បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w03 ១/១ ទំ. ២៧-៣២
  • ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នក
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​យេហូវ៉ា​ស្វែង​រក​វិធី​ដើម្បី​ជួយ​យើង
  • ព្រះ​យេហូវ៉ា​ទាញ​នាំ​រាស្ត្រ​ទ្រង់​មក​ឯ​ទ្រង់
  • យើង​ត្រូវ​តែ​ស្វែង​រក​ព្រះ​យេហូវ៉ា
  • យើង​ត្រូវ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត
  • តើ​អ្នក​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ឬ​ទេ?
  • ចូរ​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា
  • របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើអ្នកអាចក្លាយទៅជាមិត្តសម្លាញ់របស់ព្រះយ៉ាងដូចម្ដេច?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
w03 ១/១ ទំ. ២៧-៣២

ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក

«ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ[ព្រះ] ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។—ពេត្រុស​ទី​១ ៥:៧

១. តើ​ព្រះ​យេហូវ៉ា​និង​សាតាំង​គឺ​ផ្ទុយ​គ្នា​ក្នុង​ករណី​ដ៏​សំខាន់​ណា?

ព្រះ​យេហូវ៉ា និង​សាតាំង​គឺ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​គ្នា។ បុគ្គល​ណា​ម្នាក់​ដែល​មាន​អារម្មណ៍​ស្រឡាញ់​ព្រះ​យេហូវ៉ា នឹង​ស្អប់​ខ្ពើម​អារក្ស​ជា​ដាច់​ខាត។ ភាព​ផ្ទុយ​គ្នា​នេះ បាន​បញ្ជាក់​ក្នុង​ឯកសារ​យោង​មួយ។ សព្វ​វចនាធិប្បាយ​មួយ​ចែង​អំពី​សកម្មភាព​របស់​សាតាំង​ដូច​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​សៀវភៅ​យ៉ូប ថា៖ ‹កិច្ច​ការ​របស់​សាតាំង​គឺ​ដើរ​ចរច្រប់​ពេញ​ផែនដី ដើម្បី​ស្វែង​រក​ទង្វើ​អ្វី​ឬ​ក៏​មនុស្ស​ដែល​វា​អាច​ចោទ​ថា​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដូច្នេះ មុខ​ងារ​របស់​វា​គឺ​ផ្ទុយ​ពី‹ព្រះ​នេត្រ​របស់​ព្រះ​អម្ចាស់›ដែល​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល​ដើម្បី​ពង្រឹង​កម្លាំង​អ្នក​ដែល​ធ្វើ​ល្អ›។ (របាក្សត្រ​ទី​២ ១៦:៩) សាតាំង​សង្ស័យ​ចំពោះ​ទង្វើ​របស់​មនុស្ស​លោក​ដែល​បាន​ធ្វើ​យ៉ាង​ស្មោះ​នោះ។ ហើយ​ក្រោម​ការ​អនុញ្ញាត​របស់​ព្រះ នោះ​វា​អាច​ល្បង​ល​មនុស្ស​បាន ប៉ុន្តែ​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​ទ្រង់​ដាក់​ឲ្យ​ប៉ុណ្ណោះ›។ (Encyclop​æ​dia Britannica, 1970) មែន​ហើយ អារក្ស​សាតាំង​គឺ​ផ្ទុយ​ពី​ព្រះ​ទាំង​ស្រុង!—យ៉ូប ១:៦​-​១២; ២:១​-​៧

២, ៣. (ក) តើ​អត្ថន័យ​នៃ​ពាក្យ«អារក្ស»បាន​បង្ហាញ​យ៉ាង​ត្រឹម​ត្រូវ​នូវ​អ្វី​ដែល​កើត​ឡើង​ដល់​យ៉ូប? (ខ) តើ​ព្រះ​គម្ពីរ​បង្ហាញ​ថា សាតាំង​បន្ត​ចោទ​ប្រកាន់​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​តាម​របៀប​ណា?

២ ពាក្យ​ក្រិច​មួយ​ថា«អារក្ស» មាន​ន័យ​ថា«អ្នក​ចោទ​ប្រកាន់​មិន​ពិត» «អ្នក​និយាយ​បង្ខូច»។ សៀវភៅ​យ៉ូប​បង្ហាញ​ថា​សាតាំង​បាន​ចោទ​ប្រកាន់​យ៉ូប​ដែល​ជា​អ្នក​បំរើស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ថា​យ៉ូប​បំរើ​ទ្រង់​ដោយ​គិត​តែ​អំពី​ប្រយោជន៍​ខ្លួន​ឯង​ទេ វា​ពោល​ថា៖ «ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ​អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ?»។ (យ៉ូប ១:៩) កំណត់​ហេតុ​ក្នុង​សៀវភៅ​យ៉ូប​បង្ហាញ​ថា ទោះ​ជា​យ៉ូប​បាន​ត្រូវ​ល្បង​ល​និង​មាន​ទុក្ខ​លំបាក​ក៏​ដោយ ក៏​យ៉ូប​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ (យ៉ូប ១០:៩, ១២; ១២:៩, ១០; ១៩:២៥; ២៧:៥; ២៨:២៨) ក្រោយ​ពី​ការ​ឆ្លង​កាត់​សេចក្ដី​ទុក្ខ​លំបាក​របស់​គាត់ យ៉ូប​បាន​ពោល​អំពី​ព្រះ​ថា៖ «កាល​ពី​ដើម​ត្រចៀក​ទូល​បង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ»។—យ៉ូប ៤២:៥

៣ តាំង​ពី​សម័យ​យ៉ូប​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ តើ​សាតាំង​បាន​ឈប់​ចោទ​ប្រកាន់​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​ឬ​ទេ? អត់​ទេ! វា​នៅ​តែ​ធ្វើ​ដូច្នេះ​ដដែល។ សៀវភៅ​វិវរណៈ​បង្ហាញ​ថា​ក្នុង​គ្រា​ចុង​បញ្ចប់ សាតាំង​បន្ត​ចោទ​ប្រកាន់​បង​ប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ និង​ពួក​គូកន​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ​ដែរ។ (ធីម៉ូថេ​ទី​២ ៣:១២; វិវរណៈ ១២:១០, ១៧) ហេតុ​នេះ​ហើយ យើង​គ្រប់​គ្នា​ជា​ពួក​គ្រីស្ទាន​ពិត ត្រូវ​តែ​ចុះ​ចូល​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង ហើយ​យើង​ចង់​បំរើ​ទ្រង់​ដោយ​សារ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ដែល​យើង​មាន​ចំពោះ​ទ្រង់ ការ​ធ្វើ​បែប​នេះ​ស​ឲ្យ​ឃើញ​ថា​ការ​ចោទ​ប្រកាន់​របស់​សាតាំង​គឺ​ជា​ការ​ភូត​ភរ​ទៅ​វិញ។ តាម​រយៈ​ទង្វើ​នេះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីក​រាយ​នឹង​យើង។—សុភាសិត ២៧:១១

ព្រះ​យេហូវ៉ា​ស្វែង​រក​វិធី​ដើម្បី​ជួយ​យើង

៤, ៥. (ក) តើ​ព្រះ​យេហូវ៉ា​ទត​ច្រវាត់​រក​អ្វី​លើ​ផែនដី​ដែល​ផ្ទុយ​ពី​សាតាំង​នោះ? (ខ) ប្រសិន​បើ​យើង​ចង់​ទទួល​ព្រះ​គុណ​ពី​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​ចាំ​បាច់?

៤ អារក្ស​ដើរ​ចរច្រប់​លើ​ផែនដី ដើម្បី​ស្វះ​ស្វែង​រក​អ្នក​ណា​ដែល​វា​អាច​ចោទ​ប្រកាន់​បាន និង​ដើម្បី​ត្របាក់​លេប​អ្នក​នោះ។ (យ៉ូប ១:៧, ៩; ពេត្រុស​ទី​១ ៥:៨) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ស្វះ​ស្វែង​រក​វិធី​ដើម្បី​ជួយ​អស់​អ្នក​ដែល​ត្រូវ​ការ​កម្លាំង​របស់​ទ្រង់។ ព្យាការី​ហាណានី​ប្រាប់​ស្តេច​អេសា​ថា៖ «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់»។ (របាក្សត្រ​ទី​២ ១៦:៩) ព្រះ​យេហូវ៉ា​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ផ្ទុយ​ស្រឡះ​ពី​អារក្ស​សាតាំង ដែល​វា​ខំ​ចោទ​ប្រកាន់​យើង​ដោយ​ក្ដី​ស្អប់​ខ្ពើម​ជា​ទី​បំផុត!

៥ ព្រះ​យេហូវ៉ា​មិន​ទត​មើល​ទៅ​លើ​កំហុស​និង​គុណ​វិបត្ដិ​របស់​យើង​ទេ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​សរសេរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត​នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន?»។ (ទំនុក​ដំកើង ១៣០:៣) ចម្លើយ​គឺ​គ្មាន​ណា​នឹង​ធន់​នៅ​បាន​ទេ។ (សាស្ដា ៧:២០) ប្រសិន​បើ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ស្មោះ នោះ​ព្រះ​នេត្រ​ទ្រង់​នឹង​ទត​ច្រវាត់​លើ​យើង មិន​មែន​ដើម្បី​រក​កំហុស​យើង​ទេ តែ​ដើម្បី​សង្កេត​មើល​នូវ​ការ​ខំ​ប្រឹង​របស់​យើង និង​តប​ឆ្លើយ​ដល់​សេចក្ដី​អធិស្ឋាន​រក​ជំនួយ​របស់​យើង ហើយ​ដើម្បី​អត់​ឱន​ទោស​ឲ្យ​យើង។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា៖ «ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ​ភក្ដ្រ​ព្រះ​អម្ចាស់ តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។—ពេត្រុស​ទី​១ ៣:១២

៦. ចំពោះ​ករណី​របស់​ដាវីឌ តើ​មាន​ការ​សម្រាល​ទុក្ខ និង​ជា​ការ​ព្រមាន​ចំពោះ​យើង​យ៉ាង​ណា?

៦ ដាវីឌ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ និង​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ធ្ងរ។ (សាំយូអែល​ទី​២ ១២:៧​-​៩) ប៉ុន្តែ ដាវីឌ​បាន​ទូល​រឿង​សម្ងាត់​របស់​ទ្រង់​ទាំង​អស់​ប្រាប់​ព្រះ​យេហូវ៉ា និង​បាន​ចូល​ទៅ​ជិត​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ (ទំនុក​ដំកើង ៥១:១​-​១២) ព្រះ​យេហូវ៉ា​បាន​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​ដាវីឌ ហើយ​ក៏​បាន​អត់​ឱន​ទោស​ឲ្យ​គាត់ តែ​ដាវីឌ​បាន​ទទួល​លទ្ធផល​មិន​ល្អ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​បាប​នោះ។ (សាំយូអែល​ទី​២ ១២:១០​-​១៤) នេះ​ក៏​ជា​មេ​រៀន​ចំពោះ​យើង​ដែរ គឺ​ជា​ការ​សម្រាល​ទុក្ខ​និង​សំរាប់​ជា​ការ​ព្រមាន។ ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ប្រុង​ប្រៀប​នឹង​អត់​ឱន​ទោស​ឲ្យ​យើង បើ​យើង​ពិត​ជា​បាន​ប្រែ​ចិត្ត ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ ថា​ការ​ប្រព្រឹត្ត​អំពើ​បាប​ជួន​កាល​ក៏​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ​ដែរ។ (កាឡាទី ៦:៧​-​៩) ប្រសិន​បើ​យើង​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា យើង​គួរ​តែ​ជៀស​វាង​ពី​អ្វី​ៗ ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ។—ទំនុក​ដំកើង ៩៧:១០

ព្រះ​យេហូវ៉ា​ទាញ​នាំ​រាស្ត្រ​ទ្រង់​មក​ឯ​ទ្រង់

៧. តើ​ព្រះ​យេហូវ៉ា​ទត​ច្រវាត់​រក​មនុស្ស​បែប​ណា? ហើយ​តើ​ទ្រង់​ទាញ​នាំ​ពួក​គេ​មក​ឯ​ទ្រង់​យ៉ាង​ណា?

៧ ដាវីឌ​បាន​សរសេរ​ក្នុង​ទំនុក​មួយ​របស់​គាត់​ថា៖ «ដ្បិត​ទោះ​បើ​ព្រះ​យេហូវ៉ា​ទ្រង់​ខ្ពស់ គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាប​សា​ដែរ តែ​ឯ​មនុស្ស​ឆ្មើង​ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំ​ងាយ​ហើយ»។ (ទំនុក​ដំកើង ១៣៨:៦) ស្រដៀង​គ្នា​ដែរ ទំនុក​ដំកើង​មួយ​ទៀត​ចែង​ថា៖ «តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ ទ្រង់​ឱន​ព្រះ​នេត្រ ដើម្បី​ទត​មើល​ផ្ទៃ​មេឃ នឹង​ផែនដី ទ្រង់​លើក​មនុស្ស​ក្រី​ក្រ​ឡើង​ចេញ​ពី​ធូលី​ដី»។ (ទំនុក​ដំកើង ១១៣:៥​-​៧) ត្រូវ​ហើយ ព្រះ​ដែល​ជា​អ្នក​បង្កើត ដែល​មាន​ព្រះ​ចេស្ដា​បំផុត​ក្នុង​សកល​លោក​នេះ ទ្រង់​ឱន​ព្រះ​នេត្រ​ទត​មើល​ផែនដី និង​ទ្រង់​ទត​ឃើញ«ពួក​អ្នក​រាប​សា» «មនុស្ស​ក្រី​ក្រ» ជា​មនុស្ស​ដែល«ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត»។ (អេសេគាល ៩:៤) ទ្រង់​ទាញ​នាំ​មនុស្ស​បែប​នេះ​មក​ឯ​ទ្រង់ តាម​រយៈ​រាជបុត្រា​របស់​ទ្រង់។ ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​ថា៖ «គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ . . . គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះ​វរបិតា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប៉ុណ្ណោះ»។—យ៉ូហាន ៦:៤៤, ៦៥

៨, ៩. (ក) ហេតុ​អ្វី​ក៏​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​ឯ​ព្រះ​យេស៊ូ? (ខ) តើ​យ៉ាង​ដូច​ម្ដេច​ដែល​របៀប​រៀបចំ​ឲ្យ​មាន​តម្លៃ​លោះ ពិត​ជា​អស្ចារ្យ​ម្ល៉េះ?

៨ មនុស្ស​លោក​គួរ​មក​ឯ​ព្រះ​យេស៊ូ​និង​មាន​ជំនឿ​លើ​យញ្ញ​បូជា​លោះ​របស់​ទ្រង់ ពីព្រោះ​ពួក​គេ​បាន​កើត​មក​ដោយ​មាន​បាប ហើយ​ឃ្លាត​ចេញ​ពី​ព្រះ។ (យ៉ូហាន ៣:៣៦) ពួក​គេ​ត្រូវ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ព្រះ​វិញ។ (កូរិនថូស​ទី​២ ៥:២០) ព្រះ​ទ្រង់​មិន​ចាំ​ឲ្យ​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​បាប​មក​អង្វរករ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​ជា​នា​ជា​មួយ​គេ​នោះ​ឡើយ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា . . . បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ​រាជបុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។—រ៉ូម ៥:៨, ១០

៩ សាវ័ក​យ៉ូហាន​បាន​បញ្ជាក់​នូវ​ភាព​ជាក់​ស្តែង​ដ៏​អស្ចារ្យ ដែល​ថា​ព្រះ​កំពុង​តែ​ផ្សះ​ផ្សា​ជា​មួយ​មនុស្ស ដោយ​សរសេរ​ថា៖ «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ​សារ​ទ្រង់ នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។ (យ៉ូហាន​ទី​១ ៤:៩, ១០) ព្រះ​បាន​ចាត់​វិធានការ​ដោយ​ទ្រង់​ប្រព្រឹត្ត​ជា​មុន មិន​មែន​ចាំ​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​សិន​នោះ​ទេ។ ដោយ​ព្រោះ​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​យើង ដែល​មិន​គ្រាន់​តែ​ជា‹អ្នក​មាន​បាប›តែ​ជា‹ខ្មាំង​សត្រូវ›របស់​ទ្រង់​ផង​នោះ អ្នក​ច្បាស់​ជា​មាន​ចិត្ត​ស្រឡាញ់​ព្រះ​ណាស់ មែន​ទេ?—យ៉ូហាន ៣:១៦

យើង​ត្រូវ​តែ​ស្វែង​រក​ព្រះ​យេហូវ៉ា

១០, ១១. (ក) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី ដើម្បី​ស្វែង​រក​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​របប​លោកីយ៍​របស់​សាតាំង?

១០ ដូច​ជា​យើង​ដឹង​ស្រាប់​ហើយ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​មក​ឯ​ទ្រង់​ទេ។ យើង​ត្រូវ​តែ​ស្វែង​រក​ទ្រង់«ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយ​ៗ​ក៏​ដោយ»។ (កិច្ច​ការ ១៧:២៧) យើង​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​សិទ្ធិ​របស់​ព្រះ​យេហូវ៉ា ក្នុង​ការ​តម្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ទ្រង់​នោះ។ យ៉ាកុប​ដែល​ជា​សិស្ស បាន​សរសេរ​ថា៖ «ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​ត​ស៊ូ​នឹង​អារក្ស​វិញ​ចុះ! នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ! ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ! ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ! ចូរ​សំអាត​ចិត្ត​ឡើង»។ (យ៉ាកុប ៤:៧, ៨) យើង​មិន​គួរ​ស្ទាក់​ស្ទើរ​ក្នុង​ការ​កាន់​ជំហរ​ប្រឆាំង​ត​ទល់​នឹង​អារក្ស ហើយ​ផ្ទុយ​ទៅ​វិញ​យើង​កាន់​ជំហរ​ឲ្យ​មាំ​នៅ​ខាង​ព្រះ​យេហូវ៉ា​វិញ។

១១ នេះ​មាន​ន័យ​ថា យើង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​របប​លោកីយ៍​ដ៏​អាក្រក់​របស់​សាតាំង។ យ៉ាកុប​ក៏​បាន​សរសេរ​ថា៖ «តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ»។ (យ៉ាកុប ៤:៤) ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា យើង​ត្រូវ​តែ​ដឹង​ថា លោកីយ៍​របស់​សាតាំង​នឹង​ស្អប់​យើង​ជាក់​ជា​ពុំ​ខាន។—យ៉ូហាន ១៥:១៩; យ៉ូហាន​ទី​១ ៣:១៣

១២. (ក) តើ​ស្តេច​ដាវីឌ​សរសេរ​ពាក្យ​អ្វី​ដែល​សម្រាល​ទុក្ខ​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​ព្រមាន​យ៉ាង​ណា តាម​រយៈ​ព្យាការី​អ័សារា​នោះ?

១២ យើង​ត្រូវ​ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​ពិសេស ដើម្បី​ទូល​សុំជំនួយ​ពី​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន ពេល​ណា​ដែល​លោកីយ៍​របស់​សាតាំង​ប្រឆាំង​យើង​តាម​របៀប​ដ៏​ខ្លាំង​ណា​មួយ​នោះ។ ដាវីឌ​បាន​ទទួល​នូវ​ការ​សង្គ្រោះ​ជា​ច្រើន​ដង​ពី​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​សរសេរ​សំបុត្រ​សំរាល​ទុក្ខ​យើង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវនាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង ព្រះ​យេហូវ៉ា​ទ្រង់​រមែង​ការ​ពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​នឹង​បំផ្លាញ​ពួក​មនុស្ស​អាក្រក់​វិញ»។ (ទំនុក​ដំកើង ១៤៥:១៨​-​២០) ទំនុក​ដំកើង​នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​អាច​សង្គ្រោះ​យើង ពេល​យើង​ម្នាក់​ៗ​មាន​ការ​ល្បង​ល ហើយ​ថា​ទ្រង់​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ទាំង​អស់ នៅ​ពេល​មាន«គ្រា​វេទនា​យ៉ាង​ធំ»។ (វិវរណៈ ៧:១៤) ព្រះ​យេហូវ៉ា​នឹង​គង់​នៅ​ជិត​យើង បើ​យើង​បន្ត​នៅ​ជិត​ទ្រង់​នោះ។ ព្យាការី​អ័សារា​ដែល​បាន​ដឹក​នាំ​ដោយ«ព្រះ​វិញ្ញាណ​នៃ​ព្រះ» បាន​ថ្លែង​នូវ​អ្វី​ដែល​យើង​ចាត់​ទុក​ជា​សច្ចភាព និង​អាច​យក​មក​អនុវត្ត​តាម​បាន គាត់​ថ្លែង​ថា៖ «កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ»។—របាក្សត្រ​ទី​២ ១៥:១, ២

យើង​ត្រូវ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត

១៣. តើ​យើង​អាច​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច?

១៣ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​ម៉ូសេ ថា«លោក​បាន​កាន់​យ៉ាង​ខ្ជាប់​ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ»។ (ហេព្រើរ ១១:២៧) ប្រាកដ​ហើយ ម៉ូសេ​មិន​ដែល​ឃើញ​ព្រះ​យេហូវ៉ា​ទេ។ (និក្ខមនំ ៣៣:២០) ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​គាត់ ដែល​ហាក់​ដូច​ជា​គាត់​បាន​ឃើញ​ទ្រង់​មែន។ ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​យ៉ូប​រង​ទុក្ខ​លំបាក​នោះ ដោយ​ជំនឿ​គាត់​ប្រៀប​ដូច​ជា​មើល​ឃើញ​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់ ថា​ទ្រង់​នឹង​មិន​បោះ​បង់​ចោល​ពួក​អ្នក​បំរើ​របស់​ទ្រង់​ឡើយ ទោះ​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​គេ​រង​ទុក្ខ​លំបាក​ក៏​ដោយ។ (យ៉ូប ៤២:៥) ព្រះ​គម្ពីរ​ចែង​អំពី​លោក​ហេណុក​និង​លោក​ណូអេ​ថា ពួក​គាត់​បាន‹ដើរ​ជា​មួយ​នឹង​ព្រះ›។ ពួក​គេ​បាន​ធ្វើ​ដូច្នេះ ដោយ​ស្វែង​រក​ព្រះ​និង​ស្ដាប់​បង្គាប់​ទ្រង់។ (លោកុប្បត្តិ ៥:២២​-​២៤; ៦:៩, ២២; ហេព្រើរ ១១:៥, ៧) ប្រសិន​បើ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ចំពោះយើង ដូច​ជា​ចំពោះ​លោក​ហេណុក ណូអេ យ៉ូប និង​ម៉ូសេ​ដែរ​នោះ យើង​នឹង«ទទួល​ស្គាល់​ទ្រង់»ក្នុង​គ្រប់​ផ្លូវ​របស់​យើង ហើយ​ពឹង​ពាក់​ទៅ​លើ​ទ្រង់​ទាំង​ស្រុង​ឲ្យ«ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់[យើង]»។—សុភាសិត ៣:៥, ៦

១៤. តើ​ការ«នៅ​ជាប់»នឹង​ព្រះ​យេហូវ៉ា មាន​ន័យ​យ៉ាង​ណា?

១៤ ម៉ូសេ​បាន​ឲ្យ​ឱវាទ​ដល់​ពួក​អ៊ីស្រាអែល មុន​នឹង​ពួក​គេ​ចូល​ទៅ​ស្រុក​សន្យា គឺ​ថា៖ «ត្រូវ​ឲ្យ​ដើរ​តាម​តែ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នឹង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទ្រង់ ក៏​ត្រូវ​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ផង»។ (ចោទិយកថា ១៣:៤) ពួក​គេ​ត្រូវ​តែ​ដើរ​តាម​ព្រះ​យេហូវ៉ា កោត​ខ្លាច​ដល់​ទ្រង់ គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ និង​នៅ​ជាប់​នឹង​ទ្រង់។ បណ្ឌិត​ព្រះ​គម្ពីរ​ម្នាក់​ថ្លែង​ប្រាប់​អំពី​ពាក្យ​ដែល​បាន​បក​ប្រែ​នៅ​ទី​នេះ​ថា«នៅ​ជាប់» ដោយ​ពោល​ថា«ភាសា​នេះ​បញ្ជាក់​នូវ​ចំណង​មេត្រី​ភាព​ដ៏​ជិត​ស្និទ្ធ»។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ថ្លែង​ថា៖ «សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ​យេហូវ៉ា នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់»។ (ទំនុក​ដំកើង ២៥:១៤) យើង​ក៏​អាច​មាន​ចំណង​មេត្រី​ភាព​ដ៏​វិសេស​វិសាល​ហើយ​ជិត​ស្និទ្ធ​នេះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង​ដែរ បើ​យើង​ចាត់​ទុក​ទ្រង់​ជា​បុគ្គល​ដ៏​ពិត​ចំពោះ​យើង ហើយ​បើ​យើង​ស្រឡាញ់​ទ្រង់​យ៉ាង​ខ្លាំង នោះ​យើង​នឹង​ខ្លាច​ពុំ​ហ៊ាន​ធ្វើ​អ្វី ដែល​ទ្រង់​ពុំ​សព្វ​ព្រះ​ហឫទ័យ​ឡើយ។—ទំនុក​ដំកើង ១៩:៩​-​១៤

តើ​អ្នក​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ឬ​ទេ?

១៥, ១៦. (ក) តើ​ទំនុក​ដំកើង ទំនុក​ទី​៣៤ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​ត្រូវ​តែ​ធ្វើ​អ្វី បើ​យើង​ពិបាក​នឹក​ចាំ​នូវ​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​យើង?

១៥ ឧបាយ​កល​មួយ​របស់​សាតាំង គឺ​វា​ខំ​ប្រឹង​ឲ្យ​យើង​ភ្លេច​ថា ព្រះ​យេហូវ៉ា​គឺ​កំពុង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​រៀង​រាល់​ដង។ ស្តេច​ដាវីឌ​នៅ​អ៊ីស្រាអែល​ពី​សម័យ​ដើម​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​ខ្លួន ទោះ​ជា​ពេល​ទ្រង់​បាន​ឆ្លង​កាត់​គ្រា​ដ៏​មាន​គ្រោះ​ថ្នាក់​បំផុត​ក៏​ដោយ។ ពេល​ដាវីឌ​ក្លែង​ធ្វើ​ជា​មនុស្ស​ឆ្កួត​នៅ​ពី​មុខ​ស្តេច​អ័គីស​នៃ​ស្រុក​កាឌ់ នោះ​ដាវីឌ​បាន​តែង​ចំរៀង​មួយ​ដែល​ជា​ទំនុក​ដ៏​ពីរោះ​មែន ជា​ពាក្យ​ដែល​បង្ហាញ​ជំនឿ ទ្រង់​ច្រៀង​ថា៖ «ចូរ​ដំកើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិត​ភ័យ​របស់​ខ្ញុំ។ ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំ​វិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច។ ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ!។ មាន​ពរ​ហើយ មនុស្សណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់។ ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប។ មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។—ទំនុក​ដំកើង ៣៤:៣, ៤, ៧, ៨, ១៨, ១៩; សាំយូអែល​ទី​១ ២១:១០​-​១៥

១៦ តើ​អ្នក​ជឿ​ជាក់​ទៅ​លើ​អំណាច​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​អ្នក​ឬ​ទេ? តើ​អ្នក​ដឹង​ថា​ទ្រង់​ប្រើ​បណ្ដា​ទេវតា​ឲ្យ​ការ​ពារ​អ្នក​ឬ​ទេ? តើ​អ្នក​បាន​ភ្លក់​និង​ឃើញ​ដោយ​ផ្ទាល់​ថា ព្រះ​យេហូវ៉ា​គឺ​ល្អ​ឬ​ទេ? តើ​នៅ​ពេល​មុន​ណា ដែល​អ្នក​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​នោះ? សូម​ខំ​នឹក​ចាំ​ឡើង​វិញ។ តើ​ប្រហែល​ជា​នៅ​ផ្ទះ​ចុង​ក្រោយ​ដែល​អ្នក​ផ្សព្វ​ផ្សាយ ក្នុង​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ផ្សព្វ​ផ្សាយ​បន្ត​នោះ​ឬ? ប្រហែល​ជា​ពេល​នោះ អ្នក​បាន​សន្ទនា​យ៉ាង​ល្អ​ជា​មួយ​ម្ចាស់​ផ្ទះ។ តើ​អ្នក​នឹក​ចាំ​ដោយ​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ប្រទាន​កម្លាំង​និង​ពរ​ឲ្យ​អ្នក​ឬ​ទេ? (កូរិនថូស​ទី​២ ៤:៧) ម្យ៉ាង​វិញ​ទៀត អ្នក​ប្រហែល​ជា​ពិបាក​នឹក​ចាំ​នឹង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សំរាប់​អ្នក។ អ្នក​ប្រហែល​ជា​ត្រូវ​នឹក​គិត​មួយ​សប្ដាហ៍ មួយ​ខែ មួយ​ឆ្នាំ ឬ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត​ផង។ បើ​ដូច្នេះ​មែន សូម​ខំ​ផ្ចង់​ស្មារតី​ចូល​ឲ្យ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា និង​ខំ​ពិនិត្យ​មើល​នូវ​របៀប​ដែល​ទ្រង់​ណែនាំ​និង​ដឹក​នាំ​អ្នក​ចុះ។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ថា៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ! . . . ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។ (ពេត្រុស​ទី​១ ៥:៦, ៧) ប្រាកដ​ហើយ អ្នក​នឹង​ស្ងើច​ចិត្ត​ថា​ព្រះ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​ប៉ុណ្ណា​នោះ!—ទំនុក​ដំកើង ៧៣:២៨

ចូរ​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា

១៧. តើ​ត្រូវ​ការ​អ្វី​ជា​ចាំ​បាច់ បើ​យើង​ចង់​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា?

១៧ ការ​ពង្រឹង​ចំណង​មេត្រី​ភាព​ជា​មួយ​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ពង្រឹង​ជា​និច្ច។ ព្រះ​យេស៊ូ​ទូល​ដល់​ព្រះ​វរបិតា​តាម​រយៈ​សេចក្ដី​អធិស្ឋាន​ថា៖ «នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣, ព.ថ.) ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ​យេហូវ៉ា និង​អំពី​រាជបុត្រា​របស់​ទ្រង់ តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ជា​និច្ច។ យើង​ត្រូវ​ការ​ជំនួយ​ពី​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន និង​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​យើង​យល់«សេចក្ដី​ជ្រាល​ជ្រៅ​នៃ​ព្រះ»។ (កូរិនថូស​ទី​១ ២:១០; លូកា ១១:១៣) យើង​ក៏​ត្រូវ​ការ​ការ​ដឹក​នាំ​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ដើម្បី​បំប៉ន​យើង​នូវ​អាហារ​ខាង​វិញ្ញាណ ដែល​ផ្ដល់​មក«តាម​ត្រូវ​ពេល»។ (ម៉ាថាយ ២៤:៤៥ តាម​ខ្សែ​រយៈ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឱវាទ​ឲ្យ​យើង​អាន​បន្ទូល​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់ និង​ចូល​រួម​ផ្សព្វ​ផ្សាយ«ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ» ដែល​ធ្វើ​ឡើង​ដោយ​អស់​ពី​ចិត្ត។ (ម៉ាថាយ ២៤:១៤) តាម​រយៈ​ទង្វើ​នេះ យើង​នឹង​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង។

១៨, ១៩. (ក) តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី? (ខ) ប្រសិន​បើ​យើង​ត​ស៊ូ​នឹង​អារក្ស និង​បន្ត​ស្វែង​រក​ព្រះ​យេហូវ៉ា តើ​យើង​នឹង​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច?

១៨ សាតាំង​កំពុង​តែ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ដើម្បី​នាំ​ឲ្យ​មាន​ការ​បៀត​បៀន ការ​ប្រឆាំង និង​ការ​បង្ខិត​បង្ខំ​ពី​គ្រប់​ទិស​ទី​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ វា​ខំ​រំខាន​ដល់​សន្ដិភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ និង​វា​ខំ​បំផ្លាញ​នូវ​ជំហរ​ដ៏​រឹង​មាំ​របស់​យើង​ចំពោះ​ព្រះ។ វា​មិន​ចង់​ឲ្យ​យើង​បន្ត​ស្វែង​រក​មនុស្ស​ចិត្ត​ស្មោះ​ត្រង់ និង​ជួយ​មនុស្ស​ឲ្យ​នៅ​ខាង​ព្រះ​យេហូវ៉ា ស្តី​អំពី​រឿង​ទាក់​ទង​នឹង​អធិបតេយ្យភាព​សកល​លោក​នោះ​ទេ។ ប៉ុន្តែ យើង​ត្រូវ​តែ​ប្ដេជ្ញា​បន្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ដោយ​ទុក​ចិត្ត​លើ​ទ្រង់​ឲ្យ​សង្គ្រោះ​យើង​ពី​មេ​កំណាច​នេះ។ បើ​យើង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ដឹក​នាំ​ផ្លូវ​យើង និង​បើ​យើង​បំរើ​យ៉ាង​សកម្ម​ជា​មួយ​នឹង​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​គាំទ្រ​យើង​ជាក់​ជា​ពុំ​ខាន។—អេសាយ ៤១:៨​-​១៣

១៩ ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ត​ស៊ូ​នឹង​អារក្ស​និង​ឧបាយ​កល​របស់​វា ដោយ​ខំ​ស្វែង​រក​ព្រះ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​និច្ច ដែល​ទ្រង់​នឹង‹ចំរើន​កម្លាំង ហើយ​តាំង​ជំហរ​យើង​ឲ្យ​មាំ​មួន›។ (ពេត្រុស​ទី​១ ៥:៨​-​១១) បើ​យើង​ធ្វើ​ដូច​នេះ យើង​នឹង‹រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ព្រម​ទាំង​រង់​ចាំ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ›។—យូដាស ២០

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ពាក្យ​ក្រិច«អារក្ស»មាន​ន័យ​យ៉ាង​ណា? តើ​អារក្ស​សម​នឹង​ឈ្មោះ​នោះ​យ៉ាង​ដូច​ម្ដេច?

• តើ​ព្រះ​យេហូវ៉ា​ខុស​គ្នា​នឹង​អារក្ស​យ៉ាង​ណា ក្នុង​ការ​ដែល​ទ្រង់​ទត​ច្រវាត់​មនុស្ស​ដែល​រស់​លើ​ផែនដី?

• ហេតុ​អ្វី​ក៏​បុគ្គល​ម្នាក់​ត្រូវ​ទទួល​យក​តម្លៃ​លោះ ពេល​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

• តើ​ការ«នៅ​ជាប់»នឹង​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា? ហើយ​តើ​យើង​អាច​បន្ត​ស្វែង​រក​ទ្រង់​យ៉ាង​ដូច​ម្ដេច?

[រូប​ភាព​នៅ​ទំព័រ​២៩]

ទោះ​ជា​យ៉ូប​មាន​ទុក្ខ​លំបាក​ក៏​ដោយ គាត់​យល់​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​គាត់

[រូប​ភាព​នៅ​ទំព័រ​៣០]

ការ​អាន​ព្រះ​គម្ពីរ​រៀង​រាល់​ថ្ងៃ ការ​ទៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​ជា​ទៀង​ទាត់ និង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ យ៉ាង​ខ្នះ​ខ្នែង រំលឹក​យើង​ថា ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក