ព្រះយេហូវ៉ា—ជាព្រះដែលបើកសម្ដែងសេចក្ដីសម្ងាត់
«មានព្រះ១អង្គ ដែលគង់នៅលើស្ថានសួគ៌។ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន»។—ដានីយ៉ែល ២:២៨
១, ២. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាខុសគ្នានឹងមេសត្រូវរបស់ទ្រង់? (ខ) តើតាមរបៀបណាដែលមនុស្សជាតិបង្ហាញឲ្យឃើញភាពខុសគ្នារបស់គេ?
ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពង់ខ្ពស់ហើយប្រកបដោយសេចក្ដីស្រឡាញ់ក្នុងសកលលោក ជាព្រះអាទិទេពតែមួយអង្គ គឺជាព្រះដែលប្រកបដោយប្រាជ្ញានិងយុត្ដិធម៌។ ទ្រង់មិនចាំបាច់លាក់អត្តសញ្ញាណ កិច្ចការ ឬគោលបំណងរបស់ទ្រង់ឡើយ។ ដល់គ្រាកំណត់និងតាមការវិនិច្ឆ័យរបស់ទ្រង់ ទ្រង់បើកសម្ដែងអំពីអង្គទ្រង់។ តាមរបៀបនេះ ទ្រង់គឺខុសពីសត្រូវរបស់ទ្រង់ គឺអារក្សសាតាំង ដែលខំលាក់អត្តសញ្ញាណនិងចេតនាពិតរបស់វា។
២ ដូចជាព្រះយេហូវ៉ានិងអារក្សសាតាំងមានភាពខុសគ្នាជាយ៉ាងណា នោះពួកអ្នកថ្វាយបង្គំរបស់ពួកគេក៏មានភាពខុសគ្នាយ៉ាងនោះដែរ។ អស់អ្នកដែលកាន់តាមការដឹកនាំនៃសាតាំងសម្គាល់ត្រូវបានដោយចិត្តវៀចវេរនិងការបោកបញ្ឆោត។ ពួកគេខំបង្ហាញខ្លួនគេជាពន្លឺ កាលដែលកំពុងធ្វើកិច្ចការដែលជារបស់ផងសេចក្ដីងងឹត។ ពួកគ្រីស្ទានកូរិនថូសបានត្រូវប្រាប់កុំឲ្យភ្ញាក់ផ្អើលអំពីរឿងនេះ។ «ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយ ជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ ហើយសេចក្ដីនេះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ»។ (កូរិនថូសទី២ ១១:១៣, ១៤) ម្យ៉ាងវិញទៀត ពួកគ្រីស្ទានចាត់ទុកព្រះគ្រីស្ទជាមេដឹកនាំរបស់គេ។ កាលនៅផែនដីនៅឡើយ ទ្រង់បានសម្ដែងយ៉ាងបេះបិទតាមបុគ្គលិកលក្ខណៈនៃព្រះវរបិតារបស់ទ្រង់ ព្រះយេហូវ៉ា។ (ហេព្រើរ ១:១-៣) ដូច្នេះ ដោយកាន់តាមព្រះគ្រីស្ទ ពួកគ្រីស្ទានធ្វើតម្រាប់តាមព្រះយេហូវ៉ា ព្រះនៃសេចក្ដីពិត ភាពឥតលាក់លាម និងពន្លឺ។ ពួកគេក៏មិនចាំបាច់លាក់អត្តសញ្ញាណ កិច្ចការ ឬគោលបំណងទាំងឡាយរបស់គេឡើយ។
៣. តើយើងអាចឆ្លើយយ៉ាងណាចំពោះការអះអាងដែលថាមនុស្សដែលក្លាយទៅជាស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវបង្ខិតបង្ខំឲ្យចូលរួម«និកាយសម្ងាត់»?
៣ នៅពេលដែលទ្រង់ជ្រាបថាជាគ្រាល្អ ព្រះយេហូវ៉ាបើកសម្ដែងអំពីគោលបំណងរបស់ទ្រង់ និងអំពីអនាគតដែលមនុស្សមិនដឹងសោះពីមុន។ ក្នុងន័យនេះ ទ្រង់ជាព្រះដែលបើកសម្ដែងសេចក្ដីសម្ងាត់។ ដូច្នេះ មនុស្សណាដែលចង់បំរើទ្រង់ បានត្រូវអញ្ជើញឲ្យ—ត្រូវហើយ ដាស់តឿន—ឲ្យរៀនអំពីពត៌មានដែលបានបើកសម្ដែងមក។ ការស្ទង់មតិនៃស្មរបន្ទាល់ជាង១៤៥.០០០នាក់ក្នុងឆ្នាំ១៩៩៤ ក្នុងប្រទេសអឺរ៉ុបមួយ បង្ហាញឲ្យឃើញថា ជាមធ្យម បុគ្គលម្នាក់បានស្រាវជ្រាវផ្ទាល់ខ្លួន អំពីសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ាអស់រយៈបីឆ្នាំ មុននឹងគេសម្រេចចិត្តក្លាយជាស្មរបន្ទាល់ម្នាក់។ ពួកគេបានធ្វើឡើងពីចិត្តសេរីរបស់គេ ដោយឥតមានការបង្ខិតបង្ខំ។ ហើយក្រោយមក ពួកគេនៅមានសេរីភាពខាងចិត្តនិងសកម្មភាព។ ឧទាហរណ៍ ពីព្រោះអ្នកខ្លះមិនយល់ស្របនឹងខ្នាតដ៏ខ្ពង់ខ្ពស់សំរាប់គ្រីស្ទាន ក្រោយមក អ្នកទាំងនេះបានសម្រេចចិត្តថាគេមិនចង់ធ្វើជាស្មរបន្ទាល់ទៀត។ ប៉ុន្តែ ជាការគួរឲ្យចាប់អារម្មណ៍ ក្នុងកំឡុងប្រាំឆ្នាំកន្លងទៅនេះ មួយចំនួនធំនៃអតីតស្មរបន្ទាល់ទាំងនេះ ក្រោយមកបានចាត់វិធានការមកចូលរួមធ្វើជាស្មរបន្ទាល់វិញ។
៤. តើអ្វីដែលឲ្យពួកគ្រីស្ទានស្មោះត្រង់មិនគួរភ្ញាក់ផ្អើល ហើយហេតុអ្វី?
៤ ប្រាកដហើយ មិនមែនអតីតស្មរបន្ទាល់ទាំងអស់ត្រឡប់មកវិញទេ ហើយក្នុងចំណោមពួកគេ មានបុគ្គលខ្លះដែលធ្លាប់មានឋានៈកាន់កាប់ភារកិច្ចក្នុងក្រុមជំនុំគ្រីស្ទាន។ នេះមិនចម្លែកទេ ដ្បិតសូម្បីតែអ្នកកាន់តាមរបស់ព្រះយេស៊ូដ៏ជិតស្និទ្ធម្នាក់ សាវ័កយូដាស ក៏បានបែរចេញដែរ។ (ម៉ាថាយ ២៦:១៤-១៦, ២០-២៥) ប៉ុន្តែ តើនេះជាមូលហេតុគួរឲ្យភ្ញាក់ផ្អើលអំពីសាសនាគ្រីស្ទានឬ? តើនេះធ្វើឲ្យការជោគជ័យនៃសកម្មភាពអប់រំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាឬទៅជាឥតប្រយោជន៍ឬ? គឺអត់ទេ សូម្បីតែសកម្មភាពដ៏ក្បត់របស់យូដាសអ៊ីស្ការីយ៉ុត ក៏មិនបានធ្វើឲ្យគោលបំណងរបស់ព្រះនៅមួយកន្លែងដែរ។
មានព្រះចេស្ដាបំផុត តែក៏មានសេចក្ដីស្រឡាញ់
៥. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ានិងព្រះយេស៊ូស្រឡាញ់មនុស្សជាតិ ហើយតើទ្រង់ទាំងពីរបានសម្ដែងសេចក្ដីស្រឡាញ់នេះយ៉ាងណាដែរ?
៥ ព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ ទ្រង់មានព្រះទ័យខ្វល់ខ្វាយអំពីមនុស្សជាតិ។ (យ៉ូហានទី១ ៤:៧-១១) ថ្វីបើទ្រង់មានឋានៈដ៏ខ្ពង់ខ្ពស់ក្ដី ទ្រង់មានព្រះទ័យដ៏រីករាយក្នុងការចងមិត្តភាពជាមួយមនុស្ស។ អំពីអ្នកបំរើម្នាក់ក្នុងសម័យបុរាណ យើងអានថា៖ «‹អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក› ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ»។ (យ៉ាកុប ២:២៣; របាក្សត្រទី២ ២០:៧; អេសាយ ៤១:៨) ដូចជាមនុស្សចែកប្រាប់រឿងសម្ងាត់ដល់គ្នាទៅវិញទៅមក នោះព្រះយេហូវ៉ាក៏ចែកប្រាប់រឿងសម្ងាត់ដល់មិត្តរបស់ទ្រង់ដែរ។ ចំពោះរឿងនេះ ព្រះយេស៊ូបានធ្វើតាមព្រះវរបិតាទ្រង់ ព្រោះទ្រង់បានធ្វើជាមិត្តដល់សិស្សរបស់ទ្រង់ ហើយបានចែកប្រាប់រឿងសម្ងាត់ដល់ពួកគេ។ ទ្រង់មានបន្ទូលប្រាប់គេថា «ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក»។ (យ៉ូហាន ១៥:១៥) ពត៌មាន«សម្ងាត់»ដែលបានចែកប្រាប់ដោយព្រះយេហូវ៉ា បុត្រារបស់ទ្រង់ និងមិត្តរបស់ពួកគេ ភ្ជាប់ពួកគេ ក្នុងចំណងដ៏មាំមួននៃសេចក្ដីស្រឡាញ់និងភក្ដីភាព។—កូល៉ុស ៣:១៤
៦. ហេតុអ្វីក៏ព្រះយេហូវ៉ាមិនចាំបាច់លាក់គោលបំណងរបស់ទ្រង់?
៦ អត្ថន័យនៃព្រះនាមនៃព្រះយេហូវ៉ា «ទ្រង់ដែលធ្វើឲ្យក្លាយជា» បង្ហាញថាទ្រង់មានសមត្ថភាពឲ្យក្លាយទៅជាអ្វីដែលទ្រង់ប្រាថ្នា ដើម្បីសម្រេចរាជបំណងរបស់ទ្រង់។ មិនដូចមនុស្សជាតិ ព្រះយេហូវ៉ាមិនចាំបាច់លាក់បំណងរបស់ទ្រង់ទេ ដោយខ្លាចក្រែងលោពួកអ្នកដទៃអាចបង្ការទ្រង់ពីការសម្រេចគោលបំណងរបស់ទ្រង់។ ទ្រង់មិនអាចទទួលបរាជ័យបានទេ ដូច្នេះទ្រង់បើកសម្ដែងដោយឥតលាក់លាម ក្នុងបន្ទូលរបស់ទ្រង់ ព្រះគម្ពីរ នូវអ្វីជាច្រើនដែលទ្រង់មានបំណងនឹងធ្វើ។ ទ្រង់សន្យាថា៖ «ពាក្យអញ . . . ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:១១
៧. (ក) តើព្រះយេហូវ៉ាបានទាយប្រាប់អ្វីក្នុងសួនអេដែន ហើយតើសាតាំងបានសម្ដែងឲ្យឃើញថាព្រះមានបន្ទូលពិតយ៉ាងណា? (ខ) តើតាមរបៀបណាដែលគោលការណ៍ក្នុងកូរិនថូសទី២ ១៣:៨ ជាការពិតជានិច្ច?
៧ មិនយូរប៉ុន្មានក្រោយពីការបះបោរក្នុងសួនអេដែន ព្រះយេហូវ៉ាបានបើកសម្ដែងគោលនូវលទ្ធផលចុងក្រោយនៃទំនាស់រវាងទ្រង់និងមេសត្រូវសាតាំង។ ពូជសន្យារបស់ព្រះនឹងបានត្រូវចឹកយ៉ាងឈឺចាប់ ប៉ុន្តែនេះមិនមែនជាអចិន្ត្រៃយ៍ទេ រីឯសាតាំងវិញនឹងរងទុក្ខការវិនាសផ្ដាច់ព្រាត់។ (លោកុប្បត្តិ ៣:១៥) ក្នុងឆ្នាំ៣៣ ស.យ. អារក្សបានចឹកពូជនេះមែន ព្រះគ្រីស្ទយេស៊ូ ដោយធ្វើឲ្យទ្រង់សោយទិវង្គត។ ដោយធ្វើយ៉ាងនេះ សាតាំងបានបំពេញតាមបទគម្ពីរ ហើយក្នុងពេលដដែលនេះ បានបញ្ជាក់ថាព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត ថ្វីបើនេះមិនមែនជាបំណងរបស់សាតាំងក៏ដោយ។ ដោយវាស្អប់សេចក្ដីពិតនិងសេចក្ដីសុចរិត ព្រមទាំងមានចិត្តមានះ អាកប្បកិរិយាដ៏មិនប្រែចិត្ត បាននាំឲ្យវាធ្វើអ្វីចំៗដែលព្រះបានទាយថាវានឹងធ្វើនោះ។ ត្រូវហើយ ចំពោះពួកអ្នកដែលប្រឆាំងសេចក្ដីពិត សូម្បីតែសាតាំងដែរ គោលការណ៍នេះគឺជាការពិត៖ «យើងខ្ញុំពុំអាចនឹងធ្វើអ្វី ទាស់នឹងសេចក្ដីពិតបានទេ ធ្វើបានតែអ្វីដែលសំរាប់សេចក្ដីពិតវិញ»។—កូរិនថូសទី២ ១៣:៨
៨, ៩. (ក) តើសាតាំងដឹងអ្វី ប៉ុន្តែតើចំណេះនេះអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ការសម្រេចនៃគោលបំណងរបស់ព្រះយេហូវ៉ាឬ? (ខ) តើការព្រមានដ៏ច្បាស់អ្វីដែលពួកប្រឆាំងព្រះយេហូវ៉ាមិនអើពើ ហើយហេតុអ្វី?
៨ តាំងពីព្រះរាជាណាចក្រនៃព្រះបានស្ថាបនាឡើងដោយឥតមើលឃើញក្នុងឆ្នាំ១៩១៤ វិវរណៈ ១២:១២ បានចែងថា៖ «ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»។ ប៉ុន្តែ តើការដឹងថាវាមានពេលវេលាខ្លី បណ្ដាលឲ្យសាតាំងប្រែប្រួលពីដំណើររបស់វាឬ? ការធ្វើបែបនេះ គឺជាការទទួលស្គាល់ថាព្រះយេហូវ៉ាជាព្រះនៃសេចក្ដីពិត ហើយថាដោយសារទ្រង់ជាអ្នកគ្រប់គ្រងដ៏ឧត្តមនោះ មានតែទ្រង់មួយអង្គទេដែលសមទទួលការថ្វាយបង្គំ។ ប៉ុន្តែ អារក្សវាមិនសុខចិត្តទទួលបរាជ័យទេ ទោះជាវាដឹងអំពីហេតុការណ៍ពិតក៏ដោយ។
៩ ព្រះយេហូវ៉ាទ្រង់សម្ដែងប្រាប់ដោយឥតលាក់លាម ពីអ្វីដែលនឹងកើតឡើង នៅពេលព្រះគ្រីស្ទយាងមកជំនុំជំរះរបបរបស់សាតាំង។ (ម៉ាថាយ ២៤:២៩-៣១; ២៥:៣១-៤៦) ចំពោះរឿងនេះ បន្ទូលរបស់ទ្រង់ប្រកាសអំពីពួកមេដឹកនាំលោកីយ៍នេះថា៖ «ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម»។ (ថែស្សាឡូនីចទី១ ៥:៣) ពួកអ្នកដែលធ្វើតាមគំរូរបស់សាតាំងបានបដិសេធការព្រមានដ៏ច្បាស់នេះ។ ពួកគេបានស្រពិលភ្នែកដោយសារចិត្តដ៏អាក្រក់របស់គេ ហើយនេះបានបង្ការគេពីការប្រែចិត្តពីដំណើរដ៏អាក្រក់ ហើយពីការប្រែគម្រោងការនិងផែនការ ដែលប៉ុនប៉ងធ្វើបរាជ័យដល់គោលបំណងរបស់ព្រះយេហូវ៉ា។
១០. (ក) តើដល់កំរិតណាដែលថែស្សាឡូនីចទី១ ៥:៣ នឹងបានសម្រេច ប៉ុន្តែតើរាស្ត្ររបស់ព្រះយេហូវ៉ាគួរប្រព្រឹត្តយ៉ាងណា? (ខ) ហេតុអ្វីក៏មនុស្សឥតជំនឿកាន់តែរឹងចចេសនៅអនាគតក្នុងការប្រឆាំងរាស្ត្ររបស់ព្រះ?
១០ ជាពិសេសតាំងពី១៩៨៦ នៅពេលដែលឆ្នាំសន្ដិភាពអន្តរជាតិបានត្រូវប្រកាសដោយអង្គការសហប្រជាជាតិ គឺមានការនិយាយអំពីសន្ដិភាពនិងសន្ដិសុខយ៉ាងពាសពេញលោកនេះ។ គឺមានការចាត់វិធានការខ្លះៗ ក្នុងការខំប្រឹងបង្កើតលោកសន្ដិភាព ហើយការខំខ្នះខ្នែងនេះបានទទួលការជោគជ័យខ្លះដែរ។ តើនេះជាការសម្រេចទាំងមូលនៃទំនាយនេះ ឬក៏យើងត្រូវទន្ទឹងចាំសេចក្ដីប្រកាសដ៏អស្ចារ្យនៅអនាគតទៀត? ព្រះយេហូវ៉ានឹងពន្យល់ឲ្យដឹងច្បាស់លាស់ថែមទៀតក្នុងពេលកំណត់របស់ទ្រង់។ ក្នុងគ្រាដដែលនេះ សូមឲ្យយើងនៅចាំភ្ញាក់ខាងវិញ្ញាណ «ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង»។ (ពេត្រុសទី២ ៣:១២) កាលដែលពេលវេលាកន្លងទៅ ដែលនៅមានការនិយាយអំពីសន្ដិភាពនិងសន្ដិសុខ បុគ្គលខ្លះដែលដឹងអំពីការព្រមាននេះ តែសម្រេចចិត្តមិនអើពើនោះ ប្រហែលជាកាន់តែរឹងចចេសក្នុងការសន្មតថាព្រះយេហូវ៉ានឹងមិនធ្វើ ឬមិនអាចបំពេញតាមបន្ទូលរបស់ទ្រង់ឡើយ។ (ប្រៀបធៀប សាស្ដា ៨:១១-១៣; ពេត្រុសទី២ ៣:៣, ៤) ប៉ុន្តែ ពួកគ្រីស្ទានពិតដឹងថា ព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់ទ្រង់ជាមិនខាន!
ការគោរពដ៏ត្រឹមត្រូវដល់ភ្នាក់ងារដែលព្រះយេហូវ៉ាប្រើ
១១. តើលោកដានីយ៉ែលនិងលោកយ៉ូសែបបានរៀនអ្វីអំពីព្រះយេហូវ៉ា?
១១ នៅពេលដែលស្តេចនេប៊ូក្នេសា ជាអ្នកគ្រប់គ្រងនៃចក្រភពនីអូ-បាប៊ីឡូន មានសុបិនដ៏ខ្វល់ខ្វាយ ដែលលោកមិនអាចនឹកចាំបាន លោករកជំនួយភ្លាម។ ពួកសង្ឃ ពួកគ្រូមន្តអាគម ពួកគ្រូអាបធ្មប់របស់ទ្រង់ មិនអាចបកស្រាយប្រាប់ឬពន្យល់ប្រាប់ន័យនៃសុបិននោះបានឡើយ។ ប៉ុន្តែ ដានីយ៉ែល ជាអ្នកបំរើរបស់ព្រះអាចកាត់ស្រាយសុបិននោះបាន តែគាត់បានសារភាពថា ការបើកសម្ដែងសុបិននេះនិងអត្ថន័យរបស់វាមិនមែនជាលទ្ធផលនៃប្រាជ្ញារបស់គាត់ទេ។ ដានីយ៉ែលបានមានប្រសាសន៍ថា៖ «មានព្រះ១អង្គ ដែលគង់នៅលើស្ថានសួគ៌។ ទ្រង់សម្ដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន។ ហើយទ្រង់បានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ»។ (ដានីយ៉ែល ២:១-៣០) បីបួនសតវត្សមុននេះ យ៉ូសែប ជាព្យាការីម្នាក់ទៀតនៃព្រះ មានការពិសោធដូចគ្នា ដែលព្រះយេហូវ៉ាជាអ្នកបើកសម្ដែងសេចក្ដីសម្ងាត់។—លោកុប្បត្តិ ៤០:៨-២២; អេម៉ុស ៣:៧, ៨
១២, ១៣. (ក) តើអ្នកណាជាព្យាការីដ៏ឧត្តមរបស់ព្រះ ហើយហេតុអ្វីក៏ឆ្លើយដូច្នេះ? (ខ) តើអ្នកណាដែលសព្វថ្ងៃនេះបំរើជា«ជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះ» ហើយតើយើងគួរមានទស្សនៈយ៉ាងណាចំពោះគេ?
១២ ព្យាការីដ៏ឧត្តមរបស់ព្រះយេហូវ៉ា ដែលបានបំរើលើផែនដី គឺព្រះយេស៊ូ។ (កិច្ចការ ៣:១៩-២៤) ប៉ុលបានពន្យល់ថា៖ «ឯព្រះ ដែលពីដើម ទ្រង់មានបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ»។—ហេព្រើរ ១:១, ២
១៣ ព្រះយេហូវ៉ាបានមានបន្ទូលទៅពួកគ្រីស្ទានសម័យដើម តាមរយៈបុត្រារបស់ទ្រង់ ព្រះយេស៊ូ ដែលបានបើកសម្ដែងសេចក្ដីសម្ងាត់របស់ព្រះដល់ពួកគេ។ ព្រះយេស៊ូបានមានបន្ទូលប្រាប់ថា៖ «ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អស់ទាំងការអាថ៌កំបាំងរបស់នគរ[ព្រះ]ហើយ»។ (លូកា ៨:១០) ក្រោយមក ប៉ុលបានមានប្រសាសន៍ថាពួកគ្រីស្ទានចាក់ប្រេងតាំងជា«អ្នកជំនួយនៃព្រះគ្រីស្ទ ហើយជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះវិញ»។ (កូរិនថូសទី១ ៤:១) សព្វថ្ងៃនេះ ពួកគ្រីស្ទានចាក់ប្រេងតាំងបន្តបំរើក្នុងឋានៈបែបនេះ ជាអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ ហើយតាមរយៈគណៈអភិបាល បានផ្ដល់អាហារខាងវិញ្ញាណតាមពេលត្រឹមត្រូវ។ (ម៉ាថាយ ២៤:៤៥-៤៧) បើយើងគោរពដ៏ជ្រាលជ្រៅដល់ពួកព្យាការីរបស់ព្រះនៅសម័យដើម ហើយជាពិសេសដល់បុត្រារបស់ទ្រង់ តើយើងមិនគួរគោរពដល់ភ្នាក់ងារមនុស្សដែលព្រះយេហូវ៉ាកំពុងតែប្រើសព្វថ្ងៃនេះ ឲ្យបើកសម្ដែងពត៌មានខាងព្រះគម្ពីរដែលជាទីចាំបាច់ដល់ប្រជារាស្ត្រទ្រង់ក្នុងគ្រាលំបាកនេះទេឬ?
ភាពឥតលាក់លាមឬភាពសម្ងាត់?
១៤. តើពេលណាដែលពួកគ្រីស្ទានប្រកបសកម្មភាពដោយសម្ងាត់ ដោយហេតុនេះ តើធ្វើតាមគំរូរបស់អ្នកណា?
១៤ តើការឥតលាក់លាមរបស់ព្រះយេហូវ៉ាក្នុងការបើកសម្ដែងអ្វីមួយ មានន័យថាពួកគ្រីស្ទានត្រូវតែបើកសម្ដែងនូវអ្វីដែលគេដឹងទាំងអស់ក្នុងគ្រប់កាលៈទេសៈឬ? ពួកគ្រីស្ទានធ្វើតាមឱវាទរបស់ព្រះយេស៊ូដែលទ្រង់ដាស់តឿនពួកសាវ័កឲ្យធ្វើជា«អ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប»។ (ម៉ាថាយ ១០:១៦) បើគេបញ្ជាមិនឲ្យថ្វាយបង្គំព្រះ តាមមនសិការរបស់គេនោះ ពួកគ្រីស្ទានបន្ត‹គោរពតាមព្រះ› ពីព្រោះគេដឹងថាគ្មានភ្នាក់ងារមនុស្សណាមួយ ដែលមានសិទ្ធិមកទើសទែងនឹងការថ្វាយបង្គំរបស់ព្រះយេហូវ៉ាបានឡើយ។ (កិច្ចការ ៥:២៩) ព្រះយេស៊ូអង្គទ្រង់បានសម្ដែងឲ្យឃើញពីបែបបទនៃរឿងនេះ។ យើងអានថា៖ «ក្រោយនោះមក ព្រះយេស៊ូវ ទ្រង់យាងនៅតែក្នុងស្រុកកាលីឡេប៉ុណ្ណោះ ទ្រង់មិនសព្វព្រះហឫទ័យនឹងយាងក្នុងស្រុកយូដាទេ ពីព្រោះសាសន៍យូដារកសំឡាប់ទ្រង់ រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំ នោះជិតដល់ហើយ។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលតបថា [ដល់ពួកបងប្អូនបង្កើតរបស់ទ្រង់ដែលមិនជឿ] . . . ‹ចូរឯងរាល់គ្នាឡើងទៅឯបុណ្យនេះចុះ ឯអញមិនទាន់ទៅទេ ព្រោះកំណត់អញមិនទាន់សំរេចនៅឡើយ›។ កាលទ្រង់មានបន្ទូល សេចក្ដីទាំងនោះរួចហើយ នោះក៏គង់នៅស្រុកកាលីឡេដដែល ប៉ុន្តែ កាលពួកប្អូនទ្រង់ឡើងទៅឯបុណ្យនោះផុតហើយ នោះទ្រង់ក៏យាងទៅដែរ តែមិនទៅជាមួយនឹងអ្នកណាទេ គឺទៅដោយសំងាត់វិញ»។—យ៉ូហាន ៧:១, ២, ៦, ៨-១០
ត្រូវប្រាប់ឬក៏មិនត្រូវប្រាប់?
១៥. តើតាមរបៀបណាដែលយ៉ូសែបបង្ហាញថា ការទុករឿងសម្ងាត់ជាការល្អប្រសើរនោះ?
១៥ ក្នុងករណីខ្លះ ការទុករឿងសម្ងាត់ មិនគ្រាន់តែមានប្រាជ្ញា តែជាការស្រឡាញ់ទៀតផង។ ឧទាហរណ៍ តើយ៉ូសែប ជាឪពុកចិញ្ចឹមរបស់ព្រះយេស៊ូ បានប្រព្រឹត្តយ៉ាងណា ពេលដែលគាត់ដឹងថានាងម៉ារាដែលជាប់ពាក្យរួចហើយ បានត្រូវ«មានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ»? យើងអានថា៖ «ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ»។ (ម៉ាថាយ ១:១៨, ១៩) គឺមិនជាការល្អទេ បើគាត់និយាយឆោឡោអំពីនាង!
១៦. តើពួកអ្នកចាស់ទុំ ព្រមទាំងសមាជិកនៃក្រុមជំនុំមានភារៈអ្វីខ្លះចំពោះរឿងសម្ងាត់?
១៦ រឿងសម្ងាត់ដែលអាចធ្វើឲ្យអាម៉ាស់មុខឬឈឺចាប់ មិនបើកសម្ដែងដល់បុគ្គលដែលមិនគួរដឹងឡើយ។ ពួកអ្នកចាស់ទុំគ្រីស្ទានចងចាំរឿងនេះ ពេលដែលគេផ្ដល់ឱវាទឬការសម្រាលទុក្ខដល់គ្រីស្ទានគ្នីគ្នា ឬនៅពេលទូន្មានគេដោយព្រោះប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់នឹងព្រះយេហូវ៉ា។ ការដោះស្រាយរឿងទាំងនេះតាមបែបបទគម្ពីរគឺជាការចាំបាច់ ការបើកសម្ដែងរឿងសម្ងាត់ដល់ពួកអ្នកដែលឥតទាក់ទងគឺមិនចាំបាច់ ហើយជាការឥតមានសេចក្ដីស្រឡាញ់ផង។ យ៉ាងប្រាកដហើយ ពួកសមាជិកនៃក្រុមជំនុំគ្រីស្ទាននឹងមិនជជីកសួររកពត៌មានសម្ងាត់ពីពួកអ្នកចាស់ទុំទេ តែត្រូវគោរពដល់ភារៈរបស់ពួកអ្នកចាស់ទុំក្នុងការរក្សាទុករឿងសម្ងាត់។ សុភាសិត ២៥:៩ កត់សម្គាល់ថា៖ «ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នា២នាក់ប៉ុណ្ណោះ កុំឲ្យបើកការសំងាត់របស់អ្នកដទៃឡើយ»។
១៧. ហេតុអ្វីក៏គ្រីស្ទានក្នុងករណីភាគច្រើនបានរក្សាទុករឿងសម្ងាត់ ប៉ុន្តែហេតុអ្វីក៏ពួកគេមិនគួរធ្វើរាល់តែដង?
១៧ គោលការណ៍នៃការទុករឿងសម្ងាត់នេះ សមាជិកគ្រួសារ ឬក៏សំដៅមកលើពួកមិត្តជិតដិតដែរ។ ការរក្សាទុករឿងសម្ងាត់គឺសំខាន់ ដើម្បីជៀសវាងការយល់ខុសនិងទំនាក់ទំនងដ៏តឹងតែង។ «ខ្យល់ពីខាងជើងរមែងនាំភ្លៀងមក ហើយអណ្ដាតដែលនិយាយដើមគេ ក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរ»។ (សុភាសិត ២៥:២៣) ប្រាកដហើយ សេចក្ដីស្មោះត្រង់ដល់ព្រះយេហូវ៉ានិងគោលការណ៍ដ៏សុចរិតរបស់ទ្រង់ និងការស្រឡាញ់ដល់ពួកអ្នកដែលធ្វើខុស ប្រហែលជាពេលខ្លះ ប្រាប់ឪពុកម្ដាយ ពួកអ្នកចាស់ទុំគ្រីស្ទាន ឬបុគ្គលមានអំណាច នូវរឿងសម្ងាត់។a ប៉ុន្តែក្នុងករណីភាគច្រើន គ្រីស្ទានរក្សាទុករឿងសម្ងាត់នៃអ្នកដទៃ ហើយការពារសេចក្ដីនេះ ប្រៀបដូចការពាររបស់ខ្លួនដែរ។
១៨. តើគុណសម្បត្ដិគ្រីស្ទានបីណា ដែលអាចជួយយើងឲ្យសម្រេចថានូវអ្វីដែលយើងគួរប្រាប់ ឬ មិនគួរប្រាប់គេ?
១៨ ជាសង្ខេប គ្រីស្ទានធ្វើតាមព្រះយេហូវ៉ាដោយទុករឿងសម្ងាត់ខ្លះ តែបើចាំបាច់ធ្វើ ត្រូវសម្ដែងប្រាប់តែពេលណាដែលសមត្រឹមត្រូវ។ ក្នុងការសម្រេចនូវអ្វីដែលត្រូវឬមិនត្រូវប្រាប់ នោះគាត់គួរតែត្រូវដឹកនាំដោយចិត្តរាបទាប ជំនឿនិងសេចក្ដីស្រឡាញ់។ ចិត្តរាបទាបបង្ការគាត់ពីនិយាយពន្លើសពីខ្លួនគាត់ ដោយខំប្រាប់អ្នកដទៃពីអ្វីៗទាំងអស់ដែលគាត់ដឹង ឬទាក់ទាញចិត្តគេនឹងរឿងសម្ងាត់ដែលគាត់មិនអាចប្រាប់បាន។ ជំនឿក្នុងបន្ទូលរបស់ព្រះយេហូវ៉ា និងក្រុមជំនុំគ្រីស្ទាន នឹងបណ្ដាលឲ្យគាត់ផ្សាយពត៌មានព្រះគម្ពីរដែលព្រះផ្ដល់មក ហើយដោយប្រយ័ត្នប្រយែងមិននិយាយអ្វីដែលអាចធ្វើឲ្យអ្នកដទៃអាក់អន់ចិត្ត។ ត្រូវហើយ សេចក្ដីស្រឡាញ់នឹងជំរុញគាត់ឲ្យប្រាប់ដោយឥតលាក់លាម នូវអ្វីដែលដំកើងព្រះនិងអ្វីដែលមនុស្សត្រូវការដឹង ដើម្បីឲ្យបានទទួលជីវិត។ ផ្ទុយទៅវិញ រឿងសម្ងាត់ផ្ទាល់ខ្លួន នោះគាត់នឹងរក្សាទុក ដ្បិតក្នុងករណីភាគច្រើន បើប្រាប់គេនោះបញ្ជាក់ថា គាត់ឥតមានសេចក្ដីស្រឡាញ់ឡើយ។
១៩. តើនសកម្មភាពអ្វីដែលជួយឲ្យសម្គាល់ពួកគ្រីស្ទានពិត ហើយតើនេះនឹងមានលទ្ធផលយ៉ាងណា?
១៩ ការចេះថ្លឹងថ្លែងនេះ នឹងជួយឲ្យសម្គាល់ពួកគ្រីស្ទានពិត។ ពួកគេមិនលាក់អត្តសញ្ញាណរបស់ព្រះ ដោយមិនប្រើព្រះនាមទ្រង់ ឬ ដោយប្រើលទ្ធិដ៏អាថ៌កំបាំង ដ៏ពិបាកពន្យល់ នៃព្រះត្រីឯកភាពទេ។ ព្រះដ៏ពុំស្គាល់ជាលក្ខណៈសម្គាល់នៃសាសនាមិនពិត មិនមែននៃសាសនាដ៏ពិតទេ។ (សូមមើល កិច្ចការ ១៧:២២, ២៣) ស្មរបន្ទាល់ចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាអបអរយ៉ាងពិតនូវភារកិច្ចរបស់គេ ជា«អ្នករាប់រងសេចក្ដីអាថ៌កំបាំងរបស់ព្រះ»។ ដោយបើកសម្ដែងដ៏ឥតលាក់លាមនូវរឿងសម្ងាត់ទាំងនេះដល់អ្នកដទៃ ពួកគេជួយពួកមនុស្សស្មោះត្រង់ឲ្យស្វែងរកមិត្តភាពជាមួយព្រះយេហូវ៉ា។—កូរិនថូសទី១ ៤:១; ១៤:២២-២៥; សាការី ៨:២៣; ម៉ាឡាគី ៣:១៨
[កំណត់សម្គាល់]
a សូមមើល ប៉មយាម ១៥ វិច្ឆិកា ១៩៨៥ «កុំចូលរួមក្នុងអំពើបាបនៃអ្នកដទៃ» (ភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏ព្រះយេហូវ៉ាមិនចាំបាច់លាក់គោលបំណងរបស់ទ្រង់?
◻ តើព្រះយេហូវ៉ាបើកសម្ដែងរឿងសម្ងាត់ទ្រង់ដល់អ្នកណា?
◻ តើពួកគ្រីស្ទានមានភារកិច្ចអ្វីខ្លះចំពោះរឿងសម្ងាត់?
◻ តើគុណសម្បត្ដិគ្រីស្ទានបីណាដែលនឹងជួយពួកគ្រីស្ទាន ឲ្យដឹងនូវអ្វីដែលយើងគួរប្រាប់ ឬ មិនគួរប្រាប់គេ?
[រូបភាពនៅទំព័រ១០, ១១]
ព្រះយេហូវ៉ាសម្ដែងប្រាប់រឿងសម្ងាត់តាមរយៈពាក្យបន្ទូលរបស់ទ្រង់