បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៤ ទំ. ១៨-២២
  • ការបំរើជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបំរើជាអ្នកនាំសារនៃសន្ដិភាពរបស់ព្រះ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «ព្រះ​នៃ​ឯង​ទ្រង់​សោយ​រាជ្យ»!
  • អ្នក​នាំ​សារ​ដ៏​ឧត្តម​នៃ​សន្ដិភាព​របស់​ព្រះ​យេហូវ៉ា
  • បង្ហាត់​បង្រៀន​ឲ្យ​ដើរ​តាម​ជំហាន​របស់​ព្រះ​គ្រីស្ទ
  • ការ​មាន​សន្ដិភាព​ក្នុង​ពិភព​លោក​ដែល​ច្របូក​ច្របល់
  • សេចក្ដីសុខសាន្ត តើអ្នកអាចមានតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • សន្ដិភាពពិត—ពីប្រភពណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរស្វែងរកហើយដេញតាមសន្ដិភាពពិតចុះ!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៤ ទំ. ១៨-២២

ការ​បំរើ​ជា​អ្នក​នាំ​សារ​នៃ​សន្ដិភាព​របស់​ព្រះ

«អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល . . . ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី»។—អេសាយ ៥២:៧

១, ២. (ក) ដូច​បាន​ទាយ​មក​ក្នុង​អេសាយ ៥២:៧ តើ​ដំណឹង​ល្អ​អ្វី​ដែល​នឹង​ត្រូវ​ផ្សាយ? (ខ) តើ​ពាក្យ​ទំនាយ​របស់​អេសាយ​មាន​ន័យ​យ៉ាង​ណា ចំពោះ​ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ?

គឺ​មាន​ដំណឹង​ល្អ​ដើម្បី​ផ្សាយ! នេះ​ជា​ដំណឹង​នៃ​សន្ដិភាព—គឺ​សន្ដិភាព​ពិត។ នេះ​ជា​សារ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​ទាក់​ទង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ ជា​យូរ​យារ​មក​ហើយ ព្យាការី​អេសាយ​បាន​សរសេរ​អំពី​រឿង​នេះ ហើយ​ពាក្យ​របស់​គាត់ គឺ​បាន​កត់​ទុក​សំរាប់​យើង​នៅ​អេសាយ ៥២:៧ ដែល​យើង​អាន​ថា៖ «អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ​ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា៖ ‹ព្រះ​នៃ​ឯង​ទ្រង់​សោយ​រាជ្យ›»!

២ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​អេសាយ​កត់​សារ​នោះ ទុក​សំរាប់​ជា​ប្រយោជន៍​ដល់​ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ និង​សំរាប់​ជា​ប្រយោជន៍​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​ទំនាយ​នេះ​មាន​ន័យ​យ៉ាង​ណា? នៅ​គ្រា​ដែល​អេសាយ​បាន​សរសេរ​ពាក្យ​ទាំង​នោះ ព្រះ​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល ប្រហែល​ជា​ត្រូវ​បាន​ពួក​អាសស៊ើរ​ចាប់​យក​ជា​ឈ្លើយ​រួច​ទៅ​ហើយ។ ក្រោយ​មក ពួក​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ខាង​ត្បូង​នៃ​ស្រុក​យូដា ក៏​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ីឡូន​ដែរ។ នៅ​សម័យ​នោះ ជា​គ្រា​ដ៏​ឈឺ​ចាប់​និង​ដ៏​ជ្រួល​ច្របល់ ពី​ព្រោះ​ប្រជារាស្ត្រ​មិន​បាន​គោរព​តាម​ព្រះ​យេហូវ៉ា ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​ឥត​មាន​សន្ដិភាព​ជា​មួយ​ព្រះ​ទេ។ ដូច​ជា​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​មក ចរិយា​ដ៏​មាន​បាប​របស់​គេ​បាន​បណ្ដាល​ឲ្យ​មាន​ការ​បែក​ខ្ញែក​រវាង​ពួក​គេ និង​ព្រះ​ដែរ។ (អេសាយ ៤២:២៤; ៥៩:២​-​៤) ប៉ុន្តែ តាម​រយៈ​អេសាយ ព្រះ​យេហូវ៉ា​បាន​ទាយ​ប្រាប់​ថា ដល់​គ្រា​កំណត់ ទ្វារ​នៃ​ក្រុង​បាប៊ីឡូន​នឹង​បើក​ចំហ​ឡើង។ រាស្ត្រ​របស់​ព្រះ​នឹង​អាច​ត្រឡប់​ទៅ​ស្រុក​របស់​គេ ដើម្បី​សង់​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​បាន​កសាង ហើយ​ការ​ថ្វាយ​បង្គំ​នៃ​ព្រះ​ពិត នឹង​មាន​ឡើង​វិញ​ក្នុង​ក្រុង​យេរូសាឡិម។—អេសាយ ៤៤:២៨; ៥២:១, ២

៣. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​សន្យា​ចំពោះ​ការ​ស្ថាបនា​អ៊ីស្រាអែល​ឡើង​វិញ ក៏​ជា​ទំនាយ​សន្ដិភាព​ដែរ​នោះ?

៣ សេចក្ដី​សន្យា​ពី​ការ​រំដោះ​នេះ ក៏​ជា​ទំនាយ​សន្ដិភាព​ដែរ។ ដោយ​បាន​ត្រឡប់​ទៅ​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល នេះ​ជា​ភស្តុ​តាង​នៃ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ និង​ការ​ប្រែ​ចិត្ត​របស់​គេ។ នេះ​បង្ហាញ​ប្រាប់​ថា ពួក​គេ​មាន​សន្ដិភាព​ជា​មួយ​ព្រះ។—អេសាយ ១៤:១; ៤៨:១៧, ១៨

«ព្រះ​នៃ​ឯង​ទ្រង់​សោយ​រាជ្យ»!

៤. (ក) ក្នុង​ន័យ​យ៉ាង​ណា​ដែល​អាច​និយាយ​ថា‹ព្រះ​យេហូវ៉ា​បាន​សោយ​រាជ្យ› ក្នុង​ឆ្នាំ​៥៣៧​ម.​ស.យ.? (ខ) តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រើ​មធ្យោបាយ សំរាប់​ជា​ប្រយោជន៍​ដល់​រាស្ត្រ​ទ្រង់​ក្នុង​ឆ្នាំ​ក្រោយ​ៗ​មក?

៤ នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​រំដោះ​នេះ​ក្នុង​ឆ្នាំ៥៣៧​ម.​ស.យ. សេចក្ដី​ប្រកាស​នោះ​អាច​សំដៅ​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​សម​ហេតុ​ផល​ថា៖ «ព្រះ​នៃ​ឯង ទ្រង់​សោយ​រាជ្យ»ហើយ! ពិត​ណាស់ ព្រះ​យេហូវ៉ា​ជា‹ព្រះ​មហា​ក្សត្រ​នៃ​ភាព​អស់​កល្ប​ជា​និច្ច›។ (វិវរណៈ ១៥:៣) ប៉ុន្តែ ការ​រំដោះ​ប្រជារាស្ត្រ​ទ្រង់​នេះ ជា​ការ​សម្ដែង​ថ្មី​នូវ​អធិបតេយ្យភាព​របស់​ទ្រង់។ តាម​របៀប​ដ៏​អស្ចារ្យ ការ​រំដោះ​នេះ​បង្ហាញ​នូវ​ភាព​ខ្ពង់​ខ្ពស់​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ ទៅ​លើ​ចក្រភព​ដ៏​ខ្លាំង​បំផុត​របស់​មនុស្ស ដែល​មាន​នៅ​ជំនាន់​នោះ។ (យេរេមា ៥១:៥៦, ៥៧) ដោយ​សារ​សហប្រតិបត្ដិការ​នៃ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា អំពើ​ក្បត់​ផ្សេង​ៗ​ដែល​ទាស់​នឹង​រាស្ត្រ​ទ្រង់ ត្រូវ​បាន​ធ្វើ​ឲ្យ​សាប​សូន្យ​ទាំង​អស់។ (នាង​អេសធើរ ៩:២៤, ២៥) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍​តាម​របៀប​ផ្សេង​ៗ ដើម្បី​បណ្ដាល​ឲ្យ​ស្តេច​នៃ​សាសន៍​មេឌី​-​ពើស៊ី អនុលោម​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (សាការី ៤:៦) ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​នោះ ត្រូវ​បាន​កត់​ទុក​សំរាប់​យើង​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​អែសរ៉ា នេហេមា នាង​អេសធើរ ហាកាយ សាការី។ ហើយ​ការ​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ ជា​ការ​ពង្រឹង​ជំនឿ​របស់​យើង!

៥. តើ​អេសាយ ៥២:១៣–៥៣:១២ សំដៅ​ចំពោះ​ព្រឹត្ដិការណ៍​សំខាន់​អ្វី?

៥ ប៉ុន្តែ អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​៥៣៧​ម.​ស.យ. ហើយ​ក្រោយ​មក​នោះ គ្រាន់​តែ​ជា​ដើម​ចម​ប៉ុណ្ណោះ។ បន្ទាប់​ពី​ទំនាយ​នៃ​ការ​ស្ថាបនា​ឡើង​វិញ​ក្នុង​ជំពូក​៥២ អេសាយ​បាន​សរសេរ​អំពី​ការ​យាង​មក​នៃ​ព្រះ​មេស្ស៊ី។ (អេសាយ ៥២:១៣–៥៣:១២) តាម​រយៈ​ព្រះ​មេស្ស៊ី ដែល​ភស្តុ​តាង​បង្ហាញ​ថា​ជា​ព្រះ​យេស៊ូ​គ្រីស្ទ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សារ​នៃ​ការ​រំដោះ​និង​សន្ដិភាព ដែល​មាន​សារៈ​សំខាន់​ជាង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​៥៣៧ ម.​ស.យ.ទៅ​ទៀត។

អ្នក​នាំ​សារ​ដ៏​ឧត្តម​នៃ​សន្ដិភាព​របស់​ព្រះ​យេហូវ៉ា

៦. តើ​អ្នក​ណា​ជា​អ្នក​នាំ​សារ​ដ៏​ឧត្តម​នៃ​សន្ដិភាព​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​មុខ​ងារ​អ្វី​ខ្លះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​អំពី​អង្គ​ទ្រង់?

៦ ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​នាំ​សារ​ដ៏​ឧត្តម​នៃ​សន្ដិភាព​របស់​ព្រះ​យេហូវ៉ា។ ទ្រង់​ជា​បន្ទូល​របស់​ព្រះ គឺ​ជា​អ្នក​នាំ​សារ​ផ្ទាល់​របស់​ព្រះ​យេហូវ៉ា។ (យ៉ូហាន ១:១៤) ដោយ​សម​ស្រប​នឹង​រឿង​នេះ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​មក ព្រះ​យេស៊ូ​បាន​ឈរ​ក្នុង​សាលា​ប្រជុំ​នៃ​ភូមិ​ណាសារ៉ែត ហើយ​អាន​ដ៏​ឮ​ៗ​អំពី​មុខ​ងារ​របស់​ទ្រង់ ចេញ​ពី​អេសាយ​ជំពូក​៦១។ មុខ​ងារ​នោះ​បញ្ជាក់​ថា ទ្រង់​ត្រូវ​បាន​ចាត់​មក​ដើម្បី​ឲ្យ​ផ្សាយ​អំពី«ការ​រំដោះ» និង «សេចក្ដី​បំភ្លឺ​ឡើង​វិញ» ព្រម​ទាំង​អំពី​ឱកាស​សំរាប់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។ ប៉ុន្តែ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​ផ្សាយ​សារ​សន្ដិភាព​ប៉ុណ្ណោះ​ឡើយ។ ព្រះ​ក៏​បាន​បញ្ជូន​ទ្រង់​មក​ឲ្យ​ផ្ដល់​មូលដ្ឋាន​សំរាប់​សន្ដិភាព​ជា​ស្ថាពរ​ដែរ។—លូកា ៤:១៦​-​២១

៧. ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ តើ​មាន​លទ្ធផល​យ៉ាង​ណា​ពី​ការ​មាន​សន្ដិភាព​ជា​មួយ​ព្រះ?

៧ នៅ​ពេល​ព្រះ​យេស៊ូ​បាន​ប្រសូត​មក មាន​ពួក​ទេវតា​ជា​ច្រើន​បាន​លេច​ខ្លួន​ឲ្យ​ពួក​អ្នក​គង្វាល​ឃើញ​ជិត​ក្រុង​បេថ្លេហិម ដែល​សរសើរ​ព្រះ ដោយ​និយាយ​ថា៖ «សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​នៅ​កណ្ដាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់»។ (លូកា ២:៨, ១៣, ១៤) មែន​ហើយ ចំពោះ​អស់​អ្នក​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ នឹង​មាន​សន្ដិភាព ពី​ព្រោះ​ពួក​គេ​បាន​អនុវត្ត​ជំនឿ​ទៅ​លើ​សំ​វិធានការ ដែល​ទ្រង់​បាន​ធ្វើ​មក​តាម​រយៈ​រាជបុត្រា​របស់​ទ្រង់។ តើ​សេចក្ដី​នេះ​មាន​ន័យ​យ៉ាង​ណា? នេះ​នឹង​មាន​ន័យ​ថា ទោះ​បី​ជា​មនុស្ស​កើត​មក​មាន​បាប​ក៏​ដោយ ពួក​គេ​អាច​មាន​ឋានៈ​ស្អាត​ស្អំ​ជា​មួយ​ព្រះ ហើយ​អាច​មាន​ទំនាក់​ទំនង​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ (រ៉ូម ៥:១) ពួក​គេ​អាច​មាន​ការ​ស្ងប់​ស្ងៀម និង​សន្ដិភាព​ក្នុង​ចិត្ត ដែល​មិន​អាច​មាន​ឡើង​តាម​របៀប​ណា​ទៀត​ឡើយ។ ដល់​គ្រា​កំណត់​របស់​ព្រះ គឺ​នឹង​មាន​ការ​រំដោះ​ឲ្យ​ចេញ​ពី​ឥទ្ធិពល​នៃ​អំពើ​បាប ដែល​យើង​ទទួល​ពី​អ័ដាម រួម​ទាំង​ជម្ងឺ​និង​សេចក្ដី​ស្លាប់។ មនុស្ស​លោក​នឹង​លែង​ខ្វាក់ ឬ​ថ្លង់ ឬ​ពិការ​ទៀត​ឡើយ។ ភាព​ទន់​ខ្សោយ និង​ការ​ខូច​សតិបញ្ញា នឹង​ត្រូវ​យក​ចេញ​ជា​អចិន្ត្រៃយ៍។ នេះ​នឹង​ធ្វើ​ឲ្យ​យើង​អាច​ប្រកប​ជីវិត​ដោយ​ល្អ​គ្រប់ល័ក្ខណ៍​ជា​រៀង​រហូត​ទៅ។—អេសាយ ៣៣:២៤; ម៉ាថាយ ៩:៣៥; យ៉ូហាន ៣:១៦

៨. តើ​សន្ដិភាព​របស់​ព្រះ​បាន​ផ្ដល់​ឲ្យ​ទៅ​ពួក​ណា?

៨ តើ​សន្ដិភាព​របស់​ព្រះ​ផ្ដល់​ទៅ​ឲ្យ​ពួក​ណា? គឺ​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា‹ដ្បិត​ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្ដី ក្នុង​ព្រះ​គ្រីស្ទ ឲ្យ​បាន​ជ្សះ​ផ្សារ​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ​តាំង​ស្ពាន​មេត្រី ដោយ​សារ​ព្រះ​លោហិត​នៃ​បង្គោល​ឈើ​ទារុណកម្ម›។ សាវ័ក​បាន​និយាយ​ទៀត​ថា ការ​ផ្សះ​ផ្សា​នេះ​នឹង​ទាក់​ទង «របស់​នៅ​ស្ថាន​សួគ៌»—នោះ​គឺ​ជា​ពួក​អ្នក​ដែល​នឹង​ទទួល​មរតក​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌។ ហើយ​ក៏​ទាក់​ទង​នឹង‹របស់​នៅ​ផែនដី›ដែរ—នោះ​គឺ​ជា​អស់​អ្នក​ដែល​បាន​អនុញ្ញាត​នូវ​ឱកាស​រស់​នៅ​ជា​រហូត​លើ​ផែនដី នៅ​ពេល​បាន​ទៅជា​សួន​មនោរម្យ​ពេញ​លេញ។ (កូល៉ុស ១:១៩, ២០) ដោយ​សារ​ពួក​គេ​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​តម្លៃ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ហើយ​ពី​ព្រោះ​ពួក​គេ​គោរព​តាម​ព្រះ​ដោយ​ស្មោះ ពួក​អ្នក​ទាំង​នេះ​អាច​មាន​មិត្តភាព​យ៉ាង​កក់​ក្ដៅ​ជា​មួយ​ព្រះ។—ប្រៀប​ធៀប យ៉ាកុប ២:២២, ២៣

៩. (ក) តើ​សន្ដិភាព​ជា​មួយ​ព្រះ​មាន​ឥទ្ធិពល​លើ​ទំនាក់​ទំនង​ណា​ទៀត? (ខ) ដោយ​ចង់​បាន​សន្ដិភាព​ពិត​ជា​ស្ថាពរ​នៅ​គ្រប់​កន្លែង តើ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​រាជបុត្រា​ទ្រង់​មាន​អំណាច​អ្វី?

៩ ការ​មាន​សន្ដិភាព​បែប​នេះ​ជា​មួយ​ព្រះ​គឺ​សំខាន់​ណាស់! បើ​សិន​ជា​មិន​មាន​សន្ដិភាព​បែប​នេះ​ជា​មួយ​ព្រះ​ទេ នោះ​គឺ​មិន​អាច​មាន​សន្ដិភាព​ជា​ស្ថាពរ​ឬ​ដ៏​ខ្លឹម​សារ​ក្នុង​ទំនាក់​ទំនង​ឯ​ណា​ទៀត​ឡើយ។ សន្ដិភាព​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​ជា​គ្រឹះ​សំរាប់​សន្ដិភាព​នៅ​លើ​ផែនដី។ (អេសាយ ៥៧:១៩​-​២១) ជា​ការ​សម​ហេតុ​ផល​ណាស់ ព្រះ​យេស៊ូ​គ្រីស្ទ​ជា​ម្ចាស់​នៃ​មេត្រី​ភាព។ (អេសាយ ៩:៦) តាម​រយៈ​បុគ្គល​នេះ​ដែល​មនុស្ស​អាច​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​បាន ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អំណាច​គ្រប់​គ្រង​ដល់​ទ្រង់។ (ដានីយ៉ែល ៧:១៣, ១៤) ហើយ​ចំពោះ​លទ្ធផល​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេស៊ូ​ទៅ​លើ​មនុស្ស​លោក ព្រះ​យេហូវ៉ា​សន្យា​ថា៖ «សេចក្ដី​សុខ​សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត»។—អេសាយ ៩:៧; ទំនុកដំកើង ៧២:៧

១០. តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ទុក​ជា​គំរូ​នៃ​ការ​ផ្សាយ​សារ​សន្ដិភាព​របស់​ព្រះ?

១០ មនុស្ស​លោក​ទាំង​ឡាយ​ត្រូវ​ការ​សារ​សន្ដិភាព​របស់​ព្រះ។ ព្រះ​យេស៊ូ​ទ្រង់​ផ្ទាល់​បាន​ទុក​គំរូ​ក្នុង​ការ​ផ្សាយ​អំពី​សារ​នេះ​យ៉ាង​ខ្នះ​ខ្នែង។ ទ្រង់​បាន​ផ្សាយ​នៅ​កន្លែង​ព្រះ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម តាម​ជើង​ភ្នំ តាម​ផ្លូវ បាន​ផ្សាយ​ដល់​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​មាត់​អណ្ដូង ហើយ​ក៏​បាន​ផ្សាយ​នៅ​តាម​ផ្ទះ​មនុស្ស​ទៀត​ផង។ នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​មាន​មនុស្ស ព្រះ​យេស៊ូ​បាន​យក​ឱកាស​ផ្សាយ​អំពី​សន្ដិភាព​និង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថាយ ៤:១៨, ១៩; ៥:១, ២; ៩:៩; ២៦:៥៥; ម៉ាកុស ៦:៣៤; លូកា ១៩:១​-​១០; យ៉ូហាន ៤:៥​-​២៦

បង្ហាត់​បង្រៀន​ឲ្យ​ដើរ​តាម​ជំហាន​របស់​ព្រះ​គ្រីស្ទ

១១. តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​អ្វី?

១១ ព្រះ​យេស៊ូ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ឲ្យ​ផ្សាយ​អំពី​សារ​សន្ដិភាព​របស់​ព្រះ។ ដូច​ព្រះ​យេស៊ូ ដែល​ជា«ស្មរបន្ទាល់​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ»របស់​ព្រះ​យេហូវ៉ា ពួក​គេ​ក៏​ទទួល​ស្គាល់​ថា​គេ​មាន​ភារៈ​ធ្វើ​បន្ទាល់​ដែរ។ (វិវរណៈ ៣:១៤; អេសាយ ៤៣:១០​-​១២) ពួក​គេ​បែរ​ទៅ​រក​ព្រះ​គ្រីស្ទ​ជា​មេ​ដឹក​នាំ​របស់​គេ។

១២. តើ​តាម​របៀប​ណា​ដែល​ប៉ុល​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​សកម្មភាព​ផ្សាយ?

១២ សាវ័ក​ប៉ុល​បាន​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​សកម្មភាព​ផ្សាយ​នេះ ដោយ​និយាយ​ថា៖ «ពី​ព្រោះ​គម្ពីរ​ថា ‹អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ›»។ នោះ​មាន​សេចក្ដី​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​មេ​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា នឹង​ត្រូវ​ខក​ចិត្ត​ឡើយ។ ហើយ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ឥត​មាន​សិទ្ធិ​ផ្សាយ ដោយ​សារ​សាសន៍​នោះ​ឡើយ ដ្បិត​ប៉ុល​និយាយ​ទៀត​ថា៖ «ហើយ​សាសន៍​យូដា នឹង​សាសន៍​ក្រេក​មិន​ខុស​អំពី​គ្នា​ឡើយ ដ្បិត​ព្រះ​អម្ចាស់​ដដែល​នៃ​គ្រប់​គ្នា ទ្រង់​មាន​ជា​បរិបូរ សំរាប់​អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក​ទ្រង់ ហើយ​គ្រប់​គ្នា ‹គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ›»។ (រ៉ូម ១០:១១​-​១៣) ប៉ុន្តែ តើ​មនុស្ស​នឹង​រៀន​ដឹង​អំពី​ឱកាស​នេះ​ដោយ​ដូច​ម្ដេច?

១៣. តើ​ត្រូវ​តែ​មាន​អ្វី​ដើម្បី​ឲ្យ​អាច​ឮ​ដំណឹង​ល្អ ហើយ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​តប​ឆ្លើយ​ដល់​សេចក្ដី​ត្រូវ​ការ​នេះ?

១៣ ប៉ុល​បាន​វែក​ញែក​នឹង​សេចក្ដី​ត្រូវ​ការ​នៃ​ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ ដោយ​សួរ​សំនួរ​ដែល​អ្នក​បំរើ​ព្រះ​យេហូវ៉ា​គ្រប់​គ្នា​ត្រូវ​តែ​ពិចារណា​មើល។ សាវ័ក​ប៉ុល​បាន​សួរ​ថា៖ «ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន? ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ? មួយ​ទៀត ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ»? (រ៉ូម ១០:១៤, ១៥) ប្រវត្ដិសាស្ត្រ​នៃ​សាសនា​គ្រីស្ទាន​ពី​ដើម ផ្ដល់​នូវ​ភស្តុ​តាង​យ៉ាង​ច្បាស់​ថា មនុស្ស​ប្រុស​ស្រី ក្មេង​និង​ចាស់ បាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់។ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង។ ដោយ​យក​ត្រាប់​តាម​ព្រះ​យេស៊ូ ពួក​គេ​បាន​ផ្សាយ​ដល់​មនុស្ស​នៅ​កន្លែង​ផ្សេង​ៗ។ ដោយ​សារ​ពួក​គេ​មិន​ចង់​បំភ្លេច​បុគ្គល​ណា​ម្នាក់ ពួក​គេ​អនុវត្ត​កិច្ច​ផ្សាយ​របស់​គេ​នៅ​កន្លែង​សាធារណៈ ហើយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។—កិច្ច​ការ ១៧:១៧; ២០:២០

១៤. តើ​តាម​របៀប​ណា​ដែល«ជើង»នៃ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ​ជា​របស់​ដ៏«ល្អ​ប្រពៃ»?

១៤ ប្រាកដ​ហើយ មិន​មែន​មនុស្ស​គ្រប់​គ្នា​ទទួល​ពួក​អ្នក​ផ្សាយគ្រីស្ទាន​ដោយ​រាក់​ទាក់​ឡើយ។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សម្រង់​របស់​ប៉ុល​ចេញ​ពី​អេសាយ ៥២:៧ បង្ហាញ​ឲ្យ​ឃើញ​ជា​ពិត​មែន។ ក្រោយ​ពី​បាន​សួរ​សំនួរ​ថា៖ ‹ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ​នោះ›? គាត់​បាន​និយាយ​បន្ថែម​ថា៖ «ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎›»! យើង​គ្រប់​គ្នា​មិន​គិត​ថា ជើង​របស់​យើង​ជា​អ្វី​ដែល​ល្អ​ប្រពៃ​ទេ។ ដូច្នេះ តើ​បទ​គម្ពីរ​នេះ​មាន​ន័យ​យ៉ាង​ណា? គឺ​ជា​ជើង​នោះ​ហើយ​ដែល​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ផ្សាយ​ដល់​អ្នក​ដទៃ។ ជើង​បែប​នេះ​គឺ​តំណាង​បុគ្គល​ម្នាក់។ ហើយ​យើង​អាច​ដឹង​ជា​ប្រាកដ​ថា មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​ដំណឹង​ល្អ​ពី​ពួក​សាវ័ក​និង​ពួក​សិស្ស​ក្នុង​សតវត្ស​ទី​មួយ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ គឺ​ច្បាស់​ជា​មើល​ទៅ​ឃើញ​ថា​ល្អ​ប្រពៃ​មែន។ (កិច្ច​ការ ១៦:១៣​-​១៥) អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត នោះ​គឺ​ពួក​គេ​មាន​តម្លៃ​ណាស់​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ។

១៥, ១៦. (ក) តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន​ពី​ដើម​បង្ហាញ​ថា​គេ​ពិត​ជា​ពួក​អ្នក​នាំ​សារ​សន្ដិភាព? (ខ) តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​អនុវត្ត​កិច្ច​ផ្សាយ​របស់​យើង​តាម​របៀប​ដែល​ពួក​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ធ្វើ​នោះ?

១៥ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​មាន​សារ​សន្ដិភាព ហើយ​ពួក​គេ​យក​សារ​នោះ​ទៅ​ផ្សាយ​តាម​សន្ដិវិធី។ ព្រះ​យេស៊ូ​បាន​ប្រទាន​ឲ្យ​សិស្ស​ទ្រង់​នូវ​សេចក្ដី​បង្គាប់​នេះ​ថា៖ «ឯ​ផ្ទះ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​មុន​ដំបូង​ត្រូវ​ថា ‹សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្ដី​សុខ​សាន្ត›។ បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សន្ដិភាព នោះ​សេចក្ដី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​នឹង​ផ្ទះ​នោះ បើ​គ្មាន​ទេ នោះ​សេចក្ដី​សុខ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ»។ (លូកា ១០:៥, ៦) ពាក្យ​ឆាឡុម ឬ «សេចក្ដី​សុខ​សាន្ត» នេះ​ជា​ពាក្យ​គំនាប់​គ្នា​នៃ​ពួក​យូដា។ ប៉ុន្តែ សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​មាន​ទាក់​ទង​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ជា«ទូត​ដំ​ណាង​ព្រះ​គ្រីស្ទ» ពួក​សិស្ស​ចាក់​ប្រេង​តាំង​របស់​ទ្រង់ បាន​ដាស់​តឿន​មនុស្ស​ថា៖ «ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ»។ (កូរិនថូស​ទី​២ ៥:២០) ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ ពួក​គេ​បាន​ផ្សាយ​ប្រាប់​មនុស្ស​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​អំពី​អ្វី​ៗ​ដែល​អាច​មាន​ន័យ​ដល់​ពួក​គេ​ដែរ។ ពួក​អ្នក​ដែល​បាន​ស្ដាប់​សារ​នោះ ទទួល​បាន​ពរ ហើយ​ពួក​អ្នក​ដែល​បដិសេធ​សារ​នោះ មិន​ទទួល​បាន​ពរ​ទេ។

១៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រកប​កិច្ច​បំរើ​ផ្សាយ​របស់​គេ​តាម​របៀប​នេះ​ដែរ។ ដំណឹង​ល្អ​ដែល​គេ​យក​ទៅ​ប្រាប់​មនុស្ស គឺ​មិន​មែន​ជា​សារ​របស់​គេ​ទេ គឺ​ជា​របស់​ផង​បុគ្គល​ដែល​បាន​បញ្ជូន​ពួក​គេ​នោះ។ មុខ​ងារ​របស់​គេ​គឺ​ជា​អ្នក​នាំ​យក​សារ។ បើ​សិន​ណា​មនុស្ស​ទទួល​យក​សារ​នោះ ពួក​គេ​នឹង​ទទួល​បាន​ពរ​ដ៏​អស្ចារ្យ។ បើ​សិន​ជា​ពួក​គេ​បដិសេធ​សារ​នោះ ពួក​គេ​បដិសេធ​សន្ដិភាព​ជា​មួយ​ព្រះ​យេហូវ៉ា​និង​បុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ។—លូកា ១០:១៦

ការ​មាន​សន្ដិភាព​ក្នុង​ពិភព​លោក​ដែល​ច្របូក​ច្របល់

១៧. សូម្បី​នៅ​ពេល​ជួប​មនុស្ស​ដែល​ប្រមាថ​មើល​ងាយ​ក៏​ដោយ តើ​យើង​គួរ​កាន់​មារយាទ​តាម​របៀប​ណា ហើយ​ហេតុ​អ្វី?

១៧ ទោះ​បី​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ ជា​ការ​សំខាន់​ណាស់​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ត្រូវ​ចង​ចាំ​ថា ពួក​គេ​ជា​ពួក​អ្នក​នាំ​សារ​សន្ដិភាព​របស់​ព្រះ។ មនុស្ស​ក្នុង​លោកីយ៍​ប្រហែល​ជា​ប្រកែក​ហើយ​សម្ដែង​កំហឹង​យ៉ាង​ខ្លាំង​របស់​គេ ដោយ​និយាយ​បញ្ឈឺ ឬ​ដោយ​ជេរ​ប្រមាថ​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ខឹង។ ប្រហែល​ជា​យើង​ខ្លះ​ធ្លាប់​ប្រព្រឹត្ត​បែប​នេះ​ពី​មុន​ដែរ។ ប៉ុន្តែ បើ​សិន​ជា​យើង​បាន​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​ឥឡូវ​នេះ​មិន​មែន​ជា​ផ្នែក​នៃ​លោកីយ៍​នេះ យើង​ក៏​នឹង​មិន​ធ្វើ​តាម​ផ្លូវ​របស់​គេ​ដែរ។ (អេភេសូរ ៤:២៣, ២៤, ៣១; យ៉ាកុប ១:១៩, ២០) មិន​ថា​គេ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ធ្វើ​តាម​ឱវាទ​នេះ​ថា៖ «ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន»។—រ៉ូម ១២:១៨

១៨. តើ​យើង​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា បើ​មន្ត្រី​ផ្លូវ​ការ​មាន​ចិត្ត​ឃោរ​ឃៅ​នឹង​យើង ហើយ​ហេតុ​អ្វី?

១៨ នៅ​ពេល​ខ្លះ​កិច្ច​បំរើ​ផ្សាយ​របស់​យើង អាច​នាំ​យើង​ទៅ​ជួប​មន្ត្រី​ផ្លូវ​ការ។ ក្នុង​ការ​សម្ដែង​អំណាច​របស់​គេ ពួក​គេ​អាច‹ទាម​ទារ​យើង›ឲ្យ​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ធ្វើ​អ្វី​មួយ ឬ​ហេតុ​អ្វី​បាន​ជា​យើង​មិន​ចូល​ធ្វើ​ក្នុង​សកម្មភាព​ណា​មួយ។ ពួក​គេ​ប្រហែល​ជា​ចង់​ដឹង​នូវ​មូលហេតុ​ដែល​យើង​ផ្សាយ​សារ​របស់​យើង—ដែល​យើង​លាត​ត្រដាង​សាសនា​ក្លែង​ក្លាយ ហើយ​ប្រាប់​អំពី​ការ​បញ្ចប់​នៃ​របប​សម័យ​នេះ។ ការ​គោរព​តាម​គំរូ​របស់​ព្រះ​យេស៊ូ នឹង​ធ្វើ​ឲ្យ​យើង​សម្ដែង​ចិត្ត​ស្លូត​បូត​និង​សេចក្ដី​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ (ពេត្រុស​ទី​១ ២:២៣; ៣:១៥) ជា​ញឹក​ញាប់ មន្ត្រី​បែប​នេះ​តែង​មាន​ការ​បង្ខិត​បង្ខំ​ពី​ពួក​បព្វជិត​ឬ​ពី​មេ​ដឹក​នាំ​របស់​គេ។ ការ​តប​ឆ្លើយ​ដ៏​ស្លូត​បូត​អាច​ជួយ​ពួក​គេ​ឲ្យ​យោគ​យល់​ដល់​សកម្មភាព​របស់​យើង ថា​មិន​គំរាម​កំហែង​ដល់​ពួក​គេ​ឬ​ដល់​សន្ដិភាព​សហគមន៍។ ការ​តប​ឆ្លើយ​បែបនេះ អាច​ធ្វើ​ឲ្យ​មាន​គតិ​នៃ​សេចក្ដី​គោរព សហប្រតិបត្ដិការ និង​សន្ដិភាព​ដល់​អស់​អ្នក​ដែល​ទទួល​យក​សារ​នោះ។—ទីតុស ៣:១, ២

១៩. ក្នុង​សកម្មភាព​អ្វី​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដែល​ចូល​រួម​ប្រព្រឹត្ត?

១៩ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ស្គាល់​ពេញ​ពាស​ផែនដី ជា​ពួក​មនុស្ស​ដែល​ឥត​ចូល​ឡូក​ឡំ​ក្នុង​ទំនាស់​នៃ​លោកីយ៍​នេះ។ ពួក​គេ​មិន​ចូល​ទាក់​ទង​ក្នុង​ទំនាស់​នៃ​លោកីយ៍​ចំពោះ​ជាតិ សាសនា ឬ​នយោបាយ​ឡើយ។ (យ៉ូហាន ១៧:១៤) ពី​ព្រោះ​បន្ទូល​របស់​ព្រះ​ដឹក​នាំ​យើង​ឲ្យ«ចុះ​ចូល​នឹង​រាជការ» នោះ​យើង​នឹង​មិន​គិត​ចូល​រួម​ក្នុង​សកម្មភាព​បះ​បោរ​ណា​មួយ ដើម្បី​ប្រឆាំង​នយោបាយ​រដ្ឋ​ឡើយ។ (រ៉ូម ១៣:១) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដែល​ចូល​រួម​នឹង​ចលនា​ណា ដែល​ចង់​បោះ​ទម្លាក់​រដ្ឋាភិបាល​ទេ។ ពី​ព្រោះ​ខ្នាត​គំរូ​ដែល​ព្រះ​យេហូវ៉ា​បាន​ដាក់​មក​សំរាប់​អ្នក​បំរើ​គ្រីស្ទាន​របស់​ទ្រង់ គេ​មិន​ទាំង​នឹក​គិត​អំពី​ការ​ចូល​រួម​បង្ហូរ​ឈាម​ឬ​អំពើ​ឃោរឃៅ​ណា​មួយ​ឡើយ! ពួក​គ្រីស្ទាន​ពិត​មិន​គ្រាន់​តែ​និយាយ​អំពី​សន្ដិភាព តែ​ពួក​គេ​ប្រកប​ជីវិត​ស្រប​ទៅ​តាម​អ្វី​ដែល​គេ​ផ្សាយ។

២០. ចំពោះ​រឿង​សន្ដិភាព តើ​បាប៊ីឡូន​ដ៏​ធំ​មាន​ប្រវត្ដិសាស្ត្រ​យ៉ាង​ណា?

២០ បើ​ប្រៀប​ធៀប​នឹង​ពួក​គ្រីស្ទាន​ពិត អស់​អ្នក​ដែល​តំណាង​អង្គការ​សាសនា​នៃ​ពិភព​គ្រីស្ទ​សាសនា គឺ​មិន​បាន​បង្ហាញ​ថា​ខ្លួន​ជា​ពួក​អ្នក​នាំ​សារ​សន្ដិភាព​ទេ។ សាសនា​នៃ​បាប៊ីឡូន​ដ៏​ធំ—គឺ​ពិភព​គ្រីស្ទ​សាសនា​និង​សាសនា​ដែល​ឥត​គ្រីស្ទាន—បាន​បណ្ដោយ​ឲ្យ​មាន បាន​គាំទ្រ ហើយ​ព្រម​ទាំង​បាន​នាំ​មុខ​ក្នុង​សង្គ្រាម​នៃ​សាសន៍​ទាំង​ឡាយ​ផង។ ពួក​គេ​ក៏​បាន​ចាក់​រុក​ឲ្យ​មាន​ការ​បៀត​បៀន ហើយ​ថែម​ទាំង​សម្លាប់​ពួក​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​ទៀត។ ដូច្នេះ ចំពោះ​បាប៊ីឡូន​ដ៏​ធំ វិវរណៈ ១៨:២៤ ប្រកាស​ថា៖ «រីឯ​នៅ​ក្នុង​ទី​ក្រុង​នោះ ឃើញ​មាន​សុទ្ធ​តែ​ឈាម​នៃ​ពួក​ហោរា នឹង​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​នៃ​អស់​អ្នក ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី​ដែរ»។

២១. តើ​មនុស្ស​ស្មោះ​ត្រង់​ជា​ច្រើន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច នៅ​ពេល​គេ​ឃើញ​នូវ​ភាព​ខុស​គ្នា​រវាង​អាកប្បកិរិយា​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា និង​អស់​អ្នក​ដែល​កាន់​សាសនា​ក្លែង​ក្លាយ?

២១ មិន​ដូច​និកាយ​ទាំង​ឡាយ​នៃ​ពិភព​គ្រីស្ទ​សាសនា ហើយ​បាប៊ីឡូន​ដ៏​ធំ​នោះ សាសនា​ពិត​មាន​កម្លាំង​សាមគ្គីភាព​ដ៏​ល្អ។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ទៅ​ពួក​កាន់​តាម​ទ្រង់​ថា៖ «គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ (យ៉ូហាន ១៣:៣៥) នោះ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ខំ​ពុះ​ពារ​ឈ្នះ​លើ​សាសន៍ សង្គម សេដ្ឋកិច្ច និង​ការ​បែង​ចែក​តំបន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​លោក​ដាច់​ពី​គ្នា។ ដោយ​បាន​ឃើញ​រឿង​នេះ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ផែនដី គឺ​កំពុង​តែ​និយាយ​ដល់​ពួក​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។—សាការី ៨:២៣

២២. តើ​យើង​ត្រូវ​មាន​គំនិត​យ៉ាង​ណា ចំពោះ​កិច្ច​ការ​ផ្សាយ​ដែល​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ?

២២ ជា​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​នឹង​អ្វី​ៗ​ដែល​បាន​សម្រេច ប៉ុន្តែ​កិច្ច​ការ​ផ្សាយ​នេះ​មិន​ទាន់​បាន​សម្រេច​ទេ។ កសិករ​ម្នាក់​នឹង​មិន​ឈប់​ធ្វើ​ការ​ទេ ក្រោយ​ពី​បាន​ដាំ​ពូជ​និង​បណ្ដុះ​ដំណាំ​ក្នុង​ចំការ​របស់​គាត់។ គាត់​នៅ​តែ​ខំ​ធ្វើ​ការ​ជា​និច្ច ជា​ពិសេស​ក្នុង​កំពូល​នៃ​រដូវ​ច្រូត។ រដូវ​ច្រូត​តម្រូវ​ការ​ខំ​ប្រឹង​ធ្វើ​ការ។ ហើយ​ឥឡូវ​នេះ គឺ​មាន​ការ​ច្រូត​ជា​ច្រើន​ជាង​សម័យ​មុន​ៗ​ទៅ​ទៀត​នៃ​ពួក​អ្នក​ថ្វាយ​បង្គំ​នៃ​ព្រះ​ពិត។ នេះ​ជា​គ្រា​នៃ​ការ​សប្បាយ​រីករាយ។ (អេសាយ ៩:៣) មែន​ហើយ យើង​បាន​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​និង​ភាព​កន្តើយ។ ជា​បុគ្គល​ម្នាក់ យើង​ប្រហែល​ជា​ខំ​ពុះ​ពារ​នឹង​ជម្ងឺ​ដ៏​ធ្ងន់​ធ្ងរ​មួយ ស្ថានការណ៍​ក្នុង​គ្រួសារ​ដ៏​ពិបាក ឬ​ក៏​ការ​ពិបាក​រក​ស៊ី​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ព្រះ​យេហូវ៉ា​នឹង​ជំរុញ​យើង​ឲ្យ​ខំ​ព្យាយាម។ សារ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​យើង​នោះ គឺ​ជា​អ្វី​មួយ​ដែល​មនុស្ស​លោក​ត្រូវ​ការ​ជា​ចាំ​បាច់។ នេះ​ជា​សារ​នៃ​សន្ដិភាព។ មែន​ហើយ នេះ​ជា​សារ​ដែល​ព្រះ​យេស៊ូ​អង្គ​ទ្រង់​បាន​ផ្សាយ—ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អេសាយ ៥២:៧ មាន​សេចក្ដី​សម្រេច​យ៉ាង​ណា​លើ​ពួក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ?

◻ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ជា​អ្នក​នាំ​សារ​សន្ដិភាព​ដ៏​ឧត្តម​ម្នាក់?

◻ តើ​តាម​របៀប​ណា​ដែល​សាវ័ក​ប៉ុល​ភ្ជាប់​អេសាយ ៥២:៧ ជា​មួយ​នឹង​កិច្ចការ​ដែល​ពួក​គ្រីស្ទាន​ធ្វើ?

◻ តើ​អ្នក​នាំ​សារ​សន្ដិភាព​ក្នុង​សម័យ​យើង​នេះ ជាប់​ទាក់​ទង​អ្វី​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក