បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៧ ទំ. ២៥-៣១
  • ចូរស្វែងរកហើយដេញតាមសន្ដិភាពពិតចុះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរស្វែងរកហើយដេញតាមសន្ដិភាពពិតចុះ!
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស​អាច​ក្លាយ​ទៅ​ជា​សុខ​សាន្ត
  • ពួក​អ្នក​ដែល​ដេញ​តាម​សន្ដិភាព
  • ការ​ផ្លាស់​ប្រែ​ដ៏​ធំ​ទៀត
  • គ្រប់​គ្រង​ដោយ​ម្ចាស់​នៃ​មេត្រី​ភាព
  • សន្ដិភាពពិត—ពីប្រភពណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សេចក្ដីសុខសាន្ត តើអ្នកអាចមានតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ការបំរើជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៧ ទំ. ២៥-៣១

ចូរ​ស្វែង​រក​ហើយ​ដេញ​តាម​សន្ដិភាព​ពិត​ចុះ!

«អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ​នោះ . . . ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក​ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព»។—ពេត្រុស​ទី​១ ៣:១០, ១១

១. តើ​អ្វី​ជា​ពាក្យ​ដ៏​ល្បី​នៃ​អេសាយ​ដែល​នឹង​បាន​សម្រេច​ជា​មិន​ខាន?

«គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ។ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។ (អេសាយ ២:៤) ថ្វី​បើ​បទ​គម្ពីរ​ដ៏​ល្បី​នេះ ត្រូវ​បាន​ដាក់​តាំង​ជិត​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៃ​អង្គការ​សហប្រជាជាតិ​នៃ​ទី​ក្រុង​ញូវយ៉ក​ក៏​ដោយ អង្គការ​នេះ​មិន​បាន​បំពេញ​តាម​ពាក្យ​នោះ​ឡើយ។ ប៉ុន្តែ ជា​ផ្នែក​នៃ​បន្ទូល​របស់​ព្រះ​យេហូវ៉ា សេចក្ដី​ប្រកាស​នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន។—អេសាយ ៥៥:១០, ១១

២. តើ​អ្វី​នឹង‹កើត​ឡើង​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់› នៃ​អេសាយ ២:២, ៣?

២ ពាក្យ​នៅ​ក្នុង​អេសាយ ២:៤ គឺ​ជា​ផ្នែក​នៃ​ទំនាយ​ដ៏​អស្ចារ្យ អំពី​សន្ដិភាព​ពិត—ហើយ​ទំនាយ​នេះ​គឺ​កំពុង​តែ​សម្រេច​ក្នុង​សម័យ​យើង​នេះ។ មុន​នឹង​ប្រកាស​ប្រាប់​អនាគត​ដ៏​អស្ចារ្យ​នៃ​ការ​ឥត​មាន​សង្គ្រាម និង​គ្រឿង​អាវុធ​ទៀត​នោះ ទំនាយ​នេះ​ចែង​ថា៖ «នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ភ្នំ​ធំ​ៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូច​ៗ​ដែរ។ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទីនោះ។ ឯ​ប្រជាជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា៖ ‹ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា ដល់​ព្រះ​វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ។ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ›។ ដ្បិត​ក្រិត្យ​វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ុន​ទៅ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ពី​ក្រុង​យេរូសាឡិម​ដែរ»។—អេសាយ ២:២, ៣

មនុស្ស​អាច​ក្លាយ​ទៅ​ជា​សុខ​សាន្ត

៣. តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​កែ​ប្រែ​ពី​បុគ្គល​ដែល​រក​រឿង​ប្រទូស ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​សុខ​សាន្ត?

៣ ចូរ​កត់​សម្គាល់​ថា មុន​នឹង​មនុស្ស​អាច​ដេញ​តាម​សេចក្ដី​សុខ​សាន្ត ពួក​គេ​ត្រូវ​តែ​រៀន​អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា។ ការ​គោរព​ដល់​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា អាច​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ម្នាក់ ដើម្បី​ឲ្យ​បុគ្គល​នោះ ដែល​ធ្លាប់​ជា​អ្នក​រក​រឿង​ឲ្យ​ក្លាយ​ទៅ​ជា​សុខ​សាន្ត​វិញ។ តើ​ការ​ផ្លាស់​ប្រែ​នេះ​អាច​សម្រេច​បាន​យ៉ាង​ណា? រ៉ូម ១២:២ ចែង​ថា៖ «កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង»។ យើង​ផ្លាស់​ប្រែ​គំនិត​ឬ​បំណង​ចិត្ត​របស់​យើង​ជា​ថ្មី​ឡើង​វិញ ដោយ​បំពេញ​គំនិត​យើង​នូវ​គោល​ការណ៍​និង​សិក្ខាបទ​ពី​បន្ទូល​របស់​ព្រះ។ ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ទៀង​ទាត់ ជួយ​យើង​ឲ្យ​ផ្លាស់​ប្រែ ហើយ​ជួយ​ឲ្យ​បង្ហាញ​ដល់​ខ្លួន​យើង​នូវ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សំរាប់​យើង ដើម្បី​ឲ្យ​យើង​ឃើញ​ច្បាស់​នូវ​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ។—ទំនុកដំកើង ១១៩:១០៥

៤. តើ​តាម​របៀប​ណា​ដែល​បុគ្គល​ម្នាក់​អាច​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី​ដ៏​សុខ​សាន្ត?

៤ សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ផ្លាស់​ប្រែ​មិន​គ្រាន់​តែ​របៀប​ដែល​យើង​គិត​ទេ តែ​ផ្លាស់​ប្រែ​សកម្មភាព​និង​បុគ្គលិក​លក្ខណៈ​របស់​យើង​ដែរ។ ចំណេះ​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា៖ «ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សេចក្ដី​ឆបោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ»។ (អេភេសូរ ៤:២២​-​២៤) កម្លាំង​ដែល​មាន​សកម្មភាព​ក្នុង​គំនិត​របស់​យើង គឺ​មាន​ពី​ខាង​ក្នុង។ នេះ​ត្រូវ​បាន​ផ្លាស់​ប្រែ ហើយ​ក្លាយ​ទៅ​ជា​មាំ​មួន​ឡើង កាល​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ច្បាប់​របស់​ទ្រង់ បាន​រីក​ចំរើន​ឡើង ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ខាង​វិញ្ញាណ​និង​សុខ​សាន្ត។

៥. តើ​តាម​របៀប​ណា​ដែល‹បញ្ញត្ត​ថ្មី›ដែល​ព្រះ​យេស៊ូ​ប្រទាន​ដល់​ពួក​សិស្ស​ទ្រង់ បណ្ដាល​ឲ្យ​មាន​សន្ដិភាព​ក្នុង​ចំណោម​ពួក​គេ?

៥ សេចក្ដី​ត្រូវ​ការ​ផ្លាស់​ប្រែ​នេះ​ត្រូវ​បាន​ឃើញ​ពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​ប្រទាន​ដល់​ពួក​សិស្ស​ទ្រង់ ក្នុង​វេលា​ចុង​ក្រោយ​ជា​មួយ​ពួក​គេ​ថា៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៤, ៣៥) សេចក្ដី​ស្រឡាញ់​ដ៏​ឥត​កំណាញ់​នេះ ដែល​មាន​ដូច​ព្រះ​គ្រីស្ទ បាន​ចង​ភ្ជាប់​ពួក​សិស្ស​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព​ដ៏​ល្អ​គ្រប់ល័ក្ខណ៍។ (កូល៉ុស ៣:១៤) មាន​តែ​ពួក​ណា​ដែល​សុខ​ចិត្ត​ទទួល​ឬ​រស់​នៅ​តាម‹បញ្ញត្ត​ថ្មី›នេះ​ទេ ដែល​នឹង​អាច​មាន​សន្ដិភាព​ដែល​ព្រះ​សន្យា​មក​នោះ។ តើ​មាន​មនុស្ស​ណា​ដែល​ធ្វើ​ការ​នេះ​ទេ​នៅ​សព្វ​ថ្ងៃ?

៦. ហេតុ​អ្វី​ក៏​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សន្ដិភាព បើ​ប្រៀប​ធៀប​នឹង​ពួក​មនុស្ស​ក្នុង​លោកីយ៍​នោះ?

៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ភាតរភាព​ពេញ​ពិភព​លោក។ ទោះ​បី​ជា​ពួក​គេ​មក​ពី​គ្រប់​សាសន៍​ក៏​ដោយ ពួក​គេ​មិន​ជ្រៀត​ជ្រែក​ក្នុង​ទំនាស់​លោកីយ៍​ឡើយ ទោះ​ជា​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​ពី​នយោបាយ​និង​សាសនា​ក៏​ដោយ។ ជា​មនុស្ស​ដែល​មាន​សាមគ្គីភាព​គ្នា ព្រះ​យេហូវ៉ា​បាន​បង្រៀន​ពួក​គេ ហើយ​ពួក​គេ​មាន​សន្ដិភាព។ (អេសាយ ៥៤:១៣) ពួក​គេ​រក្សា​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ ហើយ​ពួក​គេ​មិន​ចូល​ធ្វើ​សង្គ្រាម​ឡើយ។ អ្នក​ខ្លះ​ដែល​ពី​ដើម​ជា​មនុស្ស​ឃោរ​ឃៅ បាន​បោះ​បង់​ជីវភាព​បែប​នោះ។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ដែល​ស្រឡាញ់​សន្ដិភាព ដោយ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ។ ហើយ​ពួក​គេ​បាន​ធ្វើ​តាម​ឱវាទ​របស់​ពេត្រុស​អស់​ពី​ចិត្ត៖ «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត​ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ​នោះ ត្រូវ​បញ្ចៀស​អណ្ដាត​ពី​សេចក្ដី​អាក្រក់​ចេញ​ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ​កល​ឡើយ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់​ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ​ត្រូវ​ស្វែង​រក​ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព»។—ពេត្រុស​ទី​១ ៣:១០, ១១; អេភេសូរ ៤:៣

ពួក​អ្នក​ដែល​ដេញ​តាម​សន្ដិភាព

៧, ៨. សូម​ឲ្យ​ឧទាហរណ៍​នៃ​មនុស្ស​ដែល​បាន​លះ​បង់​ចោល​សង្គ្រាម ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ស្វែង​រក​សន្ដិភាព​ពិត។ (សូម​រៀប​រាប់​ឧទាហរណ៍​ឯ​ទៀត ដែល​អ្នក​ប្រហែល​ជា​ដឹង)

៧ ជា​ឧទាហរណ៍ រ៉ាម៉ី អូវីឌ ជា​អតីត​ទាហាន​ម្នាក់​ដែល​មាន​ឯកទេស​ខាង​ប្រឆាំង​ភេរវជន។ គាត់​ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​សម្លាប់​ពួក​សត្រូវ។ គាត់​បាន​ជឿ​យ៉ាង​ជាក់​ក្នុង​ជាតិ​និយម​អ៊ីស្រាអែល រហូត​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ថា ពួក​រ៉ាប៊ី​មិន​ចង់​ឲ្យ​គាត់​រៀប​ការ​ស្ត្រី​ដែល​គាត់​ស្រឡាញ់ ពី​ព្រោះ​នាង​ជា​ជន​ជាតិ​អាស៊ី ជា​សាសន៍​ដទៃ។ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ បន្ទាប់​មក គាត់​ក៏​បាន​មក​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ការ​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​គាត់​ជឿ​ថា គាត់​មិន​អាច​ធ្វើ​ជា​អ្នក​ប្រកាន់​ជាតិ​និយម​ដ៏​ហួស​ហេតុ​បាន​ឡើយ។ សេចក្ដី​ស្រឡាញ់​គ្រីស្ទាន​មាន​ន័យ​ថា គាត់​ត្រូវ​បោះ​បង់​ចោល​សង្គ្រាម​និង​អាវុធ ហើយ​ត្រូវ​ស្រឡាញ់​មនុស្ស​គ្រប់​សាសន៍។ គាត់​មាន​ចិត្ត​ភ្ញាក់​ផ្អើល​ណាស់ នៅ​ពេល​ដែល​គាត់​បាន​ទទួល​សំបុត្រ​ល្អ​មួយ ដែល​សរសេរ​ថា៖ «ជូន​ចំពោះ​បង​ប្រុស​រ៉ាម៉ី»! តើ​អ្វី​ទៅ​ដែល​គួរ​ចម្លែក​អំពី​រឿង​នេះ? អ្នក​សរសេរ​សំបុត្រ​នេះ គាត់​ជា​ស្មរបន្ទាល់​ជាតិ​ប៉ាលីស្ទីន។ រ៉ាម៉ី​និយាយ​ថា «នេះ​ជា​អ្វី​ដ៏​អស្ចារ្យ​ណាស់ ពី​ព្រោះ​ពួក​ប៉ាលីស្ទីន​ជា​សត្រូវ​របស់​ខ្ញុំ ហើយ​ម្នាក់​នេះ​ហៅ​ខ្ញុំ ‹បង​ប្រុស›»។ ឥឡូវ​នេះ​រ៉ាម៉ី​និង​ប្រពន្ធ​របស់​គាត់​ស្វែង​រក​សន្ដិភាព​ពិត​តាម​ផ្លូវ​របស់​ព្រះ។

៨ ឧទាហរណ៍​មួយ​ទៀត គឺ​អំពី ចូច រ៉ីធើ ដែល​បាន​បំរើ​ជា​ទាហាន​ក្នុង​កង​ទ័ព​អាល្លឺម៉ង់ ដែល​បាន​ចូល​រុក​រាន​ប្រទេស​រុស្ស៊ី​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ។ ក្រោយ​មក គាត់​បាន​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​នឹង​គម្រោង​ការ​ដ៏​ធំ​សម្បើម​របស់​ហិត្លើ ចំពោះ​ការ​ជិះ​ជាន់​លើ​ពិភព​លោក។ នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​សង្គ្រាម​វិញ គាត់​បាន​ចាប់​ផ្ដើម​រៀន​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ គាត់​បាន​សរសេរ​ថា៖ «នៅ​ទី​បំផុត ខ្ញុំ​ក៏​ចាប់​ផ្ដើម​យល់​ឃើញ​ច្បាស់​លាស់។ ខ្ញុំ​បាន​ដឹង​ថា ព្រះ​មិន​មែន​ជា​បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហូរ​ឈាម​ទេ។ . . . ខ្ញុំ​ដឹង​ថា គឺ​ជា​បំណង​របស់​ទ្រង់​ក្នុង​ការ​ស្ថាបនា​សួន​មនោរម្យ​ទូទាំង​ពិភព​លោក ដែល​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​គោរព​ទ្រង់​ជា​រៀង​រហូត​ទៅ។ . . . ហិត្លើ​បាន​អួត​អំពី‹របប​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គាត់› តែ​បាន​គ្រប់​គ្រង​តែ​១២​ឆ្នាំ​ប៉ុណ្ណោះ—ហើយ​មាន​កម្មផល​ដ៏​អាក្រក់​ក្រៃ​លែង! គឺ​មិន​មែន​ហិត្លើ​ទេ តែ​ព្រះ​គ្រីស្ទ​វិញ . . . ដែល​អាច​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ទៅ​លើ​ផែនដី»។ ឥឡូវ​នេះ​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ ចូច​បាន​បំរើ​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​ពិត​ក្នុង​កិច្ច​បំរើ​ពេញ​ពេល។

៩. តើ​ការ​ពិសោធ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​របប​ណាត្ស៊ី​នៃ​ប្រទេស​អាល្លឺម៉ង់ បង្ហាញ​ថា​គេ​ជា​ពួក​អ្នក​ដ៏​ក្លាហាន​និង​ដ៏​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច?

៩ ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​និង​អព្យាក្រឹតភាព​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក្នុង​កំឡុង​របប​ណាត្ស៊ី បន្ត​ធ្វើ​ជា​សាក្សី​ដល់​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​និង​ចំពោះ​សន្ដិភាព​នៅ​ឥឡូវ​នេះ ដែល​មាន​ជាង​៥០​ឆ្នាំ​មក​ហើយ។ កូន​សៀវភៅ​មួយ​ដែល​បាន​បោះ​ពុម្ព​ដោយ​សារមន្ទីរ​រំឭក​ហាយនភាព ក្នុង​ក្រុង​វ៉ាស៊ីនតោន ថ្លែង​ថា៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង នៅ​ក្រោម​របប​ណាត្ស៊ី។ . . . សេចក្ដី​ក្លាហាន​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន ដែល​បាន​បង្ហាញ​ក្នុង​ការ​បដិសេធ[បោះ​បង់​ចោល​សាសនា​របស់​គេ] ទោះ​បី​មាន​ទារុណកម្ម ការ​ធ្វើ​ទុក្ខ​ទោស​ក្នុង​ជំរំ​ឃុំ​ឃាំង ហើយ​ជួន​កាល​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​នោះ បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​ពេល​នោះ​មាន​ការ​គោរព​ដល់​ពួក​គេ»។ រួច​មក​ថ្លែង​ទៀត​ថា៖ «ក្នុង​កំឡុង​ការ​រំដោះ​នៃ​ជំរំ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​បន្ត​ធ្វើ​ការ​របស់​គេ ដោយ​និយាយ​លេង​ទាក់​ទង​ជា​មួយ​ពួក​រួច​រស់​ជីវិត​ក្នុង​ជំរំ»។

ការ​ផ្លាស់​ប្រែ​ដ៏​ធំ​ទៀត

១០. (ក) តើ​ត្រូវ​ការ​ការ​ផ្លាស់​ប្រែ​ដ៏​ធំ​អ្វី​ដើម្បី​ឲ្យ​មាន​សន្ដិភាព​ពិត? (ខ) តើ​នេះ​ត្រូវ​បង្ហាញ​មក​យ៉ាង​ណា​ក្នុង​សៀវភៅ​ដានីយ៉ែល?

១០ តើ​នេះ​មាន​សេចក្ដី​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា ពួក​គេ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ក្នុង​ពិភព​លោក​ទាំង​មូល ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្លាស់​ប្រែ​គំនិត​ជឿ​ក្នុង​អព្យាក្រឹតភាព​គ្រីស្ទាន​ឬ? អត់​ទេ! ដើម្បី​ឲ្យ​មាន​សន្ដិភាព​លើ​ផែនដី គឺ​ត្រូវ​មាន​ការ​ផ្លាស់​ប្រែ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត។ តើ​នោះ​ជា​អ្វី​ទៅ? នេះ​គឺ​ត្រូវ​ដក​ចេញ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ដ៏​បំផ្លាញ ជិះ​ជាន់ ឃោរ​ឃៅ ហើយ​ដាក់​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជំនួស​វិញ ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន​សុំ​នោះ។ (ម៉ាថាយ ៦:៩, ១០) ប៉ុន្តែ តើ​នេះ​នឹង​កើត​ឡើង​ដូច​ម្ដេច? ក្នុង​សុបិន​ដែល​ព្រះ​បាន​បណ្ដាល​មក ព្យាការី​ដានីយ៉ែល​បាន​រៀន​ដឹង​ថា​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ព្រះ​រាជាណាចក្រ​របស់​ព្រះ ប្រៀប​ដូច​ដុំ​ថ្ម​ធំ​មួយ​ដែល‹ឥត​ដាប់​ចេញ​ដោយ​ដៃ​មនុស្ស› នឹង​បំបាក់​បំបែក​រូប​ដ៏​ធំ​នេះ ដែល​តំណាង​ការ​គ្រប់​គ្រង​នយោបាយ​របស់​មនុស្សជាតិ​លើ​ផែនដី។ រួច​មក​គាត់​ប្រកាស​ថា៖ «រីឯ​នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរនោះ​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច»។—ដានីយ៉ែល ២:៣១​-​៤៤

១១. ដោយ​មធ្យោបាយ​ណា​ដែល​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​សំរាប់​សន្ដិភាព?

១១ ហេតុ​អ្វី​ក៏​ការ​ផ្លាស់​ប្រែ​ដ៏​ធំ​នេះ​ក្នុង​លោកីយ៍​នឹង​កើត​ឡើង? ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​បោស​សំអាត​ផែនដី​ដោយ​ដក​យក​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ផែនដី​កខ្វក់​និង​បង្ហិន​បង្ហោច​វា។ (វិវរណៈ ១១:១៨) ការ​ផ្លាស់​ប្រែ​នេះ​នឹង​កើត​ឡើង​ក្នុង​សង្គ្រាម​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា ប្រឆាំង​សាតាំង​និង​លោកីយ៍​ដ៏​អាក្រក់​របស់​វា។ នៅ​វិវរណៈ ១៦:១៤, ១៦ យើង​អាន​ថា៖ «ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សំគាល់ ដើម្បី​នឹង​ប្រមូល​ស្តេច[ពួក​ដឹក​នាំ​នយោបាយ]ទាំង​នោះ​មក​ក្នុង​ចំ​បាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​បំផុត រួច​វិញ្ញាណ​ទាំង​នោះ ក៏​ប្រមូល​គេ​ទៅ​ឯ​កន្លែង ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ាគេដូន»។

១២. តើ​អើម៉ាគេដូន​នឹង​កើត​មាន​ឡើង​យ៉ាង​ណា?

១២ តើ​អើម៉ាគេដូន​នឹង​កើត​ឡើង​យ៉ាង​ណា? គឺ​ប្រាកដ​ជា​មិន​ដូច​សង្គ្រាម​នុយក្លេអែ ឬ​មហន្តរាយ​ណា​មួយ បង្ក​ដោយ​មនុស្សជាតិ​ឡើយ។ ទេ នេះ​ជា​សង្គ្រាម​របស់​ព្រះ ដើម្បី​កំទេច​សង្គ្រាម​របស់​មនុស្ស និង​បញ្ចប់​អស់​អ្នក​ដែល​គាំទ្រ​សង្គ្រាម​បែប​នេះ។ នេះ​ជា​សង្គ្រាម​របស់​ព្រះ​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិភាព​ពិត​សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​សន្ដិភាព។ ត្រូវ​ហើយ អើម៉ាគេដូន​នឹង​កើត​មាន​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​បំណង​មែន។ វា​នឹង​មិន​បង្អង់​យូរ​ទេ។ ព្យាការី​ហាបាគុក ត្រូវ​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា៖ «ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុកសំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់​ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រា​រង់​ឡើយ»។ (ហាបាគុក ២:៣) ដោយ​សារ​តែ​អារម្មណ៍​របស់​មនុស្ស​យើង នេះ​ធ្វើ​ឲ្យ​អើម៉ាគេដូន​ហាក់​បី​ដូច​ជា​បង្អង់​យូរ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ទ្រង់​រក្សា​ទុក​កំណត់​ពេល​របស់​ទ្រង់។ អើម៉ាគេដូន​នឹង​កើត​ឡើង​នៅ​ក្នុង​ម៉ោង​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក។

១៣. តើ​ព្រះ​នឹង​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​អារក្ស​សាតាំង?

១៣ ការ​ប្រព្រឹត្ត​ដែល​មិន​រួញ​រា​នេះ​នឹង​បើក​ផ្លូវ​សំរាប់​សន្ដិភាព​ពិត! ប៉ុន្តែ បើ​ចង់​ឲ្យ​សន្ដិភាព​ពិត​បាន​ស្ថាបនា​យ៉ាង​មាំ​មួន​នោះ មាន​អ្វី​មួយ​ដែល​ត្រូវ​តែ​ធ្វើ​ឡើង—គឺ​ការ​ដក​ចេញ​បុគ្គល​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បែក​ខ្ញែក សម្អប់ និង​ការ​ទាស់​ទែង។ ហើយ​នោះ​ជា​អ្វី​ដែល​ទំនាយ​ព្រះ​គម្ពីរ​ថា​នឹង​កើត​ឡើង​ជា​បន្ទាប់—ការ​បោះ​ទម្លាក់​សាតាំង​ក្នុង​ជង្ហុក​ធំ ជា​អ្នក​ដែល​បង្ក​បង្កើត​សង្គ្រាម ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កំភូត។ សាវ័ក​យ៉ូហាន​បាន​ឃើញ​ព្រឹត្ដិការណ៍​ក្នុង​ចក្ខុនិមិត្ត​ទំនាយ ដែល​បាន​កត់​ទុក​ក្នុង​វិវរណៈ ២០:១​-​៣៖ «ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​សួគ៌​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ នឹង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ទប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ»។

១៤. តើ​សកម្មភាព​ដ៏​ជោគ​ជ័យ​របស់​ព្រះ​យេហូវ៉ា ប្រឆាំង​សាតាំង​អាច​រៀប​រាប់​យ៉ាង​ណា?

១៤ នេះ​មិន​មែន​ជា​សុបិន​ទេ នេះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ—ហើយ​ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ»។ (ហេព្រើរ ៦:១៨) ដូច្នេះ​ព្រះ​យេហូវ៉ា​អាច​មាន​បន្ទូល​តាម​រយៈ​ព្យាការី​យេរេមា​ថា៖ «‹អញ​ជា​ព្រះ​យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីករាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (យេរេមា ៩:២៤) ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដោយ​យុត្ដិធម៌​និង​ដោយ​សេចក្ដី​សុចរិត ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​សន្ដិភាព​ដែល​ទ្រង់​នឹង​នាំ​ឲ្យ​មាន​លើ​ផែនដី​នេះ។

គ្រប់​គ្រង​ដោយ​ម្ចាស់​នៃ​មេត្រី​ភាព

១៥, ១៦. (ក) តើ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យក​អ្នក​ណា​ឲ្យ​គ្រប់​គ្រង​ជា​ស្តេច? (ខ) តើ​ការ​គ្រប់​គ្រង​នោះ​ត្រូវ​បាន​រៀប​រាប់​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្នក​ណា​នឹង​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង​នោះ?

១៥ ដើម្បី​ធានា​រ៉ាប់​រង​ថា​សន្ដិភាព​ពិត​នឹង​មាន​ដល់​ពួក​អ្នក​ដែល​រស់​នៅ​ក្រោម​ព្រះ​រាជាណាចក្រ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ការ​គ្រប់​គ្រង​ទៅ​ម្ចាស់​នៃ​មេត្រី​ភាព​ពិត ព្រះ​យេស៊ូ​គ្រីស្ទ ដូច​បាន​ទាយ​មក​ក្នុង​អេសាយ ៩:៦, ៧៖ «ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ​នាម​ទ្រង់​ថា ព្រះ​ដ៏​ជំនួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប នឹង​ជា​ម្ចាស់​នៃ​មេត្រី​ភាព ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់​នឹង​សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ . . . គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ នឹង​សំរេច​ការ​នេះ»។ អ្នក​តែង​បទ​ទំនុកដំកើង​ក៏​បាន​សរសេរ​ជា​ទំនាយ​អំពី​ការ​គ្រប់​គ្រង​របស់​ព្រះ​មេស្ស៊ី​ថា៖ «នៅ​ក្នុង​គ្រា​ព្រះ​រាជបុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ​ចន្ទ​រលត់​សូន្យ​ទៅ»។—ទំនុកដំកើង ៧២:៧

១៦ បន្ថែម​ទៀត គឺ​មាន​១៤៤.០០០​នាក់​នៃ​បង​ប្អូន​របស់​ព្រះ​គ្រីស្ទ​ដែល​រើស​តាំង​ដោយ​ព្រះ​វិញ្ញាណ ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​ទ្រង់​នៅ​ស្ថាន​សួគ៌។ ពួក​ទាំង​នេះ​ជា​ពួក​ដែល​នឹង​ទទួល​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ ដែល​ប៉ុល​បាន​សរសេរ​ថា៖ «ឯ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត នៅ​បន្ដិច​ទៀត​ទ្រង់​នឹង​កិន​អារក្ស​សាតាំង នៅ​ក្រោម​ជើង​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ចុះ»។ (រ៉ូម ១៦:២០) ត្រូវ​ហើយ ពួក​ទាំង​នេះ​នឹង​ចូល​រួម​នៅ​ស្ថាន​សួគ៌​ក្នុង​ការ​ជោគ​ជ័យ​របស់​ព្រះ​គ្រីស្ទ​លើ​អារក្ស​សាតាំង​ជា​អ្នក​បង្ក​បង្កើត​សង្គ្រាម!

១៧. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ទទួល​សន្ដិភាព​ពិត?

១៧ ដូច្នេះ សំនួរ​ដែល​យើង​ត្រូវ​សួរ​ឥឡូវ​នេះ​គឺ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​សន្ដិភាព​ពិត? សន្ដិភាព​ពិត​គឺ​បាន​មក​តែពី​ផ្លូវ​របស់​ព្រះ ហើយ​ដើម្បី​ទទួល​ឲ្យ​បាន អ្នក​ត្រូវ​តែ​ចាត់​យក​វិធានការ​ដ៏​ល្អ​ៗ។ អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ម្ចាស់​នៃ​មេត្រី​ភាព ហើយ​ដាក់​ជំនឿ​លើ​ទ្រង់។ នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ មុខ​នាទី​ទ្រង់​ជា​អ្នក​លោះ​មនុស្ស​មាន​បាប។ ព្រះ​យេស៊ូ​អង្គ​ទ្រង់ បាន​មាន​បន្ទូល​ដ៏​ល្បី​នេះ​ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន ៣:១៦) តើ​អ្នក​សុខ​ចិត្ត​អនុវត្ត​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ ជា​បុគ្គល​ដែល​ព្រះ​នឹង​នាំ​ឲ្យ​បង្កើត​សន្ដិភាព​ពិត​និង​សេចក្ដី​សង្គ្រោះ​ទេ? គឺ​គ្មាន​នាម​ឯ​ណា​ទៀត​ក្រោម​ស្ថាន​សួគ៌ ដែល​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ហើយ​ធានា​រ៉ាប់​រង​បាន​នោះ​ឡើយ។ (ភីលីព ២:៨​-​១១) ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេស៊ូ​ជា​បុគ្គល​ដែល​ព្រះ​បាន​រើស​តាំង។ ទ្រង់​ជា​អ្នក​នាំ​សារ​ដ៏​ឧត្តម​នៃ​សន្ដិភាព ដែល​បាន​គង់​នៅ​លើ​ផែនដី។ តើ​អ្នក​នឹង​ស្ដាប់​តាម​ព្រះ​យេស៊ូ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ទេ?

១៨. តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ក្នុង​ការ​តប​ឆ្លើយ​តាម​ពាក្យ​របស់​ព្រះ​យេស៊ូ ក្នុង​យ៉ូហាន ១៧:៣?

១៨ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) ឥឡូវ​នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​យក​ចូល​ចំណេះ​ត្រឹម​ត្រូវ ដោយ​មក​ឯ​កិច្ច​ប្រជុំ​យ៉ាង​ទៀង​ទាត់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នៅ​ឯ​សាល​ព្រះ​រាជាណាចក្រ។ កិច្ច​ប្រជុំ​អប់រំ​ទាំង​នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ចែក​ចំណេះ​និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ជា​មួយ​មនុស្ស​ដទៃ។ អ្នក​ក៏​អាច​ជា​អ្នក​នាំ​សារ​សំរាប់​សន្ដិភាព​របស់​ព្រះ​ដែរ។ អ្នក​អាច​មាន​សន្ដិភាព​ឥឡូវ​នេះ ដោយ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា ដូច​បាន​ចែង​មក​នៅ​អេសាយ ២៦:៣ «ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់»។ តើ​អ្នក​ត្រូវ​ទុក​ចិត្ត​លើ​អ្នក​ណា? «ចូរ​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ​ដ៏​ជា​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្ម​ដា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។—អេសាយ ២៦:៤

១៩, ២០. តើ​អ្វី​ដែល​នឹង​រង់​ចាំ​ពួក​អ្នក​ស្វែង​រក​និង​ដេញ​តាម​សន្ដិភាព​នៅ​សព្វ​ថ្ងៃ​នេះ?

១៩ ឥឡូវ​នេះ​ចូរ​អ្នក​ប្ដេជ្ញា​ចិត្ត​ជ្រើស​រើស​យក​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​ពិភព​លោក​ថ្មី​ចុះ។ នៅ​វិវរណៈ ២១:៣, ៤ បន្ទូល​របស់​ព្រះ​ធានា​រ៉ាប់​រង​យើង​ថា៖ «មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ តើ​អ្នក​មិន​ចង់​បាន​អនាគត​ដ៏​សុខ​សាន្ត​ដូច​នេះ​ទេ​ឬ?

២០ ចូរ​ចង​ចាំ​នូវ​អ្វី​ៗ​ដែល​ព្រះ​បាន​សន្យា​មក​ចុះ។ «ឯ​មនុស្ស​រាប​សា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ។ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត​ត្រាណ»។ (ទំនុកដំកើង ៣៧:១១, ៣៧) នៅ​ពេល​ថ្ងៃ​ដ៏​សប្បាយ​នោះ​មក​ដល់ សូម​ឲ្យ​យើង​និយាយ​ដោយ​កតញ្ញូ​ធម៌​ថា «សន្ដិភាព​ពិត​នៅ​ទី​បំផុត​បាន​មក​ដល់​ហើយ! ដោយ​សារ​ព្រះ​យេហូវ៉ា ប្រភព​នៃ​សន្ដិភាព​ពិត»!

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

◻ តើ​អ្វី​ដែល​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ផ្លាស់​ប្រែ​គំនិត​និង​សកម្មភាព?

◻ តើ​តាម​របៀប​ណា​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​បុគ្គល​ម្នាក់​និង​ជា​ក្រុម បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​សន្ដិភាព​ពិត?

◻ តើ​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ផ្សព្វ​ផ្សាយ​ការ​ស្អប់​និង​សង្គ្រាម?

◻ តើ​ការ​គ្រប់​គ្រង​របស់​ម្ចាស់​នៃ​មេត្រី​ភាព​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្សជាតិ?

[រូប​ភាព​នៅ​ទំព័រ​២៦]

ពាក្យ​របស់​អេសាយ​បាន​សម្រេច មិន​មែន​ដោយ​អង្គការ​សហប្រជាជាតិ​ទេ តែ​ដោយ​អស់​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេហូវ៉ា

[រូប​ភាព​នៅ​ទំព័រ​២៧]

បុរស​ពីរ​នាក់​នេះ​បាន​ផ្លាស់​ប្រែ​ដើម្បី​ស្វែង​រក​សន្ដិភាព

រ៉ាម៉ី អូវីឌ

ចូច រ៉ីធើ

[រូប​ភាព​នៅ​ទំព័រ​២៩]

សន្ដិភាព​ពិត​នឹង​មាន​ឡើង​នៅ​ក្រោម​ម្ចាស់​នៃ​មេត្រី​ភាព

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក