បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១ ទំ. ៦-១១
  • តើគ្រួសាររបស់អ្នកចាត់ព្រះទុកជាទីមួយទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគ្រួសាររបស់អ្នកចាត់ព្រះទុកជាទីមួយទេ?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អន្ទាក់​នៃ​ការ​ប្រឆាំង​ពី​គ្រួសារ
  • ការ​ប្រឈម​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ
  • ការ​អាច​មាន​រង្វាន់​ដ៏​ល្អ​អស្ចារ្យ
  • ការ​រៀន​ពី​គំរូ​ព្រះ​យេស៊ូ
  • ប្ដី​ប្រពន្ធ—ចូរ​យក​ត្រាប់​តាម​ព្រះ​គ្រីស្ទ!
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ស្វាមីទាំងឡាយ ចូរនាំមុខគ្រួសារតាមគំរូព្រះគ្រិស្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ការណែនាំដ៏ល្អចំគូអាហ៍ពិហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១ ទំ. ៦-១១

តើ​គ្រួសារ​របស់​អ្នក​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ទេ?

«ឯង​ត្រូវ​ស្រឡាញ់ ដល់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត»។—ម៉ាកុស ១២:២៩, ៣០

១. តើ​មាន​សារៈ​សំខាន់​យ៉ាង​ណា ដែល​យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​នោះ?

អាចារ្យ​ម្នាក់​បាន​ទូល​សួរ​ព្រះ​យេស៊ូ​ថា៖ «តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់»? ជា​ជាង​ផ្ដល់​ឲ្យ​មតិ​ផ្ទាល់​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​ឆ្លើយ​សំនួរ​របស់​គាត់​ដោយ​ស្រង់​ពី​ពាក្យ​បន្ទូល​របស់​ព្រះ​នៅ​ចោទិយកថា ៦:៤, ៥។ ទ្រង់​បាន​មាន​បន្ទូល​ឆ្លើយ​ថា៖ « ‹ចូរ​ស្ដាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ​អម្ចាស់[ព្រះ​យេហូវ៉ា] ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ​អម្ចាស់​តែ​១​ព្រះ​អង្គ​ទ្រង់ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កម្លាំង​នៃ​ឯង› »។—ម៉ាកុស ១២:២៨​-​៣០

២. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​អ្វី? (ខ) ជួន​កាល តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា?

២ ដើម្បី​គោរព​តាម​បញ្ញត្ត​ដែល​ព្រះ​យេស៊ូ​ហៅ​ថា​ជា​ទី​មួយ—បញ្ញត្ត​ដ៏​សំខាន់​បំផុត—តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ជា​និច្ច។ ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នេះ ថ្វី​បើ​នៅ​គ្រា​មួយ សាវ័ក​ពេត្រុស​បាន​ជំទាស់​នឹង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ក្ដី ហើយ​នៅ​គ្រា​មួយ​ទៀត មិត្ត​ជិត​ស្និទ្ធ​របស់​ទ្រង់​ក៏​បាន​ជំទាស់​ដែរ។ (ម៉ាថាយ ១៦:២១​-​២៣; ម៉ាកុស ៣:២១; យ៉ូហាន ៨:២៩) ចុះ​យ៉ាង​ណា​ដែរ បើ​សិន​ជា​អ្នក​ជួប​ប្រទះ​នឹង​ស្ថានការណ៍​ស្រដៀង​នេះ? ឧបមា​ថា​សមាជិក​គ្រួសារ​របស់​អ្នក​ចង់​ឲ្យ​អ្នក​ឈប់​រៀន​ព្រះ​គម្ពីរ ហើយ​ចង់​ឲ្យ​ឈប់​ចូល​រួប​រួម​ជា​មួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ តើ​អ្នក​នឹង​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ដោយ​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ទេ? ទោះ​បី​សមាជិក​គ្រួសារ​ប្រហែល​ជា​ជំទាស់​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​អ្នក​ក្នុង​ការ​បំរើ​ទ្រង់​ក្ដី តើ​អ្នក​នឹង​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ទេ?

អន្ទាក់​នៃ​ការ​ប្រឆាំង​ពី​គ្រួសារ

៣. (ក) តើ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ អាច​មាន​លទ្ធផល​អ្វី​ដល់​គ្រួសារ? (ខ) តើ​តាម​របៀប​ណា​ដែល​សមាជិក​គ្រួសារ​បង្ហាញ​ថា​អ្នក​ណា​ដែល​គេ​ស្រឡាញ់​ជាង​គេ​នោះ?

៣ ព្រះ​យេស៊ូ​ពុំ​បាន​មាន​បន្ទូល​ស្រាល​ៗ​អំពី​សេចក្ដី​ទុក្ខ​លំបាក​ដែល​អាច​មាន​ឡើង នៅ​ពេល​ដែល​អ្នក​ដទៃ​ក្នុង​គ្រួសារ​បាន​ប្រឆាំង​នឹង​សមាជិក​ដែល​ទទួល​យក​សេចក្ដី​បង្រៀន​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង»។ ប៉ុន្តែ ថ្វី​បើ​មាន​លទ្ធផល​មិន​ល្អ​ក្ដី ព្រះ​យេស៊ូ​ក៏​បាន​បង្ហាញ​អំពី​អ្នក​ដែល​គួរ​ចាត់​ទុក​ជា​ទី​មួយ ដោយ​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី​ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ»។ (ម៉ាថាយ ១០:៣៤​-​៣៧) យើង​ចាត់​ព្រះ​យេហូវ៉ា​ជា​ទី​មួយ ដោយ​កាន់​តាម​សេចក្ដី​បង្រៀន​នៃ​បុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់«ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់»។—ហេព្រើរ ១:៣; យ៉ូហាន ១៤:៩

៤. (ក) តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អ្វី​ខ្លះ​អំពី​ការ​ទាក់​ទិន​ក្នុង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ទ្រង់? (ខ) តើ​ក្នុង​ន័យ​យ៉ាង​ណា​ដែល​ជន​គ្រីស្ទាន​ត្រូវ​ស្អប់​សមាជិក​គ្រួសារ?

៤ នៅ​គ្រា​មួយ​ទៀត នៅ​ពេល​ដែល​ព្រះ​យេស៊ូ​កំពុង​តែ​ពិគ្រោះ​អំពី​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​ដ៏​ពិត​របស់​ទ្រង់​នោះ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី នឹង​ជីវិត​ខ្លួន​ឯង​ផង អ្នក​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ»។ (លូកា ១៤:២៦) ព្រះ​យេស៊ូ​ច្បាស់​ជា​មិន​មាន​បន្ទូល​ថា អ្នក​កាន់​តាម​ទ្រង់​ត្រូវ​តែ​ស្អប់​សមាជិក​គ្រួសារ​របស់​គេ​នោះ​ទេ ពី​ព្រោះ​ទ្រង់​បាន​បញ្ជា​មនុស្ស​ឲ្យ​ស្រឡាញ់​រហូត​ដល់​សត្រូវ​របស់​គេ​ផង។ (ម៉ាថាយ ៥:៤៤) ផ្ទុយ​ទៅ​វិញ នៅ​កន្លែង​នេះ ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​ត្រូវ​តែ​ស្រឡាញ់​សមាជិក​គ្រួសារ​របស់​គេ​តិច​ជាង​ស្រឡាញ់​ព្រះ។ (ប្រៀប​ធៀប ម៉ាថាយ ៦:២៤) ដោយ​ស្រប​នឹង​ការ​យល់​នេះ ព្រះ​គម្ពីរ​បាន​ចែង​ថា​យ៉ាកុប«ស្អប់»នាង​លេអា ហើយ​ស្រឡាញ់​នាង​រ៉ាជែល គឺ​មាន​ន័យ​ថា គាត់​មិន​បាន​ស្រឡាញ់​នាង​លេអា​ដូច​គាត់​បាន​ស្រឡាញ់​នាង​រ៉ាជែល​ដែល​ជា​ប្អូន​របស់​នាង​ឡើយ។ (លោកុប្បត្តិ ២៩:៣០​-​៣២) សូម្បី​តែ«ព្រលឹង» ឬ​ជីវិត​របស់​យើង​ផ្ទាល់ ក៏​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា ត្រូវ​តែ​ស្អប់ ឬ​ស្រឡាញ់​តិច​ជាង​ព្រះ​យេហូវ៉ា​ដែរ!

៥. តើ​តាម​របៀប​ណា​ដែល​សាតាំង​ប៉ិន​ប្រសប់​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​រៀបចំ​ក្នុង​គ្រួសារ?

៥ ដោយ​ទ្រង់​ជា​អ្នក​បង្កើត​និង​ជា​អ្នក​ឲ្យ​ជីវិត ព្រះ​យេហូវ៉ា​សម​ទទួល​ភក្ដី​ភាព​ពេញ​ទី​ពី​ពួក​អ្នក​បំរើ​របស់​ទ្រង់​ទាំង​អស់។ (វិវរណៈ ៤:១១) សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ . . . ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក»។ (អេភេសូរ ៣:១៤, ១៥) ព្រះ​យេហូវ៉ា​បាន​បង្កើត​ការ​រៀបចំ​គ្រួសារ​ដ៏​ល្អ​អស្ចារ្យ​ម្ល៉េះ ដែល​សមាជិក​គ្រួសារ​មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មតា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:២៥, ២៦; ថែស្សាឡូនីច​ទី​១ ២:៧) ប៉ុន្តែ អារក្ស​សាតាំង​វា​ប៉ិន​ប្រសប់​ឆ្លៀត​យក​ប្រយោជន៍​ពី​ការ​ស្រឡាញ់​គ្រួសារ​នេះ​ណាស់ ដែល​រាប់​បញ្ចូល​ទាំង​ចំណង់​ចង់​គាប់​ចិត្ត​អ្នក​ស្ងួន​ភ្ងា​ផង។ វា​បញ្ឆេះ​ឲ្យ​មាន​ការ​ប្រឆាំង​ពី​គ្រួសារ​ជា​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​ពិបាក​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​បែប​នេះ។—វិវរណៈ ១២:៩, ១២

ការ​ប្រឈម​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ

៦, ៧. (ក) តើ​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​អបអរ​នឹង​សារៈ​សំខាន់​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​ចូល​រួប​រួម​គ្រីស្ទាន​តាម​របៀប​ណា? (ខ) តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ពិត​ជា​ស្រឡាញ់​សមាជិក​គ្រួសារ​របស់​យើង​នោះ?

៦ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា បើ​សិន​ជា​គេ​បង្ខំ​អ្នក​ឲ្យ​រើស​យក​រវាង​ការ​គាប់​ព្រះ​ហឫទ័យ​ព្រះ ឬ​ការ​គាប់​ចិត្ត​សមាជិក​គ្រួសារ​នោះ? តើ​អ្នក​នឹង​គិត​ថា ព្រះ​ទ្រង់​នឹង​មិន​ឲ្យ​យើង​សិក្សា​ពាក្យ​បន្ទូល​របស់​ទ្រង់​និង​អនុវត្ត​តាម​គោល​ការណ៍​នោះ​ឬ បើ​ធ្វើ​ដូច្នេះ​បណ្ដាល​ឲ្យ​មាន​ការ​ទាស់​ប្រឆាំង​គ្នា​ក្នុង​គ្រួសារ​នោះ? សូម​អញ្ជើញ​ពិចារណា​អំពី​ការ​នេះ។ បើ​សិន​ជា​អ្នក​យល់​ព្រម​ចុះ​ចូល ហើយ​ឈប់​រៀន​ព្រះ​គម្ពីរ ឬ​ឈប់​ចូល​រួប​រួម​ជា​មួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តើ​យ៉ាង​ដូច​ម្ដេច​ទើប​អ្នក​ស្ងួន​ភ្ងា​របស់​អ្នក​អាច​យល់​ដឹង​ថា ចំណេះ​វិជ្ជា​ពិត​នៃ​ព្រះ​គម្ពីរ​ជា​រឿង​សំខាន់​ដល់​ស្លាប់​រស់​នោះ?—យ៉ូហាន ១៧:៣; ថែស្សាឡូនីច​ទី​២ ១:៦​-​៨

៧ យើង​អាច​ពន្យល់​រឿង​នេះ​តាម​របៀប​នេះ៖ ឧបមា​ថា សមាជិក​គ្រួសារ​ម្នាក់​មាន​ចំណង់​ជា​ខ្លាំង​នឹង​ស្រា។ តើ​ការ​មិន​អើពើ​នឹង​បញ្ហា​ផឹក​ស្រា​របស់​គាត់​មាន​ប្រយោជន៍​ពិត​ដល់​គាត់​ទេ? តើ​ការ​រក្សា​សុខ ដោយ​ចុះ​ចាញ់​ហើយ​មិន​ធ្វើ​អ្វី​សោះ​អំពី​បញ្ហា​របស់​គាត់​ជា​ការ​ប្រសើរ​ឬ? គឺ​មិន​មែន​ទេ អ្នក​ប្រហែល​ជា​យល់​ព្រម​ថា ការ​ខំ​ជួយ​គាត់​ឲ្យ​ឈ្នះ​បញ្ហា​ផឹក​របស់​គាត់​ជា​ការ​ប្រសើរ ទោះ​បី​ត្រូវ​ប្រឈម​មុខ​នឹង​កំហឹង​ហើយ​ការ​គំរាម​កំហែង​របស់​គាត់​ក្ដី។ (សុភាសិត ២៩:២៥) ស្រដៀង​នេះ​ដែរ បើ​សិន​ជា​អ្នក​ពិត​ជា​ស្រឡាញ់​សមាជិក​គ្រួសារ​របស់​អ្នក​មែន អ្នក​នឹង​មិន​ចុះ​ចូល​តាម​ការ​ខំ​ប្រឹង​របស់​គេ​ដើម្បី​នឹង​បញ្ឈប់​អ្នក​ពី​ការ​រៀន​ព្រះ​គម្ពីរ​នោះ​ឡើយ។ (កិច្ច​ការ ៥:២៩) លុះ​ត្រា​តែ​អ្នក​ប្រកាន់​តាម​យ៉ាង​ខ្ជាប់​ខ្ជួន ទើប​អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា ការ​រស់​នៅ​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​គ្រីស្ទ មាន​ន័យ​ដល់​ជីវិត​របស់​យើង។

៨. តើ​យើង​មាន​ប្រយោជន៍​អ្វី​ខ្លះ ដោយ​សារ​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នោះ?

៨ ជួន​កាល ការ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​គឺ​ជា​ការ​ពិបាក​ណាស់។ ប៉ុន្តែ ចូរ​ចង​ចាំ​ថា សាតាំង​វា​ក៏​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​ពិបាក​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែរ។ តែ​ព្រះ​យេស៊ូ​មិន​ដែល​លះ​បង់​ឡើយ ទ្រង់​ថែម​ទាំង​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នៅ​លើ​បង្គោល​ឈើ​ទារុណកម្ម​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង»។ «ទ្រង់​សុគត​ជំនួស​យើង» (ទីតុស ៣:៦; ថែស្សាឡូនីច​ទី​១ ៥:១០) តើ​យើង​មិន​ដឹង​គុណ​ទេ​ឬ ដែល​ព្រះ​យេស៊ូ​ទ្រង់​មិន​បាន​ចុះ​ចាញ់​នឹង​ការ​ប្រឆាំង​នោះ? ដោយ​សារ​តែ​ទ្រង់​បាន​អត់​ទ្រាំ​នឹង​សេចក្ដី​ស្លាប់​ជា​យញ្ញ​បូជា យើង​មាន​សេចក្ដី​សង្ឃឹម​នឹង​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សាន្ត​ត្រាណ​នៃ​សេចក្ដី​សុចរិត តាម​រយៈ​ការ​អនុវត្ត​ជំនឿ​ទៅ​លើ​លោហិត​ដែល​ទ្រង់​បាន​បង្ហូរ។—យ៉ូហាន ៣:១៦, ៣៦; វិវរណៈ ២១:៣, ៤

ការ​អាច​មាន​រង្វាន់​ដ៏​ល្អ​អស្ចារ្យ

៩. (ក) តើ​តាម​របៀប​ណា​ដែល​ជន​គ្រីស្ទាន​អាច​ចូល​រួម​ក្នុង​ការ​សង្គ្រោះ​អ្នក​ដទៃ? (ខ) តើ​គ្រួសារ​របស់​ធីម៉ូថេ​មាន​ស្ថានការណ៍​យ៉ាង​ណា?

៩ តើ​អ្នក​ដឹង​ថា អ្នក​អាច​មាន​ចំណែក​ក្នុង​ការ​សង្គ្រោះ​អ្នក​ដទៃ​ដែរ​ឬ​ទេ រួម​ទាំង​សាច់​ញាតិ​ដ៏​សំណប់​ចិត្ត​របស់​អ្នក? សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ថា៖ «ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ[អ្វី​ៗ​ដែល​អ្នក​បាន​រៀន] ដ្បិត​ដែល​ធ្វើ​ដូច្នោះ​នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង»។ (ធីម៉ូថេ​ទី​១ ៤:១៦) ធីម៉ូថេ​រស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជំនឿ​ខុស​គ្នា ឪពុក​របស់​គាត់​ដែល​ជា​ជន​ជាតិ​ក្រិក​គឺ​មិន​មែន​ជា​អ្នក​ជឿ​ព្រះ​ទេ។ (កិច្ច​ការ ១៦:១; ធីម៉ូថេ​ទី​២ ១:៥; ៣:១៤) ថ្វី​បើ​យើង​មិន​ដឹង​ថា​តើ​ឪពុក​របស់​ធីម៉ូថេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ក្ដី តែ​យើង​អាច​ដឹង​ថា​អាកប្បកិរិយា​ដ៏​ស្មោះ​ត្រង់​នៃ​ប្រពន្ធ​របស់​គាត់​ឈ្មោះអ៊ើនីស និង​របស់​ធីម៉ូថេ អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​គាត់​ហើយ។

១០. តើ​ជន​គ្រីស្ទាន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជា​ប្រយោជន៍​ដល់​គូ​ស្វាមីភរិយា​ដែល​មិន​ជឿ​របស់​គេ?

១០ ព្រះ​គម្ពីរ​បង្ហាញ​ថា ប្ដី​និង​ប្រពន្ធ​ដែល​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ អាច​ជួយ​សង្គ្រោះ​គូ​របស់​ខ្លួន​ដែល​មិន​មែន​ជា​គ្រីស្ទាន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ជឿ​បាន។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «បើ​បង​ប្អូន​ណា មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ ហើយ​ស្ត្រី​ណា​មាន​ប្ដី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ។ ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង»? (កូរិនថូស​ទី​១ ៧:១២, ១៣, ១៦) សាវ័ក​ពេត្រុស​បាន​រៀប​រាប់​អំពី​របៀប​ដែល​ប្រពន្ធ​អាច​ជួយ​សង្គ្រោះ​ប្ដី​របស់​ខ្លួន ដោយ​ដាស់​តឿន​ថា៖ «ឯ​ពួក​ស្រី​ៗ​ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​តាម​ព្រះ​បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន​ដោយ​សារ​កិរិយា​ល្អ​ក្រៅ​ពី​ព្រះ​បន្ទូល»។—ពេត្រុស​ទី​១ ៣:១

១១, ១២. (ក) តើ​រង្វាន់​អ្វី​ដែល​ជន​គ្រីស្ទាន​រាប់​ពាន់​នាក់​បាន​ទទួល ហើយ​តើ​គេ​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ទទួល​នោះ? (ខ) សូម​រៀប​រាប់​ប្រាប់​ពី​ការ​ពិសោធ​នៃ​សមាជិក​គ្រួសារ​ដែល​បាន​ទទួល​រង្វាន់​ចំពោះ​ការ​អត់​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​របស់​គេ។

១១ ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ មនុស្ស​រាប់​ពាន់​នាក់​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក្រោយ​ពី​បាន​ប្រឆាំង​នឹង​សកម្មភាព​គ្រីស្ទាន​នៃ​សាច់​ញាតិ​ដែល​ជា​ស្មរបន្ទាល់​អស់​ជា​ច្រើន​ខែ រហូត​ដល់​ជា​ច្រើន​ឆ្នាំ​ផង។ នេះ​ជា​រង្វាន់​ដ៏​ល្អ​អស្ចារ្យ​ម្ល៉េះ​ហ្ន៎​ចំពោះ​ជន​គ្រីស្ទាន​ណា​ដែល​បាន​ត​ស៊ូ​យ៉ាង​ខ្ជាប់​ខ្ជួន ហើយ​ជា​ប្រសិទ្ធិពរ​ដ៏​អស្ចារ្យ​ចំពោះ​អ្នក​ប្រឆាំង​ពី​មុន​នេះ! ដោយ​មាន​ចិត្ត​យ៉ាង​រំភើប អ្នក​ចាស់​ទុំ​គ្រីស្ទាន​ម្នាក់​អាយុ​៧៤​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​តែង​តែ​អរគុណ​ដល់​ប្រពន្ធ​និង​កូន​ៗ​របស់​ខ្ញុំ ដែល​បាន​ប្រកាន់​ខ្ជាប់​នឹង​សេចក្ដី​ពិត​ក្នុង​កាល​ដែល​ខ្ញុំ​បាន​ប្រឆាំង​នឹង​ពួក​គេ»។ គាត់​បាន​មាន​ប្រសាសន៍​ថា រវាង​បី​ឆ្នាំ គាត់​បាន​រឹង​ចចេស​មិន​ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ប្រពន្ធ​របស់​គាត់​និយាយ​ប្រាប់​គាត់​អំពី​ព្រះ​គម្ពីរ​សោះ។ គាត់​មាន​ប្រសាសន៍​ទៀត​ថា «ប៉ុន្តែ នាង​បាន​រើស​ពេល​វេលា​នៅ​ពេល​ដែល​ខ្ញុំ​នឹង​ចូល​ចិត្ត​ស្ដាប់ ហើយ​ក៏​បាន​ចាប់​ផ្ដើម​ផ្សាយ​ប្រាប់​ខ្ញុំ​កាល​ដែល​នាង​ច្របាច់​ជើង​ខ្ញុំ។ ខ្ញុំ​ដឹង​គុណ​ជា​អនេក​ដែល​នាង​មិន​បាន​ចុះ​ចាញ់​នឹង​ការ​ប្រឆាំង​របស់​ខ្ញុំ»!

១២ ប្ដី​ម្នាក់​ទៀត​ដែល​បាន​ប្រឆាំង​គ្រួសារ​របស់​គាត់ បាន​សរសេរ​ថា៖ ‹ខ្ញុំ​ធ្លាប់​ជា​សត្រូវ​ដ៏​អាក្រក់​បំផុត​នៃ​ប្រពន្ធ​របស់​ខ្ញុំ ពី​ព្រោះ​ក្រោយ​ពី​នាង​បាន​ទទួល​សេចក្ដី​ពិត​មក ខ្ញុំ​បាន​គំរាមកំហែង​ដាក់​នាង ហើយ​យើង​បាន​ឈ្លោះ​គ្នា​ជា​រៀង​រាល់​ថ្ងៃ គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​ចាប់​ផ្ដើម​ការ​ឈ្លោះ​គ្នា​នេះ។ ប៉ុន្តែ​ការ​ទាំង​អស់​នេះ​គឺ​ឥត​បាន​ការ​សោះ ប្រពន្ធ​របស់​ខ្ញុំ​នៅ​តែ​កាន់​យ៉ាង​ខ្ជាប់​តាម​ព្រះ​គម្ពីរ។ អស់​រយ:១២​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​ត​យុទ្ធ​ដ៏​សាហាវ​ប្រឆាំង​សេចក្ដី​ពិត ហើយ​ប្រឆាំង​ប្រពន្ធ​និង​កូន​របស់​ខ្ញុំ។ ចំពោះ​អ្នក​ទាំង​ពីរ​នេះ ខ្ញុំ​ប្រៀប​ដូច​ជា​តំណាង​អារក្ស​អញ្ចឹង›។ នៅ​ទី​បំផុត បុរស​នេះ​ក៏​បាន​ចាប់​ផ្ដើម​វែក​ញែក​ចរិយា​របស់​គាត់។ គាត់​បាន​ពន្យល់​ថា ‹ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​ជា​មនុស្ស​ដ៏​កំណាច។ ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ ហើយ​ដោយ​សារ​តែ​សេចក្ដី​ណែនាំ​នៅ​ក្នុង​នោះ ឥឡូវ​នេះ​ខ្ញុំ​ជា​ស្មរបន្ទាល់​ម្នាក់​ដែល​បាន​ជ្រមុជ​ទឹក​ហើយ›។ ត្រូវ​ហើយ សូម​គិត​អំពី​រង្វាន់​ដ៏​អស្ចារ្យ​របស់​ប្រពន្ធ​គាត់​ចុះ នាង​បាន​ជួយ‹សង្គ្រោះ​ប្ដី​របស់​នាង›តាម​រយៈ​ការ​អត់​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​នឹង​ការ​ប្រឆាំង​របស់​គាត់​រវាង​១២​ឆ្នាំ!

ការ​រៀន​ពី​គំរូ​ព្រះ​យេស៊ូ

១៣. (ក) តើ​អ្វី​ជា​មេ​រៀន​ដ៏​សំខាន់ ដែល​ប្ដី​និង​ប្រពន្ធ​គួរ​តែ​រៀន​ពី​ជីវភាព​របស់​ព្រះ​យេស៊ូ? (ខ) ចំពោះ​មនុស្ស​ដែល​ពិបាក​ចុះ​ចូល​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ តើ​គេ​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​ព្រះ​យេស៊ូ​យ៉ាង​ណា?

១៣ មេ​រៀន​ដ៏​សំខាន់​ដែល​ប្ដី​និង​ប្រពន្ធ​គួរ​តែ​រៀន​ពី​ជីវភាព​របស់​ព្រះ​យេស៊ូ គឺ​ការ​គោរព​ព្រះ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ជា​ដរាប។ ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក»។ (យ៉ូហាន ៥:៣០; ៨:២៩) សូម្បី​តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ឃើញ​ទិដ្ឋភាព​មួយ​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​មិន​ល្អ​គប្បី​ក្ដី ក៏​ទ្រង់​នៅ​តែ​គោរព​តាម​ជា​និច្ច។ ទ្រង់​បាន​អធិស្ឋាន​ថា៖ «បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ទៅ»។ ប៉ុន្តែ​ទ្រង់​បាន​មាន​បន្ទូល​បន្ថែម​ភ្លាម​ថា៖ «ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ (លូកា ២២:៤២) ព្រះ​យេស៊ូ​មិន​បាន​សុំ​ព្រះ​ឲ្យ​ប្ដូរ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ទេ។ ទ្រង់​បាន​បង្ហាញ​ថា ទ្រង់​ពិត​ជា​ស្រឡាញ់​ព្រះ ដោយ​គោរព​ធ្វើ​តាម​អ្វី​ក៏​ដោយ​ដែល​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ទ្រង់។ (យ៉ូហាន​ទី​១ ៥:៣) ចូរ​តែង​តែ​ចាត់​ព្រះ​ហឫទ័យ​របស់​ព្រះ​ទុក​ជា​ទី​មួយ ដូច​ព្រះ​យេស៊ូ​បាន​ធ្វើ​មក​ចុះ ដ្បិត​នេះ​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ឲ្យ​បាន​ជោគ​ជ័យ មិន​ត្រឹម​តែ​ចំពោះ​ជីវភាព​នៅ​លីវ តែ​ចំពោះ​អាពាហ៍ពិពាហ៍​និង​ជីវភាព​គ្រួសារ​ផង​ដែរ។ សូម​ពិចារណា​មើល​មូលហេតុ​នៃ​ការ​នេះ។

១៤. តើ​ជន​គ្រីស្ទាន​ខ្លះ​វែក​ញែក​ដោយ​មិន​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

១៤ ដូច​ជា​បាន​ឃើញ​ពី​មុន​មក​ហើយ កាល​ណា​អ្នក​ជឿ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ អ្នក​នោះ​នឹង​ខំ​ព្យាយាម​រស់​នៅ​ជា​មួយ​គូ​ស្វាមីភរិយា​របស់​ខ្លួន​ដែល​មិន​ជឿ ហើយ​តែង​តែ​អាច​ជួយ​គូ​ខ្លួន​ឲ្យ​មាន​សិទ្ធិ​ទទួល​ការ​សង្គ្រោះ​ដែរ។ សូម្បី​តែ​គូ​ទាំង​ពីរ​ជា​អ្នក​ជឿ​ក៏​ដោយ អាពាហ៍ពិពាហ៍​របស់​គេ​មិន​មែន​ជា​គ្រប់​លក្ខណៈ​នោះ​ទេ។ ដោយ​សារ​តែ​លក្ខណៈ​មាន​បាប​របស់​មនុស្ស ប្ដី​ប្រពន្ធ​មិន​តែង​តែ​មាន​គំនិត​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ពេល​វេលា​នោះ​ឡើយ។ (រ៉ូម ៧:១៩, ២០; កូរិនថូស​ទី​១ ៧:២៨) អ្នក​ខ្លះ​ថែម​ទាំង​រក​គូ​ផ្សេង​ទៀត ថ្វី​បើ​គេ​មិន​មាន​មូលដ្ឋាន​ពី​បទ​គម្ពីរ​ក្នុង​ការ​លែង​លះ​គ្នា​ក្ដី។ (ម៉ាថាយ ១៩:៩; ហេព្រើរ ១៣:៤) គេ​វែក​ញែក​ថា ចំពោះ​ពួក​គេ នេះ​ជា​វិធី​ដ៏​ប្រសើរ​បំផុត ហើយ​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​ឲ្យ​ប្ដី​ប្រពន្ធ​ត្រូវ​រស់​នៅ​ជា​មួយ​គ្នា នោះ​ជា​ការ​ពិបាក​ណាស់។ (ម៉ាឡាគី ២:១៦; ម៉ាថាយ ១៩:៥, ៦) នេះ​ប្រាកដ​ជា​ការ​គិត​តាម​គំនិត​របស់​មនុស្ស​ហើយ មិន​មែន​តាម​គំនិត​របស់​ព្រះ​ឡើយ។

១៥. ហេតុ​អ្វី​បាន​ជា​ការ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ជា​ការ​ជួយ​ការ​ពារ​នោះ?

១៥ ការ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ជា​ការ​ជួយ​ការ​ពារ​ដ៏​ល្អ​ម្ល៉េះ​ហ្ន៎! គូ​ស្វាមីភរិយា​ដែល​ធ្វើ​យ៉ាង​នេះ នឹង​ខំ​ព្យាយាម​រស់​នៅ​ជា​មួយ​គ្នា​ហើយ​ដោះ​ស្រាយ​បញ្ហា​របស់​គេ ដោយ​ប្រើ​ដំបូន្មាន​ពី​ពាក្យ​បន្ទូល​របស់​ព្រះ។ ដោយ​ធ្វើ​យ៉ាង​នេះ ពួក​គេ​ចៀស​វាង​នូវ​ការ​ឈឺ​ចិត្ត​គ្រប់​បែប​យ៉ាង ដែល​ជា​លទ្ធផល​នៃ​ការ​មិន​អើពើ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (ទំនុកដំកើង ១៩:៧​-​១១) ការ​នេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​គំរូ​នៃ​គូ​ថ្មី​មួយ ដែល​ជិត​នឹង​លែង​លះ​គ្នា តែ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ដំបូន្មាន​ពី​ព្រះ​គម្ពីរ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ពេល​ដែល​ប្រពន្ធ​រំពឹង​គិត​ទៅ​ដល់​ការ​សប្បាយ​រីករាយ​ដែល​នាង​ធ្លាប់​មាន​ក្នុង​អាពាហ៍ពិពាហ៍​របស់​នាង នាង​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រូវ​តែ​អង្គុយ​សម្រក់​ទឹក​ភ្នែក ពេល​ខ្ញុំ​គិត​ដល់​លទ្ធភាព​ដែល​ខ្ញុំ​អាច​បាន​រស់​នៅ​បែក​ខ្ញែក​ពី​ប្ដី​របស់​ខ្ញុំ​រវាង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ហើយ​ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា អរ​ព្រះ​គុណ​ដល់​ទ្រង់​ចំពោះ​ដំបូន្មាន​និង​សេចក្ដី​ណែនាំ​របស់​ទ្រង់ ដែល​ផ្គុំ​យើង​ទាំង​ពីរ​នាក់​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​សប្បាយ​រីករាយ»។

ប្ដី​ប្រពន្ធ—ចូរ​យក​ត្រាប់​តាម​ព្រះ​គ្រីស្ទ!

១៦. តើ​ព្រះ​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ខ្លះ​សំរាប់​ប្ដី​និង​ប្រពន្ធ?

១៦ ព្រះ​យេស៊ូ​ដែល​តែង​តែ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ បាន​ទុក​គំរូ​ដ៏​ល្អ​អស្ចារ្យ​សំរាប់​ប្ដី​និង​ប្រពន្ធ ហើយ​ជា​ការ​ប្រសើរ​បើ​គេ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់​ចត់​នឹង​ការ​នេះ។ ពួក​ប្ដី​ត្រូវ​បាន​ដាស់តឿន​ឲ្យ​យក​ត្រាប់​តាម​របៀប​ដែល​ព្រះ​យេស៊ូ​បាន​ប្រតិបត្ដិ​ប្រមុខភាព​ដ៏​ថ្នាក់​ថ្នម​ទៅ​លើ​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន។ (អេភេសូរ ៥:២៣) រីឯ​ពួក​ប្រពន្ធ​គ្រីស្ទាន​វិញ គេ​អាច​រៀន​ពី​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូ​ចំពោះ​ការ​ចុះ​ចូល​នឹង​ព្រះ។—កូរិនថូស​ទី​១ ១១:៣

១៧, ១៨. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សំរាប់​ប្ដី​ទាំង​ឡាយ?

១៧ ព្រះ​គម្ពីរ​ចែង​ថា៖ «បុរស[ប្ដី]រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ​ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ផង»។ (អេភេសូរ ៥:២៥) វិធី​ដ៏​សំខាន់​មួយ​ដែល​ព្រះ​យេស៊ូ​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កាន់​តាម​ទ្រង់​នោះ គឺ​ជា​ការ​ធ្វើ​ជា​មិត្ត​សំឡាញ់​ដ៏​ជិត​ដិត​ដល់​ពួក​គេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ​វរបិតា​ខ្ញុំ​មក»។ (យ៉ូហាន ១៥:១៥) ចូរ​គិត​អំពី​ពេល​វេលា​ជា​ច្រើន​ដែល​ព្រះ​យេស៊ូ​បាន​ចំណាយ​ក្នុង​ការ​និយាយ​ជា​មួយ​សិស្ស​របស់​ទ្រង់—ការ​ពិគ្រោះ​គ្នា​ជា​ច្រើន​ដែល​ទ្រង់​បាន​ធ្វើ​ឡើង​ជា​មួយ​ពួក​គេ—ហើយ​អំពី​សេចក្ដី​ទុក​ចិត្ត​ដែល​ទ្រង់​បាន​មាន​ទៅ​លើ​ពួក​គេ! តើ​នេះ​មិន​មែន​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​សំរាប់​ប្ដី​ទាំង​ឡាយ​ទេ​ឬ?

១៨ ព្រះ​យេស៊ូ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ពួក​សិស្ស​របស់​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​ពួក​គេ​ណាស់។ (យ៉ូហាន ១៣:១) កាល​ណា​ពួក​គេ​មិន​បាន​យល់​ច្បាស់​អំពី​សេចក្ដី​បង្រៀន​របស់​ទ្រង់ ទ្រង់​បាន​ចំណាយ​ពេល​វេលា​ដើម្បី​នឹង​ពន្យល់​យ៉ាង​អត់​ធ្មត់​ដល់​ពួក​គេ។ (ម៉ាថាយ ១៣:៣៦​-​៤៣) ពួក​ប្ដី​អើយ តើ​សុខុមាលភាព​ខាង​វិញ្ញាណ​នៃ​ប្រពន្ធ​របស់​អ្នក​សំខាន់​ដល់​អ្នក​ទេ? តើ​អ្នក​ចំណាយ​ពេល​វេលា​ជា​មួយ​នាង ដោយ​ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​បាន​ច្បាស់​លាស់​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​ទាំង​ពីរ​ឬ​ទេ? ព្រះ​យេស៊ូ​បាន​ទៅ​ផ្សាយ​ជា​មួយ​សាវ័ក​របស់​ទ្រង់ ប្រហែល​ជា​ជួយ​ហ្វឹកហ្វឺន​ពួក​គេ​ម្នាក់​ៗ​ផង។ តើ​អ្នក​ទៅ​ផ្សាយ​ជា​មួយ​ប្រពន្ធ​របស់​អ្នក ដោយ​ចែក​គ្នា​ផ្សាយ​ម្នាក់​ម្ដង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​ក្នុង​ការ​បង្រៀន​ព្រះ​គម្ពីរ​ទេ?

១៩. តើ​របៀប​ដែល​ព្រះ​យេស៊ូ​ដោះ​ស្រាយ​ភាព​ទន់​ខ្សោយ​របស់​ពួក​សាវ័ក ធ្វើ​ជា​គំរូ​យ៉ាង​ណា​សំរាប់​ប្ដី​ទាំង​ឡាយ?

១៩ ជា​ពិសេស​ក្នុង​ការ​ទាក់​ទិន​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​សាវ័ក ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​អស្ចារ្យ​សំរាប់​ប្ដី​ទាំង​ឡាយ។ ក្នុង​កាល​ដែល​ទ្រង់​បាន​ទទួល​ទាន​អាហារ​ចុង​ក្រោយ​បង្អស់​ជា​មួយ​ពួក​សាវ័ក ទ្រង់​អាច​ដឹង​នូវ​គំនិត​នៃ​ការ​ប្រកួត​ប្រជែង​របស់​គេ​ដែល​មាន​ឡើង​ជា​រឿយ​ៗ។ តើ​ទ្រង់​តិះ​ដៀល​ពួក​គេ​ជា​ខ្លាំង​ឬ? មិន​ទេ តែ​ទ្រង់​បែរ​ជា​បន្ទាប​ខ្លួន​ទៅ​លាង​ជើង​ឲ្យ​ពួក​គេ​ម្នាក់​ៗ​ទៅ​វិញ។ (ម៉ាកុស ៩:៣៣​-​៣៧; ១០:៣៥​-​៤៥; យ៉ូហាន ១៣:២​-​១៧) តើ​អ្នក​បង្ហាញ​ភាព​អត់​ធ្មត់​បែប​នេះ​ដល់​ប្រពន្ធ​របស់​អ្នក​ទេ? ជា​ជាង​ត្អូញត្អែរ​នឹង​ភាព​ទន់​ខ្សោយ​ដែល​មាន​ឡើង​ជា​រឿយ​ៗ​នោះ តើ​អ្នក​ខំ​ព្យាយាម​ជួយ​នាង​ដោយ​អត់​ធ្មត់ ហើយ​ឲ្យ​គំរូ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​ចិត្ត​នាង​ទេ? ប្រពន្ធ​ប្រហែល​ជា​នឹង​តប​តាម​សេចក្ដី​មេត្ដា​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ ដូច​ពួក​សាវ័ក​នៅ​ទី​បំផុត​បាន​ធ្វើ​ដែរ។

២០. តើ​ប្រពន្ធ​គ្រីស្ទាន​មិន​ត្រូវ​បំភ្លេច​អ្វី ហើយ​អ្នក​ណា​ជា​គំរូ​សំរាប់​ពួក​គេ?

២០ ពួក​ប្រពន្ធ​ក៏​ត្រូវ​ពិចារណា​នូវ​គំរូ​របស់​ព្រះ​យេស៊ូ​ដែរ ដែល​ទ្រង់​មិន​បាន​ភ្លេច​ជា​ដាច​ខាត​ថា«សិរ​សារ​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ»។ ទ្រង់​តែង​តែ​ចុះ​ចូល​តាម​ព្រះ​វរបិតា​សួគ៌ា​របស់​ទ្រង់។ យ៉ាង​នេះ​ដែរ ពួក​ប្រពន្ធ​មិន​ត្រូវ​បំភ្លេច​ថា «បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី» ត្រូវ​ហើយ ប្ដី​របស់​គេ​គឺ​ជា​ប្រមុខភាព​របស់​គេ។ (កូរិនថូស​ទី​១ ១១:៣; អេភេសូរ ៥:២៣) សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ប្រពន្ធ​គ្រីស្ទាន​ទាំង​ឡាយ​ឲ្យ​ពិចារណា​មើល​គំរូ​របស់«ពួក​ស្រី​ៗ​បរិសុទ្ធ»នៅ​សម័យ​ដើម ជា​ពិសេស​គំរូ​របស់​នាង​សារ៉ា​ដែល«បាន​ចុះ​ចូល​នឹង​លោក​អ័ប្រាហាំ ព្រម​ទាំង​ហៅ​លោក​ជា‹ម្ចាស់›ផង»។—ពេត្រុស​ទី​១ ៣:៥, ៦

២១. ហេតុ​អ្វី​ក៏​អាពាហ៍ពិពាហ៍​របស់​លោក​អ័ប្រាហាំ​និង​នាង​សារ៉ា​ជា​ការ​ជោគ​ជ័យ តែ​ចំពោះ​លោក​ឡុត​និង​ប្រពន្ធ​របស់​គាត់​បាន​ទទួល​បរាជ័យ​វិញ​នោះ?

២១ នាង​សារ៉ា​បាន​លះ​បង់​ចោល​ផ្ទះ​ដ៏​ស្រណុក​នៅ​ក្នុង​ទី​ក្រុង​ដ៏​រុង​រឿង ដើម្បី​ទៅ​រស់​នៅ​តាម​រោង​សំពត់​នៅ​ក្នុង​ស្រុកបរទេស។ ហេតុ​អ្វី? តើ​នេះ​ដោយ​សារ​តែ​នាង​ចូល​ចិត្ត​ជីវភាព​បែប​នេះ​ឬ? មិន​មែន​ទេ។ តើ​នេះ​ដោយ​សារ​តែ​ប្ដី​របស់​នាង​បាន​សុំ​ឲ្យ​នាង​ទៅ​ឬ? នេះ​ច្បាស់​ជា​មូលហេតុ​ហើយ ព្រោះ​អី​នាង​ស្រឡាញ់​ហើយ​គោរព​លោក​អ័ប្រាហាំ​ដោយ​សារ​តែ​គុណសម្បត្ដិ​ដ៏​ល្អ​ៗ​របស់​គាត់។ (លោកុប្បត្តិ ១៨:១២) ប៉ុន្តែ មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​នាង​បាន​ទៅ​ជា​មួយ​ប្ដី​របស់​នាង​នោះ គឺ​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ចំណង់​ពី​ដួង​ចិត្ត​របស់​នាង​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​ដឹក​នាំ​ពី​ព្រះ។ (លោកុប្បត្តិ ១២:១) នាង​មាន​ចិត្ត​រីករាយ​ណាស់​ក្នុង​ការ​គោរព​តាម​ព្រះ។ រីឯ​ប្រពន្ធ​របស់​លោក​ឡុត​វិញ នាង​មាន​ចិត្ត​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​ក៏​បាន​ក្រឡេក​មើល​ក្រោយ​ដោយ​មាន​ចិត្ត​ស្ដាយ​នូវ​ទ្រព្យ​សម្បត្ដិ​ដែល​ទុក​ចោល​នៅ​ស្រុក​សូដុំម។ (លោកុប្បត្តិ ១៩:១៥, ២៥, ២៦; លូកា ១៧:៣២) នេះ​ជា​ការ​បាត់​បង់​យ៉ាង​ខ្លោច​ផ្សា​ដល់​អាពាហ៍ពិពាហ៍​នោះ—ដោយ​សារ​តែ​នាង​មិន​គោរព​តាម​ព្រះ!

២២. (ក) តើ​សមាជិក​គ្រួសារ​នឹង​ធ្វើ​ការ​ពិនិត្យ​ពិច័យ​ខ្លួន​ឯង​យ៉ាង​ណា? (ខ) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​ការ​សិក្សា​ជា​បន្ទាប់​របស់​យើង?

២២ ដូច្នេះ​ហើយ ក្នុង​ឋានៈ​ជា​ប្ដី​ឬ​ជា​ប្រពន្ធ ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា ‹តើ​គ្រួសារ​របស់​យើង​ចាត់​ព្រះ​ទុក​ជា​ទី​មួយ​ទេ? តើ​ខ្ញុំ​ពិត​ជា​ខំ​ព្យាយាម​បំពេញ​មុខ​នាទី​ក្នុង​គ្រួសារ​ដែល​ព្រះ​បាន​ឲ្យ​មក​ខ្ញុំ​ទេ? តើ​ខ្ញុំ​ខំ​ព្យាយាម​ស្រឡាញ់​គូ​ស្វាមីភរិយា​របស់​ខ្ញុំ ហើយ​ខំ​ជួយ​អ្នក​នោះ​ឲ្យ​បាន​ឬ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ទេ›? គ្រួសារ​ភាគ​ច្រើន​មាន​កូន​ចៅ។ ដូច្នេះ ជា​បន្ទាប់​យើង​នឹង​ពិចារណា​អំពី​មុខ​នាទី​របស់​ឪពុក​ម្ដាយ​និង​ការ​ចាំ​បាច់​ឲ្យ​ពួក​គេ​ទាំង​ពីរ​ហើយ​កូន​របស់​គេ​ចាត់​ព្រះ​ទុក​ជា​ទី​មួយ។

តើ​អ្នក​នៅ​ចាំ​ទេ?

◻ តើ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​អាច​ធ្វើ​ឲ្យ​មាន​លទ្ធផល​អ្វី​ខ្លះ​ដល់​គ្រួសារ​ជា​ច្រើន?

◻ តើ​ជន​គ្រីស្ទាន​រាប់​ពាន់​នាក់​ដែល​ខ្ជាប់​ខ្ជួន​បាន​ទទួល​រង្វាន់​អ្វី?

◻ តើ​អ្វី​នឹង​ជួយ​គូ​ស្វាមីភរិយា​ឲ្យ​ជៀស​វាង​ពី​អំពើ​អសីលធម៌​និង​ការ​លែង​លះ​គ្នា?

◻ តើ​ប្ដី​ទាំង​ឡាយ​អាច​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ព្រះ​យេស៊ូ?

◻ តើ​តាម​របៀប​ណា​ដែល​ប្រពន្ធ​អាច​ជួយ​អាពាហ៍ពិពាហ៍​ឲ្យ​មាន​សុភមង្គល​នោះ?

[រូប​ភាព​នៅ​ទំព័រ​៨]

តើ​នាង​សារ៉ា​ជួយ​ឲ្យ​មាន​ការ​ជោគ​ជ័យ​ដល់​អាពាហ៍ពិពាហ៍​របស់​នាង​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក