‹យើងខ្ញុំនឹងលែងនិយាយពុំបានទេ›
១ ព្រះយេស៊ូកំពុងតែពិនិត្យមើលយ៉ាងហ្មត់ចត់នូវកិច្ចផ្សព្វផ្សាយ។ (ម៉ាថាយ ២៨:២០; ម៉ាកុស ១៣:១០) ទោះបីមានជិត៦លាននាក់ដែលជាអ្នកប្រកាសយ៉ាងសកម្មទាំងធ្វើបន្ទាល់ក្នុង២៣៤ប្រទេសក៏ដោយ យើងមិនត្រូវសន្និដ្ឋានថា ការផ្សាយរបស់យើងគឺចប់ហើយនោះទេ។ ទំរាំដល់ព្រះប្រកាសថាកិច្ចការនេះគឺចប់ហើយ ‹យើងខ្ញុំនឹងលែងនិយាយពុំបានទេ› អំពីអ្វីដែលយើងបានរៀន។—កិច្ចការ ៤:២០
២ ពឹងពាក់ទៅលើព្រះវិញ្ញាណរបស់ព្រះ: សាតាំងដាក់ការបង្ខិតបង្ខំយ៉ាងខ្លាំងទៅលើយើងដើម្បីឲ្យយើងធ្លាក់ទឹកចិត្ត។ (វិវរណៈ ១២:១៧) សាច់ឈាមដ៏មិនគ្រប់ល័ក្ខណ៍របស់យើងក៏នាំឲ្យយើងមានបញ្ហាជាច្រើនដែលធ្វើទុក្ខដល់យើងដែរ។ អ្វីៗបែបនេះអាចបំបែរអារម្មណ៍របស់យើងចេញពីកិច្ចការចំបង គឺកិច្ចផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ បើសិនជាយើងទុកចិត្តនឹងព្រះយេហូវ៉ា នោះព្រះវិញ្ញាណរបស់ទ្រង់នឹងជួយយើងប្រឈមនឹងឧបសគ្គណាក៏បាន។
៣ ពេលដែលក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយបានត្រូវបៀតបៀនយ៉ាងខ្លាំង បងប្អូនបានអធិស្ឋានទូលព្រះឲ្យបានជំនួយដើម្បីបន្តនិយាយព្រះបន្ទូលរបស់ទ្រង់ដោយចិត្តក្លាហាន។ ព្រះយេហូវ៉ាបានតបនឹងសេចក្ដីអធិស្ឋានរបស់គេ ទាំងដាក់ព្រះវិញ្ញាណរបស់ទ្រង់ទៅលើគេ ហើយប្រទានដល់គេនូវចិត្តខ្នះខ្នែងនិងការប្ដេជ្ញាដែលគឺត្រូវការជាចាំបាច់ដើម្បីបន្តផ្សព្វផ្សាយ។ ជាលទ្ធផល គេបានបន្តជានិច្ចក្នុងការប្រកាសប្រាប់ដំណឹងល្អដោយចិត្តក្លាហាន។—កិច្ចការ ៤:២៩, ៣១; ៥:៤២
៤ កុំខ្លាចពាក្យសំដីដ៏អវិជ្ជមាន: ទស្សនៈរបស់មនុស្សទូទៅឬក៏ការផ្សាយជាសាធារណៈដែលនិយាយបង្កាច់បង្ខូច ប្រហែលជាអាចបំភ័យយើង។ ក៏ប៉ុន្តែ ចូរនឹកចាំពីពាក្យសំដីយ៉ាងអង់អាចរបស់ពេត្រុសនិងសាវ័កឯទៀតទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ ដែលកត់ទុកក្នុងកិច្ចការ ៥:២៩-៣២។ សមស្របនឹងអ្វីដែលគ្រូច្បាប់ឈ្មោះលោកកាម៉ាលាលបានសារភាពថា កិច្ចការរបស់ព្រះមិនអាចត្រូវរំលំទេ។ កិច្ចការនេះមិនសម្រេចដោយអំណាចរបស់យើងទេ។ កិច្ចការដ៏សំខាន់នេះមានការគាំទ្រពីព្រះ ហើយមានតែទ្រង់ទេដែលអាចសម្រេចកិច្ចការនេះបាន!។—សាការី ៤:៦
៥ ចូរឲ្យយើងទូលអង្វរព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ឲ្យបានព្រះវិញ្ញាណរបស់ទ្រង់ដើម្បីជួយយើងប្រកាសប្រាប់ដំណឹងល្អយ៉ាងខ្នះខ្នែង។ សូមឲ្យយើងនិយាយដូចយេរេមាថា សារព្រះរាជាណាចក្រគឺប្រៀបដូចជាភ្លើងដែលកំពុងតែឆេះក្នុងឆ្អឹងរបស់យើង។ (យេរេមា ២០:៩) យើងមិនអាចនៅស្ងៀមទេ!