បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៦ ទំ. ២០-២៥
  • ចូរអ្នកមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរអ្នកមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​វិនិច្ឆ័យ​និង​ពាក្យ​សំដី​របស់​យើង
  • ការ​វិនិច្ឆ័យ​និង​ចរិយា​របស់​យើង
  • ការ​វិនិច្ឆ័យ​និង​អារម្មណ៍​របស់​យើង
  • ការ​វិនិច្ឆ័យ​និង​គ្រួសារ​របស់​យើង
  • ការ​វិនិច្ឆ័យ​និង​ដំណើរ​ក្នុង​ជីវិត​របស់​យើង
  • ចូរ​ពឹង​ព្រះ​យេហូវ៉ា​សំរាប់​ការ​វិនិច្ឆ័យ​ជា​និច្ច
  • មាន​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ជា​ច្រើន
  • សូមឲ្យការវិនិច្ឆ័យការពារអ្នក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរមានចិត្តក្លាហាននិងសមត្ថភាពយល់ដឹងដូចលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៦ ទំ. ២០-២៥

ចូរ​អ្នក​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ

«ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង[ការ​វិនិច្ឆ័យ] នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។—សុភាសិត ២:៦

១. តើ​តាម​របៀប​ណា​ដែល​យើង​អាច​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ?

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​របស់​យើង។ (អេសាយ ៣០:២០, ២១) ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​ផល​ប្រយោជន៍​ពី‹ចំណេះ​អំពី​ព្រះ› ដែល​បាន​សម្ដែង​មក​ក្នុង​បន្ទូល​របស់​ទ្រង់? មួយ​ចំណែក យើង​ត្រូវ​តែ‹មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ›—ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ពី​ចិត្ត​ចង់​ទទួល​និង​បង្ហាញ​គុណសម្បត្ដិ​នេះ។ ចំពោះ​រឿង​នេះ យើង​ត្រូវ​តែ​ទុក​ចិត្ត​លើ​ព្រះ ពី​ព្រោះ​អ្នក​ប្រាជ្ញ​ម្នាក់​បាន​និយាយ​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង[ការ​វិនិច្ឆ័យ] នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។ (សុភាសិត ២:១​-​៦) តើ​អ្វី​ជា​ចំណេះ ប្រាជ្ញា និង​ការ​វិនិច្ឆ័យ?

២. (ក) តើ​អ្វី​ជា​ចំណេះ? (ខ) តើ​អ្វី​ជា​អត្ថន័យ​នៃ​ប្រាជ្ញា? (គ) តើ​អ្វី​ជា​ការ​វិនិច្ឆ័យ?

២ ចំណេះ គឺ​ការ​ដឹង​អំពី​ហេតុ​ការណ៍​ពិត ដែល​បាន​ទទួល​មក​ដោយ​ការ​ពិសោធ ការ​ពិនិត្យ​មើល ឬ​ការ​សិក្សា។ ប្រាជ្ញា គឺ​សមត្ថភាព​ក្នុង​ការ​យក​ចំណេះ​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ។ (ម៉ាថាយ ១១:១៩) ស្តេច​សាឡូម៉ូន​បាន​បង្ហាញ​អំពី​ប្រាជ្ញា នៅ​ពេល​ដែល​ស្ត្រី​ពីរ​នាក់​បាន​ទាម​ទារ​យក​កូន​តែ​មួយ​ជា​របស់​ផង​ខ្លួន ហើយ​ទ្រង់​បាន​ប្រើ​ចំណេះ​របស់​ទ្រង់​អំពី​ចិត្ត​ភក្ដី​របស់​ម្ដាយ​ដល់​កូន​នាង ដើម្បី​ដោះ​ស្រាយ​ការ​ជម្លោះ​នេះ។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:១៦​-​២៨) ការ​វិនិច្ឆ័យ គឺ«ដំណើរ​ឈ្លាស​វៃ​នៃ​ការ​ជំនុំ​ជំរះ»។ នេះ​គឺ​ជា«អានុភាព​ឬ​ញាណ​សតិ​ដែល​អាច​ដឹង​មុត​ធ្លុះ​ក្នុង​កិច្ច​ការ​ផ្សេង​ៗ»។ (Webster’s Universal Dictionary) បើ​យើង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​គុណសម្បត្ដិ​នេះ​ដល់​យើង​តាម​រយៈ​រាជបុត្រា​របស់​ទ្រង់។ (ធីម៉ូថេ​ទី​២ ២:១, ៧) ប៉ុន្តែ តើ​ការ​វិនិច្ឆ័យ​មាន​ឥទ្ធិពល​លើ​លក្ខណៈ​ផ្សេង​ៗ​នៃ​ជីវិត​ដូច​ម្ដេច?

ការ​វិនិច្ឆ័យ​និង​ពាក្យ​សំដី​របស់​យើង

៣. តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​ក្នុង​សុភាសិត ១១:១២, ១៣ ហើយ​តើ«ការ​ឥត​មាន​ប្រាជ្ញា»មាន​ន័យ​យ៉ាង​ណា?

៣ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា«មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ»។ (សាស្ដា ៣:៧) គុណសម្បត្ដិ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ប្រយ័ត្ន​ប្រយែង​នូវ​ពាក្យ​សំដី​របស់​យើង។ សុភាសិត ១១:១២, ១៣ ចែង​ថា៖ «អ្នក​ណា​ដែល​មើល​ងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​មាន[ការ​វិនិច្ឆ័យ] រមែង​នៅ​ស្ងៀម​វិញ។ អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌​កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង​រ៉ាវ​វិញ»។ ត្រូវ​ហើយ បុរស​ឬ​ស្ត្រី​ម្នាក់​ដែល​មើល​ងាយ​បុគ្គល​ម្នាក់​ទៀត គឺ«ឥត​មាន​ប្រាជ្ញា​ទេ»។ យោង​ទៅ​តាម​លោក វ៉ីលាម ហ្គាស៊ីញាស ជា​អ្នក​រៀបចំ​សទ្ទានុក្រម បុគ្គល​បែប​នេះ គឺ«ឥត​មាន​អធ្យាស្រ័យ​ឡើយ»។ គាត់​ឥត​មាន​ការ​វែក​ញែក​ល្អ ហើយ​ការ​ប្រើ​ពាក្យ​ដូច​ជា ‹ចិត្ត› បង្ហាញ​ថា​ឥត​មាន​គុណសម្បត្ដិ​ល្អ​នៃ​បុគ្គល​ខាង​ក្នុង។ បើ​អ្នក​អះអាង​ថា​ជា​គ្រីស្ទាន​ណា​ម្នាក់​និយាយ​ដើម​គេ រហូត​ដល់​និយាយ​បង្កាច់ ឬ​ជេរ​ប្រមាថគេ ពួក​អ្នក​ចាស់​ទុំ​ដែល​បាន​តែង​តាំង ត្រូវ​តែ​ចាត់​វិធានការ​បញ្ចប់​ស្ថានការណ៍​ដ៏​ឥត​ត្រឹម​ត្រូវ​នេះ​ចេញ​ពី​ក្រុម​ជំនុំ។—លេវីវិន័យ ១៩:១៦; ទំនុកដំកើង ១០១:៥; កូរិនថូស​ទី​១ ៥:១១

៤. តើ​ពួក​គ្រីស្ទាន​ដែល​ចេះ​វិនិច្ឆ័យ​និង​ស្មោះ​ត្រង់ ធ្វើ​យ៉ាង​ណា​អំពី​ពត៌មាន​សម្ងាត់?

៤ មិន​ដូច​ពួក​អ្នក​ដែល«ឥត​មាន​ប្រាជ្ញា» ពួក​អ្នក​ដែល​មាន‹ការ​វិនិច្ឆ័យ​ច្រើន›រមែង​នៅ​ស្ងៀម​នៅ​ពេល​ដែល​ត្រូវ​ធ្វើ។ ពួក​គេ​មិន​បញ្ចេញ​ឲ្យ​អ្នក​ដទៃ​ដឹង​នូវ​ពត៌មាន​សម្ងាត់​ឡើយ។ (សុភាសិត ២០:១៩) ដោយ​ដឹង​ថា ការ​និយាយ​មិន​ប្រយ័ត្ន​ប្រយែង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ពួក​អ្នក​ដែល​ចេះ​វិនិច្ឆ័យ គឺ‹មាន​ចិត្ត​ស្មោះ​ត្រង់›។ ពួក​គេ​មាន​ចិត្ត​ស្មោះ​ដល់​ពួក​អ្នក​ជឿ​គ្នី​គ្នា ហើយ​មិន​បញ្ចេញ​រឿង​សម្ងាត់​ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​គេ​ឡើយ។ បើ​ពួក​គ្រីស្ទាន​ដែល​ចេះ​វិនិច្ឆ័យ​ទទួល​ពត៌មាន​សម្ងាត់ ដែល​ទាក់​ទង​នឹង​ក្រុម​ជំនុំ ពួក​គេ​មិន​ប្រាប់​អ្នក​ដទៃ រហូត​ដល់​អង្គការ​របស់​ព្រះ​យេហូវ៉ា​ឃើញ​ថា ជា​ការ​ត្រឹម​ត្រូវ​ក្នុង​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ប្រកាសនវត្ថុ​ណា​មួយ។

ការ​វិនិច្ឆ័យ​និង​ចរិយា​របស់​យើង

៥. តើ‹ពួក​មនុស្ស​ល្ងី​ល្ងើ›ចាត់​ទុក​ចរិយា​ខូច​អាក្រក់​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

៥ ព្រះ​គម្ពីរ​សុភាសិត​ជួយ​យើង​ឲ្យ​ប្រើ​ការ​វិនិច្ឆ័យ ហើយ​ឲ្យ​ជៀស​វាង​ចរិយា​មិន​ត្រឹម​ត្រូវ។ ឧទាហរណ៍ សុភាសិត ១០:២៣ ចែង​ថា៖ «ឯ​ការ​ដែល​មនុស្ស​ល្ងី​ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន[ការ​វិនិច្ឆ័យ] នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ»។ ចំពោះ​អស់​អ្នក​ដែល​ចាត់​ទុក​ចរិយា​ខូច​អាក្រក់«ដូច​ជា​ល្បែង» គឺ​មើល​មិន​ឃើញ​នូវ​ការ​ប្រព្រឹត្ត​ដ៏​មិន​ប្រពៃ​របស់​គេ​ទេ ហើយ​មិន​គិត​ថា​ព្រះ​ជា​បុគ្គល ដែល​មនុស្ស​ទាំង​ឡាយ​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ពី​ដំណើរ​របស់​ខ្លួន​ឡើយ។ (រ៉ូម ១៤:១២) ‹ពួក​មនុស្ស​ល្ងី​ល្ងើ›បែប​នេះ ក្លាយ​ទៅ​ជា​មាន​ការ​វែក​ញែក​ដែល​មិន​សម​ហេតុ​ផល ដល់​កំរិត​ដែល​គេ​ស្មានថា ព្រះ​ទត​មិន​ឃើញ​នូវ​ការ​ប្រព្រឹត្ត​មិន​ប្រពៃ​របស់​គេ។ ដោយ​សកម្មភាព​របស់​គេ គេ​និយាយ​ថា៖ ‹គ្មាន​ព្រះ​យេហូវ៉ា​ទេ›។ (ទំនុកដំកើង ១៤:១​-​៣; អេសាយ ២៩:១៥, ១៦) ពី​ព្រោះ​ពួក​គេ​ឥត​មាន​ការ​ដឹក​នាំ​ដោយ​គោល​ការណ៍​របស់​ព្រះ នោះ​ពួក​គេ​ឥត​មាន​ការ​វិនិច្ឆ័យ និង​មិន​អាច​វែក​ញែក​ត្រឹម​ត្រូវ​ឡើយ។—សុភាសិត ២៨:៥

៦. ហេតុ​អ្វី​ក៏​ចរិយា​ខូច​អាក្រក់​គឺ​ល្ងី​ល្ងើ ហើយ​តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា បើ​យើង​មាន​ការ​វិនិច្ឆ័យ?

៦ ‹បុរស​ដែល​មាន​ការ​វិនិច្ឆ័យ› ដឹង​ថា​ចរិយា​ខូច​អាក្រក់ គឺ​មិន​មែន​ជា«ល្បែង»ទេ។ គាត់​ដឹង​ថា​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ ហើយ​អាច​បំបែក​បំបាក់​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ទ្រង់​ផង។ ចរិយា​បែប​នេះ​គឺ​ល្ងី​ល្ងើ ពី​ព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​លែង​មាន​ការ​គោរព​ខ្លួន ធ្វើ​ឲ្យ​ខូច​ដល់​អាពាហ៍ពិពាហ៍ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គំនិត​និង​រូប​កាយ ហើយ​នាំ​ឲ្យ​បាត់​បង់​នូវ​ភាព​វិញ្ញាណ​ផង។ ដូច្នេះ សូម​ឲ្យ​យើង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ ហើយ​ជៀស​វាង​ចរិយា​ខូច​អាក្រក់​ឬ​អំពើ​ឥត​សីលធម៌។—សុភាសិត ៥:១​-​២៣

ការ​វិនិច្ឆ័យ​និង​អារម្មណ៍​របស់​យើង

៧. តើ​កំហឹង​មាន​ឥទ្ធិពល​លើ​រូប​កាយ​យ៉ាង​ណា​ខ្លះ?

៧ ការ​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ ជួយ​យើង​ឲ្យ​ទប់​អារម្មណ៍​របស់​យើង​ដែរ។ សុភាសិត ១៤:២៩ ចែង​ថា៖ «អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ[ការ​វិនិច្ឆ័យ]ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ​ឆេវ នោះ​សំញែង​សេចក្ដី​ចំ​កួត​របស់​ខ្លួន​វិញ»។ មូលហេតុ​មួយ​ដែល​មនុស្ស​វិនិច្ឆ័យ​ចង់​ជៀស​វាង​កំហឹង​ឆុរ​ឆេវ នោះ​គឺ​ពី​ព្រោះ​កំហឹង​មាន​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​ខ្លួន​យើង។ វា​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ឈាម ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដក​ដង្ហើម។ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​សំដៅ​ទៅ​កំហឹង ជា​អ្វី​ធ្វើ​ឲ្យ​អារម្មណ៍​ទៅ​ជា​ធ្ងន់​ធ្ងរ​ឡើង ឬ​បណ្ដាល​ឲ្យ​មាន​ជម្ងឺ ដូច​ជា​រោគ​ហឺត រោគ​ស្បែក បញ្ហា​ខាង​រំលាយ​អាហារ និង​រោគ​ដំបៅ​ក្រពះ។

៨. ការ​មាន​ចិត្ត​ឆុរ​ឆេវ​អាច​នាំ​ទៅ​ដល់​អ្វី ប៉ុន្តែ តើ​ការ​វិនិច្ឆ័យ​អាច​ជួយ​យើង​យ៉ាង​ណា​ក្នុង​រឿង​នេះ?

៨ គឺ​មិន​មែន​គ្រាន់​តែ​ជៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង​នោះ​ទេ ដែល​យើង​ត្រូវ​ប្រើ​ការ​វិនិច្ឆ័យ ហើយ​ឲ្យ«មិន​ឆាប់​ខឹង»នោះ។ ដោយ​មាន​ចិត្ត​ឆុរ​ឆេវ អាច​នាំ​ទៅ​ដល់​សកម្មភាព​ល្ងី​ល្ងើ ដែល​យើង​នឹង​សោក​ស្ដាយ។ ការ​វិនិច្ឆ័យ​ធ្វើ​ឲ្យ​យើង​ពិចារណា​មើល​នូវ​លទ្ធផល​ពី​ការ​និយាយ​ឥត​ហ្វ្រាំង​ទប់ ឬ​ចរិយា​ពុំ​បាន​គិត​ឲ្យ​ស្រួលបួល ហើយ​នេះ​នឹង​ជួយ​យើង​ពី​ការ«សំញែង​សេចក្ដី​ចំ​កួត» ដោយ​ប្រព្រឹត្ត​អ្វី​ដែល​ឥត​ប្រាជ្ញា។ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ជា​ពិសេស ឲ្យ​ដឹង​ថា​កំហឹង​នោះ​អាច​ធ្វើ​ឲ្យ​យើង​គិត​មិន​បាន​ស្រួល ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ប្រើ​ការ​ជំនុំ​ជំរះ​ត្រឹម​ត្រូវ​បាន។ នេះ​នឹង​ធ្វើ​ឲ្យ​អន់​ថយ​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ ហើយ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​ដ៏​សុចរិត​របស់​ព្រះ។ ត្រូវ​ហើយ ការ​បណ្ដោយ​តាម​កំហឹង​ដ៏​ឆុរ​ឆេវ គឺ​អាច​ធ្វើ​ឲ្យ​ហិនហោច​ខាង​វិញ្ញាណ។ តាម​ការ​ពិត «កំហឹង»ត្រូវ​បាន​ចាត់​ទុក​ក្នុង​ចំណោម«កិច្ច​ការ​ខាង​សាច់​ឈាម»ដ៏​ស្អប់​ខ្ពើម ដែល​នឹង​ឃាំង​យើង​មិន​ឲ្យ​ចូល​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (កាឡាទី ៥:១៩​-​២១) បើ​អញ្ចឹង ជា​គ្រីស្ទាន​ដែល​ចេះ​វិនិច្ឆ័យ សូម​ឲ្យ​យើង«បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ»។—យ៉ាកុប ១:១៩

៩. តើ​ការ​វិនិច្ឆ័យ​និង​សេចក្ដី​ស្រឡាញ់​បង​ប្អូន ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​ការ​ទាស់​ទែង​គំនិត​គ្នា​ដូច​ម្ដេច?

៩ បើ​យើង​ទៅ​ជា​មាន​ចិត្ត​ខឹង ការ​វិនិច្ឆ័យ​នឹង​បង្ហាញ​ថា យើង​ត្រូវ​រមែង​នៅ​ស្ងៀម​ស្ងាត់ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា។ សុភាសិត ១៧:២៧ ចែង​ថា៖ «អ្នក​ណា​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន[ការ​វិនិច្ឆ័យ] នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ»។ ការ​វិនិច្ឆ័យ​និង​សេចក្ដី​ស្រឡាញ់​បង​ប្អូន នឹង​ជួយ​យើង​ឲ្យ​ទប់​ទល់​ពី​ការ​និយាយ​តាម​សន្ទុះ​ចិត្ត​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់។ បើ​សិន​ជា​កំហឹង​បាន​ផ្ទុះ​ឡើង​ហើយ សេចក្ដី​ស្រឡាញ់​និង​ចិត្ត​រាប​ទាប​នឹង​ជំរុញ​យើង​ឲ្យ​សុំ​ទោស។ ប៉ុន្តែ ចូរ​ឧបមា​ថា មាន​អ្នក​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត។ បើ​អញ្ចឹង សូម​ឲ្យ​យើង​ទៅ​និយាយ​ជា​មួយ​គាត់ តាម​បែប​បទ​ដ៏​ស្លូត​បូត​និង​ដ៏​រាប​ទាប ហើយ​ដោយ​មាន​គោល​ដៅ​បង្កើត​សេចក្ដី​សុខ​សាន្ត។—ម៉ាថាយ ៥:២៣, ២៤; ១៨:១៥​-​១៧

ការ​វិនិច្ឆ័យ​និង​គ្រួសារ​របស់​យើង

១០. តើ​ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ​មាន​មុខ​នាទី​យ៉ាង​ណា​ក្នុង​ជីវភាព​គ្រួសារ?

១០ សមាជិក​ក្នុង​គ្រួសារ ត្រូវ​ការ​បង្ហាញ​ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គុណសម្បត្ដិ​ទាំង​នេះ​នឹង​កសាង​គ្រួសារ។ សុភាសិត ២៤:៣, ៤ ចែង​ថា៖ «ការ​ដែល​សង់​ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ​សារ​ប្រាជ្ញា ហើយ​គឺ​ដោយ​សារ[ការ​វិនិច្ឆ័យ]ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ​មួន ហើយ​ដោយ​សារ​ដំរិះ នោះ​បន្ទប់​ទាំង​ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត»។ ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ គឺ​ប្រៀប​ដូច​នឹង​ដុំ​ឈើ​សង់​ផ្ទះ​ដ៏​ល្អ​ៗ​សំរាប់​ជីវភាព​គ្រួសារ​ឲ្យ​បាន​ជោគ​ជ័យ។ ការ​វិនិច្ឆ័យ​នឹង​ជួយ​ឪពុក​ម្ដាយ​គ្រីស្ទាន សុំ​ឲ្យ​កូន​ប្រាប់​នូវ​អារម្មណ៍​និង​សេចក្ដី​ខ្វល់​ខ្វាយ​របស់​គេ។ បុគ្គល​ដែល​ចេះ​វិនិច្ឆ័យ​គឺ​អាច​ធ្វើ​ការ​ទាក់​ទង​គ្នា អាច​ស្ដាប់​និង​យល់​ដឹង​ធ្លុះ​ក្នុង​អារម្មណ៍​និង​គំនិត​នៃ​ប្ដី​ប្រពន្ធ​របស់​គេ។—សុភាសិត ២០:៥

១១. តើ​ស្ត្រី​រៀប​ការ​អាច‹សង់​ផ្ទះ​របស់​នាង​ឡើង›យ៉ាង​ដូច​ម្ដេច?

១១ ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ គឺ​ច្បាស់​ជា​សំខាន់​ណាស់​សំរាប់​ឲ្យ​ជីវភាព​គ្រួសារ​ប្រកប​ដោយ​សុភមង្គល។ ឧទាហរណ៍ សុភាសិត ១៤:១ ចែង​ថា៖ «គ្រប់​ទាំង​ស្រី​ៗ​ដែល​មាន​ប្រាជ្ញា​រមែង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង តែ​ស្ត្រី​ល្ងី​ល្ងើ​គេ​រំលំ​ផ្ទះ​ដោយ​ដៃ​ខ្លួន​វិញ»។ ប្រពន្ធ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​ការ​វិនិច្ឆ័យ​ក្នុង​ការ​ចុះ​ចូល​ដ៏​ត្រឹម​ត្រូវ​នឹង​ប្ដី​របស់​នាង នឹង​ខំ​ប្រឹង​ប្រែង​ជួយ​កសាង​គ្រួសារ​របស់​នាង។ អ្វី​មួយ​ដែល​នឹង‹សង់​ផ្ទះ​របស់​នាង​ឡើង› នោះ​គឺ​ថា​នាង​តែង​តែ​និយាយ​ល្អ​ពី​ប្ដី​របស់​នាង ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​គេ​គោរព​ប្ដី​របស់​គាត់​ដ៏​ច្រើន​ទៀត។ ហើយ​ប្រពន្ធ​ដែល​ចេះ​វិនិច្ឆ័យ​និង​មាន​សមត្ថភាព ដែល​មាន​សេចក្ដី​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា នឹង​ទទួល​ការ​សរសើរ​ច្រើន។—សុភាសិត ១២:៤; ៣១:២៨, ៣០

ការ​វិនិច្ឆ័យ​និង​ដំណើរ​ក្នុង​ជីវិត​របស់​យើង

១២. តើ​ពួក​អ្នក​ដែល«ឥត​ប្រាជ្ញា»ចាត់​ទុក​ការ​ចំ​កួត​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

១២ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​រក្សា​ដំណើរ​ត្រឹម​ត្រូវ​ក្នុង​ជីវិត​របស់​យើង។ នេះ​ត្រូវ​បាន​បង្ហាញ​មក​ក្នុង​សុភាសិត ១៥:២១ ដែល​ចែង​ថា៖ «ឯ​ការ​ចំ​កួត​ជា​សេចក្ដី​អំណរ ដល់​មនុស្ស​ដែល​ឥត​ប្រាជ្ញា តែ​មនុស្ស​ដែល​មាន[ការ​យោគ​យល់] គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ»។ តើ​យើង​អាច​យល់​សុភាសិត​នេះ​យ៉ាង​ណា​បាន? ដំណើរ​នៃ​ការ​ចំ​កួត ឬ​ល្ងី​ល្ងើ ជា​សេចក្ដី​អំណរ​ដល់​មនុស្ស​ប្រុស ស្រី និង​ក្មេង​ៗ​ដែល​ឥត​សម​ហេតុ​ផល។ ពួក​គេ«ឥត​ប្រាជ្ញា» ឥត​មាន​ឆន្ទៈ​ល្អ ហើយ​ឥត​មាន​ប្រាជ្ញា​ដល់​ម្ល៉េះ ដែល​គេ​មាន​អំណរ​នឹង​ការ​ចំ​កួត។

១៣. តើ​សាឡូម៉ូន​បាន​វិនិច្ឆ័យ​យ៉ាង​ណា​អំពី​ការ​សើច​សប្បាយ និង​ភាព​រវើ​រវាយ?

១៣ ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល សាឡូម៉ូន​បាន​ដឹង​ថា ភាព​រវើ​រវាយ​គឺ​ឥត​ប្រយោជន៍​ទេ។ ទ្រង់​សារភាព​ថា៖ «យើង​បាន​និយាយ​ចំពោះ​ចិត្ត​យើង​ថា ‹មក​ចុះ យើង​នឹង​ល្បង​ល​ឯង​ដោយ​ការ​អរ​សប្បាយ ឯង​នឹង​បាន​គ្រឹក​គ្រេង​សប្បាយ​ទទេ› តែ​មើល ការ​នោះ​ក៏​ឥត​ប្រយោជន៍​ដែរ យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា៖ ‹នេះ​ជា​ការ​ចំ​កួត​ទទេ ហើយ​ពី​ការ​គ្រឹក​គ្រេង​ថា ‹តើ​មាន​ផល​អ្វី›»? (សាស្ដា ២:១, ២) ជា​បុរស​ដែល​ចេះ​វិនិច្ឆ័យ សាឡូម៉ូន​បាន​ឃើញ​ថា សំណើច​ក្អាក​ក្អាយ​និង​ការ​សើច​សប្បាយ​មិន​មែន​ជា​អ្វី​ដ៏​ស្កប់​ចិត្ត​ទេ ពី​ព្រោះ​នេះ​មិន​នាំ​ឲ្យ​មាន​សុភមង្គល​ដ៏​ស្មោះ​និង​ជា​ស្ថាពរ​ឡើយ។ ការ​សើច​សប្បាយ​បែប​នេះ​ប្រហែល​ជា​ជួយ​យើង​ឲ្យ​ភ្លេច​បញ្ហា​របស់​យើង​បន្ដិច​បន្តួច ប៉ុន្តែ​ក្រោយ​មក បញ្ហា​ប្រហែល​ជា​អាច​មាន​ច្រើន​ជាង​មុន​ទៅ​ទៀត។ សាឡូម៉ូន​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​អំពី​ការ​សប្បាយ​បែប​នេះ ជា«ការ​ចំ​កួត​ទទេ»។ ហេតុ​អ្វី? ពី​ព្រោះ​ការ​សើច​សប្បាយ​ដែល​មិន​គិត​វែង​ឆ្ងាយ អាច​ធ្វើ​ឲ្យ​ស្មុគ​ស្មាញ​ដល់​ការ​ធ្វើ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​រឿង​ធ្ងន់​ធ្ងរ​ជា​អ្វី​ដែល​មិន​សំខាន់។ ការ​អរ​សប្បាយ​ដោយ​ពាក្យ​សំដី ហើយ​សកម្មភាព​នៃ​អ្នក​កំប្លែង​ក្នុង​ព្រះ​រាជវាំង គឺ​មិន​អាច​ចាត់​ទុក​ជា​អ្វី​មាន​ផល​ប្រយោជន៍​ឡើយ។ ការ​វិនិច្ឆ័យ​ដល់​សារៈ​សំខាន់​នៃ​ការ​ពិសោធ​របស់សាឡូម៉ូន ជា​មួយ​ការ​សើច​សប្បាយ និង​សំណើច​ក្អាក​ក្អាយ នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ«ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ»។—ធីម៉ូថេ​ទី​២ ៣:១, ៤

១៤. តើ​ដូច​ម្ដេច​ដែល​ថា​មនុស្ស​ចេះ​វិនិច្ឆ័យ«ដើរ​ទៅ​មុខ»?

១៤ តើ​ដូច​ម្ដេច​ដែល​ថា​មនុស្ស​ចេះ​វិនិច្ឆ័យ«ដើរ​ទៅ​មុខ»? ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ ហើយ​ការ​អនុវត្ត​តាម​គោល​ការណ៍​របស់​ព្រះ នាំ​មនុស្ស​ដល់​ដំណើរ​ទៀង​ត្រង់​ទៅ​មុខ។ សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​របស់ បាយិងថិន ចែង​ចំ​ៗ​ថា៖ «ការ​ចំ​កួត​គឺ​បរមសុខ​ដល់​មនុស្ស​គ្មាន​ខួរ​ក្បាល តែ​មនុស្ស​មាន​ប្រាជ្ញា​នឹង​ដើរ​ទៅ​មុខ»។ ‹បុរស​ចេះ​វិនិច្ឆ័យ› នឹង​បង្កើត​ផ្លូវ​ត្រង់​សំរាប់​ជើង​គាត់ ហើយ​អាច​ដឹង​ធ្លុះ​រវាង​ការ​ខុស​ត្រូវ ដោយ​សារ​ការ​អនុវត្ត​បន្ទូល​របស់​ព្រះ​ក្នុង​ជីវិត។—ហេព្រើរ ៥:១៤; ១២:១២, ១៣

ចូរ​ពឹង​ព្រះ​យេហូវ៉ា​សំរាប់​ការ​វិនិច្ឆ័យ​ជា​និច្ច

១៥. តើ​យើង​រៀន​អ្វី​ពី​សុភាសិត ២:៦​-​៩?

១៥ ដើម្បី​នឹង​កាន់​ដំណើរ​ទៀង​ត្រង់​ក្នុង​ជីវិត យើង​គ្រប់​ៗ​គ្នា​ត្រូវ​ការ​ទទួល​ស្គាល់​នូវ​ភាព​មិន​គ្រប់ល័ក្ខណ៍​របស់​យើង ហើយ​ពឹង​ព្រះ​យេហូវ៉ា​សំរាប់​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ។ សុភាសិត ២:៦​-​៩ ចែង​ថា៖ «ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង[ការ​វិនិច្ឆ័យ] នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្ដិធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ទ្រង់ យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្ដិធម៌ នឹង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ»។—ប្រៀប​ធៀប យ៉ាកុប ៤:៦

១៦. ហេតុ​អ្វី​ក៏​គ្មាន​ប្រាជ្ញា ការ​វិនិច្ឆ័យ ឬ​ឱវាទ ដែល​អាច​ទាស់​នឹង​ព្រះ​យេហូវ៉ា​បាន?

១៦ ដោយ​ទទួល​ស្គាល់​ការ​ពឹង​ពាក់​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា សូម​ឲ្យ​យើង​ខំ​ប្រឹង​វិនិច្ឆ័យ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដោយ​ជីក​យ៉ាង​ជ្រៅ​ក្នុង​បន្ទូល​របស់​ទ្រង់។ ទ្រង់​មាន​ប្រាជ្ញា​បរិបូរ ហើយ​ឱវាទ​របស់​ទ្រង់​គឺ​មាន​ប្រយោជន៍​ជា​និច្ច។ (អេសាយ ៤០:១៣; រ៉ូម ១១:៣៤) តាម​ការ​ពិត ឱវាទ​ណា​មួយ​ដែល​និយាយ​ប្រឆាំង​នឹង​បន្ទូល​ព្រះ គឺ​ឥត​មាន​តម្លៃ​ឡើយ។ សុភាសិត ២១:៣០ ចែង​ថា៖ «គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ​យេហូវ៉ា​បាន​ឡើយ»។ (ប្រៀប​ធៀប សុភាសិត ១៩:២១) មាន​តែ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ ដែល​បាន​ដុះ​ចេញ​ពី​ការ​សិក្សា​បន្ទូល​របស់​ព្រះ ដោយ​ប្រើ​ប្រកាសនវត្ថុ​ដែល​ផ្ដល់​មក​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ប៉ុណ្ណោះ ដែល​នឹង​ជួយ​យើង​ឲ្យ​ស្វែង​រក​ដំណើរ​ត្រឹម​ត្រូវ​ក្នុង​ជីវិត។ (ម៉ាថាយ ២៤:៤៥​-​៤៧) ដូច្នេះ សូម​ឲ្យ​យើង​ដឹក​នាំ​ផ្លូវ​ជីវិត​របស់​យើង​ឲ្យ​ស្រប​តាម​ឱវាទ​នៃ​ព្រះ​យេហូវ៉ា ដោយ​ដឹង​ថា ទោះ​ជា​មាន​ឱវាទ​ប្រឆាំង​ណា​ដែល​គួរ​ឲ្យ​ជឿ​យ៉ាង​ណា​ក៏​ដោយ នេះ​គឺ​មិន​អាច​យក​មក​ប្រៀប​ធៀប​នឹង​បន្ទូល​របស់​ទ្រង់​បាន​ឡើយ។

១៧. តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា បើ​ឲ្យ​ឱវាទ​ខុស?

១៧ ពួក​គ្រីស្ទាន​វិនិច្ឆ័យ​ដែល​ផ្ដល់​ឲ្យ​ឱវាទ ដឹង​ថា​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​លើ​បន្ទូល​របស់​ព្រះ​ទាំង​ស្រុង ហើយ​ថា​ការ​សិក្សា​ព្រះ​គម្ពីរ​និង​ការ​រំពឹង​គិត គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ មុន​នឹង​ឆ្លើយ​សំនួរ​ណា​មួយ។ (សុភាសិត ១៥:២៨) បើ​សិន​ណា​ឆ្លើយ​ខុស​ដល់​សំនួរ​នៃ​រឿង​ធ្ងន់​ធ្ងរ​ណា​មួយ នេះ​គឺ​អាច​មាន​គ្រោះ​ថ្នាក់​ដ៏​ធំ។ ដូច្នេះ ពួក​ចាស់​ទុំ​គ្រីស្ទាន​ត្រូវ​ការ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ ហើយ​ត្រូវ​តែ​អធិស្ឋាន​សុំ​ការ​ដឹក​នាំ​ពី​ព្រះ​យេហូវ៉ា នៅ​ពេល​ជួយ​អ្នក​ជឿ​គ្នី​គ្នា​ខាង​វិញ្ញាណ។

មាន​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ជា​ច្រើន

១៨. បើ​សិន​ជា​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ តើ​ការ​វិនិច្ឆ័យ​អាច​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​រក្សា​ការ​ថ្លឹង​ថ្លែង​ខាង​វិញ្ញាណ​របស់​យើង?

១៨ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ យើង​ត្រូវ​ការ‹ការ​វិនិច្ឆ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់›។ (ធីម៉ូថេ​ទី​២ ២:៧) ការ​សិក្សា​ព្រះ​គម្ពីរ​ដ៏​ខ្នះ​ខ្នែង ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ និង​អង្គការ​របស់​ទ្រង់ នឹង​ជួយ​យើង​ឲ្យ​វិនិច្ឆ័យ​របៀប​ដែល​ត្រូវ​ធ្វើ​ធ្វើ ពេល​ជួប​ប្រឈម​មុខ​ស្ថានការណ៍ ដែល​អាច​នាំ​យើង​ទៅ​ដល់​ដំណើរខុស។ ឧទាហរណ៍ ឧបមា​ថា មាន​អ្វី​មួយ​ក្នុង​ក្រុម​ជំនុំ មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​របៀប​ដែល​យើង​ចង់​ធ្វើ។ ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​ឃើញ គឺ​គ្មាន​មូលហេតុ​ទេ ក្នុង​ការ​ឈប់​ចូល​រួម​ជា​មួយ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​ឈប់​បំរើ​ព្រះ​នោះ។ ចូរ​គិត​អំពី​ឯកសិទ្ធិ​របស់​យើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា សេរី​ភាព​ខាង​វិញ្ញាណ​ដែល​យើង​មាន អំណរ​ដែល​ទទួល​ពី​កិច្ច​បំរើ​របស់​យើង ជា​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ។ ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​នឹង​ជួយ​យើង​ឲ្យ​យល់​ដឹង​ត្រឹម​ត្រូវ ហើយ​ឲ្យ​ដឹង​ថា​យើង​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ ហើយ​គួរ​តែ​អបអរ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​ទ្រង់ មិន​ថា​អ្នក​ដទៃ​បាន​ធ្វើ​យ៉ាង​ណា​ក៏​ដោយ។ បើ​គ្មាន​អ្វី​សោះ​ដែល​យើង​អាច​ធ្វើ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ យើង​ត្រូវ​តែ​រង់​ចាំ​ព្រះ​យេហូវ៉ា ឲ្យ​ទ្រង់​ដោះ​ស្រាយ​ស្ថានការណ៍​នោះ។ ជា​ជាង​ឈប់​ឬ​មាន​ការ​អស់​សង្ឃឹម​នោះ សូម​ឲ្យ​យើង«សង្ឃឹម​ដល់​ព្រះ​ចុះ»។—ទំនុកដំកើង ៤២:៥, ១១

១៩. (ក) តើ​អ្វី​ជា​សារៈ​សំខាន់​នៃ​ការ​អធិស្ឋាន​របស់​ប៉ុល​ទៅ​ពួក​ភីលីព? (ខ) តើ​ការ​វិនិច្ឆ័យ​អាច​ជួយ​យើង​យ៉ាង​ណា បើ​យើង​មិន​យល់​អ្វី​មួយ​ឲ្យ​បាន​ច្បាស់​លាស់?

១៩ ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ជួយ​យើង​ឲ្យ​រក្សា​ការ​ស្មោះ​ត្រង់​ដល់​ព្រះ​និង​រាស្ត្រ​ទ្រង់។ ប៉ុល​បាន​ប្រាប់​ពួក​ភីលីព​ថា៖ «ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ​ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់​អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ​គ្រីស្ទ»។ (ភីលីព ១:៩, ១០) ដើម្បី​វែក​ញែក​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​ការ‹ចំណេះ​ត្រឹម​ត្រូវ​និង​ការ​វិនិច្ឆ័យ​ពេញ​លេញ›។ ពាក្យ​ក្រិក​នៅ​ទី​នេះ បក​ប្រែ «ការ​វិនិច្ឆ័យ» ឲ្យ​អត្ថន័យ​ថា«ការ​យល់​ដឹង​ខាង​ផ្លូវ​ចិត្ត»។ នៅ​ពេល​ដែល​យើង​បាន​រៀន​អ្វី​មួយ យើង​ចង់​ដឹង​ថា​តើ​លក្ខណៈ​នេះ​ជាប់​ទាក់​ទង​ព្រះ​និង​ព្រះ​គ្រីស្ទ​យ៉ាង​ណា ហើយ​ត្រូវ​រំពឹង​គិត​នូវ​របៀប​ដែល​លក្ខណៈ​ដំកើង​បុគ្គលិក​លក្ខណៈ​និង​សំ​វិធានការ​របស់​ព្រះ​យេហូវ៉ា។ នេះ​នឹង​បង្កើន​ការ​វិនិច្ឆ័យ​និង​ការ​អបអរ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​សំរាប់​យើង។ បើ​សិន​ជា​យើង​មិន​យល់​អ្វី​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា យើង​មិន​ត្រូវ​បោះ​បង់​ចោល​ជំនឿ​របស់​យើង ក្នុង​គ្រប់​ការ​សំខាន់​ៗ​ដែល​យើង​បាន​រៀន​អំពី​ព្រះ ព្រះ​គ្រីស្ទ និង​គោល​បំណង​របស់​ព្រះ​ឡើយ។

២០. តើ​យើង​អាច​មាន​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ដ៏​ច្រើន​យ៉ាង​ដូច​ម្ដេច?

២០ យើង​នឹង​មាន​ការ​វិនិច្ឆ័យ​កាន់​តែ​ច្រើន​ឡើង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ឲ្យ​គំនិត​និង​សកម្មភាព​របស់​យើង​ស្រប​ជា​មួយ​នឹង​បន្ទូល​របស់​ព្រះ។ (កូរិនថូស​ទី​២ ១៣:៥) ដោយ​ធ្វើ​តាម​របៀប​ដ៏​មាន​ប្រយោជន៍​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​រាប​ទាប មិន​ប្រកាន់​ទៅ​តាម​មតិ​របស់​ខ្លួន ហើយ​រិះ​គន់​ដល់​អ្នក​ដទៃ​ឡើយ។ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​កែ​ណែនាំ ហើយ​រក្សា​ទុក​នូវ​របស់​ដែល​សំខាន់​បំផុត។ (សុភាសិត ៣:៧) ដោយ​មាន​ចិត្ត​ចង់​គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា សូម​ឲ្យ​យើង​ខំ​ប្រឹង​ឲ្យ​បាន​ពេញ​ទៅ​ដោយ​ចំណេះ​ត្រឹម​ត្រូវ។ នេះ​នឹង​ជួយ​យើង​ឲ្យ​វិនិច្ឆ័យ​ពី​ការ​ខុស​ត្រូវ សម្រេច​នូវ​អ្វី​ដែល​ពិត​ជា​សំខាន់ ហើយ​កាន់​ជាប់​ដ៏​ស្មោះ​ត្រង់​នូវ​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ យើង​អាច​ធ្វើ​ការ​ទាំង​នេះ​បាន បើ​យើង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ។ ប៉ុន្តែ មាន​អ្វី​មួយ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់។ យើង​ត្រូវ​តែ​ឲ្យ​ការ​វិនិច្ឆ័យ​ការ​ពារ​យើង។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ?

◻ តើ​តាម​របៀប​ណា​ដែល​ការ​វិនិច្ឆ័យ​មាន​ឥទ្ធិពល​លើ​ពាក្យ​សំដី​និង​ចរិយា​របស់​យើង?

◻ តើ​ការ​វិនិច្ឆ័យ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​ពឹង​ព្រះ​យេហូវ៉ា​រក​ការ​វិនិច្ឆ័យ​ជា​និច្ច?

[រូប​ភាព​នៅ​ទំព័រ​២១]

ការ​វិនិច្ឆ័យ​ជួយ​យើង​ឲ្យ​ទប់​ទល់​អារម្មណ៍​របស់​យើង

[រូប​ភាព​នៅ​ទំព័រ​២៣]

ស្តេច​សាឡូម៉ូន​ដែល​ចេះ​វិនិច្ឆ័យ បាន​ដឹង​ថា​ភាព​រវើ​រវាយ​គឺ​មិន​មែន​ជា​អ្វី​ដែល​ស្កប់​ចិត្ត​ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក