៅសព្វថ្ងៃនេះ កិច្ចការផ្សាយដែលមានធំជាងនោះ កំពុងតែធ្វើឡើងដោយស្មរបន្ទាល់ព្រះយេហូវ៉ា‹ក្នុងគ្រប់សាសន៍នៅលើផែនដី›។ ក្នុងកំឡុងបីបួនឆ្នាំមុន ព្រះបានបើកផ្លូវឲ្យធ្វើបន្ទាល់បានច្រើនទៀត ក្នុងទ្វីបអឺរ៉ុបខាងកើត។ ដោយមានម៉ាស៊ីនបោះពុម្ពនិងប្រដាប់ប្រដាផ្សេងៗទៀតពេញពិភពលោក អង្គការរបស់ព្រះយេហូវ៉ាគឺច្បាស់ជានឹងមានសកម្មភាពចំរើនលូតលាស់ សូម្បីតែក្នុង‹តំបន់ដែលមិនដែលទៅផ្សាយ›។ (រ៉ូម ១៥:២២, ២៣) តើចិត្តរបស់អ្នកជំរុញអ្នកឲ្យខំអស់ពីសមត្ថភាព ក្នុងការធ្វើបន្ទាល់មុននឹងទីបញ្ចប់មកដល់ទេ? បើដូច្នេះមែន ព្រះអាចពង្រឹងកម្លាំងអ្នកឲ្យចូលរួមដ៏រីករាយក្នុងកិច្ចការនៅខាងមុខ។—ភីលីព ៤:១៣; ធីម៉ូថេទី២ ៤:១៧
៩. តើព្រះយេស៊ូបានមានចំណុចអ្វី ដូចបានកត់ទុកក្នុងម៉ាថាយ ២៤:៣៦?
៩ កិច្ចការផ្សាយព្រះរាជាណាចក្រដែលបានទាយប្រាប់ជាមុននេះ និងលក្ខណៈផ្សេងៗទៀតនៃសញ្ញានៃវត្តមានរបស់ព្រះយេស៊ូ គឺកំពុងតែសម្រេចនៅសព្វថ្ងៃនេះ។ ដូច្នេះ ទីបញ្ចប់គឺជិតដល់ហើយចំពោះរបបលោកីយ៍នេះ។ ត្រូវហើយ ព្រះយេស៊ូមានបន្ទូលថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៤-១៤, ៣៦) ប៉ុន្តែ ទំនាយរបស់ព្រះយេស៊ូអាចជួយយើងឲ្យត្រៀមខ្លួនចាំ«ថ្ងៃនិងពេល»នោះ។
ពួកគេបានត្រៀមខ្លួនចាំជាស្រេច
១០. តើតាមរបៀបណាដែលយើងដឹងថា យើងអាចនៅភ្ញាក់ខាងវិញ្ញាណ?
១០ ដើម្បីឲ្យរួចរស់ជីវិតពីថ្ងៃដ៏ធំនៃព្រះយេហូវ៉ា យើងត្រូវតែនៅភ្ញាក់ខាងវិញ្ញាណ និងកាន់ជំហរមាំមួនចំពោះការថ្វាយបង្គំពិត។ (កូរិនថូសទី១ ១៦:១៣) យើងដឹងថា ការស៊ូទ្រាំបែបនេះគឺអាចធ្វើទៅបាន ពីព្រោះគ្រួសារដែលបានកោតខ្លាចព្រះបានធ្វើដូច្នេះ ហើយបានរួចរស់ជីវិតពីទឹកជំនន់ដែលកំទេចមនុស្សអាក្រក់ក្នុងឆ្នាំ២៣៧០ ម.ស.យ។ បើប្រៀបធៀបសម័យនោះនឹងវត្តមានរបស់ទ្រង់ ព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។—ម៉ាថាយ ២៤:៣៧-៣៩
១១. តើណូអេបានប្រកបជីវភាពបែបណា ទោះជាមានអំពើឃោរឃៅក្នុងសម័យរបស់គាត់?
១១ លោកណូអេនិងគ្រួសារគាត់ក៏រស់នៅក្នុងលោកីយ៍ដ៏ឃោរឃៅដូចយើងដែរ។ ពួកទេវតា‹ជាកូនរបស់ព្រះពិត› ដោយមិនគោរពតាមទ្រង់បានប្រែក្រឡា ហើយចុះមកយកប្រពន្ធ ដែលមានកូនចៅដ៏ទុយ៌ស គឺពួកនេហ្វីលិម—ជាពួកធ្វើបាបគេ ដែលច្បាស់ជាធ្វើឲ្យស្ថានភាពកាន់តែឃោរឃៅឡើង។ (លោកុប្បត្តិ ៦:១, ២, ៤; ពេត្រុសទី១ ៣:១៩, ២០) ប៉ុន្តែ ‹ណូអេបានដើរជាមួយនឹងព្រះពិត›ដោយមានជំនឿ។ គាត់‹ជាអ្នកគ្រប់ល័ក្ខណ៍នៅក្នុងដំណវង្សខ្លួន›—គឺមនុស្សដំណអាក្រក់នៃសម័យគាត់។ (លោកុប្បត្តិ ៦:៩-១១) ដោយអធិស្ឋានទុកចិត្តលើព្រះ យើងក៏អាចធ្វើដូចនេះបានដែរក្នុងលោកីយ៍ដ៏ឃោរឃៅនិងដ៏អាក្រក់ជួជាតិ កាលដែលយើងរង់ចាំថ្ងៃនៃព្រះយេហូវ៉ា។
១២. (ក) ក្រៅពីសង់ទូកធំ តើណូអេបានធ្វើការអ្វីទៀត? (ខ) តើមនុស្សបានប្រព្រឹត្តយ៉ាងណាទៅលើការផ្សាយរបស់ណូអេ ហើយតើអ្វីជាកម្មផលសំរាប់ពួកគេ?
១២ ណូអេត្រូវបានគេស្គាល់ ជាអ្នកដែលសង់ទូកធំសំរាប់សង្គ្រោះជីវិតនៅពេលទឹកជំនន់។ គាត់ក៏«ជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត»ដែរ។ ប៉ុន្តែ ពួកអ្នកដែលរស់នៅសម័យគាត់ ‹ឥតស្ដាប់តាម›សារដែលព្រះផ្ដល់ឲ្យគាត់ផ្សាយនោះឡើយ។ ពួកគេស៊ីផឹក រៀបការ ចិញ្ចឹមកូនចៅ ហើយប្រកបជីវិតរបស់គេ រហូតដល់ទឹកជំនន់បានកំទេចគេចោលអស់ទៅ។ (ពេត្រុសទី២ ២:៥; លោកុប្បត្តិ ៦:១៤) ពួកគេមិនចង់ឮការនិយាយនិងឫកពាទៀងត្រង់ទេ ហើយដំណមនុស្សអាក្រក់សព្វថ្ងៃនេះក៏ដូច្នោះដែរ កាលដែលគេបិទត្រចៀកដល់អ្វីៗដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានមានប្រសាសន៍អំពី «ការប្រែចិត្តទៅឯព្រះ» ហើយដាក់ជំនឿក្នុងព្រះគ្រីស្ទ សេចក្ដីសុចរិត និង«សេចក្ដីជំនុំជំរះដែលត្រូវមក»។ (កិច្ចការ ២០:២០, ២១; ២៤:២៤, ២៥) គឺឥតមានសេចក្ដីកត់ត្រាទុក ថាតើមានមនុស្សប៉ុន្មាននាក់ដែលរស់នៅលើផែនដី នៅពេលដែលណូអេបានផ្សាយសាររបស់ព្រះទេ។ ប៉ុន្តែអ្វីដែលដឹងប្រាកដនោះគឺ ចំនួនមនុស្សនៅលើផែនដីត្រូវបានបន្ថយច្រើនណាស់ក្នុងឆ្នាំ២៣៧០ ម.ស.យ.! ទឹកជំនន់បានបោសសំអាតមនុស្សអាក្រក់ជួជាតិ តែសង្គ្រោះអស់អ្នកដែលប្រុងប្រៀបនឹងអំពើរបស់ព្រះ—ណូអេនិងមនុស្សប្រាំពីរនាក់ទៀតក្នុងគ្រួសារគាត់។—លោកុប្បត្តិ ៧:១៩-២៣; ពេត្រុសទី២ ៣:៥, ៦
១៣. តើណូអេបានទុកចិត្តទាំងស្រុងក្នុងក្រិត្យអ្វី ហើយតើគាត់បានប្រព្រឹត្តស្របតាមក្រិត្យនេះដោយយ៉ាងណា?
១៣ ព្រះមិនបានប្រទានប្រាប់ណូអេទុកជាច្រើនឆ្នាំមុន អំពីថ្ងៃនិងពេលចំៗនៃទឹកជំនន់ឡើយ។ ប៉ុន្តែ នៅពេលដែលណូអេមានអាយុ៤៨០ឆ្នាំ ព្រះយេហូវ៉ាបានចេញក្រិត្យថា៖ «វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ ពីព្រោះគេជាសាច់ឈាមប៉ុណ្ណោះ អាយុគេនឹងបានត្រឹមតែ១២០ឆ្នាំវិញ»។ (លោកុប្បត្តិ ៦:៣) ណូអេបានទុកចិត្តទាំងស្រុងក្នុងក្រិត្យរបស់ព្រះ។ ក្រោយពីគាត់មានអាយុ៥០០ឆ្នាំ គាត់«បង្កើតបានសិម១ ហាំ១ នឹងយ៉ាផែត១» ហើយទំនៀមទម្លាប់នៅសម័យនោះ បង្ហាញថា ទាល់តែកូនប្រុសទាំងនោះមានអាយុ៥០ទៅ៦០ឆ្នាំ ទើបកូនៗរបស់គាត់អាចរៀបការបាន។ នៅពេលព្រះប្រាប់ណូអេឲ្យសង់ទូកធំសំរាប់សង្គ្រោះពីទឹកជំនន់ ពួកកូនប្រុសនិងប្រពន្ធរបស់គេ គឺបានជួយគាត់ក្នុងការធ្វើនោះ។ ការសង់ទូកធំ គឺប្រហែលជាគាប់ជួននឹងកិច្ចបំរើរបស់ណូអេ ជា«អ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត» ដោយធ្វើឲ្យគាត់ជាប់រវល់អស់រយៈ៤០ទៅ៥០ឆ្នាំពីមុនទឹកជំនន់។ (លោកុប្បត្តិ ៥:៣២; ៦:១៣-២២) គាត់និងគ្រួសារគាត់បានប្រព្រឹត្តដោយជំនឿក្នុងកំឡុងឆ្នាំទាំងនោះ។ ចូរឲ្យយើងបង្ហាញជំនឿដែរ កាលដែលយើងផ្សាយដំណឹងល្អ ហើយរង់ចាំថ្ងៃនៃព្រះយេហូវ៉ា។—ហេព្រើរ ១១:៧
១៤. នៅទីបំផុត តើព្រះយេហូវ៉ាមានបន្ទូលប្រាប់ណូអេអ្វី ហើយហេតុអ្វី?
១៤ កាលដែលទូកធំសង់ជិតចប់ហើយ ណូអេប្រហែលជាគិតថា ទឹកជំនន់នឹងមកជាមិនខាន ទោះជាគាត់ឥតដឹងច្បាស់នៅពេលដែលវានឹងកើតឡើងនោះក៏ដោយ។ នៅទីបំផុត ព្រះយេហូវ៉ាមានបន្ទូលប្រាប់គាត់ថា៖ «ដ្បិតនៅ៧ថ្ងៃទៀត អញនឹងបង្អុរភ្លៀងមកលើផែនដី៤០ថ្ងៃ៤០យប់»។ (លោកុប្បត្តិ ៧:៤) នោះបានឲ្យណូអេនិងគ្រួសារមានពេលគ្រប់គ្រាន់ ក្នុងការយកសត្វតាមពូជវាចូលក្នុងទូកធំ ហើយចូលខ្លួនគេដែរ មុននឹងទឹកជំនន់ចាប់ផ្ដើមឡើង។ យើងមិនចាំបាច់ចង់ដឹងអំពីថ្ងៃនិងពេលនៃសេចក្ដីហិនវិនាសរបស់របបនេះទេ ដ្បិតយើងមិនបានទទួលភារៈយកសត្វចូលឲ្យសង្គ្រោះឡើយ។ ហើយមនុស្សដែលនឹងរួចរស់ជីវិតកំពុងតែចូលក្នុងទូកធំជានិមិត្តរូប គឺសួនមនោរម្យខាងវិញ្ញាណនៃរាស្ត្ររបស់ទ្រង់។
‹ចូរចាំយាម›
១៥. (ក) តាមពាក្យសំដីរបស់អ្នក តើអ្នកនឹងពន្យល់ពាក្យបន្ទូលរបស់ព្រះយេស៊ូក្នុងម៉ាថាយ ២៤:៤០-៤៤ យ៉ាងណា? (ខ) ដោយឥតដឹងពេលនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូ ក្នុងការប្រហារសេចក្ដីសងសឹករបស់ព្រះ មានឥទ្ធិពលអ្វីមកលើយើង?
១៥ ចំពោះវត្តមានទ្រង់ ព្រះយេស៊ូបានពន្យល់ថា៖ «នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ ចូរដឹងសេចក្ដីនេះចុះ បើម្ចាស់ផ្ទះបានដឹងជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត»។ (ម៉ាថាយ ២៤:៤០-៤៤; លូកា ១៧:៣៤, ៣៥) ដោយសារយើងមិនដឹងពេលចំៗនៃការយាងមករបស់ព្រះយេស៊ូ ដើម្បីប្រហារសេចក្ដីសងសឹករបស់ព្រះ គឺនឹងរក្សាយើងឲ្យប្រុងប្រយ័ត្ន ហើយហុចឱកាសដល់យើងជារៀងរាល់ថ្ងៃឲ្យបង្ហាញថា យើងបំរើព្រះយេហូវ៉ាដោយឥតមានចិត្តកំណាញ់។
១៦. តើអ្វីនឹងកើតឡើងដល់ពួកដែល«ទុកនៅ» ហើយដល់អ្នកដែល«បានយកទៅ»?
១៦ ពួកដែល«ទុកនៅ»ឲ្យទទួលសេចក្ដីហិនវិនាសជាមួយពួកមនុស្សអាក្រក់ គឺរួមបញ្ចូលពួកដែលនៅពេលមួយត្រូវបានបំភ្លឺ តែត្រូវបានរវល់ជាប់ស៊ប់នឹងជីវភាពដ៏អាត្មានិយមទៅវិញ។ សូមឲ្យយើងនៅក្នុងចំណោមពួកអ្នកដែលនឹង«បានយកទៅ» ដែលខំធ្វើតាមព្រះយេហូវ៉ា ហើយមានចិត្តអំណរគុណដល់សំវិធានវត្ថុខាងវិញ្ញាណរបស់ទ្រង់ តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថាយ ២៤:៤៥-៤៧) រហូតដល់ទីបញ្ចប់ សូមឲ្យយើងបំរើព្រះដោយ«សេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ»។—ធីម៉ូថេទី១ ១:៥
ការប្រព្រឹត្តបរិសុទ្ធជាចាំបាច់
១៧. (ក) តើអ្វីដែលត្រូវបានទាយប្រាប់មកក្នុងពេត្រុសទី២ ៣:១០? (ខ) តើពេត្រុសទី២ ៣:១១ បានលើកទឹកចិត្តឲ្យមានការប្រព្រឹត្តនិងអំពើអ្វីខ្លះ?
១៧ សាវ័កពេត្រុសបានសរសេរថា៖ «រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដីនឹងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ»។ (ពេត្រុសទី២ ៣:១០) ស្ថានសួគ៌និងផ្ទៃមេឃជានិមិត្តរូប នឹងមិនរួចរស់ជីវិតពីកំដៅនៃកំហឹងរបស់ព្រះឡើយ។ ដូច្នេះ ពេត្រុសនិយាយថែមទៀតថា៖ «ចុះដែលរបស់ទាំងនោះត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ»! (ពេត្រុសទី២ ៣:១១) ក្នុងចំណោមការប្រព្រឹត្តនិងអំពើនោះ គឺការមកកិច្ចប្រជុំគ្រីស្ទានជារឿយៗ ធ្វើល្អដល់អ្នកដទៃ ហើយចូលរួមដ៏ខ្លឹមសារក្នុងការផ្សាយដំណឹងល្អ។—ម៉ាថាយ ២៤:១៤; ហេព្រើរ ១០:២៤, ២៥; ១៣:១៦
១៨. បើយើងបណ្ដុះសេចក្ដីស្រឡាញ់ដល់លោកីយ៍ តើយើងត្រូវធ្វើអ្វី?
១៨ «ក្នុងកិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ» តម្រូវឲ្យយើង‹រក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ›។ (យ៉ាកុប ១:២៧) ប៉ុន្តែ ចុះយ៉ាងណាវិញ បើសិនជាយើងបណ្ដុះសេចក្ដីស្រឡាញ់នឹងលោកីយ៍នេះ? ប្រហែលជាយើងត្រូវបានល្បួងចូលក្នុងជំហរដ៏គ្រោះថ្នាក់នឹងព្រះ ដោយស្វែងរកគ្រឿងកំសាន្តមិនស្អាតស្អំ ឬដោយស្ដាប់ភ្លេងនិងចំរៀងដែលផ្សព្វផ្សាយគំនិតនៃលោកីយ៍នេះ។ (កូរិនថូសទី២ ៦:១៤-១៨) បើសិននេះជាអញ្ចឹងមែន សូមឲ្យយើងរកជំនួយពីព្រះដោយអធិស្ឋាន ដើម្បីកុំឲ្យយើងកន្លងបាត់ទៅជាមួយលោកីយ៍ ប៉ុន្តែឲ្យបានឈរដែលទ្រង់យល់ព្រមនៅពីមុខកូនមនុស្ស។ (លូកា ២១:៣៤-៣៦; យ៉ូហានទី១ ២:១៥-១៧) បើសិនជាយើងបានធ្វើឧទ្ទិសថ្វាយខ្លួនដល់ព្រះ ប្រាកដហើយ យើងនឹងចង់ធ្វើឲ្យអស់ពីសមត្ថភាព ក្នុងការសង់និងរក្សាទំនាក់ទំនងដ៏កក់ក្ដៅរបស់យើងជាមួយទ្រង់។ ដោយធ្វើដូច្នេះ យើងនឹងបានត្រៀមខ្លួនសំរាប់ថ្ងៃធំគួរស្ញែងខ្លាចនៃព្រះយេហូវ៉ា។
១៩. ហេតុអ្វីក៏ពួកអ្នកប្រកាសព្រះរាជាណាចក្ររាប់ពាន់នាក់ អាចរស់នៅផុតពីចុងបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ?
១៩ ណូអេនិងគ្រួសារគាត់ដែលកោតខ្លាចព្រះ បានរួចរស់ជីវិតពីទឹកជំនន់ ដែលបានកំទេចពិភពលោកពីបុរាណនោះ។ ពួកមនុស្សទៀងត្រង់ត្រូវបានរួចរស់ជីវិតពីរបបលោកីយ៍នៃយូដា ក្នុងឆ្នាំ៧០ ស.យ.។ ជាឧទាហរណ៍ សាវ័កយ៉ូហាននៅមានសកម្មក្នុងកិច្ចបំរើព្រះ ក្នុងឆ្នាំ៩៦-៩៨ ស.យ. កាលដែលគាត់បានសរសេរសៀវភៅវិវរណៈ សៀវភៅដំណឹងល្អរបស់គាត់ ហើយនិងសំបុត្របីច្បាប់ដែលព្រះបណ្ដាលឲ្យតែងមក។ ចំពោះពួកមនុស្សរាប់ពាន់នាក់ដែលបានកាន់ជំនឿពិតនៅបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. ប្រហែលជាមនុស្សជាច្រើនបានរស់នៅផុតពីចុងបញ្ចប់នៃរបបយូដា។ (កិច្ចការ ១:១៥; ២:៤១, ៤៧; ៤:៤) នៅសព្វថ្ងៃនេះ ពួកអ្នកប្រកាសព្រះរាជាណាចក្ររាប់ពាន់នាក់អាចសង្ឃឹមថានឹងរស់នៅ ផុតពីចុងបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។
២០. ហេតុអ្វីក៏យើងត្រូវមានចិត្តខ្នះខ្នែង‹ជាអ្នកប្រកាសនៃសេចក្ដីសុចរិត›?
២០ ដោយមានការសង្គ្រោះចូលទៅក្នុងលោកីយ៍ថ្មីនៅពីមុខយើង សូមឲ្យយើងមានចិត្តខ្នះខ្នែងជា‹អ្នកផ្សាយនៃសេចក្ដីសុចរិត›។ នេះជាឯកសិទ្ធិដ៏ល្អម្ល៉េះហ្ន៎ ក្នុងការបំរើព្រះក្នុងថ្ងៃជាន់ក្រោយបង្អស់! ហើយជាការរីករាយណាស់ ក្នុងការដឹកនាំមនុស្សឲ្យចូលទៅ«ទូកធំ»សព្វថ្ងៃនេះ ដែលជាសួនមនោរម្យខាងវិញ្ញាណ ដែលរាស្ត្ររបស់ព្រះកំពុងតែមាន! សូមឲ្យមនុស្សរាប់លាននាក់ដែលនៅក្នុងទូកធំឥឡូវនេះ រក្សាសេចក្ដីស្មោះត្រង់ ឲ្យនៅភ្ញាក់ខាងវិញ្ញាណ ហើយត្រៀមខ្លួនសំរាប់ថ្ងៃនៃព្រះយេហូវ៉ា។ ប៉ុន្តែ តើអ្វីដែលនឹងជួយយើងឲ្យនៅភ្ញាក់ជានិច្ច?
[កំណត់សម្គាល់]
a សូមមើលជំពូក១០និង១១នៃសៀវភៅឈ្មោះ Knowledge That Leads to Everlasting Life (ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច) បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្នកខ្លះមានសេចក្ដីសង្ឃឹមអ្វី ចំពោះថ្ងៃនៃព្រះយេហូវ៉ានិងវត្តមានរបស់ព្រះគ្រីស្ទ?
◻ ហេតុអ្វីក៏យើងអាចនិយាយថា ណូអេនិងគ្រួសារគាត់បានត្រៀមខ្លួនសំរាប់ទឹកជំនន់?
◻ តើអ្វីដែលនឹងកើតឡើងដល់អ្នកដែល«ចាំយាម» និងពួកអ្នកដែលឥតចាំយាមនោះ?
◻ ហេតុអ្វីការប្រព្រឹត្តបរិសុទ្ធសំខាន់ម្ល៉េះ កាលដែលយើងកាន់តែមកជិតថ្ងៃដ៏ធំនៃព្រះយេហូវ៉ា?