សន្ដិភាពពិត—ពីប្រភពណា?
«[ព្រះយេហូវ៉ា]ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី»។—ទំនុកដំកើង ៤៦:៩
១. តើអ្វីជាសេចក្ដីសន្យាដ៏អស្ចារ្យនៃសន្ដិភាពដែលយើងរកឃើញក្នុងទំនាយអេសាយ?
«ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្ដិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ។ ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្ដិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត»។ (អេសាយ ៣២:១៧, ១៨) នេះជាសេចក្ដីសន្យាដ៏អស្ចារ្យមែន! នេះជាសេចក្ដីសន្យាអំពីសន្ដិភាពពិតដែលព្រះនឹងធ្វើឲ្យមានឡើង។
២, ៣. សូមរៀបរាប់អំពីសន្ដិភាពពិត។
២ ប៉ុន្តែ តើអ្វីទៅជាសន្ដិភាពពិត? តើនេះគ្រាន់តែជាការឥតមានសង្គ្រាមឬ? ឬក៏គ្រាន់តែជាកំឡុងពេលដែលសាសន៍ទាំងឡាយប្រុងប្រៀបខ្លួនចូលធ្វើសង្គ្រាមមួយបន្ទាប់ទៀត? តើសន្ដិភាពពិតគ្រាន់តែជាសុបិនឬ? នេះជាសំនួរទាំងឡាយដែលយើងត្រូវការចម្លើយដ៏អាចទុកចិត្តបាន។ ទីមួយ សន្ដិភាពពិតគឺមិនមែនជាសុបិនទេ។ សេចក្ដីសន្យានៃសន្ដិភាពរបស់ព្រះ គឺមានច្រើនលើសលុបជាងអ្វីដែលលោកីយ៍នេះអាចនឹកស្មានទៅទៀត។ (អេសាយ ៦៤:៤) នេះមិនមែនជាសន្ដិភាពដែលមានតែបីបួនឆ្នាំឬបីបួនទសវត្សប៉ុណ្ណោះទេ។ សន្ដិភាពនេះនឹងមានជាយូរអង្វែង! ហើយសន្ដិភាពនេះមិនមែនមានចំពោះតែមនុស្សខ្លះនោះទេ—តែរាប់បញ្ចូលទាំងស្ថានសួគ៌និងនៅលើផែនដី គឺពួកទេវតានិងមនុស្សជាតិ។ សន្ដិភាពនេះមានដល់សាសន៍ទាំងឡាយ ពួកក្រុមអាណិកជន ភាសា និងសម្បុរ។ គឺគ្មានព្រំដែន ឧបសគ្គ ការខកខាន ដែលនឹងធ្វើឲ្យបុគ្គលម្នាក់គ្មានសន្ដិភាពពិតឡើយ។—ទំនុកដំកើង ៧២:៧, ៨; អេសាយ ៤៨:១៨
៣ សន្ដិភាពពិតមានន័យថា មានសន្ដិភាពរៀងរាល់ថ្ងៃ។ នេះមានន័យថា យើងក្រោកពីដេករៀងរាល់ព្រឹកដោយមិនគិតដល់សង្គ្រាម ឥតចាំបាច់ព្រួយអំពីអនាគតរបស់អ្នក អនាគតរបស់កូនអ្នក ឬអនាគតរបស់ចៅៗអ្នកឡើយ។ នេះមានន័យថានឹងមានគំនិតសុខសាន្តពេញទី។ (កូល៉ុស ៣:១៥) នេះមានន័យថា នឹងលែងមានឧក្រិដ្ឋកម្ម អំពើឃោរឃៅ ឥតមានការបាក់បែកគ្រួសារ លែងមានមនុស្សឥតផ្ទះសម្បែង ឥតមានមនុស្សស្រេកឃ្លានឬត្រជាក់រហូតដល់ស្លាប់ និងឥតមានការអស់សង្ឃឹមនិងការមួម៉ៅចិត្ត។ ប្រសើរទៅទៀត សន្ដិភាពរបស់ព្រះមានន័យថា នឹងមានពិភពលោកដែលគ្មានការឈឺចាប់ ទុក្ខសោក ឬសេចក្ដីស្លាប់។ (វិវរណៈ ២១:៤) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន ដែលយើងអាចទទួលសន្ដិភាពពិតជារៀងរហូត! តើយើងមិនចង់បានសន្ដិភាពនិងសុភមង្គលបែបនេះទេឬ? តើនេះមិនមែនជាសន្ដិភាពដែលយើងគួរតែអធិស្ឋានសុំឬទេ?
ការខំខ្នះខ្នែងរបស់មនុស្សបានបរាជ័យ
៤. តើសាសន៍ទាំងឡាយបានខំខ្នះខ្នែងធ្វើអ្វីខ្លះសំរាប់សន្ដិភាព ហើយមានលទ្ធផលយ៉ាងណា?
៤ រាប់រយសតវត្សមកហើយ មនុស្សនិងសាសន៍ទាំងឡាយបានពិគ្រោះអំពីសន្ដិភាព បានពិភាក្សាលើរឿងសន្ដិភាព ហើយបានចុះហត្ថលេខាលើសិទ្ធិសញ្ញាសន្ដិភាពរាប់រយដង។ តើមានលទ្ធផលយ៉ាងណា? ក្នុងរយ:៨០ឆ្នាំកន្លងទៅនេះ គឺពិតជាឥតមានពេលវេលាណាសោះ ដែលសាសន៍ខ្លះឬក្រុមណាមួយមិនបានចូលធ្វើសង្គ្រាមនោះ។ យ៉ាងច្បាស់ណាស់ មនុស្សជាតិស្វែងរកសន្ដិភាពមិនបានទេ។ ដូច្នេះ សំនួរដែលយើងចង់សួរគឺ ហេតុអ្វីក៏ការខំខ្នះខ្នែងរបស់មនុស្សដើម្បីស្ថាបនាសន្ដិភាពអន្តរជាតិបានទទួលបរាជ័យ? ហេតុអ្វីក៏មនុស្សជាតិមិនអាចនាំឲ្យមានសន្ដិភាពពិត ដែលនឹងគង់នៅជាស្ថាពរ?
៥. ហេតុអ្វីក៏ការខំខ្នះខ្នែងរកសន្ដិភាពរបស់មនុស្សតែងតែទទួលបរាជ័យ?
៥ ចម្លើយដ៏ស្រួលយល់គឺថា មនុស្សជាតិមិនបានបែរទៅរកសន្ដិភាពពិតពីប្រភពត្រឹមត្រូវទេ។ នៅក្រោមឥទ្ធិពលរបស់សាតាំង មនុស្សបានស្ថាបនាអង្គការដែលក្លាយទៅជារងគ្រោះនៃភាពទន់ខ្សោយនិងគុណវិបត្ដិរបស់គេ—ដោយមានអំពើល្មោភនិងការចង់បានតែអំណាចនិងឋានៈធំដុំ។ ពួកគេបានស្ថាបនាគ្រឹះស្ថានអប់រំជាន់ខ្ពស់ ហើយបានស្ថាបនាគ្រឹះនិងក្រុមស្រាវជ្រាវ ដែលគ្រាន់តែស្រាវជ្រាវរកមធ្យោបាយជិះជាន់និងការបំផ្លាញគ្នាតែប៉ុណ្ណោះ។ តើមនុស្សត្រូវបានបង្គាប់ឲ្យទៅរកពីប្រភពណា? តើពួកគេបានរកពីកន្លែងណា?
៦, ៧. (ក) តើអង្គការសម្ព័ន្ធប្រជាជាតិមានប្រវត្ដិយ៉ាងណា? (ខ) តើអង្គការសហប្រជាជាតិមានប្រវត្ដិសាស្ត្រយ៉ាងណា?
៦ ក្នុងឆ្នាំ១៩១៩ សាសន៍ទាំងឡាយបានទុកចិត្តទៅលើអង្គការសម្ព័ន្ធប្រជាជាតិ ដើម្បីឲ្យស្ថាបនាសន្ដិភាពអចិន្ត្រៃយ៍។ សេចក្ដីសង្ឃឹមនោះត្រូវបានបែកខ្ចាយក្នុងឆ្នាំ១៩៣៥ នៅពេលដែលពួកទាហានរបស់មូសាលីនី បានលុកលុយច្បាំងយកប្រទេសអេស្យូពី ហើយសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៩៣៦។ អង្គការសម្ព័ន្ធប្រជាជាតិលែងមានប្រតិបត្ដិការទៀត នៅពេលសង្គ្រាមលោកលើកទីពីរបានផ្ទុះឡើងក្នុងឆ្នាំ១៩៣៩។ សន្ដិភាពនោះឥតបានគង់នៅដល់២០ឆ្នាំផង។
៧ ចុះយ៉ាងណាវិញចំពោះអង្គការសហប្រជាជាតិ? តើវាបានផ្ដល់សេចក្ដីសង្ឃឹមដ៏ពិតណាមួយនៃសន្ដិភាពជាស្ថាពរដល់ពិភពលោកទាំងមូលទេ? គឺអត់ទេ។ តាំងពីមានដើមកំណើតក្នុងឆ្នាំ១៩៤៥ គឺមាន១៥០សង្គ្រាមបានផ្ទុះឡើង! ដូច្នេះហើយបានជាលោក គ្វីន ដាយឺ ជានិស្សិតជាតិកាណាដានៃសង្គ្រាមនិងកំណើតវា បានរៀបរាប់អំពីអ.ស.ប. ថាជា«សមាគមនៃអ្នកបរបាញ់ ដែលបានក្លាយទៅជាអ្នកដាំបណ្ដុះការប្រកួត មិនមែនជាសភានៃសន្តឡើយ» ហើយជា«គ្រឹះស្ថានដែលគ្មានអំណាច បានតែនិយាយ តែឥតមានការប្រព្រឹត្តសោះ»។—ប្រៀបធៀប យេរេមា ៦:១៤; ៨:១៥
៨. ថ្វីបើគេបាននិយាយអំពីសន្ដិភាពក៏ដោយ តើសាសន៍ទាំងឡាយបានធ្វើអ្វី? (អេសាយ ៥៩:៨)
៨ ថ្វីបើគេបាននិយាយអំពីសន្ដិភាពក៏ដោយ សាសន៍ទាំងឡាយនៅតែបន្តបង្កើតគ្រឿងអាវុធ។ ប្រទេសទាំងឡាយដែលគាំទ្រសន្និបាតនៃសន្ដិភាព ធម្មតាជាសាសន៍ដែលបង្កើតហើយលក់ដូរគ្រឿងអាវុធ។ ការគិតតែពីផលប្រយោជន៍ជំនួញនៃក្រុមហ៊ុនក្នុងប្រទេសទាំងនេះ បានលើកផ្សព្វផ្សាយគ្រឿងអាវុធយ៉ាងសាហាវ ដូចជាម៉ីនដែលសម្លាប់ឬពិការមនុស្សស៊ីវិលក្មេងចាស់ ចំនួន២៦.០០០នាក់រៀងរាល់ឆ្នាំ។ ការល្មោភនិងអំពើពុករលួយជាកម្លាំងជំរុញឲ្យពួកគេធ្វើបែបនេះ។ ការស៊ីសំណូកនិងប្រាក់ចំណូលជាផ្នែកដ៏សំខាន់នៃការធ្វើជំនួញគ្រឿងអាវុធអន្តរជាតិ។ ពួកអ្នកនយោបាយខ្លះបានក្លាយទៅជាអ្នកមានពីជំនួញបែបនេះ។
៩, ១០. តើពួកអ្នកប្រាជ្ញលោកីយ៍បានសង្កេតឃើញយ៉ាងណា អំពីសង្គ្រាមនិងការខំខ្នះខ្នែងរបស់មនុស្សជាតិ?
៩ ក្នុងខែធ្នូឆ្នាំ១៩៩៥លោក ចូសែប រ៉ូប្លាត អ្នករូបនិយមជាតិប៉ូឡូញ ហើយជាអ្នកឈ្នះរង្វាន់ណូបិលសំរាប់សន្ដិភាព បានស្នើសុំឲ្យប្រទេសទាំងឡាយបញ្ចប់ការប្រកួតធ្វើអាវុធ។ គាត់បាននិយាយថា៖ «ផ្លូវដោះស្រាយតែមួយក្នុងការបង្ការ[ការប្រកួតចំនួនអាវុធថ្មី] គឺត្រូវបញ្ចប់សង្គ្រាមតែម្ដង»។ តើអ្នកគិតថាប្រហែលជាអាចកើតឡើងបានទេ? តាំងពីឆ្នាំ១៩២៨មក មាន៦២ប្រទេសបានចុះហត្ថលេខាលើសិទ្ធិសញ្ញាសន្ដិភាព ឃីលូក-ប្រាញ ដោយបោះបង់សង្គ្រាម ជាវិធីដោះស្រាយទំនាស់ទាំងឡាយ។ សង្គ្រាមលោកលើកទីពីរបង្ហាញថា សិទ្ធិសញ្ញានេះឥតមានប្រយោជន៍ឡើយ។
១០ យ៉ាងច្បាស់ណាស់ សង្គ្រាមតែងតែជាឧបសគ្គដល់ផ្លូវរបស់មនុស្សជាតិក្នុងប្រវត្ដិសាស្ត្រ។ ដូចលោក គ្វីន ដាយឺ បានសរសេរមក «សង្គ្រាមជាគ្រឹះស្ថានក្នុងអារ្យធម៌មនុស្ស ហើយសង្គ្រាមមានចំណាស់ដូចមនុស្សជាតិដែរ»។ ត្រូវហើយ សឹងតែគ្រប់អារ្យធម៌និងចក្រភព គឺមានការគោរពយ៉ាងជ្រាលជ្រៅដល់វីរបុរសទាហាន កងទ័ព ការប្រយុទ្ធដ៏ល្បីល្បាញ វិទ្យាគារទាហានទាំងឡាយដ៏ពិសិដ្ឋរបស់គេ ហើយនិងគ្រឿងអាវុធជាច្រើនដែលបានស្តុកទុក។ ប៉ុន្តែ ក្នុងសតវត្សយើងឃើញមានសង្គ្រាមជាងសតវត្សឯណាទៅទៀត បើនិយាយពីការបំផ្លាញហិនហោចនិងការបាត់បង់ជីវិត។
១១. តើកត្ដាសំខាន់អ្វីដែលពួកមេដឹកនាំពិភពលោកមិនបានអើពើ ក្នុងការខំខ្នះខ្នែងរកសន្ដិភាព?
១១ ជាការច្បាស់ណាស់ ពួកមេដឹកនាំពិភពលោកមិនបានអើពើនឹងប្រាជ្ញាដ៏សំខាន់ នៃយេរេមា ១០:២៣ ដែលថា៖ «ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។ ដោយមិនអើពើនឹងព្រះ នោះគឺមិនអាចមានសន្ដិភាពពិតបានឡើយ។ តើនេះមានន័យថា សង្គ្រាមជាអ្វីដែលមិនអាចជៀសវាងបានក្នុងសង្គមមនុស្សឬ? តើនេះមានន័យថា សន្ដិភាព—សន្ដិភាពពិត—ជាសុបិនដែលមិនអាចសម្រេចបានឬ?
ការពិនិត្យមើលបុព្វហេតុ
១២, ១៣. (ក) តើព្រះគម្ពីរបង្ហាញយ៉ាងណា ចំពោះបុព្វហេតុដែលមើលមិនឃើញនៃសង្គ្រាម? (ខ) តើតាមរបៀបណាដែលសាតាំងបានបំបែរគំនិតមនុស្សពីវិធីដោះស្រាយពិតនៃបញ្ហាពិភពលោក?
១២ ដើម្បីឆ្លើយសំនួរទាំងនោះ យើងត្រូវតែយល់ពីបុព្វហេតុនៃសង្គ្រាម។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា សាតាំងដែលជាទេវតាបះបោរ ជា«អ្នកសម្លាប់» និង«អ្នកកំភូត»ដើមដំបូង ហើយថា«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហាន ៨:៤៤; យ៉ូហានទី១ ៥:១៩) តើវាបានធ្វើអ្វីទៀតដើម្បីផ្សព្វផ្សាយគោលបំណងរបស់វា? យើងអាននៅកូរិនថូសទី២ ៤:៣, ៤៖ «បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយនេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ»។ សាតាំងធ្វើអ្វីៗទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីបំបែរគំនិតមនុស្សពីព្រះរាជាណាចក្ររបស់ព្រះ ដែលជាវិធីដោះស្រាយបញ្ហានៃពិភពលោក។ វាធ្វើឲ្យមនុស្សខ្វាក់ហើយបង្វែរផ្លូវមនុស្ស ឲ្យគិតតែពីបញ្ហាខាងសង្គម នយោបាយ និងសាសនា ដើម្បីឲ្យរឿងទាំងនេះជាអ្វីដែលសំខាន់ជាងការគ្រប់គ្រងរបស់ព្រះ។ ជាតិនិយមដែលមានទូទាំងពិភពលោកនៅពេលថ្មីៗនេះជាឧទាហរណ៍មួយ។
១៣ សាតាំងផ្សព្វផ្សាយជាតិនិយមនិងកុលសម្ព័ន្ធនិយម ជាជំនឿនៃភាពខ្ពង់ខ្ពស់នៃសាសន៍ ជាតិ ឬកុលសម្ព័ន្ធមួយទៅលើមួយទៀត។ ការស្អប់ដែលត្រូវបានបង្ក្រាបជាយូរយារសតវត្សមកហើយ ត្រូវបាននិយមឡើងវិញ ដើម្បីបង្កើតសង្គ្រាមនិងទំនាស់ជាច្រើនថែមទៀត។ លោកហ្វ្រីឌីរិក ម៉ៃយឺ ជាអ្នកដឹកនាំនៃយូនីស្កូ បានព្រមានអំពីរឿងនេះថា៖ «សូម្បីធ្លាប់មានការប្រណីក្ដី តែការខ្លាចចំពោះពួកបរទេសគឺឃើញកាន់តែជាក់ស្តែង ហើយការពោលពាក្យស្នេហាប្រទេសឬជាតិ ដែលមាននៅអតីតនោះ ឥឡូវនេះគឺកាន់តែឮជារឿយៗ»។ តើមានលទ្ធផលយ៉ាងណា? គឺមានការសម្លាប់រង្គាលដ៏សាហាវក្នុងអតីតយូកូស្លាវានិងការបង្ហូរឈាមក្នុងប្រទេសរ្វ៉ាន់ដាដែលបានក្លាយទៅជាពត៌មានពិភពលោក។
១៤. តើវិវរណៈ ៦:៤ បង្ហាញយ៉ាងណាអំពីសង្គ្រាមនិងឥទ្ធិពលរបស់វាក្នុងសម័យយើងនេះ?
១៤ ព្រះគម្ពីរបានទាយប្រាប់យ៉ាងច្បាស់លាស់ថា ក្នុងគ្រាចុងបញ្ចប់នៃរបបនេះ សេះក្រហមដែលតំណាងសង្គ្រាមនឹងផាយពេញទូទាំងផែនដី។ វិវរណៈ ៦:៤ យើងអានថា៖ «នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនិងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ»។ តាំងពីឆ្នាំ១៩១៤ យើងឃើញថា អ្នកជិះសេះក្រហមជានិមិត្តរូបនេះបាន‹ដកយកសេចក្ដីសុខសាន្តចេញ›មែន ហើយសាសន៍ទាំងឡាយបានបន្តធ្វើសង្គ្រាម។
១៥, ១៦. (ក) តើសាសនាមានមុខនាទីយ៉ាងណា ក្នុងសង្គ្រាមនិងការកាប់សម្លាប់ទាំងឡាយ? (ខ) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្វីៗដែលសាសនាបានប្រព្រឹត្ត?
១៥ អ្វីដែលយើងមិនត្រូវភ្លេចនោះ គឺមុខនាទីសាសនាក្នុងសង្គ្រាមនិងការកាប់សម្លាប់ទាំងនេះ។ ប្រវត្ដិសាស្ត្រដ៏បង្ហូរឈាមរបស់មនុស្សជាតិ មួយកំរិតធំអាចសំដៅទៅលើឥទ្ធិពលដឹកនាំមិនត្រឹមត្រូវនៃសាសនាមិនពិត។ សាសនវិទូកាតូលិកឈ្មោះ ហាន្ស ឃួន បានសរសេរថា៖ «ដោយសារឥទ្ធិពលដ៏មិនល្អនិងហិនហោចនោះ សាសនាបានចូលរួមយ៉ាងធំក្នុងការបង្កបង្កើតសង្គ្រាម។ សាសនាត្រូវតែទទួលកំហុសចំពោះការមានការទាស់ទែង ការប្រយុទ្ធយ៉ាងកំណាចជាច្រើន ប្រាកដហើយគឺ‹សង្គ្រាមសាសនា›ទាំងឡាយ . . . ហើយនេះក៏ការពិតចំពោះសង្គ្រាមលោកទាំងពីរដែរ»។
១៦ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា ចំពោះមុខនាទីនៃសាសនាមិនពិតក្នុងការកាប់សម្លាប់និងសង្គ្រាមទាំងឡាយ? ការចោទរបស់ព្រះលើសាសនាមិនពិត ត្រូវបានកត់ទុកមកក្នុងវិវរណៈ ១៨:៥ ដែលចែងថា៖ «ដ្បិតអំពើបាបវាគរជាគំនរឡើងដល់ផ្ទៃមេឃ ហើយព្រះទ្រង់បាននឹកចាំពីការទុច្ចរិតរបស់វា»។ ការជ្រៀតជ្រែកនៃសាសនាមិនពិតជាមួយមេដឹកនាំនយោបាយនៃពិភពលោក បង្កើតឲ្យមានការបង្ហូរឈាម ការប្រព្រឹត្តអំពើបាបជាច្រើន ដែលព្រះមិនអាចភ្លេចបាន។ បន្ដិចទៀត ទ្រង់នឹងកំទេចចោលឧបសគ្គនេះទាំងអស់ក្នុងការនាំឲ្យមានសន្ដិភាពពិត។—វិវរណៈ ១៨:២១
ផ្លូវទៅឯសន្ដិភាព
១៧, ១៨. (ក) ហេតុអ្វីក៏មិនមែនជាសុបិនឥតត្រឹមត្រូវ ក្នុងការជឿថានឹងមានសន្ដិភាពអស់កល្បជានិច្ចនោះ? (ខ) តើព្រះយេហូវ៉ាបានធ្វើអ្វីរួចទៅហើយ ដើម្បីធានានាំឲ្យមានសន្ដិភាពពិត?
១៧ បើសិនជាមនុស្សជាតិ តាមរយៈអង្គការច្រើនដូចជាអង្គការសហប្រជាជាតិមិនអាចនាំឲ្យមានសន្ដិភាពពិតជាស្ថាពរទេ តើសន្ដិភាពពិតនឹងបានមកពីប្រភពណា ហើយតាមរបៀបណា? តើនេះជាសុបិនមិនត្រឹមត្រូវឬ ក្នុងការជឿថាអាចមានសន្ដិភាពអស់កល្បជានិច្ចនោះ? នេះគឺមិនមែនជាសុបិនឥតត្រឹមត្រូវនោះឡើយ បើយើងទៅរកពីប្រភពត្រឹមត្រូវនៃសន្ដិភាព។ ហើយតើបុគ្គលនោះជាអ្នកណា? ទំនុកដំកើង ៤៦:៩ ឆ្លើយប្រាប់យើងថា ព្រះយេហូវ៉ា«ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង»។ ព្រះយេហូវ៉ាបានចាប់ផ្ដើមចាត់វិធានការដើម្បីកំចាត់សង្គ្រាមចេញ និងស្ថាបនាសន្ដិភាពរួចទៅហើយ។ តើតាមរបៀបណា? នេះគឺដោយឲ្យព្រះយេស៊ូគ្រីស្ទមានសិទ្ធិសោយរាជ្យក្នុងព្រះរាជាណាចក្រនៅឆ្នាំ១៩១៤ ហើយដោយគាំទ្រកម្មវិធីអប់រំដ៏ធំមួយសំរាប់សន្ដិភាពក្នុងប្រវត្ដិសាស្ត្រមនុស្សជាតិ។ ពាក្យទំនាយនៃអេសាយ ៥៤:១៣ ធានារ៉ាប់រងយើងថា៖ «ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្ដិសុខជាបរិបូរ»។
១៨ ទំនាយនេះបង្ហាញអំពីគោលការណ៍នៃបុព្វហេតុនិងលទ្ធផល—នោះគឺថា លទ្ធផលទាំងអស់ត្រូវមានបុព្វហេតុ។ ក្នុងករណីនេះ ការបង្រៀនរបស់ព្រះយេហូវ៉ា—បុព្វហេតុ—កែប្រែមនុស្សដែលចូលចិត្តសង្គ្រាមឲ្យទៅជាស្រឡាញ់សន្ដិភាព ដែលជាអ្នកមានសន្ដិភាពជាមួយព្រះ។ ជាលទ្ធផល គឺមានការប្រែចិត្តមនុស្សឲ្យស្រឡាញ់សន្ដិភាព។ ការអប់រំនេះ ដែលកែប្រែចិត្តគំនិតមនុស្ស ឥឡូវនេះកំពុងតែមានពាសពេញពិភពលោក កាលដែលមនុស្សរាប់លាននាក់ធ្វើតាមគំរូព្រះយេស៊ូគ្រីស្ទ ជា«ម្ចាស់នៃមេត្រីភាព»។—អេសាយ ៩:៦
១៩. តើព្រះយេស៊ូបង្រៀនយ៉ាងណាខ្លះអំពីសន្ដិភាពពិត?
១៩ តើព្រះយេស៊ូបានបង្រៀនយ៉ាងណាខ្លះអំពីសន្ដិភាពពិត? ទ្រង់មិនគ្រាន់តែមានបន្ទូលអំពីសន្ដិភាពរវាងសាសន៍ទាំងឡាយប៉ុណ្ណោះទេ តែអំពីសន្ដិភាពរវាងមនុស្ស និងអំពីសន្ដិភាពក្នុងចិត្ត ដែលមានមនសិការល្អ។ នៅយ៉ូហាន ១៤:២៧ យើងអានអំពីបន្ទូលរបស់ព្រះយេស៊ូទៅកាន់ពួកសិស្សទ្រង់ថា៖ «ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ»។ តើតាមរបៀបណាដែលសន្ដិភាពរបស់ព្រះយេស៊ូខុសគ្នានឹងសន្ដិភាពពិភពលោក?
២០. តើតាមមធ្យោបាយអ្វី ដែលព្រះយេស៊ូនឹងនាំឲ្យមានសន្ដិភាពពិត?
២០ ទីមួយ សន្ដិភាពរបស់ព្រះយេស៊ូគឺជាប់ទាក់ទងយ៉ាងជិតដិតជាមួយសារព្រះរាជាណាចក្រ។ ទ្រង់បានជ្រាបថា រាជរដ្ឋាភិបាលដ៏សុចរិតនៅស្ថានសួគ៌ ដែលមានព្រះយេស៊ូ និងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយ នឹងកំទេចសង្គ្រាមនិងពួកអ្នកដែលចាក់រុកឲ្យមានសង្គ្រាម។ (វិវរណៈ ១៤:១, ៣) ទ្រង់បានជ្រាបថា ព្រះរាជាណាចក្រនឹងនាំឲ្យមានស្ថានភាពដូចសួនមនោរម្យដ៏ស្ងប់ស្ងៀម ដែលទ្រង់បានប្រទានដល់ឧក្រិដ្ឋជនម្នាក់ដែលបានស្លាប់នៅជិតទ្រង់។ ព្រះយេស៊ូ មិនបានប្រទានឲ្យគាត់មានកន្លែងក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌ទេ តែទ្រង់មានបន្ទូលថា៖ «ថ្ងៃនេះខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងនៅក្នុងសួនមនោរម្យជាមួយនឹងខ្ញុំដែរ»។—លូកា ២៣:៤៣, ព.ថ.
២១, ២២. (ក) តើសេចក្ដីសង្ឃឹមដ៏អស្ចារ្យអ្វី ដែលរួមបញ្ចូលក្នុងសន្ដិភាពពិត? (ខ) តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលពរនោះ?
២១ ព្រះយេស៊ូក៏ជ្រាបថា ព្រះរាជាណាចក្ររបស់ទ្រង់នឹងសម្រាលទុក្ខដល់ពួកកាន់ទុក្ខ ដែលអនុវត្តជំនឿក្នុងទ្រង់។ សន្ដិភាពរបស់ទ្រង់រួមបញ្ចូលនឹងសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃដំណើររស់ឡើងវិញ។ ចូរនឹកចាំនូវពាក្យដ៏លើកទឹកចិត្តរបស់ទ្រង់ក្នុងយ៉ូហាន ៥:២៨, ២៩៖ «កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់ ហើយនឹងចេញមក គឺពួកអ្នកដែលបានប្រព្រឹត្តល្អ គេនឹងរស់ឡើងវិញឲ្យបានជីវិត ឯពួកអ្នកដែលបានប្រព្រឹត្តអាក្រក់វិញ គេនឹងរស់ឡើង ឲ្យជាប់មានទោស»។
២២ តើអ្នកទន្ទឹងចាំពេលនោះទេ? តើអ្នកមានបងប្អូនជាទីស្រឡាញ់ដែលបានស្លាប់ទៅទេ? តើអ្នកចង់ឃើញពួកគេម្ដងទៀតទេ? បើចង់មែន សូមទទួលយកសន្ដិភាពដែលព្រះយេស៊ូប្រទានឲ្យចុះ។ សូមឲ្យមានជំនឿដូចនាងម៉ាថា ជាបងស្រីរបស់ឡាសារ ដែលមានប្រសាសន៍ដល់ព្រះយេស៊ូថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ»។ ប៉ុន្តែ សូមកត់សម្គាល់នូវការតបឆ្លើយដ៏រីករាយរបស់ព្រះយេស៊ូ ដល់នាងម៉ាថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ»?—យ៉ូហាន ១១:២៤-២៦
២៣. ហេតុអ្វីក៏ចំណេះត្រឹមត្រូវអំពីបន្ទូលរបស់ព្រះជាចាំបាច់ ក្នុងការទទួលសន្ដិភាពពិត?
២៣ អ្នកក៏អាចជឿហើយទទួលប្រយោជន៍ពីសេចក្ដីសន្យានោះដែរ។ តើតាមរបៀបណា? គឺដោយទទួលយកចំណេះត្រឹមត្រូវនៃបន្ទូលរបស់ព្រះ។ សូមកត់សម្គាល់នូវរបៀបដែលសាវ័កប៉ុលបានបញ្ជាក់នូវសារៈសំខាន់នៃចំណេះត្រឹមត្រូវ «យើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង»។ (កូល៉ុស ១:៩, ១០) ចំណេះត្រឹមត្រូវនេះនឹងធ្វើឲ្យអ្នកជឿថាព្រះយេហូវ៉ាជាប្រភពនៃសន្ដិភាពពិត។ ចំណេះនេះនឹងប្រាប់អ្នក ថាអ្នកត្រូវធ្វើអ្វីឥឡូវនេះ ដើម្បីឲ្យអ្នកអាចចូលរួមជាមួយអ្នកតែងបទទំនុកដំកើង ដោយនិយាយថា៖ «ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោសឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន»។—ទំនុកដំកើង ៤:៨
តើអ្នកអាចពន្យល់បានទេ?
◻ ហេតុអ្វីក៏ការខំខ្នះខ្នែងរកសន្ដិភាពរបស់មនុស្សជាតិ បានទទួលបរាជ័យម្ដងហើយម្ដងទៀតដូច្នេះ?
◻ តើអ្វីជាបុព្វហេតុនៃសង្គ្រាម?
◻ ហេតុអ្វីក៏សន្ដិភាពជាស្ថាពរមិនមែនជាសុបិនដ៏ឥតត្រឹមត្រូវ?
◻ តើអ្វីជាប្រភពនៃសន្ដិភាពពិត?
[រូបភាពនៅទំព័រ២០]
សន្ដិភាពពិតមិនមែនជាសុបិនទេ។ នេះជាសេចក្ដីសន្យារបស់ព្រះ
[រូបភាពនៅទំព័រ២២]
តាំងពីឆ្នាំ១៩១៤ អ្នកជិះសេះក្រហមជានិមិត្តរូបនេះបានដកសន្ដិភាពចេញពីផែនដី
[រូបភាពនៅទំព័រ២៣]
តើសាសនានិងអង្គការសហប្រជាជាតិអាចនាំឲ្យមានសន្ដិភាពបានទេ?
[អ្នកផ្ដល់សិទ្ធិ]
UN photo