ជំពូកទី១២
អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
១, ២ (ក) ហេតុអ្វីក៏របៀបដែលអ្នកដឹកនាំជីវភាពរស់នៅ ពិតជាការសំខាន់ចំពោះអ្នក? (ខ) តើរឿងនេះមានសារៈសំខាន់ដល់អ្នកណាទៀត ហើយហេតុអ្វី?
របៀបដែលអ្នកដឹកនាំជីវភាពរស់នៅរបស់អ្នក ពិតជាការសំខាន់ណាស់។ ការនេះនឹងមានន័យចំពោះអ្នក ថាតើអ្នកនឹងទទួលអនាគតដ៏រីករាយមួយឬក៏វេទនាមួយ។ នៅទីបំផុត ការនេះនឹងសម្រេច ថាតើអ្នកនឹងវិនាសទៅជាមួយលោកីយ៍នេះ ឬក៏ឆ្លងផុតពីទីបញ្ចប់នៃលោកីយ៍ ហើយចូលទៅរស់នៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ ដែលនៅទីនោះអ្នកអាចរស់នៅជានិរន្តរ៍បាន។—យ៉ូហានទី១ ២:១៧; ពេត្រុសទី២ ៣:១៣
២ ប៉ុន្តែ របៀបដែលអ្នកដឹកនាំជីវភាពរស់នៅរបស់អ្នក មានអានុភាពមិនត្រឹមតែទៅលើខ្លួនអ្នកប៉ុណ្ណោះទេ។ អ្នកផ្សេងទៀតក៏ជាប់ទាក់ទងដែរ។ អ្វីៗដែលអ្នកប្រព្រឹត្តក៏មានអានុភាពទៅលើពួកគេដែរ។ ឧទាហរណ៍ ប្រសិនបើឪពុកម្ដាយរបស់អ្នកនៅរស់ អ្វីៗដែលអ្នកប្រព្រឹត្តអាចនាំឲ្យពួកគេនូវកិត្ដិយស ឬសេចក្ដីអាម៉ាស់មុខ។ ព្រះគម្ពីរបានចែងថា៖ «កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្ដាយធ្ងន់ទ្រូងវិញ»។ (សុភាសិត ១០:១) រឹតតែសំខាន់ទៅទៀតនោះ របៀបដែលអ្នកដឹកនាំជីវភាពរស់នៅរបស់អ្នក ក៏មានការជាប់ទាក់ទងដល់ព្រះយេហូវ៉ាដែរ។ ការនេះអាចធ្វើឲ្យទ្រង់មានព្រះហឫទ័យរីករាយ ឬក៏ធ្វើឲ្យទ្រង់មានព្រះទ័យព្រួយ។ ហេតុអ្វី? ពីព្រោះអ្នកមានការជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ។
តើមនុស្សនឹងស្មោះត្រង់ចំពោះព្រះទេ?
៣ តើសាតាំងបានចោទប្រឆាំងអ្វីទៅព្រះយេហូវ៉ា?
៣ រឿងចំណោទនេះបានចោទឡើងដោយអារក្សសាតាំង។ វាបានចោទរឿងនេះឡើងនៅពេលដែលវាបានទាញអ័ដាមនិងនាងអេវ៉ា ឲ្យប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យព្រះ ហើយដូច្នេះក៏ចូលរួមជាមួយវាក្នុងការបះបោរប្រឆាំងនឹងព្រះដែរ។ (លោកុប្បត្តិ ៣:១-៦) ការនេះបានផ្ដល់ឲ្យសាតាំងនូវអ្វីដែលវាគិតថា ជាមូលដ្ឋានក្នុងការចោទប្រឆាំងទៅព្រះយេហូវ៉ាគឺថា៖ ‹មនុស្សគ្រាន់តែបម្រើទ្រង់ដោយសារអ្វីៗដែលគេបានពីទ្រង់ប៉ុណ្ណោះ។ សូមឲ្យឱកាសមកទូលបង្គំ ហើយទូលបង្គំនឹងអាចបំបែរមនុស្សណាទាំងអស់ ឲ្យចេញពីទ្រង់បាន›។ ទោះជាពាក្យសម្ដីទាំងនេះមិនមាននៅក្នុងព្រះគម្ពីរពិតមែនក៏ដោយ ក៏ជាការច្បាស់ណាស់ដែលសាតាំងបាននិយាយអ្វីបែបនេះទៅកាន់ព្រះ។ រឿងទាំងនេះបានបង្ហាញនៅក្នុងព្រះគម្ពីរសៀវភៅយ៉ូប។
៤, ៥ (ក) តើលោកយ៉ូបជាអ្នកណា? (ខ) នៅសម័យលោកយ៉ូប តើអ្វីបានកើតឡើងនៅស្ថានសួគ៌?
៤ លោកយ៉ូបជាបុរសម្នាក់ ដែលបានរស់នៅជាច្រើនសតវត្សក្រោយពីការបះបោរប្រឆាំង ដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន។ លោកជាអ្នកបម្រើដ៏សុចរិតនិងស្មោះត្រង់របស់ព្រះម្នាក់។ ប៉ុន្តែ តើសេចក្ដីស្មោះត្រង់របស់យ៉ូបពិតជាសំខាន់ចំពោះព្រះ ឬក៏សាតាំងទេ? ព្រះគម្ពីរបានបង្ហាញថាពិតជាសំខាន់មែន។ ព្រះគម្ពីរបានប្រាប់យើងអំពីការបង្ហាញខ្លួនរបស់សាតាំងនៅចំពោះព្រះភក្ដ្រនៃព្រះយេហូវ៉ានៅក្នុងព្រះរាជសភានៅស្ថានសួគ៌។ សូមកត់សម្គាល់ពីប្រធាននៃការសន្ទនានោះ៖
៥ «រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់ល័ក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»?—យ៉ូប ១:៦-៨
៦ តើព្រះគម្ពីរបង្ហាញថា មានរឿងចំណោទអ្វីនៅសម័យយ៉ូប?
៦ ហេតុអ្វីក៏ព្រះយេហូវ៉ាបានធ្វើនិទ្ទេសទៅសាតាំងថា យ៉ូបជាមនុស្សទៀងត្រង់ម្នាក់ដូច្នេះ? ជាការច្បាស់ណាស់ គឺមានរឿងចំណោទមួយ ថាតើយ៉ូបនឹងនៅស្មោះត្រង់ចំពោះព្រះយេហូវ៉ាតទៅទៀតឬក៏មិននៅ។ សូមគិតអំពីសំនួររបស់ព្រះ«ឯងមកពីណា»? ហើយសាតាំងឆ្លើយតបថា«មកពីដើរចុះឡើងទៅមកនៅផែនដី»។ សំនួរនេះ និងការឆ្លើយតបរបស់សាតាំងបានបង្ហាញឲ្យឃើញថា ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងនូវឱកាសដោយសេរី ដើម្បីអនុវត្តនូវការចោទប្រឆាំងរបស់វាដែលថាវាអាចបំបែរមនុស្សទាំងអស់ឲ្យចេញពីព្រះបាន។ អញ្ចឹង តើសាតាំងឆ្លើយតបយ៉ាងណា ចំពោះសំនួររបស់ព្រះយេហូវ៉ាអំពីសេចក្ដីស្មោះត្រង់របស់យ៉ូបនោះ?
៧, ៨ (ក) តើសាតាំងបានចោទថា លោកយ៉ូបបានបម្រើព្រះដើម្បីមូលហេតុណា? (ខ) តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា ដើម្បីដោះស្រាយរឿងចំណោទនោះ?
៧ «សាតាំងទូលឆ្លើយដល់ព្រះយេហូវ៉ាថា ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនឡើងនៅលើផែនដី ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:៩-១១
៨ ដោយសារសេចក្ដីតបរបស់វា សាតាំងបានធ្វើការចោទប្រកាន់ទៅលើសេចក្ដីស្មោះត្រង់របស់យ៉ូបចំពោះព្រះ។ សាតាំងបានប្រកែកថា ‹យ៉ូបបម្រើទ្រង់ ពីព្រោះតែរបស់ដែលទ្រង់បានប្រទានគាត់ប៉ុណ្ណោះ មិនមែនពីព្រោះគាត់ស្រឡាញ់ទ្រង់ទេ›។ សាតាំងក៏បានតវ៉ាទៀតថា ព្រះយេហូវ៉ាប្រើឥទ្ធិពលដ៏មហិមារបស់ទ្រង់ក្នុងផ្លូវមិនសមត្រឹមត្រូវ។ វាបាននិយាយថា ‹ទ្រង់បានការពារគាត់ជានិច្ច›។ ដូច្នេះ ដើម្បីដោះស្រាយនូវរឿងចំណោទនោះ ព្រះយេហូវ៉ាបានមានបន្ទូលឆ្លើយថា៖ «មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ»!—យ៉ូប ១:១២
៩ តើបញ្ហាអ្វីដែលសាតាំងបានបណ្ដាលចំពោះយ៉ូប ហើយមានលទ្ធផលយ៉ាងណា?
៩ ភ្លាមនោះសាតាំងបានចាប់ផ្ដើមបង្កើតបញ្ហាចំពោះលោកយ៉ូប។ វាបានបណ្ដាលឲ្យគេសម្លាប់ឬក៏លួចអស់ទាំងបសុសត្វរបស់យ៉ូប។ បន្ទាប់មកវាបានធ្វើឲ្យកូនទាំង១០នាក់របស់យ៉ូបស្លាប់។ លោកយ៉ូបបានបាត់បង់ស្ទើរតែទាំងអស់ ប៉ុន្តែលោកនៅតែស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ លោកមិនបានប្រមាថដល់ព្រះទេ។ (យ៉ូប ១:២, ១៣-២២) ប៉ុន្តែ រឿងនេះមិនទាន់ចប់នៅឡើយទេ។
១០ អ្វីដែលបង្ហាញថា សាតាំងវាមិនបានព្រមចុះចាញ់?
១០ ម្ដងទៀតសាតាំងបានមកជាមួយទេវតាផ្សេងៗទៀតនៅចំពោះព្រះភក្ដ្រនៃព្រះយេហូវ៉ា។ ម្ដងនេះទៀតព្រះយេហូវ៉ាក៏បានសួរទៅសាតាំង ថាតើវាបានឃើញសេចក្ដីស្មោះត្រង់របស់យ៉ូបទេ ហើយបានមានបន្ទូលថា៖ «គង់តែគាត់នៅរក្សាលក្ខណៈខ្លួនដដែល»។ នៅពេលនោះសាតាំងបានឆ្លើយតបថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹង នឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ២:១-៥
១១ (ក) តើមានសេចក្ដីទុក្ខលំបាកណាទៀត ដែលសាតាំងបានបណ្ដាលដល់យ៉ូប? (ខ) តើបានលទ្ធផលយ៉ាងណា?
១១ ក្នុងការឆ្លើយតប ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងប្រព្រឹត្តអ្វីដែលវាអាចធ្វើទៅបានដល់យ៉ូប តែទ្រង់បានមានបន្ទូលថា៖ ‹ចូរឯងមិនត្រូវសម្លាប់គាត់ឡើយ›។ (យ៉ូប ២:៦) ដូច្នេះ សាតាំងក៏បណ្ដាលឲ្យយ៉ូបមានជម្ងឺដ៏អាក្រក់មួយ។ សេចក្ដីវេទនារបស់យ៉ូបមានសភាពយ៉ាងខ្លាំងដល់ម្ល៉េះ ដែលលោកបានអធិស្ឋានសូមឲ្យស្លាប់។ (យ៉ូប ២:៧; ១៤:១៣, ១៤) ប្រពន្ធរបស់លោកផ្ទាល់បានបែរទៅជាប្រឆាំងនឹងលោក ដោយនិយាយថា៖ «ចូរប្រមាថដល់ព្រះហើយស្លាប់ទៅចុះ»! (យ៉ូប ២:៩) ប៉ុន្តែ យ៉ូបបានបដិសេធមិនព្រមធ្វើដូច្នោះទេ។ លោកបាននិយាយថា៖ «ខ្ញុំពុំយកចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ខ្ញុំចេញពីខ្លួនខ្ញុំឡើយ ដរាបដល់ខ្ញុំត្រូវវិនាសទៅ!» (យ៉ូប ២៧:៥, ពថ) យ៉ូបនៅតែស្មោះត្រង់នឹងព្រះជានិច្ច។ ដូច្នេះ រឿងនេះបានបង្ហាញថាសាតាំងខុសទាំងស្រុងក្នុងការចោទប្រឆាំងរបស់វា ដែលថាយ៉ូបគ្រាន់តែបម្រើព្រះសំរាប់តែការចំណេញខាងវត្ថុទ្រព្យប៉ុណ្ណោះ ដែលមិនមែនមកពីសេចក្ដីស្រឡាញ់នោះ។ រឿងនេះក៏បានសម្ដែងទៀតថា សាតាំងមិនអាចបំបែរមនុស្សគ្រប់ៗគ្នាឲ្យឈប់ពីការបម្រើព្រះបានឡើយ។
១២ (ក) តើលោកយ៉ូបបានផ្ដល់ចម្លើយអ្វីដល់ព្រះ ចំពោះការចោទប្រឆាំងរបស់សាតាំងនោះ? (ខ) តើសេចក្ដីស្មោះត្រង់របស់ព្រះយេស៊ូវចំពោះព្រះបានបង្ហាញយ៉ាងណា?
១២ តើអ្នកគិតថា ការប្រព្រឹត្តដ៏ស្មោះត្រង់របស់យ៉ូបបានធ្វើឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យយ៉ាងណាដែរ? ការនេះបានធ្វើឲ្យទ្រង់មានព្រះហឫទ័យរីករាយជាខ្លាំង! ព្រះបន្ទូលរបស់ព្រះបានណែនាំថា៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១) គឺជាសាតាំង ដែលជាអ្នកតិះដៀលដល់ព្រះយេហូវ៉ា។ ហើយដោយសារការប្រព្រឹត្តដ៏ស្មោះត្រង់របស់គាត់ យ៉ូបបានធ្វើឲ្យព្រះហឫទ័យព្រះបានរីករាយ។ រឿងនេះបានផ្ដល់ដល់ព្រះនូវចម្លើយមួយ ចំពោះការតិះដៀលដោយអំនួតឬក៏ការចោទប្រឆាំងរបស់សាតាំង ដែលថាមនុស្សនឹងមិនបម្រើព្រះនៅក្រោមការសាកល្បងនោះ។ មានអ្នកឯទៀតជាច្រើនក៏បានផ្ដល់នូវចម្លើយបែបនេះដល់ព្រះដែរ។ គំរូដ៏អស្ចារ្យជាងគេនោះ គឺជាបុរសល្អឥតខ្ចោះ ព្រះយេស៊ូវ។ ទ្រង់បានកាន់ខ្ជាប់នូវភក្ដីភាពរបស់ទ្រង់ចំពោះព្រះ ថ្វីបើមានអស់ទាំងការសាកល្បងនិងសេចក្ដីទុក្ខលំបាក ដែលសាតាំងបានដាក់ទៅលើទ្រង់ក៏ដោយ។ រឿងនេះបានបង្ហាញថាបុរសល្អឥតខ្ចោះអ័ដាមក៏អាចធ្វើបានដូចនេះដែរ ប្រសិនបើគាត់ចង់ធ្វើនោះ ហើយក៏បង្ហាញទៀតថាព្រះមិនមែនអយុត្ដិធម៌ទេ ក្នុងការតម្រូវយកការគោរពស្ដាប់បង្គាប់ដ៏ពេញលេញពីមនុស្សលោក។
តើអ្នកសម្រេចទៅខាងណា?
១៣ (ក) តើរបៀបដែលអ្នកដឹកនាំដំណើរជីវិតរបស់អ្នកទាក់ទងយ៉ាងណាដែរជាមួយនឹងរឿងចំណោទនេះ? (ខ) តើយើងអាចធ្វើឲ្យព្រះហឫទ័យព្រះបានរីករាយ ឬក៏ឈឺចាប់យ៉ាងណា?
១៣ តើជីវិតរបស់អ្នកយ៉ាងណាដែរ? អ្នកប្រហែលជាគិតថា របៀបដែលអ្នករស់នៅមិនជាការសំខាន់ទេ។ ប៉ុន្តែនេះជាការសំខាន់ណាស់។ ទោះបីអ្នកដឹងឬក៏មិនដឹងក្ដី របៀបដែលអ្នករស់នៅបង្ហាញ ថាតើអ្នកគាំទ្រផ្នែកខាងព្រះឬក៏ផ្នែកខាងសាតាំងក្នុងរឿងចំណោទនេះ។ ព្រះយេហូវ៉ាយកព្រះហឫទ័យទុកដាក់នឹងអ្នក ហើយទ្រង់មានព្រះហឫទ័យចង់ឲ្យលោកអ្នកបម្រើទ្រង់ ហើយរស់នៅជានិរន្តរ៍នៅលើផែនដីជាសួនមនោរម្យ។ (យ៉ូហាន ៣:១៦) ពេលដែលជនជាតិអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងព្រះ ទ្រង់បានមានព្រះហឫទ័យឈឺចាប់ឬក៏ខ្លោចផ្សាណាស់។ (ទំនុកដំកើង ៧៨:៤០, ៤១, ពថ) តើដំណើរជីវិតរបស់អ្នក ជាប្រភេទមួយដែលធ្វើឲ្យព្រះមានព្រះហឫទ័យសប្បាយឬក៏ឲ្យទ្រង់ឈឺចាប់ទៅវិញ? ពិតមែនហើយ ដើម្បីធ្វើឲ្យព្រះមានព្រះហឫទ័យសប្បាយ អ្នកត្រូវតែរៀនក្រិត្យវិន័យរបស់ទ្រង់ហើយគោរពស្ដាប់បង្គាប់តាមសេចក្ដីនោះដែរ។
១៤ (ក) ចំពោះរឿងសេពមេថុន ក្រិត្យវិន័យណាដែលយើងត្រូវតែគោរព ដើម្បីធ្វើឲ្យព្រះហឫទ័យព្រះបានរីករាយ? (ខ) ហេតុអ្វីក៏ការប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យបែបនេះ ជាឧក្រិដ្ឋកម្មមួយ?
១៤ គោលដៅរបស់សាតាំងដ៏ធំមួយ គឺដើម្បីនាំមនុស្សឲ្យប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យរបស់ព្រះ ចំពោះការប្រើអង្គជាតបន្តពូជរបស់គេ និងរបៀបរៀបចំរបស់ទ្រង់ពីរឿងអាពាហ៍ពិពាហ៍និងគ្រួសារ។ ក្រិត្យវិន័យរបស់ព្រះដែលការពារសុភមង្គលរបស់យើង បានចែងថា មនុស្សដែលមិនទាន់រៀបការ មិនត្រូវចូលរួមសេពមេថុនកម្មឡើយ ហើយមនុស្សដែលបានរៀបការហើយ មិនត្រូវមានការរួមដំណេកជាមួយអ្នកផ្សេងទៀតក្រៅពីគូស្វាមីភរិយារបស់ខ្លួនឡើយ។ (កូរិនថូសទី១ ៦:១៨; ថែស្សាឡូនីចទី១ ៤:៣-៨; ហេព្រើរ ១៣:៤) ពេលដែលប្រព្រឹត្តល្មើសនឹងក្រិត្យវិន័យព្រះ ជាញឹកញាប់កូនក្មេងបានកើតមកដោយគ្មានឪពុកម្ដាយដែលស្រឡាញ់និងចង់បានខ្លួនគេទេ។ ម្ដាយខ្លះប្រហែលជារហូតដល់ពន្លូតកូន គឺការសម្លាប់កូនក្មេងមុនពេលដែលអាចកើតបាន។ បន្ថែមទៅទៀត មនុស្សភាគច្រើនដែលបានប្រព្រឹត្តសហាយស្មន់បានកើតមានជម្ងឺកាម ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនចៅដែលពួកគេនឹងបង្កើតផង។ នេះជាអំពើមិនស្មោះត្រង់ ជាឧក្រិដ្ឋកម្មប្រឆាំងនឹងព្រះ ក្នុងការសេពមេថុនជាមួយនឹងអ្នកណាម្នាក់ដែលអ្នកមិនបានរៀបការជាមួយនោះ។ លោកយ៉ូបបានមានប្រសាសន៍ថា៖ «បើចិត្តខ្ញុំបានចុះចូលនឹងសេចក្ដីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ . . . នោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្ដីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស»។—យ៉ូប ៣១:១, ៩, ១១
១៥ (ក) ប្រសិនបើយើងប្រព្រឹត្តអំពើសហាយស្មន់ តើយើងបំពេញចិត្តអ្នកណា? (ខ) ហេតុអ្វីជាការមានប្រាជ្ញាក្នុងការគោរពតាមក្រិត្យវិន័យព្រះ?
១៥ យើងមិនត្រូវភ្ញាក់ផ្អើលឡើយ ដែលលោកីយ៍គ្រប់គ្រងដោយអារក្សនេះ បានធ្វើឲ្យឃើញហាក់ដូចជាការធម្មតា ហើយត្រឹមត្រូវទៀត ចំពោះអ្នកឲ្យមានការសេពមេថុនជាមួយអ្នកណាម្នាក់ដែលអ្នកមិនបានរៀបការជាមួយនោះ។ ប៉ុន្តែបើអ្នកធ្វើដូច្នេះ តើអ្នកបំពេញចិត្តអ្នកណា? គឺសាតាំង មិនមែនព្រះយេហូវ៉ាទេ។ ដើម្បីធ្វើឲ្យព្រះហឫទ័យព្រះសប្បាយ អ្នកត្រូវ«រត់ពីការសហាយស្មន់ចេញ»។ (កូរិនថូសទី១ ៦:១៨) ពិតហើយ មិនមែនជាការស្រួលជានិច្ចទេ ដើម្បីឲ្យបានស្មោះត្រង់ចំពោះព្រះនោះ។ ហើយរឿងនេះក៏មិនមែនជាការស្រួលចំពោះលោកយ៉ូបដែរ។ ប៉ុន្តែសូមចងចាំថា ជាការមានប្រាជ្ញាក្នុងការគោរពតាមក្រិត្យវិន័យព្រះ។ អ្នកនឹងរឹតតែបានរីករាយថែមទៀតឥឡូវនេះ ប្រសិនបើអ្នកធ្វើដូច្នោះ។ ប៉ុន្តែរឹតតែសំខាន់ជាងនោះទៅទៀត គឺអ្នកនឹងបានគាំទ្រផ្នែកខាងព្រះក្នុងរឿងចំណោទនេះ ហើយនឹងធ្វើឲ្យទ្រង់មានព្រះហឫទ័យរីករាយដែរ។ ហើយទ្រង់នឹងប្រទានពរដល់អ្នក ជាជីវិតដ៏អស់កល្បជានិច្ចដែលប្រកបដោយសុភមង្គលនៅលើផែនដីនេះ។
១៦ (ក) តើលោកយ៉ូបត្រូវបានទទួលពរចំពោះសេចក្ដីស្មោះត្រង់របស់លោកយ៉ាងណា? (ខ) តើអាចនិយាយបានយ៉ាងណា អំពីគ្រោះថ្នាក់ដែលសាតាំងបានបណ្ដាលឲ្យមាន ដូចជាការសម្លាប់កូនទាំង១០នាក់របស់យ៉ូបជាដើមនោះ?
១៦ ពិតមែនហើយ សាតាំងមានសមត្ថភាពអាចធ្វើឲ្យលោកយ៉ូបធ្លាក់ទៅក្នុងភាពក្រខ្សត់ និងបណ្ដាលឲ្យស្លាប់ដល់កូនទាំង១០នាក់របស់លោកផង។ មែនហើយ ការនេះជាការបាត់បង់យ៉ាងជ្រាលជ្រៅចំពោះយ៉ូប។ ប៉ុន្តែ ពេលដែលយ៉ូបបានបង្ហាញការស្មោះត្រង់របស់លោកនោះ ព្រះបានប្រទានពរដល់លោកពីរដង ច្រើនជាងពីពេលដែលសាតាំងបានត្រូវអនុញ្ញាតឲ្យសាកល្បងលោកទៅទៀត។ យ៉ូបក៏បានទៅជាឪពុកដែលមានកូន១០នាក់ទៀតដែរ។ (យ៉ូប ៤២:១០-១៧) ម្យ៉ាងទៀត យើងអាចជឿជាក់ថាកូនទាំង១០នាក់របស់យ៉ូបដែលបានត្រូវសម្លាប់ដោយសាតាំង នឹងត្រូវប្រោសឲ្យមានជីវិតឡើងវិញ នៅពេលដែលការប្រោសឲ្យរស់ឡើងវិញរបស់មនុស្សស្លាប់បានមកដល់។ មែនហើយ គ្រោះថ្នាក់ឬក៏បញ្ហាអ្វីណាដែលសាតាំងបានត្រូវអនុញ្ញាតឲ្យបណ្ដាល ព្រះយេហូវ៉ាជាព្រះវរបិតាដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់យើង ទ្រង់នឹងកែឡើងវិញនៅពេលវេលាកំណត់របស់ទ្រង់ជាមិនខាន។
១៧ ហេតុអ្វីក៏របៀបដែលយើងរស់នៅពិតជាការសំខាន់?
១៧ ដូច្នេះ អ្នកត្រូវចងចាំទុកក្នុងសតិជានិច្ចថា របៀបដែលអ្នកដឹកនាំជីវភាពរបស់អ្នក ពិតជាការសំខាន់ណាស់។ ជាការសំខាន់ ជាពិសេសចំពោះព្រះយេហូវ៉ា និងអារក្សសាតាំង។ រឿងនេះគឺ ពីព្រោះលោកអ្នកមានការជាប់ទាក់ទងក្នុងរឿងចំណោទដែលថា តើមនុស្សលោកនឹងបានស្មោះត្រង់ចំពោះព្រះឬយ៉ាងណានោះ។
[រូបភាពនៅទំព័រ១០៦]
លោកយ៉ូបបានឈ្នះលើការចោទប្រឆាំងរបស់សាតាំង ដែលថាគ្មានអ្នកណាម្នាក់អាចនៅស្មោះត្រង់ចំពោះព្រះនៅក្រោមការសាកល្បងឡើយ
[រូបភាពនៅទំព័រ១១០]
ការសេពមេថុនជាមួយអ្នកណាម្នាក់ដែលអ្នកមិនបានរៀបការជាមួយនោះ ជាឧក្រិដ្ឋកម្មមួយប្រឆាំងនឹងព្រះ
[រូបភាពនៅទំព័រ១១១]
ព្រះយេហូវ៉ាបានប្រទានពរដល់លោកយ៉ូបចំពោះសេចក្ដីស្មោះ ត្រង់របស់លោក ដោយបានផ្ដល់ឲ្យរបស់របរច្រើនជាងពីពេលមុនទៅទៀត