«ត្រូវឲ្យធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង»
១ ក្នុងការទាក់ទងបងប្អូនរបស់យើង យើងគួរធ្វើយ៉ាងណាឲ្យស្អាងចិត្តរបស់គាត់ឡើង។ នេះតម្រូវឲ្យយកចិត្តទុកដាក់ទៅលើការការពារប្រយោជន៍គាត់ខាងវិញ្ញាណ។ បើសិនជាយើងមានមុខរបរប្រភេទខ្លះៗ ដែលរួមបញ្ចូលការផ្សាយពីផលិតផលឬក៏សេវាណាមួយ នោះយើងត្រូវតែប្រុងប្រយ័ត្នកុំធ្វើអ្វីដែលអាចនាំឲ្យបងប្អូនរបស់យើងជំពប់ចិត្ត។—កូរិនថូសទី២ ៦:៣; ភីលីព ១:៩, ១០
២ អ្នកខ្លះបានចូលរួមក្នុងពាណិជ្ជកម្មបែបផ្សេងៗដែលប្រកបដោយការប្រថុយ ដោយចង់យកបងប្អូនជាអតិថិជន។ អង្គការខាងលក់ដូរខ្លះ លើកទឹកចិត្តអ្នកតំណាងរបស់គេឲ្យមានទស្សនៈថា មនុស្សទាំងអស់អាចជាអតិថិជន រួមបញ្ចូលអ្នកដែលកាន់សាសនាដូចគ្នានឹងគេ។ បងប្អូនខ្លះបានរៀបចំជប់លៀងធំៗជាស្មរបន្ទាល់ ដោយមានគោលបំណងលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងសហគ្រាសពាណិជ្ជកម្ម។ អ្នកឯទៀតផ្សាយពីពាណិជ្ជកម្មរបស់គេ ដោយឲ្យអត្ថបទ កូនសៀវភៅ ពត៌មានតាមប្រព័ន្ធអ៊ីធឺណេតឬក៏កាសែតម៉ាញេដល់អ្នកជឿគ្នីគ្នាដោយឥតគិតថ្លៃ។ តើគឺជាការត្រឹមត្រូវទេ បើសិនជាគ្រីស្ទានម្នាក់ប្រើទំនាក់ទំនងរបស់គាត់ខាងព្រះធិបតេយ្យ ដើម្បីឆ្លៀតយកប្រយោជន៍ពីបងប្អូនរបស់គាត់នោះ? គឺអត់ទេ!—កូរិនថូសទី១ ១០:២៣, ២៤, ៣១-៣៣
៣ បងប្អូនគួរប្រុងប្រយ័ត្ន: នេះមិនមានន័យថា គ្រីស្ទានម្នាក់មិនអាចរួមធ្វើជំនួញជាមួយគ្នាទេ។ នោះជារឿងផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ អ្នកខ្លះផ្ដើមផែនការពាណិជ្ជកម្ម ដែលជំរុញឲ្យមានចិត្តលោភលន់ និងលើកទឹកចិត្តឲ្យអ្នកជឿគ្នីគ្នាទៅជាដៃគូឬក៏អ្នកវិនិយោគរបស់គេ។ ការប្រថុយភាគច្រើនបែបនេះ មិនសម្រេចទេ ទាំងនាំឲ្យអ្នកចូលរួមខាតបង់លុយច្រើនណាស់។ ទោះបីអ្នកដែលធ្លាប់ចូលរួមក្នុងសហគ្រាសនោះប្រហែលជាមានអារម្មណ៍ចង់បានចំណេញភ្លាម អ្នករៀបចំមិនគួរមានអារម្មណ៍ថា គាត់មិនទទួលខុសត្រូវទេបើសិនជាការប្រថុយនោះបរាជ័យ។ គាត់គួរពិចារណាយ៉ាងយកចិត្តទុកដាក់ជាមុន នូវរបៀបដែលសុខុមាលភាពខាងវិញ្ញាណនិងខាងរាងកាយរបស់បងប្អូនរបស់គាត់នឹងត្រូវប៉ះពាល់ក្នុងករណីដែលការប្រថុយនោះមិនសម្រេចទេ។ អ្នកដែលមានមុខតំណែងទទួលខុសត្រូវខាងព្រះធិបតេយ្យគួរប្រុងប្រយ័ត្នថា ការខិតខំរបស់គេខាងពាណិជ្ជកម្មជាយ៉ាងណា ពីព្រោះអ្នកឯទៀតប្រហែលជាគោរពគេនិងទុកចិត្តគេយ៉ាងខ្លាំង។ គឺជាការខុសដែលរំលោភទៅលើការទុកចិត្តនោះ។ ឯកសិទ្ធិក្នុងកិច្ចបំរើបរិសុទ្ធអាចត្រូវបាត់បង់ បើសិនជាបងប្រុសម្នាក់បាត់បង់នូវការគោរពរបស់អ្នកដទៃ។
៤ គោលបំណងរបស់យើងគឺជា«ធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង»។ (កូរិនថូសទី១ ១៤:២៦) យើងត្រូវតែជៀសវាងមិនធ្វើអ្វីដែលនាំចូលឬក៏ផ្សាយពាណិជ្ជកម្មក្នុងក្រុមជំនុំ។ រឿងបែបនេះមិនទាក់ទងសោះនឹងមូលហេតុដែលយើងជួបជុំគ្នា។—ហេព្រើរ ១០:២៤, ២៥