បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/១ ទំ. ៣-៥
  • ពិភពលោកដែលគ្មានសង្គ្រាម—តើនៅពេលណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិភពលោកដែលគ្មានសង្គ្រាម—តើនៅពេលណា?
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សាសនា—ជា​ឧបសគ្គ​ដ៏​ធំ​មួយ
  • អនាគត​នៃ​សាសនា
  • ចរិត​របស់​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ
  • ព្រះ​យេស៊ូ​គ្រីស្ទ—ជា​ម្ចាស់​នៃ​មេត្រី​ភាព
  • សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
    សាសនាមិនពិតជិតត្រូវបំផ្លាញហើយ!
  • សន្ដិភាពពិត—ពីប្រភពណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • តើអ្វីជាសត្វសាហាវដែលមានសម្បុរក្រហមឆ្អៅពីសៀវភៅការបើកបង្ហាញ ជំពូក១៧?
    សំណួរនិងចម្លើយពីគម្ពីរ
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/១ ទំ. ៣-៥

ពិភព​លោក​ដែល​គ្មាន​សង្គ្រាម—តើ​នៅ​ពេល​ណា?

ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចាប់​ប្រតិបត្ដិ​នៅ​ខែ​តុលា ថ្ងៃ​ទី​២៤ នៃ​ឆ្នាំ​១៩៤៥។ នេះ​ជា​ផែន​ការ​ដ៏​ទូលំ​ទូលាយ​មួយ​ក្នុង​ការ​ស្វែង​រក​លោក​សន្ដិភាព ដែល​មនុស្ស​លោក​បាន​ស្ថាបនា​ឡើង។ អង្គការ​សហប្រជាជាតិ​បាន​ក្លាយ​ទៅ​ជា​អង្គការ​អន្តរជាតិ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ ដោយ​មាន​សមាជិក​ពី​៥​១ប្រ​ទេស។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​លើក​ដំបូង​បំផុត ដែល​អង្គការ​អន្តរជាតិ​អាច​មាន​អំណាច​ក្នុង​ការ​ប្រតិបត្ដិ​រក​សន្ដិភាព​និង​សន្ដិសុខ ហើយ​ធ្វើ​ឲ្យ​មាន​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម។

នៅ​សព្វ​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​មាន​សមាជិក​ពី​១៨៥​ប្រទេស ហើយ​រឹត​តែ​ខ្លាំង​ជាង​ពី​មុន​ទៅ​ទៀត។ បើ​អញ្ចឹង ហេតុ​អ្វី​ក៏​អង្គការ​អន្តរជាតិ​ដែល​មាន​អំណាច​ខ្លាំង​ក្លា​នេះ បាន​ទទួល​បរាជ័យ​ក្នុង​ការ​បំពេញ​ឲ្យ​បាន​ពេញ​លេញ​នូវ​គោល​បំណង​ដ៏​ថ្លៃ​ថ្នូរ​របស់​ខ្លួន​នោះ?

សាសនា—ជា​ឧបសគ្គ​ដ៏​ធំ​មួយ

ការ​ស្មុគ​ស្មាញ​ដ៏​ធំ​មួយ គឺ​មុខ​នាទី​ដែល​សាសនា​មាន​នៅ​ក្នុង​រឿង​ពិភព​លោក។ ពិត​ហើយ សាសនា​ដ៏​សំខាន់​នៃ​លោកីយ៍​បាន​សន្យា​គាំទ្រ​អង្គការ​សហប្រជាជាតិ​ចាប់​តាំង​ពី​អង្គការ​នេះ​មាន​កំណើត​មក​ម្ល៉េះ។ ក្នុង​ការ​សំដៅ​ចំពោះ​ខួប​ទី​៥០ សម្ដេច​ប៉ាប ចន ប៉ុល​ទី​២ បាន​មាន​ប្រសាសន៍​អំពី​អង្គការ​សហប្រជាជាតិ​ជា«ឧបករណ៍ ដ៏​ប្រសើរ​បំផុត​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ការ​ពារ​សន្ដិភាព»។ ពួក​មេ​ដឹក​នាំ​សាសនា​ជា​ច្រើន​នៅ​ជុំ​វិញ​ផែនដី​ក៏​មាន​អារម្មណ៍​ដូច​លោក​ដែរ។ ប៉ុន្តែ​ការ​ទាក់​ទង​ដ៏​ប៉ិន​ប្រសប់​រវាង​សាសនា​និង​រដ្ឋាភិបាល មិន​អាច​លាក់​នូវ​ហេតុ​ការណ៍​ពិត ដែល​ថា​សាសនា​ជា​ឧបសគ្គ​និង​ជា​ការ​សៅហ្មង​ដល់​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ។

រាប់​រយ​សតវត្ស​មក​ហើយ សាសនា​បាន​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឬ​គាំទ្រ​ការ​ស្អប់​ប្រកាន់​ជាតិ សង្គ្រាម​ទាំង​ឡាយ និង​ការ​ប្រល័យ​ពូជ​សាសន៍។ ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ដោយ​មាន​ការ​ជំរុញ​ជ្រួល​ជ្រើម​ដ៏​សម្ងាត់​ពី​សាសនា ពួក​អ្នក​ជិត​ខាង​បាន​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ពាក្យ​ដែល​ថា«ការ​បោស​សំអាត​ជាតិ​ពន្ធ» ត្រូវ​បាន​ប្រើ​ពាស​ពេញ ដែល​បាន​ទាក់​ទង​នឹង​សង្គ្រាម​នៅ​អតីត​ប្រទេស​យូកូស្លាវា។ ប៉ុន្តែ ការ​ស្អប់​ដ៏​ឃោរ​ឃៅ ដែល​មនុស្ស​ជា​ច្រើន​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​កើត​ឡើង​ដោយ​សារ​តែ​សាសនា មិន​មែន​ដោយ​សារ​ពូជ​សាសន៍​ទេ ដ្បិត​ពួក​គេ​ជា​ច្រើន​មាន​ដើម​កំណើត​ដូច​គ្នា។ ត្រូវ​ហើយ សាសនា​ត្រូវ​តែ​ទទួល​នូវ​ការ​ខុស​ត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​គ្នា​នៅ​ក្នុង​អតីត​ប្រទេស​យូកូស្លាវា ហើយ​អង្គការ​សហប្រជាជាតិ​មិន​អាច​បញ្ឈប់​សង្គ្រាម​នោះ​បាន។

យ៉ាង​ត្រឹម​ត្រូវ សាស្ដ្រាចារ្យ​នៃ​អនុ​វិទ្យាល័យ​ខាង​សាសនា​បាន​ថ្លែង​នៅ​ពេល​ថ្មី​ៗ​នេះ​ថា«ក្រោយ​ពី​សង្គ្រាម​ត្រជាក់ នៅ​កន្លែង​ណា​ដែល​មាន​ការ​ប្រយុទ្ធ​ខាង​សាសនា​នៅ​សកម្ម ការ​ពិនិត្យ​មើល​នៃ​សាសនា​និង​ការ​ប្រល័យ​ពូជ​សាសន៍ គឺ​ជា​អាទិភាព​ដ៏​បន្ទាន់​របស់​យើង ថ្វី​បើ​មាន​ការ​ពិបាក​ក្ដី»។ ការ​ដឹង​ច្បាស់​នូវ​របៀប​ដែល​សាសន៍​កំពុង​តែ​រំខាន​ដល់​ការ​ខំ​ប្រឹង​ខ្នះ​ខ្នែង​រក​លោក​សន្ដិភាព គឺ​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​សព្វ​ថ្ងៃ​នេះ។

សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៨១​បាន​ថ្លែង​ថា៖ «ដោយ​ព្រួយ​កង្វល់​នឹង​ការ​សម្ដែង​ការ​ឥត​ត្រា​ប្រណី ហើយ​និង​ការ​ប្រកាន់​ក្នុង​រឿង​សាសនា ឬ​ជំនឿ គឺ​នៅ​ឃើញ​នៅ​ឡើយ​ក្នុង​កន្លែង​ខ្លះ​ៗ​នៃ​ពិភព​លោក ត្រូវ​បាន​ប្ដេជ្ញា​ចាត់​វិធានការ​ផ្សេង​ៗ ដើម្បី​បំបាត់​ការ​ឥត​ត្រា​ប្រណី​គ្រប់​ប្រភេទ​ឲ្យ​បាន​យ៉ាង​លឿន ហើយ​ដើម្បី​បង្ការ​និង​ត​យុទ្ធ​ការ​ប្រកាន់​សាសនា​ឬ​ជំនឿ​នោះ»។

ក្នុង​ការ​ស្រប​គ្នា​នឹង​សេចក្ដី​សម្រេច​នេះ អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថា ឆ្នាំ​១៩៩៥​ជា​ឆ្នាំ​នៃ​ការ​ប្រណី។ ប៉ុន្តែ បើ​និយាយ​ឲ្យ​ពិត​ទៅ តើ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​បែក​ខ្ញែក​ដោយ​សាសនា​បាន​ទេ?

អនាគត​នៃ​សាសនា

ទំនាយ​មួយ​ក្នុង​ព្រះ​គម្ពីរ​នៃ​សៀវភៅ​វិវរណៈ អាច​ផ្ដល់​នូវ​ចម្លើយ​នេះ។ គឺ​ចែង​ប្រាប់​អំពី«ស្រី​សំផឹង​ដ៏​ធំ​មួយ»ជា​និមិត្តរូប ដែល​អង្គុយ​ធ្វើ​ជា«មហា​ក្សត្រី»ហើយ​មាន«អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី»។ ស្ត្រី​សំផឹង​នេះ​រស់​នៅ«ដោយ​ហ៊ឺហា» ហើយ​មាន​ការ​ទាក់​ទង​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ​នៃ​ពិភព​លោក​នេះ។ រដ្ឋាភិបាល​ទាំង​នេះ​ត្រូវ​បាន​តំណាង​ជា«សត្វ​សម្បុរ​ក្រហម» ដែល​ស្រី​សំផឹង​នេះ​ជិះ​ពី​លើ​ដោយ​ស្រណុក។ (វិវរណៈ ១៧:១​-​៥, ១៨; ១៨:៧) ដោយ​ល្បី​ឈ្មោះ​ជា«បាប៊ីឡូន​ដ៏​ធំ» ស្ត្រី​ដ៏​ខ្លាំង​ក្លា​និង​ដ៏​អសីលធម៌​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម ក្រុង​បាប៊ីឡូន​ពី​បុរាណ ដែល​ជា​កន្លែង​ដើម​កំណើត​នៃ​សាសនា​ដ៏​អាក្រក់។ យ៉ាង​សម​ត្រឹម​ត្រូវ​ណាស់ នៅ​សព្វ​ថ្ងៃ​នេះ​ស្រី​សំផឹង​គឺ​តំណាង​សាសនា​នៃ​លោកីយ៍​ទាំង​មូល ដែល​ទាក់​ទង​នឹង​រឿង​ខាង​រដ្ឋាភិបាល​ទាំង​ឡាយ។

ដំណើរ​រឿង​ក៏​ចែង​ត​ទៅ​ទៀត​ថា នៅ​ពេល​ក្រោយ​មក ព្រះ​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​ផ្នែក​ទាហាន​នៃ​សត្វ​តិរច្ឆាន​ឲ្យ​ចាត់​វិធានការ។ ពួក​ទាំង​នេះ«នឹង​ស្អប់​ដល់​ស្រី​សំផឹង ហើយ​នឹង​បំផ្លាញ​វា​ទៅ ទាំង​ធ្វើ​ឲ្យ​វា​នៅ​អាក្រាត រួច​នឹង​ស៊ី​សាច់​វា ហើយ​ដុត​វា​នៅ​ក្នុង​ភ្លើង»។ (វិវរណៈ ១៧:១៦)a ដូច្នេះ​ព្រះ​យេហូវ៉ា​នឹង​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​អំណាច​ឲ្យ​ចូល​យុទ្ធ​ការ​ដើម្បី​នឹង​ដក​សាសនា​មិន​ពិត​នេះ​ចេញ។ ប្រព័ន្ធ​សាសនា​ពាស​ពេញ​ពិភព​លោក ដែល​មាន​ព្រះ​វិហារ​និង​ទី​ធ្វើ​សក្ការៈ​បូជា​ដ៏​ហ៊ឺហា​នឹង​ត្រូវ​កំទេច​ចោល​ទាំង​អស់​ជា​មិន​ខាន។ សាសនា​នឹង​លែង​រំខាន​ដល់​ពួក​នយោបាយ​ក្នុង​ការ​ស្ថាបនា​សន្ដិភាព​និង​សន្ដិសុខ​ទៀត។ ប៉ុន្តែ​សូម្បី​តែ​នៅ​ពេល​នោះ​ក្ដី តើ​នឹង​មាន​សន្ដិភាព​និង​សន្ដិសុខ​ដ៏​ពិត​នៅ​លើ​ផែនដី​នេះ​ទេ?

ចរិត​របស់​មនុស្ស​ដែល​មិន​ល្អ​ឥត​ខ្ចោះ

តើ​មាន​ការ​ធានា​រ៉ាប់​រង​ណា ដែល​ថា​ការ​កំទេច​ចោល​សាសនា​នឹង​ពិត​ជា​នាំ​ឲ្យ​មាន​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម​នោះ​ទេ? ឥត​មាន​ទេ។ អង្គការ​សហប្រជាជាតិ​នឹង​នៅ​តែ​បន្ត​ជួប​ប្រទះ​នឹង​ស្ថានការណ៍​ដែល​គួរ​ឲ្យ​សើច​ចំអក។ នៅ​ម្ខាង មនុស្ស​ចង់​បាន​សន្ដិភាព​និង​សន្ដិសុខ។ តែ​នៅ​ម្ខាង​ទៀត គឺ​ជា​មនុស្ស​ទៅ​វិញ​ដែល​មាន​ការ​គំរាម​កំហែង​ដ៏​ខ្លាំង​ទៅ​លើ​សន្ដិភាព​និង​សន្ដិសុខ។ ការ​ស្អប់ អំនួត អហង្ការនិយម អាត្មា​និយម ហើយ​និង​ការ​មិន​អើពើ​ជា​ចរិត​របស់​មនុស្ស ដែល​ជា​ដើម​ហេតុ​នៃ​ការ​ទង្គិច​ចិត្ត​និង​សង្គ្រាម​ទាំង​ឡាយ។—យ៉ាកុប ៤:១​-​៤

ព្រះ​គម្ពីរ​បាន​ទាយ​ប្រាប់​ថា នៅ​សម័យ​យើង​នេះ មនុស្ស​នឹង«ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ»។—ធីម៉ូថេ​ទី​២ ៣:១​-​៤

អគ្គលេខាធិការ ប៊ូត្រូស​ប៊ូត្រូស​-​ហ្គា​លី បាន​ទទួល​ស្គាល់​ថា«ពិភព​លោក​យើង​កំពុង​តែ​រង​ទុក្ខ​ពី​វិបត្ដិ​ភ័យ​នៃ​សង្គម​និង​សីលធម៌ ដែល​មាន​ទំហំ​យ៉ាង​ធំ​ក្រៃ​លែង​នៅ​ក្នុង​សង្គម​ជា​ច្រើន»។ គ្មាន​មធ្យោបាយ​ខាង​ទូត​ណា​អាច​បន្សាប​នូវ​ចរិត​ដ៏​គ្រោះ​ថ្នាក់​នៃ​មនុស្ស​ដ៏​មិន​ល្អ​ឥត​ខ្ចោះ​នោះ​បាន​ឡើយ។—ប្រៀប​ធៀប លោកុប្បត្តិ ៨:២១; យេរេមា ១៧:៩

ព្រះ​យេស៊ូ​គ្រីស្ទ—ជា​ម្ចាស់​នៃ​មេត្រី​ភាព

យ៉ាង​ច្បាស់​ណាស់ អង្គការ​សហប្រជាជាតិ​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ឡើយ។ សមាជិក​និង​ពួកអ្នក​គាំទ្រ គឺ​សុទ្ធ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ថ្វី​បើ​មាន​គោល​បំណង​ដ៏​ខ្ពង់​ខ្ពស់​ក្ដី។ ព្រះ​គម្ពីរ​ចែង​ថា«ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំ​រង់​ជំហាន​របស់​ខ្លួន នោះ​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ»។ (យេរេមា ១០:២៣) ម្យ៉ាង​វិញ​ទៀត ព្រះ​ព្រមាន​ថា៖ «កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។—ទំនុកដំកើង ១៤៦:៣

ព្រះ​គម្ពីរ​ទាយ​ប្រាប់​ទុក​ជា​មុន​ថា ព្រះ​យេហូវ៉ា​នឹង​សម្រេច​ការ​នេះ​តាម​រយៈ​រាជបុត្រា​របស់​ទ្រង់ «ជា​ម្ចាស់​នៃ​មេត្រី​ភាព»។ អេសាយ ៩:៦, ៧ ថ្លែង​ថា៖ «ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា ព្រះ​ដ៏​ជំនួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី​ភាព ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត»។

សាសន៍​ទាំង​ឡាយ​នៃ​ពិភព​លោក​នេះ​បាន​ទន់​ខ្សោយ​ដោយ​ការ​ខំ​ប្រឹង​ដ៏​អន្ទះអន្ទែង​ជាង​៥០​ឆ្នាំ​មក​ហើយ។ មិន​យូរ​ប៉ុន្មាន ពួក​គេ​នឹង​កំទេច​ចោល​អង្គការ​សាសនា​ដែល​មាន​ប្រភេទ​ដូច​ស្ត្រី​សំផឹង​នោះ។ រួច​មក​ព្រះ​យេស៊ូ​គ្រីស្ទ «ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់» ហើយ​កង​ទ័ព​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌ នឹង​កំទេច​ចោល​ដល់​រដ្ឋាភិបាល​របស់​មនុស្ស ហើយ​នឹង​សម្លាប់​អស់​អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ទទួល​អធិបតេយ្យភាព​របស់​ព្រះ។ (វិវរណៈ ១៩:១១​-​២១; ប្រៀប​ធៀប ដានីយ៉ែល ២:៤៤) តាម​រយៈ​នេះ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​មាន​ពិភព​លោក​ដែល​គ្មាន​សង្គ្រាម។

[កំណត់​សម្គាល់]

a បើ​ចង់​មើល​នូវ​ការ​សិក្សា​ដ៏​ជ្រៅ​ជ្រះ​នៃ​ទំនាយ​វិវរណៈ​ថែម​ទៀត ចំពោះ​បាប៊ីឡូន​ដ៏​ធំ សូម​មើល​ជំពូក​៣៣​ទៅ​៣៧​នៃ​សៀវភៅ វិវរណៈ—កំរិត​ខ្ពស់​បំផុត​របស់​វា​ជិត​មក​ដល់​ហើយ! ដែល​បាន​បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)

[ប្រអប់​នៅ​ទំព័រ​៥]

ទស្សនៈ​របស់​ជន​គ្រីស្ទាន​ចំពោះ​អង្គការ​សហប្រជាជាតិ

ក្នុង​ទំនាយ​ព្រះ​គម្ពីរ រដ្ឋាភិបាល​របស់​មនុស្ស​តែង​តែ​ត្រូវ​បាន​តំណាង​ដោយ​សត្វ​តិរច្ឆាន។ (ដានីយ៉ែល ៧:៦, ១២,២៣; ៨:២០​-​២២) ដូច្នេះ​ហើយ ជា​ច្រើន​ទសវត្ស​មក​នេះ ទស្សនាវដ្ដី​ប៉ម​យាម​ត្រូវ​បាន​សម្គាល់​សត្វ​តិរច្ឆាន​នៃ​សៀវភៅ​វិវរណៈ ជំពូក​១៣ និង​១៧ ជា​រដ្ឋាភិបាល​នៃ​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​គឺ​រួម​បញ្ចូល​នឹង​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​តំណាង​នៅ​វិវរណៈ ជំពូក​១៧ ជា​សត្វ​ក្រហម​ដែល​មាន​ក្បាល​ប្រាំ​ពីរ​និង​ស្នែង​ដប់។

ប៉ុន្តែ ជំហរ​ខាង​ព្រះ​គម្ពីរ​នេះ​គឺ​មិន​បណ្ដោយ​ឲ្យ​មាន​ការ​មិន​គោរព​ដល់​រដ្ឋាភិបាល​ឬ​មន្ត្រី​ផ្លូវ​ការ​នោះ​ឡើយ។ ព្រះ​គម្ពីរ​ចែង​ប្រាប់​យ៉ាង​ច្បាស់​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ ដ្បិត​គ្មាន​អំណាច​ណា​ទេ លើក​តែ​មក​ពី​ព្រះ គឺ​ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច បាន​ជា​អ្នក​ណា​ដែល​តាំង​ខ្លួន​ទាស់​នឹង​អំណាច​នោះ ក៏​ទាស់​ទទឹង​នឹង​បញ្ញត្ត​នៃ​ព្រះ​ដែរ ហើយ​អស់​អ្នក​ដែល​ទាស់​ទទឹង នោះ​នឹង​ត្រូវ​ទោស​ជា​មិន​ខាន»។—រ៉ូម ១៣:១, ២

យោង​ទៅ​តាម​រឿង​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រក្សា​អព្យាក្រឹតភាព​យ៉ាង​តឹង​រឹង​របស់​គេ ហើយ​ក៏​មិន​ចូល​ជ្រៀត​ជ្រែក​ខាង​រដ្ឋាភិបាល​របស់​មនុស្ស​ឡើយ។ ពួក​គេ​មិន​ដែល​បង្កើត​ឲ្យ​មាន​បដិវត្ត​ឬ​ចូល​រួម​ក្នុង​ការ​ធ្វើ​កូដកម្ម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​របស់​មនុស្ស​ខ្លះ​គឺ​ត្រូវ​តែ​មាន​ជា​ចាំ​បាច់ ដើម្បី​នឹង​រក្សា​ច្បាប់​និង​របៀប​រាប​រយ​នៅ​ក្នុង​សង្គម​របស់​មនុស្ស។—រ៉ូម ១៣:១​-​៧; ទីតុស ៣:១

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចាត់​ទុក​អង្គការ​សហប្រជាជាតិ ដូច​ជា​គណៈ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​នៃ​លោកីយ៍​នេះ​ដែរ។ ពួក​គេ​ទទួល​ស្គាល់​ថា អង្គការ​សហប្រជាជាតិ​នឹង​បន្ត​នៅ​មាន ឲ្យ​តែ​ព្រះ​អនុញ្ញាត។ ក្នុង​ការ​ធ្វើ​ស្រប​នឹង​ព្រះ​គម្ពីរ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គោរព​ដល់​រដ្ឋាភិបាល​ទាំង​អស់​ដ៏​ត្រឹម​ត្រូវ ឲ្យ​តែ​ការ​គោរព​បែប​នោះ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​នឹង​ព្រះ។—កិច្ច​ការ ៥:២៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក