បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៣ ទំ. ៣-៦
  • ការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមិនជឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការទាក់ទាញចិត្តរបស់ញាតិសន្ដានដែលមិនជឿ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»​
  • ចុះ​យ៉ាង​ណា​ប្អូន​ៗ​របស់​លោក​យេស៊ូ?
  • អ្នក​ខ្លះ​ត្រូវ​ការ​ពេល​ច្រើន
  • មាន​កម្លាំង​ចិត្ត​ឡើង​វិញ តាម​រយៈ​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក
  • ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ
  • កុំ​អស់​សង្ឃឹម​ឲ្យ​សោះ
  • តើគួរផ្សព្វផ្សាយដល់ញាតិសន្ដានយ៉ាងដូចម្ដេច?
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សេចក្ដីពិតនាំឲ្យមាន‹ទំនាស់ មិនមែននាំឲ្យមានសន្ដិភាពទេ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «ពួកអ្នកដែលស្ដាប់អ្នក»នឹងត្រូវសង្គ្រោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើគ្រួសាររបស់អ្នកចាត់ព្រះទុកជាទីមួយទេ?
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៣ ទំ. ៣-៦

ការ​ទាក់​ទាញ​ចិត្ត​របស់​ញាតិ​សន្ដាន​ដែល​មិន​ជឿ

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ញាតិ​សន្ដាន​របស់​អ្នក​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​អ្នក និង​អំពី​របៀប​ដែល​លោក​បាន​មេត្ដា​ចំពោះ​អ្នក​»។ នៅ​ពេល​នោះ លោក​យេស៊ូ​ទំនង​ជា​នៅ​តំបន់​ហ្គាដារ៉ា ដែល​នៅ​ខាង​ត្បូង​ឆៀង​ខាង​កើត​សមុទ្រ​កាលីឡេ កំពុង​និយាយ​ទៅ​បុរស​ម្នាក់​ដែល​ចង់​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ពាក្យ​របស់​លោក​យេស៊ូ​បង្ហាញ​ថា​លោក​បាន​យល់​លក្ខណៈ​សំខាន់​របស់​មនុស្ស ពោល​គឺ​សេចក្ដី​ប្រាថ្នា​ប្រាប់​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​រឿង​ដែល​សំខាន់​ដល់​ញាតិ​សន្ដាន។—ម៉ាក. ៥:១៩

យើង​ក៏​ច្រើន​តែ​ឃើញ​លក្ខណៈ​នេះ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ទោះ​ជា​ក្នុង​វប្បធម៌​ខ្លះ លក្ខណៈ​នោះ​គឺ​ច្បាស់​ជាង​ក្នុង​វប្បធម៌​ឯ​ទៀត​ក៏​ដោយ។ ហេតុ​នេះ កាល​ណា​បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត ជា​ធម្មតា​គាត់​ចង់​ប្រាប់​ជំនឿ​ថ្មី​របស់​គាត់​ដល់​ញាតិ​សន្ដាន។ ប៉ុន្តែ តើ​គាត់​គួរ​ប្រាប់​ជំនឿ​នោះ​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​គាត់​អាច​ទាក់​ទាញ​ចិត្ត​ញាតិ​សន្ដាន​ដែល​មាន​ជំនឿ​សាសនា​ផ្សេង ឬ​មិន​មាន​ជំនឿ​ទាល់​តែ​សោះ? គម្ពីរ​ផ្ដល់​ឱវាទ​ដ៏​ល្អ ហើយ​បញ្ជាក់​អំពី​ការ​ពិត។

​«​យើង​រក​ឃើញ​មេស្ស៊ី​ហើយ​»​

នៅ​សតវត្សរ៍​ទី​១ អនទ្រេ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​ដែល​បាន​ដឹង​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ តើ​ភ្លាម​នោះ​គាត់​បាន​ប្រាប់​អ្នក​ណា​អំពី​អ្វី​ដែល​គាត់​រក​ឃើញ? ​«​មុន​បង្អស់ គាត់[​អនទ្រេ​]ទៅ​រក​ស៊ីម៉ូន ជា​បង​ប្រុស​របស់​គាត់ លុះ​ឃើញ​ហើយ​ក៏​ប្រាប់​ថា​៖ ‹យើង​រក​ឃើញ​មេស្ស៊ី​ហើយ› (​ដែល​មាន​ន័យ​ថា គ្រិស្ត​)​»។ អនទ្រេ​បាន​នាំ​ពេត្រុស​ទៅ​លោក​យេស៊ូ។ ដោយ​ធ្វើ​ដូច្នោះ គាត់​ផ្ដល់​ឱកាស​ឲ្យ​ពេត្រុស​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ។—យ៉ូន. ១:៣៥​-​៤២

ប្រហែល​ជា​៦​ឆ្នាំ​ក្រោយ​មក ពេល​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុបប៉ា គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​រហូត​ដល់​ក្រុង​សេសារៀ​ដើម្បី​ទៅ​លេង​ផ្ទះ​កូនេលាស ដែល​ជា​នាយ​ទាហាន​ម្នាក់។ តើ​ពេត្រុស​បាន​ឃើញ​អ្នក​ណាខ្លះ​ដែល​បាន​មក​ជុំ​គ្នា​នៅ​ផ្ទះ​នោះ? ​«​កូនេលាស​កំពុង​រង់​ចាំ[​ពេត្រុស​និង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​គាត់​] ហើយ​បាន​ហៅ​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ឲ្យ​មក​ជុំ​គ្នា​»។ ដូច្នេះ កូនេលាស​បាន​ផ្ដល់​ឱកាសឲ្យ​ញាតិ​សន្ដាន​របស់​គាត់​ឮ​ពេត្រុស​និយាយ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្អែក​លើ​អ្វី​ដែល​ពួក​គេ​បាន​ឮ។—សកម្ម. ១០:២២​-​៣៣

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​របៀប​ដែល​អនទ្រេ​និង​កូនេលាស​បាន​ប្រព្រឹត្ត​ចំពោះ​ញាតិ​សន្ដាន​របស់​ពួក​គាត់?

ទាំង​អនទ្រេ​ទាំង​កូនេលាស​បាន​ចាត់​វិធានការ។ អនទ្រេ​បាន​ណែនាំ​ដោយ​ផ្ទាល់​ឲ្យ​លោក​យេស៊ូ​ស្គាល់​ពេត្រុស ហើយ​កូនេលាស​បាន​រៀបចំ​ឲ្យ​ញាតិ​សន្ដាន​គាត់​ឮ​អ្វី​ដែល​ពេត្រុស​ត្រូវ​និយាយ។ ប៉ុន្តែ អនទ្រេ​និង​កូនេលាស​មិន​បាន​បង្ខំ ឬ​ព្យាយាម​ប្រើ​មធ្យោបាយ​ផ្សេង​ៗ​ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឡើយ។ តើ​អ្នក​អាច​ទាញ​មេរៀន​មួយ​ពី​រឿង​នោះ​ឬ​ទេ? យើង​គួរ​ប្រព្រឹត្ត​ស្រដៀង​គ្នា​នេះ​ដែរ។ យើង​ប្រហែល​ជា​អាច​ប្រាប់​គំនិត​ខ្លះ​ដល់​ញាតិ​សន្ដាន​របស់​យើង ហើយ​បង្កើត​ឱកាស​ឲ្យ​ពួក​គាត់​ស្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ​និង​បង​ប្អូន​រួម​ជំនឿ។ ប៉ុន្តែ យើង​គោរព​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​ជៀស​វាង​ការ​បង្ខិត​បង្ខំ​ដែល​នាំ​ឲ្យ​ពួក​គាត់​មិន​សប្បាយ​ចិត្ត។ ដើម្បី​បញ្ជាក់​អំពី​របៀប​ដែល​យើង​អាច​ជួយ​ញាតិ​សន្ដាន​របស់​យើង សូម​ពិចារណា​គំរូ​របស់​យួហ្គិន​និង​ប៉េត្រា ដែល​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​អាឡឺម៉ង់។

ប៉េត្រា​បាន​សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ យួហ្គិន​ដែល​ជា​ប្ដី​របស់​នាង គឺ​ជា​នាយ​ទាហាន​នៅ​ក្នុង​កង​ទ័ព។ ដំបូង​ឡើយ យួហ្គិន​មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រពន្ធ​គាត់​ទេ។ ប៉ុន្តែ ក្រោយ​មក គាត់​បាន​ដឹង​ថា​សាក្សី​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ពី​គម្ពីរ។ គាត់​ក៏​បាន​ប្រគល់​ជីវិត​របស់​គាត់​ជូន​ព្រះ​យេហូវ៉ា ហើយ​សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់។ ឥឡូវ​នេះ តើ​គាត់​ផ្ដល់​ឱវាទ​អ្វី​ស្តី​អំពី​ការ​ទាក់​ទាញ​ចិត្ត​របស់​ញាតិ​សន្ដាន​ដែល​មាន​ជំនឿ​ផ្សេង?

យួហ្គិន​និយាយ​ថា​៖ ​«​យើង​មិន​គួរ​ព្យាយាម​បង្ខំ​ញាតិ​សន្ដាន​របស់​យើង ហើយ​ប្រាប់​ពួក​គាត់​ច្រើន​ពេក​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ជំនឿ​ឡើយ។ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​មិន​ព្រម​សិក្សា​គម្ពីរ។ ជា​ការ​ប្រសើរ​ជាង បើ​ម្ដង​ម្កាល​យើង​ប្រាប់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដល់​ពួក​គាត់​ម្ដង​បន្ដិច​ៗ។ គឺ​មាន​ប្រយោជន៍​ផង​ដែរ បើ​យើង​នាំ​ញាតិ​សន្ដាន​របស់​យើង​ឲ្យ​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​អាយុ​ស្របាល​គ្នា ហើយ​ដែល​មាន​ចំណាប់​អារម្មណ៍​ស្រដៀង​គ្នា។ ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​យើង​ងាយ​ស្រួល​ជួយ​ពួក​គាត់​ជាង​»។

សាវ័ក​ពេត្រុស​និង​ញាតិ​សន្ដាន​របស់​កូនេលាស​បាន​ទទួល​យក​ដំណឹង​ពី​គម្ពីរ​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ឯ​ទៀត​នៅ​សតវត្សរ៍​ទី​១ ដែល​បាន​ឮ​សេចក្ដី​ពិត​ត្រូវ​ការ​ពេល​យូរ​ជាង​ដើម្បី​សម្រេច​ចិត្ត។

ចុះ​យ៉ាង​ណា​ប្អូន​ៗ​របស់​លោក​យេស៊ូ?

ញាតិ​សន្ដាន​ខ្លះ​របស់​លោក​យេស៊ូ​បាន​បង្ហាញ​ជំនឿ​លើ​លោក​ក្នុង​អំឡុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​លោក។ ជា​ឧទាហរណ៍ សាវ័ក​យ៉ាកុប​និង​យ៉ូហាន​ប្រហែល​ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​យេស៊ូ ហើយ​សាឡូមេ​ដែល​ជា​ម្ដាយ​របស់​ពួក​គាត់ ប្រហែល​ជា​ម្ដាយ​មីង​ឬ​អ៊ំ​របស់​លោក។ នាង​ប្រហែល​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​«​ស្ត្រី​ជា​ច្រើន​ឯ​ទៀត ដែល​កំពុង​ប្រើ​ធន​ធាន​របស់​ខ្លួន ដើម្បី​បម្រើ​លោក[​យេស៊ូ​]និង​ពួក​គាត់[​ពួក​សាវ័ក​]​»។—លូក. ៨:១​-​៣

ប៉ុន្តែ សមាជិក​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ​លោក​យេស៊ូ​មិន​បាន​បង្ហាញ​ជំនឿ​ភ្លាម​ៗ​ឡើយ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក មនុស្ស​មួយ​ក្រុម​ធំ​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​មួយ​ដើម្បី​ស្ដាប់​លោក។ ​«​ប៉ុន្តែ​ពេល​ដែល​ញាតិ​សន្ដាន​របស់​លោក​ឮ​អំពី​នោះ ពួក​គេ​ចេញ​ទៅ​ក្នុង​បំណង​ចាប់​យក​លោក ពីព្រោះ​ពួក​គេ​បាន​និយាយ​ថា​៖ ‹គាត់​វង្វេង​ស្មារតី​ហើយ›​»។ មួយ​រយៈ​ពេល​ក្រោយ​មក ពេល​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​ដែល​មាន​ឪពុក​ទីទៃ​បាន​សួរ​លោក​អំពី​គម្រោង​ធ្វើ​ដំណើរ​របស់​លោក លោក​មិន​បាន​ឆ្លើយ​យ៉ាង​ចំ​ៗ​ទៅ​ពួក​គេ​ទេ។ ហេតុ​អ្វី? ពីព្រោះ​«​ប្អូន​ប្រុស​ៗ​របស់​លោក​មិន​ជឿ​លើ​លោក​ឡើយ​»។—ម៉ាក. ៣:២១; យ៉ូន. ៧:៥

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​ញាតិ​សន្ដាន​របស់​លោក? លោក​មិន​បាន​ខឹង​ទេ ពេល​ពួក​គេ​ខ្លះ​អះអាង​ថា​លោក​វង្វេង​ស្មារតី។ សូម្បី​តែ​ក្រោយ​ការ​ប្រហារ​ជីវិត​លោក​យេស៊ូ​និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ក៏​លោក​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ដល់​ញាតិ​សន្ដាន​របស់​លោក ដោយ​លេច​មក​ឲ្យ​យ៉ាកុប​ដែល​ជា​ប្អូនប្រុស​របស់​លោក​ដែល​មាន​ឪពុក​ទីទៃ​ឃើញ​លោក។ តាម​មើល​ទៅ ការ​លេច​មក​នេះ​គឺ​មិន​ត្រឹម​តែ​បាន​ជួយ​យ៉ាកុប​ជឿ​ជាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ធ្វើ​ឲ្យ​ប្អូន​ប្រុស​ឯ​ទៀត​របស់​លោក​យេស៊ូ​ដែល​មាន​ឪពុក​ទីទៃ​ជឿ​ជាក់​ដែរ​ថា​លោក​ជា​មេស្ស៊ី។ ហេតុ​នេះ ពួក​គាត់​បាន​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​នៅ​បន្ទប់​ខាង​លើ​នៅ​ក្រុង​យេរូសាឡិម ហើយ​ទំនង​ជា​បាន​ទទួល​សកម្មពល​បរិសុទ្ធ។ ក្រោយ​មក យ៉ាកុប​និង​យូដាស​ដែល​ជា​ប្អូន​ប្រុស​ម្នាក់​ទៀត​របស់​លោក​ដែល​មាន​ឪពុក​ទីទៃ​បាន​បន្ត​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ។—សកម្ម. ១:១២​-​១៤; ២:១​-​៤; ១កូ. ១៥:៧

អ្នក​ខ្លះ​ត្រូវ​ការ​ពេល​ច្រើន

ដូច​នៅ​សតវត្សរ៍​ទី​១ ញាតិ​សន្ដាន​ខ្លះ​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការ​ពេល​ច្រើន មុន​នឹង​ពួក​គេ​ដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត។ សូម​គិត​អំពី​គំរូ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​រ៉ូសវីថា ដែល​ជា​អ្នក​កាន់​សាសនា​កាតូលិក​យ៉ាង​សកម្ម ពេល​ប្ដី​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៧៨។ ដោយ​សារ​រ៉ូសវីថា​មាន​ចិត្ត​ស្មោះ​នឹង​ជំនឿ​របស់​គាត់ មុន​ដំបូង​គាត់​បាន​ប្រឆាំង​ប្ដី​របស់​គាត់។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក ការ​ប្រឆាំង​របស់​គាត់​បាន​ថយ​ចុះ ហើយ​គាត់​បាន​ដឹង​ថា​សាក្សី​កំពុង​បង្រៀន​សេចក្ដី​ពិត។ នៅ​ឆ្នាំ​២០០៣ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្វី​បាន​ជួយ​គាត់​កែ​ប្រែ? ជា​ជាង​ខឹង​នឹង​ការ​ប្រឆាំង​ដំបូង​របស់​នាង ប្ដី​គាត់​បាន​ផ្ដល់​ឱកាស​ឲ្យ​រ៉ូសវីថា​កែ​ប្រែ​ទស្សនៈ។ តើ​បង​រ៉ូសវីថា​ផ្ដល់​ឱវាទ​អ្វី? ​«​ចិត្ត​អត់​ធ្មត់ ចិត្ត​អត់​ធ្មត់​និង​ចិត្ត​អត់​ធ្មត់​កាន់​តែ​ច្រើន​អាច​សម្រេច​ការ​បាន​ល្អ​ច្រើន​»។

បង​ស្រី​ម៉ូនីកា​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤ ហើយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​បាន​ក្លាយ​ទៅ​ជា​សាក្សី​ប្រហែល​ជា​១០​ឆ្នាំ​ក្រោយ​មក។ ទោះ​ជា​ប្ដី​របស់​គាត់​ឈ្មោះ​ហាន់ស៍​មិន​ដែល​ប្រឆាំង​ជំនឿ​របស់​គាត់​ក៏​ដោយ គឺ​រហូត​ដល់​ឆ្នាំ​២០០៦​ទើប​ប្ដី​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ តាម​រយៈ​បទ​ពិសោធន៍​នេះ តើ​ក្រុម​គ្រួសារ​នោះ​មាន​ឱវាទ​អ្វី​ខ្លះ? ​«​ចូរ​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​កុំ​សុខ​ចិត្ត​ធ្វើ​ខុស​នឹង​ជំនឿ​របស់​យើង​»។ គឺ​ជា​ការ​សំខាន់​ដែល​ពួក​គាត់​ពង្រឹង​ទំនុក​ចិត្ត​របស់​ហាន់ស៍​ជា​និច្ច​ថា​ពួក​គាត់​នៅ​តែ​ស្រឡាញ់​គាត់។ ពួក​គាត់​មិន​ដែល​ឈប់​សង្ឃឹម​ថា នៅ​ទី​បំផុត ហាន់ស៍​នឹង​ទទួល​យក​ជំនឿ​របស់​ពួក​គាត់​ឡើយ។

មាន​កម្លាំង​ចិត្ត​ឡើង​វិញ តាម​រយៈ​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក

លោក​យេស៊ូ​ធ្លាប់​បាន​រៀប​រាប់​សារ​នៃ​សេចក្ដី​ពិត​ថា​ដូច​ជា​ទឹក​ដែល​ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ូន. ៤:១៣, ១៤​) យើង​ចង់​ឲ្យ​ញាតិ​សន្ដាន​របស់​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​ទទួល​យក​សេចក្ដី​ពិត​ដែល​ប្រៀប​ដូច​ជា​ទឹក​ថ្លា​ត្រជាក់។ យើង​នឹង​ច្បាស់​ជា​មិន​ចង់​ឲ្យ​ពួក​គាត់​ឈ្លក់​ដោយ​សារ​យើង​បង្ខំ​គាត់​ឲ្យ​ផឹក​ទឹក​ច្រើន​ពេក​និង​លឿន​ពេក​នោះ​ឡើយ។ គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ឬ​មិន​មាន ឈ្លក់​ឬ​មិន​ឈ្លក់ ប្រហែល​ជា​អាស្រ័យ​លើ​របៀប​ដែល​យើង​ពន្យល់​ពួក​គាត់​នូវ​ជំនឿ​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ​»​ ហើយ​«​ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង​»។ តើ​យើង​អាច​អនុវត្ត​ឱវាទ​នេះ​យ៉ាង​ដូច​ម្ដេច?—សុភ. ១៥:២៨; ១៦:២៣

ប្រពន្ធ​ម្នាក់​ប្រហែល​ជា​ចង់​ពន្យល់​ជំនឿ​របស់​នាង​ដល់​ប្ដី​នាង។ បើ​នាង​«​រំពឹង​គិត​ជា​មុន​ទើប​ឆ្លើយ​»​ នោះ​នាង​នឹង​ជ្រើស​រើស​ពាក្យ​របស់​នាង​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​មិន​ប្រញាប់​ឆ្លើយ។ នាង​មិន​គួរ​បង្ហាញ​ថា​នាង​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត​ជាង​គេ ឬ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ពាក្យ​សម្ដី​ដែល​នាង​បាន​ពិចារណា​យ៉ាង​ល្អ​អាច​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​បង្កើត​ឲ្យ​មាន​សន្ដិភាព។ តើ​ពេល​ណា​ប្ដី​របស់​នាង​មាន​អារម្មណ៍​ស្រួល ហើយ​ងាយ​ប្រាស្រ័យ​ទាក់​ទង? តើ​គាត់​ចូល​ចិត្ត​និយាយ ឬ​អាន​អំពី​រឿង​អ្វី​ខ្លះ? តើ​គាត់​ចាប់​អារម្មណ៍​នឹង​វិទ្យា​សាស្ត្រ នយោបាយ ឬ​កីឡា​ឬ​ទេ? តើ​តាម​របៀប​ណា​នាង​អាច​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ចង់​ដឹង​អំពី​គម្ពីរ ហើយ​នៅ​ដំណាល​គ្នា​នោះ​នាង​ចាត់​ទុក​អារម្មណ៍​និង​យោបល់​របស់​គាត់​ថា​សំខាន់? ការ​គិត​ស្រប​តាម​យោបល់​ទាំង​នោះ​នឹង​ជួយ​នាង​និយាយ​និង​ប្រព្រឹត្ត​ដោយ​មាន​ការ​យល់​ធ្លុះ​ជ្រៅ។

ការ​ទាក់​ទាញ​ចិត្ត​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ទាន់​ជា​សាក្សី​នៅ​ឡើយ មិន​គ្រាន់តែ​ជា​ការ​ពន្យល់​ជំនឿ​របស់​យើង​បន្ដិច​ម្ដង​ៗ​នោះ​ទេ។ យើង​គួរ​បង្ហាញ​ការ​ប្រព្រឹត្ត​ល្អ​សម​ស្រប​នឹង​អ្វី​ដែល​យើង​និយាយ។

ការ​ប្រព្រឹត្ត​ដ៏​ល្អ​ប្រសើរ

បង​យួហ្គិន​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​ពន្យល់​ថា​៖ ​«​សូម​អនុវត្ត​ជាប់​ជា​និច្ច​នូវ​គោល​ការណ៍​គម្ពីរ​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ នេះ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​ឲ្យ​ញាតិ​សន្ដាន​ចាប់​អារម្មណ៍ ទោះ​ជា​គាត់​ប្រហែល​ជា​មិន​ទទួល​ស្គាល់​ក៏​ដោយ​»។ បង​ហាន់ស៍​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជិត​៣០​ឆ្នាំ​ក្រោយ​ប្រពន្ធ​របស់​គាត់​យល់​ស្រប​នឹង​យោបល់​នេះ។ គាត់​និយាយ​ថា​៖ ​«​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ជា​គ្រិស្ត​សាសនិក​គឺ​សំខាន់ ដើម្បី​ញាតិ​សន្ដាន​ឃើញ​ឥទ្ធិពល​ល្អ​នៃ​សេចក្ដី​ពិត​នៅ​ក្នុង​ជីវិត​របស់​យើង​»។ ញាតិ​សន្ដាន​របស់​យើង​គួរ​តែ​ឃើញ​ថា​ជំនឿ​របស់​យើង​ធ្វើ​ឲ្យ​យើង​ខុស​ពី​អ្នក​ឯ​ទៀត មិន​មែន​ក្នុង​រឿង​អាក្រក់​ឡើយ តែ​ក្នុង​របៀប​ដែល​ល្អ​គួរ​ឲ្យ​សរសើរ​វិញ។

សាវ័ក​ពេត្រុស​បាន​ឲ្យ​ឱវាទ​ដ៏​មាន​តម្លៃ​ទៅ​ប្រពន្ធ​ដែល​ប្ដី​មិន​មាន​ជំនឿ​ដូច​ពួក​គាត់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពីព្រោះ​ពួក​គេ​ឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។ ហើយ​កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​សម្បក​ក្រៅ​ឡើយ ពោល​គឺ​ការ​ក្រង​សក់ ពាក់​គ្រឿង​អលង្ការ​មាស ឬ​ពាក់​សម្លៀក​បំពាក់​ក្រៅ តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ គឺ​សម្លៀក​បំពាក់​ដែល​មិន​អាច​ខូច​ទៅ​បាន ពោល​គឺ​ចិត្ត​ស្ងៀម​ស្ងាត់​និង​ស្លូតបូត ជា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ​»។—១ពេ. ៣:១​-​៤

ពេត្រុស​បាន​សរសេរ​ថា​ប្ដី​ម្នាក់​អាច​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​ប្រពន្ធ​គាត់។ ដោយ​ចាំ​អំពី​គោល​ការណ៍​ណែនាំ​ក្នុង​គម្ពីរ បង​ស្រី​គ្រិស្ដា​បាន​ព្យាយាម​មាន​ឥទ្ធិពល​លើ​ចិត្ត​ប្ដី​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​គាត់ តាំង​ពី​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧២។ ទោះ​ជា​ប្ដី​របស់​គាត់​ធ្លាប់​បាន​សិក្សា​ជា​មួយ​នឹង​សាក្សី​ក៏​ដោយ គាត់​មិន​បាន​ទុក​សេចក្ដី​ពិត​ជា​របស់​គាត់​ឡើយ។ គាត់​បាន​ចូល​រួម​ប្រជុំ​ខ្លះ​របស់​គ្រិស្ត​សាសនិក ហើយ​ចូល​ចិត្ត​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​គោរព​សិទ្ធិ​របស់​គាត់​ក្នុង​ការ​សម្រេច​ចិត្ត។ តើ​បង​គ្រិស្ដា​ព្យាយាម​ទាក់​ទាញ​ចិត្ត​ប្ដី​គាត់​យ៉ាង​ដូច​ម្ដេច?

​«​ខ្ញុំ​បាន​តាំង​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ។ នៅ​ដំណាល​គ្នា​នោះ ខ្ញុំ​ព្យាយាម​ជួយ​ប្ដី​របស់​ខ្ញុំ​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​តាម​រយៈ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​ខ្ញុំ‹ដោយ​មិន​ចាំ​បាច់​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ›។ កាល​ណា​មិន​ប៉ះពាល់​ដល់​គោល​ការណ៍​គម្ពីរ ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ ខ្ញុំ​គោរព​សិទ្ធិ​សេរីភាព​របស់​គាត់ ហើយ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​រឿង​នោះ​ចុះ​»។

ការ​ប្រព្រឹត្ត​របស់​បង​គ្រិស្ដា​បង្ហាញ​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ។ គាត់​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​រួម​មាន​ការ​ចូល​រួម​ប្រជុំ​និង​ការ​ចូល​រួម​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​គ្រិស្ត​សាសនិក។ ប៉ុន្តែ នាង​បង្ហាញ​ការ​យោគ​យល់ ដោយ​ដឹង​ថា​ប្ដី​របស់​នាង​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់ ពេល​វេលា​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​នាង។ ជា​ការ​ល្អ​ដែល​យើង​ម្នាក់​ៗ​ប្រព្រឹត្ត​ចំពោះ​ញាតិ​សន្ដាន​ដែល​មិន​ជឿ ដោយ​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ​និង​ចេះ​យោគ​យល់។ គម្ពីរ​ពន្យល់​ថា​៖ ​«​មាន​ពេល​សំ​រាប់​គ្រប់​ទាំង​អស់​»។ នេះ​រួម​បញ្ចូល​ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ ជា​ពិសេស​ជា​មួយ​នឹង​គូ​របស់​យើង​ដែល​មិន​មាន​ជំនឿ​ដូច​យើង។ ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​បង្កើត​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏​ល្អ។ បទ​ពិសោធន៍​បង្ហាញ​ថា​ការ​ប្រាស្រ័យ​ទាក់​ទង​ដ៏​ល្អ​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​មិន​សូវ​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង ត្រូវ​គេ​មិន​រាប់​រក ឬ​ប្រច័ណ្ឌ​ទេ។—សាស្ដ. ៣:១

កុំ​អស់​សង្ឃឹម​ឲ្យ​សោះ

បង​ប្រុស​ហូលហ្គ័រ​ដែល​ឪពុក​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​២០​ឆ្នាំ​ក្រោយ​សមាជិក​ឯ​ទៀត​នៃ​ក្រុម​គ្រួសារ និយាយ​ថា​៖ ​«​ជា​ការ​សំខាន់​ដែល​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ទាន់​ជឿ ហើយ​អធិដ្ឋាន​អំពី​គាត់​»។ បង​ស្រី​គ្រិស្ដា​បន្ថែម​ថា​គាត់‹នឹង​មិន​អស់​សង្ឃឹម​ថា​នៅ​ទី​បំផុត​ប្ដី​របស់​គាត់​នឹង​គាំ​ទ្រ​ខាង​ព្រះ​យេហូវ៉ា ហើយ​ទទួល​យក​សេចក្ដី​ពិត​ឡើយ›។ យើង​គួរ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ជា​និច្ច​ចំពោះ​ញាតិ​សន្ដាន​របស់​យើង​ដែល​មិន​មាន​ជំនឿ​ដូច​យើង ហើយ​រក្សា​សេចក្ដី​សង្ឃឹម។

គោល​ដៅ​របស់​យើង​គឺ​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ ផ្ដល់​ឱកាស​ឲ្យ​ញាតិ​សន្ដាន​របស់​យើង​ស្គាល់​សេចក្ដី​ពិត ហើយ​ប្រើ​សារ​គម្ពីរ​ដើម្បី​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គាត់។ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​គួរ​ប្រព្រឹត្ត​«​ដោយ​ចិត្ត​ស្លូតបូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។—១ពេ. ៣:១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក