បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១២ ទំ. ១៣-១៧
  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងនឹងដើរតាមព្រះនាមនៃព្រះយេហូវ៉ាជាព្រះនៃយើង
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អំពើ​ឃោរឃៅ​ញាំញី​មនុស្ស​លោក​ម្ដងទៀត
  • យើង​យកចិត្ត​ទុកដាក់​ស្ដាប់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា
  • ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​ក្នុង​គ្រា​ច្របូកច្របល់
  • ‹យើង​មិនមែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ​ឡើយ›
  • ហេតុដែលណូអេជាទីពេញចិត្ដដល់ព្រះ ហេតុដែលគួរឲ្យយើងយកចិត្ដទុកដាក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ‹គាត់ដើរជាមួយនឹងព្រះពិត›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ដោយពេលបន្ទាន់ហើយ យើងត្រូវចាំយាមលើសជាងមុន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • មនុស្សទាំងអស់គ្នា អាចរៀនពីកាសែតវីដេអូ លោកណូអេ—គាត់បានដើរ ជាមួយនឹងព្រះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១២ ទំ. ១៣-១៧

យើង​នឹង​ដើរ​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង

​«យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត [ឬ​«ដើរ»​, ព.ថ.]តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​តទៅ​វិញ»។—មីកា ៤:៥

១​. តើ​មាន​ស្ថានភាព​អ្វី​ខាង​សីលធម៌​នៅ​ជំនាន់​ណូអេ? តើ​ណូអេ​មាន​លក្ខណៈ​ខុស​ពី​លោកីយ៍​នោះ​យ៉ាង​ណា?

លោក​ហេណុក​ជា​មនុស្ស​ទីមួយ​ដែល​ព្រះគម្ពីរ​ពណ៌នា​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ។ លោក​ណូអេ​ជា​មនុស្ស​ទីពីរ​ដែល​ត្រូវ​ហៅ​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ទ្រង់។ កំណត់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ប្រាប់​យើង​ថា៖ «ណូអេ . . . ជា​អ្នក​សុចរិត​ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន។ គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ»។ (លោកុប្បត្តិ ៦:៩) នៅ​ជំនាន់​ណូអេ​នោះ មនុស្ស​ទូទៅ​បាន​បែរ​ចេញ​ពី​ការ​ថ្វាយបង្គំ​បរិសុទ្ធ។ ស្ថានភាព​នៅ​សម័យ​នោះ​បាន​អាប់ឱន​កាន់តែ​អាក្រក់​ឡើងៗ​ដោយសារ​ទេវតា​មិន​ស្មោះ​ភក្ដី​ខ្លះ​បាន​រួម​ដំណេក​ខុស​ច្បាប់​ទម្លាប់​ជា​មួយ​នឹង​មនុស្ស​ស្រី ហើយ​បាន​បង្កើត​កូន​ដែល​ហៅ​ថា​នីហ្វីលីម គឺ«មនុស្ស​ខ្លាំង​ពូកែ»ដែល​«ជា​មនុស្ស​មាន​ល្បី​ឈ្មោះ»នៅ​សម័យ​នោះ។ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​មាន​អំពើ​ឃោរឃៅ​ពេញ​ផែនដី​នា​ពេល​នោះ! (លោកុប្បត្តិ ៦:២, ៤, ១១) យ៉ាង​ណា​ក៏​ដោយ ណូអេ​នៅ​តែ​បាន​បង្ហាញ​លក្ខណៈ​ជា​មនុស្ស​គ្រប់​លក្ខណ៍ ហើយ«ជា​អ្នក​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត»។ (ពេត្រុសទី២ ២:៥) ពេល​ដែល​ព្រះ​បង្គាប់​ឲ្យ​លោក​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ណូអេ​បាន​ស្ដាប់​បង្គាប់​ហើយ«ក៏​ធ្វើ​ដូច្នោះ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់»។ (លោកុប្បត្តិ ៦:២២) ពិត​ណាស់ ណូអេ​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​មែន។

២, ៣​. តើ​ណូអេ​តាំង​គំរូ​ល្អ​អ្វី​សំរាប់​យើង​នៅ​សព្វថ្ងៃ​នេះ?

២ ប៉ុល​បាន​កត់​ឈ្មោះ​ណូអេ​ក្នុង​បញ្ជី​ឈ្មោះ​ស្មរបន្ទាល់​ស្មោះភក្ដី​ទាំង​ប៉ុន្មាន ហើយ​សរសេរ​ថា៖ «ដោយសារ​សេចក្ដី​ជំនឿ នោះ​ព្រះ​បាន​មាន​បន្ទូល​ពន្យល់​លោក​ណូអេ​ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្ដី​កោតខ្លាច​បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់ទោស​លោកីយ​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្ដី​សុចរិត​ដែល​ត្រូវ​ខាង​សេចក្ដី​ជំនឿ​ទុក​ជា​មរដក​ដែរ»។ (ហេព្រើរ ១១:៧) ណូអេ​ជា​គំរូ​ដ៏​អស្ចារ្យ​មែន! ណូអេ​មាន​ទំនុក​ចិត្ត​ថា​បន្ទូល​របស់​ព្រះ​នឹង​សម្រេច​ជា​មិន​ខាន ដល់​ម្ល៉េះ​បាន​ជា​លោក​ចំណាយ​ពេល កម្លាំង​និង​ធនធាន​ជា​ច្រើន​ក្នុង​ការ​បំពេញ​តាម​បទបញ្ជា​របស់​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លះបង់​ឱកាស​រីកចំរើន​ក្នុង​លោកីយ៍​នេះ ហើយ​ចំណាយ​ពេល កម្លាំង​និង​ធនធាន​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ គួរ​គប្បី​ឲ្យ​យើង​កត់​សម្គាល់​ជំនឿ​របស់​បងប្អូន​បែប​នេះ ដ្បិត​ជំនឿ​នោះ​នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​សេចក្ដី​សង្គ្រោះ​ហើយ​ក៏​នឹង​ជួយ​ឲ្យ​មនុស្ស​ដទៃ​ទៀត​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។—លូកា ១៦:៩; ធីម៉ូថេទី១ ៤:១៦

៣ ដូច​យើង​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​មុន​នេះ ជីទួត​របស់​ណូអេ ឈ្មោះ​ហេណុក បាន​រងទុក្ខ​លំបាក​ពេល​បាន​អនុវត្ត​តាម​ជំនឿ​របស់​ខ្លួន។ ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​ក៏​ច្បាស់​ជា​បាន​រងទុក្ខ​ផង​ដែរ ពេល​អនុវត្ត​តាម​ជំនឿ​របស់​ខ្លួន។ សម័យ​របស់​ណូអេ​មាន​លក្ខណៈ​ស្រដៀង​នឹង​សម័យ​ហេណុក​ត្រង់​ចំណុច​ថា មាន​អ្នក​ថ្វាយបង្គំ​ពិត​ចំនួន​តិច​ទេ ពោល​គឺ​ប្រាំបី​នាក់​បាន​បង្ហាញ​ចិត្ត​ស្មោះភក្ដី​ហើយ​បាន​រួចរស់​ជីវិត​ពី​ទឹក​ជំនន់។ ណូអេ​បាន​ផ្សព្វផ្សាយ​អំពី​ភាព​សុចរិត​ក្នុង​កំឡុង​គ្រា​ដ៏​ឃោរឃៅ​ដែល​ពេញ​ទៅ​ដោយ​អំពើ​អនាចារ។ ម្យ៉ាង​ទៀត ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​បាន​កសាង​ទូក​ឈើ​ធំ​មួយ ដើម្បី​ត្រៀម​ខ្លួន​សំរាប់​ទឹក​ជំនន់​ដែល​ត្រូវ​លិច​ពិភពលោក​ទាំង​មូល​នោះ ទោះ​ជា​គ្មាន​នរណា​ធ្លាប់​ឃើញ​ទឹកជន់​លិច​ផែនដី​ពី​មុន​ក្ដី។ ដូច្នេះ ពេល​មនុស្ស​ដទៃ​ឃើញ​ពួក​គាត់​សង់​ទូក​ធំ​នោះ ពួក​គេ​ច្បាស់​ជា​ចាត់​ទុក​កិច្ចការ​នោះ​ជា​ការ​ចម្លែក​មែន។

៤​. តើ​ព្រះ​យេស៊ូ​បញ្ជាក់​ថា​មនុស្ស​នៅ​សម័យ​ណូអេ​មាន​កំហុស​អ្វី?

៤ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​អំពី​សម័យ​លោក​ណូអេ​នោះ ទ្រង់​មិន​បាន​សំដៅ​ទៅ​លើ​អំពើ​ឃោរឃៅ សាសនា​មិន​ពិត​ឬ​អំពើ​អនាចារ​នោះ​ទេ ទោះ​ជា​ការ​ទាំង​នោះ​ជា​ការ​អាក្រក់​ណាស់​ណា​ក៏​ដោយ។ កំហុស​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នោះគឺ ការ​មិន​ព្រម​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ព្រមាន​ដែល​ត្រូវ​ជូន​ចំពោះ​ពួក​បណ្ដាជន​នា​សម័យ​នោះ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ពួក​គេ​បាន«ស៊ី​ផឹក​ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ»។ តើ​ការ​ស៊ីផឹក​និង​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​អំពើ​ខុស​ឆ្គង​ឬ​ទេ? តាម​ពិត ពួក​គេ​មាន​របៀប​រស់​នៅ​ដែល​គ្រប់​គ្នា​ចាត់​ទុក​ជា​ការ​ធម្មតា​វិញ! ប៉ុន្តែ ទឹក​ជំនន់​មួយ​ហៀប​នឹង​មក​ដល់ ហើយ​ណូអេ​បាន​ផ្សព្វផ្សាយ​អំពី​ការ​សុចរិត​វិញ។ ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​ណូអេ​គួរ​ធ្វើ​ជា​ការ​ព្រមាន​ដល់​មហា​ជន​ទាំង​នោះ។ យ៉ាង​ណា​ក៏​ដោយ ពួក«គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់តែ​ទឹក​ជន់​ឡើង​យក​គេ​ទៅ​ទាំង​អស់​គ្នា»។—ម៉ាថាយ ២៤:៣៨, ៣៩

៥​. តើ​ណូអេ​និង​ក្រុមគ្រួសារ​របស់​លោក​ត្រូវ​មាន​គុណសម្បត្ដិ​បែប​ណា​ខ្លះ?

៥ ពេល​ដែល​យើង​គិត​ពិចារណា​អំពី​សម័យ​នោះ យើង​ទទួល​ស្គាល់​ថា ណូអេ​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​មែន។ ក៏​ប៉ុន្តែ ក្នុង​កំឡុង​គ្រា​មុន​ទឹក​ជំនន់​នោះ ពួក​គាត់​ត្រូវ​មាន​ចិត្ត​ក្លាហាន​ទើប​អាច​ញែក​ខ្លួន​ដោយ​ឡែក​ពី​មនុស្ស​ដទៃ។ ណូអេ​និង​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​មាន​ជំនឿ​ស៊ប់​មែន ទើប​សុខ​ចិត្ត​កសាង​ទូក​ធំ​មួយ​ទាំង​ប្រមូល​ពួក​សត្វ​ទាំង​ឡាយ​ឲ្យ​ចូល​ទៅ​ក្នុង​ទូក​នោះ។ ក្នុង​ចំណោម​ប៉ុន្មាន​នាក់​នោះ​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី តើ​នរណា​ម្នាក់​មាន​អារម្មណ៍​ម្ដងម្កាល​ថា មាន​ចិត្ត​ចង់​រស់​នៅ​បែប​ធម្មតា​វិញ ដោយ​មិន​ចង់​មាន​ភាព​ខុស​ប្លែក​ពី​គេ​ឯង​ឬ​ទេ? ទោះ​បើ​គាត់​ម្នាក់ៗ​ប្រហែល​ជា​ធ្លាប់​មាន​គំនិត​បែប​នោះ​ក្ដី ពួក​គាត់​ក៏​មិន​បាន​លះបង់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ឡើយ។ ជា​យូរ​ឆ្នាំ​ក្រោយ​មក ដែល​ច្រើន​ជាង​ឆ្ងាយ​ណាស់​នូវ​រយៈ​ពេល​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ក្នុង​របប​លោកីយ៍​នេះ ជំនឿ​របស់​ណូអេ​បាន​នាំ​ឲ្យ​គាត់​ទទួល​សេចក្ដី​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ទឹក​ជំនន់។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​កាត់ក្ដី​លើ​អស់​អ្នក​ដែល​ចេះ​តែ​មាន​របៀប​រស់​នៅ​បែប​ធម្មតា​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារៈ​សំខាន់​នៃ​គ្រា​ដែល​ពួក​គេ​កំពុង​តែ​រស់​នៅ។

អំពើ​ឃោរឃៅ​ញាំញី​មនុស្ស​លោក​ម្ដងទៀត

៦​. ក្រោយ​ទឹកជំនន់​នោះ តើ​នៅ​មាន​ស្ថានភាព​បែប​ណា?

៦ ក្រោយ​ទឹកជន់​បាន​ស្រក​អស់ មនុស្ស​ជាតិ​មាន​ឱកាស​ចាប់​កើន​ឡើង​សា​ជា​ថ្មី​ទៀត។ ក៏​ប៉ុន្តែ មនុស្ស​នា​សម័យ​នោះ​នៅ​តែ​មាន​ភាព​មិន​គ្រប់ល័ក្ខណ៍ ហើយ«គំនិត​ក្នុង​ចិត្ត​មនុស្ស»នៅ​តែ«អាក្រក់​តាំង​តែ​ពី​ក្មេង​មក»។ (លោកុប្បត្តិ ៨:២១) ម្យ៉ាង​វិញ​ទៀត ទោះ​ជា​ពួក​បិសាច​លែង​មាន​សមត្ថភាព​ប្រែក្រឡា​ឲ្យ​មាន​រូបកាយ​ជា​មនុស្ស​ទៀត​ក្ដី ពួក​វា​នៅ​តែ​មាន​សកម្មភាព​ច្រើន​ណាស់។ លោកីយ៍​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ទមិលល្មើស​នោះ​បាន​បង្ហាញ​យ៉ាង​ឆាប់​ថា កំពុង​តែ«ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេកំណាច» ហើយ​ដូច​សម័យ​យើង​នេះ ពួក​អ្នក​ថ្វាយបង្គំ​ពិត​ត្រូវ​ទប់ទល់​នឹង«ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។—យ៉ូហានទី១ ៥:១៩; អេភេសូរ ៦:១១, ១២

៧​. បន្ទាប់​ពី​ជំនាន់​ទឹក​ជំនន់​នោះ តើ​អំពើ​ឃោរឃៅ​បាន​រីក​កើន​ឡើង​យ៉ាង​ដូចម្ដេច?

៧ យ៉ាង​ហោច​ណាស់​តាំង​ពី​ជំនាន់​លោក​នីមរ៉ុឌ ផែនដី​បាន​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​ម្ដង​ទៀត។ តាំង​ពី​គ្រា​នោះ​មក អំពើ​ឃោរឃៅ​បាន​រីក​កើន​ឡើង​ដោយសារ​ការ​ចំរើន​ឡើង​នៃ​ចំនួន​មនុស្ស​និង​ការ​ជឿនលឿន​ខាង​បច្ចេកទេស។ នៅ​សម័យ​ដើម​នោះ មនុស្ស​បាន​ប្រើ​ដាវ​និង​លំពែង ធ្នូ​និង​ព្រួញ ហើយ​រទេះសេះ​ចំបាំង។ នៅ​សម័យ​ថ្មីៗ​នេះ មាន​កាំភ្លើង​ធុន​តូច​និង​ធំ​រួម​ទាំង​អាវុធ​ធំ​ដ៏​សាំញ៉ាំ​ដែល​មនុស្ស​បាន​ចាប់​ផ្ដើម​ប្រើ​នៅ​ដើម​សតវត្សរ៍​ទី២០។ តាំង​ពី​សង្គ្រាម​លោក​លើក​ទី១​នោះ មនុស្ស​បាន​ចាប់​ផ្ដើម​ប្រើ​សាស្ដ្រាវុធ​ផ្សេងៗ​ទៀត​ដ៏​គួរ​ឲ្យ​រន្ធត់ ដូច​ជា​យន្តហោះ រថក្រោះ នាវា​មុជទឹក​និង​ឧស្ម័ន​ពុល​ជា​ដើម។ មនុស្ស​រាប់លាន​នាក់​បាន​ត្រូវ​សម្លាប់​ក្នុង​សង្គ្រាម​នោះ​ដោយ​គ្រឿង​សាស្ដ្រាវុធ​ទាំង​នេះ។ តើ​ព្រឹត្ដិការណ៍​នោះ​គួរ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ទេ? មិន​មែន​ទេ។

៨​. តើ​វិវរណៈ ៦:១​-​៤ បាន​សម្រេច​ហើយ​យ៉ាង​ដូចម្ដេច?

៨ នៅ​ឆ្នាំ​១៩១៤ ព្រះ​យេស៊ូ​ត្រូវ​បាន​តែងតាំង​ឡើង​ជា​ស្តេច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថានសួគ៌ ហើយ«ថ្ងៃ​នៃ​ព្រះ​អម្ចាស់»បាន​ចាប់​ផ្ដើម​ឡើង។ (វិវរណៈ ១:១០) សៀវភៅ​វិវរណៈ​រៀប​រាប់​អំពី​ចក្ខុនិមិត្ត​មួយ​ដែល​បង្ហាញ​ពី​ព្រះយេស៊ូ​ជា​ស្តេច​មួយ​អង្គ​កំពុង​តែ​ជិះ​សេះ​ស​ទាំង​មាន​ជ័យជំនះ​ផង។ សេះ​ឯ​ទៀត​បាន​មក​តាម​ក្រោយ​ទ្រង់ ហើយ​សេះ​នីមួយៗ​នោះ​តំណាង​នូវ​ទុក្ខវេទនា​ផ្សេងៗ​ដែល​លោកីយ៍​ត្រូវ​ជួប​ប្រទះ។ សេះ​ទាំង​ប៉ុន្មាន​នោះ​រួម​មាន​អ្នក​ជិះ​លើ​សេះ​សម្បុរ​ក្រហម​មួយ ហើយ​អ្នក​ជិះ​នោះ​មាន​សិទ្ធិ«ដក​យក​សេចក្ដី​សុខសាន្ត​ពី​ផែនដី​ចេញ​ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ​ដល់​អ្នក​នោះ​ដែរ»។ (វិវរណៈ ៦:១​-​៤) សេះ​និង​អ្នក​ជិះ​វា​នោះ​តំណាង​សង្គ្រាម ហើយ​ដាវ​១​យ៉ាង​ធំ​ក៏​តំណាង​នូវ​ការ​បំផ្លិចបំផ្លាញ​ដែល​មាន​ទំហំ​ពុំ​ធ្លាប់​មាន​ទេ ដោយសារ​យុទ្ធ​សាស្ត្រ​ពូកែ​និង​សាស្ដ្រាវុធ​ទំនើបៗ។ សស្ដ្រាវុធ​ទាំង​នេះ​រួមបញ្ចូល​កាំជ្រួច​ដែល​អាច​ហោះ​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​ទំលាក់​ប្រដាប់​នុយក្លេអ៊ែ​ដែល​មាន​លទ្ធភាព​បំផ្លាញ​ជីវិត​មនុស្ស​រាប់​សិប​ម៉ឺន​នាក់ ព្រម​ទាំង​អាវុធ​ប្រល័យ​លោក​ដ៏​ទំនើបៗ​ដែល​ប្រើ​ជាតិ​គីមី​ឬ​បាក់តេរី​ដើម្បី​សម្លាប់​មនុស្ស។

យើង​យកចិត្ត​ទុកដាក់​ស្ដាប់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា

៩​. តើ​លោកីយ៍​សព្វថ្ងៃ​នេះ​និង​ស្ថានភាព​ក្នុង​ពិភពលោក​មុន​ទឹក​ជំនន់​នោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ណាខ្លះ?

៩ នៅ​សម័យ​លោក​ណូអេ ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​លោកីយ៍​នោះ​ចោល​ដោយសារ​អំពើ​ឃោរឃៅ​ច្រើន​ដល់​ម្ល៉េះ​ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​អាក្រក់​ដែល​មាន​ពួក​នីហ្វីលីម​ញុះញង់។ ចុះ​យ៉ាង​ណា​នៅ​សព្វថ្ងៃ​នេះ? តើ​លោកីយ៍​នេះ​ប្រព្រឹត្ត​អំពើ​ហិង្សា​តិច​ជាង​សម័យ​ណូអេ​ឬ​ទេ? មិន​តិច​ជាង​នោះ​ទេ! ម្យ៉ាង​ទៀត ដូច​សម័យ​លោក​ណូអេ​នោះ មនុស្ស​ចេះ​តែ​រវល់​ក្នុង​ការ​រស់​នៅ​បែប​ដែល​គេ​ចាត់ទុក​ជា​ជីវភាព​រស់​នៅ​ធម្មតា តែ​មិន​ព្រម​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ព្រមាន​ដែល​កំពុង​ប្រកាស​ប្រាប់។ (លូកា ១៧:២៦, ២៧) បើ​ដូច្នេះ តើ​មាន​ហេតុ​សង្ស័យ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​ចោល​លោកីយ៍​ម្ដង​ទៀត​ឬ​ទេ? គ្មាន​ហេតុ​សង្ស័យ​សោះ​ឡើយ។

១០​. (ក) តើ​ទំនាយ​នីមួយៗ​ក្នុង​ព្រះ​គម្ពីរ​ផ្ដល់​ការ​ព្រមាន​អ្វី? (ខ) នៅ​សព្វថ្ងៃ​នេះ តើ​យើង​គួរ​ធ្វើ​អ្វី?

១០ រាប់​រយ​ឆ្នាំ​មុន​ទឹក​ជំនន់​នោះ ហេណុក​បាន​ទាយ​ថា​សេចក្ដី​ហិនវិនាស​ត្រូវ​កើត​មាន​ឡើង​នៅ​សម័យ​យើង​នេះ។ (យូដាស ១៤, ១៥) ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​អំពី«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់»ដែល​ត្រូវ​កើត​មាន​ឡើង។ (ម៉ាថាយ ២៤:២១) ព្យាការី​ឯ​ទៀត​ក៏​បាន​ព្រមាន​អំពី​គ្រា​វេទនា​នោះ​ដែរ។ (អេសេគាល ៣៨:១៨​-​២៣; ដានីយ៉ែល ១២:១; យ៉ូអែល ២:៣១, ៣២) ហើយ​ក្នុង​សៀវភៅ​វិវរណៈ យើង​អាន​នូវ​ការ​ពណ៌នា​ដ៏​រស់​រវើក​មួយ​អំពី​សេចក្ដី​ហិនវិនាស​នា​ពេល​ចុង​បង្អស់​នោះ។ (វិវរណៈ ១៩:១១​-​២១) យើង​ម្នាក់ៗ​យក​តម្រាប់​តាម​គំរូ​របស់​ណូអេ ហើយ​មាន​សកម្មភាព​ជា​អ្នក​ប្រកាស​ប្រាប់​អំពី​សេចក្ដី​សុចរិត។ យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​អ្នកជិតខាង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ យ៉ាង​នេះ យើង​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ​ដូច​ណូអេ​ដែរ។ ប្រាកដ​ហើយ ការ​ដើរ​ជា​មួយ​នឹង​ព្រះ​ជានិច្ច​ពិត​ជា​ចាំបាច់​ណាស់​ចំពោះ​អស់​អ្នក​ដែល​ចង់​រស់​នៅ​ជា​និរន្តរ៍។ បើ​គិត​អំពី​ការ​បង្ខិត​បង្ខំ​ផ្សេងៗ​ដែល​យើង​ជួប​ប្រទះ​រាល់ថ្ងៃ តើ​យើង​អាច​បន្ត​ដើរ​ជា​មួយ​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន? យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​មុតមាំ​ទៅ​លើ​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។—ហេព្រើរ ១១:៦

ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ​ក្នុង​គ្រា​ច្របូកច្របល់

១១​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​គ្រីស្ទាន​នៅ​សតវត្សរ៍​ទីមួយ​យ៉ាង​ដូច​ម្ដេច?

១១ នៅ​សតវត្សរ៍​ទី​មួយ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ត្រូវ​ពណ៌នា​ជា​ពួក​អ្នក​ដែល​«ដើរ​តាម​មាគ៌ា​របស់​ព្រះ»។ (កិច្ចការ ៩:២, ខ.ស.) ពួក​គេ​បាន​តម្រង់​វិថី​ជីវិត​ទាំង​ស្រុង​ទៅ​តាម​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​ព្រះយេស៊ូ​គ្រីស្ទ។ ពួក​គេ​បាន​ដើរតាម​លំអាន​ដាន​របស់​ព្រះ​អម្ចាស់។ នៅ​សព្វថ្ងៃ​នេះ​បងប្អូន​គ្រីស្ទាន​ស្មោះភក្ដី​ក៏​ធ្វើ​ដូច​គ្នា​ដែរ។

១២​. តើ​អ្វី​កើត​ឡើង​ក្រោយ​ព្រះ​យេស៊ូ​បាន​ចម្អែត​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដោយ​អព្ភូតហេតុ?

១២ ព្រឹត្ដិការណ៍​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​កំឡុង​កិច្ចបំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ជំនឿ​ដ៏​រឹងមាំ។ គ្រា​មួយ​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​មាន​ចំណី​អាហារ​ជូន​មនុស្ស​ប្រុស​ប្រហែល​ជា​៥.០០០​នាក់។ ប្រជាជន​នោះ​មាន​ចិត្តស្ងើច​ណាស់ ហើយ​ក៏​សប្បាយ​រីករាយ​ផង។ ប៉ុន្តែ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​បន្តបន្ទាប់​ទៀត។ យើង​អាន​ថា៖ «កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទីសំគាល់​ដែល​ព្រះ​យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា៖ ‹លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ​ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន›។ ដូច្នេះ ព្រះ​យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ​តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពីព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង​ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច»។ (យ៉ូហាន ៦:១០​-​១៥) ព្រះ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេង​ទៀត​ក្នុង​រាត្រី​នោះ។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ខកចិត្ត​ដោយសារ​ព្រះ​យេស៊ូ​មិន​ព្រម​ធ្វើ​ជា​ស្តេច ដ្បិត​ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​មាន​ប្រាជ្ញា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​ស្តេច​មែន ហើយ​ទ្រង់​ក៏​មាន​អំណាច​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាជន​ផង។ ក៏​ប៉ុន្តែ ពេល​នោះ​មិន​ទាន់​ជា​គ្រា​ដែល​ព្រះ​យេហូវ៉ា​កំណត់​ឲ្យ​ព្រះ​យេស៊ូ​សោយ​រាជ្យ​ជា​ស្តេច​ទេ។ ម្យ៉ាង​វិញ​ទៀត ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេស៊ូ​ត្រូវ​តាំង​ឡើង​នៅ​ស្ថានសួគ៌ មិន​មែន​នៅ​លើ​ផែនដី​ទេ។

១៣, ១៤​. តើ​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​នូវ​ចិត្ត​គំនិត​បែបណា? តើ​ជំនឿ​របស់​ពួក​គេ​បាន​ត្រូវ​ល្បងល​យ៉ាង​ដូចម្ដេច?

១៣ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​បាន​ដើរ​រក​ព្រះ​យេស៊ូ​ទៀត ហើយ​បាន​រក​ទ្រង់​ឃើញ«នៅ​ឯ​ត្រើយ»សមុទ្រ ដូច​យ៉ូហាន​ប្រាប់​នោះ។ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គេ​ដើរ​តាម​ព្រះ​យេស៊ូ​ក្រោយ​ទ្រង់​គេច​វេះ​ពី​ការ​ទទួល​ឋានៈ​ជា​ស្តេច​ដូច្នេះ? មនុស្ស​ជា​ច្រើន​បាន​និយាយ​យ៉ាង​ចំ​សំដៅ​ទៅ​លើ​គ្រា​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​ដល់​ប្រជាជន​ក្នុង​ទី​រហោស្ថាន​នៅ​សម័យ​លោក​ម៉ូសេ ហើយ​នេះ​បាន​ស​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​តែ​ចំណង់​ចំណូលចិត្ត​ខាង​ឯ​សាច់​ឈាម​ប៉ុណ្ណោះ។ ពួក​គេ​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ថា ព្រះ​យេស៊ូ​គួរ​តែ​ផ្ដល់​អាហារ​ទៀត​ដល់​ពួក​គេ។ ដោយសារ​ព្រះ​យេស៊ូ​ជ្រាប​អំពី​បំណង​ចិត្ត​មិន​ល្អ​របស់​បណ្ដាជន​នោះ ទ្រង់​ចាប់​ផ្ដើម​បង្រៀន​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដែល​អាច​កែប្រែ​គំនិត​របស់​គេ​វិញ។ (យ៉ូហាន ៦:១៧, ២៤, ២៥, ៣០, ៣១, ៣៥​-​៤០) មនុស្ស​ខ្លះ​បាន​រអ៊ូរទាំ​តប​នឹង​ទ្រង់ ជា​ពិសេស​ពេល​ដែល​ទ្រង់​មាន​បន្ទូល​នូវ​ឧទាហរណនិទស្សន៍​ថា៖ «ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ។ អ្នក​ណា​ដែល​បរិភោគ​សាច់​នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​បំផុត»។—យ៉ូហាន ៦:៥៣, ៥៤

១៤ ឧទាហរណនិទស្សន៍​ផ្សេងៗ​ដែល​ព្រះ​យេស៊ូ​ប្រើ​នោះ ច្រើន​តែ​បាន​ជំរុញ​មនុស្ស​ឲ្យ​បង្ហាញ​ពី​ជំរៅ​ចិត្ត​ថា តើ​គេ​ពិត​ជា​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ​ឬ​យ៉ាង​ណា? ឧទាហរណនិទស្សន៍​មួយ​នេះ​ក៏​ដូច​គ្នា​ដែរ។ បន្ទូល​នោះ​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង។ យើង​អាច​ថា៖ «ពួក​សិស្ស​ទ្រង់​ជា​ច្រើន​ដែល​ឮ​សេចក្ដី​នោះ​ក៏​និយាយ​ថា៖ ‹ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់! តើ​អ្នក​ណា​យល់​បាន?›»។ ព្រះ​យេស៊ូ​បាន​ពន្យល់​ទៀត​ថា ពួក​គេ​ត្រូវ​ខំ​យល់​នូវ​អត្ថន័យ​ខាង​វិញ្ញាណ​នៃ​បន្ទូល​របស់​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ។ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ»។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នោះ​មិន​ព្រម​ស្ដាប់​ទេ ហើយ​កំណត់​ហេតុ​រៀប​រាប់​ទៀត​ថា៖ «តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ»។—យ៉ូហាន ៦:​៦០, ៦៣, ៦៦

១៥​. តើ​មនុស្ស​ខ្លះ​ដែល​កាន់តាម​ព្រះ​យេស៊ូ​មាន​ទស្សនៈ​ល្អ​បែបណា?

១៥ យ៉ាង​ណា​ក្ដី សិស្ស​ខ្លះ​របស់​ព្រះ​យេស៊ូ​មាន​អារម្មណ៍​ផ្សេង​ពី​នោះ។ តាម​ពិត សិស្ស​ទាំង​នេះ​ក៏​មិន​បាន​យល់​ច្បាស់លាស់​នូវ​បន្ទូល​របស់​ព្រះ​យេស៊ូ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​យេស៊ូ។ ពេត្រុស​ជា​សិស្ស​ស្មោះត្រង់​ម្នាក់ ហើយគាត់​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​អ្នក​ដែល​មិន​បាន​លះចោល​ព្រះ​យេស៊ូ​ដោយ​ស្រដី​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? គឺ​ទ្រង់​ហើយ​ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។ (យ៉ូហាន ៦:៦៨) ពេត្រុស​ពិត​ជា​មាន​ទស្សនៈ​ល្អ​មែន ដែល​ជា​គំរូ​ល្អ​ណាស់​សំរាប់​យើង!

១៦​. តើ​យើង​អាច​ជួប​ប្រទះ​ការ​ល្បងល​បែប​ណា? តើ​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ​បែបណា?

១៦ នៅ​សព្វថ្ងៃ​នេះ​យើង​អាច​ជួប​ប្រទះ​ការ​ល្បងល​ស្រដៀង​នឹង​អ្វី​ដែល​សិស្ស​ដើម​របស់​ព្រះ​យេស៊ូ​បាន​ប្រឈម​មុខ​ដែរ។ ក្នុង​ករណី​យើង យើង​ប្រហែល​ជា​អាក់អន់​ចិត្ត​ដោយសារ​សេចក្ដី​សន្យា​របស់​ព្រះ​មិន​បាន​សម្រេច​ភ្លាម​តាម​សេចក្ដី​សង្ឃឹម​របស់​យើង។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ការ​ពន្យល់​ពី​បទគម្ពីរ​ខ្លះ​ក្នុង​សៀវភៅ​របស់​យើង​គឺ​ពិបាក​យល់។ ប្រហែល​ជា​អាកប្បកិរិយា​របស់​បងប្អូន​គ្រីស្ទាន​ខ្លះ​ក៏​ធ្វើ​ឲ្យ​យើង​ខកចិត្ត។ តើ​នេះ​ជា​មូលហេតុ​សម​ត្រឹមត្រូវ​ឲ្យ​យើង​ឈប់​ដើរ​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? ច្បាស់​ជា​អត់​ទេ! ពួក​សិស្ស​ដែល​បាន​លះចោល​ព្រះ​យេស៊ូ​ពេល​នោះ បាន​សបញ្ជាក់​នូវ​គំនិត​ដែល​គិត​ខាង​សាច់​ឈាម​តែ​ប៉ុណ្ណោះ។ យើង​ត្រូវ​ចៀសវាង​គំនិត​បែប​នោះ​ជា​ដាច់ខាត។

‹យើង​មិនមែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ​ឡើយ›

១៧​. តើ​អ្វី​អាច​ជួយ​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​ជានិច្ច?

១៧ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​បទគម្ពីរ​គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»។ (ធីម៉ូថេទី២ ៣:១៦) ព្រះ​យេហូវ៉ា​មាន​បន្ទូល​តាម​រយៈ​ព្រះគម្ពីរ​ហើយ​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា៖ «គឺ​ផ្លូវ​នេះ​ទេ។ ចូរ​ដើរ​តាម​នេះ​វិញ»។ (អេសាយ ៣០:២១) ការ​ស្ដាប់​តាម​បន្ទូល​របស់​ព្រះ​តែងតែ​ជួយ​យើង‹ប្រយ័ត​អំពី​របៀប​ដើរ›។ (អេភេសូរ ៥:១៥) ការ​សិក្សា​ព្រះគម្ពីរ​និង​ការ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​រៀន​នោះ នឹង​ជួយ​យើង«ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​ជានិច្ច»។ (យ៉ូហានទី៣ ៣, ខ.ស.) ពិត​ណាស់ ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នោះ «គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូបសាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ»។ មាន​តែ​ការ​ណែនាំ​ខាង​វិញ្ញាណ​ប៉ុណ្ណោះ ដែល​យើង​អាច​ទុកចិត្ត​បាន​ក្នុង​ការ​តម្រង់​ជំហាន​របស់​យើង ហើយ​ការ​ណែនាំ​នោះ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ ហើយ​តាម​វិញ្ញាណ​និង​អង្គការ​របស់​ទ្រង់​ដែរ។

១៨​. (ក) តើ​មនុស្ស​ខ្លះ​បង្ហាញ​ថា​ខ្លួន​ខ្វះ​ប្រាជ្ញា ដោយ​ធ្វើ​អ្វី? (ខ) តើ​យើង​ខិតខំ​បណ្ដុះ​ឲ្យ​មាន​ជំនឿ​បែប​ណា?

១៨ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ដែល​រកាំ​ចិត្ត​ដោយសារ​មាន​ទស្សនៈ​ខាង​សាច់​ឈាម ឬ​ដោយសារ​សេចក្ដី​សង្ឃឹម​របស់​គេ​ផ្ទាល់​មិន​ទាន់​បាន​សម្រេច​នោះ ច្រើន​តែ​បែរ​មក​ប្រើ​លោកីយ៍​នេះ​យ៉ាង​ហួស​ល្បត់​វិញ។ ពួក​គេ​លែង​ទទួល​ស្គាល់​ថា​នេះ​ជា​គ្រា​បន្ទាន់ ហើយ​មិន​ចាត់​ទុក​ការ«ចាំយាម»ជា​អ្វី​ដ៏​សំខាន់​ទេ។ ពួក​គេ​ក៏​សម្រេច​ចិត្ត​បំពេញ​តាម​គោល​ដៅ​ដែល​បង្ហាញ​ពី​អត្តទត្ថភាព​ជាជាង​ស្វែង​រក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (ម៉ាថាយ ២៤:៤២) ការ​ដើរ​បែប​នេះ​គ្មាន​ប្រយោជន៍​អ្វី​សោះ​ឡើយ! សូម​កត់​សម្គាល់​នូវ​ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ [តែ]ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​សំរាប់​ឲ្យ​ព្រលឹង​បាន​សង្គ្រោះ​វិញ»។ (ហេព្រើរ ១០:៣៩) ដូច​លោក​ហេណុក​និង​ណូអេ យើង​រស់​នៅ​គ្រា​ច្របូកច្របល់​ណាស់! ប៉ុន្តែ យើង​នៅ​តែ​មាន​សិទ្ធិ​ដើរ​ជា​មួយ​នឹង​ព្រះ​ដូច​ពួក​គាត់​ដែរ។ ពេល​ធ្វើ​ដូច្នេះ យើង​ក៏​មាន​ចិត្ត​ដឹង​ជាក់​ថា យើង​នឹង​ឃើញ​ការ​សម្រេច​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​ការ​បំផ្លាញ​ចោល​នៃ​អំពើ​អាក្រក់ និង​ការ​ស្ថាបនា​នូវ​ពិភពលោក​ថ្មី​ដ៏​សុចរិត។ នេះ​ហើយ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មែន!

១៩​. តើ​មីកា​រៀបរាប់​ថា ពួក​អ្នក​ថ្វាយបង្គំ​ពិត​នឹង​ប្រព្រឹត្ត​យ៉ាង​ណា?

១៩ ព្រះ​បាន​បណ្ដាល​ឲ្យ​ព្យាការី​មីកា​រៀប​រាប់​អំពី​សាសន៍​ទាំង​ឡាយ​ក្នុង​លោកីយ៍​នេះ​ថា ពួក​គេ​នឹង«ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន»។ រួច​មក មីកា​ក៏​មាន​ប្រសាសន៍​អំពី​ខ្លួន​គាត់​និង​អ្នក​ថ្វាយបង្គំ​ស្មោះភក្ដី​ឯ​ទៀត​ថា៖ «គង់តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម​ព្រះ​នាម​នៃ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​តទៅ»។ (មីកា ៤:៥) បើ​អ្នក​មាន​ចិត្ត​ប្រាថ្នា​ដូច​មីកា​នោះ ចូរ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជានិច្ច​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ទោះ​ជា​គ្រា​នេះ​ក្លាយ​ទៅ​ជា​គ្រា​ច្របូកច្របល់​ប៉ុនណា​ក៏​ដោយ។ (យ៉ាកុប ៤:៨) សូម​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ប្រាថ្នា​ចង់​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ជា​ដរាប​រៀង​តទៅ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​សម័យ​លោក​ណូអេ​និង​សម័យ​យើង​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ណា?

• តើ​ណូអេ​និង​ក្រុមគ្រួសារ​របស់​គាត់​មាន​គន្លងជីវិត​បែប​ណា? តើ​យើង​អាច​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់​បាន​យ៉ាង​ណា?

• តើ​មនុស្ស​ខ្លះ​ដែល​បាន​កាន់​តាម​ព្រះ​យេស៊ូ​នោះ បាន​ស​ឲ្យ​ឃើញ​ថា​មាន​ទស្សនៈ​មិន​ល្អ​បែប​ណា?

• តើ​ពួក​គ្រីស្ទាន​ពិត​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

[រូបភាព​នៅ​ទំព័រ​១៥]

ដូច​នៅ​សម័យ​លោក​ណូអេ​នោះ មនុស្ស​នៅ​សព្វថ្ងៃ​នេះ​ចេះ​តែ​វីវក់​នឹង​ការ​ប្រព្រឹត្ត​របស់​ខ្លួន

[រូបភាព​នៅ​ទំព័រ​១៦]

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ ‹យើង​មិនមែន​ជា​ពួក​អ្នក​ដែល​ថយ​ទៅ​វិញ​ឡើយ›

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក