‹ចូរចាំយាម›
១ បន្ទាប់ពីព្រះយេស៊ូបានពណ៌នាអំពីព្រឹត្ដិការណ៍ដ៏សំខាន់ៗដែលនឹងសម្គាល់ថ្ងៃជាន់ក្រោយបង្អស់របស់លោកីយ៍នេះ នោះទ្រង់បានជំរុញសិស្សរបស់ទ្រង់ឲ្យ«ចាំយាម»។ (ម៉ាកុស ១៣:៣៣) ហេតុអ្វីបានជាពួកគ្រីស្ទានត្រូវតែចាំយាម? ពីព្រោះយើងកំពុងតែរស់ក្នុងគ្រាដ៏ពិបាកបំផុតក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ យើងមិនគួរលែងប្រុងប្រយ័ត្នខាងវិញ្ញាណនោះទេ។ បើអ៊ីចឹង លទ្ធផលនឹងជាការលែងយល់នូវតម្លៃរបស់កិច្ចការដែលព្រះយេហូវ៉ាបានប្រទានឲ្យយើងធ្វើក្នុងពេលចុងក្រោយបង្អស់នេះ។ តើកិច្ចការនោះជាអ្វីទៅ?
២ ព្រះយេហូវ៉ាចាត់ឲ្យរាស្ត្ររបស់ទ្រង់ប្រកាសប្រាប់ជាទូទាំងផែនដី នូវដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ទ្រង់ ដែលជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សលោក។ ការធ្វើការជាមួយអង្គការរបស់ព្រះយ៉ាងជិតស្និទ្ធបញ្ជាក់ថា យើងជាពួកគ្រីស្ទានពិតដែលនឹកចាំពីពេលវេលានេះ និងពីភាពចាំបាច់នូវការជួយអ្នកឯទៀតឲ្យឮ«ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»។ (យ៉ូហាន ៦:៦៨) ដោយការចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចការដ៏សំខាន់លើសលប់នេះ យើងផ្ដល់ភស្តុតាងថាយើងចាំយាមខាងវិញ្ញាណ។
៣ យើងត្រូវជំរុញឲ្យផ្សព្វផ្សាយ: ជាស្មរបន្ទាល់ព្រះយេហូវ៉ា នោះយើងគួរមានអាកប្បកិរិយាល្អអំពីកិច្ចបំរើរបស់យើង។ សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងជំរុញយើងឲ្យចូលរួមដោយខ្លួនឯងផ្ទាល់ក្នុងកិច្ចផ្សព្វផ្សាយ។ (កូរិនថូសទី១ ៩:១៦, ១៧) ដោយធ្វើអ៊ីចឹង យើងនឹងជួយសង្គ្រោះខ្លួនយើងព្រមទាំងអស់អ្នកដែលស្ដាប់យើងផងដែរ។ (ធីម៉ូថេទី១ ៤:១៦) ចូរឲ្យយើងពង្រឹងជំហរចូលរួមឲ្យទៀងទាត់បំផុត តាមលទ្ធភាពដែលអាចធ្វើទៅបាន ថែមទាំងផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនិងច្រើនបំផុត ដែលគឺជាចាំបាច់ក្នុងការប្រកាសប្រាប់អំពីរដ្ឋាភិបាលល្អបំផុតដែលមនុស្សអាចមាន គឺជាព្រះរាជាណាចក្ររបស់ព្រះ!
៤ ភាពបន្ទាន់នៃកិច្ចផ្សាយរបស់យើងត្រូវបញ្ជាក់ដោយហេតុការណ៍សំខាន់មួយ។ ការផ្ទុះឡើងនូវសេចក្ដីវេទនាជាខ្លាំង នឹងកើតឡើងពេលដែលយើងនៅជាប់រវល់ក្នុងកិច្ចការនេះ។ ដែលយើងមិនជ្រាបពីថ្ងៃនិងម៉ោង នោះតម្រូវឲ្យយើងចាំយាមនិងប្រុងប្រៀបជានិច្ច ទាំងពឹងពាក់ព្រះយេហូវ៉ាដោយការអធិស្ឋាន។ (អេភេសូរ ៦:១៨) បរិមាណនៃកិច្ចផ្សាយនោះបន្តរីកសាយភាយ។ ក៏ប៉ុន្តែ បន្ដិចទៀតនៅថ្ងៃមួយ កិច្ចការឧត្តមបំផុតខាងការធ្វើបន្ទាល់ដែលធ្លាប់មានក្នុងប្រវត្ដិសាស្ត្រនោះ នឹងឈានដល់កំរិតខ្ពស់បំផុត។
៥ ចូរស្ដាប់តាមបញ្ជារបស់ព្រះយេស៊ូដោយភក្ដីភាពដែលថា៖«ចាំយាម»។ នេះគឺជាចាំបាច់បំផុតនៅគ្រាឥឡូវនេះ។ ចូរឲ្យយើងប្រព្រឹត្តតបយ៉ាងឆាប់រហ័ស។ ថ្ងៃនេះនិងរៀងរាល់ថ្ងៃបន្តបន្ទាប់ ចូរឲ្យយើងនៅដឹងខ្លួនខាងវិញ្ញាណ ប្រុងប្រយ័ត្ន និងមានសកម្មភាពជាច្រើនក្នុងកិច្ចបំរើព្រះយេហូវ៉ា។ ត្រូវហើយ សូមឲ្យយើង«ចាំយាម ហើយដឹងខ្លួន»។—ថែស្សាឡូនីចទី១ ៥:៦