បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៦ ទំ. ១៤-១៩
  • សប្បាយហើយ អ្នកណាដែលនៅភ្ញាក់ជានិច្ច!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សប្បាយហើយ អ្នកណាដែលនៅភ្ញាក់ជានិច្ច!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មក​ដូច​ជា​ចោរ​ប្លន់
  • របៀប​ដែល​យើង​អាច​នៅ​ភ្ញាក់
  • ពេល​វេលា​គឺ​ជិត​អស់​ហើយ
  • យើង​ត្រូវ​តែ​នៅ​ភ្ញាក់​ជា​និច្ច!
  • «ចូរចាំយាមចុះ!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ហេតុអ្វីយើងត្រូវ«ចាំយាម»?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ‹ចូរចាំយាម›
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៦ ទំ. ១៤-១៩

សប្បាយ​ហើយ អ្នក​ណា​ដែល​នៅ​ភ្ញាក់​ជា​និច្ច!

«មើល! អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ[ភ្ញាក់] ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន»។—វិវរណៈ ១៦:១៥

១. ដោយ​សារ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​នោះ តើ​នឹង​មាន​អ្វី​កើត​ឡើង?

ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​គឺ​ជិត​មក​ដល់​ហើយ ហើយ​នេះ​មាន​ន័យ​ថា​នឹង​មាន​សង្គ្រាម! ក្នុង​ចក្ខុនិមិត្ត សាវ័ក​យ៉ូហាន​បាន​ឃើញ«វិញ្ញាណ​នៃ​ពួក​អារក្ស»ដូច​ជា​កង្កែប ដែល​ចេញ​ទៅ​ឯ​អស់​ទាំង«ស្តេច» ឬ​ពួក​អ្នក​គ្រប់​គ្រង​នៅ​ផែនដី​ទាំង​មូល។ តើ​ដើម្បី​ធ្វើ​អ្វី? ត្រូវ​ហើយ គឺ«ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំ​បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត»! យ៉ូហាន​និយាយ​ទៀត​ថា៖ «វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ាគេដូន»។—វិវរណៈ ១៦:១៣​-​១៦

២. តើ​កុក​នៃ​ស្រុក​ម៉ាកុក​ជា​អ្នក​ណា ហើយ​តើ​អ្វី​នឹង​កើត​ឡើង នៅ​ពេល​ដែល​វា​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

២ បន្ដិច​ទៀត ព្រះ​យេហូវ៉ា​នឹង​ជំរុញ​ផ្នែក​នយោបាយ​នៃ​ប្រព័ន្ធ​នេះ ឲ្យ​កំទេច​ចោល​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត។ (វិវរណៈ ១៧:១​-​៥, ១៥​-​១៧) រួច​មក កុក​នៃ​ស្រុក​ម៉ាកុក ជា​អារក្ស​សាតាំង​ដែល​ត្រូវ​បាន​ទម្លាក់​មក​ក្នុង​វិស័យ​ផែនដី នឹង​ប្រមែ​ប្រមូល​ពួក​គ្នា​វា​មក​ប្រឆាំង​ពេញ​ទី​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដ៏​មាន​សន្ដិភាព ដែល​មើល​ទៅ​ដូច​ជា​មិន​អាច​ការ​ពារ​ខ្លួន​បាន។ (អេសេគាល ៣៨:១​-​១២) ប៉ុន្តែ ព្រះ​នឹង​ចាត់​វិធានការ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់។ នេះ​ជា​ការ​ចាប់​ផ្ដើម​នៃ«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»។—យ៉ូអែល ២:៣១; អេសេគាល ៣៨:១៨​-​២០

៣. តើ​អ្នក​នឹង​អាច​រៀប​រាប់​យ៉ាង​ណា អំពី​ព្រឹត្ដិការណ៍​ដែល​បាន​ទាយ​មក​ក្នុង​អេសេគាល ៣៨:២១​-​២៣?

៣ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ ហើយ​កំទេច​ប្រព័ន្ធ​របស់​សាតាំង​ទាំង​អស់ នៅ​ពេល​ដែល​យើង​មក​ដល់​ស្ថានការណ៍​លោកីយ៍ ដែល​ហៅ​ថា—អើម៉ាគេដូន។ ចូរ​អាន​ទំនាយ​នៅ​អេសេគាល ៣៨:២១​-​២៣ ហើយ​ចូរ​នឹក​អំពី​ព្រឹត្ដិការណ៍​នោះ។ ព្រះ​យេហូវ៉ា​នឹង​កាន់​កាប់​អំណាច​ទ្រង់ នាំ​ឲ្យ​មាន​បង្អុរ​ភ្លៀង​រំលា ព្រឹល​យ៉ាង​ធំ​ៗ ភ្លើង និង​អាសន្នរោគ។ កាល​ដែល​ពួក​ហ្វូង​កុក​ត្រូវ​បាន​ច្របូក​ច្របល់ ដោយ​វាយ​គ្នា​ឯង នោះ​នឹង​មាន​ភាព​ស្លន់​ពាស​ពេញ។ ពួក​ណា​ដែល​នៅ​រស់ ដែល​ជា​សត្រូវ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​នោះ នឹង​ត្រូវ​ប្រហារ​ជីវិត។ រីឯ​ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់ ព្រះ​យេហូវ៉ា​នឹង​ប្រើ​មធ្យោបាយ​ហួស​វិស័យ​ធម្មជាតិ ដើម្បី​សង្គ្រោះ​ពួក​គេ។ នៅ​ពេល​ដែល«សេចក្ដី​វេទនា​ជា​ខ្លាំង»ដែល​បាន​ទាយ​មក​បាន​ចប់​ទៅ នោះ​នឹង​គ្មាន​អ្វី​សល់​ពី​ប្រព័ន្ធ​របស់​សាតាំង​ដែល​មិន​គោរព​ព្រះ​នោះ​ឡើយ។ (ម៉ាថាយ ២៤:២១) សូម្បី​តែ​ក្នុង​ការ​ចុក​ចាប់​នៃ​សេចក្ដី​ស្លាប់​នេះ ពួក​មនុស្ស​អាក្រក់​នឹង​ដឹង​ថា​អ្នក​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​វិបត្ដិ​ភ័យ​របស់​គេ។ ព្រះ​ដ៏​ជោគ​ជ័យ​របស់​យើង ទ្រង់​នឹង​មាន​បន្ទូល​ថា៖ «គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ​យេហូវ៉ា​ពិត»។ ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ទាំង​នេះ​នឹង​កើត​ឡើង​ក្នុង​សម័យ​យើង​នេះ ក្នុង​កំឡុង​វត្តមាន​របស់​ព្រះ​យេស៊ូ។

មក​ដូច​ជា​ចោរ​ប្លន់

៤. ក្នុង​បែប​បទ​យ៉ាង​ណា ដែល​ព្រះ​យេស៊ូ​នឹង​យាង​មក​កំទេច​ប្រព័ន្ធ​ដ៏​អាក្រក់​ជួជាតិ​នេះ?

៤ ព្រះ​អម្ចាស់ ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​មាន​សិរី​រុង​រឿង មាន​បន្ទូល​ថា៖ «មើល! អញ​មក​ដូច​ជា​ចោរ​ប្លន់»។ ការមក​ដូច​ជា​ចោរ​ប្លន់​នឹង​កើត​ឡើង​ភ្លាម​ៗ ក្នុង​ពេល​វេលា​ដែល​មិន​នឹក​ស្មាន​ថា​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​តែ​សម្រាន្ត។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​យាង​មក​ដូច​ជា​ចោរ​ប្លន់ ដើម្បី​កំទេច​ប្រព័ន្ធ​ដ៏​អាក្រក់​ជួជាតិ​នេះ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​ពិត​ជា​នៅ​ភ្ញាក់។ ទ្រង់​មាន​បន្ទូល​ប្រាប់​យ៉ូហាន​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្ដិ៍​ខ្មាស​ខ្លួន​ឡើយ»។ (វិវរណៈ ១៦:១៥) តើ​ពាក្យ​បន្ទូល​ទាំង​នេះ​មាន​ខ្លឹម​សារ​យ៉ាង​ណា? ហើយ​តើ​យើង​អាច​នៅ​ភ្ញាក់​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

៥. តើ​ការ​រៀបចំ​សំរាប់​កិច្ច​បំរើ​នៅ​ព្រះ​វិហារ​មាន​យ៉ាង​ណា នៅ​ពេល​ដែល​ព្រះ​យេស៊ូ​គង់​លើ​ផែនដី?

៥ ជា​ធម្មតា អ្នក​យាម​ម្នាក់​ដែល​ដេក​លក់​កាល​កំពុង​យាម នោះ​គេ​នឹង​មិន​សម្រាត​គាត់​ទេ។ ប៉ុន្តែ នេះ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម កាល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ហើយ​ក្នុង​ក្រុម​ផ្សេង​ៗ​នៃ​សង្ឃ​និង​ពួក​លេវី​ដែល​បាន​បំរើ​នៅ​ឯ​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ក្នុង​សតវត្ស​ទី​១១ ម.​ស.យ. ស្តេច​ដាវីឌ​បាន​ចាត់​ចែង​ពួក​សង្ឃ​អ៊ីស្រាអែល​រាប់​រយ​នាក់​និង​អ្នក​ជំនួយ​របស់​គេ គឺ​ពួក​លេវី បាន​ញែក​គេ​ចេញ​ជា​ពួក​ដែលមាន​២៤​ក្រុម។ (របាក្សត្រ​ទី​១ ២៤:១​-​១៨) ក្រុម​និមួយ​ៗ​មាន​អ្នក​ធ្វើ​ការ​ជាង​មួយ​ពាន់​នាក់ ធ្វើ​តាម​វេន​គ្នា​ក្នុង​ការងារ​នៃ​ព្រះ​វិហារ យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ពេញ​មួយ​អាទិត្យ។ តែ​នៅ​បុណ្យ​បារាំ គ្រប់​ទាំង​២៤​ក្រុម​ត្រូវ​ត្រៀម​ខ្លួន​កាន់​កាប់​ភារៈ​របស់​គេ។ ហើយ​បុណ្យ​រំលង​ក៏​ត្រូវ​ការ​ជំនួយ​ទៀត​ដែរ។

៦. តើ​ព្រះ​យេស៊ូ​ប្រហែល​ជា​ចង់​មាន​បន្ទូល​សំដៅ​បញ្ឆៀង​ទៅ​ណា កាល​ដែល​ទ្រង់​មាន​បន្ទូល​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន»?

៦ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក​បំពាក់​ខ្លួន» ទ្រង់​ប្រហែល​ជា​សំដៅ​បញ្ឆៀង​ទៅ​ទម្រង់​ការណ៍​ដែល​គេ​កាន់​តាម ដែល​ទាក់​ទង​ភារកិច្ច​ចាំ​យាម​នៅ​ឯ​ព្រះ​វិហារ។ គម្ពីរ​ម៉ីស្នា​ជាតិ​យូដា ចែង​ថា៖ «ពួក​សង្ឃ​ចាំ​យាម​នៅ​បី​កន្លែង​ក្នុង​ព្រះ​វិហារ: ឯ​បន្ទប់​នៃ​អាស្ទីនា បន្ទប់​នៃ​អណ្ដាត​ភ្លើង ហើយ​នៅ​ឯ​បន្ទប់​នៃ​ជើង​ក្រាន​គ្រួ។ ហើយ​ពួក​លេវី​ចាំ​យាម​នៅ​ម្ភៃ​មួយ​កន្លែង៖ ប្រាំ​នាក់​នៅ​កន្លែង​ទ្វារ​ប្រាំ​នៃ​ភ្នំ​ព្រះ​វិហារ បួន​នាក់​គឺ​ចាំ​យាម​តាម​ទិស​ទាំង​បួន​ខាង​ក្នុង។ ប្រាំ​នាក់​ចាំ​យាម​នៅ​ឯ​ទ្វារ​ប្រាំ​នៃ​ទី​ធ្លា​រ​ភ្នំ ហើយ​បួន​នាក់​ចាំ​យាម​តាម​ទិស​ទាំង​បួន​ខាង​ក្រៅ។ ម្នាក់​ចាំ​យាម​នៅ​ឯ​បន្ទប់​នៃ​ការ​ថ្វាយ ម្នាក់​ទៀត​ចាំ​យាម​នៅ​ឯ​បន្ទប់​នៃ​វាំងនន ហើយ​ម្នាក់​ទៀត​នៅ​ចាំ​យាម​កន្លែង​នៃ​កៅអី​មេត្ដា​ករុណា [ខាង​ក្រៅ​ក្រោយ​ជញ្ជាំង​នៃ​ទី​បរិសុទ្ធ​បំផុត]។ នាយ​ទាហាន​នៃ​ភ្នំ​ព្រះ​វិហារ​តែង​តែ​ដើរ​ជុំ​វិញ​មើល​អ្នក​យាម​គ្រប់​គ្នា ដោយ​មាន​ចន្លុះ​នឹង​ខ្លួន ហើយ​បើ​សិន​ជា​អ្នក​យាម​ណា​មួយ មិន​ក្រោក​ឈរ​ហើយ​និយាយ​ថា ‹ឱ នាយ​ទាហាន​នៃ​ភ្នំ​ព្រះ​វិហារ​អើយ សូម​ឲ្យ​អ្នក​មាន​សន្ដិភាព›! ហើយ​បើ​ឃើញ​ជាក់​ស្តែង​ថា​អ្នក​យាម​នោះ​គាត់​ដេក​លក់ នាយ​ទាហាន​នឹង​យក​ដំបង​វាយ​បុគ្គល​នោះ ហើយ​គាត់​មាន​សិទ្ធិ​ដុត​ចោល​សំលៀក​បំពាក់​របស់​បុគ្គល​នោះ»។—គម្ពីរ​ម៉ីស្នា ម៉ីដុស («រង្វាស់») ១, វគ្គ ១​-​២, បក​ប្រែ​ដោយ ហឺបឺត ដែនឌី

៧. ហេតុ​អ្វី​ក៏​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​មាន​ភារៈ​ចាំ​យាម​នៅ​ឯ​ព្រះ​វិហារ ត្រូវ​តែ​នៅ​ភ្ញាក់?

៧ ពួក​លេវី​និង​ពួក​សង្ឃ​ជា​ច្រើន​ដែល​បំរើ​តាម​ក្រុម បាន​នៅ​ភ្ញាក់​ពេញ​មួយ​យប់ ដើម្បី​ការ​ពារ​និង​បង្ការ​មនុស្ស​មិន​បរិសុទ្ធ​ចូល​ទី​ធ្លា​ព្រះ​វិហារ។ ដោយ​សារ«នាយ​ទាហាន​នៃ​ភ្នំ​ព្រះ​វិហារ» ឬ«មេ​ទ័ព​រក្សា​ព្រះ​វិហារ» ដើរ​ជុំ​វិញ​២៤​កន្លែង ក្នុង​កំឡុង​នៃ​ការ​ចាំ​យាម​ពេល​យប់​នោះ អ្នក​យាម​និមួយ​ៗ​ត្រូវ​តែ​នៅ​ភ្ញាក់​នៅ​ឯ​បន្ទាយ​របស់​គាត់ បើ​គាត់​មិន​ចង់​ធ្វេស​ប្រហែស​នឹង​ភារៈ​របស់​ខ្លួន។—កិច្ច​ការ ៤:១

៨. តើ​សំលៀក​បំពាក់​ជា​និមិត្តរូប​របស់​គ្រីស្ទាន​មាន​អ្វី​ខ្លះ?

៨ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​និង​ពួក​អ្នក​បំរើ​ជា​មួយ​គេ ត្រូវ​តែ​នៅ​ភ្ញាក់​ជា​និច្ច ហើយ​រក្សា​សំលៀក​បំពាក់​ជា​និមិត្តរូប​របស់​គេ។ នេះ​ជា​ទី​សំអាង​អាការ​ក្រៅ​នៃ​ការ​តែង​តាំង​យើង​ឲ្យ​ទៅ​ធ្វើ​កិច្ច​ការ​នៅ​ឯ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ការ​ទទួល​ស្គាល់​ហេតុ​ការណ៍​នេះ យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឬ​សកម្មពល​របស់​ព្រះ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​របស់​យើង និង​អនុវត្ត​ឯកសិទ្ធិ​របស់​យើង​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ។ ការ​ដេក​លក់​នៅ​ឯ​បន្ទាយ​របស់​យើង ជា​អ្នក​បំរើ​ព្រះ នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​នឹង​អាច​ចាប់​យើង​បាន ព្រោះ​ទ្រង់​ជា​មេ​ទ័ព​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម។ បើ​សិន​ជា​យើង​ដេក​លក់​ខាង​វិញ្ញាណ​នៅ​គ្រា​នោះ ជា​ប្រៀប​ប្រដូច យើង​នឹង​ត្រូវ​បាន​សម្រាត ហើយ​សំលៀក​បំពាក់​ជា​និមិត្តរូប​របស់​យើង​នឹង​ត្រូវ​បាន​ដុត​ចោល។ ដូច្នេះ តើ​យើង​អាច​នៅ​ភ្ញាក់​ដោយ​យ៉ាង​ណា?

របៀប​ដែល​យើង​អាច​នៅ​ភ្ញាក់

៩. ហេតុ​អ្វី​ក៏​ការ​សិក្សា​ព្រះ​គម្ពីរ ដោយ​ប្រើ​ជំនួយ​ប្រកាសនវត្ថុ​គ្រីស្ទាន​ជា​ការ​សំខាន់​ម្ល៉េះ?

៩ ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដោយ​ប្រើ​ជំនួយ​នៃ​ប្រកាសនវត្ថុ​គ្រីស្ទាន ជា​អ្វី​ដែល​លើក​ទឹក​ចិត្ត​ដល់​ការ​ភ្ញាក់​ខាង​វិញ្ញាណ។ ការ​សិក្សា​បែប​នេះ​នឹង​ប្រដាប់​យើង​ឲ្យ​បំពេញ​នឹង​វិបត្ដិ​ទាំង​ឡាយ ហើយ​និង​បង្ហាញ​ផ្លូវ​យើង​ទៅ​ដល់​សុភមង្គល​អស់​កល្ប​ជា​និច្ច។ (សុភាសិត ៨:៣៤, ៣៥; យ៉ាកុប ១:៥​-​៨) ការ​សិក្សា​របស់​យើង​ត្រូវ​តែ​ឲ្យ​បាន​ហ្មត់​ចត់​ហើយ​ឲ្យ​ជឿន​ទៅ​មុខ។ (ហេព្រើរ ៥:១៤–៦:៣) អាហារ​ល្អ​ដែល​បរិភោគ​ដោយ​ទៀង​ទាត់ អាច​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​និង​ប្រុង​ប្រយ័ត្ន។ នេះ​អាច​បង្ការ​យើង​ពី​ភាព​រហិត​រហៃ ដែល​ប្រហែល​ជា​សញ្ញា​នៃ​ការ​ទទួល​អាហារ​មិន​គ្រប់​គ្រាន់។ យើង​គ្មាន​មូលហេតុ​ទៅ​ជា​ទទួល​អាហារ​ខាង​វិញ្ញាណ​មិន​គ្រប់​គ្រាន់ និង​ងងុយ​ដេក​នោះ​ឡើយ ពី​ព្រោះ​ព្រះ​ទ្រង់​កំពុង​តែ​ប្រទាន​អាហារ​ខាង​វិញ្ញាណ​យ៉ាង​បរិបូរ តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ការ​ទទួល​យក​អាហារ​ខាង​វិញ្ញាណ​ដោយ​ទៀង​ទាត់ តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​មួយ​គ្រួសារ ជា​ផ្លូវ​មួយ​ក្នុង​នៅ​ភ្ញាក់ ហើយ​ឲ្យ​មាន‹សុខភាព​ល្អ​ក្នុង​ជំនឿ›។—ទីតុស ១:១៣

១០. តើ​កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត និង​មហា​សន្និបាត​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

១០ កិច្ច​ប្រជុំ​គ្រីស្ទាន សន្និបាត និង​មហា​សន្និបាត​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ នេះ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ឱកាស​ជា​ច្រើន ដើម្បី‹បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង›។ ជា​ពិសេស យើង​ត្រូវ​មក​ប្រជុំ​ឲ្យ​បាន​ទៀង​ទាត់ កាល​ដែល​យើង«ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ ប្រាកដ​មែន ឥឡូវ​នេះ​ថ្ងៃ​នោះ​គឺ​ជិត​ដល់​ហើយ។ នេះ​ជា«ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា» នៅ​ពេល​ដែល​ទ្រង់​ធ្វើ​យុត្ដិកម្ម​ដល់​អធិបតេយ្យភាព​របស់​ទ្រង់។ បើ​សិន​ជា​ថ្ងៃ​នោះ​ជា​អ្វី​ដ៏​សំខាន់​ចំពោះ​យើង—ហើយ​នេះ​ជា​ការ​ពិត​មែន—នោះ​យើង​នឹង‹ឥត​លែង​ឈប់​មក​ប្រជុំ​គ្នា​ឡើយ›។—ហេព្រើរ ១០:២៤, ២៥; ពេត្រុស​ទី​២ ៣:១០

១១. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា កិច្ច​បំរើ​គ្រីស្ទាន​ជា​អ្វី​ដ៏​ចាំ​បាច់​ដើម្បី​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

១១ ការ​ចូល​រួម​អស់​ពី​ដួង​ចិត្ត​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន​ជា​អ្វី​ដ៏​ចាំ​បាច់ ដើម្បី​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ ការ​ចូល​រួម​ផ្សាយ​ដំណឹង​ល្អ​ដោយ​ខ្នះ​ខ្នែង​និង​ដោយ​ទៀង​ទាត់ នឹង​ធ្វើ​ឲ្យ​យើង​ប្រុង​ស្មារតី។ កិច្ច​បំរើ​ផ្សាយ​របស់​យើង ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ជា​ច្រើន ដើម្បី​និយាយ​ប្រាប់​មនុស្ស​អំពី​បន្ទូល​របស់​ព្រះ ព្រះ​រាជាណាចក្រ​របស់​ទ្រង់ និង​អំពី​គោល​បំណង​របស់​ទ្រង់​ទាំង​ឡាយ។ ជា​ការ​គួរ​ឲ្យ​ស្កប់​ចិត្ត​ណាស់ ក្នុង​ការ​ធ្វើ​បន្ទាល់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​ត្រឡប់​ទៅ​ជួប​គេ​វិញ និង​បង្ហាត់​ព្រះ​គម្ពីរ​នៅ​តាម​ផ្ទះ ដោយ​ប្រើ​សៀវភៅ​ដូច​ជា Knowledge That Leads to Everlasting Life (ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច)។ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​អេភេសូរ​ពី​ដើម អាច​ឲ្យ​ភស្តុ​តាង​ថា​ប៉ុល​បាន​បង្រៀន​ពួក​គេ«នៅ​កណ្ដាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​ទៅ​ផ្ទះ​១​ផង»។ (កិច្ច​ការ ២០:២០, ២១) ប្រាកដ​ហើយ ពួក​អ្នក​ស្មរបន្ទាល់​ស្មោះ​ត្រង់​នៃ​ព្រះ​យេហូវ៉ា​ខ្លះ មាន​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ដែល​រា​រាំង​ដល់​កិច្ច​បំរើ​ផ្សាយ​របស់​គេ​បន្ដិច​បន្តួច តែ​គេ​រក​វិធី​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​យេហូវ៉ា​និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ ហើយ​គេ​ទទួល​អំណរ​យ៉ាង​ខ្លាំង​ពី​ការ​ធ្វើ​ដូច្នេះ។—ទំនុកដំកើង ១៤៥:១០​-​១៤

១២, ១៣. ចំពោះ​មូលហេតុ​អ្វី​ដែល​យើង​ត្រូវ​តែ​ជៀស​វាង​ពី​ការ​វក់វី​ហួស​ហេតុ​នឹង​ការ​ស៊ី​ផឹក?

១២ ការ​ជៀស​វាង​ពី​ការ​វក់វី​ហួស​ហេតុ នឹង​ជួយ​យើង​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ នៅ​ពេល​ដែល​ទ្រង់​មាន​បន្ទូល​អំពី​វត្តមាន​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្ដី​វក់​នឹង​ស៊ី​ផឹក ហើយ​នឹង​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត នោះ​លោ​តែ​ថ្ងៃ​នោះ​មក​ដល់​អ្នក​រាល់​គ្នា​ភ្លាម ដ្បិត​ថ្ងៃ​នោះ​នឹង​មក​ដូច​ជា​លប់ គ្រប​លើ​អស់​ទាំង​មនុស្ស​ដែល​នៅ​គ្រប់​លើ​ផែនដី»។ (លូកា ២១:៧, ៣៤, ៣៥) ការ​ល្មោភ​ស៊ី​និង​ប្រមឹក គឺ​មិន​សម​ស្រប​នឹង​គោល​ការណ៍​ព្រះ​គម្ពីរ​ទេ។ (ចោទិយកថា ២១:១៨​-​២១) សុភាសិត ២៣:២០, ២១ ចែង​ថា៖ «កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ​ងោក​នឹង​នាំ​ឲ្យ​ស្លៀក​ពាក់​កណ្ដាច»។—សុភាសិត ២៨:៧

១៣ ទោះ​បី​សេចក្ដី​វក់​នឹង​ស៊ី​ផឹក​មិន​ទាន់​ដល់​កំរិត​នេះ​ក្ដី វា​ក៏​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​សេចក្ដី​ងុយ​ងោក ព្រម​ទាំង​ខ្ជិល​និង​ធ្វេស​ប្រហែស​ពី​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ ជា​ធម្មតា យើង​តែង​តែ​មាន​សេចក្ដី​ខ្វល់​ខ្វាយ​នឹង​ជីវភាព​គ្រួសារ សុខភាព​និង​អ្វី​ៗ​ផ្សេង​ទៀត។ ប៉ុន្តែ យើង​នឹង​មាន​ចិត្ត​រីករាយ បើ​យើង​យក​ផល​ប្រយោជន៍​ព្រះ​រាជាណាចក្រ​ទុក​ជា​ទី​មួយ​ក្នុង​ជីវិត ហើយ​មាន​ការ​ទុក​ចិត្ត​ថា ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌​នឹង​ជួយ​យើង។ (ម៉ាថាយ ៦:២៥​-​៣៤) ម្យ៉ាង​ទៀត «ថ្ងៃ​នោះ»នឹង​មក​លើ​យើង ដូច​ជា«លប់» ប្រហែលដូច​ជា​អន្ទាក់​បន្លំ ដែល​ចាប់​យើង​ដោយ​ឥត​ដឹង​ខ្លួន ឬ​ដូច​ជា​អន្ទាក់​ដែល​មាន​នុយ ដែល​ទាក់​ទាញ​ចិត្ត​ហើយ​រួច​មក ចាប់​សត្វ​ដែល​ពុំ​បាន​ប្រុង​ប្រៀប​ខ្លួន។ នេះ​នឹង​មិន​កើត​ឡើង​បាន​ទេ បើ​យើង​ប្រុង​ស្មារតី ដោយ​ដឹង​ច្បាស់​លាស់​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង«គ្រា​ចុង​បំផុត»។—ដានីយ៉ែល ១២:៤

១៤. ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​អធិស្ឋាន​ឲ្យ​ស្មោះ​អស់​ពី​ចិត្ត?

១៤ ការ​អធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត ជា​ជំនួយ​មួយ​ទៀត​ដើម្បី​ឲ្យ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ។ ក្នុង​ទំនាយ​ដ៏​ធំ​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​ដាស់​តឿន​យើង​ថែម​ទៀត​ថា៖ «ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជា​និច្ច ដើម្បី​ឲ្យ​បាន​រាប់​ជា​គួរ​នឹង​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង»។ (លូកា ២១:៣៦) ត្រូវ​ហើយ សូម​ឲ្យ​យើង​អធិស្ឋាន ឲ្យ​យើង​តែង​តែ​នៅ​ខាង​ព្រះ​យេហូវ៉ា​ជា​និច្ច និង​មាន​ឋានៈ​ដែល​ព្រះ​យល់​ព្រម នៅ​ពេល​ដែល​ព្រះ​យេស៊ូ ជា​កូន​មនុស្ស​មក​កំទេច​ចោល​ប្រព័ន្ធ​ដ៏​អាក្រក់​ជួជាតិ​នេះ។ ជា​ប្រយោជន៍​សំរាប់​យើង ហើយ​ជា​ប្រយោជន៍​សំរាប់​អ្នក​ជឿ​គ្នី​គ្នា​ដែល​យើង​ខំ​អធិស្ឋាន​ឲ្យ​នោះ យើង​ត្រូវ​តែ‹នៅ​ភ្ញាក់​ដោយ​អធិស្ឋាន›។—កូល៉ុស ៤:២; អេភេសូរ ៦:១៨​-​២០

ពេល​វេលា​គឺ​ជិត​អស់​ហើយ

១៥. តើ​អ្វី​ខ្លះ​ដែល​បាន​សម្រេច​ដោយ​កិច្ច​បំរើ​របស់​យើង ជា​អ្នក​ប្រកាស​នៃ​សេចក្ដី​សុចរិត?

១៥ កាល​ដែល​យើង​រង់​ចាំ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា ប្រាកដ​ហើយ យើង​នឹង​ចង់​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់។ បើ​យើង​ខំ​អធិស្ឋាន​ឲ្យ​ស្មោះ​អស់​ពី​ចិត្ត​ទៅ​ទ្រង់​អំពី​រឿង​នេះ ‹ទ្វារ​យ៉ាង​ធំ​ដែល​នាំ​ទៅ​ដល់​សកម្មភាព›នឹង​អាច​បើក​ចំហ​ឲ្យ​យើង។ (កូរិនថូស​ទី​១ ១៦:៨, ៩) នៅ​ពេល​ដែល​គ្រា​កំណត់​របស់​ព្រះ​បាន​មក​ដល់ នោះ​ព្រះ​យេស៊ូ​នឹង​ធ្វើ​ការ​ជំនុំ​ជំរះ ហើយ​និង​ញែក«ចៀម»សុចរិត ដែល​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច ចេញ​ពី«ពពែ»ដែល​មិន​កោត​ខ្លាច​ព្រះ ដែល​សម​ទទួល​សេចក្ដី​ហិន​វិនាស​អស់​កល្ប​ជា​និច្ច។ (យ៉ូហាន ៥:២២) យើង​មិន​មែន​ជា​អ្នក​ដែល​នឹង​ញែក​ចៀម​ចេញ​ពី​ពពែ​ទេ។ ប៉ុន្តែ កិច្ច​បំរើ​របស់​យើង​ជា​អ្នក​ប្រកាស​នៃ​សេចក្ដី​សុចរិត​ឥឡូវ​នេះ គឺ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ឱកាស​ជ្រើស​រើស​ជីវិត នៃ​ការ​បំរើ​ព្រះ ដែល​អាច​មាន​សេចក្ដី​សង្ឃឹម​បាន​ជីវិត នៅ​ពេល​ដែល​ព្រះ​យេស៊ូ‹មក​ក្នុង​សិរី​ល្អ​របស់​ទ្រង់›។ ភាព​ខ្លី​នៃ​ពេល​វេលា​ដែល​នៅ​សល់​សំរាប់​ប្រព័ន្ធ​នេះ គឺ​តម្រូវ​ឲ្យ​មាន​សកម្មភាព​អស់​ពី​ដួង​ចិត្ត កាល​ដែល​យើង​ស្វែង​រក​ពួក​អ្នក‹សម​ទទួល​ជីវិត​អស់​កល្ប​ជា​និច្ច›។—ម៉ាថាយ ២៥:៣១​-​៤៦; កិច្ច​ការ ១៣:៤៨

១៦. ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ជា​អ្នក​ប្រកាស​នៃ​ព្រះ​រាជាណាចក្រ​ដ៏​ខ្នះ​ខ្នែង?

១៦ ពេល​វេលា​គឺ​អស់​រលីង​ចំពោះ​ពួក​មនុស្ស​នៅ​សម័យ​លោក​ណូអេ ហើយ​បន្ដិច​ទៀត ក៏​ឥត​មាន​ពេល​វេលា​នៅ​សល់​ចំពោះ​ប្រព័ន្ធ​នេះ​ដែរ។ ដូច្នេះ សូម​ឲ្យ​យើង​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​ដ៏​ខ្នះ​ខ្នែង។ កិច្ច​ការ​ផ្សាយ​របស់​យើង​គឺ​មាន​ការ​ចំរើន​លូត​លាស់ ដ្បិត​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​រាប់​សែន​នាក់ បាន​ជ្រមុជ​ទឹក​ជា​និមិត្តរូប​នៃ​ការ​ថ្វាយ​ខ្លួន​ដល់​ព្រះ។ ពួក​គេ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ព្រះ​ពរ—«ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់»។ (ទំនុកដំកើង ១០០:៣) តើ​នេះ​ជា​ការ​រីករាយ​ម្ល៉េះ​ហ្ន៎ ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សាយ​ព្រះ​រាជាណាចក្រ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​ជា​ច្រើន មុន​នឹង«ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»!

១៧, ១៨. (ក) កាល​ដែល​យើង​ផ្សាយ តើ​ត្រូវ​គិត​ថា​អ្នក​ខ្លះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា? (ខ) តើ​មាន​អ្វី​នឹង​កើត​ដល់​ពួក​សើច​ចំអក?

១៧ ដូច​ណូអេ យើង​មាន​ការ​គាំទ្រ​និង​ការ​ការ​ពារ​របស់​ព្រះ។ ត្រូវ​ហើយ ពួក​មនុស្ស ពួក​ទេវតា​ដែល​ប្រែ​ក្រឡា និង​ពួក​នីហ្វីលិម ច្បាស់​ជា​បាន​សើច​ចំអក​ដល់​សារ​របស់​ណូអេ តែ​នោះ​មិន​បាន​បញ្ឈប់​គាត់​ទេ។ សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​សើច​ចំអក នៅ​ពេល​ដែល​យើង​ចង្អុល​ប្រាប់​នូវ​ភស្តុ​តាង​ជា​ច្រើន ដែល​ថា​យើង​កំពុង​តែ​រស់​នៅ«ថ្ងៃ​ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ការ​សើច​ចំអក​បែប​នេះ គឺ​សម្រេច​នៃ​ទំនាយ​ព្រះ​គម្ពីរ ចំពោះ​វត្តមាន​របស់​ព្រះ​គ្រីស្ទ ពី​ព្រោះ​ពេត្រុស​បាន​សរសេរ​ថា៖ «នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ»។—ពេត្រុស​ទី​២ ១:១៦; ៣:៣, ៤

១៨ ពួក​អ្នក​សើច​ចំអក​នៅ​សម័យ​នេះ ប្រហែល​ជា​គិត​ថា៖ ‹គ្មាន​អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​តាំង​ពី​ដើម​រៀង​មក។ ជីវិតមាន​តែ​បន្ត​ទៅ មនុស្ស​ស៊ី​ផឹក រៀប​ការ និង​ចិញ្ចឹម​កូន​ចៅ​របស់​គេ។ ទោះ​បី​ជា​ព្រះ​យេស៊ូ​មាន​វត្តមាន​មែន ទ្រង់​នឹង​មិន​ប្រហារ​សេចក្ដី​ជំនុំ​ជំរះ​ក្នុង​សម័យ​ខ្ញុំ​ឡើយ›។ ពួក​គេ​គឺ​ខុស​ទាំង​ស្រុង! បើ​គេ​មិន​ស្លាប់​ពី​ហេតុ​ផ្សេង​ទៀត​ក្នុង​ពេល​ចន្លោះ​នោះ​ទេ ថ្ងៃ​ដ៏​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​នឹង​កំទេច​គេ​ចោល ដែល​ជា​ផ្នែក​នៃ​តំណ​មនុស្ស​ដ៏​អាក្រក់​ជួជាតិ ដូច​ជា​សេចក្ដី​ហិន​វិនាស​នៃ​ទឹក​ជំនន់ ដែល​នាំ​ឲ្យ​មាន​ទី​បញ្ចប់​នៃ​តំណ​មនុស្ស​អាក្រក់​ក្នុង​សម័យ​លោក​ណូអេ។—ម៉ាថាយ ២៤:៣៤

យើង​ត្រូវ​តែ​នៅ​ភ្ញាក់​ជា​និច្ច!

១៩. តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​សកម្មភាព​នៃ​ការ​បង្កើត​ឲ្យ​មាន​សិស្ស​របស់​យើង?

១៩ បើ​សិន​ជា​យើង​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​ហើយ សូម​ឲ្យ​យើង​កុំ​ជាប់​ល្បួង​ទៅ​ជា​ដេក​លក់ ដោយ​ការ​វែក​ញែក​មិន​ត្រឹម​ត្រូវ។ នេះ​ជា​គ្រា​សំរាប់​នៅ​ភ្ញាក់ ដើម្បី​អនុវត្ត​ជំនឿ​ក្នុង​ទំនាយ​របស់​ព្រះ ហើយ​ដើម្បី​អនុវត្ត​តាម​កិច្ច​ការ​របស់​យើង ក្នុង​ការ«ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៨:១៩, ២០) កាល​ដែល​ប្រព័ន្ធ​នេះ​ប្រឈម​មុខ​នឹង​ទី​បញ្ចប់​បំផុត​របស់​វា យើង​មាន​ឯកសិទ្ធិ​ដ៏​ធំ​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សាយ​ទូទៅ នៃ«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ»។—ម៉ាថាយ ២៤:១៤; ម៉ាកុស ១៣:១០

២០. តើ​កាលែប​និង​យ៉ូស្វេ​បាន​ទុក​គំរូ​អ្វី ហើយ​តើ​ការ​ប្រព្រឹត្ត​របស់​គេ​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ណា?

២០ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​បាន​បំរើ​ទ្រង់ អស់​រយៈ​ជា​ច្រើន​ទសវត្ស​មក​ហើយ ប្រហែល​ពេញ​មួយ​ជីវិត​ផង។ ហើយ​ទោះ​ជា​យើង​ទើប​តែ​បាន​កាន់​តាម​ការ​ថ្វាយ​បង្គំ​ពិត​ក៏​ដោយ ចូរ​ឲ្យ​យើង​បាន​ដូច​កាលែប​ជាតិ​យូដា​ម្នាក់ ដែល​បាន«ប្រព្រឹត្ត​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក»។ (ចោទិយកថា ១:៣៤​-​៣៦) គាត់​និង​លោក​យ៉ូស្វេ​បាន​ប្រុង​ប្រៀប​នឹង​ចូល​ស្រុក​ដែល​បាន​សន្យា​មក ក្រោយ​ពី​ការ​រំដោះ​អ៊ីស្រាអែល​ចេញ​ពី​ការ​ឃុំ​ឃាំង​ពី​ពួក​អេស៊ីប។ ប៉ុន្តែ ពួក​អ៊ីស្រាអែល​ឯ​ទៀត​ឥត​មាន​ជំនឿ​ទេ ហើយ​ត្រូវ​តែ​ចំណាយ​អស់​រយ:៤០​ឆ្នាំ​ក្នុង​ទី​រហោ​ស្ថាន ដែល​គេ​បាន​ស្លាប់​ទៅ​នោះ។ កាលែប​និង​យ៉ូស្វេ​បាន​ស៊ូ​ទ្រាំ​ការ​ពិបាក​ជា​មួយ​ពួក​គេ​ក្នុង​គ្រា​ទាំង​នោះ ប៉ុន្តែ​នៅ​ទី​បំផុត ពួក​បុរស​ពីរ​នាក់​នេះ​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​មក។ (ជន​គណនា ១៤:៣០​-​៣៤; យ៉ូស្វេ ១៤:៦​-​១៥) បើ​សិន​ជា​យើង‹ប្រព្រឹត្ត​តាម​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក› ហើយ​នៅ​ភ្ញាក់​ខាង​វិញ្ញាណ យើង​នឹង​មាន​អំណរ​នៃ​ការ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី ដែល​ព្រះ​បាន​សន្យា​មក​នោះ​ដែរ។

២១. តើ​យើង​នឹង​ពិសោធ​អ្វី បើ​យើង​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

២១ ភស្តុ​តាង​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​រស់​នៅ​ក្នុង​គ្រា​ចុង​បញ្ចប់ ហើយ​ថា​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​គឺ​ជិត​មក​ដល់​ហើយ។ នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ទៅ​ជា​ងុយ​ងោក និង​ធ្វេស​ប្រហែស​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ។ យើង​នឹង​បាន​ពរ បើ​សិន​ជា​យើង​នៅ​ភ្ញាក់​ខាង​វិញ្ញាណ ហើយ​រក្សា​សំលៀក​បំពាក់​នៃ​សញ្ញា​សម្គាល់​របស់​យើង ជា​អ្នក​បំរើ​គ្រីស្ទាន​និង​ជា​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​ប្ដេជ្ញា«ចាំ​យាម ចូរ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​សេចក្ដី​ជំនឿ ចូរ​ប្រព្រឹត្ត​ឲ្យ​ពេញ​ជា​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ»។ (កូរិនថូស​ទី​១ ១៦:១៣) ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា សូម​ឲ្យ​យើង​ម្នាក់​ៗ​ឈរ​មាំ​មួន​និង​ឲ្យ​ក្លាហាន។ បើ​ធ្វើ​ដូច្នេះ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ត្រៀម​ខ្លួន នៅ​ពេល​ដែល​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ផ្ទុះ​ឡើង ដោយ​បំរើ​ទ្រង់​ដ៏​ស្មោះ​ត្រង់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​សប្បាយ​រីករាយ ដែល​នៅ​ភ្ញាក់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្នក​អាច​ពន្យល់​យ៉ាង​ណា​អំពី​សំលៀក​បំពាក់​ជា​និមិត្តរូប​របស់​យើង ហើយ​តើ​យើង​អាច​រក្សា​ទុក​វា​យ៉ាង​ណា?

◻ តើ​មាន​ផ្លូវ​ណា​ខ្លះ​ដែល​យើង​អាច​នៅ​ភ្ញាក់​ខាង​វិញ្ញាណ?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​គិត​ថា​មាន​ពួក​សើច​ចំអក ហើយ​យើង​ត្រូវ​ចាត់​ទុក​ពួក​គេ​ដោយ​យ៉ាង​ណា?

◻ តើ​យើង​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​កិច្ច​ការ​បង្កើត​ឲ្យ​មាន​សិស្ស​របស់​យើង ក្នុង​គ្រា​ចុង​បញ្ចប់​នេះ?

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៦]

ពួក​គ្រីស្ទាន​មាន​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​នៅ​ភ្ញាក់ ហើយ​ឲ្យ​បំពេញ​ភារៈ​របស់​គេ

[រូប​ភាព​នៅ​ទំព័រ​១៥]

តើ​អ្នក​ប្ដេជ្ញា​ចិត្ត​នៅ​ភ្ញាក់​ខាង​វិញ្ញាណ ហើយ​រក្សា​សំលៀក​បំពាក់​ជា​និមិត្តរូប​របស់​អ្នក​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក