សេចក្ដីសុខសាន្ត តើអ្នកអាចមានតាមរបៀបណា?
យើងរស់នៅក្នុងពិភពលោកមួយដែលមានបញ្ហាជាច្រើន ដូច្នេះប្រហែលជាពិបាកឲ្យយើងមានសេចក្ដីសុខសាន្ត។ ទោះជាយើងមានសេចក្ដីសុខសាន្តមួយកម្រិតក្ដី យើងអាចបាត់បង់សេចក្ដីសុខសាន្តនោះយ៉ាងងាយ។ តើមានអ្វីខ្លះក្នុងគម្ពីរដែលអាចជួយយើងឲ្យមានសេចក្ដីសុខសាន្តពិតប្រាកដនិងដ៏ស្ថិតស្ថេរ? តើយើងអាចជួយអ្នកឯទៀតឲ្យមានសេចក្ដីសុខសាន្តបែបនេះយ៉ាងដូចម្ដេច?
តើយើងត្រូវធ្វើអ្វី?
ដើម្បីមានសេចក្ដីសុខសាន្តពិតប្រាកដ យើងត្រូវមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនិងបានទទួលការការពារ។ យើងត្រូវការមិត្តភក្ដិល្អ ហើយសំខាន់បំផុតយើងត្រូវចូលទៅជិតព្រះ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
បង្គាប់និងគោលការណ៍របស់ព្រះយេហូវ៉ាគឺតែងតែល្អសម្រាប់យើង។ ពេលយើងធ្វើតាមបង្គាប់និងគោលការណ៍ទាំងនោះ យើងបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ា ហើយចង់មានសន្ដិភាពជាមួយនឹងលោក។ (យេរេមា ១៧:៧, ៨; យ៉ាកុប ២:២២, ២៣) យ៉ាងនេះ ព្រះយេហូវ៉ានឹងចូលមកជិតយើង ហើយផ្ដល់ឲ្យយើងនូវសេចក្ដីសុខសាន្តក្នុងចិត្ត។ អេសាយ ៣២:១៧ចែងថា៖ «ការនៃសេចក្ដីសុចរិតនោះនឹងបានជាសន្ដិសុខ ហើយផលនៃសេចក្ដីសុចរិតនោះនឹងបានជាសេចក្ដីស្រាកស្រាន្ត នឹងជាសេចក្ដីទុកចិត្តជាដរាបទៅ»។ យើងអាចមានសេចក្ដីសុខសាន្តពិតប្រាកដពេលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។—អេសាយ ៤៨:១៨, ១៩
ការខ្វល់ខ្វាយធ្វើឲ្យយើងលែងមានសេចក្ដីសុខសាន្ត
ព្រះយេហូវ៉ាក៏បានផ្ដល់ឲ្យយើងនូវអំណោយមួយដ៏មានតម្លៃដើម្បីជួយយើងឲ្យមានសេចក្ដីសុខសាន្តដ៏ស្ថិតស្ថេរ។ អំណោយនេះគឺសកម្មពលបរិសុទ្ធរបស់លោក។—សកម្មភាព ៩:៣១
សកម្មពលរបស់ព្រះជួយយើងឲ្យមានសេចក្ដីសុខសាន្ត
សាវ័កប៉ូលបាននិយាយថាសេចក្ដីសុខសាន្តគឺជាគុណសម្បត្ដិឬលក្ខណៈមួយនៃ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ (កាឡាទី ៥:២២, ២៣) សកម្មពលរបស់ព្រះធ្វើឲ្យមានសេចក្ដីសុខសាន្ត ដូច្នេះបើយើងចង់មានសេចក្ដីសុខសាន្ត យើងត្រូវអនុញ្ញាតឲ្យសកម្មពលបរិសុទ្ធនោះណែនាំយើង។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ទី១ យើងត្រូវអានបណ្ដាំរបស់ព្រះជាទៀងទាត់។ (ទំនុកតម្កើង ១:២, ៣) កាលដែលយើងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអាន សកម្មពលបរិសុទ្ធជួយយើងឲ្យយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ ជាឧទាហរណ៍ យើងរៀនអំពីរបៀបដែលលោករក្សាសេចក្ដីសុខសាន្តរបស់លោក និងអំពីមូលហេតុដែលសេចក្ដីសុខសាន្តគឺសំខាន់ចំពោះលោក។ ពេលយើងធ្វើតាមអ្វីដែលយើងបានរៀនពីគម្ពីរ យើងនឹងមានសេចក្ដីសុខសាន្តច្រើនជាងក្នុងជីវិត។—សុភាសិត ៣:១, ២
ទី២ យើងត្រូវអធិដ្ឋានសុំសកម្មពលបរិសុទ្ធរបស់ព្រះ។ (លូកា ១១:១៣) ព្រះយេហូវ៉ាសន្យានឹងអស់អ្នកដែលសុំជំនួយពីលោកថា៖ «សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ»។ (ភីលីព ៤:៦, ៧) ពេលយើងរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយពឹងផ្អែកលើសកម្មពលរបស់លោក នោះលោកនឹងផ្ដល់ឲ្យយើងនូវសេចក្ដីសុខសាន្តពិតប្រាកដក្នុងចិត្ត។—រ៉ូម ១៥:១៣
គម្ពីរបានជួយមនុស្សជាច្រើនឲ្យធ្វើការកែប្រែផ្សេងៗក្នុងជីវិតរបស់ពួកគេ ហើយឥឡូវពួកគេមានសន្ដិភាពជាមួយនឹងព្រះយេហូវ៉ា សេចក្ដីសុខសាន្តក្នុងចិត្ត និងសន្ដិភាពជាមួយនឹងអ្នកឯទៀត។ តើពួកគេបានធ្វើការកែប្រែទាំងនេះយ៉ាងដូចម្ដេច?
របៀបដែលអ្នកខ្លះបានទទួលសេចក្ដីសុខសាន្តពិតប្រាកដ
មុនចូលសេចក្ដីពិត បងប្អូនខ្លះរបស់យើងជាមនុស្សដែលឆាប់ខឹង ហើយថែមទាំងប្រព្រឹត្តអំពើឃោរឃៅផងដែរ។ ប៉ុន្តែ ពួកគេបានខំប្រឹងកែប្រែ ហើយឥឡូវពួកគេប្រព្រឹត្តដោយសប្បុរស ចិត្តអត់ធ្មត់ និងមានសន្ដិភាពជាមួយនឹងអ្នកឯទៀតច្រើនជាង។a (សូមមើលកំណត់សម្គាល់) (សុភាសិត ២៩:២២) សូមពិចារណាអំពីរបៀបដែលបងប្រុសដាវីឌនិងបងស្រីរេឆឺលបានធ្វើការកែប្រែបែបនេះក្នុងជីវិតរបស់ពួកគាត់។
យើងអាចមានសេចក្ដីសុខសាន្តពេលយើងធ្វើតាមគោលការណ៍គម្ពីរ ហើយអធិដ្ឋានសុំសកម្មពលរបស់ព្រះ
មុនបងដាវីឌចូលសេចក្ដីពិត គាត់ច្រើនតែរិះគន់អ្នកឯទៀត ហើយនិយាយទ្រគោះបោះបោកដាក់ក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែក្រោយមក គាត់បានទទួលស្គាល់ថាគាត់ត្រូវកែប្រែ។ តើគាត់បានធ្វើអ្វីដើម្បីមានសេចក្ដីសុខសាន្ត? បងដាវីឌនិយាយថា៖ «ខ្ញុំចាប់ផ្ដើមធ្វើតាមគោលការណ៍គម្ពីរក្នុងជីវិតរបស់ខ្ញុំ ហើយជាលទ្ធផល ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំចេះគោរពគ្នាទៅវិញទៅមកច្រើនជាង»។
បងរេឆឺលបានទទួលឥទ្ធិពលពីមនុស្សដែលនៅជុំវិញគាត់តាំងពីគាត់នៅក្មេង។ គាត់ពន្យល់ថា៖ «សូម្បីតែនៅឥឡូវនេះ ខ្ញុំក៏ច្រើនតែខឹង ដោយសារខ្ញុំបានធំឡើងក្នុងក្រុមគ្រួសារមួយដែលចេះតែខឹងចំពោះរឿងផ្សេងៗ»។ តើអ្វីបានជួយបងរេឆឺលឲ្យមានសេចក្ដីសុខសាន្ត? គាត់និយាយថា៖ «ការអធិដ្ឋានពឹងផ្អែកលើព្រះយេហូវ៉ា»។
បងដាវីឌនិងបងរេឆឺលគឺជាបុគ្គលពីរនាក់ក្នុងចំណោមមនុស្សជាច្រើនដែលមានសេចក្ដីសុខសាន្តនៅឥឡូវនេះ ដោយសារពួកគេបានធ្វើតាមគោលការណ៍គម្ពីរនិងបានពឹងផ្អែកលើសកម្មពលបរិសុទ្ធ។ ទោះជាយើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយកំហឹងក្ដី យើងនៅតែអាចមានសេចក្ដីសុខសាន្តក្នុងចិត្តបាន។ សេចក្ដីសុខសាន្តនេះនឹងធ្វើឲ្យយើងកាន់តែស្រួលមានទំនាក់ទំនងល្អជាមួយនឹងសមាជិកក្រុមគ្រួសារ និងបងប្អូនរបស់យើងក្នុងក្រុមជំនុំ។ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់យើងឲ្យ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹងមនុស្សទាំងអស់»។ (រ៉ូម ១២:១៨) តើនេះពិតជាអាចទៅរួចឬទេ? ហេតុអ្វីយើងគួរព្យាយាមធ្វើឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត?
ចូរខំប្រឹងឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត
ក្នុងកិច្ចបម្រើផ្សាយរបស់យើង យើងផ្សព្វផ្សាយដំណឹងនៃសេចក្ដីសុខសាន្តអំពីរាជាណាចក្ររបស់ព្រះ។ (អេសាយ ៩:៦, ៧; ម៉ាថាយ ២៤:១៤) មនុស្សជាច្រើនចូលចិត្តនិងទទួលយកដំណឹងនេះ។ ជាលទ្ធផល ពួកគេលែងអស់សង្ឃឹមឬខឹងអំពីអ្វីដែលកំពុងកើតឡើងក្នុងពិភពលោកនេះទៀត។ ឥឡូវនេះ ពួកគេមានសេចក្ដីសង្ឃឹមពិតប្រាកដសម្រាប់ពេលអនាគត ហើយនេះធ្វើឲ្យពួកគេចង់«ស្វែងរកសេចក្ដីសុខ»។—ទំនុកតម្កើង ៣៤:១៤
ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ចូលចិត្តដំណឹងដែលយើងផ្សាយភ្លាមៗនោះទេ។ (យ៉ូហាន ៣:១៩) ទោះជាមនុស្សមានប្រតិកម្មយ៉ាងណាក៏ដោយ ព្រះផ្ដល់ឲ្យយើងនូវសកម្មពលរបស់លោក។ នេះជួយយើងឲ្យរក្សាសន្ដិភាព ហើយចេះបង្ហាញការគោរពពេលយើងផ្សព្វផ្សាយ។ តាមរបៀបនេះ យើងធ្វើតាមឱវាទរបស់លោកយេស៊ូ ដែលថា៖ «ពេលដែលអ្នកចូលទៅក្នុងផ្ទះណាមួយ ចូរជម្រាបសួរអ្នកផ្ទះនោះ ហើយជូនពរឲ្យពួកគេបានប្រកបដោយសេចក្ដីសុខ។ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខ ចូរឲ្យសេចក្ដីសុខកើតមានដល់អ្នកផ្ទះនោះដូចអ្នកបានជូនពរចុះ។ ប៉ុន្តែ បើអ្នកផ្ទះនោះមិនសមនឹងទទួលទេ ចូរឲ្យសេចក្ដីសុខដែលអ្នកបានជូនពរវិលមកឯអ្នករាល់គ្នាវិញ»។ (ម៉ាថាយ ១០:១១-១៣) ពេលយើងមានចិត្តគំនិតបែបនេះ យើងអាចរក្សាសន្ដិភាព មិនថាអ្នកឯទៀតនិយាយឬធ្វើអ្វីឡើយ។ ម្យ៉ាងទៀត យើងចាំថាយើងប្រហែលជានៅតែនឹងមានឱកាសជួយមនុស្សទាំងនោះនៅពេលអនាគត។
យើងក៏ធ្វើឲ្យមានសន្ដិភាពដោយបង្ហាញការគោរពពេលយើងនិយាយជាមួយនឹងមន្ត្រីរដ្ឋាភិបាល ទោះជាពួកគេប្រឆាំងនឹងកិច្ចការរបស់យើងក៏ដោយ។ ជាឧទាហរណ៍ នៅប្រទេសមួយនាទ្វីបអាហ្វ្រិក រដ្ឋាភិបាលមិនបានអនុញ្ញាតឲ្យយើងសង់សាលប្រជុំទេ។ បងប្អូនរបស់យើងដឹងថាពួកគេគួរព្យាយាមដោះស្រាយបញ្ហានោះដោយសន្ដិវិធី។ ពួកគេបានចាត់បងប្រុសម្នាក់ដែលធ្លាប់បម្រើជាសាសនទូតក្នុងប្រទេសនោះឲ្យទៅជួបឧត្តមស្នងការរបស់ប្រទេសនោះ ដែលនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយប្រាប់គាត់អំពីកិច្ចការដែលសាក្សីព្រះយេហូវ៉ាធ្វើដែលនាំឲ្យមានសន្ដិភាព។
បងប្រុសយើងនិយាយថា៖ «ពេលខ្ញុំទៅដល់ការិយាល័យរបស់ពួកគេ ស្ត្រីដែលជាអ្នកទទួលភ្ញៀវបានស្លៀកសម្លៀកបំពាក់របស់កុលសម្ព័ន្ធមួយដែលនិយាយភាសាដែលខ្ញុំបានរៀន។ ដូច្នេះ ខ្ញុំបានសួរសុខទុក្ខនាងដោយនិយាយភាសាកំណើតរបស់នាង។ នាងភ្ញាក់ផ្អើល ហើយសួរខ្ញុំថា៖ ‹លោកមកទីនេះមានការអីដែរ?›។ ខ្ញុំបានប្រាប់នាងដោយគួរសមថាខ្ញុំមកដើម្បីជួបលោកឧត្តមស្នងការ។ នាងបានទូរស័ព្ទទៅឧត្តមស្នងការនោះ ហើយគាត់មកជួបខ្ញុំនិងស្វាគមន៍ខ្ញុំដោយនិយាយភាសារបស់ប្រទេសនោះ។ ក្រោយមក គាត់បានស្ដាប់ខ្ញុំយ៉ាងយកចិត្តទុកដាក់ កាលដែលខ្ញុំពន្យល់គាត់អំពីកិច្ចការដែលសាក្សីព្រះយេហូវ៉ាធ្វើដែលប្រកបដោយសន្ដិភាព»។
ក្រោយពីឧត្តមស្នងការនោះបានស្ដាប់អ្វីដែលបងប្រុសយើងបានរៀបរាប់ គាត់បានយល់ច្បាស់ជាងអំពីកិច្ចការរបស់យើង ហើយគាត់មិនសូវរើសអើងដូចពីមុនទេ។ មួយរយៈពេលក្រោយមក រដ្ឋាភិបាលបានផ្លាស់ប្ដូរសេចក្ដីសម្រេច ហើយបានអនុញ្ញាតឲ្យសាក្សីព្រះយេហូវ៉ាសង់សាលប្រជុំ។ បងប្អូនយើងសប្បាយចិត្តណាស់! យើងឃើញច្បាស់ថា ពេលយើងប្រព្រឹត្តទៅលើអ្នកឯទៀតដោយបង្ហាញការគោរព យើងធ្វើឲ្យមានសន្ដិភាព។
ចូរមានសេចក្ដីសុខសាន្តជារៀងរហូត
សព្វថ្ងៃនេះ ក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាមានស្ថានភាពដ៏សុខសាន្តដែលប្រៀបដូចជាសួនឧទ្យាន កាលដែលពួកគេគោរពប្រណិប័តន៍លោក។ យើងម្នាក់ៗអាចធ្វើឲ្យមានសេចក្ដីសុខសាន្តនេះថែមទៀតដោយខំប្រឹងឲ្យមានសេចក្ដីសុខសាន្តកាន់តែច្រើនក្នុងជីវិតរបស់យើង។ យ៉ាងនេះ យើងអាចប្រាកដថាព្រះយេហូវ៉ាពេញចិត្តនឹងយើង ហើយនៅក្នុងពិភពលោកថ្មីរបស់លោក លោកនឹងផ្ដល់ឲ្យយើងនូវសេចក្ដីសុខសាន្តដែលស្ថិតស្ថេរជារៀងរហូត។—ពេត្រុសទី២ ៣:១៣, ១៤
a យើងនឹងពិចារណាអំពីសេចក្ដីសប្បុរសក្នុងអត្ថបទមួយទៀតនៃអត្ថបទតភាគនេះអំពីផលដែលបង្កើតដោយសកម្មពលបរិសុទ្ធរបស់ព្រះ។