ជួយមនុស្សឲ្យ«ភ្ញាក់ពីការដេកលក់»
«អ្នករាល់គ្នាដឹងថាគ្រានេះ ជាគ្រាណាហើយ គឺជាម៉ោងដែល អ្នករាល់គ្នាត្រូវភ្ញាក់ពីការដេកលក់»។—រ៉ូម ១៣:១១
តើអ្នកអាចពន្យល់បានឬទេ?
ហេតុអ្វីជាការសំខាន់ដែលគ្រិស្តសាសនិកត្រូវភ្ញាក់ដឹងខ្លួនជានិច្ច?
ហេតុអ្វីអ្នកផ្សព្វផ្សាយដែលប្រុងស្មារតីគួរចេះស្ដាប់និងចេះសង្កេតមើល?
ពេលផ្សព្វផ្សាយ ហេតុអ្វីយើងគួរបង្ហាញចិត្តសប្បុរសនិងចិត្តស្លូតបូត?
១, ២. តើក្នុងន័យអ្វីដែលមនុស្សជាច្រើនត្រូវភ្ញាក់ពីការដេកលក់?
រៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់បានស្លាប់ដោយសារបើកបរពេលងងុយដេកឬពេលដេកលក់។ ចំណែកមនុស្សខ្លះទៀតបាត់បង់ការងារដោយសារដេកនៅម៉ោងធ្វើការ ឬដេកហួសម៉ោងទៅធ្វើការ។ ប៉ុន្តែការដេកលក់ម្យ៉ាងដែលអាចនាំឲ្យមានលទ្ធផលអាក្រក់ជាងនេះទៅទៀត គឺការដេកលក់ក្នុងន័យធៀបដែលទាក់ទងនឹងចំណងមិត្តភាពជាមួយព្រះ។ គម្ពីរបានបញ្ជាក់អំពីការដេកក្នុងន័យធៀបនេះពេលចែងថា៖ «អ្នកណាដែលមិនដេកលក់ . . . អ្នកនោះមានសុភមង្គល»។—បប. ១៦:១៤-១៦
២ កាលដែលថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ាកាន់តែជិតដល់ មនុស្សទូទៅកំពុងតែដេកលក់ក្នុងន័យធៀប។ សូម្បីតែអ្នកដឹកនាំខ្លះរបស់ពិភពគ្រិស្តសាសនាក៏បានប្រាប់ថាសមាជិករបស់ពួកគេកំពុងដេកលក់។ តើការដេកលក់ក្នុងន័យធៀបជាអ្វី? ហេតុអ្វីចាំបាច់ឲ្យគ្រិស្តសាសនិកពិតនៅភ្ញាក់ជានិច្ច? តើយើងអាចជួយអ្នកឯទៀតឲ្យភ្ញាក់ពីការដេកលក់នេះយ៉ាងដូចម្ដេច?
តើការដេកលក់ក្នុងន័យធៀបជាអ្វី?
៣. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីមនុស្សដែលដេកលក់ក្នុងន័យធៀប?
៣ ធម្មតាមនុស្សដែលកំពុងដេកលក់មិនធ្វើសកម្មភាពអ្វីឡើយ។ ផ្ទុយទៅវិញ អស់អ្នកដែលដេកលក់ក្នុងន័យធៀបមមាញឹកខ្លាំងណាស់តែពួកគេមិនមែនមមាញឹកក្នុងការគោរពប្រណិប័តន៍ព្រះទេ។ ពួកគេវក់តែនឹងកង្វល់អំពីជីវិតប្រចាំថ្ងៃ ឬស្វែងរកការសប្បាយ ការចង់បានមុខមាត់ ឬក៏ទ្រព្យសម្បត្ដិ។ ដោយសារសកម្មភាពទាំងអស់នេះ ពួកគេមិនសូវយកចិត្តទុកដាក់នឹងការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ មនុស្សដែលនៅភ្ញាក់ យល់ថាយើងកំពុងតែរស់«នៅគ្រាចុងក្រោយបង្អស់» ដូច្នេះហើយពួកគេធ្វើតាមបំណងប្រាថ្នារបស់ព្រះច្រើនបំផុតតាមតែអាចធ្វើទៅបាន។—២ពេ. ៣:៣, ៤; លូក. ២១:៣៤-៣៦
៤. តើដំបូន្មានដែលថា«កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត» មានសារៈសំខាន់អ្វី?
៤ សូមអាន ថែស្សាឡូនិចទី១ ៥:៤-៨។ ក្នុងខទាំងនេះ សាវ័កប៉ូលទូន្មានបងប្អូនរួមជំនឿថា៖ «កុំឲ្យយើងដេកលង់លក់ដូចអ្នកឯទៀត»។ តើគាត់ចង់បញ្ជាក់ន័យអ្វី? យើងអាច«ដេកលង់លក់»ក្នុងន័យថាយើងមិនអើពើនឹងខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ យើងក៏អាច«ដេកលង់លក់»ក្នុងន័យថាយើងមិនអើពើនឹងការពិតដែលថា ពេលវេលាដែលព្រះយេហូវ៉ាបំផ្លាញមនុស្សអាក្រក់គឺជិតដល់ហើយ។ យើងត្រូវប្រុងប្រយ័ត្នកុំឲ្យទទួលឥទ្ធិពលពីមនុស្សអាក្រក់ដែលដេកលក់ក្នុងន័យធៀប ហើយចាប់ផ្ដើមគិតនិងប្រព្រឹត្តដូចពួកគេ។
៥. តើមនុស្សដែលកំពុងដេកលក់ក្នុងន័យធៀបមានចិត្តគំនិតបែបណា?
៥ មនុស្សខ្លះគិតថាគ្មានព្រះដែលនឹងវិនិច្ឆ័យការប្រព្រឹត្តរបស់ពួកគេទេ។ (ទំនុក. ៥៣:១) អ្នកខ្លះទៀតស្រមៃគិតថាព្រះមិនយកចិត្តទុកដាក់នឹងមនុស្សទេ ហេតុនេះមនុស្សក៏មិនចាំបាច់គិតអំពីលោកដែរ។ រីឯអ្នកឯទៀតមានអារម្មណ៍ថា បើពួកគេទៅវិហារនឹងធ្វើឲ្យគេមានចំណងមិត្តភាពជាមួយព្រះ។ មនុស្សទាំងអស់នេះកំពុងដេកលក់ក្នុងន័យធៀប។ ពួកគេត្រូវតែភ្ញាក់ដឹងខ្លួន។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
យើងត្រូវនៅភ្ញាក់
៦. ហេតុអ្វីគ្រិស្តសាសនិកត្រូវខំព្យាយាមនៅភ្ញាក់ជានិច្ច?
៦ ដើម្បីអាចដាស់អ្នកឯទៀតបាន យើងត្រូវនៅភ្ញាក់ជានិច្ច។ តើនេះរួមបញ្ចូលអ្វីខ្លះ? បណ្ដាំរបស់ព្រះចែងថាអស់អ្នកដេកលក់ក្នុងន័យធៀបកំពុងតែ«ប្រព្រឹត្តខាងភាពងងឹត»ដែលរួមមាន ជប់លៀងសប្បាយឥតបើគិត ផឹកស្រាឲ្យស្រវឹង ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ មានសីលធម៌ធូររលុង ឈ្លោះប្រកែកគ្នា ច្រណែនគ្នា។ (សូមអាន រ៉ូម ១៣:១១-១៤) ជៀសវាងពីការប្រព្រឹត្តទាំងនោះអាចពិបាកណាស់។ យើងចាំបាច់ត្រូវប្រុងប្រយ័ត្ន។ អ្នកបើកឡានម្នាក់ត្រូវចាំថា បើគាត់ដេកលក់ពេលបើកបរ គាត់អាចស្លាប់។ ចំណែកគ្រិស្តសាសនិកវិញត្រូវប្រុងប្រយ័ត្នជាងនេះទៅទៀតដោយចាំថា ការដេកលក់ក្នុងន័យធៀបដែលទាក់ទងនឹងចំណងមិត្តភាពជាមួយព្រះក៏អាចបណ្ដាលឲ្យស្លាប់ដែរ!
៧. តើគំនិតមិនត្រឹមត្រូវអំពីមនុស្សក្នុងតំបន់ផ្សាយអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
៧ ជាឧទាហរណ៍ គ្រិស្តសាសនិកម្នាក់អាចចាប់ផ្ដើមគិតថា មនុស្សទាំងអស់នៅក្នុងតំបន់ផ្សាយរបស់គាត់បដិសេធដំណឹងល្អនិងមិនព្រមផ្លាស់ប្ដូរចិត្ត។ (សុភ. ៦:១០, ១១) គាត់អាចលើកហេតុផលថា៖ ‹បើមនុស្សក្នុងតំបន់ផ្សាយមិនធ្វើតាមដំណឹងល្អ យើងចាំបាច់ព្យាយាមទៅជួបឬជួយពួកគេធ្វើអ្វី?›។ ពិតមែន ឥឡូវមនុស្សជាច្រើនដេកលក់ក្នុងន័យធៀប ប៉ុន្តែកាលៈទេសៈនិងចិត្តគំនិតរបស់ពួកគេអាចផ្លាស់ប្ដូរ។ មនុស្សខ្លះភ្ញាក់ខ្លួននិងទទួលយកដំណឹងល្អ។ បើយើងនៅភ្ញាក់ យើងអាចជួយពួកគេបាន។ យើងអាចធ្វើដូច្នេះដោយសាកល្បងវិធីថ្មីៗដើម្បីប្រាប់ដំណឹងអំពីរាជាណាចក្រតាមរបៀបដែលទាក់ទាញចិត្តរបស់ពួកគេ។ ដើម្បីជួយយើងឲ្យនៅភ្ញាក់ជានិច្ច យើងត្រូវចាំអំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយរបស់យើង។
តើអ្វីធ្វើឲ្យកិច្ចការផ្សព្វផ្សាយរបស់យើងសំខាន់?
៨. ហេតុអ្វីកិច្ចបម្រើផ្សាយរបស់គ្រិស្តសាសនិកគឺសំខាន់ម្ល៉េះ?
៨ សូមចាំថា ទោះជាម្ចាស់ផ្ទះមានប្រតិកម្មយ៉ាងណាក៏ដោយ កិច្ចការផ្សព្វផ្សាយរបស់យើងគឺដើម្បីសរសើរតម្កើងព្រះយេហូវ៉ា និងមានតួនាទីដើម្បីបំពេញគោលបំណងរបស់លោក។ មិនយូរទៀត មនុស្សដែលមិនស្ដាប់តាមដំណឹងល្អនឹងទទួលការកាត់ទោស។ ប្រតិកម្មរបស់មនុស្សចំពោះការផ្សព្វផ្សាយដំណឹងល្អជាមូលដ្ឋានដែលព្រះកាត់ទោសពួកគេ។ (២ថែ. ១:៨, ៩) ម្យ៉ាងវិញទៀត បើគ្រិស្តសាសនិកម្នាក់លើកហេតុផលថាកិច្ចការផ្សព្វផ្សាយគឺមិនសូវសំខាន់ចាំបាច់ទេ ពីព្រោះ«មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ» នោះគាត់យល់ច្រឡំហើយ។ (សកម្ម. ២៤:១៥) តាមរយៈបណ្ដាំរបស់ព្រះយើងយល់ថាពួកអ្នកដែលមានលក្ខណៈដូច«ពពែ»នឹងត្រូវវិនិច្ឆ័យឲ្យ«ទទួលសេចក្ដីស្លាប់ជារៀងរហូត»។ កិច្ចការផ្សព្វផ្សាយរបស់យើងក៏បង្ហាញពីសេចក្ដីមេត្ដាករុណារបស់ព្រះ ពោលគឺបើកឱកាសឲ្យមនុស្សកែប្រែនិងទទួល«ជីវិតដែលគ្មានទីបញ្ចប់»។ (ម៉ាថ. ២៥:៣២, ៤១, ៤៦; រ៉ូម ១០:១៣-១៥) បើយើងមិនផ្សព្វផ្សាយ មនុស្សប្រាកដជាគ្មានឱកាសឮដំណឹងល្អដែលនាំឲ្យទទួលបានជីវិតដែលគ្មានទីបញ្ចប់នោះទេ។
៩. តើការរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អមានប្រយោជន៍ដល់អ្នកនិងអ្នកឯទៀតយ៉ាងដូចម្ដេច?
៩ ការផ្សព្វផ្សាយដំណឹងល្អក៏ផ្ដល់ប្រយោជន៍ដល់យើងផងដែរ។ (សូមអាន ធីម៉ូថេទី១ ៤:១៦) អ្នកប្រហែលជាបានឃើញថាការប្រាប់មនុស្សអំពីនាមរបស់ព្រះយេហូវ៉ា និងអំពីអ្វីដែលយើងសង្ឃឹមទទួលពីរាជាណាចក្ររបស់លោកបានជួយពង្រឹងជំនឿនិងសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ មែនទេ? នេះក៏បានជួយអ្នកបណ្ដុះឲ្យមានគុណសម្បត្ដិជាគ្រិស្តសាសនិកដែរ មែនទេ? ពេលដែលអ្នកបង្ហាញចិត្តស្មោះភក្ដីរបស់អ្នកចំពោះព្រះដោយរួមចំណែកក្នុងកិច្ចការផ្សព្វផ្សាយ នោះធ្វើឲ្យអ្នកមានសុភមង្គលកាន់តែច្រើនឡើង មែនទេ? បងប្អូនជាច្រើនដែលធ្លាប់មានឯកសិទ្ធិបង្រៀនសេចក្ដីពិតដល់អ្នកឯទៀតមានចិត្តរីករាយដោយឃើញសកម្មពលរបស់ព្រះជួយអ្នកទាំងនោះឲ្យមានរបៀបរស់នៅកាន់តែប្រសើរជាង។
ត្រូវចេះសង្កេតមើល
១០, ១១. (ក) តើលោកយេស៊ូនិងសាវ័កប៉ូលបានប្រុងស្មារតីនិងចេះសង្កេតមើលយ៉ាងដូចម្ដេច? (ខ) សូមលើកឧទាហរណ៍ដែលបញ្ជាក់អំពីរបៀបការប្រុងស្មារតីជានិច្ចនិងការចេះសង្កេតមើលអាចជួយបង្កើនគុណភាពក្នុងកិច្ចផ្សព្វផ្សាយ។
១០ មានវិធីផ្សេងៗដែលយើងអាចធ្វើឲ្យមនុស្សចាប់អារម្មណ៍ពេលយើងផ្សព្វផ្សាយដំណឹងល្អ។ ដូច្នេះហើយ គ្រិស្តសាសនិកត្រូវចេះសង្កេតមើល។ ស្តីអំពីរឿងនេះ លោកយេស៊ូបានទុកគំរូឲ្យយើង។ ជាមនុស្សដែលល្អឥតខ្ចោះ លោកអាចមើលដឹងអំពីកំហឹងដែលមាននៅក្នុងចិត្តរបស់ផារិស៊ីម្នាក់ អាចដឹងថាស្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងបានប្រែចិត្តយ៉ាងស្មោះ និងអាចដឹងអំពីចិត្តគំនិតលះបង់ប្រយោជន៍ខ្លួនរបស់ស្ត្រីមេម៉ាយម្នាក់។ (លូក. ៧:៣៧-៥០; ២១:១-៤) លោកយេស៊ូអាចបំពេញអ្វីដែលបុគ្គលម្នាក់ៗត្រូវការបាន។ ក៏ប៉ុន្តែ អ្នកបម្រើរបស់ព្រះមិនចាំបាច់ជាមនុស្សល្អឥតខ្ចោះដើម្បីចេះសង្កេតមើលនោះទេ។ សាវ័កប៉ូលបានបង្ហាញអំពីរឿងនេះ។ គាត់បានកែប្រែពាក្យផ្សព្វផ្សាយរបស់គាត់ដើម្បីទាក់ទាញមនុស្សដែលមកពីមជ្ឈដ្ឋានផ្សេងៗ និងមនុស្សដែលមានទស្សនៈខុសៗគ្នា។—សកម្ម. ១៧:២២, ២៣, ៣៤; ១កូ. ៩:១៩-២៣
១១ ដោយខំប្រឹងប្រុងស្មារតីជានិច្ចនិងចេះសង្កេតមើលដូចលោកយេស៊ូនិងសាវ័កប៉ូល យើងអាចយល់នូវរបៀបដ៏ល្អបំផុតដើម្បីធ្វើឲ្យពួកអ្នកដែលយើងជួបក្នុងកិច្ចការផ្សព្វផ្សាយចាប់អារម្មណ៍។ ជាឧទាហរណ៍ ពេលផ្សព្វផ្សាយ សូមស្វែងរកតម្រុយដែលបង្ហាញពីវប្បធម៌របស់ពួកគេ អ្វីដែលពួកគេចាប់អារម្មណ៍ ឬស្ថានភាពគ្រួសាររបស់ពួកគេជាដើម។ អ្នកប្រហែលជាអាចសង្កេតមើលថា ‹តើពួកគេកំពុងធ្វើអ្វីនៅពេលនោះ?› ហើយចាប់ផ្ដើមការសន្ទនាតាមរបៀបគួរសមដោយនិយាយអំពីរឿងនោះ។
១២. ពេលផ្សព្វផ្សាយ ហេតុអ្វីយើងគួរយកចិត្តទុកដាក់នឹងការសន្ទនារបស់យើង?
១២ អ្នកដែលចេះសង្កេតមើលព្យាយាមមិនឲ្យអ្វីៗមកទាញបំបែរអារម្មណ៍គាត់ទេ។ ក្នុងអំឡុងពេលផ្សព្វផ្សាយ ការសន្ទនាជាមួយដៃគូរបស់យើងអាចផ្ដល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ ប៉ុន្តែ យើងចង់ចាំថា គោលបំណងរបស់យើងក្នុងកិច្ចការផ្សព្វផ្សាយគឺផ្សព្វផ្សាយដល់អ្នកឯទៀត។ (សាស្ដ. ៣:១, ៧) ដូច្នេះ យើងគួរប្រុងប្រយ័ត្នកុំឲ្យការសន្ទនានៅចន្លោះពីផ្ទះមួយទៅផ្ទះមួយទាញអារម្មណ៍យើងចេញពីកិច្ចផ្សព្វផ្សាយ។ ការពិភាក្សាអំពីប្រធានបទណាមួយដែលយើងចង់ប្រាប់អ្នកដែលចាប់អារម្មណ៍ គឺជាវិធីដ៏ល្អដើម្បីជួយយើងឲ្យប្រុងស្មារតីជានិច្ចក្នុងកិច្ចការផ្សព្វផ្សាយ។ បន្ថែមទៅទៀត ទោះជាទូរស័ព្ទដៃអាចជួយយើងក្នុងកិច្ចការផ្សព្វផ្សាយម្ដងម្កាលក៏ពិតមែន តែយើងគួរធ្វើយ៉ាងណាដើម្បីកុំឲ្យទូរស័ព្ទដៃរំខានដល់ការសន្ទនារបស់យើងជាមួយនឹងម្ចាស់ផ្ទះ។
បង្ហាញការយកចិត្តទុកដាក់
១៣, ១៤. (ក) តើតាមរបៀបណាដែលយើងអាចដឹងថាបុគ្គលម្នាក់ចាប់អារម្មណ៍លើរឿងអ្វី? (ខ) ក្នុងកិច្ចផ្សព្វផ្សាយ តើយើងអាចចាប់ផ្ដើមការសន្ទនាយ៉ាងដូចម្ដេច?
១៣ អ្នកផ្សព្វផ្សាយដែលប្រុងស្មារតីនិងនៅភ្ញាក់ជានិច្ច ក៏ស្ដាប់ពួកអ្នកដែលពួកគេជួបដែរ។ តើអ្នកអាចលើកឡើងសំណួរអ្វីខ្លះដើម្បីធ្វើឲ្យមនុស្សក្នុងតំបន់ផ្សាយរបស់អ្នកប្រាប់អំពីអារម្មណ៍របស់ពួកគេ? តើពួកគេខ្វល់ដោយសារមានសាសនាកាន់តែច្រើន ឬមានអំពើហិង្សាកាន់តែច្រើនឡើងៗក្នុងតំបន់នោះ ឬក៏ដោយសាររដ្ឋាភិបាលបានបរាជ័យជាច្រើនដងឬទេ? តើអ្នកអាចធ្វើឲ្យមនុស្សដែលស្រេកឃ្លានការណែនាំពីព្រះចាប់អារម្មណ៍ ដោយនិយាយអំពីរបៀបអស្ចារ្យដែលរបស់មានជីវិតបានត្រូវបង្កើតមក ឬដោយបញ្ជាក់អំពីរបៀបដែលការធ្វើតាមឱវាទក្នុងគម្ពីរនាំឲ្យមានប្រយោជន៍ឬទេ? ការអធិដ្ឋានជាអ្វីដែលមនុស្សស្ទើរតែមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ចាប់អារម្មណ៍ សូម្បីតែអ្នកខ្លះដែលមិនជឿថាមានព្រះក៏ចាប់អារម្មណ៍ដែរ។ មនុស្សជាច្រើនឆ្ងល់ថា តើមានបុគ្គលម្នាក់ដែលស្ដាប់ការអធិដ្ឋានឬទេ? មនុស្សឯទៀតប្រហែលជាចង់ដឹងចម្លើយចំពោះសំណួរដែលថា តើព្រះស្ដាប់ការអធិដ្ឋានទាំងអស់ឬទេ? បើលោកមិនស្ដាប់ តើយើងគួរធ្វើយ៉ាងណាដើម្បីឲ្យលោកស្ដាប់ការអធិដ្ឋានរបស់យើង?
១៤ យើងទំនងជារៀនយ៉ាងច្រើនអំពីរបៀបដែលយើងអាចចាប់ផ្ដើមការសន្ទនាដោយចេះសង្កេតមើលរបៀបនិយាយរបស់អ្នកផ្សព្វផ្សាយដែលមានពិសោធន៍។ សូមកត់សម្គាល់អំពីរបៀបដែលពួកគេជៀសវាងពីការជជីកសួរ ឬការចង់ដឹងចង់ឮ។ តើទំហំសំឡេង និងទឹកមុខរបស់ពួកគាត់បង្ហាញយ៉ាងដូចម្ដេចថាពួកគាត់ចាប់អារម្មណ៍ចង់យល់អំពីទស្សនៈរបស់ម្ចាស់ផ្ទះ?—សុភ. ១៥:១៣
ចិត្តសប្បុរសនិងភាពប៉ិនប្រសប់
១៥. ហេតុអ្វីយើងគួរបង្ហាញចិត្តសប្បុរសក្នុងកិច្ចការផ្សព្វផ្សាយ?
១៥ តើអ្នកចូលចិត្តឲ្យគេដាស់អ្នកពេលដែលអ្នកកំពុងតែដេកលក់ស៊ប់ឬទេ? មនុស្សជាច្រើនមានប្រតិកម្មមិនល្អទេនៅពលដែលត្រូវគេដាស់ឲ្យភ្ញាក់ក្នុងមួយរំពេច។ តាមធម្មតា មនុស្សចូលចិត្តឲ្យអ្នកឯទៀតដាស់ពួកគេឲ្យភ្ញាក់តាមរបៀបថ្នមៗវិញ។ តាមការពិត នេះគឺដូចគ្នាពេលសំដៅទៅលើការដាស់មនុស្សឲ្យភ្ញាក់ក្នុងន័យធៀប។ ជាឧទាហរណ៍ ប្រសិនបើនរណាម្នាក់មានប្រតិកម្មខឹងពេលដែលអ្នកជួបគាត់ក្នុងកិច្ចការផ្សព្វផ្សាយ តើអ្វីជាការឆ្លើយតបដ៏ល្អបំផុត? សូមបង្ហាញភាពសប្បុរសដោយទទួលស្គាល់អារម្មណ៍របស់គាត់ អរគុណគាត់ដែលបាននិយាយយ៉ាងចំៗ ហើយចាកចេញទៅដោយស្ងប់ស្ងាត់។ (សុភ. ១៥:១; ១៧:១៤; ២ធី. ២:២៤) ដោយសារអ្នកបង្ហាញភាពសប្បុរស នោះប្រហែលជាជំរុញឲ្យបុគ្គលបែបនោះមានប្រតិកម្មល្អជាងពេលជួបអ្នកផ្សព្វផ្សាយនៅលើកក្រោយ។
១៦, ១៧. ពេលយើងផ្សព្វផ្សាយ តើយើងអាចប្រើសមត្ថភាពរិះគិតរបស់យើងយ៉ាងដូចម្ដេច?
១៦ ក្នុងករណីផ្សេងទៀត អ្នកប្រហែលជាអាចយកឈ្នះលើប្រតិកម្មមិនល្អរបស់ម្ចាស់ផ្ទះបាន។ មនុស្សខ្លះប្រហែលជានិយាយថា៖ «ខ្ញុំមិនចង់ស្ដាប់ទេ! ខ្ញុំមានសាសនារបស់ខ្ញុំហើយ» ឬក៏«ខ្ញុំមិនចាប់អារម្មណ៍ទេ!»។ ពួកគេនិយាយពាក្យទាំងនេះដោយសារតាមមើលទៅ នេះជាវិធីដែលស្រួលបំផុតដើម្បីបញ្ចប់ការសន្ទនា។ ក៏ប៉ុន្តែ ដោយមានចិត្តសប្បុរសនិងភាពប៉ិនប្រសប់ អ្នកប្រហែលជាអាចលើកឡើងនូវសំណួរដែលគួរឲ្យចាប់អារម្មណ៍ដើម្បីធ្វើឲ្យម្ចាស់ផ្ទះចង់ស្ដាប់សេចក្ដីពិតពីគម្ពីរ។—សូមអាន កូឡុស ៤:៦
១៧ ជួនកាល ពេលយើងជួបមនុស្សខ្លះដែលមានអារម្មណ៍ថាពួកគេរវល់ពេកដើម្បីស្ដាប់យើង ជាការល្អបំផុតឲ្យយើងទទួលស្គាល់កាលៈទេសៈនោះហើយចាកចេញ។ ប៉ុន្តែ ពេលខ្លះអ្នកប្រហែលជាឃើញថា អ្នកអាចនិយាយយ៉ាងខ្លីនិងផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដល់ម្ចាស់ផ្ទះបាន។ បងប្អូនខ្លះអាចបើកគម្ពីរ អានជូនម្ចាស់ផ្ទះ និងទុកសំណួរមួយដល់ម្ចាស់ផ្ទះ ក្នុងរយៈពេលតិចជាងមួយនាទី។ ជួនកាល ការផ្សព្វផ្សាយតាមរបៀបខ្លីៗដូចនេះបានធ្វើឲ្យម្ចាស់ផ្ទះចាប់អារម្មណ៍ដល់ម្ល៉េះដែលគាត់ឃើញថា គាត់មិនមែនរវល់ពេករហូតដល់មិនមានពេលសម្រាប់ការសន្ទនាខ្លីៗនោះទេ។ សូមព្យាយាមធ្វើដូច្នេះពេលកាលៈទេសៈរបស់អ្នកអនុញ្ញាត។
១៨. តើយើងអាចធ្វើយ៉ាងណាដើម្បីមានប្រសិទ្ធភាពច្រើនជាងនៅពេលផ្សព្វផ្សាយក្រៅផ្លូវការ?
១៨ ពេលយើងជួបមនុស្សក្នុងជីវិតប្រចាំថ្ងៃ យើងអាចធ្វើឲ្យពួកគេចាប់អារម្មណ៍នឹងដំណឹងល្អបាន បើយើងរៀបចំដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ។ បងប្អូនជាច្រើននាក់បានយកសៀវភៅឬខិត្តប័ណ្ណខ្លះដាក់ជាប់ខ្លួនឬក្នុងកាបូប។ ពួកគេក៏ប្រហែលជាចាំបទគម្ពីរមួយដែរដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត ពេលមានឱកាស។ អ្នកអាចនិយាយជាមួយអ្នកត្រួតពិនិត្យកិច្ចបម្រើ ឬអ្នកត្រួសត្រាយក្នុងក្រុមជំនុំរបស់អ្នកអំពីរបៀបដែលអ្នកអាចត្រៀមខ្លួនដើម្បីធ្វើដូច្នេះ។
ដោយចិត្តសប្បុរសចូរជួយសាច់ញាតិរបស់អ្នកឲ្យភ្ញាក់ដឹងខ្លួន
១៩. ហេតុអ្វីយើងមិនគួរឈប់ព្យាយាមជួយសាច់ញាតិរបស់យើង?
១៩ តាមធម្មតា យើងចង់ជួយសាច់ញាតិរបស់យើងឲ្យស្ដាប់តាមដំណឹងល្អ។ (យ៉ូស. ២:១៣; សកម្ម. ១០:២៤, ៤៨; ១៦:៣១, ៣២) បើការខំព្យាយាមរបស់យើងបានត្រូវគេបដិសេធ នោះអាចធ្វើឲ្យយើងមិនហ៊ានសាកល្បងម្ដងទៀតទេ។ យើងអាចគិតថា មិនសូវមានអ្វីដែលយើងអាចនិយាយឬប្រព្រឹត្តដើម្បីផ្លាស់ប្ដូរទស្សនៈរបស់ពួកគាត់ទេ។ ប៉ុន្តែ ព្រឹត្ដិការណ៍ផ្សេងៗអាចធ្វើឲ្យសាច់ញាតិរបស់យើងផ្លាស់ប្ដូរជីវិតឬទស្សនៈរបស់ពួកគាត់។ ឬក៏អ្នកប្រហែលជាបានបង្កើនសមត្ថភាពរបស់អ្នកក្នុងការពន្យល់សេចក្ដីពិត ដូច្នេះអ្នកប្រហែលជាទទួលលទ្ធផលល្អជាងមុន។
២០. ហេតុអ្វីជាការសំខាន់ឲ្យយើងនិយាយដោយសប្បុរសចំពោះសាច់ញាតិរបស់យើង?
២០ យើងគួរគិតអំពីអារម្មណ៍របស់សាច់ញាតិយើង។ (រ៉ូម ២:៤) យើងគួរនិយាយដោយសប្បុរសចំពោះពួកគាត់ដូចយើងនិយាយចំពោះពួកអ្នកដែលយើងជួបពេលផ្សព្វផ្សាយ មែនទេ? សូមនិយាយដោយស្លូតបូតនិងដោយបង្ហាញការគោរព។ អ្នកមិនចាំបាច់និយាយជាមួយគាត់អំពីសេចក្ដីពិតរហូតទេ។ តាមរយៈការប្រព្រឹត្តរបស់អ្នក សូមបង្ហាញពួកគាត់អំពីរបៀបដែលសេចក្ដីពិតបានមានឥទ្ធិពលល្អទៅលើអ្នក។ (អេភ. ៤:២៣, ២៤) សូមឲ្យពួកគាត់ឃើញអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យអ្នកមានជីវិតដែលប្រសើរជាង ដោយលោកបាន‹បង្រៀនអ្នកឲ្យទទួលប្រយោជន៍›។ (អេ. ៤៨:១៧) សូមឲ្យសាច់ញាតិរបស់អ្នកឃើញគំរូរបស់អ្នកក្នុងការរស់នៅជាគ្រិស្តសាសនិក។
២១, ២២. សូមរៀបរាប់បទពិសោធន៍ដែលបង្ហាញអំពីលទ្ធផលល្អដែលមកពីការព្យាយាមជួយសាច់ញាតិឲ្យរៀនអំពីព្រះយេហូវ៉ា។
២១ នៅពេលថ្មីៗនេះ បងស្រីម្នាក់បានសរសេថា៖ «ខ្ញុំតែងតែខំផ្សព្វផ្សាយដល់បងប្អូនប្រុសស្រីទាំង១៣នាក់របស់ខ្ញុំ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់ខ្ញុំ។ ខ្ញុំបានសរសេរសំបុត្រទៅពួកគាត់រាល់ឆ្នាំ។ ប៉ុន្តែ អស់រយៈពេល៣០ឆ្នាំ ខ្ញុំជាសាក្សីព្រះយេហូវ៉ាតែម្នាក់គត់នៅក្នុងក្រុមគ្រួសារ»។
២២ បងស្រីបានបន្តថា៖ «នៅថ្ងៃមួយ ខ្ញុំបានទូរស័ព្ទទៅបងស្រីរបស់ខ្ញុំដែលរស់នៅឆ្ងាយពីខ្ញុំរាប់រយគីឡូម៉ែត្រ។ គាត់បានប្រាប់ខ្ញុំថាគាត់បានសុំគ្រូគង្វាលក្នុងវិហាររបស់គាត់ឲ្យបង្រៀនគម្ពីរដល់គាត់ ប៉ុន្តែគ្រូគង្វាលនោះមិនបានបង្រៀនគម្ពីរដល់គាត់ទេ។ ពេលដែលខ្ញុំប្រាប់គាត់ថា ខ្ញុំសប្បាយនឹងជួយបង្រៀនគម្ពីរដល់គាត់ នោះគាត់បាននិយាយថា៖ ‹អីចឹងក៏បាន ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងមិនក្លាយទៅជាសាក្សីព្រះយេហូវ៉ាឡើយ›។ ក្រោយពីខ្ញុំបានផ្ញើសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?ឲ្យគាត់ ខ្ញុំក៏បានទូរស័ព្ទទៅគាត់រាល់ពីរបីថ្ងៃម្ដង។ ប៉ុន្តែ គាត់នៅតែមិនទាន់បានបើកសៀវភៅនោះអានទៀត។ នៅទីបំផុត ខ្ញុំបានសុំគាត់ឲ្យយកសៀវភៅរបស់គាត់ ហើយយើងបានអាននិងពិភាក្សាគ្នាអំពីបទគម្ពីរខ្លះៗប្រហែលរយៈពេល១៥នាទីតាមទូរស័ព្ទ។ ក្រោយពីខ្ញុំទូរស័ព្ទទៅគាត់បានពីរបីដង គាត់ចង់សិក្សាគម្ពីរច្រើនជាង១៥នាទី។ ក្រោយមក គាត់ចាប់ផ្ដើមទូរស័ព្ទមកខ្ញុំដើម្បីសិក្សាគម្ពីរ ជួនកាលមុនពេលខ្ញុំភ្ញាក់ពីគេងនៅពេលព្រឹកទៅទៀត ហើយជួនកាលពីរដងក្នុងមួយថ្ងៃ។ មួយឆ្នាំក្រោយមក គាត់បានទទួលការជ្រមុជទឹក ហើយមួយឆ្នាំក្រោយពីគាត់ទទួលការជ្រមុជទឹក គាត់ចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយ»។
២៣. ហេតុអ្វីយើងមិនគួរឈប់ព្យាយាមជួយមនុស្សឲ្យភ្ញាក់ដឹងខ្លួន?
២៣ ការជួយមនុស្សឲ្យភ្ញាក់ដឹងខ្លួនពីការដេកលក់ក្នុងន័យធៀប តម្រូវឲ្យយើងមានការប៉ិនប្រសប់ និងការខំព្យាយាមជានិច្ច។ ប៉ុន្តែ មនុស្សដែលមានចិត្តរាបទាបនៅតែព្រមឲ្យយើងដាស់ពួកគេ។ បើគិតជាមធ្យម ជារៀងរាល់ខែ មនុស្សច្រើនជាង២០.០០០នាក់បានទទួលការជ្រមុជទឹកក្លាយជាសាក្សីព្រះយេហូវ៉ា។ ដូច្នេះ សូមឲ្យយើងធ្វើតាមឱវាទរបស់ប៉ូលដែលគាត់បានឲ្យដល់អាឃីប៉ុសដែលរស់នៅសតវត្សរ៍ទី១ថា៖ «ចូរយកចិត្តទុកដាក់បំពេញកិច្ចបម្រើឲ្យបានត្រឹមត្រូវ ជាកិច្ចបម្រើដែលអ្នកបានទទួលក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់»។ (កូឡ. ៤:១៧) អត្ថបទបន្ទាប់នឹងជួយយើងទាំងអស់គ្នាឲ្យយល់ដឹងថា តើការផ្សព្វផ្សាយជាបន្ទាន់មានន័យយ៉ាងណា?
[ប្រអប់នៅទំព័រ១៣]
របៀបដែលអ្នក អាចនៅភ្ញាក់ជានិច្ច
▪ ជាប់រវល់ក្នុងការធ្វើតាមបំណងប្រាថ្នារបស់ព្រះ
▪ ជៀសវាងពីការប្រព្រឹត្តខាងភាពងងឹត
▪ កុំភ្លេចអំពីគ្រោះថ្នាក់ដែលមកពីការដេកលក់ក្នុងន័យធៀប
▪ កុំអស់សង្ឃឹមនឹងមនុស្សក្នុងតំបន់ផ្សាយរបស់អ្នក
▪ ខំរកវិធីថ្មីៗដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត
▪ សូមចាំអំពីសារៈសំខាន់នៃកិច្ចការផ្សព្វផ្សាយរបស់អ្នក