តើគួរផ្សព្វផ្សាយដល់ញាតិសន្ដានយ៉ាងដូចម្ដេច?
១ បើយើងអាចចូលក្នុងពិភពលោកថ្មីជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើង ទាំងមានសាមគ្គីភាពក្នុងការថ្វាយបង្គំព្រះយេហូវ៉ានោះ យើងនឹងមានអំណរដែលប្រៀបផ្ទឹមពុំបាន! យើងអាចមានអំណរនេះមែន បើយើងផ្សព្វផ្សាយដល់ញាតិសន្ដានរបស់យើង។ ក៏ប៉ុន្តែ យើងត្រូវតែជាមនុស្សចេះគិតពិចារណាទើបការផ្សព្វផ្សាយរបស់យើងធ្វើឲ្យពួកគាត់ចង់ស្ដាប់។ អ្នកត្រួតពិនិត្យតាមមណ្ឌលម្នាក់ប្រាប់ថា៖ «បងប្អូនដែលទទួលលទ្ធផលល្អបំផុត គឺជាអ្នកដែលផ្សព្វផ្សាយបន្ដិចម្ដងៗ ប្រាប់អ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ញាតិសន្ដាននោះ»។ តើយើងអាចធ្វើនោះយ៉ាងដូចម្ដេច?
២ ចូរទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់: ចូរគិតឲ្យបានដិតដល់អំពីវិធីដែលអាចធ្វើឲ្យញាតិសន្ដានរបស់អ្នកចាប់អារម្មណ៍។ (សុ. ១៥:២៨) តើពួកគាត់ខ្វល់ខ្វាយនឹងរឿងអ្វីខ្លះ? តើពួកគាត់កំពុងតែប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? អ្នកអាចបង្ហាញអត្ថបទមួយឬប្រាប់ពីបទគម្ពីរមួយ ស្តីអំពីរឿងដែលពួកគាត់ចាប់អារម្មណ៍ជាពិសេស។ បើញាតិសន្ដានរបស់អ្នកមិនរស់នៅជិតទេ អ្នកអាចទាក់ទងពួកគាត់ដោយផ្ញើសំបុត្រឬតាមទូរស័ព្ទ។ ដោយមិននិយាយច្រើនពេក ចូរព្រោះពូជនៃសេចក្ដីពិត ហើយពឹងព្រះយេហូវ៉ាឲ្យទ្រង់ធ្វើឲ្យពូជនោះដុះឡើង។—១កូ. ៣:៦
៣ ក្រោយពីព្រះយេស៊ូបានបណ្ដេញអារក្សជាច្រើនចេញពីបុរសម្នាក់ ទ្រង់បង្គាប់បុរសនោះថា៖ «ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម្ល៉េះដែលព្រះអម្ចាស់បានមេត្ដាប្រោសដល់ឯងវិញ»។ (ម៉ាក. ៥:១៩) ញាតិសន្ដានរបស់បុរសនោះច្បាស់ជាបានកោតស្ញប់ស្ញែងយ៉ាងខ្លាំងណាស់! ទោះជាអ្នកគ្មានបទពិសោធន៍អស្ចារ្យដូចនេះក៏ដោយ តែញាតិសន្ដានរបស់អ្នកទំនងជាចាប់អារម្មណ៍ទៅលើទង្វើរបស់អ្នកនិងកូនរបស់អ្នក។ អ្នកអាចប្រាប់ពីសុន្ទរកថាដែលអ្នកមានក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ ឬមហាសន្និបាតមួយដែលអ្នកបានទៅ ឬក៏ការទៅលេងនៅបេតអែល ឬមួយក៏បទពិសោធន៍ដ៏ផ្ទាល់ខ្លួនដែលចងចាំមិនភ្លេច។ បើនិយាយពីរឿងបែបនេះ អ្នកប្រហែលជានឹងមានឱកាសប្រាប់ពួកគាត់នូវពត៌មានថែមទៀតអំពីព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។
៤ ចូរគិតជាមុនសិន: ពេលដែលផ្សព្វផ្សាយដល់ញាតិសន្ដាន កុំប្រាប់ពួកគាត់នូវពត៌មានច្រើនពេកក្នុងពេលតែមួយឡើយ។ បងប្រុសម្នាក់ប្រាប់ពីពេលដែលគាត់ចាប់ផ្ដើមរៀនព្រះគម្ពីរ ដោយសារភាពថា៖ «អស់រាប់ម៉ោងខ្ញុំនិយាយបូរបាច់រៀបរាប់ប្រាប់ម្ដាយខ្ញុំស្ទើរតែអ្វីទាំងអស់ដែលខ្ញុំបានរៀនពីព្រះគម្ពីរ ហើយជាញយៗនេះក៏បាននាំឲ្យមានការឈ្លោះប្រកែកគ្នា ជាពិសេសជាមួយនឹងឪពុកខ្ញុំ»។ សូម្បីតែពេលដែលញាតិសន្ដានមានចំណាប់អារម្មណ៍ទៅលើសារព្រះគម្ពីរក៏ដោយ យើងត្រូវឆ្លើយតាមរបៀបដែលនាំឲ្យពួកគាត់ចង់ដឹងថែមទៀត។ (សុ. ២៥:៧) ចូរបង្ហាញការគោរព ភាពស្លូតបូត និងចិត្តអត់ធ្មត់ជានិច្ច ដូចពេលដែលនិយាយជាមួយនឹងអ្នកចំឡែកក្នុងកិច្ចផ្សព្វផ្សាយ។—កូល. ៤:៦
៥ មានពេលមួយដែលបងប្អូនរបស់ព្រះយេស៊ូបាននឹកស្មានថាទ្រង់វង្វេងស្មារតី។ (ម៉ាក. ៣:២១) ក៏ប៉ុន្តែ ក្រោយមកញាតិសន្ដានខ្លះបានទៅជាអ្នកជឿ។ (កិច្ច. ១:១៤) បើពួកគាត់មិនសូវពេញចិត្តនៅដើមដំបូងពេលដែលអ្នកប្រាប់សេចក្ដីពិតនោះ កុំអស់សង្ឃឹមឡើយ។ ចិត្តគំនិតនិងកាលៈទេសៈរបស់មនុស្សអាចប្រែប្រួល។ ចូរបន្តរកឱកាសផ្សេងទៀតដើម្បីប្រាប់ចំណុចមួយដែលនឹងធ្វើឲ្យពួកគាត់ចាប់អារម្មណ៍។ អ្នកប្រហែលជាអាចមានអំណរដែលមកពីការជួយឲ្យពួកគាត់ចាប់ផ្ដើមដើរក្នុងផ្លូវឆ្ពោះទៅរកជីវិតជារៀងរហូត។—ម៉ាថ. ៧:១៣, ១៤
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីយើងត្រូវចេះគិតពេលដែលផ្សព្វផ្សាយដល់ញាតិសន្ដាន?
២. បើយើងបង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះទៅលើញាតិសន្ដានរបស់យើង តើនោះអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគាត់យ៉ាងដូចម្ដេច?
៣. ដោយសារញាតិសន្ដានរបស់យើងតែងចាប់អារម្មណ៍ទៅលើទង្វើរបស់យើង តើនោះប្រហែលជាហុចឱកាសឲ្យផ្សព្វផ្សាយយ៉ាងដូចម្ដេច?
៤. តើយើងគួរចៀសវាងអ្វីខ្លះពេលដែលផ្សព្វផ្សាយដល់ញាតិសន្ដាន?
៥. តើយើងគួរធ្វើយ៉ាងណាបើញាតិសន្ដានមិនស្ដាប់តាមពេលដែលយើងផ្សព្វផ្សាយដល់ពួកគាត់?