បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៦ ទំ. ២៦-៣១
  • សូមឲ្យការវិនិច្ឆ័យការពារអ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមឲ្យការវិនិច្ឆ័យការពារអ្នក
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ត្រូវ​ការ​ការ​វិនិច្ឆ័យ​ជា​ចាំ​បាច់
  • ចុះ​យ៉ាង​ណា​វិញ​ចំពោះ​វិនិយោគ?
  • នៅ​ពេល​ដែល​សហគ្រាស​ជំនួញ​រលំ
  • ចុះ​យ៉ាង​ណា​វិញ​បើ​មាន​ការ​បោក​បញ្ឆោត?
  • ការ​វិនិច្ឆ័យ​និង​ការ​សម្រេច​ចិត្ត
  • ចូរអ្នកមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរមានចិត្តក្លាហាននិងសមត្ថភាពយល់ដឹងដូចលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • «ត្រូវឲ្យធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង»
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៦ ទំ. ២៦-៣១

សូម​ឲ្យ​ការ​វិនិច្ឆ័យ​ការ​ពារ​អ្នក

‹គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ[ការ​វិនិច្ឆ័យ​នឹង​ការ​ពារ​ឯង›។—សុភាសិត ២:១១

១. ការ​វិនិច្ឆ័យ​អាច​ការ​ពារ​យើង​ពី​អ្វី?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ចេះ​វិនិច្ឆ័យ។ ហេតុ​អ្វី? ពី​ព្រោះ​ទ្រង់​ជ្រាប​ដឹង​ថា នេះ​នឹង​ការ​ពារ​អ្នក​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ សុភាសិត ២:១០​-​១៩ ចាប់​ផ្ដើម​ចែង​ថា៖ ‹ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​ការ​វិនិច្ឆ័យ​នឹង​ការ​ពារ​ឯង›។ តើ​ថែ​រក្សា​អ្នក​ពី​អ្វី​ទៅ? គឺ​ថែ​រក្សា​អ្នក​ពី«ផ្លូវ​អាក្រក់»នៃ​អស់​អ្នក​ដែល​ចាក​ចេញ​ពី​ផ្លូវ​ទៀង​ត្រង់ និង​ពី​មនុស្ស​ដែល​មាន​ផ្លូវ​សុទ្ធ​តែ​វៀច​វេរ​ទូទៅ។

២. តើ​អ្វី​ទៅ​ជា​ការ​វិនិច្ឆ័យ តើ​ការ​វិនិច្ឆ័យ​ណា​មួយ​ដែល​គ្រីស្ទាន​ចង់​បាន​ជា​ពិសេស?

២ អ្នក​ប្រហែល​ជា​នឹក​ចាំ​ថា ការ​វិនិច្ឆ័យ​ជា​ញាណ​សតិ ដែល​អាច​ដឹង​មុត​ធ្លុះ​ក្នុង​កិច្ច​ការ​ផ្សេង​ៗ។ បុគ្គល​ដែល​មាន​ការ​វិនិច្ឆ័យ ដឹង​ពី​មតិ​ខុស​ៗ​គ្នា ហើយ​មាន​ការ​កាត់​សម្រេច​ល្អ។ ជា​គ្រីស្ទាន យើង​ចង់​បាន​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​ពី​បន្ទូល​របស់​ព្រះ។ នៅ​ពេល​ដែល​យើង​សិក្សា​បទ​គម្ពីរ នេះ​គឺ​ប្រៀប​ដូច​យើង​គាស់​យក​ថ្ម​នៃ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ។ អ្វី​ដែល​យើង​រៀន​អាច​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។

៣. តើ​យើង​អាច​ទទួល​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ដូច​ម្ដេច?

៣ នៅ​ពេល​ដែល​ព្រះ​បាន​សួរ​ស្តេច​សាឡូម៉ូន​នៃ​សាសន៍​អ៊ីស្រាអែល​នូវ​ពរ​អ្វី​ដែល​ចង់​បាន​នោះ អ្នក​គ្រប់​គ្រង​ថ្មី​នេះ ឆ្លើយ​ថា៖ «សូម​ទ្រង់​ប្រទាន​ឲ្យ​ទូល​បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូល​បង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ»។ សាឡូម៉ូន​បាន​សុំ​ការ​វិនិច្ឆ័យ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គាត់​ដល់​កំរិត​យ៉ាង​ខ្ពង់​ខ្ពស់។ (ពង្សាវតារ​ក្សត្រ​ទី​១ ៣:៩; ៤:៣០) ដើម្បី​ទទួល​ការ​វិនិច្ឆ័យ យើង​ត្រូវ​ការ​អធិស្ឋាន ហើយ​យើង​ត្រូវ​តែ​សិក្សា​បន្ទូល​របស់​ព្រះ ដោយ​ប្រើ​ឧបករណ៍​ដែល​បាន​ផ្ដល់​មក​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) នេះ​នឹង​ជួយ​យើង​ឲ្យ​បណ្ដុះ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​ដល់​កំរិត ដែល​យើង​ទៅ​ជា​មាន‹គំនិត​សម​ជា​មនុស្ស​ពេញ​វ័យ› ដែល​អាច‹វែក​ញែក​ស្គាល់​ត្រូវ ស្គាល់​ខុស›។—កូរិនថូស​ទី​១ ១៤:២០; ហេព្រើរ ៥:១៤

ត្រូវ​ការ​ការ​វិនិច្ឆ័យ​ជា​ចាំ​បាច់

៤. តើ​ការ​មាន​ភ្នែក«ល្អ»មាន​ន័យ​យ៉ាង​ណា ហើយ​តើ​នេះ​អាច​ជា​ប្រយោជន៍​ដល់​យើង​ដូច​ម្ដេច?

៤ ដោយ​មាន​ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ យើង​អាច​ប្រព្រឹត្ត​ស្រប​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​គ្រីស្ទ៖ «ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:៣៣) ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៀត​ថា៖ «ឯ​ចង្កៀង​រូប​កាយ គឺ​ជា​ភ្នែក ដូច្នេះ កាល​ណា​ភ្នែក​អ្នក​ល្អ នោះ​រូប​កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ​ដែរ»។ (លូកា ១១:៣៤) ភ្នែក​ជា​ចង្កៀង​ប្រៀប​ប្រដូច។ ភ្នែក«ល្អ» គឺ​ស្មោះ យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ដោយ​មាន​ភ្នែក​បែប​នេះ យើង​អាច​បង្ហាញ​ការ​វិនិច្ឆ័យ ហើយ​ដើរ​ដោយ​ឥត​ដួល​ខាង​វិញ្ញាណ។

៥. ចំពោះ​ការ​ធ្វើ​ជំនួញ តើ​យើង​ត្រូវ​ចង​ចាំ​អ្វី​អំពី​គោល​បំណង​នៃ​ក្រុម​ជំនុំ​គ្រីស្ទាន?

៥ ជា​ជាង​រក្សា​ភ្នែក​គេ​ឲ្យ​បាន​ល្អ អ្នក​ខ្លះ​បាន​ធ្វើ​ជីវិត​ខ្លួន​និង​ជីវិត​របស់​អ្នក​ដទៃ​ទៀត​ទៅ​ជា​ស្មុគ​ស្មាញ ដោយ​ជាប់​ធ្វើ​ជំនួញ​ច្រើន។ ប៉ុន្តែ យើង​ត្រូវ​តែ​ចាំ​ថា ក្រុម​ជំនុំ​គ្រីស្ទាន​ជា«សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ៣:១៥) ដូច​សសរ​នៃ​អាគារ​មួយ ក្រុម​ជំនុំ​ដំកើង​សេចក្ដី​ពិត​របស់​ព្រះ មិន​មែន​សំរាប់​គាំទ្រ​សហគ្រាស​ជំនួញ​របស់​អ្នក​ណា​មួយ​ឡើយ។ ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​មែន​បាន​ស្ថាបនា​ឡើង ជា​កន្លែង​ផ្សព្វ​ផ្សាយ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម ផលិតកម្ម ឬ​ហិត​ប្រយោជន៍​នោះ​ទេ។ យើង​ត្រូវ​តែ​ជៀស​វាង​ធ្វើ​ជំនួញ​ក្នុង​សាល​ព្រះ​រាជាណាចក្រ។ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ថា សាល​ព្រះ​រាជាណាចក្រ ក្រុម​សិក្សា​តាម​ក្រុម​ជំនុំ សន្និបាត មហា​សន្និបាត​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ជា​កន្លែង​សំរាប់​ចូល​រួប​រួម​របស់​គ្រីស្ទាន និង​កន្លែង​ពិគ្រោះ​ខាង​វិញ្ញាណ។ បើ​យើង​ប្រើ​ទំនាក់​ទំនង​ខាង​វិញ្ញាណ ដើម្បី​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ណា​មួយ តើ​នេះ​នឹង​មិន​បង្ហាញ​ថា យើង​ឥត​មាន​ការ​អបអរ​ដល់​តម្លៃ​ខាង​វិញ្ញាណ​ទេ​ឬ? យើង​មិន​ត្រូវ​កេង​ប្រវ័ញ្ច​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដើម្បី​យក​ចំណេញ​នោះ​ឡើយ។

៦. ហេតុ​អ្វី​ក៏​ផលិតផល​ខាង​ពាណិជ្ជកម្ម​មិន​ត្រូវ​យក​មក​លក់​ឬ​ផ្សព្វ​ផ្សាយ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?

៦ អ្នក​ខ្លះ​បាន​ប្រើ​បង​ប្អូន​ខាង​វិញ្ញាណ ដើម្បី​លក់​គ្រឿង​ជំនួយ​សុខភាព​និង​គ្រឿង​សំអិត​សំអាង​ខ្លួន ថ្នាំ​វីតាមីន សេវា​ទូរគមនាគមន៍ គ្រឿង​សំណង់ សំបុត្រ​ទេសចរណ៍ កុំព្យូទ័រ​ប្រូ​ក្រាម​និង​គ្រឿង​ផ្សេង​ៗ​ទៀត។ ប៉ុន្តែ ក្រុម​ជំនុំ​មិន​មែន​ជា​កន្លែង​សំរាប់​លក់​ដូរ​ឬ​ផ្សព្វ​ផ្សាយ​ផលិតកម្ម​ជំនួញ​ឡើយ។ យើង​អាច​វិនិច្ឆ័យ​ដល់​គោល​ការណ៍​សំខាន់​មួយ បើ​យើង​ចាំ​ថា​ព្រះ​យេស៊ូ«ដេញ​គេ​ចេញ​ពី​ព្រះ​វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះ​វរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ»!—យ៉ូហាន ២:១៥, ១៦

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​វិនិយោគ?

៧. ហេតុ​អ្វី​ក៏​ត្រូវ​ការ​ការ​វិនិច្ឆ័យ​និង​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​វិនិយោគ?

៧ ការ​វិនិច្ឆ័យ​និង​ការ​ប្រយ័ត្ន​ប្រយែង​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ នៅ​ពេល​គិត​នឹង​ធ្វើ​វិនិយោគ​ក្នុង​សហគ្រាស​ជំនួញ។ ឧបមា​ថា មាន​អ្នក​ណា​ម្នាក់​ចង់​ខ្ចី​ប្រាក់ ហើយ​សន្យា​ដូច​នេះ​ថា៖ «ខ្ញុំ​ធានា​ថា​អ្នក​នឹង​បាន​ចំណេញ​ប្រាក់។ អ្នក​មិន​អាច​ខាត​បាន​ឡើយ។ វិនិយោគ​នេះ​គឺ​ច្បាស់​នឹង​បាន​ចំណេញ​ជា​មិន​ខាន»។ ចូរ​ឲ្យ​ប្រយ័ត្ន ចំពោះ​អ្នក​ណា​ដែល​ធ្វើ​ការ​ធានា​រ៉ាប់​រង​បែប​នេះ។ គាត់​មិន​និយាយ​សម​ហេតុ​ផល​ឬ​ស្មោះ​ត្រង់​ទេ ព្រោះ​ការ​ធ្វើ​វិនិយោគ​គឺ​មិន​មែន​ជា​អ្វី​ដ៏​ប្រាកដ​ប្រជា​ឡើយ។ តាម​ការ​ពិត ពួក​អ្នក​និយាយ​ប្រសប់​ខ្លះ បាន​បោក​បញ្ឆោត​សមាជិក​នៃ​ក្រុម​ជំនុំ។ នេះ​បាន​រំឭក​យើង​ដល់‹មនុស្ស​មិន​កោត​ខ្លាច​ព្រះ› ដែល​ចូល​ទៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​សតវត្ស​ទី​មួយ ហើយ‹បាន​យក​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​នៃ​ព្រះ ធ្វើ​ជា​ការ​សោះសា​ចំពោះ​មារយាទ​អាវ៉ាសែ›។ ពួក​គេ​គឺ​ប្រៀប​ដូច​ថ្ម​ស្រួច​ក្នុង​ទឹក ដែល​អាច​ធ្វើ​របួស​និង​សម្លាប់​ពួក​ហែល​ទឹក។ (យូដាស ៤,១២) ត្រូវ​ហើយ បំណង​នៃ​ពួក​បោក​គេ​គឺ​ខុស​គ្នា​ពី​ពួក​អ្នក​ក្បត់​ជំនឿ តែ​ពួក​គេ​ក៏​បៀត​បៀន​លើ​ពួក​សមាជិក​នៃ​ក្រុម​ជំនុំ​ដែរ។

៨. តើ​អ្វី​បាន​កើត​ឡើង​ដែល​ជាប់​ទាក់​ទង​នឹង​សហគ្រាស​ជំនួញ ដែល​មើល​ទៅ​ដូច​ជា​បាន​ចំណេញ​នោះ?

៨ សូម្បី​តែ​ពួក​គ្រីស្ទាន​ដែល​មាន​ចេតនា​ល្អ ដែល​បាន​ចែក​ពត៌មាន​ដល់​គ្រីស្ទាន​ឯ​ទៀត អំពី​សហគ្រាស​ដែល​មើល​ទៅ​នឹង​បាន​ចំណេញ តែ​ទៅ​ជា​ឃើញ​ថា​ខ្លួន​និង​ពួក​អ្នក​ដែល​ធ្វើ​តាម​ខ្លួន បាន​ខាត​បាត់​បង់​ប្រាក់​អស់​ទៅ​វិញ។ ជា​លទ្ធផល ពួក​គ្រីស្ទាន​មួយ​ចំនួន​បាន​បាត់​បង់​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ។ នៅ​ពេល​សហគ្រាស​ដែល​ចង់​បាន​មាន​លឿន បាន​ក្លាយ​ទៅ​ជា​គម្រោង​ការណ៍​បោក​ប្រាស បុគ្គល​ដែល​ទទួល​ប្រាក់​ចំណេញ នោះ​គឺ​អ្នក​បោក​គេ​តែ​ម្ដង ដែល​ធម្មតា​បាន​រត់​គេច​ខ្លួន​ទៅ​បាត់។ តើ​ការ​វិនិច្ឆ័យ​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ជៀស​វាង​ស្ថានការណ៍​បែប​នេះ​ដូច​ម្ដេច?

៩. ហេតុ​អ្វី​ក៏​ត្រូវ​ការ​ការ​វិនិច្ឆ័យ​ដើម្បី​ប៉ាន់​តម្លៃ​ការ​អះអាង​អំពី​វិនិយោគ?

៩ ការ​វិនិច្ឆ័យ​មាន​ន័យ​ថា ការ​យល់​នូវ​អ្វី​ដែល​ពិបាក​យល់។ សមត្ថភាព​នេះ​គឺ​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​ប៉ាន់​តម្លៃ​នៃ​ការ​អះអាង​អំពី​វិនិយោគ។ ពួក​គ្រីស្ទាន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​គេ នឹង​មិន​ប្រឡូក​ប្រឡាក់​សហគ្រាស​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ធន​ធាន​នៃ​អ្នក​ជឿ​គ្នី​គ្នា​របស់​គេ​ឡើយ។ ប៉ុន្តែ​ទោះ​ជា​អ្នក​ជំនួញ​ជា​គ្រីស្ទាន​ម្នាក់​ក៏​ដោយ ក៏​មិន​ធានា​រ៉ាប់​រង​ថា​គាត់​ប៉ិន​ប្រសប់​ខាង​ជំនួញ​ឬ​ថា​សហគ្រាស​របស់​គាត់​នឹង​បាន​ជោគ​ជ័យ​ឡើយ។

១០. ហេតុ​អ្វី​ក៏​គ្រីស្ទាន​ខ្លះ​ខ្ចី​ប្រាក់​ជំនួញ​ពី​អ្នក​ជឿ​គ្នី​គ្នា ហើយ​តើ​អ្វី​ដែល​អាច​កើត​ឡើង​ដល់​ការ​ធ្វើ​វិនិយោគ​បែប​នេះ?

១០ ពួក​គ្រីស្ទាន​ខ្លះ​ខ្ចី​ប្រាក់​ធ្វើ​ជំនួញ​ពី​អ្នក​ជឿ​គ្នី​គ្នា​របស់​គេ ពី​ព្រោះ​ពួក​ភ្នាក់ងារ​ខ្ចី​ប្រាក់​ជា​ច្រើន​នឹង​មិន​ឲ្យ​ខ្ចី​ទេ​ចំពោះ​សហគ្រាស​ដ៏​ប្រថុយ​នោះ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​បោក​ឲ្យ​ធ្វើ​វិនិយោគ​ប្រាក់​របស់​គេ ថា​ពួក​គេ​បាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​យ៉ាង​លឿន ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ច្រើន ឬ​មិន​ទាំង​ធ្វើ​ការ​ផង។ អ្នក​ខ្លះ​ចូល​ចិត្ត​នឹង​វិនិយោគ ពី​ព្រោះ​មាន​សេចក្ដី​រំភើប​នឹង​ធ្វើ​ដូច​នេះ។ ប៉ុន្តែ​ក្លាយ​ទៅ​ជា​ខាត​បាត់​បង់​ប្រាក់​ដែល​គេ​សន្សំ​មួយ​ជីវិត​របស់​គេ​ទៅ​វិញ! គ្រីស្ទាន​ម្នាក់​បាន​ធ្វើ​វិនិយោគ​ប្រាក់​មួយ​ចំនួន​ធំ ដោយ​សង្ឃឹម​ថា​នឹង​បាន​ចំណេញ​២៥​ភាគ​រយ​ក្នុង​គ្រាន់​តែ​ពីរ​អាទិត្យ​ប៉ុណ្ណោះ។ គាត់​បាន​ខាត​បាត់​បង់​ប្រាក់​ទាំង​អស់ នៅ​ពេល​សហគ្រាស​បាន​រលំ។ ក្នុង​សហគ្រាស​ជំនួញ​មួយ​ទៀត បុគ្គល​ដែល​ពង្រីក​អសង្ហាររិមភណ្ឌ​បាន​ខ្ចី​ប្រាក់​មួយ​ចំនួន​ធំ​ពី​អ្នក​ដទៃ​ក្នុង​ក្រុម​ជំនុំ។ គាត់​បាន​សន្យា​ថា​នឹង​បាន​ប្រាក់​ចំណេញ​ច្រើន តែ​ទៅ​ជា​រលំ​ខាង​ជំនួញ ហើយ​បាន​ខាត​បាត់​បង់​ប្រាក់​ខ្ចី​នោះ​អស់​រលីង។

នៅ​ពេល​ដែល​សហគ្រាស​ជំនួញ​រលំ

១១. តើ​ឱវាទ​អ្វី​ដែល​ប៉ុល​ឲ្យ​ចំពោះ​សេចក្ដី​លោភ​និង​ការ​ស្រឡាញ់​ប្រាក់?

១១ ការ​រលំ​ជំនួញ​បាន​នាំ​ឲ្យ​មាន​ការ​តូច​ចិត្ត ព្រម​ទាំង​ឲ្យ​បាត់​បង់​ភាព​វិញ្ញាណ​នៃ​ពួក​គ្រីស្ទាន​ខ្លះ ដែល​បាន​ប្រឡូក​ប្រឡាក់​នឹង​សហគ្រាស​មិន​ត្រឹម​ត្រូវ​បែប​នេះ។ ដោយ​សារ​មិន​អើពើ​នឹង​ការ​វិនិច្ឆ័យ​ឲ្យ​ការ​ពារ​ពួក​គេ នោះ​ក៏​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​និង​ការ​តូច​ចិត្ត​យ៉ាង​ខ្លាំង។ សេចក្ដី​លោភ​បាន​ល្បួង​មនុស្ស​ជា​ច្រើន។ ប៉ុល​បាន​សរសេរ​ថា៖ «សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ»។ (អេភេសូរ ៥:៣) ហើយគាត់​បាន​ព្រមាន​ថា៖ «ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស នឹង​សេចក្ដី​អន្តរធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។—ធីម៉ូថេ​ទី​១ ៦:៩, ១០

១២. បើ​គ្រីស្ទាន​ធ្វើ​ជំនួញ​ជា​មួយ​គ្នា តើ​ពួក​គេ​ត្រូវ​តែ​ចាំ​អ្វី​ជា​ពិសេស?

១២ បើ​គ្រីស្ទាន​ម្នាក់​ទៅ​ជា​ស្រឡាញ់​ប្រាក់ គាត់​នឹង​ធ្វើ​ឲ្យ​ខ្លួន​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។ ពួក​ផារីស៊ី​ជា​អ្នក​ស្រឡាញ់​ប្រាក់ ហើយ​នេះ​ជា​លក្ខណៈ​នៃ​មនុស្ស​ជា​ច្រើន​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ (លូកា ១៦:១៤; ធីម៉ូថេ​ទី​២ ៣:១, ២) ផ្ទុយ​ទៅ​វិញ បែប​បទ​នៃ​ជីវិត​គ្រីស្ទាន​ត្រូវ​តែ‹មិន​បណ្ដោយ​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ›។ (ហេព្រើរ ១៣:៥) ប្រាកដ​ហើយ ពួក​គ្រីស្ទាន​អាច​រក​ស៊ី​ធ្វើ​ជំនួញ​ឬ​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​ជា​មួយ​គ្នា។ ប៉ុន្តែ បើ​គេ​ធ្វើ​ដូច្នេះ ការ​ពិគ្រោះ​និង​ការ​ចរចា​គ្នា​ត្រូវ​តែ​ទុក​ឲ្យ​ដាច់​ឡែក​ពី​ក្រុម​ជំនុំ។ ហើយ​ចូរ​ចាំ​ថា៖ សូម្បី​តែ​ក្នុង​ចំណោម​បង​ប្អូន​ខាង​វិញ្ញាណ ចូរ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ខាង​ជំនួញ​ដោយ​លាយ​លក្ខណ៍​អក្សរ​ជា​និច្ច។ អ្វី​ដ៏​មាន​ប្រយោជន៍​ចំពោះ​រឿង​នេះ គឺ​អត្ថបទ​មួយ«ចូរ​ធ្វើ​ឡើង​ដោយ​លាយ​លក្ខណ៍​អក្សរ»! ដែល​បាន​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី ភ្ញាក់​រឭក! នៃ​ថ្ងៃ ៨ ខែ​កុម្ភៈ ១៩៨៣ ទំព័រ ១៣ ទៅ ១៥ (ជា​ភាសា​អង់គ្លេស)

១៣. តើ​អ្នក​នឹង​អនុវត្ត​សុភាសិត ២២:៧ យ៉ាង​ណា ចំពោះ​សហគ្រាស​ជំនួញ?

១៣ សុភាសិត ២២:៧ ចែង​ប្រាប់​យើង​ថា៖ «អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ»។ ធម្មតា​គឺ​មិន​មែន​ជា​ប្រាជ្ញា​ទេ​ចំពោះ​យើង ក្នុង​ការ​ដាក់​ខ្លួន​យើង​ឬ​បង​ប្អូន​យើង​ក្នុង​ឋានៈ​បាវ​បំរើ​បែប​នេះ។ នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​សុំ​ខ្ចី​ប្រាក់​យើង សំរាប់​សហគ្រាស​ជំនួញ គឺ​ប្រហែល​ជា​ការ​ល្អ​បើ​យើង​ពិចារណា​មើល​នូវ​សមត្ថភាព​របស់​គាត់​ក្នុង​ការ​សង​មក​វិញ។ តើ​គាត់​ជា​បុគ្គល​ទៀង​ត្រង់​និង​ទុក​ចិត្ត​បាន​ទេ? ប្រាកដ​ហើយ យើង​ត្រូវ​តែ​ដឹង​ថា ការ​ឲ្យ​ខ្ចី​ប្រាក់​បែប​នេះ​អាច​នាំ​ឲ្យ​ខាត​បាត់​បង់​ប្រាក់ ពី​ព្រោះ​សហគ្រាស​ជំនួញ​ជា​ច្រើន​ត្រូវ​បាន​រលំ​ដួល។ គ្រាន់​តែ​មាន​ក្រដាស​ស៊ីញ៉េ​កិច្ច​សន្យា មិន​មាន​ន័យ​ថា យើង​នឹង​មាន​សហគ្រាស​ដ៏​ជោគ​ជ័យ​នោះ​ទេ។ ហើយ​យ៉ាង​ប្រាកដ​ណាស់ គឺ​មិន​ជា​មាន​ប្រាជ្ញា​ទេ​ចំពោះ​អ្នក​ណា​ម្នាក់ ដែល​ប្រថុយ​ឲ្យ​គេ​ខ្ចី​ប្រាក់​ច្រើន​ក្នុង​សហគ្រាស​ណា​មួយ ដែល​គាត់​អាច​ខាត​ប្រាក់​កាន់​តែ​ច្រើន​ថែម​ទៀត។

១៤. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការ​បង្ហាញ​ការ​វិនិច្ឆ័យ បើ​យើង​ឲ្យ​អ្នក​ជឿ​គ្នី​គ្នា​ខ្ចី​ប្រាក់​ដែល​ជំនួញ​របស់​គាត់​បាន​រលំ​ដួល​នោះ?

១៤ យើង​ត្រូវ​ការ​បង្ហាញ​ការ​វិនិច្ឆ័យ បើ​យើង​ឲ្យ​គ្រីស្ទានណា​ម្នាក់​ខ្ចី​ប្រាក់​ធ្វើ​ជំនួញ ហើយ​ខាត​បាត់​បង់​ប្រាក់​អស់ ទោះ​ឥត​មាន​ការ​ប្រព្រឹត្ត​ខុស​ក៏​ដោយ។ បើ​ការ​រលំ​ខាង​ជំនួញ មិន​មែន​ជា​កំហុស​នៃ​អ្នក​ជឿ​គ្នី​គ្នា​របស់​យើង ដែល​បាន​ខ្ចី​ប្រាក់​យើង​នោះ តើ​យើង​អាច​និយាយ​ថា​យើង​ត្រូវ​បាន​ខូច​ខាត​ដោយ​គេ​ទេ? ទេ ពី​ព្រោះ​យើង​បាន​ឲ្យ​គេ​ខ្ចី​ប្រាក់​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​យើង​ប្រហែល​ជា​ទទួល​ការ​ប្រាក់​លើ​វិនិយោគ​នេះ​ផង។ ដូច្នេះ​គឺ​គ្មាន​ការ​ប្រព្រឹត្ត​ដ៏​ឥត​ទៀង​ត្រង់​ឡើយ។ ដោយ​សារ​គ្មាន​ការ​ប្រព្រឹត្ត​ឥត​ទៀង​ត្រង់​នោះ យើង​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​តាម​ច្បាប់​មក​ទាស់​នឹង​អ្នក​ខ្ចី​ទេ។ តើ​នឹង​មាន​ប្រយោជន៍​យ៉ាង​ណា​ទៅ បើ​ប្ដឹង​បង​ប្អូន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ទៀង​ត្រង់ ដែល​បាន​ប្រកាស​ពី​ការ​រលំ ដោយ​សារ​សហគ្រាស​ជំនួញ​បាន​រលំ​ដួល​ទៅ​នោះ?—កូរិនថូស​ទី​១ ៦:១

១៥. តើ​អ្វី​ជា​កត្ដា​ដែល​ត្រូវ​យក​មក​ពិចារណា បើ​មាន​ការ​រលំ​ជំនួញ?

១៥ ពួក​អ្នក​ដែល​បាន​ពិសោធ​ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ ជួន​កាល​ស្វែង​រក​ដំណើរ​ធូរ​ស្បើយ ដោយ​ប្រកាស​ការ​រលំ​ជំនួញ។ ពួក​គ្រីស្ទាន​មិន​គួរ​ធ្វេស​ប្រហែស​ពី​ការ​ជំពាក់​គេ​នោះ​ទេ។ ដូច្នេះ ទោះ​បី​ជា​បាន​រួច​តាម​ច្បាប់​ពី​ការ​ជំពាក់​ប្រាក់​គេ​ក៏​ដោយ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​តែ​សង​គេ​វិញ បើ​សិន​ណា​អ្នក​ដែល​ឲ្យ​ខ្ចី​ប្រាក់​ព្រម​ទទួល។ ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​ខ្ចី​ប្រាក់​បាន​ខាត​ប្រាក់​របស់​បង​ប្អូន​គាត់​អស់​រលីង ហើយ​ក្រោយ​មក​រស់​នៅ​ដែល​បរិបូរ​ទៅ​ដោយ​គ្រឿង​ប្រណីត​គ្រប់​យ៉ាង? ឬ​ចុះ​យ៉ាង​ណា​វិញ បើ​អ្នក​ខ្ចី​ក្រោយ​ពី​ការ​រលំ​ជំនួញ មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង​មក​វិញ តែ​ឥត​អើពើ​នូវ​កាតព្វកិច្ច​សីលធម៌​នេះ​នៃ​ការ​សង​ប្រាក់​ដល់​បង​ប្អូន​របស់​គាត់? បើ​ដូច្នេះ នេះ​នឹង​មាន​ការ​សង្ស័យ​ដល់​សមត្ថភាព​របស់​អ្នក​ខ្ចី ក្នុង​ការ​ទទួល​ភារៈ​ក្នុង​ក្រុម​ជំនុំ។—ធីម៉ូថេ​ទី​១ ៣:៣, ៨; សូម​មើល ប៉ម​យាម កញ្ញា ១៥ ១៩៩៤ ទំព័រ ៣០​-​១ (ជា​ភាសា​អង់គ្លេស)

ចុះ​យ៉ាង​ណា​វិញ​បើ​មាន​ការ​បោក​បញ្ឆោត?

១៦. តើ​អាច​ចាត់​វិធានការ​យ៉ាង​ណា បើ​យើង​ជា​អ្នក​រង​គ្រោះ​នៃ​ការ​បោក​បញ្ឆោត​ពី​ការ​ធ្វើ​ជំនួញ?

១៦ ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​ប្រាក់​ចំណេញ គឺ​មិន​បាន​មក​ពី​ការ​ធ្វើ​វិនិយោគ​ទាំង​អស់​ទេ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​មាន​ការ​បោក​បញ្ឆោត​នោះ? ការ​បោក​បញ្ឆោត​គឺ«ការ​ប្រើ​ដោយ​ចេតនា​នៃ​ការ​បំភាន់ ការ​បន្លំ ឬ​កែ​ប្រែ​នៃ​ការ​ពិត ដោយ​អន្ទោក​អន្ទោង​អ្នក​ដទៃ​ឲ្យ​លះ​បង់​អ្វី​ៗ​ដែល​មាន​តម្លៃ ឬ​លះ​បង់​សិទ្ធិ​ពេញ​ច្បាប់»។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​រៀប​រាប់​នូវ​ជំហាន​ដែល​អាច​ធ្វើ នៅ​ពេល​បុគ្គល​ម្នាក់​គិត​ថា គាត់​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ដោយ​អ្នក​ជឿ​គ្នី​គ្នា។ យោង​ទៅ​តាម​ម៉ាថាយ ១៨:១៥​-​១៧ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​បង​ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់​ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ​សារ​ស្មរបន្ទាល់​២​ឬ​៣​នាក់ បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្ដាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ»។ រឿង​ប្រៀប​ប្រដូច​ដែល​ព្រះ​យេស៊ូ​ប្រទាន​ក្រោយ​មក បង្ហាញ​ថា​ទ្រង់​សំដៅ​ចំពោះ​អំពើ​បាប​ដែល​ទាក់​ទង​នឹង​រឿង​រ៉ាវ​ប្រាក់ រួម​បញ្ចូល​និង​ការ​បោក​បញ្ឆោត​ដែរ។—ម៉ាថាយ ១៨:២៣​-​៣៥

១៧, ១៨. បើ​អ្នក​អះអាង​ថា​ជា​គ្រីស្ទាន​ម្នាក់​បោក​បញ្ឆោត​យើង តើ​ការ​វិនិច្ឆ័យ​នឹង​ការ​ពារ​យើង​ដូច​ម្ដេច?

១៧ ប្រាកដ​ហើយ គឺ​នឹង​ឥត​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​ទេ ក្នុង​ការ​ចាត់​វិធានការ​ដែល​បាន​រៀប​រាប់​ក្នុង​ម៉ាថាយ ១៨:១៥​-​១៧ បើ​ឥត​មាន​ទី​សំអាង​ឬ​ការ​បោក​បញ្ឆោត​ផង​នោះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​បើ​គ្រីស្ទាន​ណា​ម្នាក់​បោក​បញ្ឆោត​យើង? ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ពី​ការ​ចាត់​វិធានការ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កេរ្ដិ៍​ឈ្មោះ​នៃ​ក្រុម​ជំនុំ។ ប៉ុល​ដាស់​តឿន​គ្រីស្ទាន​គ្នី​គ្នា​ឲ្យ​ចាត់​ទុក​ថា​ខ្លួន​ជា​អ្នក​ខុស​វិញ ហើយ​ឲ្យ​ចាញ់​បោក​បញ្ឆោត​គេ ជា​ជាង​ប្ដឹង​បង​ប្អូន​ម្នាក់​ទៅ​តុលាការ។—កូរិនថូស​ទី​១ ៦:៧

១៨ បង​ប្អូន​ប្រុស​ស្រី​របស់​យើង​គឺ​មិន‹ពេញ​ដោយ​កិច្ច​កល​និង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង›ដូច​គ្រូ​អាប​ធ្មប់​ឡើយ។ (កិច្ច​ការ ១៣:៦​-​១២) ដូច្នេះ​សូម​ឲ្យ​យើង​ប្រើ​ការ​វិនិច្ឆ័យ នៅ​ពេល​មាន​ការ​ខាត​ប្រាក់​ក្នុង​សហគ្រាស​ជំនួញ ដែល​ជាប់​ទាក់​ទង​នឹង​បង​ប្អូន​គ្នី​គ្នា​របស់​យើង។ បើ​យើង​គិត​ចង់​ប្ដឹង យើង​គួរ​តែ​គិត​អំពី​ឥទ្ធិពល​មក​លើ​យើង​ផ្ទាល់ លើ​អ្នក​ដទៃ លើ​ក្រុម​ជំនុំ​និង​ពួក​អ្នក​មិន​ជឿ​ព្រះ។ ការ​ប្ដឹង​ទាម​ទារ​យក​ប្រាក់​ជម្ងឺ​ចិត្ត​អាច​ចំណាយ​ពេល​វេលា កម្លាំង និង​ធន​ធាន​យើង​ច្រើន។ ជា​លទ្ធផល​នេះ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​មេធាវី​និង​ពួក​វិជ្ជា​ជីវៈ​ឯ​ទៀត​កាន់​តែ​មាន​ទ្រព្យ​ច្រើន​ឡើង​ប៉ុណ្ណោះ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែរ ពួក​គ្រីស្ទាន​ខ្លះ​បាន​បោះ​បង់​ចោល​ឯកសិទ្ធិ​ខាង​ព្រះ ពី​ព្រោះ​ពួក​គេ​ឈ្លក់​នឹង​រឿង​ទាំង​នេះ។ សាតាំង​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​យើង​ប្រព្រឹត្ត​បែប​នេះ។ ប៉ុន្តែ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ព្រះ​ហឫទ័យ។ (សុភាសិត ២៧:១១) ម្យ៉ាង​វិញ​ទៀត ការ​សុខ​ចិត្ត​ខាត ប្រហែល​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ហើយ​និង​មិន​ខាត​ពេល​ដល់​យើង​ឬ​ដល់​ពួក​ចាស់​ទុំ​ឡើយ។ នេះ​នឹង​ជួយ​ការ​ពារ​សន្ដិភាព​នៃ​ក្រុម​ជំនុំ ហើយ​និង​ជួយ​ការ​ពារ​យើង​ឲ្យ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ទុក​ជា​ទី​មួយ។

ការ​វិនិច្ឆ័យ​និង​ការ​សម្រេច​ចិត្ត

១៩. តើ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​និង​ការ​អធិស្ឋាន​អាច​ជួយ​យើង​យ៉ាង​ណា ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក?

១៩ ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​លុយ​កាក់​និង​ជំនួញ​អាច​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត​ណាស់។ ប៉ុន្តែ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​នឹង​ជួយ​យើង​ថ្លឹង​ថ្លែង​កត្ដា​ផ្សេង​ៗ ហើយ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា។ ម្យ៉ាង​ទៀត ការ​ទុក​ចិត្ត​ដោយ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​យើង​មាន«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»។ (ភីលីព ៤:៦, ៧) នេះ​ជា​សេចក្ដី​ស្ងប់​ស្ងាត់​ដែល​មាន​មក​ពី​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ផ្ទាល់។ យ៉ាង​ប្រាកដ​ហើយ សេចក្ដី​សុខ​សាន្ត​បែប​នេះ នឹង​អាច​ជួយ​យើង​ឲ្យ​រក្សា​ការ​ថ្លឹង​ថ្លែង​របស់​យើង នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ពិបាក។

២០. តើ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី ចំពោះ​រឿង​ជំនួញ​និង​ក្រុម​ជំនុំ​នោះ?

២០ ចូរ​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​កុំ​ឲ្យ​ការ​ជំទាស់​គ្នា​ខាង​ជំនួញ​មក​រំខាន​ដល់​សេចក្ដី​សុខ​សាន្ត​របស់​យើង ឬ​ដល់​ក្រុម​ជំនុំ​ឡើយ។ យើង​ត្រូវ​ចង​ចាំ​ថា ក្រុម​ជំនុំ​គ្រីស្ទាន​មាន​មុខ​នាទី​ដើម្បី​ជួយ​យើង​ខាង​វិញ្ញាណ មិន​មែន​ជា​មណ្ឌល​សំរាប់​ធ្វើ​ជំនួញ​ទេ។ រឿង​ខាង​ជំនួញ​ត្រូវ​ទុក​ឲ្យ​ដាច់​ឡែក​ពី​សកម្មភាព​ខាង​ក្រុម​ជំនុំ។ យើង​ត្រូវ​ការ​ប្រើ​ការ​វិនិច្ឆ័យ​និង​ការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​សហគ្រាស។ ហើយ​សូម​ឲ្យ​យើង​រក្សា​ការ​ថ្លឹង​ថ្លែង​ជា​និច្ច​អំពី​រឿង​នេះ ដោយ​ស្វែង​រក​ផល​ប្រយោជន៍​ព្រះ​រាជាណាចក្រ​ជា​ទី​មួយ។ បើ​សហគ្រាស​ជំនួញ​នៃ​អ្នក​ថ្វាយ​បង្គំ​ដូច​គ្នា​បាន​រលំ សូម​ឲ្យ​យើង​ខំ​គិត​ដល់​ផល​ប្រយោជន៍​នៃ​បុគ្គល​ទាំង​ឡាយ ដែល​ជាប់​ក្នុង​រឿង​នេះ។

២១. តើ​ដូច​ម្ដេច​ដែល​យើង​អាច​ប្រើ​ការ​វិនិច្ឆ័យ​ហើយ​ប្រព្រឹត្ត​ឲ្យ​ស្រប​តាម​ភីលីព ១:៩​-​១១?

២១ ជា​ជាង​ខ្វល់​ហួស​ហេតុ​ពេក​អំពី​រឿង​លុយ​កាក់ និង​អ្វី​ៗ​ដែល​មិន​សូវ​សំខាន់​នោះ សូម​ឲ្យ​យើង​មាន​ចិត្ត​ទោរ​ទន់​ទៅ​រក​ការ​វិនិច្ឆ័យ អធិស្ឋាន​សុំ​ការ​ដឹក​នាំ​ពី​ព្រះ ហើយ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​ទី​មួយ។ ក្នុង​ការ​ស្រប​តាម​ការ​អធិស្ឋាន​របស់​ប៉ុល ‹សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​ចំណេះ​ត្រឹម​ត្រូវ​និង​ការ​វិនិច្ឆ័យ​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​អស់​ទាំង​សេចក្ដី​សំខាន់ ហើយ​ឥត​ធ្វើ​អ្នក​ណា​អាក់​អន់​ចិត្ត​នឹង​ខ្លួន​យើង​ឡើយ។ ឥឡូវ​នេះ ដែល​ព្រះ​គ្រីស្ទ​ជា​ស្តេច​នៅ​លើ​ស្ថាន​សួគ៌​ហើយ​នោះ សូម​ឲ្យ​យើង​បង្ហាញ​ការ​វិនិច្ឆ័យ​ខាង​វិញ្ញាណ​គ្រប់​ជំពូក​ក្នុង​ជីវិត​របស់​យើង។ ហើយ‹សូម​ឲ្យ​យើង​ពេញ​ទៅ​ដោយ​ផល​សុចរិត ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ សំរាប់​ជា​សិរី​ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង› គឺ​ព្រះ​អម្ចាស់​មហា​ក្សត្រ ព្រះ​យេហូវ៉ា។—ភីលីព ១:៩​-​១១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្វី​ជា​ការ​វិនិច្ឆ័យ?

◻ ហេតុ​អ្វី​ក៏​ចាំ​បាច់​បង្ហាញ​ការ​វិនិច្ឆ័យ​ចំពោះ​ការ​រក​ស៊ី​ធ្វើ​ជំនួញ​ក្នុង​ចំណោម​គ្រីស្ទាន?

◻ តើ​តាម​របៀប​ណា​ដែល​ការ​វិនិច្ឆ័យ​ជួយ​យើង បើ​យើង​គិត​ថា​អ្នក​ជឿ​គ្នី​គ្នា​បាន​បោក​បញ្ឆោត​យើង?

◻ តើ​ការ​វិនិច្ឆ័យ​មាន​មុខ​នាទី​អ្វី​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត?

[រូប​ភាព​នៅ​ទំព័រ​២៧]

ការ​វិនិច្ឆ័យ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេស៊ូ ក្នុង​ការ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​ទី​មួយ

[រូប​ភាព​នៅ​ទំព័រ​២៩]

ចូរ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ខាង​ជំនួញ​ដោយ​លាយ​លក្ខណ៍​អក្សរ​ជា​និច្ច

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក