តើព្រះតម្រូវអ្វីពីយើង?
«នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះ មិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
១, ២. ហេតុអ្វីក៏មិនជាការភ្ញាក់ផ្អើល ដែលថាព្រះមានសេចក្ដីតម្រូវសំរាប់អស់អ្នកដែលចង់ថ្វាយបង្គំទ្រង់ដោយត្រឹមត្រូវ?
«សាសនាខ្ញុំល្អត្រឹមត្រូវហើយសំរាប់ខ្ញុំ»! តើនេះមិនមែនជាអ្វីដែលមនុស្សតែងតែនិយាយទេឬ? ប៉ុន្តែ តាមការពិត គឺត្រូវសួរថា៖ «តើសាសនារបស់ខ្ញុំគាប់ព្រះហឫទ័យព្រះទេ»? ត្រូវហើយ ព្រះមានសេចក្ដីតម្រូវសំរាប់អស់អ្នកដែលចង់ថ្វាយបង្គំទ្រង់ដោយត្រឹមត្រូវ។ តើនេះគួរធ្វើឲ្យយើងភ្ញាក់ផ្អើលឬ? គឺមិនគួរទេ។ ឧបមាថា អ្នកមានផ្ទះយ៉ាងស្អាតមួយ ដែលអ្នកទើបតែបានរៀបចំកែឲ្យល្អជាថ្មីដោយបានបង់តម្លៃច្រើន។ តើអ្នកនឹងអនុញ្ញាតឲ្យបុគ្គលណាក៏ដោយរស់នៅទីនោះឬ? គឺប្រាកដជាមិនទេ! អ្នកជួលផ្ទះណាមួយ ត្រូវតែបំពេញតាមសេចក្ដីតម្រូវរបស់អ្នកជាមុនសិន។
២ ស្រដៀងនេះដែរ ព្រះយេហូវ៉ាបានប្រទានឲ្យលំនៅផែនដីសំរាប់គ្រួសារមនុស្សជាតិ។ នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់ ផែនដីនឹងត្រូវ«រៀបចំកែឲ្យល្អជាថ្មី»—កែទៅជាសួនមនោរម្យដ៏ល្អស្អាតមួយ។ ព្រះយេហូវ៉ានឹងសម្រេចកិច្ចការនេះ។ ទ្រង់បានប្រទានឲ្យរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ក្នុងការសម្រេចកិច្ចការនេះ ដោយបង់តម្លៃច្រើន។ យ៉ាងប្រាកដហើយ ព្រះក៏មានសេចក្ដីតម្រូវសំរាប់អស់អ្នកដែលនឹងរស់នៅទីនោះដែរ!—ទំនុកដំកើង ១១៥:១៦; ម៉ាថាយ ៦:៩, ១០; យ៉ូហាន ៣:១៦
៣. តើតាមរបៀបណាដែលស្តេចសាឡូម៉ូនបានសង្ខេបនូវអ្វីៗដែលព្រះតម្រូវពីយើង?
៣ តើតាមរបៀបណាដែលយើងអាចដឹងពីសេចក្ដីតម្រូវរបស់ព្រះ? ព្រះយេហូវ៉ាបានបណ្ដាលឲ្យស្តេចសាឡូម៉ូនសង្ខេបនូវអ្វីៗដែលទ្រង់តម្រូវពីយើង។ ក្រោយពីបានជញ្ជឹងគិតនូវរបស់ទាំងអស់ដែលខ្លួនបានស្វែងរក—រួមទាំងទ្រព្យសម្បត្ដិ សំណង់អាគារ បទភ្លេង និងរឿងស្នេហា—ស្តេចសាឡូម៉ូនបានសង្ខេបថា៖ «សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ៖ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។—សាស្ដា ១២:១៣
«ឯបញ្ញត្តទ្រង់នោះ មិនមែនជាបន្ទុកដ៏ធ្ងន់ទេ»
៤-៦. (ក) តើន័យចំៗនៃពាក្យក្រិក ដែលប្រែថា«បន្ទុក»ជាអ្វី? (ខ) ហេតុអ្វីក៏យើងអាចនិយាយថា បញ្ញត្តរបស់ព្រះមិនមែនជាបន្ទុកដ៏ធ្ងន់ទេនោះ?
៤ «កាន់តាមបញ្ញត្តទ្រង់»។ បើនិយាយឲ្យចំទៅ នេះហើយជាអ្វីដែលព្រះតម្រូវពីយើង។ តើទ្រង់សុំពីយើងដ៏ហួសហេតុឬ? គឺមិនមែនទេ។ សាវ័កយ៉ូហានប្រាប់យើងនូវអ្វីមួយដែលអាចទុកចិត្តបាន ដែលស្តីអំពីបញ្ញត្តឬសេចក្ដីតម្រូវរបស់ព្រះ។ គាត់បានសរសេរថា៖ «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះ មិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
៥ ពាក្យក្រិកដែលប្រែថា «បន្ទុកដ៏ធ្ងន់» មានន័យចំៗថា«ធ្ងន់»។ នេះអាចសំដៅទៅអ្វីមួយដែលជាការពិបាកនឹងធ្វើតាម។ នៅម៉ាថាយ ២៣:៤ ពាក្យនេះត្រូវបានប្រើក្នុងការរៀបរាប់ «បន្ទុកយ៉ាងធ្ងន់» នៃច្បាប់និងទំនៀមទម្លាប់របស់មនុស្ស ដែលពួកស្ក្រែបនិងពួកផារីស៊ីដាក់ទៅលើមនុស្ស។ តើអ្នកយល់នូវអ្វីៗដែលសាវ័កយ៉ូហានដ៏ចំណាស់នេះបានសន្និដ្ឋានទេ? បញ្ញត្តរបស់ព្រះគឺមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ហើយក៏មិនពិបាកសំរាប់ឲ្យយើងធ្វើតាមដែរ។ (ប្រៀបធៀប ចោទិយកថា ៣០:១១) ផ្ទុយទៅវិញ នៅពេលដែលយើងស្រឡាញ់ព្រះ ហើយបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះនឹងធ្វើឲ្យយើងសប្បាយចិត្ត។ នេះផ្ដល់ឲ្យយើងនូវឱកាសដ៏មានតម្លៃក្នុងការសម្ដែងសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា។
៦ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ យើងត្រូវការដឹងឲ្យច្បាស់នូវអ្វីដែលទ្រង់តម្រូវពីយើង។ សូមឲ្យយើងពិគ្រោះនូវសេចក្ដីតម្រូវប្រាំយ៉ាងរបស់ព្រះ។ កាលដែលយើងពិគ្រោះរឿងនេះ សូមចងចាំនូវអ្វីដែលយ៉ូហានបានសរសេរ៖ ‹បញ្ញត្តរបស់ព្រះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ›។
ការយកចូលចំណេះរបស់ព្រះ
៧. តើសេចក្ដីសង្គ្រោះរបស់យើងអាស្រ័យទៅលើអ្វី?
៧ សេចក្ដីតម្រូវទីមួយគឺ ការយកចូលចំណេះរបស់ព្រះ។ សូមពិចារណាមើលបន្ទូលរបស់ព្រះយេស៊ូក្នុងយ៉ូហាន ជំពូក១៧។ នេះគឺនៅរាត្រីចុងក្រោយនៃព្រះជន្មរបស់ព្រះយេស៊ូជាមនុស្ស។ ព្រះយេស៊ូបានចំណាយពេលសឹងតែពេញមួយល្ងាច រៀបចំប្រដាប់ពួកសាវ័កសំរាប់ការចាកចេញរបស់ទ្រង់។ ទ្រង់មានចិត្តខ្វល់ខ្វាយដល់អនាគតរបស់គេ គឺអនាគតដ៏អស់កល្បជានិច្ចរបស់គេ។ ដោយងើបព្រះនេត្រទៅលើមេឃ ទ្រង់បានអធិស្ឋានឲ្យគេ។ ក្នុងខ៣ យើងអានថា៖ «នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ ត្រូវហើយ សេចក្ដីសង្គ្រោះរបស់គេគឺអាស្រ័យទៅលើ‹ការយកចូលចំណេះ› នៃព្រះនិងព្រះគ្រីស្ទ។ នេះក៏ទាក់ទងដល់យើងរាល់គ្នាដែរ។ ដើម្បីឲ្យបានសង្គ្រោះ យើងត្រូវតែយកចូលចំណេះបែបនេះ។
៨. តើការ‹យកចូលចំណេះ›នៃព្រះ មានន័យយ៉ាងណា?
៨ តើ‹ការយកចូលចំណេះ›នៃព្រះមានន័យយ៉ាងណា? ពាក្យក្រិកនៅទីនេះដែលប្រែថា «ការយកចូលចំណេះ» មានន័យថា «ការដឹង ស្គាល់» ឬក៏ «ការយល់ទាំងអស់»។ សូមកត់សម្គាល់ដែរថា «ការយកចូលចំណេះ» ជាដំណើរបន្តទៅមុខ។ ដូច្នេះ ការយកចូលចំណេះនៃព្រះ មានន័យថាការស្គាល់ទ្រង់មិនគ្រាន់តែសើៗនោះទេ តែដោយស្និទ្ធស្នាល បណ្ដុះឲ្យមានមិត្តភាពដែលយោគយល់ចិត្តជាមួយទ្រង់។ ការមានទំនាក់ទំនងជាមួយព្រះ នឹងនាំឲ្យមានកើនចំណេះអំពីទ្រង់។ ការយកចូលចំណេះអាចមានបន្តជារៀងរហូត ដ្បិតយើងនឹងមិនដឹងគ្រប់ទាំងអស់អំពីព្រះយេហូវ៉ាឡើយ។—រ៉ូម ១១:៣៣
៩. តើយើងអាចរៀនអ្វីខ្លះអំពីព្រះយេហូវ៉ាពីសៀវភៅនៃសេចក្ដីបង្កើត?
៩ តើយើងយកចូលចំណេះនៃព្រះដោយដូចម្ដេច? គឺមានសៀវភៅពីរ ដែលអាចជួយយើង។ សៀវភៅមួយគឺសៀវភៅនៃសេចក្ដីបង្កើត។ របស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមក—របស់មានជីវិតនិងឥតមានជីវិត—ជួយយើងឲ្យស្គាល់ថាតើទ្រង់ជាបុគ្គលប្រភេទណា។ (រ៉ូម ១:២០) សូមពិចារណានូវឧទាហរណ៍ខ្លះៗ។ សម្លេងទឹកធ្លាក់ដ៏ខ្ទររំពង រលកកញ្ជ្រោលយ៉ាងខ្លាំងនៅពេលមានព្យុះ ការមើលឃើញផ្កាយក្នុងមេឃដ៏ស្រឡះ—តើរបស់ទាំងនេះមិនបង្រៀនយើងថា ព្រះយេហូវ៉ាជាព្រះដែលមាន«ព្រះចេស្ដាដ៏ធំ»ទេឬ? (អេសាយ ៤០:២៦) ក្មេងម្នាក់កំពុងតែសើចកាលដែលវាមើលកូនឆ្កែដេញតាមកន្ទុយខ្លួនឯង ឬក៏កូនឆ្មាកំពុងតែលេងជាមួយបាល់—តើនេះមិនប្រាប់យើងថា ព្រះយេហូវ៉ាជា‹ព្រះដ៏សប្បាយ› ចេះកំប្លែងទេឬ? (ធីម៉ូថេទី១ ១:១១) ការបរិភោគអាហារដ៏ឆ្ងាញ់ ក្លិនផ្ការដ៏ក្រអូបក្នុងវាលស្មៅ មេអំបៅដែលមានពណ៌ដ៏ឆើតឆាយជាច្រើន សម្លេងបក្សាបក្សីច្រៀងក្នុងនិទាឃរដូវ ការឱបដ៏កក់ក្ដៅពីបុគ្គលស្ងួនភ្ងារ—ពីរបស់ទាំងនេះ តើយើងមិនយល់ថា ព្រះអាទិទេពរបស់យើងជាព្រះនៃសេចក្ដីស្រឡាញ់ទេឬ ដែលទ្រង់ចង់ឲ្យយើងមានជីវិតដ៏រីករាយ?—យ៉ូហានទី១ ៤:៨
១០, ១១. (ក) តើអ្វីខ្លះដែលយើងមិនអាចរៀនអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ ពីសៀវភៅនៃសេចក្ដីបង្កើត? (ខ) ចម្លើយចំពោះសំនួរអ្វីខ្លះដែលអាចរកឃើញក្នុងព្រះគម្ពីរ?
១០ ប៉ុន្តែ ការរៀនអំពីព្រះយេហូវ៉ាពីសៀវភៅនៃសេចក្ដីបង្កើតគឺមានព្រំដែន។ ជាឧទាហរណ៍៖ តើព្រះនាមទ្រង់ជាអ្វី? ហេតុអ្វីក៏ទ្រង់បានបង្កើតផែនដីហើយដាក់មនុស្សឲ្យរស់នៅលើនោះ? ហេតុអ្វីក៏ព្រះបណ្ដោយឲ្យមានអំពើអាក្រក់? តើយើងនឹងមានអនាគតយ៉ាងណា? បើចង់បានចម្លើយចំពោះសំនួរបែបនេះ យើងត្រូវតែមើលសៀវភៅមួយទៀតដែលផ្ដល់ឲ្យចំណេះនៃព្រះ—គឺព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ ព្រះយេហូវ៉ាប្រាប់យើងអំពីអង្គទ្រង់ ដូចជាព្រះនាមទ្រង់ បុគ្គលិកលក្ខណៈរបស់ទ្រង់ និងគោលបំណងរបស់ទ្រង់—ពត៌មានដែលយើងមិនអាចទទួលបានពីប្រភពណាទៀតឡើយ។—និក្ខមនំ ៣៤:៦, ៧; ទំនុកដំកើង ៨៣:១៨; អេម៉ុស ៣:៧
១១ ក្នុងបទគម្ពីរ ព្រះយេហូវ៉ាក៏ប្រទានឲ្យចំណេះដ៏សំខាន់ៗ ដែលទាក់ទងបុគ្គលដទៃដែលយើងត្រូវតែស្គាល់ដែរ។ ជាឧទាហរណ៍ តើព្រះយេស៊ូគ្រីស្ទជាអ្នកណា តើទ្រង់មានមុខនាទីអ្វី ក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា? (កិច្ចការ ៤:១២) តើអារក្សសាតាំងជាអ្នកណា? តើតាមរបៀបណាដែលវាបំភាន់មនុស្សជាតិ? តើតាមរបៀបណាដែលយើងអាចជៀសវាងពីការបំភាន់របស់វា? (ពេត្រុសទី១ ៥:៨) ចម្លើយដ៏អាចសង្គ្រោះជីវិតចំពោះសំនួរទាំងនេះ គឺអាចរកឃើញនៅក្នុងព្រះគម្ពីរ។
១២. តើអ្នកអាចពន្យល់យ៉ាងណាថា ការយកចូលចំណេះនៃព្រះនិងគោលបំណងរបស់ទ្រង់ មិនមែនជាបន្ទុកនោះ?
១២ តើជាបន្ទុកឬក្នុងការយកចូលចំណេះពីព្រះនិងគោលបំណងរបស់ទ្រង់នោះ? គឺប្រាកដជាមិនដូច្នេះទេ! តើអ្នកអាចចងចាំនូវអារម្មណ៍របស់អ្នកទេ នៅពេលដែលអ្នករៀនដឹងអំពីព្រះនាមរបស់ព្រះយេហូវ៉ាជាលើកដំបូង ថាព្រះរាជាណាចក្ររបស់ទ្រង់នឹងធ្វើឲ្យមានសួនមនោរម្យនៅលើផែនដីនេះ ថាទ្រង់នឹងប្រទានឲ្យបុត្រដ៏ស្ងួនភ្ងាររបស់ទ្រង់ ធ្វើជាតម្លៃលោះបាបរបស់យើង ព្រមទាំងសេចក្ដីពិតដ៏មានតម្លៃឯទៀត? តើនេះមិនប្រៀបដូចជាការយកគម្របចេញ ហើយមើលឃើញអ្វីយ៉ាងច្បាស់ជាលើកដំបូងទេឬ? ការយកចូលចំណេះនៃព្រះគឺមិនមែនជាបន្ទុកទេ តែជាការដ៏រីករាយវិញ។—ទំនុកដំកើង ១:១-៣; ១១៩:៩៧
ការបំពេញតាមខ្នាតគំរូរបស់ព្រះ
១៣, ១៤. (ក) កាលដែលយើងយកចូលចំណេះនៃព្រះ តើយើងត្រូវកែប្រែអ្វីក្នុងជីវិតរបស់យើង? (ខ) ព្រះតម្រូវឲ្យយើងជៀសវាងពីការប្រព្រឹត្តមិនស្អាតស្អំអ្វីខ្លះ?
១៣ កាលដែលយើងយកចូលចំណេះនៃព្រះ យើងនឹងដឹងថា យើងត្រូវផ្លាស់ប្ដូរជីវិតរបស់យើង។ ការនេះក៏នឹងនាំយើងមកដល់សេចក្ដីតម្រូវទីពីរ។ យើងត្រូវតែបំពេញតាមខ្នាតគំរូរបស់ព្រះចំពោះមារយាទត្រឹមត្រូវ ហើយទទួលយកសេចក្ដីពិតរបស់ទ្រង់។ តើអ្វីទៅជាសេចក្ដីពិត? តើអ្វីដែលយើងជឿ និងអ្វីដែលយើងធ្វើជាការសំខាន់ចំពោះព្រះទេ? មនុស្សជាច្រើននៅសព្វថ្ងៃនេះមិនគិតដូច្នោះទេ។ របាយការណ៍ដែលបានបោះពុម្ពដោយសាសនាអង្លីគិន ក្នុង១៩៩៥ បង្ហាញថា ការរស់នៅជាមួយគ្នាដោយឥតរៀបការ មិនគួរចាត់ទុកជាបាបទេ។ អេវ៉ែកម្នាក់នៃសាសនាមួយនេះនិយាយថា៖ «ឃ្លាដែលថា ‹ការរស់នៅក្នុងបាប› គ្រាន់តែជាគេហៅប៉ុណ្ណោះ ហើយឥតមានប្រយោជន៍ទេ»។
១៤ បើដូច្នេះ តើ«ការរស់នៅក្នុងបាប» មិនមែនជាបាបឬ? ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងយ៉ាងច្បាស់ ថាតើទ្រង់មានអារម្មណ៍យ៉ាងណាចំពោះការប្រព្រឹត្តបែបនេះ។ ព្រះគម្ពីរជាបន្ទូលរបស់ព្រះចែងថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេព្រើរ ១៣:៤) ការសេពមេថុនមុនរៀបការ ប្រហែលជាមិនជាអំពើបាបទេ បើតាមទស្សនៈពួកបព្វជិតនិងពួកអ្នកទៅវិហារ ប៉ុន្តែនេះជាអំពើបាបដ៏ធ្ងន់ធ្ងរក្នុងព្រះនេត្ររបស់ព្រះ! ហើយ ការផិតគ្នា ការស្មន់ និងអំពើរួមសង្វាសជាមួយភេទដូចគ្នា ក៏ជាអំពើបាបដ៏ធ្ងន់ធ្ងរដែរ។ (លេវីវិន័យ ១៨:៦; កូរិនថូសទី១ ៦:៩, ១០) ព្រះទ្រង់តម្រូវឲ្យយើងជៀសវាងពីការប្រព្រឹត្តបែបនេះ ដែលទ្រង់ចាត់ទុកជាអំពើមិនស្អាតស្អំ។
១៥. តើតាមរបៀបណាដែលសេចក្ដីតម្រូវរបស់ព្រះទាក់ទងនឹងរបៀបដែលយើងប្រព្រឹត្តលើអ្នកដទៃនិងលើអ្វីដែលយើងជឿនោះ?
១៥ ប៉ុន្តែ គឺមិនគ្រប់គ្រាន់ទេ ក្នុងការជៀសវាងពីអ្វីដែលព្រះយេហូវ៉ាចាត់ទុកជារបស់មានបាបនោះ។ សេចក្ដីតម្រូវរបស់ព្រះក៏ទាក់ទងនូវរបៀបដែលយើងប្រព្រឹត្តលើអ្នកដទៃដែរ។ ក្នុងគ្រួរសារ ទ្រង់តម្រូវឲ្យប្ដីនិងប្រពន្ធមានសេចក្ដីស្រឡាញ់និងសេចក្ដីគោរពដល់គ្នាទៅវិញទៅមក។ ព្រះតម្រូវឲ្យឪពុកម្ដាយមើលថែរក្សានូវសេចក្ដីត្រូវការរបស់កូនចៅខាងវត្ថុ វិញ្ញាណ និងខាងចិត្ត។ ទ្រង់មានបន្ទូលប្រាប់ឲ្យកូនចៅគោរពតាមឪពុកម្ដាយរបស់គេ។ (សុភាសិត ២២:៦; កូល៉ុស ៣:១៨-២១) ហើយចុះយ៉ាងណាវិញចំពោះជំនឿរបស់យើង? ព្រះយេហូវ៉ាចង់ឲ្យយើងជៀសវាងពីជំនឿនិងទំនៀមទំលាប់ដែលមានកំណើតពីការថ្វាយបង្គំក្លែងក្លាយ ឬដែលផ្ទុយនឹងសេចក្ដីពិតបរិសុទ្ធក្នុងព្រះគម្ពីរ។—ចោទិយកថា ១៨:៩-១៣; កូរិនថូសទី២ ៦:១៤-១៧
១៦. សូមពន្យល់នូវហេតុអ្វីដែលមិនមែនជាបន្ទុកក្នុងការបំពេញតាមខ្នាតគំរូរបស់ព្រះ ចំពោះមារយាទត្រឹមត្រូវហើយទទួលយកសេចក្ដីពិតរបស់ទ្រង់។
១៦ តើការបំពេញតាមខ្នាតគំរូនៃមារយាទត្រឹមត្រូវ ហើយទទួលយកសេចក្ដីពិតរបស់ទ្រង់ ជាបន្ទុកចំពោះយើងឬ? គឺប្រាកដជាមិនមែនទេ បើយើងពិនិត្យមើលពីផលប្រយោជន៍នោះ—គឺអាពាហ៍ពិពាហ៍ដែលប្ដីនិងប្រពន្ធស្រឡាញ់ហើយទុកចិត្តគ្នា ជាជាងអាពាហ៍ពិពាហ៍ដែលបែកខ្ចាយដោយគ្មានការស្មោះត្រង់។ គឺគ្រួសារដែលកូនចៅមានសេចក្ដីស្រឡាញ់និងការកក់ក្ដៅពីឪពុកម្ដាយរបស់គេ ជាជាងគ្រួសារដែលឪពុកម្ដាយមិនស្រឡាញ់កូនចៅ មិនអើពើនិងមិនចង់បាន។ គឺមានមនសិការជ្រះថ្លានិងសុខភាពល្អ ជាជាងមានទុក្ខទោសក្នុងអារម្មណ៍ ហើយមានរោគអេដស៍ ឬមានរោគកាមផ្សេងៗទៀត។ យ៉ាងប្រាកដណាស់ សេចក្ដីតម្រូវរបស់ព្រះយេហូវ៉ាមិនមែនបង្ខាំងយើងពីអ្វីដែលយើងត្រូវការក្នុងការសប្បាយរីករាយសំរាប់ជីវិតឡើយ!—ចោទិយកថា ១០:១២, ១៣
ការបង្ហាញសេចក្ដីគោរពចំពោះជីវិតនិងឈាម
១៧. តើព្រះយេហូវ៉ាចាត់ទុកជីវិតនិងឈាមយ៉ាងដូចម្ដេច?
១៧ កាលដែលអ្នកប្រកបជីវិតរបស់អ្នកឲ្យស្របតាមខ្នាតគំរូរបស់ព្រះ អ្នកនឹងយល់ថាជីវិតគឺពិតជាមានតម្លៃមែន។ ឥឡូវនេះ សូមឲ្យយើងពិនិត្យមើលសេចក្ដីតម្រូវទីបីរបស់ព្រះ។ យើងត្រូវតែគោរពជីវិតនិងឈាម។ ជីវិតគឺពិសិដ្ឋណាស់ចំពោះព្រះយេហូវ៉ា ពីព្រោះទ្រង់ជាប្រភពនៃជីវិត។ (ទំនុកដំកើង ៣៦:៩) សូម្បីតែជីវិតនៃកូនដែលមិនទាន់កើតក្នុងផ្ទៃរបស់ម្ដាយក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ! (និក្ខមនំ ២១:២២, ២៣) ឈាមតំណាងជីវិត។ ដូច្នេះ ឈាមក៏ពិសិដ្ឋក្នុងព្រះនេត្ររបស់ព្រះដែរ។ (លេវីវិន័យ ១៧:១៤) ម្ល៉ោះហើយ យើងមិនត្រូវភ្ញាក់ផ្អើលទេដែលថាព្រះតម្រូវឲ្យយើងចាត់ទុកជីវិតនិងឈាមដូចទ្រង់ដែរ។
១៨. តើទស្សនៈរបស់ព្រះយេហូវ៉ាចំពោះជីវិតនិងឈាមតម្រូវអ្វីពីយើង?
១៨ តើការគោរពជីវិតនិងឈាមតម្រូវអ្វីខ្លះពីយើង? ជាគ្រីស្ទាន យើងមិនប្រថុយជីវិតរបស់យើងសំរាប់សេចក្ដីកំសាន្តរំជួលចិត្ត។ យើងមានចិត្តខ្វល់ខ្វាយចំពោះសន្ដិសុខ ដូច្នេះយើងយកចិត្តទុកដាក់ប្រយ័ត្នដល់រថយន្តនិងផ្ទះរបស់យើង ដើម្បីកុំឲ្យគ្រោះថ្នាក់កើតឡើង។ (ចោទិយកថា ២២:៨) យើងមិនប្រើថ្នាំជក់ ទំពារស្លាម្លូ ឬលេបថ្នាំញៀនសំរាប់ការកំសាន្តឡើយ។ (កូរិនថូសទី២ ៧:១) ពីព្រោះយើងស្ដាប់តាមព្រះនៅពេលដែលទ្រង់មានបន្ទូលឲ្យ‹ជៀសវាងពីឈាម› នោះយើងនឹងមិនឲ្យគេបញ្ចូលឈាមក្នុងរូបកាយយើងឡើយ។ (កិច្ចការ ១៥:២៨, ២៩) ទោះបីយើងស្រឡាញ់ជីវិតក៏ដោយ យើងមិនចង់សង្គ្រោះជីវិតរបស់យើងឥឡូវនេះ ដោយបំពានលើច្បាប់របស់ព្រះទេ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតអស់កល្បជានិច្ចរបស់យើង!—ម៉ាថាយ ១៦:២៥
១៩. សូមពន្យល់នូវរបៀបដែលយើងអាចទទួលប្រយោជន៍ពីការគោរពជីវិតនិងឈាម។
១៩ តើការចាត់ទុកជីវិតនិងឈាមជាពិសិដ្ឋ ជាបន្ទុកចំពោះយើងឬ? គឺប្រាកដជាអត់ទេ! សូមគិតមើលទៅចុះ។ តើការរួចផុតពីរោគមហារីកសួត ដែលបណ្ដាលមកពីជក់ថ្នាំ ជាបន្ទុកឬ? តើការគេចផុតពីការញៀនគ្រឿងឱសថដ៏គ្រោះថ្នាក់ដល់គំនិតនិងរូបកាយ ជាការមានបន្ទុកឬ? តើជាបន្ទុកឬ ក្នុងការរួចផុតពីមានរោគអេដស៍ ជម្ងឺរលាកថ្លើម ឬរោគផ្សេងៗដោយសារការបញ្ចូលឈាម? យ៉ាងច្បាស់ណាស់ ការជៀសវាងពីទម្លាប់និងការប្រព្រឹត្តដ៏ឈឺចាប់ គឺជាប្រយោជន៍សំរាប់យើង។—អេសាយ ៤៨:១៧
២០. តើគ្រួសារមួយបានទទួលប្រយោជន៍យ៉ាងណា ដោយមានទស្សនៈនៃជីវិតដូចព្រះ?
២០ សូមពិចារណាមើលការពិសោធនេះ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ស្ត្រីស្មរបន្ទាល់ម្នាក់ ដែលមានផ្ទៃពោះបីខែ បានចាប់ផ្ដើមធ្លាក់ឈាមនៅពេលល្ងាចមួយ ហើយក៏បានយកទៅពេទ្យជាបន្ទាន់។ ក្រោយពីគ្រូពេទ្យបានពិនិត្យមើលនាងហើយ នាងបានឮគ្រូពេទ្យនិយាយទៅជាមួយគិលានុបដ្ឋាយិកាម្នាក់ ថាគេនឹងពន្លូតកូនរបស់នាងចោល។ ដោយដឹងថាព្រះយេហូវ៉ាមានគំនិតយ៉ាងណាចំពោះជីវិតនៃទារក នាងបានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់មិនឲ្យពន្លូតកូនទេ ដោយប្រាប់គ្រូពេទ្យថា៖ «បើសិនជាវានៅរស់ ទុកវានៅក្នុងពោះចុះ»! នៅពេលខ្លះនាងនៅតែធ្លាក់ឈាមទៀត។ ប៉ុន្តែបីបួនខែក្រោយមក ដោយមិនទាន់គ្រប់ខែផង នាងបានសម្រាលទារកប្រុសមួយដែលមានសុខភាពល្អ ដែលឥឡូវនេះមានអាយុ១៧ឆ្នាំហើយ។ នាងបានពន្យល់ថា៖ «យើងបានប្រាប់កូនរបស់យើងអំពីរឿងទាំងនេះ ហើយវានិយាយថា វាមានចិត្តរីករាយណាស់ ដែលគេមិនយកខ្លួនទៅចោលក្នុងធុងសម្រាម។ វាដឹងថា ដោយសារតែយើងបំរើព្រះយេហូវ៉ានេះហើយ ជាមូលហេតុតែមួយគត់ដែលវានៅរស់នោះ»។ យ៉ាងប្រាកដណាស់ ការមានទស្សនៈដូចព្រះអំពីជីវិតនោះ មិនមែនជាបន្ទុកនៃគ្រួសារនេះឡើយ!
ការបំរើជាមួយរាស្ត្ររបស់ព្រះយេហូវ៉ាដែលមានរបៀបរៀបរយ
២១, ២២. (ក) តើព្រះយេហូវ៉ាតម្រូវឲ្យយើងបំរើទ្រង់ជាមួយពួកណា? (ខ) តើយើងអាចសម្គាល់រាស្ត្ររបស់ព្រះដែលមានរបៀបរៀបរយដោយដូចម្ដេច?
២១ មិនមែនមានតែយើងទេ ដែលត្រូវការកែប្រែជីវិតរបស់យើងឲ្យស្របតាមខ្នាតគំរូរបស់ព្រះនោះ។ ព្រះយេហូវ៉ាមានប្រជារាស្ត្រនៅលើផែនដីនេះ ហើយទ្រង់ចង់ឲ្យយើងបំរើទ្រង់ជាមួយពួកគេ។ នេះក៏នាំយើងមកដល់សេចក្ដីតម្រូវទីបួន។ យើងត្រូវតែ បំរើព្រះយេហូវ៉ាជាមួយអង្គការរបស់ទ្រង់ដែលដឹកនាំដោយវិញ្ញាណ។
២២ ប៉ុន្តែ តើយើងអាចសម្គាល់រាស្ត្ររបស់ព្រះដែលមានរបៀបរៀបរយដោយដូចម្ដេច? គឺតាមខ្នាតគំរូដែលបានកត់ទុកមកក្នុងព្រះគម្ពីរ ពួកគេមានសេចក្ដីស្រឡាញ់រវាងគ្នានិងគ្នា ពួកគេមានសេចក្ដីគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះគម្ពីរ ពួកគេឲ្យកិត្ដិយសដល់ព្រះនាមទ្រង់ ពួកគេផ្សាយប្រកាសអំពីព្រះរាជាណាចក្ររបស់ទ្រង់ ហើយពួកគេមិនមែនជារបស់ផងលោកីយ៍ដ៏អាក្រក់នេះ។ (ម៉ាថាយ ៦:៩; ២៤:១៤; យ៉ូហាន ១៣:៣៤, ៣៥; ១៧:១៦, ១៧) គឺមានអង្គការសាសនាតែមួយគត់នៅលើផែនដីនេះ ដែលមានសញ្ញាទាំងនេះនៃសាសនាគ្រីស្ទានពិត—ស្មរបន្ទាល់ព្រះយេហូវ៉ា!
២៣, ២៤. តើយើងអាចពន្យល់យ៉ាងណា ថាមិនមែនជាបន្ទុកក្នុងការបំរើព្រះយេហូវ៉ាជាមួយរាស្ត្រទ្រង់ដែលមានរបៀបរៀបរយ?
២៣ តើការបំរើព្រះយេហូវ៉ាជាមួយរាស្ត្រទ្រង់ដែលមានរបៀបរៀបរយ ជាបន្ទុកឬ? ទេ ប្រាកដជាមិនទេ! ផ្ទុយទៅវិញ នេះជាឯកសិទ្ធិដ៏មានតម្លៃមួយ ក្នុងការមានសេចក្ដីស្រឡាញ់និងការគាំទ្រពីគ្រួសារពេញពិភពលោកនៃបងប្អូនគ្រីស្ទានប្រុសស្រី។ (ពេត្រុសទី១ ២:១៧) ឧបមាថាអ្នកបានរួចជីវិតពីទូកលិច ហើយអ្នកខំអណ្ដែតខ្លួននៅក្នុងទឹក។ នៅពេលដែលមានអារម្មណ៍ថា អ្នកមិនអាចទ្រាំបានទៀតទេ នោះស្រាប់តែមានគេហុចដៃពីកាណូតស្រង់អ្នកចេញពីទឹក។ ត្រូវហើយ គឺមានពួករួចជីវិតឯទៀត! ក្នុងកាណូតសង្គ្រោះ អ្នកនិងមនុស្សដទៃផ្លាស់វេនគ្នាចែវទៅមាត់សមុទ្រ ដើម្បីទៅយកពួកអ្នករួចរស់ជីវិតឯទៀតនៅតាមផ្លូវ។
២៤ តើយើងមិននៅក្នុងស្ថានការណ៍ដូចនេះដែរទេឬ? យើងត្រូវបានគេស្រង់ចេញពី«ទឹក»ដ៏មានគ្រោះថ្នាក់នៃលោកីយ៍អាក្រក់នេះ ចូលទៅក្នុង«កាណូតសង្គ្រោះ» នៃអង្គការរបស់ព្រះយេហូវ៉ានៅលើផែនដី។ ក្នុងអង្គការនោះ យើងធ្វើសហប្រតិបត្ដិការ កាលដែលយើងធ្វើដំណើរឆ្ពោះទៅ«ឆ្នេរសមុទ្រ» នៃពិភពលោកថ្មីដ៏សុចរិត។ បើសិនណាការបង្ខិតបង្ខំក្នុងជីវិតត្រូវបណ្ដាលឲ្យយើងនឿយហត់នៅតាមផ្លូវ យើងមានអំណរគុណណាស់ ចំពោះជំនួយនិងការសម្រាលទុក្ខពីមិត្តគ្រីស្ទានពិត!—សុភាសិត ១៧:១៧
២៥. (ក) តើយើងមានភារៈអ្វីចំពោះអស់អ្នកដែលនៅក្នុង«ទឹក»នៅឡើយនៃលោកីយ៍ដ៏អាក្រក់នេះ? (ខ) តើសេចក្ដីតម្រូវអ្វីរបស់ព្រះដែលយើងនឹងពិគ្រោះក្នុងអត្ថបទជាបន្ទាប់?
២៥ ចុះយ៉ាងណាវិញចំពោះមនុស្សឯទៀត—ដែលមានចិត្តស្មោះត្រង់ ដែលកំពុងតែនៅក្នុង«ទឹក»នៅឡើយនោះ? យើងមានភារៈដើម្បីជួយពួកគេឲ្យចូលមកក្នុងអង្គការរបស់ព្រះយេហូវ៉ា មែនទេ? (ធីម៉ូថេទី១ ២:៣, ៤) ពួកគេត្រូវការជំនួយដើម្បីរៀនសូត្រពីអ្វីៗដែលព្រះយេហូវ៉ាតម្រូវពីគេ។ នេះនឹងនាំយើងមកឯសេចក្ដីតម្រូវទីប្រាំរបស់ព្រះ។ យើងត្រូវតែ ជាអ្នកប្រកាសផ្សាយដ៏ស្មោះនៃព្រះរាជាណាចក្រនៃព្រះ។ ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិគ្រោះថាតើការនេះនឹងទាក់ទងអ្វីខ្លះ។
តើអ្នកនៅចាំទេ?
◻ ហេតុអ្វីក៏បញ្ញត្តរបស់ព្រះមិនមែនជាបន្ទុក?
◻ តើតាមរបៀបណាដែលយើងយកចូលចំណេះនៃព្រះ?
◻ ហេតុអ្វីក៏មិនជាបន្ទុកក្នុងការបំពេញតាមខ្នាតគំរូនៃព្រះចំពោះមារយាទត្រឹមត្រូវហើយទទួលយកសេចក្ដីពិតរបស់ទ្រង់?
◻ តើទស្សនៈរបស់ព្រះចំពោះជីវិតនិងឈាមតម្រូវអ្វីពីយើង?
◻ តើព្រះយេហូវ៉ាចង់ឲ្យយើងបំរើទ្រង់ជាមួយពួកណា ហើយតើអាចសម្គាល់គេបានដោយរបៀបណា?
[រូបភាពនៅទំព័រ២៣]
យើងរៀនអំពីព្រះយេហូវ៉ាពីសៀវភៅនៃសេចក្ដីបង្កើតនិងពីព្រះគម្ពីរ
[អ្នកផ្ដល់សិទ្ធិ]
Crocodile: By courtesy of Australian International Public Relations; bear: Safari-Zoo of Ramat-Gan, Tel Aviv